Monday, January 27, 2014

បទអត្ថាធិប្បាយ៖ ដល់​ពេល​វេលាដែល​ទ្រាំលែង​បាន! « អ្នក​គាំ​ទ្រគណ​បក្សប្រជាជន​ ងើប​ឡើង​ប្រឆាំង​នឹង​ការ​រំ​ខាន​ »

          សំ​ឡេង​អ្នក​គាំ​ទ្រគណបក្ស​ប្រជាជន​កម្ពុជា​រាប់​រយ​នាក់​ ដែល​ទើប​នឹង​ងើប​ឡើង​ប្រឆាំង​ជា​មួយ​សកម្មភាព​រំ​ខានរបស់​មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​    នៅ​ក្រុង​កំ​ពង់​ចាមកាលពី​​ព្រឹក​ថ្ងៃ​ទី ២៦ ខែ​មករា ឆ្នាំ​២០១៤ ក្រោម​ពាក្យ​ថា « ការ​ពារ​រដ្ឋធម្មនុញ្ញ ការ​ពារ​រដ្ឋសភា ការ​ពារ​រាជ​រដ្ឋាភិបាល និង​ការ​ពារ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត » ។ យើង​គាំ​ទ្ររដ្ឋាភិបាលរបស់​លោក ហ៊ុន សែន! កម្ពុជា​មិន​ត្រូវ​ការ​សម រង្ស៊ី និង​ កឹម សុខា ទេ»។

          នេះ​ ជាសំ​ឡេង​ជួងរន្ថើន​ឡើង​ ​ដាស់​សតិរបស់​​មេដឹក​នាំ​គណ​បក្ស​ប្រឆាំង​ថា ប្រជាពល​រដ្ឋ​ជាង​៣លាន​​នាក់​ដែល​បាន​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជាកាលពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣កន្លង​ទៅ​​ គឺដើម្បី​ឱ្យ​សម្តេច​ ហ៊ុន សែន​ ដឹក​នាំ​រាជ​រដ្ឋាភិបាល​ ។ ពួក​គាត់​ដ៏​ច្រើន​លើសលប់​មិន​ពេញ​ចិត្ត​នឹង​ទង្វើ​របស់​មេដឹក​នាំ​គណ​បក្ស​ប្រឆាំង និង​ក្រុម​អ្នក​គាំ​ទ្រ​ដែល​មាន​សំ​ឡេង​ភាគ​តិចបាន​បង្ក​ភាព​ក្តុង​ក្តាំង​នោះ​ទេ។

          ការ​ងើប​ឡើង​របស់​ក្រុម​អ្នក​គាំ​ទ្រ​គណបក្ស​ប្រជា​ជន​កម្ពុជា​ ប្រឆាំង​នឹង​​ការ​ប្រមូល​ផ្តុំ​គ្នា​នៅ​តាម​ទី​កន្លែង​នានារៀប​ចំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ មិន​មែន​ជា​ការ​គំ​រាម​កំ​ហែង ឬ​ក៏​ជា​ការ​រំ​លោភ​​លើ​សិទ្ធិ​នយោបាយ​ទៅ​លើ​គណបក្ស​ប្រឆាំង​ឡើយ។ ផ្ទុយ​ទៅ​វិញ​ វា​ជា​ការ​បង្ហាញនូវ​​វត្តមាន​ដ៏ចាំ​បាច់​របស់​ពួក​គាត់​ បន្ទាប់​ពី​គណបក្ស​ប្រឆាំង​បាន​ធ្វើ​ផ្គរ ធ្វើ​ភ្លៀង​ បង្កការ​រំ​ខានដល់​ភាព​សុខសាន្ត​របស់​ពួក​គាត់​អស់​ពេល​ជាង​កន្លះ​ឆ្នាំ​មក​ហើយ តាម​រយៈសកម្មភាព​បំ​ពាន​ច្បាប់​ជាច្រើន​ និង​ជាបន្ត​បន្ទាប់​រហូត​មក​ឥត​ស្រាក​ស្រាន្ត​។

          សង្គមខ្មែរ​ ដែល​រំ​ពឹង​ថា នឹង​មាន​ភាព​សុខសាន្តក្រោយ​ការ​បោះ​ឆ្នោត​​ ប្រែ​ជា​អាប់​អួរ​ និង​កករល្អក់​ខ្លះ​ៗ ពិត​ជា​ផ្តើ​មចេញ​ពី​ចលនាជ្រុល​និយម​របស់​មេដឹក​នាំ​គណបក្ស​ប្រឆាំង​។ ឬសគល់​ នៃ​បញ្ហា​ពិត​ប្រាកដដែល​នាំ​ឱ្យ​សង្គម​ខ្មែរទៅ​ជា​បែប​នេះ តើ​អ្នក​ណា​ជា​ជន​បង្កហេតុ​​?

          លទ្ធផល​នៃការ​បោះ​ឆ្នោត​ជ្រើង​តាំង​តំ​ណាង​រាស្ត្រ​នីតិកាល​ទី​៥ បាន​ប្រកាសហើយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ ជា​អាជ្ញាកណ្តាល​សម្រាប់​​គណបក្ស​នយោបាយ​ទាំង​ពីរ បាន​បង្ហាញ​ថា គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​ទទួល​សំ​ឡេង​គាំ​ទ្រ៦៨អាសនៈ និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចំ​នួន​៥៥អាសនៈ។ នេះ​ គឺជា​លទ្ធផល​នៃ​ការ​ប្រគួត​ប្រជែង​ដោយ​​យុត្តិ​ធម៌​ ក្នុង​របបប្រជា​ធិបតេយ្យ​ សេរី​ ពហុបក្ស​ និង​ស្រប​តាម​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​។

          តាំង​តែ​ពី​មុន​ការ​បោះ​ឆ្នោត​មកម៉្លេះ គណបក្ស​សង្គ្រោះ​ជាតិ​បាន​បង្កើត​នូវ​បញ្ហាមិន​ចេះ​រីង​ស្ងួត​ និង​ប៉ុន​ប៉ង​បំ​ផ្លាញ​ចោល​ទាំង​ស្រុង​នូវ​ការបោះ​ឆ្នោត​។ ដូច​ការ​គិត​ទុកជា​មុន គណបក្ស​ប្រឆាំង​បាន​ស្រែក​​ឡូ​ឡា ក្នុង​ និង​នៅ​ក្រៅ​ប្រទេស​ និង​ជួយ​បំ​ពង​សំ​ឡេង​ដោយ​ប្រព័ន្ធ​ឃោសនា​មួយ​ចំ​នួន​ នូវ​ការ​បដិ​សេធ​លទ្ធផល​ឆ្នោត​ និង​បាន​ចោទ​គេឯង​ថា ជា​ចោរលួចសន្លឹក​ឆ្នោត និង​ចុង​ក្រោយ​នេះ ថែម​ទាំង​បាន​ទាម​ទារ​ឱ្យ​ធ្វើ​ការ​បោះ​ឆ្នោត​ឡើង​វិញ​។

            ផ្នែក​ខ្លះ​នៃបណ្តឹង​ និង​​ការ​តវ៉ារបស់​គណបក្ស​ប្រឆាំង​ត្រូវ​បា​ន​ដោះ​ស្រាយ​ចប់​សព្វ​គ្រប់​ដោយ ស្ថាប័ន​ គជប និង​ក្រុម​ប្រឹក្សាធម្មនុញ្ញ។    ដោយ​ឡែក​ការ​ស្នើ​ឱ្យ​ធ្វើ​ការ​បោះ​ឆ្នោត​ឡើង​វិញ គឺជា​សំ​នូម​ពរដ៏​ហួសហេតុ​ និង​ផ្ទុយ​ពី​ច្បាប់ ពីព្រោះ​តែបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ដោយ​ពុំ​មាន​ភស្តុតាង ហើយ​ការ​លើក​ឡើង​ពី​ភាព​មិន​ប្រក្រតី​ជុំ​វិញ​ការ​បោះ​ឆ្នោត​ សុទ្ធ​តែ​ជា​រឿង​ភូត​កុហក និង​ប្រជា​ភិថុត។

គណបក្ស​ប្រឆាំង​បាន​ប្រកាន់​នូវ​ភាពអស្មិ​មានៈ ចចេស រឹង​រូស មិន​ព្រម​ចូល​ប្រជុំ​សភា និង​រក​លេសចិញ្ចឹម​ ពង្រីក​បញ្ហាឱ្យ​ធំ​ធាត់​ឡើង​យ៉ាង​ឆាប់​រហ័ស​​ និង​បាន​ធ្វើ​សកម្មភាព​បះ​បោរ​ ដឹក​នាំ​ធ្វើ​បដិវត្តមហាជន​ក្នុង​ទ្រង់​ទ្រាយ​ធំ​ និង​ប្រកប​ដោយ​គ្រោះ​ថ្នាក់​បំ​ផុត​។

          ទង្វើ​ទាំង​នោះ​រួម​មាន​៖ ការ​ដឹកនាំ​ធ្វើ​បាតុកម្មតាម​ដង​ផ្លូវ​​ប្រឆាំង​លទ្ធផល​ឆ្នោត​ ការ​ប្រមូល​ផ្តុំនានា​ដែល​នាំ​ដល់​ការ​ប្រើ​អំ​ពើ​ហិង្សា ការ​បិទ​ផ្លូវ​សាធារណៈ  និង​ការ​បំ​ផ្លិចបំ​ផ្លាញ​ទ្រព្យ​សម្បត្តិ​ឯកជន​ និង​សាធារណៈ ។ សកម្មភាព​ទាំង​អស់​នេះ      ពិត​ជា​បាន​កើត​ចេញ​ពី​ទង្វើ​អុជ​អាល​​  ដុត​បញ្ឆេះ​​កំ​ហឹង​ពី​សំ​ណាក់​គណបក្ស​ប្រឆាំង​ និង​បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ សណ្តាប់​ធ្នាប់​សង្គម​ និង​ជី​វភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជា​ពល​រដ្ឋ​។

          ក្នុង​ស្ថានភាព​ប្រកប​ដោយ​ហានិភ័យ​ខ្ពស់​បែប​នេះ ដើម្បី​ធានាសន្តិ​សុខ សណ្តាប់​ធ្នាប់​សាធារណៈ និង​របៀប​រៀប​រយ​សង្គម កាលពី​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១៤ ក្រសួង​មហាផ្ទៃ​បាន​ចេញ​សេចក្តី​ប្រកាសរបស់​ខ្លួន​ ដោយ​​​បញ្ជាក់​ថា ការ​ធ្វើ​បាតុកម្ម​ តាម​រយៈការ​ជួប​ជុំ​ជាសាធារណៈ ឬ​ការ​ដង្ហែក្បួន​នានា ត្រូវ​ផ្អាក​ជា​បណ្តោះ​អាសន្ន រហូត​ដល់​សភាព​ការ​ណ៍​សន្តិសុខ និង​សណ្តាប់​ធ្នាប់​សាធារណៈត្រូវ​បាន​ធានា និង​វិល​មក​រក​ប្រក្រតី​ភាព​ឡើង​វិញ​។

          ពិត​មែន​ហើយ​ថា សិទ្ធិ​ដឹក​នាំ​ការ​ជួបជុំ​ប្រមូល​ផ្តុំ​ សំ​ដែង​មតិ​ ឬ​ការ​ដង្ហែក្បួន​នានា ត្រូវ​បាន​ទទួល​ស្គាល់​ និង​ការ​ពារ​ដោយ​រដ្ឋ​ធម្មនុញ្ញ ប៉ុន្តែ សិទ្ធិ​នេះ ត្រូវ​យក​មក​អនុវត្ត​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​ច្បាប់​ ។ ប៉ុន្តែ ការ​ធ្វើ​បាតុកម្ម​កន្លង​មក​ បាន​រអិល​ធ្លាក់​ចូល​ក្នុង​ហិង្សា និង​ប៉ះ​ពាល់​ទៅ​លើ​សិទ្ធិ​អ្នក​ដទៃ​ ដូច​ជា​ការ​បង្ក​ការ​កកស្ទះ​ចរាចរជាដើម​។

          សេចក្តី​ប្រកាសរបស់​ក្រសួង​មហាផ្ទៃ​ គឺជា​ការ​ចំ​ណាត់​ការ​នៃ​វិធាន​ការច្បាប់​ ប្រសិន​បើ​បុគ្គល​ជា​អ្នក​នយោបាយ​ ឬ​ក៏​ជន​ឱកាសនិយម​ណា​មួយ​មិនគោរព និង​អនុវត្ត​។

          យោង​តាម​ស្មារតី​នៃ​មាត្រា៩​ ចំ​នុច​ទី​២ នៃច្បាប់​ស្តី​ពី​ការ​ធ្វើ​បាតុកម្មដោយ​សន្តិវិធី​ បាន​បង្ខំ​ឱ្យ​​អាជ្ញាធរមាន​ការ​ហាម​ឃាត់​នូវ​គ្រប់​សកម្មភាព​ប្រមូល​ផ្តុំ​​នានា។ ប៉ុន្តែ គណបក្ស​ប្រឆាំង​ មិន​បាន​គោរព​ និង​អនុវត្តតាម​​​ម្តង​ណាឡើយ​ និង​ថែម​ទាំង​បានប្រើ​សិទ្ធិ​របស់​ខ្លួន​ដ៏ហួសព្រំដែន​។

          ប្រជាពល​រដ្ឋម្ចាស់​ឆ្នោត​ ជាង​៩លាន​នាក់​ បាន​ប្រើ​សិទ្ធិនយោបាយ​​របស់​ខ្លួន​រួចហើយ​ តាម​រយៈការ​ទៅ​បោះ​ឆ្នោត​ដើម្បី​ជ្រើសរើសអ្នក​ដឹក​នាំ​ប្រទេស​។ ដូច្នេះ ការ​ទ្រាំមិន​បាន​នូវ​ការ​ជេរប្រមាថ ពី​សំ​ណាក់​មេដឹក​នាំ​គណបក្ស​ប្រឆាំង​មកលើ​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជា​ជន​កម្ពុជា​ ការ​ងើប​ឡើង​ប្រឆាំង​តបតជាសិទ្ធិពួក​គាត់ក្នុងសង្គម​ប្រជា​ធិបតេយ្យ​។​

យុត្តិធម៌​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ គឺអ្នក​ចាញ់​ និង​អ្នក​ឈ្នះ​ឆ្នោត គឺមិន​ត្រូវ​ទុកគ្នា​ជា​សត្រូវ​ឡើយ។ តែ​គួរគប្បី​រួម​សហការគ្នា​ដើម្បី​ ខំ​ប្រឹង​កសាង​ និង​អភិវឌ្ឍ​ប្រទេស​ នោះ​ទើបហៅ​ថា អ្នក​នយោបាយ​បាន​ធ្វើ​ត្រូវ​តាម​​បំ​ណង​ប្រាថ្នាដ៏ចំ​បង​របស់​ប្រជាពល​រដ្ឋ​ខ្មែរ ដែល​ជា​ម្ចាស់​ឆ្នោត​។

មាន​តែ​ការ​និយាយគ្នា​ ជួប​ចរចាគ្នា​ និង​ចូល​ក្នុង​សភាទេ ទើប​ជាដំ​ណោះ​ស្រាយ​ដ៏​ពិសិដ្ឋ​ ដែល​​ឆ្លើយ​តប​ទៅ​នឹង​គោល​បំ​ណង​របស់​ប្រជាពល​រដ្ឋ ហើយ​ក៏សក្តិ​សម​ឋានៈជា​អ្នក​តំ​ណាង​រាស្ត្រ​។
ការ​ជេរប្រមាថនៅ​តាម​ដង​ផ្លូវ និង​ប្រមូល​ផ្តុំ​គ្នា​ចោទ​ប្រកាន់​មកលើ​អ្នក​ដទៃ​ដោយ​គ្មាន​មូល​ដ្ឋាន​ គឺជា​ការ​រំ​លោភលើ​​សិទ្ធិ​អ្នក​ដទៃ ដែល​ពល​រដ្ឋ​ម្ចាស់​ឆ្នោត​មាន​សិទ្ធិ​​គាំ​ទ្របុគ្គល​ដែល​ខ្លួន​ពេញ​ចិត្ត​ និង​មិន​គាំ​ទ្រចំ​ពោះ​បុគ្គល​ដែល​មិន​ស្គាល់ពី​តម្រូវ​ការ គោល​បំ​ណង​​ និង​រំ​ខាន​ដល់​ភាព​សុខសាន្ត​របស់​ពួក​គាត់​។

ដល់​ពេល​វេលាដែល​អ្នក​គាំ​ទ្រគណបក្ស​ប្រជាជន​កម្ពុជា ក្នុង​​សំ​ឡេង​ភាគច្រើន​ដាច់​ខាត​បញ្ចេញ​​ឆន្ទៈម្តង​ហើយ​​ ។ គ្មាន​កំ​ហុសទេ ចំ​ពោះ​ភារកិច្ចដ៏ចំ​បងរបស់​អ្នក​គាំ​ទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​​ក្នុង​ការ​ការពារ​សន្លឹកឆ្នោត​របស់​ពួក​គាត់​ទេ៕

អត្ថបទ​៖ ​ពូន សំ​រេច