Tuesday, February 18, 2014

ប្រសាសន៍​សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ថ្លែងក្នុង​ពិធី​​សម្ភោធ​​ជា​ផ្លូវ​ការ​ នៃ​យុទ្ធ​សាស្រ្ត​​សមា​ហរ​កម្ម​ពាណិ​ជ្ជ​កម្ម​កម្ពុជា

ពិធីប្រគល់សញ្ញាបត្រដល់មន្រ្តីជាន់ខ្ពស់ ឆ្នាំ២០១៤ នៃសាលាភូមិន្ទភ្នំពេញ



ពិធី​ប្រគល់​សញ្ញា​បត្រ​ដល់​មន្រ្តី​ជាន់​ខ្ពស់​ជំនាន់​កំណែ​ទម្រង់​រដ្ឋ សិស្ស​មន្រ្តី​ក្រម​ការ​ជំនាន់​ភក្តីភាព និង​វិញ្ញា​បន​បត្រ​ដល់​កម្ម​សិក្សា​ការី​មន្រ្តី​​ជាន់​ខ្ពស់​មធ្យម ២០១៣ បើក​វគ្គ​បណ្តុះ​បណ្តាល និង​វិក្រិត​ការ ឆ្នាំ២០១៤ នៃ​សាលា​ភូមិន្ទ​ភ្នំពេញ ក្រោម​អធិ​បតី​ភាព​ដ៏ខ្ពង់​ខ្ពស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា

សម្តេច​តេជោ៖ ជំរុញ​ឲ្យ​​យក​​ចិត្ត​​ទុក​​ដាក់​​បៀរ​វត្សរ៍​​មន្ត្រី​​រាជការ​​ក្នុង​​ពេល​​​ស្ថាប័ន​រដ្ឋ​មាន​​ដំណើរ​ការ​ជា​​ធម្មតា​

នៅក្នុង​ពិធី​បិទ​វគ្គ និង​ប្រគល់​សញ្ញាបត្រ​ដល់​សិស្ស​មន្ត្រី​ជាន់ខ្ពស់​ជំនាន់​កំណែទម្រង់​រដ្ឋ ​មន្ត្រី​ក្រមការ​ជំនាន់​ភក្តីភាព និង​ប្រគល់​វិញ្ញាបនបត្រ​ដល់​កម្មសិក្សាការី​ឆ្នាំ២០១៣ និង​បើក​វគ្គ​បណ្តុះ​បណ្តាលឆ្នាំ​២០១៤ របស់​សាលា​ភូមិន្ទ​រដ្ឋបាល នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ នា​ព្រឹក​​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ២០១៤ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រកម្ពុជាបាន​មាន​ប្រសា​សន៍​អះអាង​ពី​ការ​បន្ត​ដំណើរការ​ជា​ប្រក្រតី​កម្ម ជា​ធម្មតា​នៃ​ស្ថាប័ន​រដ្ឋ​ ដែល​រួម​មាន​ ​ស្ថាប័ន​នីតិប្រតិបត្តិ ស្ថាប័ន​នីតិបញ្ញត្តិ និង​ស្ថាប័ន​តុលាការ​។ ​សម្តេ​ច​តេជោ​នាយករដ្ឋមន្ត្រី​ ​បាន​​ព្រមានចំពោះ​អ្នកដែល​ប៉ុន​ប៉ង​បំផ្លាញ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធា​រ​ណៈ ត្រូវ​ទទួលខុសត្រូវ​ចំ​ពោះ​មុខ​ច្បាប់ផង​ដែរ​។

សម្តេច​តេជោក៏​បាន​បញ្ជាក់ថា រហូតដល់​ពេល​នេះ រាជ​រដ្ឋាភិបាល (រាជរដ្ឋាភិបាល អាណត្តិ​ទី​៥ ដែល​បាន​បង្កើតឡើង​ក្រោយ​ការបោះឆ្នោតកាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣) ​បាន​អនុវត្ត​នយោបាយ និង​ដឹកនាំ​ប្រទេស ដោយ​រក្សាបាន​នូវ​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច និង​ទប់ស្កាត់​អតិផរណា​ទំនិញ​ឡើងថ្លៃ រួម​ទាំង​អត្រា​ប្តូរ​ប្រាក់​នៅ​ថេរ ជាដើម។

ទាក់​ទង​នឹង​ការ​អនុវត្ត​នយោបាយ​កែទម្រង់​ សម្តេច​តេជោនាយករដ្ឋមន្ត្រី​ ​បាន​ជំរុញ​ឲ្យ​ស្ថាប័ន​នានា​របស់​រដ្ឋ​ បើក​ប្រាក់​ខែជូន​មន្ត្រី​រាជការដែល​សរុបមានជាង ១៨ម៉ឺន​នាក់ ឲ្យ​បាន​ទាន់​ពេល​វេលា។

សម្តេចតេជោ​នាយករដ្ឋមន្ត្រី​បានផ្តល់​ជា​អនុសាសន៍​ថា ​"បើសិន​ជា​បា្រក់​ខែ​ក្របើក​ នៅយូរ សូម​ឲ្យ​ចុះ​ប្រកាសតាមកាសែតថា​ រដ្ឋមន្រ្តី​របស់​ខ្ញុំគាត់​អាងតែគាត់​ឆ្អែត​ហើយ គាត់អត់​គិត​ដល់​មន្រ្តីរាជ​ការតូចតាច ​ដែលមានបា្រក់ខែតិច​"។

សម្តេចតេជោ​បាន​បញ្ជាក់​ជា​ថ្មី​ទៀត​ថា​ ថ្ងៃ​ក្រោយ​រាជរដ្ឋាភិបាល ​នឹង​ជំរុញ​ឲ្យ​មន្រ្តី​រាជការ​ទំាង​អស់ ​បើក​បា្រក់​ខែ​នៅ​តាម​ធនាគារ ចៀសវាង​កាត់អ្វី​ផ្សេងៗ​។ សម្តេចតេជោ​បញ្ជាក់​ថា” បើក​តាម​ធនាគារ ខ្មោច​វា​អត់​ចេះ​មក​បើក​បា្រក់​ខែ​ទេ​ ដូច្នេះមិន​ចំបាច់​ស្វែង​រកមន្រ្តីខ្មោច​ ទាហាន​ខ្មោច ​ប៉ូលិស​ខ្មោច ....ខ្មោច​អត់កាន់​សៀវភៅ​ទៅទេ ត្រូវ​កំណែ​ទម្រង់”។

សម្រាប់​ក្រុមមន្ត្រី​ដែល​បាន​បញ្ចប់ និង​កំពុង​ទទួល​ការ​បណ្តុះបណ្តាលសម្តេច​អគ្គមហាសេនា​បតី​តេ​ជោ​ ហ៊ុន សែន បាន​ផ្តល់​ជា​ដំបូន្មាន​ថា ថ្នាក់ដឹកនាំ​ទាំងអស់ និង​មន្ត្រី​ត្រូវ​តែមាន សាមគ្គី​ភាព​ផង និង​តស៊ូ​ផង ដោយ​ត្រូវ​សាមគ្គី​លើ​ចំណុច​ណា​ត្រូវ ត្រូវ​សាមគ្គី​ជាមួយ ប៉ុន្តែ​ចំពោះ ចំណុច​មិន​ត្រូវ ត្រូវ​តែ​ហ៊ាន​តស៊ូ ព្រោះ​បើ​មិន​ដូច្នេះ​ទេ យើង​នឹង​ធ្លាក់ទឹក​ទាំងអស់គ្នា។ ដោយ​សម្ដៅ​ទៅដល់​ថ្នាក់ដឹកនាំក្នុង​ស្ថាប័ន​សម្តេចតេ​ជោមាន​ប្រសាសន៍​ថា អ្នក​ដែល​ត្រូវ​បាន​ផ្តល់​មតិ​នោះ ត្រូវ​ទទួលយក​មតិ ដែល​ត្រូវ​បាន​ផ្តល់ជូន ព្រោះ​មិនមែន​អ្វីៗ​យើង​សុទ្ធតែ​ចេះ ហើយ​សុទ្ធតែ​ត្រូវ​ទាំងអស់​នោះទេ។

សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា សាមគ្គីភាព​មិនមែន​សំដៅ​ ទៅដល់​ការ​សាម​គ្គី​គ្នា​ប្រព្រឹត្ត​អំពើ​ខុសច្បាប់ ក៏​យើង​នៅតែ​សាមគ្គី ហើយ​បិទបាំង​មិន​ព្រម​ជួយ​ផ្តល់​មតិ ដោយ​ធ្វើ​ឲ្យ​មន្ត្រី​ជា​មិត្តភក្ដិ​របស់​យើង​ខូច​ទៅ​បាន ហើយ​បើសិនជា​មានការ​ពាក់ព័ន្ធត្រូវ​ចាប់​ខ្លួន គឺ​ដោយ​ទាំង​ខ្លួន​យើង​ទៀត​ផង។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា មន្ត្រី​ជា​អ្នកបម្រើ​របស់​ប្រជាជន​ មិនមែន​ធ្វើជា​ចៅហ្វាយ​របស់​ប្រជាជន​នោះទេ។ យើង​ជា​អ្នកបម្រើ​ប្រជាជន ជា​អ្នកផ្តល់​សេវា ជូន​ពួកគាត់ ហើយ​ត្រូវ​អនុវត្តន៍​តាម​ពាក្យ​ពី​បុរាណ ដែល​ពោល​ថា «​ឱនដាក់គ្រាប់ ងើយ​ស្កក​» ដែល ​នេះ​ជា​គុណធម៌​របស់​មន្ត្រី​យើង ដែល​ត្រូវ​យកចិត្តទុកដាក់ ព្រោះ​គ្មាន​អ្នកណា​ទទួល​បាន ការ​ស្រ​ឡាញ់​រាប់អាន​ពី​អ្នកដទៃ​ក្នុង​ពេល ដែល​ខ្លួន​ឆ្មើងកន្ទ្រើង​នោះ​ទេ ហើយ​កុំថាឡើយ​គ្រហស្ថ ប៉ុន្តែ​សូម្បីតែ​ព្រះសង្ឃ​ក៏​គ្មាន​អ្នកណា​ថ្វាយបង្គំ​ដែរ។ សូម​ខិតខំ​ធ្វើជា​មន្ត្រី​ជើង២ ប៉ុន្តែ​សូមកុំ​ធ្វើជា​មន្ត្រី​ជើង​១០ ហើយ​ត្រូវតែ​ធ្វើយ៉ាងណា​ឲ្យ​បានដឹង​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ និង​ជួយ​ដោះ​ស្រាយ​បញ្ហា​ជូន​ពួកគាត់។

សម្តេច​តេ​ជោ​ថ្លែងថា ក្នុង​ឋានៈ​ជា​មន្ត្រី​ត្រូវតែ​ទទួលខុសត្រូវ សូមកុំ​ទទួល​យក​តែ​រឿង ដែល​ត្រូវ ហើយ​រឿងរ៉ាវ​ដែល​ខុស​ប្រគល់​ឲ្យ​អ្នកដទៃ ព្រោះ​វា​មិនមែន​ជា​ឥរិយាបថ ដែល​ត្រឹមត្រូវ​នោះ​ទេ ហើយ​រាប់ទាំង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ដែល​បាន​ដាក់​ចេញ ជួនកាល​គោល​នយោបាយ ដែល​បាន​ដាក់ចេញ​នោះ​វា​អត់​ស្រប​ជាមួយ​ហ្នឹង​សភាពការណ៍​មូលដ្ឋា​ន​ទេ។ ​“សូម​មន្ត្រី​របស់​យើង​ចងចាំ គឺ​ត្រូវ​រួមសុខរួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ ទោះបីជា​ពេល​លំបាក​ក៏​យើង​នៅ​ជាមួយ​ប្រជាជន ពេល​ដែល​ងាយស្រួល​ក៏​យើង​នៅ​ជាមួយ​ប្រជាជន កុំ​ពេល​សប្បាយ​មាន​មុខ ប៉ុន្តែ​ពេល​មានទុក្ខ​បែរជា​រត់ចោល​ប្រជាជន​នោះ”សម្តេច​តេជោ​មាន​ប្រសាសន៍។

ទាក់​ទង​នឹង​ឥរិយាបថ​របស់​មន្ដ្រីរាជការ​ក្នុង​ការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ ​សម្ដេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ថា​ សម្ដេច​ចង់​ឲ្យ​មន្ដ្រី​ទាំង​អស់​មើល​នៅ​តាម​ផ្សារ​ជា​ពិសេស​ពួក​ទារ​ភាស៊ី​ ពី​ព្រោះ​កន្លង​មក​មាន​គេ​ជេរ​សម្បើម​ណាស់ ​ហើយ​សម្ដេច​បាន​ជំរុញ​នៅ​រាជធានី​ភ្នំពេញ​ជាមុន​ដោ​យ​ឲ្យ​ឯកឧត្តម​ ប៉ា ​សុជាតិ​វង្ស អភិបាល​រាជរធានីភ្នំពេញ ​ពិនិត្យ​មើល​ទៅ​លើ​អ្នក​ម៉ៅ​ការ​ភាស៊ី​តើ​ពួកគេ​បាន​ធ្វើ​កិច្ចការ​អ្វីខ្លះ​បាន​ជា​ប្រជាពលរដ្ឋ​ចេះ​តែ​ជេរ?​។

សម្ដេច​តេជោ​បាន​មាន​ប្រសាសន៍​ថា​ ៖ ​«​គ្នា (ប្រជាពលរដ្ឋ​អ្នក​លក់​ដូរ) ​ព្រលឹម​ឡើង​មិន​ទាន់​បាន​លក់​អី​ផង​មក​ទារ​ភាស៊ី ​ទាត់​កញ្ច្រែង​ទៅ​ហើយ​ មើល​នាំគ្នា​ធ្វើ​អា​នឹង​បន្ដិច​ទៅ​មើល ​ហើយ​ទៅ​មុនគេ​គឺ​នៅ​ភ្នំពេញ ​ឮ​សូរ​​ចេញ​តែ​ពី​ផ្សារ យី​អើ​ អា​ផ្សារ​នេះ​ពិបាក​ណាស់ ​ឮ​ចេញ​ពី​អ្នក​លក់​ដូរ​តែ​ម្ដង​ ទាំង​អ្នក​ទៅ​ទិញ​វា​ប៉ះពាល់​តែ​ទាំងអស់​ មើល​អ្នក​ណា​ដេញ​ភាស៊ី​បាន​ហ្នឹង​? គេ​មិន​ថា​អ្នក​ដេញ​ភាស៊ី​បាន​ទេ​ គេ​ថា​យើង ​វា​ពិបាក​អីចឹង​បានជា​មាន​រឿង​ខ្លះ​វា​ពិបាក ​ស្អី​ក៏​នាយក​រដ្ឋមន្ដ្រី ​អា​អ្នក​យក​ភាស៊ី​ទៅ​ទាត់​កញ្ច្រែង​គេ ​គេ​ដាក់​មក​ ហ៊ុន​ សែន​ ទៀត​ តុលាការ​កាត់ក្ដី​អយុត្តិធម៌​ ហ៊ុន ​សែន​ ទៀត​ ស្រប​ពេល​ដែល​អំណាច​តុលាការ​ជា​អំណាច​ឯករាជ្យ​របស់​គេ​សោះ​»​។ ទោះ​បី​យ៉ាង​ណា​សម្ដេច​តេជោ​បានមាន​ប្រសាសន៍​បញ្ជាក់​​ថា​ យក​ភាស៊ី​ក៏​យក​ចុះ​ ប៉ុន្ដែ​ចរិត​ពួក​អ្នក​យក​ភាស៊ី​ឲ្យត្រឹម​ត្រូវ​។

នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​នេះ​ដែរ ឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួង​មុខងា​រសា​ធា​រណៈ​បាន​មាន​ប្រសាសន៍​ឲ្យ​ថា ក្នុង​រយៈពេល​កន្លងមក សាលា​ភូមិន្ទ​រដ្ឋបាល​បាន​បណ្តុះ​បណ្តា​ល​សិស្ស​មន្ត្រីជាន់ខ្ពស់​បាន​ចំនួន ៧ជំនាន់​ មាន​សិស្ស​ចំនួន ២៨៥នាក់ ​សិស្ស​មន្ត្រី​មធ្យម ៣ជំនាន់ ​មាន​ចំនួន ១៧៤នាក់ និង សិស្ស​មន្ត្រី​ក្រមការ ៥ជំនាន់ ​មាន​ចំនួន ២៨៤ នាក់។ ជារួម​គិត​មកដល់​ឆ្នាំ២០១៤ នេះ សាលា បាន​បើក​វគ្គ​វិក្រិតការ​សុ​ក្រិត​ការ​ចំនួន ២១វគ្គ​មាន​កម្មសិក្សាការី​សរុប ៣ ២៥៤នាក់។

ឯកឧត្តម ​រដ្ឋមន្ត្រី​មានប្រសាសន៍ថា វគ្គ​សិក្សា​ថ្មី​នេះ​មាន​កម្មសិក្សាការី​ជា​សិស្ស​មន្ត្រី មធ្យម និង​មន្ត្រីជាន់ខ្ពស់​ចូល​សិក្សា​សរុប​ចំនួន ១៧៧នាក់ ​មកពី​តំណាង​ក្រសួង​ស្ថាប័ន មន្ទីរ ខេត្ត ក្រុង ស្រុក ខណ្ឌ​ទូទាំងប្រទេស។ បច្ចុប្បន្ន នេះ​សាលា​កំពុង​បណ្តុះបណ្តាល​សិស្ស​មន្ត្រី ជាន់ខ្ពស់​ជំនាន់ទី៨ ចំនួន ៦០នាក់ មាន​នារី ២០នាក់ ​ទៅតាម​លទ្ធផល​នៃ​ការប្រឡងប្រជែង និង​ទៅតាម​សេចក្តី​សម្រេច​របស់​ក្រសួង​មុខ​ខ​ងារ​សាធារណៈ៕