Monday, March 10, 2014

បទអត្ថាធិប្បាយ៖ ល្បែង​លាប​ពណ៌​ដ៏គ្រោះ​ថ្នាក់​​របស់​​ក្រុម​​ប្រឆាំង​ នឹង​នាំ​ឱ្យ​​អន្ត​រាយ​ដល់​​សង្គម​ជាតិ



ដោយឧត្តមសក្តិ

វប្បធម៌លាបពណ៌ ជាមេរៀនដ៏ជូរចត់សម្រាប់ប្រជាជាតិគ្រប់ជាតិសាសន៍ទាំងអស់ ទូ​ទាំង​ពិភពលោក ហើយវប្បធម៌នេះបានបណ្តាលអោយសង្គមខ្មែរមានការបែកបាក់សាមគ្គី​ផ្ទៃ​ក្នុង​ជាតិ ដែល​នាំដល់ការកាប់សម្លាប់គ្នាដ៏គួរអោយឈឺចាប់ខ្លោចផ្សាកាលពីអតីតកាល។

យ៉ាងណាមិញ រហូតមកទល់ពេលនេះ មេបក្សប្រឆាំង​ រួមនិងអ្នកវិភាគសង្គម​មួយចំ​នួន​ដែល​មាន​ទំនោរបំរើនយោបាយប្រឆាំងផ្កាប់មុខ នៅតែបន្តប្រើពាក្យ​សម្តី​ញុះញង់​ ​ ​ដុត​បញ្ឆេះកំ​ហឹង​ប្រ​ជា​ពលរដ្ឋ​​ឱ្យ​ងើប​ឡើង​ចូល​រួម​ក្នុង​សកម្មភាព​តវ៉ា ធ្វើ​បាតុកម្ម​ ជាបន្តបន្ទាប់ ។ ការអំពាវ​នាវ​នេះ​ត្រូវ​បានគេមើលឃើញថា កើតមានចាប់តាំងពីមុនការបោះឆ្នោតមកម៉្លេះ ក្រុមប្រឆាំង និង​បក្ខ​ពួកទាំងនេះបានអន្ទងអូសទាញប្រជាពលរដ្ឋ និងយុវជន កម្មករ កម្មការិនី ព្រះសង្ឃ អោយ​លង់​ជឿលើនយោបាយ បោកប្រាស់ ប្រជាភិថុតិ ក្រោមស្លាកសង្គ្រោះជាតិ ស្អីគេនោះ។

ថ្មីៗនេះមេបក្សប្រឆាំងបានអំពាវនាវអោយប្រជាពលរដ្ឋខ្មែរ ក្រោកទ្បើងបះបោរ​ប្រឆាំង​រាជរដ្ឋាភិបាលស្របច្បាប់ដោយលើកយកឧទាហរណ៍ប្រទេស អ៊ុយ​ក្រែន មកប្រៀប​ធៀប​ជា​មួយ​កម្ពុជា។ ដូចគ្នាដែរក្រុមអ្នកវិភាគ ដែលមានទំនោគាំទ្រនយោបាយប្រឆាំង ដោយយក ​វិបត្តិ​នយោ​បា​យ​ ​​នៅ​ប្រទេស​អ៊ុ​យក្រែន ដែល​បាន​បណ្តេញ​ប្រធានាធិបតី​ចេញពី​តំណែង​បាន​ជោគ​ជ័យ​នោះថា មិន​បាន​ធ្វើឲ្យ​រដ្ឋាភិបាល​ថ្មី​កាន់​តំណែង​បាន​សុខ​ឡើយ ព្រោះតែ​បាតុករ​ដែល​គាំទ្រ​អតីត​ប្រធានា​ធិ​តី​រូបនោះ ​បាន​បះបោរ​ឡើង ដោយ​មាន​ការចូលរួម​ពី​ប្រជាជន​ដែលមានដើមកំ​ណើតរុស្ស៊ីរស់​នៅ​ជា​ច្រើន​ម៉ឹន​ នាក់ ដែល​ប្រជាពលរដ្ឋទាំង​នោះ​​ចូលរួម​បាតុកម្ម​គាំទ្រ​ ព្រោះ​តែ​ទទួលបាន​ផល​ប្រយោជន៍​ពីការ​កាន់កាប់​អំណាច​របស់​អតីត​ប្រធានាធិបតី ​អ៊ុ​យក្រែន វិចទ័រ អ៊ីយ៉ាណូ កូ​វិច ក្រោម​ឥទ្ធិពល​របស់​រុស្ស៊ី​។​

បក្សប្រឆាំងគេបានលើកទ្បើងថា នៅពេល​ដែល​បាតុករ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​បាតុកម្ម មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត និង​ « ទាមទារ​ឲ្យ​លោក ហ៊ុន សែន ចុះចេញ​ពី​តំណែង​នោះ»  មេដឹកនាំ​គណបក្ស​កាន់​អំណាច ​នឹង​ប្រើ​អ្នកគាំទ្រ​របស់ខ្លួន​ទៅ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​បាតុកម្ម​។

ជាងនេះទៅទៀត មានអ្នកវិភាគខ្លះ ក៏​បានព្រមាន​ថា ប្រជាជន​វៀតណាម​ដែល​រស់​នៅ​កម្ពុជា នឹងចូលរួម​បាតុកម្ម​គាំទ្រ​មេដឹកនាំ​រដ្ឋាភិបាល​ នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ដូច​ពលរដ្ឋ​ដែល​មាន​ដើម​កំ​ណើត​រុស្ស៊ី​ធ្វើ​ បាតុកម្ម​គាំទ្រ​ប្រធានា​ធិបតី​អ៊ុយ​ក្រែន​ដែល​គេទម្លាក់​ដែរ  ដូចគ្នា​នឹង​ជន​ជាតិ​​វៀតណាម ទទួលបាន​ផល​ប្រយោជន៍​ពី​ការ​កាន់អំណាច​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​។​

តើការលើកយកអំពីស្ថានការនយោបាយ នៃប្រទេសមួយដែលកំពុងតែជួបស្ថានភាព​ដ៏​ធ្ងន់ធ្ងរ​បំផុត​មកប្រៀបធៀបជាមួយកម្ពុជា ដែលកំពុងមាន ស្ថិរភាពនយោបាយ មានសុខ​សន្តិភាពនោះក្នុងចេតនាបែបណា? តើជាអំពើញុះញង់បង្កហិង្សា ក្នុងចេតនាបំផ្លាញ សុខ​សន្តិភាព សេចក្តី​សុខ​ប្រជាពលរដ្ឋ ជាបំណងប្រាថ្នារបស់បក្សប្រឆាំងនៅកម្ពុជាឬ?

ក្រុមប្រឆាំងគួរណាស់ត្រូវដឹងថា ​ស្ថានការណ៍​នយោបាយ សេដ្ឋកិច្ច និង​សង្គម នៅ​ក្នុង​ប្រទេស​អ៊ុយ​​ក្រែន​ គឺមាន​ភាព​ផ្ទុយគ្នា​ស្រឡះ​ពីប្រទេស​កម្ពុជា ដោយ​សារ​ថា៖ 

‑ បើ​និយាយ​ពីស្ថាន​ភាព​សេដ្ឋកិច្ច​នៅ​ប្រទេស​អ៊ុយ​ក្រែន​វិញ​ គឺបាន​ធ្លាក់​ចុះដុន​ដាប​យ៉ាង​ខ្លាំង​ ដែល​បណ្តាល​ឱ្យ​ប៉ះ​ពាល់​ដល់​ជី​វភាព​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋ​យ៉ាង​ធ្ងន់​ធ្ងរ ជា​ហេតុ​ធ្វើ​ឱ្យលោក​ប្រធានាធិបតី អ៊ី​យ៉ាណូកូវិច ស្វះ​​ស្វែង​​រក​ដៃ​គូសម្រាប់​ជា​បង្អែក​រវាង​ប្រទេស​រុស្ស៊ី និង​សហគមន៍​​​អឺរ៉ុប​​។ ដោយ​ឡែក​ និយាយអំ​ពី​បញ្ហា​សេដ្ឋកិច្ចនៅ​កម្ពុជាវិញ មាន​ការរីក​ចំ​រើន​ជា​លំ​ដាប់​ ដែល​កំ​ណើន​សេដ្ឋ​កិច្ច​​ក្នុង​មួយឆ្នាំ​ៗ កើន​ឡើង​ក្នុង​រង្វង់​ ៧,៥ ភាគ​រយ​ រី​ឯអត្រា​ភាព​ក្រី​ក្របាន​ធ្លាក់​ចុះ​ពី៥៣ ភាគ​រយ មក​នៅ​ត្រឹម​២០,៥​ភាគ​រយ​នៅ​ឆ្នាំ​២០១១​ នេះ​បើ​យោង​តាម​របាយការណ៍​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៤ ​​ដោយ​ធនាគារពិភព​លោក។​ស្ថាន​​ភាព​សេដ្ឋកិច្ច សង្គម ​បច្ចុប្បន្ននៅ​កម្ពុជា​ បាន​ និង​កំ​ពុងតែវិវត្តន៍ទៅ​ជាប្រក្រតី​ ហើយ​ស្ថាប័នរដ្ឋ និង​ឯកជន កំ​ពុង​​ដំ​ណើរការ​ ដោយ​មិន​មាន​ផល​ប៉ះ​ពាល់ពី​ស្ថានភាព​នយោបាយ​ដែល​បង្ក​ឡើង​ដោយ​គណបក្ស​ប្រឆាំង​​នោះឡើយ។

‑ តំបន់ Crimea របស់​អ៊ុយ​ក្រែន​នោះ មាន​លក្ខណៈ​ខុសគ្នា នឹង​តំបន់​ដីសម្ប​ទាន​សេដ្ឋកិច្ច​កម្ពុជា​នៅ​ជាប់​ព្រំដែន​វៀតណាម ដោយសារ​តំបន់ Crimea របស់​អ៊ុ​យក្រែន ជា​អតីត​សាធារណ​រដ្ឋ​​ដែល​បែក​ចេញ​ពី​អតីត​សហភាពសូវៀត ហើយ​មាន​ប្រជាជន​ភាគច្រើននិយាយ​ភាសា​រុស្ស៊ី​ ឬ​មានដើម​កំ​ណើត​រុស្ស៊ីរស់​នៅ​។  

ក្នុង​បញ្ហានេះ សម្រាប់​កម្ពុជារាល់ការផ្តល់តំបន់​សម្បទាន​សេដ្ឋកិច្ចទាំង​អស់បាន​ចងជា​ កាតព្វ​កិច្ចច្បាប់​របស់​កម្ពុជា ហើយ​រាល់​អ្នកវិនិយោគិនទាំងអស់ មានសិទ្ធិអាស្រយ័ផល​លើ​តំបន់នោះ​តែ​ប៉ុណ្ណោះ ដោយមិន​អាច​បង្កើត​ជាតំបន់អប្បគមន៍បានទ្បើយ ។ ហេតុ​ដូចនេះ ការ​​ទម្លាក់​មេដឹកនាំ​កម្ពុជា ក៏ ត្រូវធ្វើឡើង​តាម​ច្បាប់ ដែលសិទ្ធិអំ​ណាច​ផ្តល់​ឱ្យ​តាម​រយៈសំ​ឡេង​ឆ្នោត​របស់​ប្រជាពល​រដ្ឋ​ខ្មែរ មិន​មែន​ជាការ​ផ្តល់​អោយសម្រាប់​​ជន​ជាតិ​បរទេសណា​ម្នាក់​ក្នុង​ការ​ធ្វើ​ សកម្មភាព​បំ​ពាន​ច្បាប់ ដូច​ការ​វិភាគរបស់ក្រុម​មនុស្ស​មួយ​ចំ​នួន​នោះ​ឡើយ​ ។

៣‑ ការដែល​លើកទ្បើងថា នៅពេល​ដែល​បាតុករ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​បាតុកម្ម មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត និង​«ទាមទារ​ឲ្យ​លោក ហ៊ុន សែន ចុះចេញ​ពី​តំណែង​នោះ» មេដឹកនាំ​គណបក្ស​កាន់​អំណាច ​នឹងប្រើ​អ្នកគាំទ្រ​របស់ខ្លួន​ទៅ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​បាតុកម្ម​វិញ
ក្នុងនយ័នេះ​ ក្រុម​ប្រឆាំងត្រូវដឹងថា កន្លងមកក្រុមប្រឆាំងធ្វើបាតុកម្មតែងតែប្រើពាក្យឆន្ទៈរាស្ត្រ ឬ សិទ្ធិសេរីភាពពលរដ្ឋ ប៉ុន្តែគេមិនដែលបានគិតថាប្រជាពលរដ្ឋ​ខ្មែរភាគច្រើនជាងពាក់​កណ្តាល​​​​​ប្រទេសដែល​គាំទ្រគណបក្សប្រជាជនកម្ពុជា ក៏មានសិទ្ធិប្រើឆន្ទៈ និងសេរីភាពក្នុង​ការ​ធ្វើបាតុកម្ម គាំទ្រថ្នាក់ដឹកនាំគេបានដែរ ។ ដូច្នេះប្រសិនបើ ប្រជាពលរដ្ឋដែល​គាំទ្រគណបក្ស​ប្រជា​ជនកម្ពុជា ចង់ធ្វើបាតុកម្ម អាជ្ញាធរត្រូវផ្តល់សិទ្ធិ និងទីតាំងអោយបានស្មើគ្នា ហើយនេះ​មិន​មែន​ជា​ការ​អំពាវនាវអោយអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជាចេញមកធ្វើបាតុកម្មនោះទេ ។ ក្នុង​ន័យ​នេះ បើ​និយាយត្រឹម​តែ​ចំ​នួន​អ្នក​គាំ​ទ្រគណបក្ស​ប្រជា​ជន​កម្ពុជា ជាង​៣លាន​នាក់​ ក៏​ជាចំ​នួន​លើស​លប់​ណាស់​ទៅ​ហើយ ដែល​គណបក្ស​ប្រឆាំង​គួរ​ពិចារណា​ឡើង​វិញ​ ។ ប៉ុន្តែ គេបាន​មើលឃើញ​ថា រាជ​រដ្ឋាភិបាល​ មិន​ធ្លាប់​ដែល​មាន​គំ​និត​ យក​បាតុកម្ម​ ជល់​នឹង​បាតុកម្ម​ឡើយ ។

ទន្ទឹមនឹងនេះ អង្គការសហប្រជាជាតិ និងសហគមអន្តរជាតិ ក៏បានមើលឃើញ និង​ស្តាប់​ឮ​យ៉ាង​ច្បាស់អំពីយុទ្ធសាស្រ្តវាយប្រហាររបស់បក្សប្រឆាំងមក​លើជនជាតិភាគតិចវៀត​ណាម នៅ​កម្ពុជា ដែ​ល​បង្ហាញអោយឃើញ​ពីការរើសអើងជាតិសាសន៍ប្រឆាំងផ្ទុយនឹងគោលការណ៍សិទ្ធិ​មនុស្ស​​អន្តរជាតិ បាន​កើត​មាន​ឡើង​ជា​យូរយារណាស់​មកហើយ​ដែរ​។

ដោយការងប់ងុលនឹងនយោបាយប្រឆាំងជ្រុលហួសហេតុ​ បានរុញច្រានសន្តានចិត្តក្រុម​ប្រឆាំង​នៅកម្ពុជាអោយវង្វេងក្នុងក្តីសុបិន្ត នៃការចង់ច្បាមយកអំណាចក្រៅរង្វង់ច្បាប់ ប្រាស់ចាក​អំពី​រដ្ឋធម្មនុញ្ញតាមរយៈការបំផុសបំផុលអោយមានចលនាបះបោរផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដោយមិនខ្វល់អំពីសុខទុក្ខប្រជាពលរដ្ឋអ្វីទាំងអស់។

បក្សប្រឆាំងបានព្យាយាមផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ជាច្រើនលើកច្រើនដងតាមរយៈ​កុបកម្មហិង្សាដែលបានបណ្តាលអោយប្រជាពលរដ្ឋស្លាប់ និងរបួស អស់ជាច្រើននាក់ ។ 

រាជ​រដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋម្ចាស់ឆ្នោតក្នុង​សម្លេង​ភាគច្រើនបំផុតមិនគាំទ្រ​ចំពោះ​​ការ​ផ្លាស់​ប្តូ​​រសង្គម តាមរយៈអំពើហឹង្សាដែលដឹកនាំដោយគណបក្សប្រឆាំងនេះទ្បើយ។




ដូច្នេះ មេបក្ស​ប្រឆាំង​ល្មមបញ្ចប់នយោបាយបំផ្លាញអាយុជីវិត និងអនាគតកូនខ្មែរតាម​រយៈយុទ្ធសាស្ត្រ​លា​បពណ៌ ញុះញុងបំបែកបំបាក់ ដែលនាំអោយគ្រោះថ្នាក់ និងប៉ះពាល់ដល់ ស្ថិរភាពសង្គម សន្តិ​ភាព និងការអភិវឌ្ឈន៍ នៅក្នុងប្រទេសជាតិយ៉ាងធ្ងន់ធ្ងរទៀតទៅ ។