ដោយៈ លី គាំ
ប៉ុន្មានម៉ោងក្រោយពីកិច្ចប្រជុំ ថ្ងៃទី១៧
ខែមីនា ឆ្នាំ២០១៤នោះ គណៈកម្មការបច្ចេកទេសទាំងពីរគណបក្សបានប្រជុំចប់ដោយបានចេញលទ្ធផល
តាមរយៈសេចក្តីថ្លែងការណ៍រួមព្រមព្រៀងគ្នា១៤ចំណុច លើការធ្វើកំណែរទម្រង់ការបោះឆ្នោតនៅកម្ពុជា លោក សម រង្ស៊ី មេបក្សប្រឆាំងបែរជាប្រមូលគ្នាមួយក្រុមធ្វើដំណើរទៅប្រទេសអូស្រ្តាលី
ដើម្បីសម្តែងនូវឆន្ទៈឡាំប៉ារបស់ខ្លួនដដែលៗដាក់អ្នកនយោបាយអូស្រ្តាលីឲ្យគាំទ្រនូវគោលបំណងអ្វីដែលខ្លួនចង់បាន។
ជាក់ស្តែង
អ្វីដែលមតិជាតិ អន្តរជាតិបានដឹង និងយល់ច្បាស់អំពីជំហររបស់គណបក្សប្រឆាំង គឺការមិនទទួលលទ្ធផលការបោះឆ្នោត
ពួកនេះនៅតែខិតខំព្យាយាមពន្យល់ខ្លួនឯង និងបោកប្រាស់អ្នកនយោបាយបរទេសមួយចំនួនឲ្យយល់ថា
គណបក្សខ្លួនបានឈ្នះការបោះឆ្នោតកាលពីថ្ងៃទី២៨ខែកក្កដា ឆ្នាំកន្លងទៅនោះ។
សេចក្តីអស់សង្ឃឹមចុងក្រោយរបស់មេដឹកនាំគណបក្សប្រឆាំង
គឺត្រូវខិតខំផ្លុំត្រចៀកឲ្យអ្នកនយោបាយបរទេសជឿលើការបកស្រាយភូតកុហករបស់ខ្លួនគឺថា
បើគណៈកម្មការជាតិរៀបចំការបោះឆ្នោត «គ.ជ.ប» ធ្វើការត្រឹមត្រូវនិងច្បាស់លាស់ដឹកនាំការបោះឆ្នោតនៅកម្ពុជា
បានត្រឹមត្រូវ ប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ នោះគណបក្សខ្លួននិងឈ្នះឆ្នោតជាពុំខាន។
ភាសារនេះ លោក សម រង្ស៊ី ក្តី
លោក កឹម សុខា ក្តី មន្រ្តីជាន់ខ្ពស់របស់គណបក្សខ្លួនក្តី
គូរកនរបស់ខ្លួន ក្តី ត្រូវតែខិតខំទន្ទេញចាំមាត់ទាំងអស់គ្នាថា គណបក្សខ្លួនជាគណបក្សឈ្នះ
ឆ្នោត ។
ដូចកាលសព្វមួយដង
ការឡាំប៉ា របស់លោក សម រង្ស៊ី នៅសហរដ្ឋអាមេរិក នៅសហគមន៍អឺរ៉ុប និងនៅប្រទេសបារាំង។ល។ ដែលបានកន្លងទៅនៅខែមុនៗនេះ
ពុំបានទទួលលទ្ធផលអ្វីជាដុំកំភួនឡើយ។
ដោយឡែក ការខិតខំរបស់លោក
សម រង្ស៊ី នៅអូស្រ្តាលីលើកនេះ មិនខុសពីលទ្ធផលដែលខ្លួនទទួលបាននៅលើកមុនៗឡើយ។
តាមព័ត៌មានច្បាស់ការពីមន្រ្តីក្រសួងការបរទេសអូស្រ្តាលីបានឲ្យដឹងថា ការស្នើរបស់លោក សម រង្ស៊ី សុំជួបលោកស្រីរដ្ឋមន្រ្តីការបរទេស
Julie
Bishop មិនបានទទួលចម្លើយជាវិជ្ជមានឡើយ គឺបានន័យថា «បដិសេធមិនឲ្យជួប»។
ជាដដែលៗ លោក សម
រង្ស៊ី បានស្វះស្វែងរកជួបនឹងអ្នកតំណាងរាស្រ្តដែលពុំមានអំណាចនីតិប្រតិបត្តិ ដើម្បីឲ្យធ្វើការកៀបសង្កត់រាជរដ្ឋាភិបាលកម្ពុជា
ពិសេសគណបក្សប្រជាជនកម្ពុជា ឲ្យធ្វើតាមបំណងចង់បានរបស់ខ្លួន។
ដោយសារការអស់សង្ឃឹមពុំបានជួបលោកស្រីរដ្ឋមន្រ្តីការបរទេស
Julie Bishop គណៈប្រតិភូលោក សម រង្ស៊ី បានខិតខំកៀងគរបងប្អូនអាណិកជនខ្មែរដែលរស់នៅប្រទេសអូស្រ្តាលីមួយដំបរស្វា អង្វរករពួកគេឲ្យធ្វើញតិ្តសុំឲ្យតំណាងរាស្រ្ត
និងរដ្ឋាភិបាលអូស្រ្តាលី យកចិត្តទុកដាក់លើស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា។
ជាការគួរឲ្យខ្មាសអៀនណាស់
ដែលការខិតខំប្រឹងប្រែងរបស់លោក សម រង្ស៊ី ដែលបានជួបជាមួយបងប្អូនអាណិកជនខ្មែរមួយដំបរស្វាប៉ុណ្ណោះ តែ
លោក សម រង្ស៊ី បែរជាបញ្ជាក់ប្រាប់កិច្ចសម្ភាសន៍ជាមួយវិទ្យុអូស្រ្តាលី «ABC» ថា «មានប្រជាជនកម្ពុជា ប្រាំម៉ឺននាក់នៅអូស្រ្តាលីយកចិត្តទុកដាក់លើស្ថានការណ៍សិទ្ធិមនុស្សនៅប្រទេសរបស់បុព្វការីជនរបស់ខ្លួន»។
នេះបើយើងបកស្រាយ
បានន័យថា «អាណិកជនខ្មែរប្រាំម៉ឺននាក់នៅអូស្រ្តាលី គេទាមទារសុំឲ្យរដ្ឋាភិបាលអូស្រ្តាលីយកចិត្តទុកដាក់លើបញ្ហានៅកម្ពុជា»។ តើមានការចុះហត្ថលេខាផ្តិតមេដៃទាមទារឬនៅ?
ក្នុងបរិការដែលបានរៀបរាប់ប្រាប់ខាងលើនេះ
យើងនៅតែទទួចសួរមេបក្សប្រឆាំង តើគួរ ឈប់ដើរតត្រុក អង្វរករអ្នកនយោបាយបរទេស
ហើយយកមកបំភ័ន ផ្សព្វផ្សាយបន្លាចអ្នកនយោបាយខ្មែរ និងប្រជាពលរដ្ឋខ្មែរក្នុងប្រទេសឲ្យខ្លាចក្រុមខ្លួនហើយឬនៅ?
លទ្ធផលដែលពួកក្រុមខ្លួនទទួលបានពីការដើរតត្រុកៗ នៅឯក្រៅប្រទេស គេដឹងច្បាស់ហើយ
។
យើងយល់ថា បច្ចុប្បន្ននេះ
គួរដល់ពេលដែលលោក សម រង្ស៊ី លោក កឹម សុខា និងគូរកនរបស់ខ្លួន ត្រូវមានសុឆន្ទៈទទួលស្គាល់ថា
គណបក្សរបស់ខ្លួនមិនឈ្នះឆ្នោត ហើយទទួលស្គាល់ថា គណបក្សខ្លួនទទួលបាន៥៥អាសនៈ
គណបក្សប្រជាជនកម្ពុជាបាន៦៨អាសនៈ ត្រូវទទួលស្គាល់ថា តាមនីតិរដ្ឋធម្មនុញ្ញ
គណបក្សប្រជាជនកម្ពុជាត្រូវបានជាអ្នករៀបចំ ដឹកនាំរាជរដ្ឋាភិបាល។
អ្វីដែលខ្លួនចង់បាននោះក្នុងនាមខ្លួនជាគណបក្សចាញ់ឆ្នោត
ត្រូវចេះអត់ធ្មត់សំរបសំរួលតាមបែបបទនីតិវិធីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងខិតខំសំរបសំរួលទាំងវាចារ
ទាំងកាយវិការ ទាំងឆន្ទៈជាមួយគណបក្សប្រជាជនកម្ពុជាជាគណបក្សជាប់ឆ្នោត ដើម្បីដោះស្រាយស្ថានការណ៍
នយោបាយនៅកម្ពុជា នោះទើបជាមាគ៌ាត្រឹមត្រូវ
និងជាបន្ទាន់បំផុតដែលថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិគួរយកមកអនុវត្តជាអាទិភាព៕