ការផ្លាស់
ប្តូរគោលជំហរជាថ្មីរបស់គណបក្សសង្គ្រោះជាតិ
ដោយលើកយករូបមន្ត២ភាគ៣ចូលក្នុងតុចរចា បានបង្កើតនូវការបង្អាក់
និងបង្កភាពរាំងស្ទះដល់កិច្ចប្រជុំនៃក្រុមការងារគណៈកម្មការ
ចម្រុះរវាងគណបក្សទាំងពីរ
ដែលគេបានមើលឃើញថា
គណបក្សសង្គ្រោះជាតិកំពុងបោះដុំដែកដែលជាងងើគដ៏ក្រហមឆ្អៅ
ទម្លាក់មកលើគណបក្សប្រជាជនកម្ពុជា
ហើយដែលកម្តៅនោះអាចនឹងនាំឱ្យមានគ្រោះថ្នាក់ដល់សង្គមជាតិទាំង
មូល
ដោយសារឧបាយកលនេះ។
ក្នុងទឹកចិត្តរបស់ប្រជាជនកម្ពុជា
ពិតណាស់ គឺមិនចង់វិលទៅរកអតីតកាលដ៏ជូរចត់នោះទេ
ទាំងការកាប់សម្លាប់ដូចក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត និងទាំងការជាប់គាំងនៃស្ថានការណ៍នយោបាយ
ពីព្រោះថា ប្រជាជនកម្ពុជា ធ្លាប់បានហែលឆ្លងកាត់នូវវិបត្តិដ៏រាំរ៉ៃនោះនិងឆ្អែតឆ្អន់មិនចង់ឃើញទៀតឡើយ។
ប៉ុន្តែ គណបក្សសង្គ្រោះជាតិ ហាក់បីដូចជាមិនបានអើពើទៅនឹងកង្វល់ពិតប្រាកដរបស់ប្រជាពលរដ្ឋនោះទេ
ផ្ទុយទៅវិញគណបក្សប្រឆាំងរិតតែសម្ញើញឬទ្ធិ ពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ
និងបង្កើតបញ្ហាថ្មីៗតាមគ្រប់រូបភាព ហាក់ដូចជាចង់បង្ហាញថា មានតែគណបក្សរបស់ពួកគេតែប៉ុណ្ណោះដែលគិតពីជាតិ
និងធ្វើអ្វីៗគ្រប់យ៉ាងគោរពតាមឆន្ទៈពលរដ្ឋ។
ដើម្បី
បានសម្រេចគោលដៅរបស់ខ្លួន
មេដឹកនាំគណបក្សសង្គ្រោះជាតិដែលគ្មានបេះដូងស្រឡាញ់សន្តិភាព
បន្តិចសោះនោះ
បានបង្ខំចិត្តដើរចេញចាកឆ្ងាយពីរង្វង់ច្បាប់ជាហូរហែរ
ដូចអ្វីដែលគេបានដឹងជាបន្តបន្ទាប់នូវពុតត្បុតទាំងនោះ
តាមរយៈ ការបង្កនូវភាពក្តុងខ្ទាំង អូសទាញ ញុះញង់ អុចអាល
ដុតបញ្ឆេះកំហឹងមហាជនឱ្យចូលក្នុងល្បែងនយោបាយដែលពួកគេធ្លាប់លេង
អស់ពេល៥អាណត្តិមកហើយ
ហើយល្បែងនេះនៅតែជាទីពេញនិយមសម្រាប់កំដរដៃក្រុមពួកគេដដែល។
គណបក្សសង្គ្រោះជាតិ
មិនធ្លាប់ដែលហ៊ានចេញមកសារភាពនោះទេ នូវរាល់កំហុសនានាដែលខ្លួនបានបង្កឡើង
ដូចជា ប្រើល្បិចក្នុងពេលរាល់មានកិច្ចចរចា តែងតែប្រកូកប្រកាសធ្វើបាតុកម្ម
ក៏ដូចជាទាមទារចង់ឱ្យភាគីចរចាត្រូវតែយល់ព្រមធ្វើតាមសំណូមពរដែលពួកគេចង់បានជាមុនសិន
ទើបនិយាយគ្នាបន្តទៀតដើម។ល។។
ប៉ុន្តែ
ក្នុងចំណោមបញ្ហានានាដែលគណបក្សប្រឆាំងទាមទារ
វាហាក់ដូចជាដាក់ការគាបសង្កត់ជ្រុលហួសហេតុមកលើគណបក្សប្រជាជន
កម្ពុជា
ហើយដែលសំណើទាំងនោះគណបក្សកាន់អំណាច មិនអាចនឹងទទួលយកបាន
ក្នុងនោះ
ដូចជា ការទាមទារក្នុងការកំណែទម្រង់ការបោះឆ្នោត ដោយចង់បានឱ្យ គជប
ទៅជា
ស្ថាប័នធម្មនុញ្ញ ហើយសមាសភាពរបស់ គជប ត្រូវតែអនុម័តដោយសម្លេង២ភាគ៣
នោះ
គឺជាការដើរវិលថយក្រោយ និងក៏អាចចាត់ទុកថា
មេដឹកនាំគណបក្សប្រឆាំងកំពុងតែបំពានលើការសម្រេចចិត្តរបស់ខ្លួន
កាលពីអតីតកាល។
រូបមន្ត២ភាគ៣ នាពេលកន្លងមក
បាននាំឱ្យសភាជាប់គាំង និងកម្ពុជាប្រឈមនឹងវិបត្តក្នុងពេលដ៏វែង។ គណបក្សសង្គ្រោះជាតិបានដឹងយ៉ាងច្បាស់ណាស់ថា
រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ គឺតម្រូវឲ្យមានការអនុម័តច្បាប់
និងរាល់ឯកសារគតិយុត្តិផ្សេងៗ
ដោយសំឡេង ២ ភាគ ៣ នៃសមាជិករដ្ឋសភា ហើយរាល់ពេលដំណើរការអនុម័តច្បាប់ម្តងៗ
តែងតែជួបប្រទះនូវវិបត្តិជាញឹកញាប់ ជាពិសេស គឺវិបត្តិនៃការខ្វះកូរ៉ុមកនៃកិច្ចប្រជុំសភា
ដែលគណបក្សមានសំឡេងភាគតិចនៅក្នុងរដ្ឋសភា
តែងតែយកគណបក្សឈ្នះឆ្នោតដែលមានសំឡេងភាគច្រើនជាចំណាប់ខ្មាំង
ដើម្បីផលប្រយោជន៍នយោបាយរបស់បក្សខ្លួនជានិច្ច។
ដោយយល់ច្បាស់អំពីបញ្ហាអស់ទាំងនេះហើយ
ទើបកាលណោះ ក្នុងឆ្នាំ ២០០៦ លោក សម រង្ស៊ី
ផ្ទាល់ បានធ្វើលិខិតស្នើទៅសម្តេចក្រុមព្រះនរោត្តមរណឬទ្ធិ និងគណបក្សប្រជាជនកម្ពុជា សុំឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញពីការអនុម័តសម្លេង
២ ភាគ ៣ មក ៥០ ភាគរយបូក ១វិញ
ដែលរូបមន្តថ្មីនេះ បាននាំឲ្យកម្ពុជា គេចផុតពីភាពជាប់គាំងនយោបាយ រហូតមកទល់បច្ចុប្បន្ននេះ
។
តើហេតុដូចម្តេចបានជាមកដល់ស្ថានការណ៍ចុងក្រោយនេះ
គណបក្សសង្គ្រោះជាតិបែរជាខ្លាចរូបមន្ត ៥០ភាគរយ បូក ១
ដែលខ្លួនធ្លាប់ជាអ្នកស្នើកាលពីអតីតកាលនោះទៅវិញ?
ការចាញ់ឆ្នោតជាបន្តបន្ទាប់
អាចជាមូលដ្ឋានបណ្តាលឱ្យគណបក្សសង្គ្រោះជាតិ ប៉ាន់ប្រមាណខ្លួនឯងថា
ការសម្រេចចិត្តកាលណោះ គឺដោយសារការជឿជាក់លើខ្លួនឯងហួសហេតុពេក ថា
អាចនឹងដណ្តើមជ័យជំនះលើគណបក្សប្រជាជនកម្ពុជាបាន ប៉ុន្តែ នៅទីបំផុត
គណបក្សសង្គ្រោះជាតិបានស្ថិតក្នុងសភាព ចាញ់ និងបាក់ស្បាត
ទើបយកឱកាសដែលខ្លួនកំពុងចាញ់នេះ បន្លំភ្នែកប្រជាពលរដ្ឋ
ងាកទៅរករូបមន្តចាស់វិញ
ដើម្បីបន្តរុញច្រានស្ថានការណ៍ឱ្យចូលក្នុងអន្ទាក់ដែលពួកខ្លួនចង់បាន។
ការផ្លាស់ប្តូរឆន្ទៈនយោបាយ
ដ៏ក្រឡាប់ចាក់បែបនេះ
គឺបានបង្ហាញនូវពុតត្បុតដ៏អាក្រក់របស់គណបក្សដែលចាញ់ឆ្នោត គឺគ្មានអ្វីដែលច្បាស់លាស់ក្នុងការសម្រេចចិត្តនោះទេ។
បើបញ្ហាជាតិធ្វើតាមអារម្មណ៍បែបនេះ
ប្រទេសជាតិនឹងជួបគ្រោះអន្តរាយដោយសារពួកគេទាំងនោះ។
ដូចនេះ ដើមហេតុនៃការបង្កឲ្យមានការអាក់ខានការចចាររវាងគណបក្សទាំងពីរ
មិនមែនកើតឡើងដោយសារការជំទាស់របស់គណបក្សប្រជាជនកម្ពុជានោះទេ
គឺពិតជាកើតចេញពីការចាប់បង្ខំទៅលើគណបក្សប្រជាជនកម្ពុជាឱ្យធ្វើការឆ្លើយតប
និងយល់ព្រមទៅលើសំណើដែលផ្ទុយពីច្បាប់
ហើយច្បាប់នេះទៀតសោត នៅមានតម្លៃជាធរមាន និងប្រកបដោយអានុភាពទៀតផង។
វារិតតែគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់សង្គមជាតិ
ពីព្រោះ ក្នុងច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គឺរដ្ឋធម្មនុញ្ញ ជំពូកទី
៧ មាត្រា ៧៦ នៅក្នុងវាក្យខណ្ឌចុងក្រោយ បានចែងយ៉ាងច្បាស់ថា
អង្គការរៀបចំការបោះឆ្នោត នីតិវិធី និងបទបញ្ជានៃការបោះឆ្នោត
ត្រូវបានកំណត់ដោយច្បាប់បោះឆ្នោត។ បើបែបនេះ
តើស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចាំបាច់ ក្លាយជាស្ថាប័នធម្មនុញ្ញ
នឹងត្រូវជ្រើសតាំងសមាសភាពសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅថា
គ.ជ.ប នោះ ដោយសំឡេងបោះឆ្នោតគាំទ្រចំនួន ២ ភាគ ៣ នៃសមាជិករដ្ឋសភាដែរ ឬទេ?
ម៉្យាងវិញទៀត
ក្នុងបរិបទនេះ គឺគេបានដឹងច្បាស់ណាស់ថា
ប្រសិនជាធ្វើតាមសំណើរបស់គណបក្សសង្គ្រោះជាតិ ប្តូររូបមន្តពី៥០ភាគរយ
បូក១ មក ២ភាគ៣មែននោះ បញ្ហាទាំងអស់នឹងជាប់គាំង ពីព្រោះថា
គណបក្សសង្គ្រោះជាតិ នឹងមិនអោយមានការអនុម័តអ្វីបានទាំងអស់ និយាយជារួម
រាល់សំណើណាមួយរបស់គណបក្សប្រជាជន ក្នុងការពន្លឿនប្រសិទ្ធិភាពក្នុងការអនុវត្តច្បាប់នានា
ប្រាកដជានឹងត្រូវបានបដិសេធដោយគណបក្សជំទាស់។
នោះហើយជាពហុវិបត្តិជាថ្មីរបស់កម្ពុជា ។
ក្នុងនាមជាគណបក្សកាន់អំណាច
គេនឹងមិនអនុញ្ញាតឱ្យគណបក្សចាញ់ឆ្នោតរុញស្ថានការណ៍ វិលទៅរកភាពអាក្រក់វិញនោះឡើយ។
លើសពីនេះទៅទៀត បើ គ.ជ.ប ពិតជាត្រូវអនុម័តដោយសំឡេង ២ ភាគ ៣
នោះភាពជាប់គាំងកាន់តែមានសភាពធ្ងន់ធ្ងរជាងរូបមន្ត ២ ភាគ ៣
នៃការបង្កើតរាជរដ្ឋាភិបាលទៅទៀត ព្រោះថា អតីតកាល
រដ្ឋធម្មនុញ្ញមាត្រា ៩០ វាក្យខណ្ឌទី ៨ បានសរសេរថា (រដ្ឋសភាបោះឆ្នោត ទុកចិត្តដល់រាជរដ្ឋាភិបាលតាមមតិគាគច្រើន
២ ភាគ ៣ នៃសមាជិកសភាទាំងមូល) ហើយរូបមន្តនេះ
បានធ្វើឲ្យមានការជាប់គាំងនយោបាយនៅក្រោយការបោះឆ្នោតម្តងៗតែប៉ុណ្ណោះ។
ប៉ុន្តែ ក្រោយមក ដោយឆន្ទៈនយោបាយក្នុងការបង្រួបបង្រួមជាតិរបស់គណបក្សប្រជាជនកម្ពុជា
បានទម្លុះទម្លាយនៃភាពជាប់គាំងនេះ ដោយមានការបង្កើតរាជរដ្ឋាភិបាលចម្រុះ រវាងគណបក្ស ប្រជាជនកម្ពុជា
និងគណបក្សហ៊្វុនស៊ីនប៉ិច ។ ប៉ុន្តែ បើ ២ ភាគ ៣ មិនអាចបង្កើត គ.ជ.ប វិញនោះ នៅកម្ពុជាក៏មិនអាចមានការបោះឆ្នោតបាន
ហើយបើមិនបានបោះឆ្នោតក៏មិនអាច មានរាជរដ្ឋាភិបាល
ហើយបើមិនមានរាជរដ្ឋាភិបាល ដំណើរការប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា
ពិតជាត្រូវបានបំផ្លាញ។
តើមេរៀនប្រវត្តិសាស្ត្រដែលនាំដល់ការជាប់គាំងនយោបាយនេះ
គួរត្រូវបានជ្រើសយក
មកអនុវត្តទ្បើងវិញនៅកម្ពុជា
ក្រោមហេតុផលដោះស្រាយវិបត្តិនយោបាយដែរ ឬទេ?
ការប៉ុនប៉ងប្រើកលល្បិចរបស់មេដឹកនាំគណបក្សប្រឆាំង
ដើម្បីឱ្យកម្ពុជាធ្លាក់ចូលក្នុងវិបត្តិ ជាថ្មី គឺមិនមែនជាបំណងរបស់ប្រជាពលរដ្ឋនោះឡើយ។
ទោះយ៉ាងណា គេរំពឹងថា រាជរដ្ឋាភិបាលកម្ពុជាដែលប្រសូតចេញពីការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ
សេរីពហុបក្ស ប្រាកដជាមានកាតព្វកិច្ចការពារជាតិ ហើយនឹងប្រកាន់យកគ្រប់វិធានការទាំងអស់
ដើម្បីការពាររដ្ឋធម្មនុញ្ញ ការពារបាវចនាជាតិ សាសនា ព្រះមហាក្សត្រ
និងជាពិសេសការពារលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
ក៏ដូចជាធានានូវប្រក្រតីភាពនៃដំណើរការសង្គម និងសេដ្ឋកិច្ច
ជាពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នឹងមិនធ្វើអ្វី
ដើម្បីបំពេញចិត្តក្រុមបក្សប្រឆាំង
ហើយមកបំផ្លាញផលប្រយោជន៍រួមរបស់ជាតិនោះទេ៕
មេដឹកនាំគណបក្សប្រឆាំង
គួរបញ្ចប់ទៅ នូវវប្បធម៌« ដុតឱ្យខ្លោច រោចឱ្យឆៅ» ។ ក្នុងន័យថា
សំឡេងឆ្នោតដែលប្រជាពលរដ្ឋបានបោះជូនគណបក្សសង្គ្រោះជាតិចំនួន៥៥ អាសនៈ
គឺអាចឱ្យក្រុមអ្នកតំណាងរាស្ត្រចូលទៅបំពេញកាតព្វកិច្ចជូនជាតិបាននៅក្នុងរដ្ឋសភា
ដែលមិនគួរគប្បីធ្វើខ្លួនឯងដូចជាសត្វក្របីព្រៃ បើមិនបានស៊ីស្មៅទាំងអស់
ឬក៏គ្រប់គ្រងអាណាចក្រនោះទេ នឹងជាន់កំទេចស្មៅចោលទាំងអស់
នោះហើយជាមាយាទអន់របស់ថ្នាក់ដឹកនាំនៃគណបក្សសង្គ្រោះជាតិ។
បើបក្សសង្គ្រោះជាតិនៅតែប្រកាន់ជំហរដូចនោះមែន
វិបត្តិនឹងកើតមានឡើងជាថ្មី និងគ្មានផ្លូវដោះស្រាយរួចឡើយ មិនខុសអ្វីពីការប៉ុនប៉ងបិទដង្ហើមសង្គមជាតិគ្រប់ច្រកនោះទេ។
អត្ថបទដោយ៖ សៅ សុភៈ