Monday, May 26, 2014

កម្ពុជា​​ត្រៀម​ខ្លួន​​​​ក្នុង​​ការ​​ដើរ​តួនាទី​​យ៉ាង​​ស​ក​ម្ម​​ជា​មួយ​​បណ្តា​​ប្រទេស​​ជា​​សមាជិក CICA ​ដើម្បី​​បុព្វ​ហេតុ​​សន្តិសុខ ស្ថិរ​ភាព ​និង​​ការ​អភិវឌ្ឍន៍​​ក្នុង​​តំបន់

សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​បានថ្លែងក្នុង​កិច្ច​ប្រជុំ​ កំពូល​លើក​ទី​៤នៃ CICA ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ទីក្រុង​សៀង​ហៃ សា​​ធារណរដ្ឋ​ប្រជាមានិត​ចិន​នាព្រឹក​ថ្ងៃទី២១ ​ខែ​ឧសភា ឆ្នាំ​២០១៤ ថា កម្ពុជា​កំពុង​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការ​ដើរតួនាទី​យ៉ាងសកម្ម ដើម្បី​ធ្វើ​ឲ្យ​ស៊ីជម្រៅ​នូវ​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ CICA ដទៃទៀត ដើម្បី​បុព្វហេតុ​សន្តិសុខ ស្ថិរភាព ភាព​សុខដុមរមនា វិបុលភាព និង​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅក្នុង​តំបន់។
 
យោង​តាម​ការ​ផ្សាយ​របស់​ទូរទស្សន៍​ជាតិ​ កម្ពុជា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសា​ស​ន៍​​វាយ​តម្លៃ​​ថា កិច្ចប្រជុំ​កំពូល​លើក​ទី៤ នេះ​នឹង​ជួយ​ជំរុញ​យើង​ទាំង​អស់គ្នា​ឲ្យ​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ ទ្វេដង ក្នុង​ការ​កសាង​សហគមន៍​មួយ​ប្រកបដោយ​សន្តិភាព ​និង​វិបុលភាព​នៅក្នុង​តំបន់​អាស៊ី ដោយ​ឈរ​លើ​គោលការណ៍​នៃ​ការយោគយល់​គ្នា​ទៅវិញទៅមក ការ​មិន​រើសអើង ក៏ដូចជា​ការគោរព​ភាព​ខុសគ្នា​នៃ​វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី សាសនា និង​ទស្សនៈ​នៃ​ជាតិ​សាសន៍​នីមួយៗ។ សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន អម​ដំណើរ​ដោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​សៀង​ហៃ នៃ​សាធារណរដ្ឋ​ប្រមានិត​ចិន តាម​ការ​អញ្ជើញ​របស់​ឯកឧត្តម ស៊ី ជិនពីង ប្រធានា​ធិបតី​នៃ​សាធារណរដ្ឋ​ប្រមានិត​ចិន កាល​ពី​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ដែល​ក្នុង​នោះ​ក្រៅ​ពី​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ សម្តេច​តេជោ​ត្រូវ​ចូល​រួម​​ជាមួយ​បណ្តា​ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល នៃ​ប្រទេស​ជា​សមាជិក​ពេញ​សិទ្ធ និង​បណ្តា​ប្រទេស​ជា​អ្នកសង្កេតការណ៍​ បាន​មក​​ជួបជុំគ្នា​ក្នុង​ពិធី​បើក​ជា​ផ្លូវការ​កិច្ចប្រជុំ​កំពូល​លើក​ទី៤ នៃ​សន្និសីទ​អន្តរ​សកម្មភាព និង​វិធានការណ៍​កសាង​ទំនុកចិត្ត​នៅ​អាស៊ី (CICA) នៅ​មជ្ឈ​មណ្ឌល​ពិព័រណ៍​អន្តរជាតិ​ទីក្រុង​សៀង​ហៃ​ សាធារណរដ្ឋ​ប្រជាមានិត​ចិន​ នា​​ព្រឹក​ថ្ងៃទី២១ ខែ​ឧសភា ឆ្នាំ​២០១៤។
 
កិច្ច​ប្រជុំ​កំពូល​លើក​ទី​៤ នៃ​ CICA នៃ​បាន​ប្រព្រឹត្តទៅ​ក្រោម​ប្រធានបទ​ការ​ពង្រឹង​កិច្ច​សន្ទ នាទំនុកចិត្ត និង​ការ​សម្របសម្រួល​ដើម្បី​រួមគ្នា​កសាង​ទ្វីបអាស៊ី​ថ្មី​មួយ ដែល​មាន​សន្តិភាព ស្ថិរភាព និង​កិច្ច​សហប្រតិបត្តិការ ដែល​បណ្តា​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ជា​សមាជិក​ពេញ​សិទ្ធ និង​ប្រទេសជា​អ្នក​សង្កេតការណ៍​ទាំង​អស់ ​ត្រូវ​បានការ​ធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត​ពី​ ឯកឧត្តម ស៊ី ជិន​ពីង ប្រធានាធិបតី​នៃសាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ជា​ម្ចាស់ផ្ទះ​នៃ CICA ។
 
កិច្ចប្រជុំ​កំពូល​លើក​ទី៤ នៃ CICA ត្រូវបាន​ការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម ​លោកជំទាវ ប្រមុខរដ្ឋ​ចំនួន​១១ ប្រទេស ប្រមុខ​រដ្ឋាភិបាល២ ប្រទេស ថ្នាក់​រដ្ឋមន្ត្រី និង​គណៈប្រតិភូ​ចំនួន​ជាង៣០ ប្រទេស និង​វត្តមាន​របស់​ឯកឧត្តម បាន គី​មូ​ន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ និង​បណ្តា​អង្គការ​អន្តរជាតិធំៗ​ជា​ដៃគូ​របស់ (CICA) មួយចំនួនទៀត។
 
សន្និសីទ​អន្តរ​សកម្មភាព និង​វិធាន​ការ​កសាង​ទំនុកចិត្ត​នៅអាស៊ី ត្រូវបាន​បង្កើត​ឡើង​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​ឯកឧត្តម ណឺ​ស៊ុ​លត​ង់ ណា​ហ្សា​បាយ​យេ​វ (Nursultan Nazarbayev) ប្រធានាធិបតី នៃ​សាធារណរដ្ឋ​កាហ្សា​ក់​ស្ថាន ក្នុង​សម័យ​ប្រជុំ​ពេញអង្គ​លើក​ទី៤៧​ របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ​ កាល​ពី​ឆ្នាំ​១៩៩២។ អង្គ​សន្និសីទ​នេះ​មាន​គោល ​បំណង​លើកតម្កើង​កិច្ច​សហប្រតិបត្តិការ​ពហុ​ភាគី ​សំដៅ​លើក​កម្ពស់​សន្តិភាព​ សន្តិសុខ ​និង​ស្ថិរភាព​ នៅ​អាស៊ី​ រួមមាន​ប្រឆាំង​ភេរវកម្ម ​និង​គ្រឿងញៀន​ លុបបំបាត់​អាវុធ​ប្រល័យ​លោក​សហប្រតិបត្តិការ ​ពាណិជ្ជកម្ម ​សេដ្ឋកិច្ច ​សិទ្ធិមនុស្ស ​និង​ការពារ​បរិស្ថាន។ បង្កើត​វិធានការ​ឆ្លើយតប​ទៅ​នឹង​បញ្ហា​មនុស្សធម៌ លើកកម្ពស់​ការគោរព​គ្នា ​យោគយល់​គ្នា និង​អត់​ឱន​ឲ្យ​គ្នា​ទៅ​វិញ​ទៅមក​ក្នុង​ការ​ធ្វើ​ទំនាក់ទំនង​ក្នុង​ចំណោម​ អារ្យធម៌​ផ្សេងៗ​គ្នា និង​សម្រប​សម្រួល​ការអនុវត្ត​វិធាន​ការ​កសាង​ទំនុកចិត្ត​រវាង​រដ្ឋ​ជា​ សមាជិក។
 
រហូត​មក​ដល់​បច្ចុប្បន្ន​នេះ សន្និសីទ​អន្តរសកម្មភាព និង​វិធាន​ការ​កសាង​ទំនុកចិត្ត​អាស៊ី​មាន​ប្រទេស​ជា​សមាជិក​ពេញ​សិទ្ធ​ ចំនួន២៤ ប្រទេស​ក្នុង​ទ្វីបអាស៊ី ដែល​គ្រប់​ដណ្តប់​ជិត ៩០% នៃ​ទឹកដី​និង​ប្រជាជន​អាស៊ី ក្នុងនោះ​រួមមាន​ប្រទេស​អាហ្វហ្គានីស្ថាន អា​ស៊ែ​បៃ​ហ្ស​ង់ បា​រ៉ែ​ន ចិន អេ​ហ្ស៊ី​ប ឥណ្ឌា អ៊ីរ៉ង់ អ៊ីរ៉ាក់ អ៊ី​ស្រាល​អែល ហ្សកដានី កា​ហ្សា​ក់​ស្ថាន កៀ​ហ្សី​ស៊ី​ស្ថាន ម៉ុង​ហ្គោ​លី ប៉ា​គី​ស្ថាន ប៉ា​ឡេ​ស្ទី​ន សាធារណរដ្ឋ​កូរ៉េ រុស្ស៊ី តា​ហ្សី​គី​ស្ថាន តួ​ក​គី អេ​មី​រ៉ាត់​អារ៉ាប់​រួម និង​ប្រទេស​អ៊ុយ​បេ​គី​ស្ថាន ជាមួយគ្នានេះ​ប្រទេស​ចំនួន៣ ស្ថិត​ក្នុង​ប្រទេស​ជា​សមាជិក​អាស៊ាន រួមមាន កម្ពុជា ថៃ និង​វៀតណាម ក៏បាន​ចូល​ជា​សមាជិក​ពេញ​សិទ្ធ​របស់​អង្គ​សន្និសីទ​នោះ​ផងដែរ ដោយ​កម្ពុជា​ន​បាន​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ របស់ CICA នៅ​ថ្ងៃទី១ ខែមីនា​ឆ្នាំ ២០១១។ ដោយឡែក​ប្រទេស​ចំនួន៩ ផ្សេងទៀត​បានក្លាយ​ជា​ប្រទេស​សង្កេតការណ៍​របស់ CICA រួមមាន​ប្រទេស​បង់​ក្លា​ដែ​ស ឥណ្ឌូណេស៊ី ជប៉ុន ម៉ាឡេស៊ី ហ្វីលីពីន កាតា ស្រីលង្កា អ៊ុយ​ក្រែ​ន និង​សហរដ្ឋអាមេរិក។
 
នៅ​ក្នុង​កិច្ច​ប្រជុំ​ CICA ប្រមុខរដ្ឋ ​ប្រមុខ​រដ្ឋាភិបាល និង​គណៈប្រតិភូ នៃ​ប្រទេស CICA រួម ទាំង​អ្នកសង្កេតការណ៍ និង​តំណាងអង្គការ​ជា​ដៃគូ​បាន​ចេញ​នូវ​សេចក្តីថ្លែងការណ៍​ទីក្រុង​សៀង​ហៃ ដែល​ផ្តោតទៅលើ​ការ​កសាង​នូវ​ជំនឿទុកចិត្ត និង​ការ​ពង្រឹង​និង​ពង្រីក​នូវ​កិច្ច​សហ​ប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ ជាពិសេស​លើ​វិស័យ​នយោបាយ សន្តិសុខ សេដ្ឋកិច្ច និង​ទំនាក់​ទំនង​រវាង​ប្រជាជន​និង​ប្រជាជន។
 

ជាមួយ​គ្នានេះ​បណ្តា​មេដឹកនាំ​ក៏បាន​ ធ្វើការ​ពិភាក្សា​គ្នា និង​ធ្វើការ​ដោះស្រាយ​រួមគ្នា​លើ​បញ្ហាប្រឈម​មួយចំនួន ដែល​កំពុង​កើតមានឡើង​នៅក្នុង​ទ្វីបអាស៊ី ដូចជា​បញ្ហា​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​អំពើភេ​វក​ម្ម ឧក្រិដ្ឋកម្ម ឆ្លងដែន និង​បញ្ហា​ប្រឈម​ដទៃទៀត ដែល​ទាក់ទិន​ទៅនឹង​សេដ្ឋកិច្ច បរិស្ថាន និង​ការបម្រែ​បម្រួល​អាកាសធាតុ ដែល​ធ្វើ​យ៉ាង​ណា​កុំ​មាន​នូវ​បដិវត្តន៍​ពណ៌​សម្បុរ ក្នុង​ចំណោម​បណ្តា​ប្រទេសក្នុង​ទ្វីបអាស៊ី រួមទាំង​ការពង្រឹង​នូវ​ការគោរព​ច្បាប់​អន្តរជាតិ ការ​គោរព​អធិបតេយ្យភាព និង​បូរណភាពទឹកដី ពិសេស​សំដៅ​ធ្វើ​យ៉ាង​ណា​ជំរុញ​ការ​តភ្ជាប់​ក្នុងចំណោម​ប្រទេស​ទាំងអស់​ ក្នុងទ្វីបអាស៊ី។ ​​មេដឹកនាំបណ្តា​ប្រ​ទេស​ដែល​ចូល​រួម​ក្នុង​សន្និ​សីទ ​ក៏បាន​ឯក​ភាពគ្នា​ធ្វើ​យ៉ាងណា​ឲ្យ CICA មានតួនាទី​ស្នូល​ក្នុង​ការពង្រឹង​សន្តិសុខ​ដោយ​ពេញលេញ សន្តិសុខ​ដោយ​ការសហការ​គ្នា និង​សន្តិសុខ​តាមរយៈ​ការកសាង​ជំនឿ​គ្នា​ទៅវិញ ទៅមក​ក៏ដូចជា​ការយល់​គ្នា​ទៅវិញទៅមក​ផងដែរ៕

សម្តេច​​អគ្គ​​មហា​សេនា​បតី​​តេជោ ហ៊ុន សែន ​នាំ​​យក​​ជំនួយ​ និង​កម្ចី ៩០០​លាន​យ័ន​​ពី​​ប្រទេស​​ចិន ដើម្បី​​អភិវឌ្ឍន៍​កម្ពុជា

សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​បាន និង​ប្រតិភូជាន់​ខ្ពស់នៃ​រាជរដ្ឋាភិបាល​បានធ្វើមាតុភូមិនិវត្តមក​កាន់​ ព្រះរាជាណា​ចក្រ​កម្ពុជា​វិញ​ហើយ នៅ​វេលា​ម៉ោង១ និង​៣០នាទី រសៀលថ្ងៃទី២៥ខែឧសភា ឆ្នាំ​២០១៤ ដោយ​នាំ​មក​នូវ​ថវិកា​ដែល​ជា​ជំនួយឥត​សំណងចំនួន  ៧០០​លាន​យ័ន និងកំចី​ឥត​ការ​ប្រាក់ ២០០លាន​យ័ន បន្ថែម​ទៀត ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ដើម្បី​រួម​ចំណែក​ដល់ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​ប្រទេស​កម្ពុជា។
 
តាម​ការអញ្ជើញ​របស់​ឯកឧត្តម ​ស៊ី ជីន​ពីង​ (XI Jinping) ប្រធានា​ធិបតី​នៃ​សា​ធារ​ណ​រដ្ឋ​ប្រជាមា​និត​ចិន សម្តេច​អគ្គ​មហាសេនា​បតីតេជោ​ ហ៊ុន សែន អម​ដោយ​ដោយ​សម្តេច​កិត្តិ​បណ្ឌិតព្រឹទ្ធ​បណ្ឌិត​ កាល​ពី​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤កន្លង​ទៅនេះ​ បាន​ដឹកនាំ​ប្រតិភូ​ជាន់​ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ ទៅចូល​រួមកិច្ច​ប្រជុំ​កំពូល​លើក​ទី៤ ​នៃ​សន្និសីទ​អន្តរ​សកម្ម​​ភាព ​និង​វិធាន​ការ​កសាង​ទំនុក​ចិត្ត​នៅ​អាស៊ី​ ​ក៏ដូចជាបន្ត​ទស្សនកិច្ចការងារ​នៅ​បណ្តា​​ខេត្ត​ និង​ជួប​ជាមួយ​បណ្តា​ក្រុមហ៊ុន​នានា​មួយ​ចំនួន​ទៀត​នៅទី​ក្រុងសៀងហៃ ​នៃ​សាធា​រណរដ្ឋ​ប្រជាមានិត​ចិន​។
 
តាម​រយៈទូរទស្សន៍​ជាតិ​កម្ពុជា​បាន​ឲ្យ​ដឹង ​ថា ក្នុងជំនួប​ពិភាក្សា​ទ្វេភាគី​នៅ​ឯ​ផ្ទះ​ភ្ញៀវ​រដ្ឋ​ក្នុង​ទីក្រុង​សៀង​ហៃ ឯកឧត្តម ស៊ី ជិន​ពីង ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជា មានិត​ចិន​បាន​មាន​ប្រសាសន៍​ថា “ចិន​ចង់​ឃើញ​ប្រទេស​កម្ពុជា​មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ”។ តាមរយៈ​នេះ​ឯកឧត្តម​ប្រធានាធិបតី​ចិន បាន​ផ្តល់នូវ​ជំនួយ​ឥត​សំណង់​ចំនួន ៧០០លាន​យ័ន និង​កម្ចី​ឥត​ការប្រាក់​ចំនួន ២០០លាន​យ័ន ​ដល់​ប្រទេស​កម្ពុជា ​ដើម្បី​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និង​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន និង​រឹងមាំ​ទ្វេ​ឡើង​ថែមទៀត។
 
ឯកឧត្តម​ប្រធានាធិបតី​ក៏បាន​សន្យា និង​ទទួល​ស្វាគមន៍​ជានិច្ច​ចំពោះ​វត្តមាន​របស់​សម្តេច​តេ​ជោ​ នាយករដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​កម្ពុជា ពិសេស​ស្រទាប់​យុវជន​កម្ពុជា​ក្នុងការ​មក​ទស្សន​កិច្ច​នៅក្នុង​ប្រទេស​ចិន សំដៅ​ធ្វើយ៉ាងណា​ឲ្យ​ទំនាក់ទំនង និង​កិច្ច​សហ​ប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​ចិន​ឈាន​ដល់​ចំណុច ​កំពូល​ថ្មី​ថែម​ទៀត។
 
សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​ នូវ​អំណរគុណ យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ចិន ដែល​តែងតែ​គាំទ្រ​ឥត​សំចៃ​ដល់​ការស្តារ និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ឡើង​វិញ​នោះ។ សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា ពិសេស​កំណើនសេដ្ឋកិច្ច​របស់កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ គឺ​មិនអាច​កាត់ផ្តាច់​ចេញ​ពី​ការចូលរួម​វិភាគទាន​យ៉ាង​ធំធេង​ របស់ថ្នាក់ដឹកនាំ និង​ប្រជាជន​ចិន​ក្នុងការ​ផ្តល់នូវ​ជំនួយឥត​សំណង​ជំនួយ​គ្មាន​ការប្រាក់​ដល់ ​ការស្តារ និង​កសាង​សេដ្ឋកិច្ច​របស់​កម្ពុជា​ឡើងវិញបាន​ឡើយ។
 
ដោយ​សារ​តែ​ប្រទេស​កម្ពុជា​នឹង​ធ្វើជា​ ម្ចាស់ផ្ទះ នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ក្នុង​ឆ្នាំ២០២៣ ខាង​មុខ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​បានស្នើ​ដល់​ឯកឧត្តម ស៊ី ជិន​ពីង បន្ត​ជួយ​ផ្តល់នូវ​ជំនួយ​ឥត​សំណង និង​កម្ចី​ឥត​ការប្រាក់​ដល់​កម្ពុជា ដើម្បី​កសាង​ពហុកីឡាដ្ឋាន និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដទៃទៀត ដែល​បម្រើ​ឲ្យ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ប្រទេសកម្ពុជា​ឲ្យ​កាន់តែ​ រីកចម្រើន​ទ្វេ​ឡើង​ថែមទៀត​នោះ ព្រោះ​ការ​កសាង​នូវ​ទីលានកីឡា​នោះ គឺ​ពិត ជា​មាន​សារសំខាន់​ខ្លាំងណាស់ ក្នុងការ​ជំរុញ​លើកកម្ពស់​ដល់​យុវជន​កម្ពុជា​ជំនាន់​ក្រោយ។
 
ឯកឧត្តម​ប្រធានាធិបតី​ចិន បាន​ទទួលយក​សំណើ​ដ៏​មាន​សារសំខាន់នោះ តាមរយៈ​ការបង្កើត​នូវ​ការ​ក្រុមការងារ​វាយតម្លៃ​នៃ​គម្រោង​នេះ។ ឯកឧត្តម​ប្រធានាធិបតីមានប្រសាសន៍​សង្កត់ធ្ងន់​ថា ចិន​នឹង​បន្ត​ខិតខំ​ជួយ​ដល់​កម្ពុជា​ជា​បន្ថែម​ទៅទៀត តាមរយៈ​ការជួយ​ទិញ​កសិផល​កសិកម្ម​ពី​កម្ពុជា និង​ការជំរុញ​ភ្ញៀវទេសចរ​ចិន​ទៅ​ទស្សនា​ប្រទេស​កម្ពុជា ឲ្យ​កាន់​តែ​មាន​ចំនួន​ច្រើនឡើង។
 
ឯកឧត្តម​ប្រធានាធិបតី​សាធារណរដ្ឋ​ ប្រជាមានិត​ចិន​មានប្រសាសន៍​ ចូលរួម​នូវ​ការអបអរសាទរ​ចំពោះ​ជោគជ័យ​នៃ​ការបោះ​ឆ្នោត​សកល កាលពី​ខែកក្កដា​ឆ្នាំ២០១៣ ដែល​គណបក្ស​​ប្រជាជន​កម្ពុជា​ទទួលបាន​ជោគជ័យ​ដ៏​ត្រចះត្រចង់​បំផុត និង​បន្ត​ជោគជ័យ​នៅក្នុង​ការបោះ​ឆ្នោត​ក្រម​ប្រឹក្សា​រាជធានី ស្រុក ខណ្ឌ ខេត្ត នៅ​ថ្ងៃអាទិត្យ​ទី ១៨ ឧសភា​នេះ​ផងដែរ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​ថ្លែង​នូវ​អំណរគុណ និង​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​នូវ​ការសាកសួរ​សុខទុក្ខ​ពី​ព្រះករុណា​ ព្រះមហាក្សត្រ​ជា ទី​​​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ជូន​ឯកឧត្តម​ប្រធានាធិបតី ថ្នាក់ដឹកនាំ និង​ប្រជាជន​ចិន​ទាំងមូល​ផងដែរ។ ប្រមុខ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​ក៏បាន​ពិភាក្សា​គ្នា​ផង​ដែរ​ ជុំវិញបញ្ហា​តំបន់ និង​អន្តរជាតិ ដែល​ភាគី​ទាំងពីរ​មានការ​យកចិត្តទុកដាក់​ដូចគ្នា​នោះ។
 
ទូរទស្សន៍​ជាតិ​កម្ពុជា​ផ្សាយ​ឲ្យ​ដឹង​ថា ថ្នាក់ដឹកនាំ​កំពូល​កម្ពុជា​-​ចិន ​បាន​សម្តែង​នូវ​ការប្តេជ្ញាចិត្ត​រួមគ្នា​ក្នុង​ការ​ពង្រឹង​ និង​ពង្រីក​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ នៃ​ប្រទេស​ទាំងពីរ​ឲ្យ កាន់​តែ​រឹងមាំ​ថែមទៀត ពោល​គឺ​បន្ទាប់ពី​ប្រមុខ​ថ្នាក់ដឹកនាំ នៃ​ប្រទេស​ទាំងពីរ​បាន​ប្រកាស​ដាក់ចេញ​នូវ​ការអនុវត្ត​យុទ្ធសាស្ត្រ​គ្រប់​ ជ្រុងជ្រោយ​សម្រាប់​ប្រទេស​ទាំងពីរ​រួចមក​នោះ។
 
សូម​បញ្ជាក់​ផង​ដែរ​ថា ក្នុងឱកាសស្នាក់​នៅ​ក្នុង​ទីក្រុងសៀងហៃ សម្តេចតេជោ​និងសម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ក៏បាន​អញ្ជើញ​​ទស្សន​កិច្ច​​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​រចនា​យន្ត​ហោះ នៅ​ទីក្រុង​សៀង​ហៃ ​និង​បាន​ជួប​ជា​មួយ​ប្រធាន​ក្រុម​ហ៊ុន​ឆាយ​ណា ​ហ៊ួណាន ​គ្រុប ​ដែល​កំពុង​វិនិយោគ​លើ​គម្រោង​កសាង​វារី​អគ្គិ​សនី ​សេសាន​ពីរ​, ​ជួប​ជា​មួយ​លេ​ខាធិការ​នៃ​គណៈ​កម្មាធិការ​ច្បាប់ ​និង​នយោបាយ​នៃ​មជ្ឈិម​បក្សកុម្មុយ​នីសចិន​,អញ្ជើញ​ទស្សនា​បទ​បង្ហាញ​ ស្តីពី បទពិសោធន៍របស់ប្រទេសចិន ក្នុង​ការកែទម្រង់ និង​វិមជ្ឈ​ការដែល​​ឧទ្ទេសនាមដោយអនុរដ្ឋមន្រ្តី គណៈ​ទាក់​ទងអន្តរជាតិ នៃ​គណៈ​កម្មាធិការកណ្តាលបក្ស​កុម្មុយនីស្តចិន និងថ្នាក់ដឹកនាំ​ចិន​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃ​ទៀត។
 

នៅ​ព្រឹក​ថ្ងៃ​ទី២២ ខែឧសភា ឆ្នាំ​២០១៤ សម្តេច​តេជោ និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងគណៈ​ប្រតិភូ​បាន​អញ្ជើញ​ចាកចេញ​ពីទីក្រុង​សៀង​ហៃ ក្នុងដំណើរ​បន្ត​ទៅបំពេញ​ទស្សនកិច្ច​ការងារ​នៅ​ក្រុងហាំងចូវ ខេត្ត​ចឺជាំង និង​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោកអនុ​ប្រធាន​គណៈ​កម្មា​ធិ​ការ​មជ្ឈឹម​បក្ស ​កុំម្មុយនីស្ត​ចិន ខេត្ត​ចឺជាំង​ និង​ថ្នាក់ដឹកនាំ​ដទៃទៀត៕.