Saturday, June 7, 2014

ពិធី​បិទ ​កិច្ច​ប្រជុំ​បច្ចេក​ទេស​លើកទី​២៣ របស់​គណៈ​កម្មា​ធិការ​អន្ដរជាតិ​សម្រប​សម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍ តំបន់​ប្រវត្ដិ​សាស្ដ្រអង្គរ ICC Angkor




ក្រុម​ប្រឹក្សា​​ខេត្ត​តាកែវ​​អាណត្តិ​ទី២ ចំនួន ១៩រូប​ត្រូវ​​បាន​​ធ្វើ​ពិធី​​ប្រកាស​​ចូល​​កាន់​​តំណែង

ក្រុមប្រឹក្សាខេត្តតាកែវ ចំនួន១៩រូប ក្នុងនោះ​គណបក្សប្រជាជន​កម្ពុជា ចំនួន​១៥រូប និង​គណ​បក្សសង្គ្រោះជាតិចំនួន​០៤រូប ត្រូវបានធ្វើពិធីប្រកាស​ចូលកាន់​​តំណែង សម្រាប់​​អាណត្តិទី២ ដែល​ប្រព្រឹត្តិ​ទៅ​នៅថ្ងៃទី​០៧ ខែ​មិថុនា ឆ្នាំ២០១៤ ក្នុង​ទីរួម​ខេត្ត​តាកែវ​ ក្រោម​អធិប​តី​ភាព​ដ៍ខ្ពង់​ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនា​យករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋ​មន្រ្តី និងជាប្រធានក្រុម​ការ​ងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ត​តាកែវ។

អញ្ជើញចូលរួម​ក្នុងពិធីនោះផង​ដែរ​រួម​មាន សមាជិក​រាជរដ្ឋាភិបាល តំណាង​ក្រសួង​មហា​ផ្ទៃ​ ​តំណាង​មន្ទីរ​នានា អាជ្ញាធរដែនដី តំណាង​គណបក្ស​ប្រជាជនកម្ពុជា​ គណបក្សសង្គ្រោះ​ជាតិ អង្គការ​សង្គម​ស៊ីវិល និងស្ថាប័ននានា នៅជុំវិញ ខេត្តតា​កែវ​ប្រមាណ ​២៩៥នាក់។ ​

យោងតាមរបាយការណ៍របស់ឯកឧត្តម ឡាយ វណ្ណៈ អភិបាល នៃគណៈ​អភិបាល​ខេត្តតា​កែវ​បានឲ្យដឹងថា លទ្ធផលនៃ​ការបោះឆ្នោតក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក កាលពីថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១៤ កន្លងមកនេះ ខេត្តតាកែវ មានបីគណបក្សនយោបាយ​បាន​ដាក់​បញ្ចី​បេក្ខជន​​ឈរឈ្មោះ បោះឆ្នោត ក្នុងនោះមានគណបក្សប្រជាជន គណបក្សសង្គ្រោះជាតិ​ និង​គណបក្ស​សាធា​រណរដ្ឋប្រជា​ធិប្បតេយ្យ។
ជាលទ្ធផល គណបក្សនយោបាយដែល​ទទួល​បាន​​សម្លេង​គាំទ្រមានចំនួនពីរគណបក្សនយោបាយ​ គឺ​គណបក្សប្រ​ជាជនកម្ពុជា​ សម្លេងគាំទ្រ​សម្រាប់​​​ក្រុមប្រឹក្សា ក្រុង ស្រុក មានចំនួន ៥៦២សម្លេង ទទួលបាន​១៣៤ អាសនៈ និង​ក្រុម​ប្រឹក្សា ខេត្ត​សម្លេង​គាំទ្រមានចំនួន៥៥៩ សម្លេង ទទួលបាន ១៥ អាសនៈ និង​គណ​បក្ស​សង្គ្រោះ​ជាតិ​ សម្លេង​គាំទ្រ​សម្រាប់​ក្រុមប្រឹក្សា ក្រុង ស្រុក មានចំនួន១៧៣សម្លេង  ទទួលបាន​៣៨ អាសនៈ និង​ក្រុមប្រឹក្សា ខេត្ត សម្លេងគាំទ្រ ១៧៦សម្លេង ទទួលបាន៤ អាសនៈ។

ឯកឧត្តមបណ្ឌិសភា​ចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី​ និងជាប្រធានក្រុម​ការងារ​ថ្នាក់​ជាតិចុះជួយខេត្តតាកែវ​បាន​មាន​ប្រសាសន៍ថា ក្រុមប្រឹក្សា​ខេត្ត ដែល​បាន​ចូល​កាន់​តំណែង​ទាំង​១៩​រូប ​គឺជាតំណាង​ប្រជាពលរដ្ឋ​ក្នុងខេត្ត​តាកែវ​ទាំង​មូល ដែលមានភារកិច្ច​ត្រូវ​បំរើ​ប្រជាពល​រដ្ឋ​ដោយ​ស្មើភាព​ និងបំពេញ​ការងាររបស់ខ្លួន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ដើម្បី​ឆ្លើយ​តប​ទៅនឹង​តម្រូវ​ការជាក់​ស្តែង ក្នុង​ការ​អភិវឌ្ឍន៍​មូលដ្ឋាន​ខេត្ត ក្រុង ស្រុក ខ័ណ្ឌ ដោយ​មិន​ត្រូវ​ប្រកាន់​និន្នា​ការ​នយោបាយ​នោះឡើយ។

ឯកឧត្តម បានមាន​ប្រសាសន៍​បន្តថា ការបោះឆ្នោត​ក្រុមប្រឹក្សាកន្លងមកនេះ​ក៍ត្រូវបាន​មជ្ឈដ្ឋាន​ជាតិ និងអន្តរ​ជាតិ​ ​ទទួលស្គាល់​ និងវាយតម្លៃខ្ពស់​ថាបាន​ប្រព្រឹត្តិទៅ​ដោយ​សេរី ​ត្រឹមត្រូវ យុត្តិធម៌ និង​គ្មានអំពើហិង្សា ហើយ​លទ្ធផល​នៃការបោះឆ្នោត​ត្រូវបានទទួលស្គាល់ពីគណបក្ស​នយោបាយ​ប្រគួតប្រជែង។

ឯកឧត្តម​ក៏​បានបញ្ជាក់​ផងដែរថា កម្ពុជា​កំពុងតែពង្រឹង​ និងលើកកំពស់នីតិរដ្ឋ​ ដូច្នេះ​បុគ្គល​គ្រប់​រូប ទាំងថ្នាក់ដឹក​នាំ និងប្រជាពលរដ្ឋ​ត្រូវ​តែគោរព​ច្បាប់ និងអនុវត្ត​ច្បាប់​ឲ្យបានត្រឹម​ត្រូវ​។ ជា​មួយ​គ្នា​នេះ​ ​ដើម្បីពង្រឹងអភិ​បាល​កិច្ច​ល្អ ឯកឧត្តម​​បាន​ជម្រុញឲ្យក្រុមប្រឹក្សា​​គ្រប់​លំដាប់​ថ្នាក់ ដែលជារដ្ឋបាល​ថ្នាក់​ក្រោមជាតិ​ ត្រូវ​ខិតខំ​យកចិត្តទុកដាក់​ ក្នុងការផ្តល់​សេវា​សង្គម កសាង​ហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយ​សមធម៌​ តម្លាភាព និងគណនេយ្យភាព តាមរយៈ​ការគ្រប់គ្រង​អំណាច​វិមជ្ឈកា និងវិសហមជ្ឈការ។

ជាចុងបញ្ចប់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី ក៏បាន​ធ្វើ​ការ​ផ្តាំ​ផ្ញើ​ដល់​ក្រុមប្រឹក្សា​ខេត្តដែលបានជាប់ឆ្នោត​ក្នុងអាណត្តិទី២ ទាំងអស់​ត្រូវខិត​ខំស្រាវ​ជ្រាវ និង​សិក្សាឲ្យបាន​ស៊ីជម្រៅនូ​វ​ការ​ថ្នាំងថ្នាក់ តម្រូវការ និង​បញ្ហា​​ប្រឈម​​នានា របស់​ប្រជា​​ពលរដ្ឋ ដើម្បី​មាន​វិធាន​ការដោះ​ស្រាយ​ឲ្យបាន​សម​ស្រប និងទាន់ពេលវេលា។ ជា​ពិសេស​ត្រូវ​​បន្ត​ខិត​ខំ​លើក​កម្ពស់​ការ​ទទួល​ខុស​ត្រូវ​ក្នុង​​កា​រ​​ផ្តល់​​សេវា​រដ្ឋបាល​ជូន​​ប្រជា​ពល​រដ្ឋ ​ឲ្យ​បាន​ត្រឹម​ត្រូវ ​ទាន់​ពេល​វេលា​​ស្រប​តាម​ការ​កំណត់ និង​ត្រូវ​ផ្សព្វ​ផ្សាយ ឲ្យ​បាន​ទូលំ​ទូលា​យ​នូវ​តារាង​តម្លៃ​សេវា និង​រយៈ​ពេល​នៃ​ការ​ផ្តល់​សេវា​រដ្ឋបាល ដែល​ផ្តល់​ដោយ​រដ្ឋបាល​ថ្នាក់ ក្រោម​ជាតិ​ជូន​សាធារ​ណជន​ជាប់​ជា​ប្រចាំ និង​លើកកម្ពស់​ការ​ចូល​រួម​ក្នុង​​ការ​លុប​បំបាត់ការទារកម្រៃសេវាក្រៅ ពីការកំណត់។

មតិសំ​ណេះ​សំណាល ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ក្នុងពិធី «ប្រកាស​ចូល​កាន់​តំណែង​ក្រុម​ប្រឹក្សា​ខេត្ត​តាកែវ ​អាណត្តិទី២»

តាកែវ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៤

-      ឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា រាជរដ្ឋាភិបាល
-      ឯកឧត្តម លោកជំទាវ ប្រធាន សមាជិក ក្រុមប្រឹក្សាខេត្ត
-      ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី

ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយចូលរួម​ជាមួយ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាតាកែវ អាណត្តិទី​២ ដ៏មានសារៈសំខាន់ នាពេលនេះ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សា ខេត្តតាកែវ​​  ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ផ្តល់សេចក្តីទុកចិត្ត បោះឆ្នោតជ្រើសរើសជាសមាជិក ក្រុមប្រឹក្សាខេត្តតាកែវ អាណត្តិទី២ ដើម្បីបន្តដឹកនាំខេត្តតាកែវ​ឲ្យ​បន្តអភិវឌ្ឍន៍ រីកចម្រើន លើគ្រប់វិស័យបន្ថែមទៀត។ ក្នុងនាមជាសមាជិកក្រុមប្រឹក្សា​ដែល​ជាប់​ឆ្នោត ឯកឧត្តម លោកជំទាវ ទោះជា មានសមាសភាពមកពីគណបក្សនយោបាយផ្សេងៗគ្នាក៏ពិតមែន ប៉ុន្តែតាមគោលការណ៍ច្បាប់ក្រុមប្រឹក្សាគឺ ជាតំណាងឲ្យប្រជាពលរដ្ឋក្នុងខេត្តតាកែវ​ទាំងមូល។ ហេតុនេះ ក្នុងការអនុវត្តការងារ ឯកឧត្តម លោកជំទាវ​ជាសមាជិកក្រុមប្រឹក្សាត្រូវខិតខំបម្រើ​ផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ ដោយស្មើភាព ដោយមិនត្រូវប្រកាន់​និន្នាការ​នយោបាយនោះឡើយ។

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី!
ផ្អែកតាមរបាយការណ៍របស់ឯកឧត្តមអភិបាលខេត្តតាកែវ បានបង្ហាញឲ្យឃើញថា ក្រុមប្រឹក្សា​​អាណត្តិទី១ គណៈអភិបាល មន្រ្តីរាជការ​គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ ទូទាំងខេត្តតាកែវ បានរួមសាមគ្គី​សហការគ្នាយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍខេត្តតាកែវ​ឲ្យ​មាន​ការរីកចម្រើនលើ​គ្រប់វិស័យ  រួមមានការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម​នៅ​មូលដ្ឋាន ការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិនានា ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក៏ដូចសន្តិសុខសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី​ ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី២ ឲ្យប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព និង​មានលក្ខណៈ​សេរី ​ត្រឹមត្រូវ និងយុត្តិធម៌ ។

សមិទ្ធផល​ និងស្នាដៃដែលខេត្តតាកែវ​ សម្រេចបាននាពេលកន្លងមក ពិតជាបាន រួមចំណែក​យ៉ាងសំខាន់ក្នុងការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម ជាហេតុធ្វើឲ្យកម្ពុជាយើង កាន់តែទទួលបានការគាំទ្រពីសំណាក់មជ្ឈដ្ឋានជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ ក៏ដូចជាអ្នកវិនិយោគ​នានា ដែលជាមូលដ្ឋានធ្វើឲ្យប្រជាជាតិ និងប្រជាជនយើងបោះជំហានទៅមុខជាបន្តទៀត។

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី!
ឆ្លៀតយកឱកាសដ៏ថ្លៃថ្លានេះ ខ្ញុំសូមធ្វើការគូសបញ្ជាក់អំពីសមិទ្ធផលសំខាន់ៗដែលប្រជាជាតិ និង ប្រជាជនយើងសម្រេចបានកន្លងមក មានជាអាទិ៍៖

I.អំពីការបោះឆ្នោត
ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសរហូតមកទល់បច្ចុប្បន្ន  ប្រទេស​យើង​បាន​ឆ្លងកាត់ ការបោះឆ្នោត​តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស​នៅថ្នាក់ជាតិ និងថ្នាក់​ក្រោម​ជាតិទាំងសកល និងអសកលយ៉ាងទៀងទាត់ចំនួន១២លើក​រួចមកហើយ។  ពីការបោះឆ្នោត​មួយ​ទៅ​កាន់​ការបោះឆ្នោតមួយ មជ្ឈដ្ឋានជាតិ និងអន្តរជាតិបានវាយតម្លៃថា ដំណើរការនៃការ​បោះ​ឆ្នោត​​​នៅកម្ពុជាកាន់តែមានភាពរីកចម្រើន ជាបន្តបន្ទាប់។

ដោយឡែក ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក​ ខណ្ឌអាណត្តិទី២ កាលពី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤កន្លងមក ក៏ត្រូវបានវាយតម្លៃថាមាន​លក្ខណៈ​សេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហិង្សា ហើយលទ្ធផលនៃការបោះឆ្នោតនេះក៏ត្រូវបាន​ទទួលស្គាល់ពី​គណបក្ស​នយោបាយ​នានា​ ដែលបានចូលរួមក្នុងការបោះឆ្នោតនេះផងដែរ។ 

ផ្អែកតាមលទ្ធផលផ្លូវការ ដែលបានប្រកាសដោយគណៈកម្មាធិការជាតិរៀបចំ​ការបោះឆ្នោត ចំនួនក្រុម ប្រឹក្សារាជធានី ខេត្ត ក្រុង​ ស្រុក ខណ្ឌអាណត្តិទី​២ សរុបមានចំនួន​ ៣៣២៤រូប ក្នុងនោះ​ក្រុមប្រឹក្សារាជធានី ខេត្ត មានចំនួន៣៩៣រូបនិងក្រុមប្រឹក្សា ក្រុង​ ស្រុក ខណ្ឌ មានចំនួន២៩៣១រូប ។

II.អំពីការវិវត្តនៃស្ថានភាពសេដ្ឋកិច្ចសង្គម
ក្នុងរយៈពេលជាង២ទស្យវត្សកន្លងមកនេះ កម្ពុជាបានបង្កើតឡើងនូវសមិទ្ធផលដ៏ធំធេងក្នុង​ក្របខ័ណ្ឌនៃអភិបាលកិច្ច និងជាពិសេសនៅក្នុងការជំរុញឲ្យមានការកើនឡើងជាបន្តបន្ទាប់​នូវ​កំណើន​សេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចជាមធ្យមប្រមាណ៧% ក្នុងមួយឆ្នាំៗក្នុងរយៈពេលជាងមួយទស្សវត្សរ៍ចុងក្រោយនេះ ដែលជាហេតុធ្វើឲ្យប្រាក់ចំណូលរបស់​ប្រជាពលរដ្ឋម្នាក់ៗបានកើនឡើងជាលំដាប់។

ផ្អែកតាមរបាយការណ៍អង្កេតភាពក្រីក្រ បានរកឃើញថាក្នុងឆ្នាំ២០១២ អត្រានៃភាពក្រីក្រ​របស់ប្រជាពលរដ្ឋក៏បានថយចុះមកត្រឹមកម្រិត ១៨,៦%។ លើមូលដ្ឋាននេះ អង្គការសហប្រជាជាតិ​បាន​វាយតម្លៃថា កម្ពុជានឹងសម្រេចបាននូវគោលដៅ​ទីមួយនៃការអភិវឌ្ឍសហសវត្ស ដែលពាក់ព័ន្ធ​នឹង​អត្រាកាត់បន្ថយភាពក្រីក្រ ត្រឹមឆ្នាំ២០១៥។

ជាមួយគ្នានេះដែរ យើងបាននឹងកំពុងខិតខំបន្តដោះស្រាយនូវក្តីកង្វល់​ដែលពាក់ព័ន្ធ​នឹង​ការធានាឲ្យមានសមធម៌នៅក្នុងការបែងចែកនូវផលប្រយោជន៍ដល់ប្រជាពលរដ្ឋជាទូទៅ ដោយ​បាន​ខិតខំធ្វើឲ្យវិស័យនានា ផ្នែកសង្គមកិច្ចមានការរីកចម្រើនគួរឲ្យកត់សម្គាល់។​ អត្រា​​មរណភាព​នៃ​ការផ្តល់កំណើតក្នុងចំណោមទារក ១០០.០០០នាក់ បានថយចុះពីចំនួន ៤៧២នាក់ នាឆ្នាំ២០០៥ មកចំនួន ២០៦នាក់ នៅក្នុងឆ្នាំ២០១០។ ការចុះឈ្មោះចូលរៀនរបស់កុមារនៅថ្នាក់បឋមសិក្សា​បាន​កើន​ឡើងពីអត្រា ៨១% នៅឆ្នាំ២០០១ ដល់អត្រា ៩៤,៣% នៅឆ្នាំ២០១២។

ជារួម សមិទ្ធផលដ៏ធំធេងដែលសម្រេចបាននៅក្នុងរយៈពេលជាង ២ទស្យវត្សរ៍កន្លង​មកនេះ បានធ្វើឲ្យសង្គមជាតិមានការផ្លាស់ប្តូរពីស្ថានភាពនៃសង្រ្គាមស៊ីវិលទៅកាន់សង្គមមួយ ដែលកំពុង បោះជំហានលើ មាគ៌ានៃលទ្ធិ​ប្រជាធិបតេយ្យ និងនីតិរដ្ឋ ជាសង្គមដែលមានសន្តិភាពពេញលេញ មានការឯកភាពជាតិ ឯកភាព ទឹកដី និងមានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ។

III.អំពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ
កំណែទម្រង់តាមបែបវិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាដំណើរការ រៀបចំ ការដឹកនាំគ្រប់គ្រងរដ្ឋបាលតាមបែបប្រជាធិបតេយ្យ​ ក្នុងគោលដៅលើកកម្ពស់អភិបាលកិច្ចល្អ នៅថ្នាក់មូលដ្ឋាន​។ អភិបាលកិច្ចល្អនេះតម្រូវឲ្យក្រុមប្រឹក្សារាជធានី ​ខេត្ត កុ្រង ស្រុក ខណ្ឌ បំពេញ តួនាទីជាតំណាងឲ្យផលប្រយោជន៍ប្រជាពលរដ្ឋ​នៅមូលដ្ឋាន ប្រកបដោយការទទួល​ខុសត្រូវ​ក្នុងការ ឆ្លើយតបទៅនឹងតម្រូវការ​ និងសំណូម​​​ពរចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន​ សំដៅ​ធានាឲ្យមានភាពរីកចម្រើន​​​ជាក់ស្តែងនៅក្នុងគុណភាពនៃជីវភាពរស់នៅ តាមរយៈ​ការលើកកម្ពស់​សេវាសង្គម​​ ការកសាង​ និងពង្រឹង​​​ហេដ្ឋារចនាសម្ព័ន្ធ សាធារណៈឲ្យកាន់តែប្រសើរឡើង កាន់តែមាន​ការយកចិត្តទុកដាក់ និងកាន់​តែ​មានការឆ្លើយតប​ជាមួយនឹងការ អភិវឌ្ឍនៅមូលដ្ឋានប្រកបដោយ​សមធម៌ និងចីរភាព ដើម្បីឈាន​ទៅរកការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ យ៉ាងពិតប្រាកដ។

កិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជាកិច្ចដំណើរការកំណែទម្រង់​ដ៏​សាំញ៉ាំ និងស្មុគស្មាញដោយសារកំណែទម្រង់នេះពាក់ព័ន្ធទៅនឹងការប្តូរផ្នត់គំនិត និងបែបផែន​នៃ​ការបំពេញមុខងាររបស់ មន្រ្តីសាធារណៈនៅគ្រប់លំដាប់ថ្នាក់។ ព្រមជាមួយនេះ កំណែទម្រង់នេះ​តម្រូវ​ឲ្យ​ធ្វើការផ្ទេរសិទ្ធិអំណាច និងការទទួល​ខុសត្រូវលើមុខងារ និងធនធានសមស្របមួយចំនួនទៅ​ឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។  ទោះជាមានការលំបាកស្មុគស្មាញយ៉ាងណាក្តី ដោយសារ​ការ​ប្តេជ្ញា​ចិត្ត​​​ខាងនយោបាយដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យកិច្ចដំណើរការកំណែទម្រង់នេះ​បោះជំហាន​​​ទៅមុខជាមួយសមិទ្ធផលជាច្រើនក្នុងអាណត្តិទី១ នៃក្រុម ប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​ដែលក្នុងនោះខ្ញុំសូមកត់សម្គាល់សមិទ្ធផលសំខាន់ៗ ជាអាទិ៍៖

–យើងបានកសាងច្បាប់ និងលិខិតបទដ្ឋានជាមូលដ្ឋានសម្រាប់អនុវត្តច្បាប់រៀបចំអង្គការ និងរៀបចំកម្មវិធីជាតិរយៈពេល១០ឆ្នាំ (២០០៩–២០១៩) សម្រាប់ជាផែនទីបង្ហាញ​ផ្លូវសម្រាប់កិច្ច​ដំណើរការ​កំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ។

–រចនាសម្ព័ន្ធ និងប្រព័ន្ធអភិបាលកិច្ចនៅថ្នាក់ក្រោមជាតិ ត្រូវបានរៀបចំឡើងវិញ និងបានធ្វើសមាហរណកម្មមន្រ្តីរាជការប្រមាណជិត១០.០០០នាក់នៅក្នុងរចនាសម្ព័ន្ធថ្មីនេះ។

–រាជរដ្ឋាភិបាលបានសម្រេចបង្កើតឲ្យមានមូលនិធិក្រុង ស្រុក ដើម្បីបង្កលក្ខណសម្បត្តិឲ្យ​រដ្ឋបាលក្រុង ស្រុកមានធនធានសម្រាប់ផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន សំដៅ​ឆ្លើយ តប​​តម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋ។

ក្នុងរយៈពេល ៥ឆ្នាំកន្លងទៅនេះ ថវិកាជាតិដែលបានផ្ទេរទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ​មាន​ចំនួន​សរុប៖ ៣.៩៦៩.៤៣៦. ៨៣០.០០០រៀល​ (បីលានប្រាំបួនសែនប្រាំមួយម៉ឺនប្រាំបួនពាន់បួនរយ​សាម​សិប​ប្រាំមួយពាន់លាន ប្រាំបីសែនបីម៉ឺនរៀល) ស្មើនឹងជិត១.០០០លាន​ដុល្លារ។ ក្នុងនោះ៖

·        រាជធានីខេត្ត ៖ ២.៧៧៩.៧៥១.០៥០.០០០រៀល (ពីរលានប្រាំពីរសែនប្រាំពីរម៉ឺន​ប្រាំបួនពាន់ប្រាំពីររយហាសិបមួយពាន់លានប្រាំម៉ឺនរៀល) ស្មើនឹង ៧០០លាន​ដុល្លារ
·        ក្រុង ស្រុក ៖ ១៤៤.៦៩៧.៧៨០.០០០រៀល (មួយសែនបួនម៉ឺនបួនពាន់ប្រាំមួយ​រយកៅសិបប្រាំពីរពាន់លានប្រាំពីរសែនប្រាំបីម៉ឺនរៀល) ស្មើនឹងជាង ៣៦លាន​ដុល្លារ (គិតពីឆ្នាំ​២០១៣ ដល់ឆ្នាំ២០១៤)
·        ឃុំ សង្កាត់ ៖ ១.០៤៤.៩៨៨.០០០.០០០រៀល (មួយលានបួនម៉ឺនបួនពាន់ប្រាំបួន​រយ​បែតសិបប្រាំបីពាន់លានរៀល) ស្មើនឹងជាង២៦១លានដុល្លារ។

ទន្ទឹមនេះ រាជរដ្ឋាភិបាលបានកៀរគរថវិកាគាំទ្រពី​ដៃគូអភិវឌ្ឍន៍នានាសម្រាប់គាំទ្រ​កំណែ​ទម្រង់​​វិមជ្ឈការ និងវិសហមជ្ឈការបានចំនួនជាង ២២៥លានដុល្លារ ថែមទៀត។

–ក្រៅពីនេះ នៅមានសមិទ្ធផលសំខាន់ៗជាច្រើនទៀត ជាអាទិ៍ ការបង្កើត និងពង្រឹងប្រព័ន្ធ​គណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ការរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ ការអនុម័ត​​​នូវគោលនយោបាយគ្រប់គ្រងធនធានមនុស្សនៅថ្នាក់ក្រោមជាតិ ដើម្បីឈានទៅរៀបចំ​លក្ខន្តិកៈដោយឡែករបស់បុគ្គលិករដ្ឋបាល ថ្នាក់ក្រោមជាតិ ការបណ្តុះបណ្តាល កសាងសមត្ថភាព​ធនធានមនុស្ស ការរៀបចំបញ្ជីវិភាគមុខងារ និងការពិនិត្យ មើលឡើងវិញនូវមុខងារ និងធនធាន ព្រមទាំងការរៀបចំឡើងវិញនូវសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិជា ២ប្រភេទ គឺសមាគមជាតិ​ក្រុមប្រឹក្សារាជធានី ខេត្ត និងសមាគមជាតិក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់។

សរុបមកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌអាណត្តិទី១ បានដំណើរការស្របតាម​គោលការណ៍ នៃច្បាប់រៀបចំអង្គការដោយមិនមានក្រុមប្រឹក្សាណាមួយ ដែលអនុវត្តផ្ទុយពីរដ្ឋធម្មនុញ្ញ និង​ច្បាប់នោះឡើយ។

IV.ទិសដៅសំខាន់ៗសម្រាប់ក្រុមប្រឹក្សាអាណត្តិទី២
ផ្អែកលើសមិទ្ធផលដូចបានគូសបញ្ជាក់ជូនខាងលើ  ក្រុមប្រឹក្សា​ខេត្តតាកែវ អាណត្តិទី២ ត្រូវ​ខិតខំ​​​បន្តដឹកនាំរដ្ឋបាលរបស់ខ្លួន ឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យបន្ថែមទៀត​។  កិច្ចការដែល​ក្រុមប្រឹក្សា​​ត្រូវយកចិត្តទុកដាក់រួមមានដូចខាងក្រោម៖

ក.កិច្ចការបន្ទាន់ចាំបាច់បន្ទាប់ពីកិច្ចប្រជុំចូលកាន់តំណែងៈ  រួមមាន៖

ទីមួយ. ក្រសួងមហាផ្ទៃបានធ្វើប្រតិភូកម្មជូនប្រធានក្រុមប្រឹក្សា អភិបាលរាជធានី ខេត្ត តាមរយៈ​ប្រកាស លេខ១៦២៣ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៤ ដើម្បីធ្វើជាអធិបតីក្នុង​កិច្ចប្រជុំ​ចូល​កាន់​តំណែងក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ដែលស្ថិតក្នុងរាជធានី ខេត្តរបស់ខ្លួន។ ហេតុនេះ ប្រធាន​ក្រុមប្រឹក្សា និងអភិបាលរាជធានី ខេត្ត ត្រូវពិគ្រោះពិភាក្សាអំពីការបែងចែកភារកិច្ច ក្នុង​ការ​ចូលរួម​​ធ្វើជាអធិបតីក្នុងកិច្ចប្រជុំនេះឲ្យបានទាន់ពេលវេលា គឺកិច្ចប្រជុំចូលកាន់តំណែងត្រូវធ្វើឡើង​ក្នុងរយៈពេល​មិនឲ្យលើសពី១៤ថ្ងៃ បន្ទាប់ពីថ្ងៃដែល គ.ជ.ប ប្រកាស​លទ្ធផលជាផ្លូវការនៃ​ការ​បោះឆ្នោត (គ.ជ.ប ប្រកាសលទ្ធផលផ្លូវការនាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៤)។

ទីពីរ. យោងមាត្រា៧០នៃច្បាប់រៀបចំអង្គការបានតម្រូវឲ្យក្រុមប្រឹក្សាធ្វើការប្រជុំសាមញ្ញ​លើកទី១ មិនឲ្យហួសពី១៥ថ្ងៃ បន្ទាប់ពីកិច្ចប្រជុំចូលកាន់តំណែង។ យោងតាមប្រកាស​របស់​ក្រសួង​​មហាផ្ទៃលេខ១៦២៣ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៤ បានកំណត់ថា ក្នុងកិច្ចប្រជុំ​សាមញ្ញ​លើកទី១ ក្រុមប្រឹក្សាត្រូវធ្វើការផ្សព្វផ្សាយ និងស្តាប់របាយការណ៍លើបញ្ហា ដូចខាងក្រោម៖

–ការផ្សព្វផ្សាយអំពីសេចក្តីណែនាំលេខ០១៥ សណន របស់ក្រសួងមហាផ្ទៃ ស្តីពី​ការរៀបចំ​បទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា និងគំរូបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា។ នាយករដ្ឋបាលសាលា​ ខេត្តតាកែវ​ ត្រូវចាត់ចែងថតចម្លងឯកសារទាំងនេះ ផ្តល់ជូន​គ្រប់សមាជិកក្រុមប្រឹក្សា​ដោយភ្ជាប់​ជាមួយ​លិខិត​អញ្ជើញប្រជុំ។

–ការផ្តួចផ្តើមរៀបចំសេចក្តីព្រាងប្រតិទិននៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ​សម្រាប់​រយៈពេល​​​ដប់ពីរ (១២)ខែ ចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី២។

–ខេត្តតាកែវ​ ត្រូវរាយការណ៍អំពីលទ្ធផលការងារនៃរដ្ឋបាលរបស់ខ្លួននៅក្នុង អាណត្តិ​ដឹកនាំ​របស់ក្រុមប្រឹក្សាអាណត្តិទី១ និងការងារសេសសល់ ទិសដៅការងារ​រយៈពេល០៣ខែដែលសម្រេច ដោយក្រុមប្រឹក្សាផុតអាណត្តិ ដើម្បីក្រុមប្រឹក្សាអាណត្តិទី២ត្រូវអនុវត្តបន្ត។ និង

–បញ្ហាផ្សេងៗ។
ក្រុមប្រឹក្សាមិនត្រូវអនុម័តបញ្ហាណាមួយក្នុងកិច្ចប្រជុំសាមញ្ញលើកទី១នេះឡើយ។

ទីបី. បន្ទាប់ពីកិច្ចប្រជុំសាមញ្ញលើកទី១ ក្រុមប្រឹក្សាខេត្តតាកែវ ត្រូវរៀបចំកិច្ចប្រជុំសាមញ្ញ លើក​ទី២របស់ខ្លួន មិនឲ្យ​មុនម្ភៃប្រាំ(២៥)ថ្ងៃ ឬលើសពីសាមសិបប្រាំ(៣៥)ថ្ងៃ បន្ទាប់ពីកិច្ចប្រជុំ​សាមញ្ញលើកទី១ឡើយ។
ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២ ក្រុមប្រឹក្សាត្រូវអនុម័តឲ្យបាននូវឯកសារដូចខាងក្រោម៖

–កំណត់ហេតុកិច្ចប្រជុំលើកទី១
–ដីកាស្តីពីបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន
–ប្រតិទិននៃកិច្ចប្រជុំសាមញ្ញសម្រាប់រយៈពេលដប់ពីរ(១២)ខែ រាប់ចាប់ពីកិច្ចប្រជុំ​លើកទី​២​នេះទៅ។

ផ្អែកលើគោលការណ៍ដែលកំណត់ដោយច្បាប់រៀបចំអង្គការ និងលិខិតបទដ្ឋាននានា ក្រុមប្រឹក្សា​គួរធ្វើការកោះប្រជុំសាមញ្ញលើកទី១ ឲ្យបានឆាប់តាមដែលអាធ្វើទៅបាន ដើម្បីពន្លឿន​កិច្ចប្រជុំសាមញ្ញលើកទី២ សំដៅធ្វើការពិភាក្សា និងអនុម័តបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា មុន​នឹង​ក្រុមប្រឹក្សាធ្វើការអនុម័តកិច្ចការជាអាទិភាពនានា សម្រាប់ការចាប់ផ្តើមបំពេញការងាររបស់ខ្លួន។

ដើម្បីធានាដល់ការចាប់ផ្តើមបំពេញការងាររបស់ក្រុមប្រឹក្សាបន្ទាប់ពីការប្រកាសចូលកាន់​តំណែងអភិបាលខេត្តតាកែវ​ ត្រូវចាត់ឲ្យនាយករដ្ឋបាលដោយមានទីចាត់ការ  ឬការិយាល័យពាក់ព័ន្ធ​ជាសេនាធិការ រៀបចំកិច្ចការមួយចំនួនដូចដែលធ្លាប់បានអនុវត្តសម្រាប់ក្រុមប្រឹក្សាអាណត្តិទី១។

ទីបួន.ផ្អែកតាមច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រុមប្រឹក្សារាជធានី ខេត្តទាំងអស់ មាន​កាតព្វកិច្ច ត្រូវធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុល។ ការងារនេះកន្លងមក ក្រសួងមហាផ្ទៃ​បាន​ធ្វើការ​ណែនាំរួចមកហើយ។ ហេតុនេះ សមាជិកក្រុមប្រឹក្សាគ្រប់ៗរូបត្រូវម្ចាស់ការអនុវត្ត​ការងារនេះ​ឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលាតាមច្បាប់កំណត់។​

ខ.កិច្ចការជាអាទិភាពសម្រាប់ក្រុមប្រឹក្សាអាណត្តិទី២
ការចូលកាន់តំណែងរបស់ ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សានាឱកាសនេះ គឺ​ស្របពេល ដែលរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៥​ នៃរដ្ឋសភា កំពុងបន្តជំរុញការអនុវត្តកម្មវិធី​កំណែ​ទម្រង់​វិមជ្ឈការ និងវិសហមជ្ឈការ ឲ្យកាន់តែស៊ីជម្រៅថែមទៀត។ ដំណើរការកំណែទម្រង់នេះ​នឹងត្រូវធ្វើឡើងតាមរយៈការអនុវត្តផែនការអនុវត្ត០៣ឆ្នាំ (ផអ៣) ដំណាក់កាលទី២ នៃកម្មវិធី​ជាតិ​រយៈពេល​១០ឆ្នាំ សម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ កិច្ចការ​ជា​អាទិភាព​ក្នុងផែនការអនុវត្តរយៈពេល៣ឆ្នាំដំណាក់កាលទី២ ដែលកំពុងរៀបចំ មានជាអាទិ៍៖ ទីមួយ.ការបន្តលើកកម្ពស់ទំនាក់ទំនង និងគណនេយ្យភាពរវាងក្រុមប្រឹក្សា និងគណៈអភិបាល និង​រវាង​រដ្ឋបាល​ថ្នាក់ក្រោមជាតិជាមួយប្រជាពលរដ្ឋ សំដៅប្រែក្លាយរដ្ឋបាលថ្នាក់ក្រោមជាតិ ជាស្ថាប័ន​អភិបាលកិច្ចដែលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់​ប្រជាពលរដ្ឋ និងសង្គមនៅក្នុងមូលដ្ឋានរបស់ខ្លួន។ទីពីរ.បន្តជំរុញការផ្ទេរមុខងារ និងធនធាន​ទៅ​ឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនេះគឺជាដំណើរការស្នូល និងជាកត្តាកំណត់ជោគជ័យនៃកំណែទម្រង់​វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា។ទីបី.រាជរដ្ឋាភិបាលនឹងបន្តបង្កើន​ធនធាន​ថវិកា​របស់រដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈ ការបង្កើនការផ្ទេរធនធានពីថ្នាក់ជាតិ និងការបង្កើតឲ្យ​មាន​ប្រភព​ចំណូល​ផ្ទាល់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើរទន្ទឹមនឹងការពង្រឹងតួនាទី ការទទួលខុសត្រូវ​​​របស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រង ប្រើប្រាស់ធនធានរបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់ ប្រកបដោយតម្លាភាព និងសុចរឹតភាព។ ទីបួន.បន្តលើកកម្ពស់តម្លាភាព គណនេយ្យភាព និង​ប្រសិទ្ធភាព​របស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្តល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍន៍ មូលដ្ឋាន សំដៅឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីរួមចំណែកដល់ការ អភិវឌ្ឍសង្គមប្រកបដោយសមធម៌។ និងទីប្រាំ.បន្តលើកកម្ពស់សមត្ថភាព ធនធានមនុស្ស និង​ស្ថាប័ន​រដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅចូលរួមចំណែកអនុវត្តដោយជោគជ័យនូវគោលនយោបាយវិមជ្ឈការ និង​វិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្រៅពីកិច្ចការខាងលើនេះ ក្នុងនាមជាតំណាងរបស់រាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ន​នានា​របស់រាជរដ្ឋាភិបាល  ក្រុមប្រឹក្សា និងគណៈអភិបាលត្រូវបន្តយកចិត្តទុកដាក់​អនុវត្ត​ការងារ​ឲ្យ​បាន​ស្រប​តាមច្បាប់ និងលិខិតបទដ្ឋានជាធរមាន ក្នុងនោះកិច្ចការជាអាទិភាពដែលត្រូវបន្តយកចិត្តទុកដាក់ រួមមាន៖

១.អំពីការផ្តល់សេវាសាធារណៈ

–ក្រុមប្រឹក្សា គណៈអភិបាល កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃ​​ខេត្ត​តាកែវ​ ត្រូវបន្តយកចិត្តទុកដាក់ទៅតាមសមត្ថកិច្ចជំនាញរៀងៗខ្លួន ដើម្បីលើកកម្ពស់​ប្រសិទ្ធភាព​នៃការផ្តល់សេវា សាធារណៈ និងកិច្ចអភិវឌ្ឍន៍មូលដ្ឋាន លើមូលដ្ឋាននៃការចូលរួម តម្លាភាព និង​គណនេយ្យភាព​នៅតាម មូលដ្ឋាននីមួយៗ។
–ត្រូវខិតខំស្រាវជ្រាវ និងសិក្សាឲ្យបានស៊ីជម្រៅនូវការថ្នាំងថ្នាក់ តម្រូវការ និងបញ្ហា​ប្រឈម​នានា របស់ប្រជាពលរដ្ឋ ដើម្បីមានវិធានការដោះស្រាយឲ្យបានសមស្រប និងទាន់ពេលវេលា។
–ត្រូវបន្តខិតខំលើកកម្ពស់ការទទួលខុសត្រូវក្នុងការ​ផ្តល់សេវារដ្ឋបាលជូន​ប្រជាពលរដ្ឋ​ឲ្យ​បានត្រឹមត្រូវទាន់ពេលវេលាស្របតាមការកំណត់។ សាលារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ត្រូវផ្សព្វផ្សាយ ឲ្យបានទូលំទូលាយនូវតារាងតម្លៃសេវា និងរយៈពេលនៃការផ្តល់សេវារដ្ឋបាល ដែលផ្តល់ដោយរដ្ឋបាលថ្នាក់ ក្រោមជាតិជូនសាធារណជនជាប់ជាប្រចាំ និងលើកកម្ពស់ការចូលរួម​ក្នុង​ការលុបបំបាត់ការទារកម្រៃសេវាក្រៅ ពីការកំណត់។

២.ការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា
បញ្ហាជាអាទិភាពគឺ៖

–ការបង្រ្កាបបទល្មើសព្រៃឈើ ជលផល និងការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ការពារ​ធម្មជាតិ​នានា ដោយប្រើប្រាស់យន្តការគណៈបញ្ជាការឯកភាពរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តាមអនុក្រឹត្យថ្មី និងគោលការណ៍របស់រាជរដ្ឋាភិបាល តាមលិខិតជូនដំណឹងរបស់ទីស្តីការ​គណៈរដ្ឋមន្រ្តីលេខ ៦០១ សជណ ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤ ដែលគោលការណ៍ និងវិធានការទាំងនេះត្រូវ​បាន​ផ្សព្វផ្សាយ​​ដាក់ឲ្យអនុវត្តកាល ពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤កន្លងទៅនេះ។

–ខិតខំបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសនានានៅមូលដ្ឋានតាមរយៈការបន្តជំរុញ​អនុវត្ត​នូវ​គោលនយោបាយឃុំ ភូមិមានសុវត្ថិភាពឲ្យបានជាប់ជាប្រចាំគ្រប់មូលដ្ឋានទូទាំងរាជធានី ខេត្ត។

.អំពីក្រុមការងាររបស់រាជរដ្ឋាភិបាល
រាជរដ្ឋាភិបាលបានបង្កើតក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានដើម្បីត្រួតពិនិត្យ និងគាំទ្រ​ការអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់​កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជា។ ពាក់ព័ន្ធនឹងកិច្ចការនេះ រដ្ឋបាលរាជធានី ខេត្តត្រូវខិតខំសម្របសម្រួលដល់ការបំពេញការងារ​របស់​ក្រុមការងារ​ដែលចុះបំពេញការងារនៅគ្រប់ថ្នាក់ ដោយត្រូវយកចិត្តទុកដាក់សម្របសម្រួលរៀបចំ​វេទិកាសាធារណៈ ដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋបានសម្តែងមតិ និងលើកឡើងនូវបញ្ហាប្រឈម​នានា ដើម្បីរួមគ្នាធ្វើការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន ព្រមទាំងជំរុញផ្សព្វផ្សាយឲ្យបាន​ទូលំទូលាយ​ដល់ប្រជាពលរដ្ឋ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់អំពី កម្មវិធីនយោបាយ យុទ្ធសាស្រ្តចតុកោណ​ដំណាក់កាល​ទី៣ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ គោលនយោបាយ ឃុំ ភូមិមានសុវត្ថិភាព កម្មវិធី​គោលនយោបាយតាមវិស័យ ក៏ដូចជាសភាពការណ៍នានារបស់ប្រទេសជាតិ ដោយផ្សាភ្ជាប់ជាមួយ​សភាពការណ៍នៅមូលដ្ឋានឲ្យបានជាប់ជាប្រចាំ។

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី!
ដើម្បីរួមគ្នាសម្រេចបាននូវកិច្ចការខាងលើនេះ ចាំបាច់ត្រូវខិតខំពង្រឹងស្មារតីសាមគ្គីភាព ឯកភាព​ផ្ទៃក្នុង ឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទី​ ភារកិច្ចរបស់ខ្លួន សំដៅ​អភិវឌ្ឍមូលដ្ឋាន និង​ឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ច​របស់ខ្លួន។

ជាទីបញ្ចប់ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូម​អបអរសាទរ និង​កោតសរសើរជាថ្មីម្តងទៀត​ ​ចំពោះឯកឧត្តម លោកជំទាវ ដែលជាសមាជិកក្រុមប្រឹក្សាខេត្តតាកែវ​ ដែលទទួលបាន ការគាំទ្រ ដើម្បីបំពេញការងារក្នុងក្រុមប្រឹក្សាអាណត្តិទី២នេះ។ ខ្ញុំមានក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា ក្រុមប្រឹក្សា គណៈអភិបាល និងមន្រ្តីអ្នកមុខអ្នកការ ព្រមទាំងប្រជាពលរដ្ឋ​ទាំងអស់​នៃ​ ខេត្តតាកែវ​ នឹងខិតខំបំពេញការងាររួមគ្នា ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗ​ថែមទៀត​ ក្នុងរយៈពេល​៥ឆ្នាំ​ខាងមុខនេះ។ ខ្ញុំសូមប្រសិទ្ធពរជ័យ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីទាំងអស់ សូម​ទទួល​បាន​ជោគជ័យគ្រប់ភារកិច្ច មានសុខភាពល្អ និងសុភមង្គលក្នុងក្រុមគ្រួសារ។
សូមអរគុណ!

គណ​ប្រតិភូ​សារៈ​មន្ទីរ Christie’s អញ្ជើញ​ទស្សនា​ប្រាសាទ​ចិន​ដើម្បី​ចង់​ស្គាល់​ទីកន្លែង​ដើម​នៃរូ​ប​បដិមា​​ទុរយោធន៍

គណៈប្រតិភូសារៈមន្ទីរ (Christie’s) អន្តរជាតិនៃសហរដ្ឋអាមេរិកនៅព្រឹកថ្ងៃទី ០៥ ខែមិថុនា​ ឆ្នាំ ២០១៤ បានអញ្ជើញ​អញ្ជើញទៅទស្សនាប្រា​សាទ​​​ចិន​ដើម្បី​ចង់​ឃើញ​ឲ្យបាន​ជាក់​ច្បាស់ ​នូវ​ទីតាំង ដើមកំណើតពិតប្រាកដរបស់បដិមា ទុរយោធន៍​ដែល (Christie’s) ​ទើប​បាន​ប្រគល់​​ត្រឡប់មក​ឲ្យ​កម្ពុជា​វិញ។

ឯកឧត្តម សួស  យ៉ារ៉ា អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ព្រះវិហារ ដែល​បាន​ដឹក​នាំគណៈ​ប្រតិ​​​​ភូ​​​​សារៈ​​មន្ទីរ​ Christie’s អន្តរ​​ជាតិ​​នៃ​សហរដ្ឋ​អា​មេរិក​ចុះ​ទៅ​ទស្សនា​ប្រាសាទ​ចិន​ស្ថិត​ក្នុង​ទី ​តាំង​​នៃ​រមណីយដ្ឋាន​​​ប្រា​សាទ​​កោះកេរ​បាន​ឲ្យ​ដឹងថា​​ ការអញ្ចើញ​មក​ទស្សនា​ដោយ​ផ្ទាល់​របស់​ក្រុម​​​ប្រតិ​ភូ​ សារៈមន្ទីរ​​ Christie’s នេះ​គឺមាន​សារៈ​សំខាន់​ចាំបាច់​ណាស់ ដើម្បី​គេបាន​មក​ឃើញ​ផ្ទាល់​​នូវ​ទី​កន្លែង​​ដើម​​ពិត​ប្រាក​ដ​​​របស់ បដិមា​ទុរយោធន៍ថា រូប​បដិមា​នេះពិត ជា​មាន​ប្រភព​ដើម​នៅ​​​ប្រាសាទ​ចិន​ប្រាកដមែន។ តាម​រយៈ​ការមក​ស្វែងយល់ដល់ទឹកដីកំណើត​នៃ​រូប​បដិមា​​នេះ​នឹង​​នាំ​ទៅដល់​ការ ​បញ្ជាក់​យ៉ាង​ជាក់​ច្បាស់​នូវ​ភាព​​ជា​​​ម្ចាស់​កម្ម​សិទ្ធិ​របស់​កម្ពុជា​ លើបដិមាទុរយោធន៍​។​

ឯកឧត្តម សួស​ យ៉ារ៉ា បញ្ជាក់ថា បន្ទាប់​ពី​បាន​ឃើញ​ផ្ទាល់​នូវ​ទីតាំង​រូបប​ដិមា  គណៈប្រតិ​​​ភូសា​រៈ​មន្ទីរ Christie’s អន្តរ​ជាតិសហរដ្ឋ​អាមេរិក​បាន​បង្ហាញ​នូវ​ក្តី​រំភើប​ និង​កោត​សរសើរ​ដល់​បុព្វបុរស់ ដូន​​តាខ្មែរ ដែលបា​ន​បន្សល់​ទុក​នូវ​ស្នា​ដៃ​ដ៏ល្អ​ឯក​គ្មាន​ពី​រនៅ​លើពិភព​លោក​ឲ្យ​ដល់​ ​​ប្រជា​ជាតិ​កម្ពុជា។ ​ជាមួយ​គ្នា​នេះ​គណៈប្រតិភូទាំងអស់ ក៏បានសន្យាថា នឹង​ខិត​ខំធ្វើ​កិច្ច​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា  ក្នុង​ការ​ស្រាវ​ជ្រាវ​រក​បដិមា​ដែល​បាត់​មួយ​ចំនួន​ទៀត​ដើម្បី​នាំ​​មក​ ឲ្យបាន​ជួប​ជុំគ្នា​វិញ​ក្នុង​មហា​គ្រួសារ​ភាតរៈ​តែមួយ​របស់​កម្ពុជា។

គួរបញ្ជាក់ថា តាម​ការ​ស្រាវ​ជ្រាវ​របស់​អ្នក​ជំនាញ​បាន​បង្ហាញ​ថា ​មហា​គ្រួសា​រភារតៈ​មាន​បដិមា​​ចំនួន៩ នៅក្នុង​ក្រុម​តែមួយ ប៉ុន្តែ​ដោយ​សា​រប្រទេស​កម្ពុជា​ជួប​បញ្ហា​​សង្គ្រា​ម មាន​ជន​ខិល​​​ខូច​​​​បាន​​លួច​​យក​​​បដិមា​​មួយ​​ចំនួន​ធ្វើ​ការជួញ​ដូរ​ បង្ករ​​នូវការ​បាត់់បង់​អស់។ ដោយសា​ការខិតខំ​ប្រឹងប្រែង​របស់រាជរដ្ឋាភិបាល​កម្ពុជា​​ ក្រោមការដឹកនាំប្រកប​ដោយគតិ​បណ្ឌិត​របស់​សម្តេច​អគ្គ​មហា​​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ និងមាន​កិច្ច​សហការ​ល្អ​ជា​មួយ​រដ្ឋាភិបាលនៃ​សហ​រដ្ឋ​​អាមេរិក​ អង្គការយូណេស្កូ សាលា​បារាំង​ចុងបូព៌ា(EFEO) និង​អ្នក​ជំនាញ​ដទៃ​ទៀត បដិមា ចំនួន​​៥រូប ដែល​​ជា​បេតិ​​កភណ្ឌ​​វប្បធម៌​របស់​ខ្មែរ មានបដិមា​ដ៏ធំ​នៃ​ដៃ​គូប្រយុទ្ធ​គ្នា​គឺ ទុរយោធន៍  ភីម​ និង​ពលរាម  រួម​ជាមួយ​នឹង​​បដិមា​ពីរ​ទៀត នៅក្នុង​ក្រុមតែមួយនេះ​គឺ សហទេព និងនកុល ដែល​​ជាទេវរូប​ពី​​រ​អង្គ​​​ក្នុង​ចំណោម​បង​ប្អូន បណ្ឌវ ត្រូវបានបញ្ជូនត្រឡប់មកកាន់ប្រទេសកម្ពុជា ឲ្យ​​​​​មក​ជួប​ម្ចាស់​​ដើម​​​ពិត​​ប្រាកដ​​របស់​ខ្លួន​វិញ។ ​គួបញ្ជាក់​ផង​​ដែរ​ថា បដិមាទាំង៥ រូប​នេះ រួម​នឹង​បដិមាទី​៦​​ ​មួយ​​​​ទៀត​នៅ​ក្នុង​ឈុត​ឆាក​​តែ​​មួយ​នេះ គឺស្ថិត នៅ​​ក្នុង​​ប្រទេស​កម្ពុជាស្រាប់។ ​ក្នុង​ចំណោម​បដិមា​នៅ​ក្នុង​ឈុតឆាក​តែមួយ ​ចំនួន៩ បាន​​ជួប​​ជុំគ្នាវិញ​ចំនួន៦​​ហើយ  គឺ​​នៅ​ចំនួន​បី​ទៀតដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងបន្ត​​យុទ្ធនា​ការ​ខិត​ខំ​ប្រឹ​ងប្រែង​​ទាម​​ទារ​​យក​ត្រឡប់​មក​វិញ ដើម្បី​​បង្គ្រប់​ឈុត​ឆាក​នេះ​ឡើង​វិញ។​ បន្ទាប់​ពីបញ្ចប់​ទស្សន​កិច្ចនៅប្រាសាទ​​​​ចិនរួចមក គណៈ​ប្រតិ​ភូសារៈ​មន្ទីរ​ Christie’s អន្តរ​ជាតិ​នៃ​សហ​រដ្ឋអា​មេរិក​ក៏​បាន​​បន្ត​ដំណើរ​​ទៅ​ទស្សនា​ប្រាសាទ​ ព្រះវិហារ ​ដែល​ជា​សម្បត្តិ​បេតិ​ក​ភណ្ឌ​​វប្បធម៌​មនុស្ស​ជាតិ​​របស់ ​​កម្ពុជា​។

ឯកឧត្តម ​​សួស យ៉ារ៉ា ក៏បានរំលឹកផងដែរថា ប្រាសាទ​ព្រះ​វិហារ​ដែល​បាន​ឈ្នះ​ក្តីនៅ​ឆ្នាំ១៩៦២​ ក៏ដោយ​សារការ​ជួយពីអតីតមេធាវីអាមេរិក និង​អតីត​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ផង​ដែរ។ រហូត​ដល់​​ឆ្នាំ២០១៣នេះ​ ក៏មានមេធាវីអាមេរិក​បានជួយ​ឲ្យកម្ពុជា​បាន​ឈ្នះ​ក្តីជា​ថ្មីម្តង​ទៀត​ដែរ​ ទាំង​​អស់​នេះ គឺជា​ការ​ចូល​រួម​ធ្វើ​សកម្មភាពរបស់ជនជាតិអាមេរិក ដើម្បីភាពមនុស្សធម៌ មាន​​តម្លៃ​ជា​​​សកល​ឲ្យ​កម្ពុជា​ ​ឈ្នះ​ទាំងប្រាសាទ ទាំងទឹកដី និងក៏ជាការ​កាត់​​បន្ថយ​ជម្លោះ​រវាង​ប្រទេស​ជិត​ខាងផងដែរ ឯកឧត្តម​បានឲ្យដឹងថា ការអញ្ជើញ មកទស្សនារបស់​គណប្រតិ​ភូ​​សារៈ​មន្ទីរ​​Christie’s ​នៅតាម​ប្រាសាទ​នានានេះ គឺកម្ពុជាយើងទទួលបានផលចំណេញពីរ  ទី១ អាច​បញ្ជាក់​បានពីប្រភពដើម នៃ​​ទ្រព្យសម្បត្តិរបស់យើង ដែលបានបាត់បង់  ហើយទី២ យើង​បាន​បញ្ចាក់​អំពី​ឧត្តម​ភាព​នៃ​ប្រាសាទ​ព្រះ​វិហារ​គឺ​ពិតជា​ទ្រព្យ​ សម្បត្តិ​របស់​ខ្មែរ​ និង​មនុស្ស​ជាតិ​ទាំង​មូល​។