Saturday, June 28, 2014

សុន្ទរ​កថា សម្តេច ពញាចក្រី ហេង សំរិន ថ្លែង​ក្នុង​ពិធី មីទ្ទិញ​រំព្ញក​ខួប​អនុស្សាវ​រីយ៍​លើកទី ៦៣ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា

សុន្ទរកថា
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន
ប្រធានរដ្ឋសភា ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងពិធី
មីទ្ទិញរំព្ញកខួបអនុស្សាវរីយ៍លើកទី ៦៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា
(២៨.០៦.១៩៥១-២៨.០៦.២០១៤)

សូមក្រាបថ្វាយបង្គំសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះរាជាគណៈ និងព្រះថេរានុថេរៈគ្រប់ ព្រះអង្គ ជាទីសក្ការៈ
សម្តេច ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ
សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងជនរួមជាតិទាំងអស់ជាទីគោរពស្នេហា !
ថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ២០១៤នេះ ជាទិវាគម្រប់ ៦៣ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលនៅគ្រា ដំបូងមានឈ្មោះថា បក្សប្រជាជនបដិវត្តន៍ខ្មែរ ដើម្បីដឹកនាំការតស៊ូរំដោះជាតិពីពួកអាណានិគមនិយមដណ្តើមឯករាជ្យ ជូនមាតុភូមិ ។ ចាប់តាំងពីពេលបដិសន្ធិមក គណបក្សប្រជាជនកម្ពុជាបានរក្សាខ្ជាប់ឥតប្រែប្រួលនូវឧត្តមគតិរបស់ខ្លួន គឺរួមសុខ រួមទុក្ខជាមួយប្រជាជន ពុះពារធ្វើពលិកម្មឥតរួញរា ដើម្បីប្រជា​ជាតិកម្ពុជា ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិប​តេយ្យ អព្យា​ក្រឹត និងវឌ្ឍនភាពសង្គម ។
យើងប្រារឰពិធីនេះឡើង ក្នុងស្មារតីគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះយុទ្ធជនយុទ្ធនារី និង អ្នកស្នេហា​ជាតិខ្មែរនៅគ្រប់ជំនាន់ ដែលបានតស៊ូប្រយុទ្ធយ៉ាងប្តូរផ្តាច់ ហ៊ានលះបង់នូវសាច់ឈាម និងអាយុជីវិតប្រកប ដោយវីរភាពដ៏ខ្ពង់ខ្ពស់ ដើម្បីបុព្វហេតុជាតិ និងប្រជាជន ។ ខួបអនុស្សាវ​រីយ៍នេះក៏បានប្រព្រឹត្តឡើងក្នុងសភាព​ការណ៍ ដែលប្រជាជនកម្ពុជាសម្រេចបានសមិទ្ធ​ផលថ្មីៗថែមទៀតលើគ្រប់វិស័យក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម រយៈពេល៦ខែដើមឆ្នាំ ២០១៤ នេះ ទោះបីជានៅមានបញ្ហាលំបាកស្មុគ​ស្មាញខ្លះក្តី ។
នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមសម្តែងគារវភក្តីភាពនិងកតញ្ញតាធម៌ដ៏​ជ្រាល​ជ្រៅបំផុតថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរម​នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណា​ចក្រកម្ពុជា និង សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលកំពុងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់នៃ ប្រជា​រាស្ត្រខ្មែរគ្រប់ៗរូប។ សូមថ្វាយព្រះពរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្តេចព្រះវររាជ មាតាជាតិ ជាទីសក្ការៈ សូមមានព្រះ​កាយពលមាំមួន ព្រះបញ្ញា​ញាណភ្លឺថ្លា និងព្រះ​ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំ នាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយវឌ្ឍនភាពដ៏រុងរឿងសុខក្សេមក្សាន្ត។
នៅក្នុងឱកាសនេះដែរ ក្នុងនាមសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ សូមសម្តែងការគោរព និងសេចក្តីនឹករព្ញកដ៏កក់ ក្តៅបំផុតជូនជនរួមជាតិទាំងអស់នៅគ្រប់ទិសទី ជាកសិករ កម្មករ និយោជិត អាជីវករ ព្រះសង្ឃ បព្វជិតនៃគ្រប់សាសនា គ្រប់ជនជាតិ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលកំពុងចូលរួមអនុវត្តយ៉ាងសកម្មនូវកម្មវិធីនយោ​បាយរបស់រាជរដ្ឋាភិបាល ដើម្បីបន្តកសាង ការពារមាតុភូមិ និងលើក​ស្ទួយជីវភាពរស់នៅឱ្យបានកាន់តែប្រសើរឡើង ។
អង្គមីទ្ទិញ ជនរួមជាតិជាទីគោរពស្នេហា !
រយៈពេល ៦៣ឆ្នាំ កន្លងទៅនេះ គណ​បក្សប្រជាជនកម្ពុជាបានឆ្លងកាត់ដំណាក់កាលជាប្រវត្តិ​សាស្ត្រជា​ច្រើន ប្រកបដោយមោទ​នភាព ដោយបានរក្សាខ្ជាប់នូវសារជាតិ និងប្រពៃណីដ៏ថ្លៃថ្លារបស់ខ្លួន។ គណបក្សបានដឹកនាំ ចលនាបដិវត្តន៍រំដោះជាតិដ៏ខ្លាំង​ក្លា ដែលបានរួមវិភាគទានយ៉ាងធំធេងនៅក្នុងការតស៊ូរបស់ប្រជា​ជាតិខ្មែរទាំងមូល ដើម្បីដណ្តើមឯករាជ្យពីពួកអាណានិគមនិយមរហូតទទួលបានជ័យជម្នះដ៏ល្បីរន្ទឺនៅឆ្នាំ ១៩៥៣។
ពេលប្រទេសជាតិត្រូវធ្លាក់ទៅក្នុងគ្រោះមហន្ត​រាយប្រល័យពូជ​សាសន៍ ដែលរបបកម្ពុជាប្រជាធិបតេយ្យរបស់ ពួកប៉ុល ពត បានបង្កឡើងចាប់ពីថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥មកនោះគណ​បក្សប្រជា​ជនកម្ពុជា គឺជាកម្លាំងនយោ​បាយ ឈានមុខតែមួយគត់ដែលបានក្រោកឈរឡើងប្រមូលកម្លាំងប្រជា​ជាតិពីគ្រប់ទិសទី រួមសាមគ្គីនៅក្រោមទង់រណសិរ្ស សាមគ្គីសង្គ្រោះ​ជាតិកម្ពុជានិងបានអំពាវ​នាវរកការជួយឧបត្ថម្ភគាំទ្រពីសំណាក់ប្រជាជនស្នេហាសន្តិភាព និងយុត្តិធម៌នៅលើពិភពលោក ដើម្បី​ប្រយុទ្ធ​ផ្តួលរំលំ​របបដ៏យង់​ឃ្នងនេះ រហូតទទួលបានមហាជ័យជម្នះជាប្រវត្តិ​សាស្ត្រ នាថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩។ ជ័យជម្នះ ៧ មករា បានសង្គ្រោះជាតិឱ្យរស់ឡើងវិញទាន់ពេលវេលា បាន​ដណ្តើមមក ជូនប្រជា​ជនវិញនូវសិទ្ធិ សេរី​ភាព និងប្រជាធិប​តេយ្យដែលត្រូវបាត់​បង់ទាំងស្រុងនៅក្នុងរបបប៉ុល ពត ហើយបាន បើកឡើងនូវទំព័រថ្មីនៃប្រវត្តិ​សាស្ត្រកសាងមាតុភូមិរបស់ប្រជាជាតិខ្មែរឡើងវិញ។
រយៈពេលជិត ៣៦ ឆ្នាំ បន្ទាប់ពីថ្ងៃជ័យជម្នះ៧មករា ជាមួយនឹងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រជាជនកម្ពុជាបានពុះពារឆ្លងកាត់ដំណាក់កាលនានាយ៉ាងលំបាកលំបិនជាទីបំផុត ប្រកបដោយជោគ​ជ័យ និងកិត្តិយស បង្កើតបានសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រយ៉ាងច្រើន ធ្វើឱ្យកម្ពុជាបានប្រែក្លាយពីទឹកដីមួយដែលត្រូវបំផ្លាញស្ទើរគ្មានសល់អ្វី ដោយសារសង្គ្រាម និងរបបប្រល័យពូជសាសន៍ មកជាទឹកដីមួយប្រកបដោយសន្តិភាព ស្ថិរភាព និងកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យដូចបច្ចុប្បន្ននេះ ។ ប្រជាជនកម្ពុជាគ្រប់រូប ទាំងអ្នកដែលបានឆ្លងកាត់របបប៉ុល ពត ទាំង ស្រទាប់យុវជនដែលបានកើតក្រោយថ្ងៃ ៧មករា សុទ្ធតែបានទទួលប្រយោជន៍ពីមនុញ្ញផលដ៏ធំធេងនេះ។ ពិតប្រាកដ​ណាស់ថា ភាពសុខសាន្ត វឌ្ឍនភាព និងសេចក្តីសង្ឃឹមដែលយើងមាននៅពេលនេះ គឺជាលទ្ធផលដ៏វិសេសវិសាលនៃ កម្លាំងសាមគ្គីរបសប្រ់ជាជនយើងដែលបានពុះពារប្តូរផ្តាច់ជម្នះរាល់ឧបសគ្គ ឈានឆ្ពោះទៅមុខមិនរាថយលើមាគ៌ា មួយដ៏ត្រឹម​ត្រូវ។យើងទាំងអស់គ្នាប្តេជ្ញាការពារ ពង្រឹង​ពង្រីកសមិទ្ធ​ផលទាំងនេះជារៀងដរាប ហើយប្រឹង​ប្រែងបង្កើតសមិទ្ធ​ផលថ្មីៗទៀត ដើម្បីកសាងអនាគតដ៏រុង​រឿងរបស់មាតុភូមិយើង។
ព្រឹត្តិការណ៍នយោ​បាយជាប្រវត្តិសាស្ត្រនាពេលថ្មីៗនេះ ដែលមានអត្ថន័យយ៉ាងសំខាន់ចំពោះដំណើរជាតិយើង គឺការបាះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៥ នៃរដ្ឋសភា កាល​ពីថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៣ និង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជ​ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ កាលពីថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១៤ ដែលបានប្រព្រឹត្តទៅដោយជោគ​ជ័យស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់របស់កម្ពុជា នៅក្នុងបរិយាកាសសន្តិភាព និង មានលក្ខណៈសេរី ត្រឹម​ត្រូវ យុត្តិធម៌ និងគ្មានអំពើហិង្សា។ តាមរយៈជោគជ័យនៃការបោះឆ្នោតទាំងពីរនេះបានបង្ហាញថា ប្រជាធិប​តេយ្យនៅកម្ពុជាកាន់តែត្រូវបានពង្រឹង​ពង្រីកឱ្យកាន់តែរឹងមាំទូលំទូលាយឡើងទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៅក្នុងបរិបទនៃកម្ពុជា។ សម្រាប់គណបក្សប្រជាជនកម្ពុជាជ័យជម្នះក្នុងការបោះ​ឆ្នោតទាំងពីរ នេះ បានបញ្ជាក់យ៉ាងច្បាស់​ថា ប្រជាជននៅតែត្រូវការតួនាទីដឹកនាំរបស់គណបក្សតទៅមុខទៀត ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងមូល​ដ្ឋាន។ ឆ្លងតាមជ័យ​ជម្នះនេះ បានបង្កលក្ខណៈអនុគ្រោះដល់គណបក្សដើម្បីបន្តអនុវត្តកម្មវិធី នយោ​បាយរបស់ខ្លួនឱ្យបានជោគ​ជ័យ ។ ទន្ទឹមនេះ លទ្ធផលនៃការបោះឆ្នោតក៏បានបំបាក់នូវអំនួតរបស់អ្នកដឹកនាំ គណបក្សខ្លះ ដែលតែងតែប្រើ​ប្រាស់នយោ​បាយប្រជាភិថុត មួលបង្កាច់ការពិត និងបង្កបញ្ហាស្មុគ​ស្មាញមិនចេះចប់ ដើម្បីវាយប្រហារមកលើគណបក្សប្រជាជនកម្ពុជា។
អង្គមីទ្ទិញ ជនរួមជាតិជាទីគោរពស្នេហា
ពីការបោះ​ឆ្នោតជាតិនីតិកាល​ទីមកដល់ពេលនេះ មានរយៈពេល ១១ខែហើយ។ ក្នុងរយៈពេលនេះ គណ​បក្ស​ប្រជា​ជនកម្ពុជា ដែលបានទទួលអាណត្តិស្រប​ច្បាប់ពីប្រជាជនឱ្យដឹកនាំប្រទេសសម្រាប់៥ឆ្នាំបន្តទៀត បានបំពេញ នូវតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋជាម្ចាស់ឆ្នោត សម្រេចបាន លទ្ធផលល្អជាបន្តបន្ទាប់លើគ្រប់វិស័យ ទោះបីជាគណ​បក្សសង្គ្រោះជាតិ ដែលមានអាសនៈក្នុងរដ្ឋសភាដែរនោះ បានធ្វើពហិការកិច្ចប្រជុំរដ្ឋសភារហូតមកក្តី។ នៅក្នុងសកម្ម​ភាពដែលផ្ទុយពីឆន្ទៈម្ចាស់ឆ្នោត គណ​បក្សនេះ បានបដិសេធមិនទទួលយកលទ្ធផលនៃការបោះ​ឆ្នោត មួលបង្កាច់ភាពស្រប​ច្បាប់របស់រដ្ឋសភានិងរាជរដ្ឋាភិបាលនីតិកាលទី៥ ហើយជំរុញសកម្មភាពបាតុកម្មនៅតាមដងផ្លូវយ៉ាងអនាធិបតេយ្យប៉ុនប៉ងផ្លាស់ប្តូរសភាពការណ៍កម្ពុជាទៅតាមឆន្ទៈរបស់ខ្លួន ដែលផ្ទុយពីរដ្ឋធម្មនុញ្ញ និងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ។ គេមានគោលបំណងធ្វើឱ្យសង្គមកម្ពុជា ត្រូវច្របូកច្របល់ រដ្ឋគ្មានប្រសិទ្ធភាពទំនាក់​ទំនងអន្តរជាតិចុះខ្សោយ សេដ្ឋកិច្ចដើរថយក្រោយ ហើយជីវភាពប្រជាជន កាន់តែលំបាកទៅ ដើម្បីរុញ​ច្រានឱ្យគណបក្សប្រជាជនកម្ពុជាធ្លាក់ទៅក្នុងវិបត្តិនៃការដឹកនាំ ដោយត្រូវប្រជាជនខ្វះជំនឿលើការដឹកនាំតទៅទៀត។ សកម្មភាពរបស់គេពិតជាបានបង្កការលំបាកដល់រាជរដ្ឋាភិបាលនៅដើមអាណត្តិនេះ ដែលកំពុងតែប្រឹងប្រែងរក្សាស្ថិរភាព និងកសាងជាតិលើគ្រប់វិស័យ។ប៉ុន្តែទង្វើប្រទូសរ៉ាយទាំងនេះមិនអាចបញ្ឈប់ ដំណើរឈានទៅមុខរបស់ជាតិបានឡើយព្រោះថានិរន្តរភាពរបស់រដ្ឋ និងប្រក្រតីភាពនៃជីវភាពសង្គម សេដ្ឋកិច្ចរបស់ ប្រជាជនត្រូវបានធានាយ៉ាងរឹងមាំ។ ដូច្នេះ កម្ពុជាគ្មានភាពជាប់គាំងខាងនយោ​បាយឡើយ កម្ពុជាបានឈានចូលឆ្នាំ ២០១៤ជាមួយនឹងលទ្ធផលដ៏ល្អនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឆ្នាំ២០១៣ ព្រមទាំងភាពអនុគ្រោះនៃទំនាក់ទំនង​ជា​មួយបណ្តាប្រទេស និងដៃគូអភិវឌ្ឍន៍នានា។ ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាឆ្នាំ២០១៣ មានកំណើន ៧,% ហើយនៅឆ្នាំ២០១៤នេះ យើងសង្ឃឹម​ថានឹងសម្រេចបានកំណើនជាង ៧%បន្តទៀត។
ជាក់ស្តែង ក្នុងរយៈពេល៥ខែដើមឆ្នាំនេះ សេដ្ឋ​កិច្ចកម្ពុជាមានភាពល្អប្រសើរគួរឱ្យសោម​នស្សរីករាយ។ ស្ថិរភាពម៉ាក្រូសេដ្ឋ​កិច្ចត្រូវបានធានា វិស័យហិរញ្ញវត្ថុមានស្ថិរភាពល្អវិស័យផលិតកម្ម សេវា​កម្ម អចលនទ្រព្យ ទេស​ចរណ៍ ពាណិជ្ជ​កម្ម វិស័យការងារ និងវិស័យផ្សេងៗទៀតកំពុងរីកចម្រើនតាមទិសដៅដ៏ល្អ។ រាជរដ្ឋា​ភិបាល កម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានចាត់វិធានការដ៏ម៉ឺងម៉ាត់ ធានាជូនប្រជាជននូវស្ថិរភាពនយោ​បាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធា​រណៈ ដោយផ្អែកលើមូល​ដ្ឋានច្បាប់ និង ការចូលរួមរបស់ប្រជាជនដែលបានបង្កលក្ខណៈអនុគ្រោះដល់ដំណើរការអភិវឌ្ឍន៍ និងកែលម្អជីវភាពរស់នៅរបស់ ប្រជាជន ។
គណបក្សប្រជាជនកម្ពុជាគាំទ្រយ៉ាងពេញទំហឹង ចំពោះការខិតខំរបស់រាជរដ្ឋា​ភិបាលនីតិ​កាលទី៥ ក្នុងការជំរុញ អនុវត្តយុទ្ធ​សាស្ដ្រចតុ​កោណ ដំណាក់កាលទី ៣ ឱ្យមានប្រសិទ្ធ​ភាពខ្ពស់ ដើម្បីសម្រេចនូវគោល​ដៅជាយុទ្ធ​សាស្ត្រទាំង ៤ គឺការធានាឱ្យបាននូវកំណើនសេដ្ឋកិច្ចប្រចាំ​ឆ្នាំប្រមាណ ៧% ប្រកបដោយចីរភាព , ការបង្កើតការងារឱ្យបានកាន់​តែ​ច្រើនជូនប្រជាជនជាពិសេសសម្រាប់ស្រទាប់យុវជន , ការសម្រេចគោល​ដៅកាត់បន្ថយភាពក្រីក្រក្នុងអត្រាជាង ១% ក្នុង១ឆ្នាំ ក៏ដូចជាគោល​ដៅផ្សេងៗទៀតដែលត្រូវបានកំណត់ក្នុងគោល​ដៅអភិវឌ្ឍន៍សហស្សវត្សកម្ពុជា ព្រមទាំងការពង្រឹងសមត្ថភាព និងអភិបាលកិច្ចនៃស្ថាប័នរដ្ឋទាំងថ្នាក់​ជាតិ និងថ្នាក់ក្រោមជាតិ ។
ដើម្បីធានាសម្រេចឱ្យបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ការលើកកម្ពស់ជីវភាពប្រជាជន និងការ ពង្រឹងយុត្តិធម៌សង្គម គណបក្សប្រជាជនកម្ពុជាប្តេជ្ញាបន្តអនុវត្តយ៉ាងដាច់ខាតនូវរាល់ទិស​ដៅកែទម្រង់នានា ដែលបាន កំណត់ក្នុងកម្មវិធីនយោ​បាយរបស់ខ្លួនឱ្យកាន់តែបានលឿន និងកាន់តែមានប្រសិទ្ធភាពថែមទៀត ដោយចាត់ទុកថា នេះជាការងារដែលមានអត្ថន័យសំខាន់បំផុតសម្រាប់គណបក្ស។ ក្នុងស្មារតីនេះដែរ គណបក្សប្រជាជនកម្ពុជាគាំទ្រ ការប្រឹងប្រែងរបស់រាជរដ្ឋា​ភិបាលក្នុងការជំរុញដំណើរការកែទម្រង់ប្រព័ន្ធប្រាក់បៀវត្សប្រកបដោយសង្គតិភាព និង សមធម៌ សំដៅបង្កើនបៀវត្សរបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធឱ្យបានកាន់តែប្រសើរឡើងជាលំដាប់ និងការជំរុញសកម្ម​ភាពរបស់ក្រុមប្រឹក្សាការងារ ដើម្បីបន្តពិភាក្សារកដំណោះស្រាយដំឡើងប្រាក់ឈ្នួលអប្បប​រមា របស់កម្មករ និយោ​ជិតនៅតាមរោង​ចក្រ សហ​គ្រាសឱ្យទទួលបានលទ្ធផលល្អ។ គណបក្សជំរុញការដោះស្រាយ របស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ដីសម្ប​ទានសង្គម​កិច្ចជូនប្រជាជនដែលគ្មានដីពិតប្រាកដ ហើយត្រូវការដីដើម្បីសង់លំនៅ​ស្ថាន និងបង្កបង្កើនផល។ ជា​មួយគ្នានេះ គណបក្សសូមអំពាវនាវដល់ប្រជាជននៅតាមតំបន់នានា សូមកុំធ្វើការ ទន្ទ្រានកាន់កាប់ដីគ្រប់ប្រភេទដោយខុស​ច្បាប់ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់​ធ្នាប់សង្គម និរន្តរភាពនៃធនធានធម្មជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់យើង។
គណបក្សប្រជាជនកម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលបណ្តាស្ថាប័នពាក់​ព័ន្ធ និងអាជ្ញាធរគ្រប់ថ្នាក់ ក្នុងការទទួល និងជូនដំណើរប្រជាពលករយើងដែលវិលត្រឡប់ពីប្រទេសថៃមកវិញឱ្យបានទៅដល់ លំនៅស្ថានដោយសុវត្ថិភាព។ ទន្ទឹមនេះ គណបក្សសូមអំពាវ​នាវដល់ប្រជាពលករយើងសូមស្វែងរកការងារតាមសេចក្តី ជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៤ ស្តីពីការផ្តល់សេវា ការងារ និងបណ្តុះបណ្តាលជំនាញបច្ចេក​ទេស និងវិជ្ជាជីវៈជូនពលករខ្មែរ ហើយចៀសវាងការធ្វើចំណាកស្រុកខុសច្បាប់ ទៅក្រៅប្រទេស ដែលមិនធានាដល់សុវត្ថិភាព ផលប្រយោជន៍ និងកិត្តិយសរបស់បងប្អូនឡើយ។
គណបក្សប្រជាជនកម្ពុជា ជំរុញការលើកស្ទួយឥតឈប់​ឈរនូវប្រជាធិប​តេយ្យនិងសិទ្ធិ​មនុស្សក្នុងក្របខណ្ឌច្បាប់ ដែលផ្តល់ប្រយោជន៍ពិតប្រាកដដល់ប្រជាជនគ្រប់ស្រទាប់ដល់គ្រប់កម្លាំងនយោ​បាយ និងដល់ដំណើរការអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គមកម្ពុជា។ ទន្ទឹមនេះ យើងប្រឆាំងនឹងរាល់សកម្មភាពរបស់គណបក្ស ឬមជ្ឈដ្ឋានណាដែលប្រើផ្លាក ប្រជាធិប​តេយ្យ និងសិទ្ធិម​នុស្ស ដើម្បីបម្រើតែផលប្រយោជន៍នយោ​បាយរបស់ខ្លួន​នោះ។ គួរកត់សម្គាល់ថា បច្ចុប្បន្នមានអ្នកដឹក​នាំគណបក្សនយោ​បាយខ្លះ និងមជ្ឈ​ដ្ឋានមួយចំនួនបាននិងកំពុងនិយាយអំពីប្រធាន​បទប្រជាធិប​តេយ្យ សិទ្ធិមនុស្ស និងប្រធានបទផ្សេងៗទៀតយ៉ាងពិរោះ ហាក់ដូចជាគេជាអ្នកគិតគូរណាស់ដល់ផលប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជា តែធាតុពិតគេកំពុងតែភូតកុហកប្រជាជនឱ្យយល់ខុសអំពីការពិត បង្កជាបញ្ហាប្រឈមយ៉ាងច្រើន ដល់រាជរដ្ឋា​ភិបាល និងអាជ្ញាធរនៅកន្លែងជា​ច្រើន ក្នុងគោលបំណងផ្តួលរំលំគណបក្សប្រជាជនកម្ពុជា ដែលរួម ទាំងការប៉ុនប៉ងផ្តួលរំលំតាមរយៈរបស់ដែលហៅថា អំណាចប្រជាជន​ទៀតផង។ នៅក្នុងបរិការណ៍នេះដែរគណប​ក្ស​ប្រជា​ជនកម្ពុជា សូមបញ្ជាក់នូវជំហររបស់ខ្លួន ក្នុងការស្វាគមន៍ចំពោះការលើកទឹកចិត្តពីខាង​ក្រៅដល់ដំណើរការ ប្រជាធិប​តេយ្យនីយកម្មនៅកម្ពុជា ក៏ដូចជាការដោះ​ស្រាយបញ្ហាផ្ទៃក្នុងរបស់កម្ពុជា ប៉ុន្តែយើងមិនអាចទទួលយកនូវ ការលូកដៃជ្រៀត​ជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាបានឡើយ។ កម្ពុជាធ្លាប់ទទួលរង​គ្រោះ និងបាត់បង់ធំធេង​ណាស់ដោយសារការជ្រៀត​ជ្រែកពីខាង​ក្រៅដែលជាមេរៀនដ៏​ឈឺ​ចាប់បំផុត ហេតុនេះយើងមិនទុកឱ្យប្រវត្តិសាស្ត្រ ដដែលអាចកើតមានជាថ្មីទៀតនៅលើមាតុភូមិយើងទេ។
គណបក្សប្រជាជនកម្ពុជា បន្តពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងស្មោះសរ ជា​មួយគ្រប់កម្លាំងនយោ​បាយ និង គ្រប់មជ្ឈដ្ឋានស្នេហាជាតិក្នុងសង្គម ដើម្បីពង្រឹងបរិយាកាសស្រុះ​ស្រួលក្នុងសង្គមជាតិ ហើយប្រមូលរាល់ទស្សនៈ មតិ និងសកម្ម​ភាពល្អៗពីគ្រប់ប្រភពដែលមានលក្ខណៈពហុភាពពូនផ្តុំទៅជាចលនារួមនៃសង្គមក្នុងការកសាង និង ការពារមាតុភូមិ។ យើងមានជំនឿថា គ្រប់គណ​បក្សនយោ​បាយ និងមជ្ឈ​ដ្ឋាននានាក្នុងសង្គមពិតជាយល់​ច្បាស់ អំពីសេចក្តីត្រូវការរបស់ប្រជាជន ខិតខំបង្កើនកិច្ចសហ​ការ និងការយោគ​យល់គ្នា ហើយបន្តធ្វើអ្វីៗដែលជាគុណប្រយោជន៍ដល់ការថែរក្សាពូនជ្រំនូវសន្តិភាព ប្រជាធិប​តេយ្យ និងជំរុញការអភិវឌ្ឍប្រទេស​ជាតិ។ នៅក្នុងចំណុចនេះ​ដែរ គណ​បក្សប្រជា​ជនកម្ពុជាសូមទូល​ថ្វាយ ពិតពុទ្ធដីកា និងជម្រាបជូនជនរួម​ជាតិព្រមទាំងសហ​គមន៍អន្តរជាតិឱ្យបាន ជ្រាប​ថា ដើម្បីដោះស្រាយបញ្ហានយោ​បាយក្រោយពេលបោះ​ឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ គណបក្សបាន ខិតខំជំរុញការចរចានៅគ្រប់កម្រិតជាមួយគណ​បក្សសង្គ្រោះ​ជាតិ ប្រកបដោយភាពស្មោះ​ត្រង់ និងមានសុឆន្ទៈពិត​ ប្រាកដ។ ប៉ុន្តែរហូតមកដល់ពេលនេះ បញ្ហានៅតែពុំទាន់ត្រូវបានដោះស្រាយចប់នៅឡើយ អាស្រ័យដោយគណ​បក្ស ​សង្គ្រោះជាតិគ្រាន់តែបានប្រើ​ប្រាស់ដំណើរការចរចានេះដើម្បីរកចំណេញខាងសាធា​រណមតិប៉ុណ្ណោះ តែពុំមានឆន្ទៈ ដោះ​ស្រាយបញ្ហាឡើយ។ ទោះបីជាដូច្នេះក្តី ក៏គណ​បក្សប្រជា​ជនកម្ពុជានៅតែបើកទ្វារចំហសម្រាប់ការចរចាឱ្យឈាន ទៅមុខទៀត ដោយឈរលើមូល​ដ្ឋានបន្តពីការជួបពិភាក្សារវាងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម សម រង្ស៊ី កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ ២០១៤ កន្លងទៅ។ ដំណោះស្រាយដែលនឹងអាចទទួលបាន គឺត្រូវតែផ្អែកលើមូល​ដ្ឋាន រដ្ឋធម្មនុញ្ញ លទ្ធផលនៃការបោះឆ្នោត ហើយមិននាំប្រទេសជាតិទៅរកភាពជាប់គាំងខាងនយោ​បាយជាថ្មីទៀត នា​ពេលអនាគត ដូចដែលធ្លាប់បានកើតមានរួចមកហើយនោះទេ។
អង្គមីទ្ទិញ ជនរួម​ជាតិជាទីគោរពស្នេហា
បច្ចុប្បន្នប្រជាជាតិយើងកំពុងឈានទៅមុខប្រកបដោយថាមពល និងក្តីសង្ឃឹម ឆ្ពោះទៅរកអនាគតមួយ ដ៏ភ្លឺស្វាង ជាអនាគតដែលស្ថិតនៅក្នុងដៃរបស់យើងទាំងអស់គ្នា។ សន្តិភាព ប្រជាធិប​តេយ្យ និងអភិវឌ្ឍន៍ ឥឡូវនេះ មិនមែនគ្រាន់តែជាបំណងប្រាថ្នានោះទេ តែជាការពិតដែលកំពុងតែកើតមានឡើង ហើយជាមាគ៌ាដ៏ត្រឹមត្រូវដែល នឹងនាំយើងឱ្យដើរទៅមុខបន្តទៀត។ រយៈពេល ១៥០ឆ្នាំមកនេះ យើងមានពេលតិចណាស់ដែលជាឱកាសពេញ​លេញ សម្រាប់អភិវឌ្ឍប្រទេសជាតិ ក្រៅពីនោះ គឺជាពេលវេលាដែលត្រូវរងទុក្ខវេទនា និងការអាម៉ាស់ដោយការបាត់បង់ឥស្សរ​ភាព ជាពេលវេលានៃសង្គ្រាមបំផ្លិច​បំផ្លាញ និងជាពេលវេលានៃសោកនាដកម្មដែលពុំអាចនឹងពណ៌នាបាន។ ដូច្នេះ យើងមិន អាចឱ្យបាត់​បង់ឱកាសតទៅទៀត​ទេ យើងត្រូវចេះក្តាប់ឱកាសសម្រាប់អភិវឌ្ឍខ្លួនឯង។ បើមិនដូច្នោះទេ យើងនឹង ត្រូវជាប់ក្នុងខ្នោះ​ឃ្នាងច្រវាក់នៃអស្ថិរភាពការបែក​បាក់ និងភាពក្រីក្រ ដែលមិនអាចនឹងមានថ្ងៃរំដោះខ្លួនឱ្យរួច​បាន ឡើយ នេះជាហេតុ​ផលសំខាន់បំផុត។ គណ​បក្សប្រជា​ជនកម្ពុជា សូមអំពាវ​នាវដល់ជនរួម​ជាតិទាំង​មូល ដល់គ្រប់ គណ​បក្ស និងមជ្ឈ​ដ្ឋានទាំង​ឡាយក្នុងសង្គម ទោះមាននិន្នាការនយោ​បាយផ្សេងៗគ្នាក្តី សូមចៀស​វាងនូវអំពើណា ដែល​នាំទៅរកការបែក​បាក់ ហើយសូមធ្វើសកម្ម​ភាពរួមគ្នាក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ដើម្បីប្រទេសជាតិយើង ទាំង​អស់គ្នា ។
គណបក្សប្រជាជនកម្ពុជា ប្រសូតពីប្រជាជន គណ​បក្សស្រឡាញ់មាតុ​ភូមិ និងប្រជា​ជន លើសអ្វីទាំង​អស់​។ មិនថាពេលនេះ ឬតទៅមុខទៀតទេ គណ​បក្សនៅតែផ្សារភ្ជាប់ រួមសុខ រួមទុក្ខជា​មួយប្រជា​ជនជានិច្ច។ ក្នុងស្មារតីនេះ ខ្ញុំសូមអំពាវ​នាវដល់គណៈកម្មា​ធិការគណ​បក្សនៅគ្រប់​ថ្នាក់ គ្រប់ផ្នែក និងមន្ត្រីគណ​បក្សគ្រប់​រូប សូមរក្សាខ្ជាប់​នូវ ឧត្តម​គតិស្នេហាជាតិ និងស្រឡាញ់ប្រជា​ជន ពង្រឹងសាមគ្តី​ភាព ខិតខំធ្វើតែអំពើល្អ ហើយជៀស​វាងដាច់​ខាតរាល់ទង្វើ មិនត្រឹម​ត្រូវដែលបំពានលើគោល​ការណ៍គណ​បក្ស និងច្បាប់​រដ្ឋ ធ្វើឱ្យប៉ះ​ពាល់ដល់សិទ្ធិ និងផលប្រយោជន៍ប្រជា​ជន​។ នេះមិន​មែនគ្រាន់តែជាតម្រូវការទេ តែជាកាតព្វ​កិច្ច និងជាកត្តាកំណត់នៃជ័យ​ជម្នះរបស់គណ​បក្សយើង។
ក្នុងឱកាសដ៏ថ្លៃថ្លានេះ ខ្ញុំសូមសម្តែងការគោរព និងការដឹងគុណដ៏ជ្រាល​ជ្រៅបំផុតចំពោះជនរួម​ជាតិនៅគ្រប់ទិសទីដែលមានការជឿ​ជាក់លើការដឹកនាំរបស់គណ​បក្សប្រជា​ជនកម្ពុជាហើយសូមសន្យាជាឱឡា​រិកថា គណ​បក្សនឹង បន្តពុះពារអនុវត្តឱ្យបានជោគ​ជ័យនូវកម្ម​វិធីនយោ​បាយរបស់ខ្លួនឆ្លើយ​តបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន ។
ជាទីបញ្ចប់ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយ ប្រគេន​ពរ និងប្រសិទ្ធពរជូន សម្តេច ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សមា​ជិក សមា​ជិកានៃអង្គមីទ្ទិញ និងជនរួម​ជាតិទាំងអស់ សូមបានប្រកបពុទ្ធពរ ទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង​ឃ្លាតឡើយ ។

សូមអរព្រះគុណ សូមអរគុណ