នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៤ នៅសាលមហោស្រពកោះពេជ្រ ដើម្បីចូលរួមអបអរសាទរខួបគម្រប់ ៥ឆ្នាំ នៃច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសជាសាធារណៈ នូវការអនុវត្តផែនការយុទ្ធសាស្រ្តជាតិ ស្តីពីពិការភាព ២០១៤-២០១៨ ព្រមទាំងបានដាក់ចេញនូវការណែនាំជាច្រើនចំណុច ដើម្បីធានាឲ្យការអនុវត្តផែនការនេះទទួលបានជោគជ័យ។
សេចក្តីណែនាំដែលត្រូវបានដាក់ចេញដោយសម្តេចតេជោនាយករដ្ឋមន្ត្រីរួមមាន៖ ទី១-គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវចាប់ផ្តើមកសាងផែនការសកម្មភាពលម្អិត និងចាត់ជាអាទិភាពជាក់លាក់ ពាក់ព័ន្ធវិស័យពិការភាព ចូលទៅក្នុងគម្រោងផែនការសកម្មភាពរបស់ខ្លួន ដោយត្រូវរួមចំណែកពង្រឹង និងពង្រីកវិធានការទប់ស្កាត់ពិការភាពឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត ពិសេសត្រូវបង្កឱកាសឲ្យបានច្រើនបន្ថែមទៀតដល់បងប្អូនជនពិការ។
ទី២-ក្រុមការងារសកម្មភាព ជនពិការនៅតាមក្រសួង ស្ថាប័ន និងក្រុមប្រឹក្សាសកម្មភាពជនពិការថ្នាក់រាជធានី ខេត្តមាន ភារកិច្ចជួយសម្រប សម្រួលការផ្លាស់ ប្តូរ ទិន្នន័យ និង បញ្ជ្រាបផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ២០១៤-២០១៨ នេះ ទៅ ក្នុង គោលនយោបាយ កម្មវិធីនៅតាមក្រសួង ស្ថាប័ននានា។ ទន្ទឹមត្រូវមានរបាយការណ៍វឌ្ឍនភាពការងារការតាមដាន ត្រួតពិនិត្យផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ២០១៤-២០១៨ ទាំងនៅពាក់កណ្តាលអាណត្តិ និងនៅចុងអាណត្តិ ដើម្បីប្រើជាមូលដ្ឋានដ៏សំខាន់ក្នុងការវាយតម្លៃ និងធានាថា ជីវិតជនពិការនៅកម្ពុជា ត្រូវបានអភិវឌ្ឍន៍កាន់តែប្រសើរឡើង។
ទី៣-ក្រសួងស្ថាប័នអង្គភាពត្រូវវាយតម្លៃអំពីគោលនយោបាយ និងយុទ្ធសាស្រ្តដែលមានស្រាប់របស់ខ្លួនជាមួយនឹងផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ដើម្បីកំណត់ពីវឌ្ឍនភាពនៃផ្នែកនីមួយៗដែលមិនទាន់បានធ្វើ និងកែតម្រូវឲ្យបានស្របគ្នា។ គ្រប់ក្រសួង ស្ថាប័ន អង្គភាព និងដៃគូពាក់ព័ន្ធ ត្រូវរាយការណ៍អំពីការសម្រេចបានលើការងារពិការភាពជារៀលរាល់ឆ្នាំជូនក្រុមប្រឹក្សាសកម្មភាពជនពិការដើម្បីបូកសរុប។
ទី៤-ត្រូវបន្តជំរុញការរៀបចំ កសាងលិខិតបទដ្ឋានគតិយុត្តិ ទាក់ទងនឹងច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការដូចជាការរៀបចំអនុក្រឹត្យ សារាចរណែនាំប្រកាសអន្តរក្រសួង ដើម្បីជំរុញការអនុវត្តច្បាប់ឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ចំណុចនេះសម្តេចតេជោមានប្រសាសន៍បញ្ជាក់ថា ខ្ញុំយល់ថា ច្បាប់ និងបទដ្ឋានគតិយុត្តិទាំងនេះនឹងរួមចំណែកប្រែក្លាយសេវាជនពិការ ដែលពីមុនមានចរិតមនុស្សធម៌ភាគច្រើន ទៅជាសេវាដែលមានចរិតជាប្រព័ន្ធធានារ៉ាប់រងសង្គមសម្រាប់ជនពិការ ដែលអាចជួយពង្រឹងស្មារតីម្ចាស់ការ និងលើកកម្ពស់សមត្ថភាពរបស់ជនពិការ និងជាការជំរុញល្បឿន នៃការធ្វើសមាហរណកម្មជនពិការទៅក្នុងសង្គម ដោយគ្មានឧបសគ្គរារាំង។
ទី៥-សម្តេចតេជោបានរំលឹកដល់គ្រប់ក្រសួង ស្ថាប័នរដ្ឋ និងវិស័យឯកជន ត្រូវអនុវត្តន៍ការជ្រើសរើសជនពិការឲ្យចូលបម្រើការងារតាមក្រសួង ស្ថាប័ន និងក្រុមហ៊ុននីមួយៗ តាមការកំណត់ក្នុងរយៈពេល ៣ឆ្នាំ ដោយត្រូវជ្រើសរើសជនពិការឲ្យគ្រប់ចំនួន ២% សម្រាប់ក្រសួង ស្ថាប័នរដ្ឋ និង១% សម្រាប់វិស័យឯកជន។ ទាក់ទងការងារនេះ សម្តេចតេជោបានមានប្រសាសន៍ថា ក្រុមប្រឹក្សាសកម្មភាពជនពិការ ត្រូវបន្តជំរុញការអនុវត្តអត្រាជនពិការចូលបម្រើការងារក្នុងវិស័យឯកជន និងបន្តធ្វើបច្ចុប្បន្នភាព នៃការស្រង់ទិន្នន័យអត្រាជនពិការចូលបម្រើការងារតាមក្រសួង ស្ថាប័ន និងវិស័យឯកជនឲ្យបានទៀងទាត់។ ក្រសួង ស្ថាប័ន និងនីតិបុគ្គល ត្រូវបន្តការរៀបចំសម្របសម្រួលការងារ នេះឲ្យសមស្របសម្រាប់ជនពិការអាចបំពេញការងារបានពេញលេញនៅក្នុងក្រសួង ស្ថាប័ន និងអង្គភាពរបស់ខ្លួន។
ថ្លែងក្នុងពិធីនេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឲ្យមានការចាត់វិធានការជាបឋម ដើម្បីការពារកុមារ ជាពិសេសកុមារនៅតាមមណ្ឌលកុមារកំព្រា នៅពេលដែលព័ត៌មាន បានផ្សព្វផ្សាយអំពីការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃយង់ឃ្នងទៅលើកុមារ នាពេលថ្មីៗនោះ ដែលនាំឲ្យមានកង្វល់អំពីការកេងប្រវ័ញ្ចកុមារដោយជនជាតិកម្ពុជា ខ្លួនឯងនោះ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍លើកជាទឡ្ហីករណ៍នៃការប្រើអំពើហិង្សាលើកុមារនាពេលកន្លងមកដូចជា ករណីប្រព្រឹត្តអំពើហិង្សាទៅលើកុមារនៅខេត្តបន្ទាយមានជ័យ ដែលបង្ករឡើងដោយព្រះសង្ឃ។ សម្ដេចតេជោបានមានប្រសាសន៍សង្កត់ធ្ងន់ថា រឿងរ៉ាវដែលបានចុះផ្សាយតាមទូរទស្សន៍ កាសែតអំពីការធ្វើបាបកុមារ ដោយលោកជំទាវ ដោយលោកស្រី ហើយកាលពីម្សិលមិញនេះគឺព្រះសង្ឃតែម្ដង ហេតុអ្វីបានជាប្រព្រឹត្តអំពើអមនុស្សធម៌ឃោរឃៅទាំងនេះ។ ដូច្នេះយើងត្រូវបិទក្រោលសេះមុនពេល ដែលសេះវាចេញផុតពីក្រោល ឬយើងត្រូវប្រមូលសេះនៅពេលដែលសេះទើបនឹងចេញពីក្រោលឲ្យវាចូលក្រោលវិញ។
សម្តេចតេជោមានប្រសាសន៍ថា ខ្ញុំស្នើឲ្យគ្រប់ទីកន្លែងយកចិត្តទុកដាក់បង្កើតវិធានការការពារកុមារនៅក្នុងមណ្ឌលកុមារកំព្រាឲ្យជាប់លាប់ បើយើងការពារកន្លែងណាមិនទាន់បានទេនោះ ។ ឥឡូវបញ្ហានេះមានការចោទប្រកាន់ទៅតុលាការ នៅពេលដែលអ្នកមានទ្រព្យធន ខ្លះបានទៅយកកុមារពីមណ្ឌលកុមារកំព្រាថា យកមកជួយចិញ្ចឹម ប៉ុន្តែបែរជាយកមកបម្រើធ្វើដូចកូនឈ្នួល រួចហើយមិនឲ្យរៀនសូត្រថែមទាំងវាយធ្វើបាបទៀត ដែលថ្ងៃក្រោយបញ្ហានេះ អាចនឹងឈានទៅដល់ការជួញដូរកុមារ តាមរយៈបញ្ហានៃការសុំកូនដោយជនជាតិកម្ពុជាគ្នាឯងនេះ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ បង្ហាញពីការព្រួយបារម្ភរបស់សម្តេចថា មុននេះយើងមានការព្រួយបារម្ភបានជាយើងបង្កើតច្បាប់ស្មុំកូនឆ្លងប្រទេស យើងចាត់វិធានការ ហើយវាកាន់តែអន្តរាយបើសិនជាទៅយកក្មេងស្រី ពីមណ្ឌលកុមារកំព្រានោះ ថ្ងៃក្រោយវាទៅជាសម្រាប់ការរំលោភ ដែលនេះជាបញ្ហាធ្ងន់ធ្ងរមែនទែន បន្ថែមលើនោះជួនកាលអាចធ្លាយកុមារនោះ តាមខ្សែរយៈផ្សេងៗ ព្រោះស្រុកឥឡូវនៅលើពិភពលោកមានការលំបាកណាស់។
ពាក់ព័ន្ធការធ្វើអាជីវកម្មក្រលៀន ដែលទើបនឹងលេចឡើងនាពេលថ្មីៗនេះនៅក្នុងប្រទេសកម្ពុជានោះ សម្តេចតេជោថ្លែងថា គេត្រូវការក្រលៀនគេយកកូនក្មេងរបស់យើងគេអាចធ្វើតេស្តឈាមបានដឹងរួចហើយយកទៅបាត់ ទីចុងបំផុតយកទៅកាន់ប្រទេសណាមួយដែលជាបញ្ហាយើងត្រូវប្រុងប្រយ័ត្ន។ ដូច្នេះសូមអ្នកទាំងឡាយបើចង់ចិញ្ចឹមកុមារសូមមេត្តាផ្ដល់ក្តីអាណិត ក្ដីស្រឡាញ់ចំពោះកុមារកំព្រានោះ ជួយឲ្យពួកគេទទួលបាននូវការអប់រំបណ្ដុះបណ្ដាលកម្រិតខ្ពស់ ហើយបើមិនបានដូច្នោះទេ ក៏ត្រូវឲ្យគ្នាទទួលបាននូវការបណ្ដុះបណ្ដាល កុំយកគ្នាទៅបម្រើខ្លួនហើយមិនបានរៀនសូត្រនោះ។
ក្នុងកិច្ចការលើកស្ទួយសិទ្ធិ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋជនពិការ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រេចបាននូវអត្រាទទួលឲ្យជនពិការចូលបម្រើការងារតាមក្រសួង ស្ថាប័នរដ្ឋចំនួន៤០ គិតក្នុងឆ្នាំ ២០១៣ មានជនពិការចំនួន ២ ៤៦០ នាក់។ ទន្ទឹមនេះបងប្អូនជនពិការត្រូវបានផ្តល់អាទិភាពក្នុងការផ្តល់ដីសម្បទានសង្គមកិច្ច សម្រាប់សាងសង់លំនៅដ្ឋាន ធ្វើអាជីវកម្មកសិកម្មជាលក្ខណៈគ្រួសារនៅតាកែនកោះស្លា តំបន់អភិវឌ្ឍន៍ជនពិកា៣១៧ នៅស្រុកគូលែន ខេត្តសៀមរាប និងនៅភ្នំឆ័ត្រ ខេត្តបន្ទាយមានជ័យ ការផ្តល់សេវាស្តារលទ្ធភាពពលកម្មនៅសហគមន៍ ការព្យាបាល ការស្តារលទ្ធភាពពលកម្មកាយសម្បទា ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរ ការអភិវឌ្ឍអក្សរស្ទាបភាសាសញ្ញា ដែលត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សា និងអនុវត្តន៍តាមស្ថានីយ៍ទូរទស្សន៍នានា ដើម្បីផ្តល់ព័ត៌មានជូនជនពិការ។ បងប្អូនប្រជាពលរដ្ឋជាជនពិការក៏ទទួលបានឱកាសក្នុងការសិក្សាអប់រំនៅតាមសាលា សាធារណៈ ដោយមិនមានការរើសអើង អាគារសិក្សាមួយចំនួនបានរៀបចំឲ្យមានជម្រាល សម្រាប់សិស្សពិការ ហើយមជ្ឈមណ្ឌល និងសាលាសម្រាប់កុមារពិការភ្នែក និង គ ថ្លង់ ត្រូវទទួលបាននូវការផ្គត់ផ្គង់ជីវភាពរស់នៅ និងការសិក្សាអប់រំរហូតដល់កម្រិតឧត្តមសិក្សា៕