Tuesday, July 29, 2014

សុន្ទរកថា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ​​ អាន ក្នុងពិធីបិទវគ្គ​ ប្រគល់វិញ្ញាបនបត្រសម្បទា​ខាងវិជ្ជាជីវៈមេធាវី​ដល់​សិស្សមេធាវីជំនាន់ទី១០ ទី១១ និងទី១២ និងបើកវគ្គសិក្សា​វិជ្ជាជីវៈ​មេធាវី​ដល់សិស្សមេធាវីជំនាន់ទី១៣

រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤

-       ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រាជរដ្ឋាភិបាល
-       ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ
-       ឯកឧត្តមប្រធាន សមាជិក សមាជិកា សហភាតានៃគណៈមេធាវី និងសិស្សមេធាវី ទាំងអស់ ជាទីមេត្រី !

ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមន​ស្ស​រីករាយ ចូលរួមជាមួយឯកឧត្តម លោក​ជំទាវ អស់លោក លោកស្រី ភ្ញៀវ​កិត្តិ​យស​ជាតិ និងអន្តរជាតិក្នុងពិធីបិទវគ្គ ប្រគល់​វិញ្ញា​បនបត្រ​សម្បទាខាងវិជ្ជាជីវៈ មេធាវី​​ដល់​សិស្សមេធាវីជំនាន់ទី១០ ទី១១ និងទី១២ និងបើក​វគ្គសិក្សា​វិជ្ជា​ជីវៈ​​មេធាវី​ដល់សិស្ស​មេធាវី​​ជំនាន់ទី១៣ នាពេលនេះ។ ឆ្លៀត​ក្នុង​ឱកាសនេះ ខ្ញុំសូមសម្តែងនូវការកោតសរសើរ​ចំពោះ​កិច្ចខិតខំប្រឹង​ប្រែង​របស់​គណៈមេធាវី និងមជ្ឈមណ្ឌលបណ្តុះបណ្តាល​វិជ្ជាជីវៈ​មេធាវី ដែលបាន​បន្ត​កសាង​ធនធានមនុស្សជា​មេធាវីប្រកប​ដោយសមត្ថភាពវិជ្ជាជីវៈខ្ពស់ ក្នុងការរួម​ចំណែក​ដល់ ការពង្រឹង​យុត្តិធម៌​សង្គម ជាពិសេស ការការពារ​សិទ្ធិនិង​សេរីភាព​របស់ប្រជា​ពលរដ្ឋ ដែលជា មូលដ្ឋាន​គ្រឹះនៃការ​ពង្រឹងនីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ព្រឹត្តិការណ៍ថ្ងៃនេះ គឺជាសក្ខីភាពបន្ថែមទៀត​នៃកិច្ចខិតខំប្រឹង​ប្រែង​របស់​គណៈ​មេធាវី និង​មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ដែលសម្រេច​ជោគជ័យ​ក្នុងការបណ្តុះបណ្តាលមេធាវី។ ជាក់ស្ដែង ចាប់តាំងពីឆ្នាំ១៩៩៥ មកដល់​បច្ចុប្បន្ន មជ្ឈមណ្ឌល​បាន​បណ្តុះបណ្តាល​មេធាវីបានចំនួន១២វគ្គ មកហើយ ដោយ​បណ្តុះបណ្តាលមេធាវីបានចំនួន ៦០៨នាក់ និងបើកវគ្គសិក្សាវិជ្ជាជីវៈមេធាវី​ជំនាន់​ទី១៣ នេះចំនួន ៥៤នាក់​ បន្ថែមទៀត។ បច្ចុប្បន្ននេះ មេធាវី​ពេញ​សិទ្ធិដែលកំពុងប្រកប​វិជ្ជាជីវៈមេធាវីចំនួន ៧២៥រូប ហើយបានបើកការិយាល័យ​របស់ខ្លួននៅ​ទូទាំង​ប្រទេសចំនួន ៣០០។​ ការបណ្តុះបណ្តាលនៅមជ្ឈមណ្ឌល​នេះ មិនត្រឹម​តែផ្តោត​លើការ​បណ្តុះបណ្តាលខាងចំណេះដឹង និងចំណេះធ្វើប៉ុណ្ណោះទេ ប៉ុន្តែក៏ជា​ការ​ហាត់ពត់​លត់ដំអត្តចរិតរបស់សិស្សមេធាវីមួយរូបៗ ឱ្យគោរព​បាននូវក្រមសីលធម៌​វិជ្ជាជីវៈ​របស់ខ្លួនផងដែរ។ សមត្ថភាព​របស់មេធាវីត្រូវពង្រឹង​​ទាំងក្នុងការអប់រំ​ដំបូង និងការអប់រំបន្ត​ សំដៅផលិតធនធានមនុស្ស​ក្នុងវិស័យ​យុត្តិធម៌ ដើម្បីចូលរួមចំណែក​ក្នុងការពង្រឹងនីតិរដ្ឋ ការការពារសិទ្ធិ និងសេរីភាពរបស់​ប្រជាពលរដ្ឋ​តាមច្បាប់ជាធរមាន។

ខ្ញុំក៏សូមយកឱកាសនេះ ចូលរួមសប្បាយរីករាយ និង​អបអរសាទរ​ជាមួយ​ក្មួយៗ​សិស្ស​មេធាវីជំនាន់ទី១០ ទី១១​ និងទី១២ ​ដែលទទួលបាន​វិញ្ញាបនបត្រ​សម្បទា​ខាងវិជ្ជាជីវៈមេធាវី បន្ទាប់ពីការខិតខំប្រឹង​ប្រែង​រៀនសូត្រ​រហូតទទួល​បាន​ជោគជ័យ។ វិញ្ញាបនបត្រ​នេះ ពិតជាមានអត្ថន័យ​​យ៉ាងជ្រាលជ្រៅ និងជា​មោទនភាព​​ដ៏ធំធេងរបស់​ក្មួយៗ​ផ្ទាល់ ក៏ដូចជាក្រុមគ្រួសារ និងប្រទេសជាតិទាំង​មូល​ផងដែរ។ ទន្ទឹមនឹងនេះ ខ្ញុំ​ក៏សូមផ្តាំ​ផ្ញើ​ឱ្យក្មួយៗដែលបញ្ចប់ការសិក្សា និងទទួល​​វិញ្ញាបនប័ត្រសម្បទា ខាងវិជ្ជាជីវៈមេធាវី​នាពេលនេះ ត្រូវបន្ត​ខិតខំ​ប្រឹងប្រែង​សិក្សា​ស្រាវជ្រាវ និងធ្វើបច្ចុប្បន្នភាពចំណេះដឹងឱ្យបានទាន់តាមការវិវឌ្ឍ​របស់សង្គម។ ចំណេះដឹងតែមួយមុខគត់ពិតជាមិនគ្រប់គ្រាន់ឡើយ ក្មួយៗ​ត្រូវខិតខំតស៊ូប្រឹងប្រែង ត្រូវ​មាន​គំនិត​ច្នៃ​ប្រឌិត ស្មារតីទទួលខុសត្រូវ វិន័យការងារ សីលធម៌​រស់នៅល្អ និង​ភាព​ជា​ម្ចាស់ការ ទើបយើងអាចទទួលបានជោគជ័យក្នុងអាជីព​​វិជ្ជាជីវៈ។ ចំណេះ​ដឹង និង​ជំនាញបច្ចេកទេស ដែលក្មួយៗ​ទទួល​បាននឹងក្លាយ​ជាដើម​ទុនមួយ សម្រាប់​ការវិនិយោគនា​ពេលអនាគត។ ក្មួយៗត្រូវចេះប្រើប្រាស់​ដើម​ទុនដ៏មាន​​​តម្លៃនេះឱ្យ​បាន​ត្រឹ​ម​ត្រូវ​ប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ វិចារណញ្ញាណ និង​គោរព​សីលធម៌​វិជ្ជាជីវៈរបស់ខ្លួន ដើម្បី​ផ្តល់ផលប្រយោជន៍​ដ​ល់​ខ្លួន​ឯង និងដល់​សង្គមជាតិ​ទាំងមូល។

ជាមួយគ្នានេះ ខ្ញុំសូមលើកទឹកចិត្តឱ្យសិស្សវិជ្ជាជីវៈមេធាវីជំនាន់ទី១៣ បន្ត​ខិតខំ​រៀន​សូត្រ ក្រេបជញ្ជក់យកចំណេះដឹង និងបទពិសោធន៍ល្អៗពីសាស្ត្រាចារ្យ និង​ធ្វើការស្រាវជ្រាវបន្ថែម ដើម្បី​ឱ្យការយល់ដឹងរបស់ក្មួយៗកាន់តែជ្រៅជ្រះ និងទូលំទូលាយ តាមដែលអាចធ្វើ​ទៅបាន​នៅក្នុងអំឡុង​ពេល​​នៃ​ការ​សិក្សា​ ដោយ​សារក្មួយៗបានឆ្លងកាត់​ការប្រឡងប្រជែង​ដ៏តឹងតែង មុននឹងអាចចូល​មក​ទទួល​ការ​បណ្ដុះបណ្ដាលវិជ្ជាជីវៈ​មេធាវី​នៅ​មជ្ឈមណ្ឌលនេះ។ ខ្ញុំមានសង្ឃឹមយ៉ាងមុតមាំថា ក្មួយៗ​ដែលជាមេធាវី និងអនាគតមេធាវី​ នឹងក្លាយជាបញ្ញាជន​ប្រកប​ដោយ​វិចារណញាណ មានមនសិការស្នេហាជាតិមាតុភូមិ និងមានការ​ទទួល​ខុសត្រូវ​ក្នុងការងារ ព្រមទាំង​មាន​សីលធម៌វិជ្ជាជីវៈ​​ខ្ពស់

នេះជាការរួមចំណែកដ៏សំខាន់របស់គណៈមេធាវី ក្នុងគោលនយោបាយ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ផង និងគោលនយោបាយ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​។​ ការងារអប់រំ​បណ្តុះបណ្តាល គឺជាការវិនិយោគរយៈពេលវែង និងចំណាយ​ធនធានច្រើន ហើយលទ្ធផល​ដែល​ទទួល​បាន​ក៏​មានលក្ខណៈជាអរូបីយ៍ ក៏ប៉ុន្តែវា​ជាកត្តា​គន្លឹះដ៏សំខាន់ ដើម្បីបង្កើននូវផលិតភាព និង​ប្រសិទ្ធភាពការងារ សំដៅ​​ធានា​ឱ្យ​បាននូវភាព​ជោគជ័យ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ

របបប៉ុលពត ៣ឆ្នាំ៨ខែ២០ថ្ងៃ បានបំផ្លិចបំផ្លាញខ្ទេចខ្ទីលើគ្រប់វិស័យ ក្នុង​នោះប្រព័ន្ធតុលាការ និងច្បាប់ត្រូវបានលុបបំបាត់ចោលផងដែរ។ ក្នុងរបប​ដ៏យង់​ឃ្នងនេះ ប្រជាពលរដ្ឋ​ទូទៅមិន​ដែល​ហ៊ាន​បញ្ចេញមតិ ទាមទារយុត្តិធម៌ សិទ្ធិ​មនុស្ស សេរីភាព ឬប្រជាធិបតេយ្យ ចំពោះមុខ​រដ្ឋ​អំណាច​អាវខ្មៅនោះទេ ពីព្រោះ​សូម្បីតែសិទ្ធិរស់រានមាន​ជីវិត ដែលជាសិទ្ធិជាមូលដ្ឋាន​របស់មនុស្សក៏គ្មាន​ផង។ ប្រជា​ពលរដ្ឋ​ត្រូវបានធ្វើទារុណកម្ម ដាក់គុក និងសម្លាប់ដោយមិនចាំបាច់មានតុលាការ មេធាវីការពារក្តី ឬសំអាងលើច្បាប់ណានោះទេ ហើយអ្វីដែល​គួរឱ្យកត់​សម្គាល់បំផុតនោះ គឺមិនមាន​ប្រទេស អង្គការសិទ្ធិមនុស្ស ឬគណបក្សណាមួយ ចេញមុខមកការពារប្រជាពលរដ្ឋខ្មែរនោះដែរ គឺមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលបានបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដើម្បីសង្រ្គោះជាតិ និងប្រជាពលរដ្ឋគ្រប់រូបចេញពីរបបប្រល័យ​​ពូជសាសន៍នេះ។ 

ចាប់តាំងពីក្រោយថ្ងៃរំដោះ៧មករា១៩៧៩ កម្ពុជាត្រូវកសាង​ចេញពីបាត​ដៃ​ទទេ ដោយ​ដៃម្ខាង ទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ និងដៃម្ខាង​ទៀតខិតខំ​កសាង​ជាតិពីចំណុចសូន្យ។ ជាមួយគ្នានេះដែរ ការកសាងប្រព័ន្ធច្បាប់ និងប្រព័ន្ធតុលាការ ត្រូវបាន​យកចិត្ត​ទុកដាក់ ដើម្បីធានាសិទ្ធិ សេរីភាព និង​យុត្តិធម៌​សង្គម ជូនប្រជាពលរដ្ឋគ្រប់រូប។ ដើម្បីសម្រេចបាន​នូវគោលដៅនេះ ការពង្រឹង​ស្ថាប័ន​វិជ្ជាជីវៈសេរីជាកត្តាចាំបាច់ ក្នុងនោះស្ថាប័នវិជ្ជាជីវៈមេធាវី​ក៏ត្រូវ​បាន​យកចិត្ត​ទុកដាក់ ​ដើម្បីធានាការពារសិទ្ធិស្មើគ្នា​ចំពោះមុខច្បាប់ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប។

ដោយសារសារៈសំខាន់នៃស្ថាប័នវិជ្ជាជីវៈមេធាវីនេះហើយ ទើប​រាជ​រដ្ឋា​ភិបាល ក្រោមការ​ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតី​តេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា បាននិង​កំពុង​​យក​ចិត្តទុកដាក់​ខ្ពស់ទៅលើការពង្រឹងសមត្ថភាពស្ថាប័ននេះ​​តាមរយៈ​​ការកសាង​ច្បាប់​ស្តីពី​លក្ខន្តិកៈមេធាវី និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ សំដៅ​ដំណើរ​ការ​នៃ​ស្ថាប័ននេះ។ លើសពីនេះទៀត រាជរដ្ឋាភិបាលបានឧបត្ថម្ភគាំទ្រទាំងថវិកា និង​សម្ភារៈ ដោយ​បានកសាង និងផ្តល់អគាររដ្ឋបាលថ្មីមួយ​ដល់គណៈមេធាវី ព្រម​ទាំង​អគារ និងហេដ្ឋារចនា​សម្ព័ន្ធ​រូបវន្តផ្សេងៗមួយចំនួនទៀត។ ជាមួយគ្នានេះដែរ ក្នុង​គោល​ដៅសម្រេចបាននូវការទទួលបានសិទ្ធិ ស្មើគ្នាចំពោះមុខច្បាប់ ជាពិសេស ​សិទ្ធិទទួលបានការពារក្តីដោយស្មើគ្នាចំពោះមុខតុលាការ រាជរដ្ឋាភិបាលបាន​ផ្តល់​ថវិកាចំនួន ៣០០.០០០.០០០ រៀល ក្នុងមួយឆ្នាំ ដល់គណៈមេធាវី ដើម្បីចំណាយក្នុងប្រតិបត្តិការ ផ្តល់ជំនួយ​ផ្នែក​ច្បាប់ជូនជនក្រីក្រជាទូទៅ។

មេធាវីមិនត្រឹមតែមានតួនាទីការពារក្តីជូន​កូនក្ដីនៅគ្រប់​កាលៈទេសៈ​ប៉ុណ្ណោះ​ទេ ប៉ុន្តែមេធាវី​គឺជា​ធនធាន​បញ្ញា ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិផងដែរ ហើយ​​បានក្លាយជាកត្តា​ដែលមិនអាចខ្វះបាន ក្នុងការ​ចូលរួម​អនុវត្តគោលនយោបាយ​កំណែទម្រង់​ច្បាប់​ និងប្រព័ន្ធយុត្តិធម៌ ហើយ​ទទួល​បាន​ការទុកចិត្តពីប្រជាពលរដ្ឋទូទៅ ក៏ដូចជាពាណិជ្ជករផងដែរ ដើម្បីអភិវឌ្ឍ​ប្រទេស​ឱ្យស្របទៅតាមគោលការណ៍ទីផ្សារសេរី និងគោលការណ៍លទ្ធិប្រជា​ធិបតេយ្យ ច្បាប់ និងសេដ្ឋកិច្ចត្រូវ​ដើរ​ទន្ទឹមគ្នា និងមានទំនាក់ទំនងដោយរលូនជាមួយ​គ្នា។ ជាក់ស្តែង​ ការទាក់ទាញ​វិនិយោគិន​ក្នុងស្រុក និងបរទេស ដែល​ជា​កត្តាចម្បងក្នុងការជំរុញកំណើន​សេដ្ឋកិច្ចជាតិ​នោះ អាចទទួលបានជោគជ័យ ត្រូវពឹង​ផ្អែកទៅ​លើកត្តា​ជាច្រើន ដែលក្នុងនោះទំនុកចិត្តទៅលើប្រព័ន្ធ​ច្បាប់និង​ប្រព័ន្ធ​យុត្តិធម៌​ ជាកត្តាអាទិភាពមួយ ដើម្បី​ធានា​ការពារផលប្រយោជន៍ស្របច្បាប់របស់​អ្នកវិនិយោគ​។

ដូច្នេះ មេធាវីត្រូវប្រកាន់ខ្ជាប់នូវតួនាទីរបស់ខ្លួន​ក្នុងការតំណាង និងការ​ការ​ពារសិទ្ធិរបស់កូនក្ដី ទោះក្នុងគោលដៅ​ការពារ​ប្រយោជន៍ឯកជន​ស្របច្បាប់​របស់​អតិថិជន​របស់ខ្លួន ក៏ដូចជាការការពារ​ផល​ប្រយោជន៍ទូទៅរបស់សង្គម។ លើស​ពីនេះ មេធាវី​ត្រូវប្រកាន់​ឱ្យបាន​ខ្ជាប់ខ្ជួនផងដែរនូវក្រមសីលធម៌​​វិជ្ជាជីវៈ ដើម្បីធានាថា​វិធីសាស្ត្រ​នៃការអនុវត្តវិជ្ជាជីវៈ​របស់​ខ្លួន​ត្រូវបានធ្វើឡើង ដោយ​​​​​មានក្រឹត្យក្រម និង​ការទទួល​ខុស​ត្រូវខ្ពស់។ មេធាវីដែលល្អ គឺមេធាវី​ ដែលមានសមត្ថភាព មានមនសិការ មានសីលធម៌ល្អ ស្អាតស្អំ និងគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ។

ឆ្លៀតឱកាសដ៏មានសារៈសំខាន់នេះ ខ្ញុំស្នើឱ្យ​គណៈមេធាវី និងមជ្ឈ​មណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈមេធាវី បន្តបេសកកម្មដ៏ប្រពៃរបស់ខ្លួន ដើម្បី​បន្ត​ចូល​រួមចំណែ​កក្នុង​ការអនុវត្ត​គោល​នយោបាយ​​​​កំណែទម្រង់ប្រព័ន្ធច្បាប់ និង​យុត្តិធម៌​របស់​រាជរដ្ឋាភិបាល។ ក្នុងន័យនេះ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មេធាវី គួរផ្តោត​ការយកចិត្តទុកដាក់​ក្នុងការពង្រឹង​សមត្ថភាព​ស្ថាប័ន តាមរយៈ​ការធ្វើ​ទំនើបកម្មនៃ​កម្មវិធី​សិក្សា​របស់ខ្លួនឱ្យមានកម្រិតកាន់តែខ្ពស់ ការបង្កើនសមត្ថភាព​សាស្រ្តាចារ្យ ទាំងទ្រឹស្ដីនិង​ការ​អនុវត្តការងារជាក់ស្ដែង។ ជាមួយ​គ្នានេះដែរ គណៈមេធាវី ក៏ដូចជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី គួរពង្រឹង​ និង​ពង្រីក​​ទំនាក់ទំនង​ល្អ​ជាមួយ​ស្ថាប័ន​ច្បាប់​ជាតិ និង​អន្តរជាតិ ទាំងស្ថាប័ន​សាធា​រណៈ និងឯកជន បន្ថែមទៀត ជាពិសេស គណៈមេធាវី​ និង​​ក្រុមហ៊ុន​មេធាវី​ល្បីៗ​ក្នុងសកលលោក ដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធន៍ទៅ​វិញ​ទៅ​មក​។

ទន្ទឹមនឹង​នេះ ខ្ញុំសូមថ្លែងអំណរគុណចំពោះ​ដៃគូសហប្រតិបត្តិការទាំងអស់​របស់​គណៈមេធាវី និង​​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈមេធាវី ដែលបានផ្តល់ការ​ឧបត្ថម្ភ​​គាំទ្រ​ទាំងស្មារតី ថវិកា និងសម្ភារៈ និង​សូមអំពាវនាវ​ឱ្យ​ដៃគូទាំង​អស់​បន្តការ​គាំទ្រតទៅទៀត។

ជាថ្មីម្តងទៀត ខ្ញុំសូមកោតសរសើរដល់ថ្នាក់ដឹកនាំ និងបុគ្គលិក​ទាំងអស់​របស់​គណៈមេធាវី និងមជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈមេធាវី ដែលបានខិតខំ​ប្រឹង​ប្រែង​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ក្នុង​វិជ្ជាជីវៈមេធាវី​រហូត​ទទួល​​បានលទ្ធផល​ល្អគួរ​ជាទីមោទនៈនាពេលនេះ​ ហើយខ្ញុំ​សង្ឃឹមយ៉ាងមុតមាំថា គណៈមេធាវី និង​មជ្ឈមណ្ឌល​​បណ្តុះបណ្តាល​វិជ្ជាជីវៈមេធាវី នឹងបន្តកិច្ចខិតខំប្រឹងប្រែង​​របស់ខ្លួន​ឱ្យ​​បានកាន់តែប្រសើរ​ថែម​ទៀត ដើម្បីសម្រេចបានជោគជ័យថ្មីៗទៀតសម្រាប់ជាតិ​មាតុភូមិយើង។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ថ្នាក់​ដឹកនាំ សមាជិក សមាជិកា និងបុគ្គលិកទាំងអស់របស់គណៈមេធាវី និង​មជ្ឈ​មណ្ឌល​​​បណ្តុះបណ្តាល​វិជ្ជាជីវៈមេធាវី ព្រម​ទាំង​សាស្ត្រាចារ្យ ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ សហភាតានៃ​គណៈមេធាវី និង​ក្មួយៗ​ជា​សិស្សមេធាវី​ទាំងអស់ សូមមាន​សុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច និង​មាន​សុភមង្គល ក្នុងក្រុមគ្រួសារ។
សូមអរគុណ!

សុន្ទរកថា លោកមេធាវី ប៊ុន ហុន ប្រធាន​គណៈ​មេធាវី នៃកម្ពុជា ក្នុង​ពិធី​​បិទ​​វគ្គ​ ប្រគល់​វិញ្ញា​​បន​​បត្រ​​សម្បទា​​​ខាង​​វិជ្ជា​ជីវៈ​មេធាវី​​​ដល់​​សិស្ស​មេធាវី​





ការ​ប្តេជ្ញាចិត្ត និង​ថ្លែង​អំណរ​គុណ​ របស់​តំណាង​សិស្ស​មេធាវី ជំនាន់ទី១០ ទី១១ ទី១៣ និងទី១៣ ក្នុង​ពិធី​បិទ​វគ្គ​ ប្រគល់​វិញ្ញា​បន​បត្រ​សម្បទា​​ខាង​វិជ្ជា​ជីវៈមេធាវី​​ដល់​​សិស្ស​មេធាវី​




ក្រុុមការងារ​ចចារ​គណបក្ស​ប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិនិងធ្វើការងារជាមួយគ្នា នៅរសៀលថ្ងៃនេះ

ក្រុុមការងារ​ចចារ​គណបក្ស​ប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិនិងធ្វើការងារជាមួយគ្នា នៅរសៀលថ្ងៃអង្គារ៍ ទី២៩ កក្កដា ២០១៤ វេលាម៉ោង​១៤ : ០០ នាទី​សម្រាប់ធ្វើ​វិសោធនកម្ម​ផ្ទៃក្នុង​ រដ្ឋសភា នឹងផ្តើមពិភាក្សាការងារ នៅវិមាន រដ្ឋសភា ។

សមាសភាពក្រុមចចារ​គណវក្សទាំងពីរ ម្ខាង​មានចំនួន​០៦រូប ។ សមាសភាព​ខាងគណបក្ស ប្រជាជនកម្ពុជា​ ដឹកនាំដោយ ឯកឧត្តម ឈាង វុន ចំណែកខាងគណបក្ស សង្រ្គោះជាតិ ដឹកនាំ​ដោយ ឯកឧត្តម ញ៉ែម បុញ្ញឫទ្ធិ។

សារលិខិត សម្តេច​អគ្គ​មហា​សេនា​​បតី​តេជោ ហ៊ុន សែន ជូន​ប្រធា​នា​ធិបតី ជាប់​ឆ្នោត​ សាធារណ​រដ្ឋ​​ឥណ្ឌូណេស៊ី


Samdech Techo HUN SEN's Congratulations to President-elect of the Republic of Indonesia.