Saturday, August 2, 2014

សេចក្តី​​ថ្លែង​​ការណ៍​​របស់​​អង្គភាព​​ព័ត៌មាន និង​​ប្រតិកម្ម​រហ័ស ទាត់​​ចោល​​សេចក្តី​ថ្លែង​​ការណ៍​​របស់​គណបក្ស​​សង្គ្រោះ​​ជាតិ​ ចុះ​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០១៤ ពាក់​ព័ន្ធ​​នឹង​​ការ​​នាំ​​ខ្លួន​​សកម្មជន​​៣រូប និង​​ដីកា​កោះ​ហៅ​​បេក្ខជន​​តំ​ណាង​​រាស្ត្រ​ជាប់​​ឆ្នោត​​មួយ​​ចំ​នួន



សុន្ទរកថា ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ថ្លែង​ក្នុង​ឱកាស​ពិធី​បើក​សន្និសីទ​អន្តរ​ជាតិ​លើក​ទី៥​ស្តីពី «ភាព​ជា​អ្នក​ដឹក​នាំ​ នៃបញ្ញវន្​តឆ្នើមឆ្នាំ​២០១៤» ក្រោម​ប្រធាន​បទ «រៀនគិត រៀប​ផែនការ អនុវត្ត»

ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១នៅសណ្ឋាគារ Sofitel

 -ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍
-ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
-ឯកឧត្តមហង់ជួនណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា
- ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងជាប្រធាន​សហភាព​សហព័ន្ធ​យុវជនកម្ពុជា​
- លោកស្រី Janice Leong នាយកប្រចាំតំបន់អាស៊ីតំណាងអង្គការHumanitarian Affairs UK
‑ ឯកឧត្តម លោក​ជំទាវ លោក​ឧកញ៉ា អស់លោក លោក​ស្រី ភ្ញៀវកិត្តិយស​ជាតិ និង​អន្តរជាតិ
‑ អង្គសន្និសីទទាំង​មូលជាទីមេត្រី!

ជាបឋម ខ្ញុំសូមសម្ដែងនូវគារវកិច្ចយ៉ាងកក់ក្ដៅបំផុតចំពោះឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងក្មួយៗយុវជនទាំងអស់។ ថ្ងៃនេះ ខ្ញុំមានកិត្តិយស និងសេចក្តីរីករាយក្រៃលែងដោយ​បាន​​​ចូលរួមជា​មួយអ្នកទាំងអស់គ្នាក្នុងពិធីបើកសន្និសីទអន្តរជាតិលើកទី៥​ស្តីពី«ភាពអ្នកដឹកនាំនៃបញ្ញវន្តឆ្នើមឆ្នាំ២០១៤»ក្រោម​ប្រធានបទ«រៀនគិត រៀបផែនការ អនុវត្ត» (Dream It. Plan It. Do It.) ដ៏មានសារៈសំខាន់នា​ពេលនេះ។

ខ្ញុំសូមសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះអ្នកចូលរួមមកពី​ទូទាំងពិភពលោកទាំងអស់​​មក​កាន់​​ព្រះរាជាណាចក្រកម្ពុជា!

ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា​​​​ និង​ខ្លួន​ខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណចំពោះអង្គការ HumanitarianAffairs UKដែលបានសម្រេច​រៀបចំ​សន្និសីទ​អន្តរជាតិលើក​​ទី៥ ស្តីពី «ភាពជាអ្នកដឹកនាំ​នៃបញ្ញវន្ត​ឆ្នើម ឆ្នាំ២០១៤»ពីថ្ងៃទី០១-០ ខែសីហា ឆ្នាំ២០១៤ នៅរាជធានី​ភ្នំពេញ។ ខ្ញុំមានក្ដីសោមនស្សរីករាយ​ឥត​ឧបមា នៅពេល​ដែល​ប្រទេសកម្ពុជា​កំពុង​ពង្រឹង​ទំនាក់ទំនងរបស់ខ្លួន​បន្ថែមទៀតជាមួយ​នឹងថ្នាក់ដឹកនាំយុវជន​​មកពី​ទូទាំងពិភពលោក​តាមរយៈ​សន្និសីទ​អន្តរជាតិនេះ។

អ្នកពាក់ព័ន្ធជាច្រើន បានចូលរួមក្នុង​ការពិភាក្សា និងពិគ្រោះយោបល់អស់រយៈពេលដ៏យូរ ដើម្បី​រៀបចំ​សន្និសីទនេះឡើង។ ខ្ញុំសូមសម្តែងនូវការ​កោត​​​​​​សរ​សើរ​​ និង​​​វាយតម្លៃខ្ពស់ចំពោះក្រសួងទេសច​រណ៍​ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងបរិស្ថាន សហភាព​សហព័ន្ធ​យុវជន​កម្ពុជានិងស្ថាប័ន-ពាក់ព័ន្ធ សម្រាប់កិច្ចខំប្រឹងប្រែងសហការដ៏ល្អ ក្នុងការ​រៀប​​​ចំ​ព្រឹត្តិការណ៍សន្និសីទអន្តរជាតិ​នេះ។​​​

សន្និសីទអន្តរជាតិលើកទី៥នេះ គឺជាវេទិកាមួយសម្រាប់យុវជនឆ្នើម​ដែលមកពី​ប្រទេស​នានា​​​ជុំវិញ​ពិភព​លោក រួមទាំងកម្ពុជាផងដែរ ដើម្បីពិភាក្សា ផ្លាស់ប្តូរមតិយោបល់ និងទទួលយកនូវចំណេះដឹងថ្មីៗ និង​បទពិសោធន៍​ល្អៗជាមួយវាគ្មិនដែលសុទ្ធសឹងតែជាបុគ្គលឆ្នើម និង​ពោរពេញទៅដោយ​បទពិសោធន៍​ទាក់​ទង​នឹងការងារសង្គម បរិស្ថាន និងការអភិវឌ្ឍសហគមន៍។

សន្និសីទនេះគឺជាឱកាសដ៏មាន​អត្ថប្រយោជន៍មួយ សម្រាប់ការអភិវឌ្ឍខ្លួនឯងការអភិវឌ្ឍសហគមន៍ និងប្រទេសជាតិ ព្រមទាំងជំរុញឲ្យយុវជនចេះរៀបចំផែនការច្បាស់លាស់ ឈានទៅអនុវត្តជា​សកម្មភាព​ជាក់​ស្តែងប្រកបដោយប្រសិទ្ធភាពដែលនេះគឺ​ជាកត្តាកំណត់​ដើម្បី​ទទួល​បានជោគជ័យក្នុងជីវិតនា​ពេល​អនាគត​​ស្របតាមទស្សនទាន យុវជនជាសសរទ្រូងនៃការអភិវឌ្ឍ និង យុវជនជា​ទំពាំង​ស្នង​ឬស្សី

ចាប់តាំងពីការបង្កើតរហូតដល់បច្ចុប្បន្នសហភាពសហព័ន្ធយុវជនកម្ពុជា បាននិងកំពុងអនុវត្ត​ការងារ​​គួរឱ្យកត់សម្គាល់ និងបង្កើតនូវទំនាក់ទំនងសំខាន់ៗប្រកប​ដោយចីរភាពជាមួយ​នឹងបណ្ដា​សហគមន៍​នានា​ជាច្រើន។ សន្និសីទនេះគឺជាសក្ខីភាពតំណាងឱ្យយុទ្ធនាការ និងសកម្មភាព​ថ្មីៗ​របស់សហភាព ដែល​ខ្ញុំតែងតែរីករាយនឹងចូលរួម។

- ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី គណៈប្រតិភូ ភ្ញៀវជាតិ និងអន្តរជាតិ​ជាទី​មេត្រី!

អង្គសន្និសីទទាំងមូល​នឹងមើលឃើញថា ប្រទេសកម្ពុជាគឺជាប្រទេសអច្ឆិរយៈ​មួយ​នៅអំឡុង​ពេល​ស្នាក់​​នៅទីនេះ។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី គណៈប្រតិភូទាំង​អស់ ប្រាកដជានឹងឆ្លៀតឱកាសនេះ ដើម្បីធ្វើដំណើរទស្សនកិច្ចទៅកាន់រមណីយដ្ឋាន​អង្គរជា​បេតិកភណ្ឌ​ពិភពលោក ដែលជាសាក្ខីភាពដ៏អស្ចារ្យមួយនៃនវានុវត្ត និងការច្នៃប្រឌិតរបស់មនុស្សជាតិ បន្សល់ទុក​ដោយ​បុព្វបុរស​ខ្មែរយើង។ ទើបតែម្សិលមិញនេះ យើងបានឮអំពីលទ្ធផលនៃការស្ទង់មតិមួយ​ស្ដីពី​ទីក្រុងល្អបំផុត​របស់ពិភពលោក ធ្វើឡើង​ដោយគេហទំព័រដ៏ល្បីមួយគឺ Travel + Leisure ដែល​នៅក្នុងនោះ ជាលើកទីមួយហើយ​ដែលទីក្រុងសៀមរាបស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ៤ ក្នុងចំណោម​ទីក្រុងល្អបំផុតទាំង១០ របស់ពិភពលោក (ដោយឈរពីក្រោយទី​ក្រុង Kyoto, Charleston និង​ Florence)។

ជាក់ស្ដែង កាលពីឆ្នាំ២០១៣ កន្លងទៅនេះ យើងបានទទួលភ្ញៀវទេសចរពីទូទាំងពិភពលោកចំនួន ៤,​២​លាន​នាក់ ដែលបានបង្កើតជាប្រាក់ចំណូលបាន ២,​៥ពាន់លានដុល្លារ ស្នើនឹង ១៦% នៃផលិតផល​ក្នុងស្រុកសរុប​របស់កម្ពុជា ហើយយើងសង្ឃឹមថា ចំនួនភ្ញៀវទេសចរនេះនឹងកើនឡើង​ដល់ ៥លាននាក់ នៅឆ្នាំ២០១៤។ឆ្នាំនេះគឺជាឆ្នាំ ដែលកម្ពុជាសម្រេច​បាន​នូវសមិទ្ធផល​មួយដ៏ធំធេង នោះគឺការបញ្ជូនត្រឡប់មកវិញនូវបដិមា​នា​សតវត្សទី១០ ​ចំនួន ៥ ដែលត្រូវបានគេលួចប្លន់​នៅអំឡុងទសវត្សទី៧០ នៅអំឡុងពេលមានសង្គ្រាម​ក្នុង​ប្រទេស។ បន្ទាប់ពីរយៈពេល ៤០ឆ្នាំមក បដិមាទាំង ៥ បានវិលត្រឡប់មកកាន់ទីឋាន​កំណើត​របស់​ខ្លួន​វិញ បន្ទាប់កិច្ចខិតខំរួមគ្នា​របស់រាជរដ្ឋាភិបាលកម្ពុជា សហការជាមួយ​នឹងរដ្ឋាភិបាលនិងរដ្ឋអាជ្ញាអាមេរិក។ កានពីខែមុន អគ្គនាយកអង្គការយូណេស្កូ លោកស្រី Irina Bokova បានមានប្រសាសន៍អំពី «ជោគជ័យដ៏​មហស្ចារ្យ» នេះ នៅអំឡុងពេលថ្លែងសុន្ទរកថារបស់លោកស្រី នៅឯពិធីបើកកិច្ចប្រជុំរដ្ឋភាគីនៃអនុសញ្ញា​ឆ្នាំ​១៩៧០ ស្ដីពីការហាមប្រាម និងការទប់ស្កាត់ការនាំចូល ការនាំចេញ និងការបញ្ជូន​ដោយខុសច្បាប់​នូវ​សម្បត្តិ​វប្បធម៌។

ចំពោះបេតិកភណ្ឌវប្បធម៌ ប្រទេសកម្ពុជាមាន​ស្នាដៃជាច្រើនសម្រាប់ការទស្សនា ដូចជា​ ការសម្ដែងសិល្បៈ សូត្រ​ប្រណីត ចម្លាក់ប្រាក់ និងសិប្បកម្មប្រពៃណីផ្សេងៗទៀតជាច្រើន ដែលទាំងអស់​នេះ​គឺជា​ផ្នែកនៃបេតិកភណ្ឌអរូបីដ៏រស់រវើករបស់កម្ពុជា។ របាំព្រះរាជទ្រព្យ និងល្ខោនស្បែកធំត្រូវបានចុះ​ក្នុងបញ្ជី​ជា​បេតិកភណ្ឌអរូបីពិភពលោក​របស់អង្គការយូណេស្កូ។ ប្រជាជនកម្ពុជាយើងជឿជាក់ថា បេតិកភណ្ឌ​របស់យើង តំណាងឱ្យដួងព្រលឹង និងវប្បធម៌​នៃមនុស្សខ្មែរសម័យបុរាណ ហើយមានបង្កប់នូវ​រឿង​ព្រេងពាក់ព័ន្ធ​នឹង​ដើម​កំណើត​ប្រទេសកម្ពុជាផងដែរ។ យើងទាំងអស់គ្នា​ដឹងហើយថា ភាពសម្បូរបែបនៃវប្បធម៌នេះហើយ​គឺជា​អ្វី​ដែល​ធ្វើឱ្យប្រទេសកម្ពុជាមានភាពរុងរឿង។ បេតិកភណ្ឌ មិនថារូបី អរូបី ឬឯកសារ ត្រូវតែ​ទទួល​បាន​នូវ​ការ​ថែរក្សា និង​អភិរក្ស ពីព្រោះថា បេតិកភណ្ឌគឺជាអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល​របស់​យើង​ទាំងអស់​គ្នា។

 យុវជន ដែល​ដឹកនាំ​ដោយសហភាពសហព័ន្ធយុវជនកម្ពុជា​បានចូលរួមយ៉ាងសកម្ម និងមុះមុតនៅក្នុងការ​គ្រប់គ្រងបេតិកភណ្ឌ ទេសចរណ៍ប្រកប​ដោយចីរភាព និងការអភិវឌ្ឍសហគមន៍ ដោយបង្កើតនូវទំនាក់​ទំនងថ្មីៗ​រវាងសង្គមនិងរមណីយដ្ឋានបេតិកភណ្ឌពិភពលោក ដែលក្នុងនោះ​យុវជនដើរតួនាទីយ៉ាងសំខាន់​បំផុត​នៅក្នុងសហគមន៍ ដែលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍ និងភាពរុងរឿង​នៃសេដ្ឋកិច្ចសង្គម។ ជាមួយ​នឹងគោលដៅរបស់ពួកគេ យុវជនបានគិតគូរអំពីគោលដៅ បានរៀបចំផែនការសម្រាប់គោលដៅ ហើយឥឡូវ​នេះ យុវជនបាននិងកំពុងអនុវត្តគោលដៅនោះ។ ខ្ញុំសូមបន្ថែមនូវឃ្លាមួយទៀតគឺ យុវជនកំពុងធ្វើឱ្យគោល​ដៅ​​នោះស្ថិតស្ថេរគង់វង្សយូរអង្វែង។

ពិតណាស់ថា ការជួបជុំគ្នាថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យជ្រាលជ្រៅ ឆ្លុះបញ្ចាំងឲ្យឃើញនូវការបន្តយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍយុវជន និងការលើកកំពស់តួនាទីយុវជនក្នុងការងារអភិវឌ្ឍសហគមន៍ និងប្រទេសជាតិ។​ ព្រឹត្តិការណ៍នេះក៏ជាកាសមួយបង្ហាញពិភពលោកឲ្យឃើញថាកម្ពុជាកំពុងស្ថិតនៅលើវិធីដ៏ត្រឹមត្រូវឆ្ពោះទៅកាន់សុខសន្តិភាព វិបុលភាព និងការអភិវឌ្ឍតាមរយៈនយោបាយ​ឈ្នះ-ឈ្នះរបស់សម្តេចអគ្គមហាសេនាបេតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលបានធ្វើការផ្សះផ្សារ បង្រួបបង្រួម និងឯកភាពជាតិ ដោយពុំមានការបង្ហូរឈាម ដែលបានធ្វើឲ្យ​កម្ពុជា​ទទួលបានសន្តិភាពពេញលេញដែលពុំធ្លាប់មានក្នុងរយៈកាលប្រមាណ ៥០០ ឆ្នាំចុងក្រោយនេះ។

ក្នុងរយៈពេលជាងមួយទសវត្សចុងក្រោយនេះកម្ពុជាបានឆ្លងកាត់​នូវ​ការវិវត្តន៍យ៉ាងច្រើន​មិនត្រឹម​តែ​​ក្នុង​​ទិដ្ឋភាព​នយោបាយនិងសន្តិសុខប៉ុណ្ណោះទេប៉ុន្តែថែមទាំងមាន​ការប្រែប្រួល​រីកចំរើនក្នុង​ទិដ្ឋភាព​​​សេដ្ឋកិច្ចនិង​សង្គម​ផងដែរ។ កម្ពុជាមានការផ្លាស់ប្តូរ​រូបភាព​​យ៉ាង​ឆាប់រហ័សពីអ្វីដែលធ្លាប់ស្គាល់​ថាជា​ទឹកដី​នៃ​វាលពិឃាត​ប្រល័យពូជសាសន៍ប៉ុលពត ដែលការអភិវឌ្ឍ​ធ្លាក់ដល់កម្រិតសូន្យមកជា​កម្ពុជា​មួយ​ដែលមាន​សុខសន្តិភាពស្ថិរភាពនយោបាយមានសន្តិសុខសុវត្ថិភាពពេញលេញនិងមានការ​អភិវឌ្ឍ​រីកចំរើនលើ​គ្រប់​វិស័យប្រកបដោយក្តីសង្ឃឹមឆ្ពោះទៅរកអនាគត​មួយដ៏រុងរឿងនិងត្រចះត្រចង់ និងបាននិង​កំពុង​ដើរតួនាទី​យ៉ាងសកម្មនៅលើឆាកអន្តរជាតិ និងតំបន់។

- ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី គណៈប្រតិភូ ភ្ញៀវជាតិ និងអន្តរជាតិ​ជាទី​មេត្រី!
- ក្មួយៗយុវជន ជាទីស្នេហា!

សុខសន្តិភាព និងស្ថិរភាពនយោបាយគឺជាមូលដ្ឋានដ៏រឹងមាំ​សម្រាប់ធានាបាននូវការអភិវឌ្ឍ​លើ​គ្រប់​វិស័យ សំដៅលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ជាក់ស្តែង ក្នុងឆ្នាំ២០១៣ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ច ៧,៦% ហើយកំណើននេះត្រូវបានប៉ាន់ស្មានថាស្ថិតក្នុងរង្វង់ពី ៧% ទៅ ៨% នៅឆ្នាំបន្ទាប់។ ផ្អែកលើកំណើនដ៏ខ្ពស់នេះ កម្ពុជាទទួលបានកំណត់ត្រាជាប់ចំណាត់ថ្នាក់ទី៥ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ដែលអាចសម្រេចបានគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍។ លើសពីនេះទៀត កម្ពុជានឹងក្លាយជាប្រទេសដែលមានប្រាក់​ចំណូលមធ្យមកម្រិត​ទាប​ក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ និងឈានទៅជាប្រទេសដែលមានប្រាក់ចំណូល​មធ្យមកម្រិតខ្ពស់​នៅ​ឆ្នាំ២០៣០។ សមិទ្ធផល​ដ៏ថ្លៃថ្លានេះអាចសម្រេចទៅបានអាស្រ័យដោយផ្តើមចេញពីឆន្ទៈ និងសមត្ថភាព​ដឹកនាំរបស់​​រាជរដ្ឋាភិបាល និងការចូលរួមប្រកបដោយការទទួលខុសត្រូវពីផ្នែកឯកជន និងប្រជាពលរដ្ឋ​គ្រប់លំដាប់ថ្នាក់ តាមរយៈការយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញកិច្ចអភិវឌ្ឍលើគ្រប់វិស័យ។

យើងទាំងអស់គ្នានឹងធ្វើដំណើរដល់ឆ្នាំ២០១៥ ក្នុងរយៈពេលដ៏ខ្លីខាងមុខ ដែលជាឆ្នាំកំណត់​នៃការ​សម្រេចឱ្យបាន​នូវគោលដៅអភិវឌ្ឍន៍សហសវត្សរ៍របស់អង្គការសហប្រជាជាតិ ដែលក្នុងនោះរួមមាន​គោល​ដៅ​ជាអន្តរជាតិចំនួន ៨ ផ្ដោតលើការអភិវឌ្ឍ​ជីវភាពប្រជាពលរដ្ឋប្រកប​ដោយចីរភាព។
កម្ពុជាបានសម្រេចនូវវឌ្ឍនភាពសំខាន់ៗជាច្រើនដោយសម្រេច​បាន​នូវគោល​ដៅ​អភិវឌ្ឍន៍សហសវត្សរ៍នៅក្នុងវិស័យជាច្រើន រួមមានការកាត់បន្ថយអត្រានៃភាពក្រីក្រការកាត់បន្ថយអត្រាមរណភាពកុមារ  និងការធ្វើ​ឱ្យ​​ប្រសើរ​​ឡើង​សុខភាពមាតា។ ដោយឡែក ចំពោះការអប់រំជាមូលដ្ឋានកម្ពុជានឹងសម្រេចបាននូវសន្ទស្សន៍សំខាន់ៗ។

- ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី គណៈប្រតិភូ ភ្ញៀវជាតិ និងអន្តរជាតិ​ជាទី​មេត្រី!

          យុវជនជាថ្នាក់ដឹកនាំដែលមកជួបជុំគ្នា​នៅថ្ងៃនេះ ប្រហែលជាអាចដើរតួនាទីនាំមុខយ៉ាងសំខាន់​ក្នុង​ការសម្រេចឱ្យបាននូវគោលដៅអភិវដឌ្ឍន៍សហសវត្សរ៍ទាំងនេះ។ ខ្ញុំសូមស្នើឱ្យយុវជនគ្រប់រូប​យកអ្វីដែលខ្លួនបាន​រៀន​ពីសន្និសីទនៅថ្ងៃនេះ ទៅអនុវត្តឱ្យបានល្អបំផុត សម្រាប់ខ្លួនឯង និងបុព្វហេតុរួម​នៃប្រជាពលរដ្ឋទូទៅ និង​សហគមន៍ទាំងមូល។

          នៅពេលដែលខ្ញុំបានឃើញក្មួយៗយុវជនទាំងអស់ ដែលមកចូលរួម​ក្នុងសន្និសីទនៅថ្ងៃនេះ ខ្ញុំពិតជា​មាន​សេចក្ដីសោមនស្សជាខ្លាំង ដោយបានឃើញចរិតលក្ខណៈយុវជនរបស់ក្មួយៗគឺ ពោរពេញដោយ​ថាមពល សុខភាពបរិបូរណ៍ ក្ដីរំភើបរីករាយ ភាពក្លៀវក្លា និងគំនិតច្នៃប្រឌិត។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្មួយៗ​​យុវជនទាំងអស់នឹងអាចសម្រេចបាន​នូវសមិទ្ធផលជាច្រើន តាមរយៈការកសាងភាព​ជា​អ្នក​ដឹកនាំយុវជនរួមគ្នា និងក្នុងភាពជាដៃគូជាមួយអង្គការយុវជន មនុស្សពេញវ័យ និងសហគមន៍ដទៃទៀត។

ប្រធានបទ ដែលយកមកពិភាក្សា​នៅថ្ងៃនេះ សុទ្ធសឹងជាប្រធានបទសំខាន់ និង​កំពុងទទួលបានការចាប់អារម្មណ៍​ខ្លាំងពីមជ្ឍដ្ឋាននានា​នៅជុំវិញ​ពិភព​លោកហើយខ្ញុំសង្ឃឹមជឿជាក់ថា ផ្លែផ្កានៃកិច្ចពិភាក្សានេះ​នឹងអាចជាដំណោះ​ស្រាយ​ប្រកបដោយប្រសិទ្ធភាពមានលក្ខណៈស៊ីជម្រៅ រួមចំណែកដោះស្រាយបញ្ហាប្រឈម​នានាពាក់ព័ន្ធនឹងការអភិវឌ្ឍសមត្ថភាពយុវជន និងការពង្រឹងតួនាទីយុវជនក្នុង​ការងារសង្គម និងបរិស្ថាន។

-ក្មួយៗយុវជនជាទីស្រឡាញ់!

ដើម្បីរួមចំណែកដល់ការដោះស្រាយបញ្ហាប្រឈមទាំងនេះ ខ្ញុំសូមផ្តល់ជាគំនិតខ្លះដែលជាធាតុចូល​សម្រាប់​ការពិភាក្សា​ក្នុងអង្គសន្និសីទទាំងមូល ដូចខាងក្រោម៖

ទី១៖ យើងគួរតែធ្វើការរួមគ្នាដោយភាពសុខដុម។ យើងទាំងអស់គ្នា ដែលជាមេដឹកនាំបច្ចុប្បន្ន​ បាន​កសាងសង្គមជាតិពីបាតដៃទទេ ដើម្បីព្យាយាមសម្រេចឱ្យបាន​នូវគោលដៅអភិវឌ្ឍន៍សហសវត្សរ៍ បន្ទាប់ពីឆ្លងកាត់​​ជម្លោះ សង្គ្រាមស៊ីវីល អំពើហិង្សា និងរបបប្រល័យពូជសាសន៍ ជាច្រើនទសវត្ស។ មេដឹកនាំបច្ចុប្បន្នបានកសាងសន្តិភាព សន្តិសុខ និងស្ថិរភាព ប្រកប​ដោយជោគជ័យ។ យើងបានសម្រេច​នូវវឌ្ឍនភាពជាច្រើន ដើម្បីអភិវឌ្ឍសង្គមរបស់យើង និងសុខមាលភាពរបស់ប្រជាពលរដ្ឋ ហើយយើងគួរតែបន្តធ្វើបែបនេះឱ្យកាន់​តែសកម្មថែមទៀត ដើម្បីធ្វើការផ្លាស់ប្ដូរឱ្យកាន់តែប្រសើរថែមទៀត តាមរយៈកំណែទម្រង់ស៊ីជម្រៅ។ ដោយឈរលើមូលដ្ឋាន​នៃបទពិសោធន៍នេះ ខ្ញុំសូមជំរុញឱ្យក្មួយៗយុវជនជំនាន់ក្រោយ ធ្វើ​ការរួមគ្នាដើម្បីពង្រឹង​លទ្ធិ​ប្រជា​ធិប​តេយ្យ​ នីតិរដ្ឋ ដើម្បីរក្សាឱ្យបាន​នូវសមិទ្ធផលសន្តិភាព និងស្ថិរភាពដ៏ត្រចះត្រចង់ទាំងអស់នេះ។

ទី២៖ នៅពេលដែលយើងគិតអំពីបញ្ញវន្តឆ្នើម និងភាពជាអ្នកដឹកនាំ យើងនឹងគិតដល់តួនាទី​នៅក្នុង​សង្គម ដែលអាចបង្ហាញតាមរយៈ ភាពចាស់ទុំ គតិបណ្ឌិត និងការឆ្លុះបញ្ចាំង។ នៅក្នុងសង្គមកម្ពុជា ក៏ដូចជា​នៅក្នុងសង្គមអាស៊ីដទៃទៀត បញ្ញវន្តតែងតែទទួលបាន​នូវការគោរពជាខ្លាំង ដោយហេតុនេះពួកគេមាន​ការទទួល​ខុសត្រូវខ្ពស់ ក្នុងការចែករំលែកបទពិសោធន៍ ដើម្បីជួយដោះស្រាយបញ្ហាសង្គម និងដើរតួនាទី​គំរូ​ភាព​ជាអ្នកដឹកនាំ។

ទី៣៖ ជាទីបញ្ចប់ ខ្ញុំសូមធ្វើការពង្រីក​បន្ថែមបន្តិចលើប្រធានបទ​នៃសន្និសីទ «រៀនគិត រៀបផែនការអនុវត្ត»។ ពាក្យទាំងនេះគឺជាការជំរុញទឹកចិត្តដល់យុវជនរបស់យើង ឱ្យមានសេចក្ដីប៉ងប្រាថ្នាខ្ពស់។ ប៉ុន្តែ ការប្រែក្លាយ​គំនិតប៉ងប្រាថ្នាទាំងនេះឱ្យទៅជាតថភាព ទាមទារឱ្យឆ្លងកាត់នូវជំហានជាច្រើន។ បើនិយាយ​តាម​ទិដ្ឋភាពរបស់រដ្ឋាភិបាល យើងអាចមើលឃើញថា យើងត្រូវផ្លាស់ប្ដូរពី «ការរៀនគិត (Dream Itឬចក្ខុវិស័យ ទៅជា «ការរៀបផែនការ (Plan It)»តាមរយៈការបង្កើតយុទ្ធសាស្ត្រ គោលនយោបាយ ផែនការមេ ផែនការសកម្មភាព និងកាលបរិច្ឆេទសកម្មភាពការងារ ហើយចុងក្រោយទៅជា «ការអនុវត្ត (Do It)»តាម​រយៈច្បាប់ និងបទប្បញ្ញត្តិ។ ហើយត្រូវចងចាំថា សេចក្ដីប្រាថ្នា ដែលយើងចង់ជំរុញឱ្យមាន​នោះគឺជា សេចក្ដីប្រាថ្នាទាំងឡាយណា ដែលផ្ដល់ផល​ប្រយោជន៍ដល់ជីវិតប្រជាពលរដ្ឋ សហគមន៍ និងបរិស្ថាន - «ការភ្ជាប់ទំនាក់ទំនងប្រជាពលរដ្ឋជាមួយនឹងសហគមន៍»។

- ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី!

ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់វាគ្មិនទាំងជាតិ និងអន្តរជាតិដែលបាន​ចូលរួម​​ចែក​រំលែកចំណេះដឹង ចំណេះធ្វើ ទស្សទានថ្មីៗ គំរូអនុវត្ត និងបទពិសោធន៍ល្អៗ និងក៏​សូម​កោតសរសើរ​ចំពោះការចូលរួមយ៉ាងផុសផុលរបស់យុវជនគ្រប់រូប ក៏ដូចជាសហការី វាគ្មិនអន្តរជាតិ និងបុគ្គលិករៀបចំសន្និសីទ ដែលមានឆន្ទៈមុះមុតក្នុងការចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍ ជាមួយ​នឹងយុវជន អង្គការយុវជននិងមនុស្សពេញវ័យ ដែលមានវត្តមាននៅអំឡុងពេលសន្និសីទរយៈពេល០៥ថ្ងៃនេះ។ ការចូលរួមដ៏មានតម្លៃរបស់អ្នកទាំងអស់គ្នា ​នឹងជួយឱ្យសន្និសីទអន្តរជាតិនេះក្លាយជាកិច្ចពិភាក្សា​បើកចំហរ​ដ៏រស់រវើក​មួយ។

ខ្ញុំសង្ឃឹមថា អង្គសន្និសីទនេះនឹងទទួលបានលទ្ធផលល្អជាផ្លែផ្កា ជាពិសេសនឹង​ទទួលបាន​អនុសាសន៍​​ណែនាំ​ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​ព្រះរាជាណាចក្រកម្ពុជា នាឱកាសពិធីបិទសន្និសីទនេះ។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក​ លោកស្រីអ្នកនាងកញ្ញាប្រតិភូជាតិនិងអន្តរជាតិទាំងអស់សូមមានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងមានសុភមង្គល​ក្នុង​ក្រុម​គ្រួសារ។

ខ្ញុំសូមប្រកាសបើកសន្និសីទអន្តរជាតិលើកទី៥ស្តីពី «ភាពជាអ្នកដឹកនាំនៃបញ្ញវន្តឆ្នើមឆ្នាំ២០១៤» ចាប់ពីពេលនេះតទៅ។

សូមអរគុណ!

សុន្ទរកថា ឯកឧត្តម ហង់ ជួនណារ៉ុន ថ្លែង​ក្នុង​​ពិធី​បើក​សន្និ​សីទ​អន្តរជាតិ​លើក​ទី៥ ស្តីពី​​ភាព​ជាអ្នក​ដឹកនាំ នៃ​បញ្ញា​វន្ត​ឆ្នើម​ឆ្នាំ២០១៤ ក្រោម​ប្រធាន​បទ « រៀនគិត រៀប​ផែន​ការ អនុវត្ត»





ចំណាប់​អារម្មណ៍ ឯកឧត្តម ហ៊ុន ម៉ានី ថ្លែង​ក្នុង​​ពិធី​បើក​សន្និ​សីទ​អន្តរជាតិ​លើក​ទី៥ ស្តីពី​​ភាព​ជាអ្នក​ដឹកនាំ នៃ​បញ្ញា​វន្ត​ឆ្នើម​ឆ្នាំ២០១៤ ក្រោម​ប្រធាន​បទ « រៀនគិត រៀប​ផែន​ការ អនុវត្ត»





សុន្ទរកថា ឯកឧត្តម ថោង ខុន ថ្លែង​ក្នុង​​ពិធី​បើក​សន្និ​សីទ​អន្តរជាតិ​លើក​ទី៥ ស្តីពី​​ភាព​ជាអ្នក​ដឹកនាំ នៃ​បញ្ញា​វន្ត​ឆ្នើម​ឆ្នាំ២០១៤ ក្រោម​ប្រធាន​បទ « រៀនគិត រៀប​ផែន​ការ អនុវត្ត»