Tuesday, August 12, 2014

សម្តេច​​តេជោ​ផ្តល់​​ឱកាស​​ម្តង​​ទៀត​​សម្រាប់​​សិស្ស​​ដែល​​​ប្រឡង​​ធ្លាក់​

សិស្សានុសិស្ស ដែល​ប្រឡង​ធ្លាក់​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ក្នុង​ឆ្នាំ​សិក្សា ​២០១៣-២០១៤​នេះ អាចនឹង​មាន​ឱកាស​ប្រឡងម្តង​ទៀត ​​សាក​ល្បងសមត្ថភាព​របស់​ខ្លួន​ ដើម្បី​បាន​សញ្ញាប័ត្រ​អាចបន្ត​ការ​សិក្សាថ្នាក់​ឧត្តម​សិក្សា។​ នេះ​ជា​ការ​ប្រកាស​ឲ្យ​ដឹង​ដោយសម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា នា​ព្រឹក​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៤​ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់ និស្សិត​សាកល​វិទ្យាល័យ​ន័​រ​តុ​ន​ចំនួន​២ ៥០១​នាក់​នៅ​មជ្ឈ​មណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ឲ្យ​ដឹង​ថា បេក្ខ​ជន​ដែល​បាន​ប្រឡងជាប់​សញ្ញា​ប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំនេះ មាន​ចំនួន​មិន​ខ្ពស់​ដូច​បណ្ដា​ឆ្នាំមុនៗ ​ដែល​មាន​រហូតដល់​ជាង៨០% ​នោះ​ទេ។ ដោយ​សារ​បញ្ហា​នេះ សម្ដេច​តេជោ​បាន​ប្រកាស​ទុក​ជា​មុន​ថា សម្តេច​នឹង​គាំ​ទ្រ​ចំពោះ​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ត្រៀម​រៀបចំ​ឲ្យ​មាន​ការ​ប្រឡង​ជា​លើក​ទី​២ ​សម្រាប់​បេក្ខជន ដែល​មិនបាន​ប្រឡង​ជាប់​លើកទី​១​ នោះ ​ក្នុង​រយៈពេល ​១​ខែ ឬ​១​ខែ​កន្លះ​ខាងមុខ។

សម្ដេច​តេជោ​បាន​មាន​ប្រសាសន៍លើក​ឡើង​​ថា បើ​អ្នក​ប្រឡង​លើក​ទី​១ ​មិន​ជាប់ អនុញ្ញាត​ឲ្យ​មានការ​ប្រឡង​លើក​ទី​២ ដោយ​ក្រសួង​អប់រំ​បើក​ការ​ប្រឡង​ទៀត ហើយ​នៅ​ក្នុង​រយៈពេល​មួយ​ខែ ​ឬ​មួយខែ​កន្លះ​នោះ គឺ​សិស្ស​ត្រូវ​ប្រឹងរៀន ព្រោះ​អត់​មានឱកាស ដើម្បី​ចម្លង​វិញ្ញាសា លួច​ចម្លង​អ្វី​តាម​គ្នា​ទៀត​ទេ ដោយ​រដ្ឋ​សុខចិត្ត​ចំណាយ​លុយថែម​បន្តិចទៀត ប៉ុន្តែ​ធ្វើ​ឲ្យ​ក្មេង​រៀន​ពិតប្រាកដ។ សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ក្នុង​ករណី​មានការ​ស្នើសុំ​បែប នេះ​ខ្ញុំ​គាំទ្រ ហើយក៏​ជា​សារ​មួយ​ផ្ញើ​ទៅ​អ្នក​ដែល​មិន​ជាប់​ក៏​ត្រូវ​ប្រឹងប្រែង​ដែរ។ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ផ្តល់​ជាការ​ពិចារណា​ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា​ថា ប៉ុន្តែ​យើង​សួរ​ថា បើ​ប្រឡង​លើក​ទី​២ ​ហើយ​មិន​ជាប់ ត្រូវធ្វើ​ម៉េច​​ទៀត យើង​អាចមាន​ជម្រើស​ផ្សេងទៀត​ទីមួយ ឲ្យ​សិស្ស​រៀន​ត្រួតថ្នាក់​ឆ្នាំ ក្រោយ​ប្រឡង​ទៀត ប្រឡង​ទីមួយមិន​ជាប់​ទៅ​ប្រឡង​លើក​ទី​ពីរ​ទៀត ដើម្បី​ឲ្យគាត់​ប្រឹងរៀន​ពិតប្រាកដ។ ចំពោះ​ឆ្នាំ​ទី​២ ​បើ​ប្រឡង​លើក​ទី​១ ​ក៏​មិន​ជាប់​លើក​ទី​២ ក៏​មិន​ជាប់​តើ​ត្រូវធ្វើ​ម្ដេច​ទៀត ដូច្នេះ​បញ្ហា​នេះ​ក្រសួង​អប់រំ​ត្រូវ​គិត​គូរថា ​តើ​អាច​ឲ្យគាត់​រៀន​បរិញ្ញាបត្ររ​ង និង​បញ្ហា​ទាក់ទង​នឹង​ការ​រៀន​​នៅ​សាលា​ឯកទេស​នានា។​ល​។ ដោយ​បញ្ជាក់​ពី​លក្ខខណ្ឌ​សម្រាប់​ចូលរៀន​ដោយ​ក្រសួង​អប់រំ​នោះ។

សម្ដេច​តេជោ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ខ្ញុំ​នៅចាំ​បាន​ថា​កាលពីមុន គេ​ចង់​ឲ្យ​កម្រិត​នៃ​ការ​ជាប់បាក់​ឌុប​រហូត​ទៅ​ដល់​ប្រមាណ​៨៣%​ ដល់​កំណត់​យក​ពិន្ទុ​ប៉ុណ្ណេះ គឺ​ជាប់​បានត្រឹមតែ​៨០% ដូច្នេះ​ខ្វះ​៣%​ ទៀត ​ត្រូវសុំ​គោលការណ៍ ដើម្បី​សុំ​ស្ទូច​យក​ពិន្ទុ​អ្នកណា​ខ្ពស់​ជាងគេ​ដើម្បី​បំពេញ បើសិនជា​ដូច្នេះ​ទេ​ខ្ញុំ​គិតថា ​គុណភាព​វា​នៅតែ​ទាប។ ទាក់​ទង​បញ្ហា​នេះ​សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​ផ្តល់​ជា​អនុសាសន៍​ថា ខ្ញុំ​គិតថា​ គួរតែបង្កើត​នូវ​របៀប​ថ្មី​ក្នុង​កំណែទម្រង់​ថ្មី​ គឺថា​ឲ្យ​មានឱកាស​ប្រឡង ហើយ​បើសិន​ប្រឡង​គ្រប់​ស្តង់ដារ​មិន​គ្រប់​ពិន្ទុ សុខចិត្ត​ឲ្យ​នៅ​ទំនេរ ដើម្បី​ឲ្យ​សិស្ស​រៀន​តទៅ​ទៀត រៀន​ត្រួតថ្នាក់។ បញ្ហា​ទាក់ទិន​ជាមួយ​នឹង​វិស័យ​អប់រំរបស់​យើង យើង​ត្រូវ​ប្រឹង​ទាំង​អស់​គ្នា ព្រោះ​បើ​គ្មាន​ធនធានមនុស្ស​ មិន​អាច​អភិវឌ្ឍន៍​ប្រទេសជាតិ​នេះ​បាន​ទេ​។

សូម​បញ្ជាក់​ដែរ​ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំនេះ ជា​ឆ្នាំ​ដំបូង​នៃ​កំណែ​ទម្រង់​ក្នុង​វិស័យ​អប់រំ ដោយមាន​ការ​ចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​ រាប់ទាំងស្ថាប័ន​អង្គភាព​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ផងដែរ។ ការប្រឡង​នេះ​មាន​រយៈ ពេល​ ០២​ថ្ងៃ ​គឺ​ថ្ងៃទី០៤ និង​ទី​០៥ ខែសីហា ឆ្នាំ​២០១៤ ដោយនៅ​ទូទាំងប្រទេស​មាន​បេក្ខជន​សរុប​ចំនួន ៩៣ ៤៥៦​នាក់ ចែក​ចេញជា​១៥៤​មណ្ឌល ក្នុងនោះ​ថ្នាក់​វិទ្យាសាស្ត្រ​១៤០ មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​១៤​មណ្ឌល ស្មើនឹង​៣ ៧៧៩​បន្ទប់។

ដោយ​ឡែកសម្រាប់​ដែល​រៀន​នៅ​សាកល​វិទ្យាល័យ​ន័រតុន លោក ចាន់ សុខ​ឃាង សាកល​វិទ្យា​ធិការ​បាន​ឲ្យ​ដឹងថា គិត​ចាប់ពី​ឆ្នាំ​សិក្សា​១៩៩៦-១៩៩៧​មក ដល់​ឆ្នាំ​សិក្សា​២០១១-២០១២​និស្សិត ដែល​បានបញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​ពី​សាកលវិទ្យាល័យ​ន័​រ​តុ​ន​​ មាន​ចំនួន​១៤.៧៨៧ ហើយ​និស្សិត​ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​នាពេល​បច្ចុប្បន្ន​មាន​ចំនួន​១២.២៩០​នាក់​៕

ពិធី​ប្រគល់​សញ្ញា​បត្រ ថ្នាក់​បរិញ្ញា​បត្រ និង​បរិញ្ញា​បត្រ​ជាន់​ខ្ពស់ ជូន​និស្សិត សាកល​​វិទ្យាល័យ​ន័រតុន ក្រោម​អធិ​បតីភាព​ដ៏ខ្ពង់​ខ្ពស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា





សម្តេច​​តេជោ​​ចាត់​​ទុក​​អ្នក​​នយោ​បាយ​​ជា​ទូក​​ខ្លីងាយ​​បត់​បែន​

សម្ដេច​អគ្គមហាសេនា​បតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អាណត្តិ​ទី​៥ នៃ​រដ្ឋ​សភា បាន​មាន​ប្រសាសន៍ឲ្យ​ដឹង​ថា​ អាទិត្យ​កន្លង​ទៅ​ចុងខែ​កក្កដា​ ឆ្នាំ​២០១៤​ និង​ចូល​មក​ដល់​ដើមខែ​សីហា​ នេះ​ដំណើរការ​ប្រក្រតី​កម្ម​នៃ​ស្ថាប័នរដ្ឋ​ និង​ប្រក្រតី​ភាព​នៃ​ជីវភាព​សេដ្ឋកិច្ច​ សង្គម ​របស់​ប្រជាជន​ កាន់តែ​ត្រូវ​បាន​ពង្រឹង​តាម​រយៈ​នៃ​ការ​ស្រុះស្រួល​គ្នា​រវាង​គណបក្ស​នយោបាយ​នៅ​ក្នុង​រដ្ឋសភា គឺ​ជា​ជោគ​ជ័យ​របស់​ជាតិ​។ ​នៅ​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ជ័យ​លា​ភី​ថ្នាក់​បរិញ្ញាបត្រ​ និង​ថ្នាក់​បរិ​ញ្ញាប​ត្រ​ជាន់ខ្ពស់​នៃ​សាកលវិទ្យាល័យ​ន័​រ​តុ​ន នៅ​មជ្ឈមណ្ឌល​ស​ន្និ​បាត​ និង​ពិព័រណ៍​កោះ​ពេជ្រ​ នា​ព្រឹក​ថ្ងៃទី​១១ ខែសីហា ឆ្នាំ២០១៤ សម្ដេច​បាន​ផ្ញើសារ​ទៅ​កាន់​ពល​រដ្ឋ​ទូទាំង​ប្រទេស​ថា «ជាតិ​យើង​ជា​អ្នក​ឈ្នះ! ពល​រដ្ឋ​ជា​អ្នក​ឈ្នះ! នៅ​ពេល​ដែល​អ្នក​នយោ​បាយ​ស្រុះ​ស្រួល​គ្នា»។

សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ “​ខ្ញុំ​បាន​ប្រកាស​នូវ​យុទ្ធសាស្ដ្រ​អំពី​ប្រក្រតី​កម្ម​ ប្រក្រតី​ភាព​នៃ​ស្ថាប័នរដ្ឋ​ទាំង​នីតិ​ប្បញ្ញត្ដិ​ ទាំង​នីតិប្រតិបត្ដិ​ និង​តុលាការ​ គឺ​ដំណើរការ​ជា​ប្រក្រតី​ អត់​ស្មុគ​ស្មាញ​ទេ​។​ ដំណើរការ​ថ្ងៃនេះ​បើ​ទោះជា​ថ្ងៃអាទិត្យ​កន្លង​ទៅ​ បើ​ទោះបី​មិន​មានការ​ចូលរួម​ សភា​ទេ​ ខ្ញុំ​ត្រូវ​តែ​ចែក​សញ្ញាបត្រ​ដែរ​ ព្រោះ​បាន​កំណត់​យូរហើយ​។​ ការ​អនុវត្ដ​នូវ​ការ​ស្ថាបនា​ជាតិ​នូវ​ការ​ការពារ​ជាតិ​ សន្ដិសុខ​ សណ្ដាប់ធ្នាប់​សង្គម​ គឺ​ដំណើរ​ការ​ជា​ធម្មតា​ ហើយ​វា​កាន់តែ​ល្អ​ជាង​ ស្រួល​ជាង​នៅ​ពេល​ដែល​ការ​ស្រុះស្រួល​ខាង​នយោបាយ​មួយ​ត្រូវ​បាន​រក​ឃើញ​។​ ខ្ញុំ​បាន​និយាយ​នៅ​ក្នុង​សភា​បើសិនជា​ការ​នេះ​ស្រួល​តាំងពី​ ១០​ខែ​មុន​នោះ​ គឺ​គ្មាន​អ្វី​កើតឡើង​ទេ​ ។​ អ្វី​ដែល​បាន​ធ្វើ​ក្នុង​រយៈ​ពេល​កន្លង​ទៅ​ គឺ​ត្រឹមត្រូវ​ទាំងអស់​។

ព្រះ​មហាក្សត្រ​ចូល​បើក​សភា​ក៏​ត្រឹមត្រូវ​ បង្កើត​រដ្ឋាភិបាល​ក៏​ត្រឹមត្រូវ​ ហើយ​ឥឡូវ​នេះ​កាន់តែ​ស្រួល​ទៀត ​គឺ​មិនមែន​បាន​សេចក្ដី​ថា​ គ្រាន់តែ​បងប្អូន​ទាំងអស់​ចូល​ មក​បាន​ត្រឹមត្រូវ​នោះ​ទេ​ គឺ​វា​ត្រឹមត្រូវ​តាំងពី​ព្រះមហាក្សត្រ​ទៅ​ហើយ ​គ្រាន់តែ​ឥឡូវនេះ​ស្រួល​ជាង​ការ​ពិត​ដដែល​ អត់​ លើស​ អត់​ខ្វះ​ដដែល​សោះ​។​ ប៉ុន្ដែ​មក​យឺត​ប្រសើរ​ជាង​មិន​មក​ដូច្នេះ​ប្រក្រតី​ភាព​របស់​ស្ថាប័ន​រដ្ឋ​តាំងពី​នីតិប្បញ្ញត្ដិ​ នីតិប្រតិបត្ដិ ​តុលាការ​ដែល​យើង​ធ្វើ​ពី​មុន​មក​ហើយ​នោះ​ នឹង​បន្ដ​ជំរុញ​ឱ្យ​កាន់​តែ​ខ្លាំង​។​ ដំណើរការ​កែទម្រង់​រដ្ឋ​លើ​គ្រប់​វិស័យ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ នៅ​តែ​បន្ដ​ទៅ​មុខ​”​។

សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​បន្ដ​ថា​ “​ខ្ញុំ​ត្រូវការ​ព្រះមហាក្សត្រ​ខ្មែរ​ ព្រោះ​អ្នក​ប្រថាប់ត្រា​ធំ​ជាង​គេ​នៅ​កម្ពុជា​ មិន​មែន​អគ្គលេខាធិការ​អង្គការ​សហ​ប្រជា​ជាតិ​ មិនមែន​ស្ថាប័ន​ទូត​បរទេស​ ឬ​ ប្រ​ធានាធិបតី​បរទេស​ទេ​ គឺ​ព្រះ​មហា​ក្សត្រ​ខ្មែរ​ដែល​ខ្ញុំ​យក​ស្មារតី​នេះ​ជា​ដាច់​ខាត​។​ ជាក់ស្ដែង​នៅ​ប្រទេស​ជិតខាង​ មានការ​យក​អំណាច​ដោយ​ធ្វើ​រដ្ឋ​ប្រហារ​យោធា​ ត្រូវការ​ព្រះរាជក្រឹត្យ​ព្រះ​មហា​ក្សត្រ​ថៃ​។​ ឯ​កម្ពុជា​នៅ​ទីនេះ​ក៏​អ៊ីចឹង​ដែរ​ ការ​កោះ​ប្រជុំ​សភា​គ្មាន​សិទ្ធិ​អ្នក​ណា​ក្រៅ​ពី​ព្រះ​មហា​ក្សត្រ​ទេ​។​ ការ​យក​ព្រះរាជ​ក្រឹត្យ​តែងតាំង​នាយក​រដ្ឋមន្ដ្រី ​ដើម្បី​ឱ្យ​ដឹកនាំ​រាជរដ្ឋាភិបាល​ក៏​មាន​តែ​ព្រះ​មហា​ក្សត្រ​មួយ​អង្គ​គត់​ ដែល​មាន​ព្រះរាជ​សិទ្ធិ​ឡាយ​ព្រះហស្ដលេខា​លើ​ព្រះរាជ​ ក្រឹត្យ​។​ ជា​ការ​ឥតប្រយោជន៍​ទេ​ ដែល​ដើរទៅ​រក​អន្ដរាគមន៍​របស់​បរទេស​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​។​

ដោយ​បាន​រម្លឹក​ឡើង​នូវ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា ដែលតែង​តែ​កើត​មាន​វិបត្តិ​នៅ​ក្រោយ​ការ​បោះ​ឆ្នោត ​​សម្ដេចតេជោ​នាយករដ្ឋមន្ត្រី​បានមាន​ប្រសាសន៍​បញ្ជាក់​ជាថ្មី​ទៀត​អំពី​ជំហរ​របស់​សម្តេច​ថា «សូម​កុំឱ្យ​ការបោះ​ឆ្នោត​មួយ ក្លាយ​ទៅ​ជាការ​បែក​បាក់​របស់​ជាតិ​នោះ»។ ​ទាក់​ទង​នឹង​ការ​ផ្លាស់​ប្តូរ​ជំហរ​របស់​អ្នក​នយោបាយ​ ដែល​ស្ដែង​ឡើង​តាម​រយៈ​ការ​ចូល​ប្រជុំ​សភា របស់​អ្នក​តំណាង​រាស្ត្រ​ជាប់​ឆ្នោត ខាង​គណបក្ស​សង្គ្រោះជាតិ​ទាំង​៥៥រូប កាល​ពី​ថ្ងៃទី៨ ខែ​សីហា ឆ្នាំ​២០១៤ ​សម្ដេច​តេជោ​បាន​មាន​ប្រសាសន៍បញ្ជាក់​​ថា ឥឡូវ​នេះ​កាន់​តែ​បង្ហាញ​ច្បាស់​ថា អ្នក​នយោ​បាយ គេ​មាន​ភាព​បត់​បែន​របស់​គេ ទី​ចុង​បំផុត អ្នក​នយោបាយ គឺ​នយោបាយ​ហ្នឹង​ឯង!។ ​ដូច្នេះ​ បាន​ថា​ កុំ​ទៀ​ បាញ់​ ជាង​ ទៀ​ បាញ់​,​ កុំ​កែ​ គឹ​ម​យ៉ា​ន​ ជាង​ កែ​ គឹ​ម​យ៉ា​ន​,​ កុំ​ម៉ែ​ន​ សំ​អន​ ជាង​ ម៉ែ​ន​ សំ​អន​ ។​ ទី​ចុង​ បំផុត​គេ​នាំ​គ្នា​ចូល​សភា​អស់​ ឯង​នៅ​ខាង​ ក្រៅ​ឯណេះ​ ប្រ​ហោង​ពោះ​តែ​ម្ដង​។​ លក់​គោ​ លក់​ក្របី​ មាន់​ ទា​...​រឿង​វា​ដូច្នេះ​។ ទោះយ៉ាងណា​ក៏​ដោយ សម្ដេច​តេជោ​លើក​ឡើង​ថា យើង​អបអរសាទរ​ទាំងអស់​គ្នា អ្នក​ណា​បោះ​ឆ្នោត​ឱ្យ​បក្សណា​នោះ​ជា​សិទ្ធិ​របស់​យើង​ទេ... ស្ថានភាព​ប្រទេស​ប្រជា​ធិបតេយ្យ សេរី​ពហុ​បក្ស​វា​បែប​ហ្នឹង​ឯង... យើង​ទ្រាំទ្រ​នូវ​ការ​លំបាក នូវ​ពាក្យ​សំដីដែល​ហៅ​ថា សភា​ឯកបក្ស, រដ្ឋាភិបាល​ឯកបក្ស, មិន​គ្រប់​ទឹក ប៉ុន្តែ​ឥឡូវវា​គ្រប់​អស់​ទៅ​ហើយ។

បញ្ហា​នេះ​សម្ដេច​តេជោ​ថ្លែង​ថា រឿង​វា​អ៊ីចឹង! អ្នក​នយោបាយ​ប្រៀប​ដូច​ជា​ទូក​ខ្លី មិនមែន​ទូក​វែង​ទេ, ឧទាហរណ៍ សេចក្ដី​សម្រេច​នៃមហា​សន្និបាត​ប្រជាជន​មួយដាក់​ចេញ​មក ដាច់​ខាត​មិន​ចូល​សភា ឆន្ទៈរាស្ត្រ​មិ​នឱ្យ​ចូលសភា... ដល់​ទៅងាក​គ្រិប ស្រាប់​តែថា ឆន្ទៈរាស្ត្រ​ឱ្យ​ចូល​សភា ដើម្បី​តស៊ូ​មតិ​ក្នុង​សភា ដូច្នេះ​វាចប់​ត្រឹម​ប៉ុនហ្នឹង!។ តែ​យើង​បានដឹង​ទុកជា​មុន​ហើយ​ថា​ គ្រាន់​តែ​មក​យឺត​ប៉ុណ្ណឹង​ទេតើ​ ច្បាស់​ណាស់​បន្ទាប់​ពី​ការ​ចូល​សភា​ហើយ​សំឡេង​រដ្ឋាភិបាល​ សភា​ ឯក​បក្ស​ និង​រដ្ឋាភិបាល​ឯក​បក្ស​នឹង​ត្រូវ​ បាន​បញ្ចប់​ដោយ​ឯកឯង​ នោះវាជារឿងពិត!។

ថ្លែង​ដល់​ចំណុច​នេះ សម្ដេចតេ​ជោ​សង្កត់​ធ្ងន់​ថា «មិន​មែន​ជា​ការ​ឈឺ​ចាប់​សម្រាប់​អ្នកណា​មួយ​ទេ ក៏​ប៉ុន្តែ​វា​ជាជោគ​ជ័យ​របស់​ប្រជាជនកម្ពុជា​ទូទាំង​ប្រទេស... ជាតិ​យើង​ជា​អ្នក​ឈ្នះ! ពល​រដ្ឋ​ជា​អ្នក​ឈ្នះ! នៅ​ពេល​ដែល​អ្នក​នយោបាយ​ស្រុះ​ស្រួល​គ្នា»។

បន្ថែម​លើអ្វី​ដែល​បាន​ថ្លែង​ម្ដង​មក​ហើយ នៅ​រដ្ឋសភា កាល​ពី​ថ្ងៃ​សុក្រ ទី៨​សីហា ដែល​សម្ដេច​បាន​សុំ​ឱ្យ​ពលរដ្ឋ​កត់ត្រា​ទុក​នូវ​សំដី​របស់​ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​និយាយ​បាន​ល្អ ​ដោយ​អំពាវ​នាវឱ្យ​បញ្ចប់​បញ្ហា​ការ​លាបពណ៌​ឱ្យ​គ្នា បញ្ចប់​នយោបាយ ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី​នោះ ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ខ្ញុំ​នឹង​រង់ចាំ​មើល អ្នក​ណា​ហៅ ខ្ញុំ​ថា អា​យ៉ង​យួន​មុន​គេ..., ល្មម​បញ្ចប់​វប្បធម៌​នៃ​ការលាប​ពណ៌​ឱ្យ​គ្នា!។ ​សម្ដេចតេជោក៏​បាន​មាន​ប្រសាសន៍​រម្លឹក​អំពី​បទ​ពិសោធន៍​នៃ​ នយោ​បាយ​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី​ថា​ យើង​បាន​ឃើញ​ហើយ ឆ្នាំ​៧០ រដ្ឋ​ប្រហារ​ទម្លាក់ សម្ដេច​ព្រះ​នរោត្តម សីហនុ ភ្លាម​អ្នក​ដែល​ស្និទ្ធ​នឹង​សម្ដេច​ព្រះនរោត្តម សីហនុ ប៉ុន្មាន គុក! ដល់​រួច​ហើយ​ខ្មែរ​ក្រហម​ចូល​មក​ អ្នក​ដែល​មាន​និន្នាការ​លន់ នល់, និន្នា​ការ​សង្គម​រាស្ត្រ​និយម​ត្រូវ​បោស​សំអាត​មុន​គេ, បើ​លេង​តែអ៊ីចឹង​ៗ វា​មិន​ងាប់​អស់?!។ វ៉ៃគ្នា​ពេល​ណា​ចប់!...។ សម្ដេច​បន្ត​ថា​ ដូច្នេះ​ទោះ​បីបោះឱ្យ​បក្សណា​ក៏​ដោយ គាំទ្រ​បក្សណាក៏​ដោយ តម្រូវ​ការ​របស់​យើង គឺ​ដូច​គ្នា ចង់​ឱ្យ​ប្រទេស​ឯករាជ្យ, ចង់ឱ្យ​ប្រទេស​មាន​សុខ​សន្តិភា​ព, ចង់​ឱ្យ​ប្រទេស​មាន​ការ​អភិវឌ្ឍ ចង់​ឱ្យ​បំបាត់​អយុត្តិធម៌​សង្គម, អំពើ​ពុក​រលួយ បញ្ហា​ច្រើន​ណាស់​នៅ​ក្នុង​ប្រទេស​មួយ គឺ​មិន​អាចមាន​ត្រឹម​តែមួយ​នោះ​ទេ រាប់​រយ​រាប់​ពាន់​ជំពូក...។

សម្ដេចតេជោ​នាយក​រដ្ឋមន្ត្រី បន្ត​អធិប្បាយ​បន្ថែម​ថា ប្រទេស​របស់​យើង​ល្អ​នៅ​ត្រង់​ថា មិន​បែង​ចែក​ដើម​ភូមិ​បក្ស​នេះ កណ្ដាល​ភូមិ​បក្ស​នោះ ចុង​ភូមិម្ខាង​ទៀត​បក្ស​នេះ អត់ទេ! ល្អ​នៅ​កន្លែង​នេះ ធ្វើ​ស្រែ ធ្វើ​ទាំង​អស់​គ្នា​វា​មាន​ចំណុច​រួម​របស់​វា។ សម្ដេច​លើក​ឡើង​ថា​ ចំណុច​ដែល​យើង​សង្កេត​ឃើញ​អ្នក​ដែល​មិន​ងប់ងល់ គេ​មិន​ក្រ​ទេ... ប៉ុន្តែ​អ្នក​ខ្លះ​ដោយ​ការ​សន្យា​ថា​ត្រូវ​បាន​ធ្វើ​ចៅហ្វាយ​ស្រុក បាន​ធ្វើ​សែហ្វ​ប៉ុស្ដិ៍ បាន​ធ្វើ​អធិការ បាន​ធ្វើ​ស្នងការ ច្រើន​តែ​សន្យា​ក្នុង​ប៉ុស្ដិ៍​រដ្ឋបាល ដែល​ក្រុមនោះ​ហើយ ក្រុម​លក់​គោ លក់​ដីស្រែ... បោះ​ឆ្នោត​រួច​ម្ដង​អ្នក​ដែល​ឆ្លង​ផុត​បន្ទាត់​ភាពក្រីក្រ​ធ្លាក់ទៅ​នៅ​ក្រោម​បន្ទាត់​ភាពក្រីក្រ​វិញ​ក៏​មាន ថែម​បន្តិច​ទៅ ប៉ុន្តែ​មិន​មែន ហេតុផល​មក​ពីអ្វី​ទេ គឺ​មក​ពីស្រឡាញ់​បក្ស​ពេក!...។

ដោយ​ឡែក​ទាក់​ទង​នឹង​ការ​បើក​រំលឹក​ នូវ​ប្រាក់​បៀរវត្ស​ជូន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៥៥រូប ដែល​មិន​បាន​បំពេញភារកិច្ចជា​តំណាង​របស់​ខ្លួននា​ពេល​កន្លង​មក​ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ប្រាក់​រំឭក​របស់​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មិនបាន​ ធ្វើការ​អស់​រយៈ​ពេល​ជាច្រើន​ខែ​កន្លង​មក​នេះ​គឺ​សម្រេច​ទៅលើ​ក្រុមប្រឹក្សាធម្មនុញ្ញ​ថា​ត្រូវ​ទទួល​បាន​ ឬ​មិ​ន​បាន​នោះ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​បើក​ប្រាក់​រំលឹក​ជូន​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ ៥៥រូប ដែល​ពុំបាន​ចូល​ធ្វើការ​រយៈ​ ១០ខែ​កន្លងមក​នោះ​មិន​មែន​ជា​ការ​សម្រេច​​របស់​នាយករដ្ឋមន្ត្រី ​ឬ​ប្រធានរដ្ឋសភា​នោះ​ទេ ប៉ុន្តែ​វា​ជា​សមត្ថកិច្ច​របស់​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ​៕