Friday, August 22, 2014

អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​​តាកែវ​ ប្រកាស​បញ្ចប់​កិច្ច​សន្យា ក្រុម​​ហ៊ុន លោកស្រី សុខ សារឿន​ ដែល​​រំ​លោភ​លើ​កិច្ច​​សន្យា

នៅព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៤នេះ នៅរមណី​យដ្ឋាន​ទន្លេបាទី ឯកឧត្តម ឡាយ វណ្ណៈ អភិ​បាល​​នៃ​គណៈអភិបាល​ខេត្ត​តាកែវ បាន​ប្រកាស​ដីកា​បញ្ចប់​កិច្ច​សន្យា ស្តីពី​ការ​បន្ត​ជួលដី និងទី​តាំង​ដើម្បី​អភិវឌ្ឍន៍​រមរណី​ដ្ឋាន​ទន្លេ​បា​ទី របស់​ក្រុម​ហ៊ុន លោក​ស្រី​ សុខ សារឿន និង​បាន​ប្រគល់​ឱ្យ​ប្រជា​ពល​រដ្ឋ​សហគមន៍​ជា​អ្នក​លក់​ដូរ​នៅ​ទី​នោះ​កាន់​កាប់​ដោយ​ផ្ទាល់​វិញ។

យោងតាម​ដីកានេះ បាន​សម្រេច បញ្ចប់​កិច្ចសន្យា​ជួលដី និង​ទីតាំង​ដើម្បី អភិវឌ្ឍន៍​រមណី​ដ្ឋាន​ទន្លេបាទី ចុះថ្ងៃទី ២១ ខែ​ឧសភា ឆ្នាំ២០០៤ រវាង​ភាគី (ក) តំណាង​ឲ្យ លោក​អភិបាល​ស្រុក និងភាគី (ខ ) តំណាង​ដោយ​លោក​ស្រី សុខ សារឿន​ប្រធាន​ក្រុមហ៊ុន បាទី​ធួរី​សឹម ឌីវីឡុបម៉ិន​ថ៍ និង​ផ្ទេរមក​ឱ្យស្ថិត​ក្រោមកា​រគ្រប់​គ្រង​ដោយ​រដ្ឋបាល​ស្រុកបាទី សហការ​ជា​មួយ​មន្ទីរ អង្គភាព​ដែល​ពាក់ព័ន្ធ អាជ្ញាធរ​មូល​ដ្ឋាន ក្រុមការ​ងារថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​បាទី និង​ប្រជា​ពលរដ្ឋ ដើម្បី​បន្តគ្រប់​គ្រង​រដ្ឋណីយ​ដ្ឋាន​បាទី​ដោយ​ផ្ទាល់ រហូត​ដល់មានការ​រៀប​ចំជាថ្មី។

មូលហេតុ​ដែល​ធ្វើឲ្យមាន​ការ​បញ្ចប់​កិច្ចសន្យា ពី​ក្រុម​ហ៊ុន លោកស្រី​ សុខ សារឿន​ គឺដោយ​សារតែ​ភាគីខាង​ក្រុមហ៊ុន​មិនបាន​អនុវត្តន៍ តាម​កិច្ច​សន្យា​ជួល និង​បាន​រំលោភ​ទៅ​លើ​ប្រជា​ពលរដ្ឋ ដែល​ជា​អាជីវករ និង​មិន​បាន​ធ្វើការ​អភិវឌ្ឍន៍​ដូចការ​សន្យា​ក្នុង​ពេល​ដែល​ក្រុម​ហ៊ុន គ្រប់​គ្រងតំ​បន់​នោះ​កន្លង​មក។
ឯកឧត្តម ឡាយ វណ្ណៈ អភិបាល​នៃគណៈ​អភិបាល​ខេត្តតាកែវ បានមា​ន​ប្រសាសន៍​ថា ​បន្ទាប់​ពី​បញ្ចប់​កិច្ច​សន្យានេះ​ហើយ នៅពេលខាងមុខ នឹង​មាន​ការ​រៀបចំ សាងសង់តូប​លក់​ដូរថ្មី ឲ្យមាន​សណ្តាប់​ធ្នាប់, ការ​ស្តារ​កាក​សំណល់​ដែល​មាន​នៅ​ទឹក​ទន្លេបាទី (សំរាម, សារាយ, ស្លែរ និង​កាក​សំណល់​ផ្សេងៗ) ក្នុងនោះ​ក៏មាន​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ចូល​ទៅ​កាន់​រមណីយ​ដ្ឋាន និង​ការ​បង្តើត​ឲ្យ​មាន​កន្លែង​កំសាន្ត​ផ្សេង​ទៀត​ក្នុង​តំបន់ ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​មក កំសាន្ត​កាន់​តែច្រើន។

ឯកឧត្តមក៏​បានក្រើន​រំលឹក​ក៏ដូចជា​សំណូមពរ​ដល់​អាជីវករ និង​ប្រពល​រដ្ឋ ធ្វើ​យ៉ាង​ណា ជួយ​រក្សា​បរិស្ថាន​ជុំវិញ​នោះ និង​ធ្វើការ​បង្កើត​ជាសហគមន៍​កំណត់​នូវតំលៃ ម្ហួប​អាហារ​ឲ្យបាន សមរម្យ និងឲ្យ​មាន​អនាម័យ។

គួរ​បញ្ជាក់​ថា បញ្ហា​ជម្លោះ​នេះត្រូវ​បាន​អួស​បន្លាយ​ពេល​ជាង​១០ឆ្នាំ​មកហើយ ទើបតែ មានការ​ណែ​នាំ ផ្តល់​គំនិត​ ដោះ​ស្រាយ​ ចង្អុល​បង្ហាញ ពីសំណាក់​ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្តតាកែវ និងការ​ចុះផ្ទាល់ ពីសំណាក់​ក្រុមការងារ​ថ្នាក់ជាតិ ចុះមូល​ដ្ឋាន​ស្រុកបាទី ដែលមាន​ការដឹក​នាំដោយ សហ​ប្រធាន ក្នុង​នោះ​មាន​ ឯកឧត្តម សូ ម៉ារ៉ា រដ្ឋ​លេខា​ធិការ​ក្រសួង​ទេសចរ បាន​សហការ​ផ្ទាល់​ជា​មួយ​គណៈអភិបាល​ខេត្តតាកែវ រហូត​ឈាន​ដល់​សម្រេច​បាន​នូវ​ការ​លុបកិច្ចសន្យាក្នុង​ថ្ងៃនេះ​។

ក្រោយពី​បាន​ស្តាប់​ការ​ប្រកាស​ដីកា​សម្រេច​ខាង​លើនេះ​រួចមក អាជីវករ និង​ប្រជា​ពលរដ្ឋ​មូលដ្ឋាន បាន​សំដែង​នូវការ​សាទរ ចំពោះ​ដំណោះ​ស្រាយដ៏​មាន​ប្រសិទ្ធិ​ភាពនេះ​ និង​បាន​បង្ហាញ​នូវភាព​រីក​រាយ រួមទាំង​សេចក្តី​សង្ឃឹម ក្នុង​ការទទួល​បាន​នូវការ​អភិវឌ្ឍន៍ថ្មី នៅនឹង​កន្លែង ជាមួយ​នឹង​សុទិដ្ឋិនិយម​ថា អនាគតគ្រួសាររបស់​ពួក​គាត់​នឹង​មាន​ជីវភាព​កាន់​តែប្រសើរ​ឡើង។

ការ​បញ្ចប់​កិច្ច​សន្យាក្រុម​ ហ៊ុនលោកស្រី​ សុខ សារឿននេះ គឺជាគំរូនៃ​ការដោះ​ស្រាយ​ដ៏ល្អ​ និង​អាច​ធ្វើ​ជា​បទ​ពិសោធន៍​សម្រាប់​ដំ​ណោះ​ស្រាយនៅ​ទី​កន្លែង​ផ្សេង​ៗទៀត។ ការប្តូរ​ពីការ​កាន់កាប់​របស់​ក្រុម​ហ៊ុន ទៅឱ្យ​ប្រជាពល​រដ្ឋនេះ​ គឺស្រប​តាមការ​សន្យា​របស់ក្រុម​ការងារ​ថ្នាក់ជាតិ ចុះមូលដ្ឋាន​ស្រុក​បាទី កន្លង​មក គឺបាន​ធ្វើទៅ​តាម​ការសន្យា​យ៉ាងពិត​ប្រាកដ​មែន។

 ម្យ៉ាង​វិញ​ទៀត រាល់​អភិវឌ្ឍន៍​ទាំង ឡាយ​ណា ដែលមិន​ស្ថិតនៅ​ក្រោម​ច្បាប់ ហើយ​គាប​សង្កត់​លើប្រជា​ពលរដ្ឋ វប្បធម៌នេះ នឹងត្រូវ​បញ្ចប់ ជា​ជំ​នួស គឺ​ការប្រែក្លាយ​ទុក្ខ​លំបាក របស់​ប្រជា​ពលរដ្ឋ​ទៅ​ជាស្នាម​ញញឹមវិញ៕

អត្ថបទ៖ ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​បាទី​