Monday, August 25, 2014

សេចក្ដីប្រកាសព័ត៌មានស្ដីពី លទ្ធផលនៃសម័យប្រជុំលើកទី៥ ព្រឹទ្ធសភា នីតិកាលទី៣ នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤



អនុ​ប្រធាន​​ព្រឹទ្ធសភា​​ជប៉ុន​ពេញ​​ចិត្ត​កិច្ច​​សហប្រតិ​បត្តិការ​​រវាង​​ប្រទេស​​ទាំងពីរ​​កម្ពុជា​-ជប៉ុន​

ឯក ​ឧត្ដម អាហ្សូម៉ា​ កូស្ស៊ីអ៊ិស្ស៊ី (​Azuma Koshiishi) ​អនុប្រធាន​ព្រឹទ្ធសភា ​ប្រទេស​ជប៉ុន​នា​រសៀល​ថ្ងៃទី២២ ​ខែសីហា​ ឆ្នាំ២០១៤​ ​ក្នុងឱកាសជួប​សម្ដែង​ការគួរសម​ចំពោះ​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​ សែន ​នាយក​រដ្ឋ​មន្ត្រីនៃព្រះរាជា​ណាចក្រ​កម្ពុជានៅ​វិមាន​សន្តិភាព​ក្នុង​គោល​ បំណង​ស្វែង​យល់​ការ​ដឹកនាំ​អភិវឌ្ឍន៍​ប្រទេស និង​ការកែ​ទម្រង់​របស់​កម្ពុជា​បាន​បង្ហាញ​នូវមនោសញ្ចេតនា​សប្បាយ​រីក​រាយ ពេល​បាន​ឃើញ​កម្ពុជា​ទទួល​បាន​នូវ​សុខ​សន្តិភាព និង​កំពុង​តែមាន​ការអភិវឌ្ឍន៍ ជាពិសេស​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ត្រូវ​បាន​លើក​កំពស់​ដោយ​ រាជរដ្ឋាភិបាល​ទាំពីរ​ ឱ្យ​ក្លាយ​ទៅជាទំនាក់​ទំនង​ភាព​ជា​ដៃគូ​យុទ្ធ​សាស្ត្រ​ ដែល​នឹង​ធ្វើ​ឲ្យ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ កម្ពុជា-ជប៉ុន នឹង​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត។

ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការ​សម្ដេចតេជោ​នាយក​រដ្ឋ​មន្ត្រី​បាន​ឲ្យដឹង​ថា ក្នុង​ជំនួប​នោះ​ឯកឧត្ដម អាហ្សូម៉ា ​កូស្ស៊ីអ៊ិស្ស៊ី អនុប្រធាន​ព្រឹទ្ធសភា​ជប៉ុន​បាន​ជម្រាប​សម្ដេចតេជោ​អំពី​ការសប្បាយ​រីករាយ ចំពោះ​ទស្សនកិច្ច​របស់​ឯកឧត្ដម​មក​កាន់​ព្រះ​រា​ជាណា​ចក្រ​កម្ពុជា។ ឯកឧត្ដម អាហ្សូម៉ា​ កូស្ស៊ីអ៊ិស្ស៊ី​ ​មាន​ប្រសាសន៍​ថា ប្រ​ជាជន និង​រាជរដ្ឋាភិបាល​ជប៉ុន​បាន​ចូលរួម​ចំណែក​យ៉ាង​សកម្ម ក្នុង​ការ​ជួយ​ស្វែងរក​សន្តិភាព​ជូន​ប្រជាជន​កម្ពុជា ហើយ​ពេល​នេះ​បាន​ឃើញ​កម្ពុជា​ទទួល​បាន​នូវ​សុខសន្តិភាព និង​កំពុង​តែ​មាន​ការអភិវឌ្ឍន៍។ រាជ​រដ្ឋាភិ​បាល​កម្ពុជា និង​រាជរដ្ឋាភិបាល​ជប៉ុន​បាន​លើក​កម្ពស់​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ ​ឱ្យ​ក្លាយ​ទៅ​ជាទំនាក់​ទំនងភាព​ជាដៃគូ​យុទ្ធសាស្ត្រ ហើយ​តាមរយៈ​ទំនាក់​ទំនង​ដែល​មាន​ស្រាប់​នេះ កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេសទាំងពីរ​កម្ពុជា-ជប៉ុន នឹង​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត។

ឯកឧត្ដម ​អនុប្រធាន​ព្រឹទ្ធសភា​ជប៉ុន​បាន​មាន​ប្រសាសន៍​ថា អាស៊ាន​នឹង​ក្លាយ​ជា​សហគមន៍ សេដ្ឋ​កិច្ច​មួយ​នៅ​ឆ្នាំ​២០១៥ ក្នុងនោះ​សមាជិក​អាស៊ាន​ទាំងអស់​រួមទាំង​កម្ពុជា​ផងដែរ មាន​កិច្ចការ​ជាច្រើន​ដែល​ត្រូវ​ធ្វើ ហើយ​ជប៉ុន​នឹង​ត្រៀមខ្លួន​ជួយ​ដល់​កម្ពុជា តាមរយៈ​ការឈាន​ចូល​សហគមន៍​អាស៊ាន​ឆ្នាំ​២០១៥ ឱ្យ​មាន​ការកើន​ឡើង​ផង​ដែរ។ ឯកឧត្តម​ក៏បាន​ផ្ដោត​ក្ដី​សង្ឃឹម​ថា ទំនាក់​ទំនង​រវាង​កម្ពុជា និង​ជប៉ុន​នឹងត្រូវបាន​ពង្រឹង​តាមរយៈ​ការផ្លាស់​ប្ដូរ​ទស្សនកិច្ច និង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សេដ្ឋកិច្ច វប្បធម៌ ជា​ពិសេស​តាមរយៈ​និស្សិត ដែល​បាន​ទៅ​បន្ត​ការ​សិក្សា ឬ​ក៏​បាន​ទៅសិក្សា​នៅ​ប្រទេស​ជប៉ុន។

សម្ដេចតេជោ ​នាយករដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ប្រទេស​ជប៉ុន ​ដែល​បាន​ដើរ​តួយ៉ាង​សំខាន់​ ក្នុងការ​ជួយ​ស្វែង​រកសន្តិភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​ពុំសូវ​បាន​ចេញ​មុខ​នោះ​ទេ ហើយ​ជប៉ុន​ក៏ផ្ដល់​ជំនួយ​យ៉ាង​ច្រើន​ដល់​កម្ពុជា​សម្រាប់​ការអភិវឌ្ឍន៍ ហើយ​ឥឡូវ​នេះ ការវិនិយោគ​ក៏មាន​ការ​កើន​ឡើង​ជាច្រើន​ផងដែរ។ សម្តេចតេជោ​មាន​ប្រសាសន៍​បញ្ជាក់​ថា ២​ភាគ​៣នៃ​ទឹកស្អាត​នៅ​កម្ពុជា គឺ​ត្រូវ​បាន​ជួយ​ដោយ​ប្រទេស​ជប៉ុន ប៉ុន្តែ​ទោះ​ជាយ៉ាង​ណា​ក៏​ដោយ កម្ពុជា​ចង់​ឱ្យ​ជប៉ុន​ជួយ​ជាបន្ត​ទៀត​ទៅលើ​បញ្ហា​ហេដ្ឋា​រចនា​សម្ព័ន្ធ ក៏ដូចជា​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ផងដែរ តាមរយៈ​ការជំរុញ​ការវិនិយោគ​របស់​ជប៉ុន និង​ទេសចរ​ជប៉ុន​មក​កាន់​កម្ពុជា ជាពិសេស​តាមរយៈ​ការហោះ​ហើរដោយ​ផ្ទាល់​ពី​ជប៉ុន​មក​កាន់​កម្ពុជា​តែម្ដង។

សម្ដេចតេជោ ​នាយករដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា អ្វី​ដែល​កម្ពុជា​ត្រូវ​ការ​ជាង​គេ​បំផុត​នៅ​ពេល​នេះ គឺ​ជា​ធនធាន​មនុស្ស។ ការ​កសាង​ធនធាន​មនុស្ស គឺ​ជា​អាទិភាព​ទី១ របស់​រាជ​រដ្ឋាភិបាល​កម្ពុជា បើ​គ្មាន​ធនធាន​មនុស្ស​ទេ​យើង​មិន​អាច​ធ្វើអ្វី​បាន​ទេ។ អាទិភាព​ទី​២ គឺការ​យក​ចិត្តទុក​ដាក់​ទៅ​លើ​ប្រព័ន្ធ​ស្រោច​ស្រព​សម្រាប់​វិស័យ​កសិកម្ម។ អាទិភាព​ទី​៣ គឺ​បញ្ហា ហេដ្ឋា​រចនា​សម្ព័ន្ធ​ដឹក​ជញ្ជូន គមនាគមន៍ និង​ទូរគមនាគមន៍ និង​អាទិភាពទី​៤ គឺ​ការ​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​បញ្ហា​អគ្គិសនី​សម្រាប់​ប្រជាជន និង​ការអភិវឌ្ឍន៍។ សម្តេចតេជោ​ឲ្យ​ដឹង​ថា ពីមុន​អាទិភាព​របស់​កម្ពុជា គឺ​ទឹក ផ្លូវ ភ្លើង មនុស្ស ប៉ុន្តែ​ឥឡូវនេះ គឺ​មនុស្ស ទឹក ផ្លូវ និង ភ្លើង។

ពាក់ព័ន្ធ ​នឹង​កម្មវិធី​កំណែ​ទម្រង់​សម្ដេចតេ​ជោបាន​មាន​ប្រសាសន៍​ថា កម្ពុជា​បាន​ធ្វើការ​កែ​ទម្រង់​ទទួល​បាន​ជោគជ័យ​ចំពោះ​កំណែ​ទម្រង់​ឡូត៍​ នេសាទ និង​កំពុង​តែ​ធ្វើ​ការ​កំណែ​ទម្រង់​ដីធ្លី ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ប្រជាជន​មាន​ដីធ្លីប្រើ​ប្រាស់ និង​កាត់​បន្ថយ​ជម្លោះ​ផងដែរ។ កំណែ​ទម្រង់​ដទៃ​ទៀត​រួមមាន កំណែ​ទម្រង់​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌ កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ កំណែ​ទម្រង់​កងទ័ព រួម​ទាំង​កំណែ​ទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ ដែល​កិច្ចការ​ទាំងនេះ​កំពុង​តែ​អនុវត្តន៍។ ដោយ​ឡែក​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ និង​កំណែ​ទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ គឺកំពុង​តែ​មាន​ល្បឿន​លឿន​ជាង​គេ៕