Wednesday, August 27, 2014

ទស្សនៈ ការ​ធ្លាក់​ឆ្នោត​របស់លោកស្រី​ មូរ សុខ​ហួរ និង​លោក យឹម សុវណ្ណ គឺដូច​ជា​រឿង​បាចអង្កាម​បញ្ច្រាសខ្យល់​

បើ​ទោះ​បី​ជា​មាន​ការ​ព្រម​ព្រៀង​នយោបាយ​រវាង​ថ្នាក់​ដឹក​នាំ​គណបក្ស​ទាំងពីរកាល​ពី​ថ្ងៃ​ទី​២២ ខែ​​កក្កដា ឆ្នាំ​២០១៤​ យ៉ាងណា​ក៏​ដោយ ក៏​ប៉ុន្តែ តំ​ណាង​រាស្ត្រ​ទាំង​អស់​ក៏​ជា​មនុស្ស បថុជ្ជន​ធម្មតា មាន​ចិត្ត​ និង​បេះ​ដូង មាន​ការ​ខឹង ស្អប់នៅឡើយ​ គឺ​នៅ​មិន​ទាន់​មាន​ចិត្ត​ជា​ព្រះ​អរហន្តនោះទេ។ 

គេបាន​ដឹង​ថា កាលពីថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០១៤ ​​ម្សិលមិញ​ ១ថ្ងៃមុន​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​ប្រធានគណៈកម្មការមួយ​ចំ​នួន​ទៀត​ក្នុង​រដ្ឋសភា​​ ក្នុង​នោះ​ក៏​មាន​ទាំង​គណៈកម្មការ​ទី​៨ និង​​ទី​​១០ផង​ដែរ ដែល​បេក្ខជន​ឈរឈ្មោះ​ជា​ប្រធាន គឺ​ លោកស្រី​ មូរ សុខហួរ និង​លោក យឹម​សុវណ្ណ​។

ការ​បោះ​ឆ្នោត​ជ្រើស​តាំង​ជំ​នួស និង​បំ​ពេញ​បន្ថែម​សមាជិក​គណៈកម្មការ​នានា​ នៃ​រដ្ឋសភា​ គឺ​ធ្វើ​ឡើង​ជា​សម្ងាត់ ហើយ​កន្លង​មក​នេះ សាធារណមតិ​ជាច្រើន​ក៏​បាន​ដឹង​ដែរថា ​ក្នុង​​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​ការ​បែក​បាក់​ផ្ទៃក្នុង​ដ៏​ជ្រាល​ជ្រៅ និង​មាន​ការ​បែង​ចែក​ជា​ក្រុម​ៗផ្សេង​ៗគ្នា ក្នុង​នោះ​ មាន​ក្រុម​ខាង សម រង្ស៊ី ខាង​ កឹម សុខា ក្រុម​ យឹម សុវណ្ណ​  ក្រុម​ អេង ឆៃ​អ៊ាង ក្រុម​ សុន ឆ័យ ដែលពួកអ្នក​ដឹក​នាំ​ទាំង​នោះ​ មិន​ចុះ​សម្រុង​គ្នា​ទេ គឺតែង​តែខ្វែង​គំ​និត​គ្នា​ជា​និច្ច​។ 

អញ្ចឹង​ការ​បោះ​ឆ្នោត​សម្ងាត់​នេះ​ ក៏​អាច​ថា សមាជិក​សភា​ដែល​មិន​បាន​បោះ​ឆ្នោត​ គាំ​ទ្រលោកស្រី​ មូរ សុខហួរ និង​លោក យឹម សុវណ្ណ គឺ​កើតចេញ​មក​ពី​ផ្ទៃ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​ខ្លួន​ឯង​នេះ​តែ​ម្តង ដែលពួក​គេមិន​ពេញ​ចិត្តនឹង​អ្នក​ទាំង​ពីរ និង​ម៉្យាង​ទៀត អាច​ថា ជា​ការ​ច្រណែន​គ្នា​លើការ​​ចាត់​ចែងមុខដំ​ណែង​ ដែល​នឹង​ត្រូវ​ឈរឈ្មោះ​ប្រកួត​ប្រជែង​នោះផង​ដែរ។​ 

ទន្ទឹម​នឹង​នេះ ក៏មាន​ការ​លេចឮព័ត៌​មាន​ពី​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​មក​ថា កាលពី​កន្លង​មក​ លោក សុន ឆ័យ ក៏​ធ្លាប់​បាន​ស្តី​បន្ទោស​ទៅ​លើ លោកស្រី មូរ សុខហួរ ថា បាន​ផ្គើន​ក្នុង​ការ​ដឹក​នាំ​ធ្វើ​បាតុកម្ម​ បង្ក​ឱ្យ​មាន​របួសស្នាម​លើសមត្ថកិច្ច កាលពី​ពេល​កន្លង​មក​នេះ ដោយលោក សុន ឆ័យ បាន​និយាយ​ថា លោកស្រី​ មូរ សុខហួរ គឺជាមនុស្ស​ក្បាល​រឹង​ មិន​ស្តាប់​គេឯង.........ជា​ដើម​។​ 

លោកស្រី​ មូរ សុខហួរ ត្រូវ​បាន​គេដឹង​ថា បាន​ទៅ​ធ្វើ​សកម្មភាពញុះ​ញង់​ប្រជា​ពលរដ្ឋ​ និង​សកម្ម​ជន​អ្នក​គាំ​ទ្រ​ខ្លួននៅ​ឯខេត្ត​បាត់​ដំ​បង​​ បំ​ផុសឱ្យ​ធ្វើ​បាតុកម្ម ១ថ្ងៃមុនការ​បោះ​ឆ្នោត​ថ្ងៃ​នេះ ដែល​ទង្វើ​នោះ​ អាច​ថា ដូចជា​យក​សាំង​ទៅចាក់​លើ​ភ្លើង​បន្ថែម​ទៀត ជា​ហេតុបណ្តាលឱ្យមាន​​ការមិន​សប្បាយ​​ចិត្ត​ពី​ក្រុម​​អ្នក​តំ​ណាង​រាស្ត្រ​មួយ​ចំ​នួន​ ហើយ​លោក​យឹម សុវណ្ណ​ អាច​ថា នឹង​មាន​រឿង​ប្រហាក់​​ប្រហែល​គ្នា​នេះ​ដែរ ។  

សកម្មភាពញុះ​ញង់​​របស់​លោកស្រី​មូរ សុខហួរ អាច​ថា ជា​ផ្នែក​មួយ​នៃ​ការ​រំ​លោភ​លើ​កិច្ច​ព្រម​ព្រៀងរវាង​គណបក្ស​ប្រជាជនកម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ និង​ក៏​ជា​មូលហេតុ​នាំ​ឱ្យ​អ្នក​តំ​ណាង​​រាស្ត្រ​​ជា​ច្រើន​ដក​សេចក្តី​​ទុកចិត្ត​។ 

ដូច្នេះ ការ​ធ្លាក់​ឆ្នោត​ ខកខាន​មិន​បាន​ធ្វើ​ជា​ប្រធាន​គណៈកម្មការ​ទី​៨ និង​ទី១០ ក្នុង​រដ្ឋសភា លោកស្រី មូរ សុខហួរ និង​លោក យឹម​ សុវណ្ណ​ ពុំ​គួរ​នឹង​មាន​ការ​ទោសមនស្ស អាក់​អន់​ចិត្ត​នោះ​ទេ អ្នក​ទាំង​ពីរត្រូវ​យល់​ថា លទ្ធផល​នេះ គឺ​កើត​ចេញ​ពី​ទង្វើ​ នៃ​ការ​បាចអង្កាម​បញ្ច្រាសខ្យល់​ប៉ុណ្ណោះ។ 

ទោះបី​យ៉ាង​ណា​ សមាជិក​នៃ​គណៈកម្មការ​ទី៨ និង​ទី១០ ក៏​បាន​បោះ​ឆ្នោត​ផ្ទៃ​ក្នុង​របស់​ខ្លួន​ជ្រើសតាំង​សមាជិក​សភា​ថ្មី​ជំ​នួស​ដំ​ណែង​នោះ​ផងដែរ គឺ​លោកស្រី កែ សុវណ្ណ​រ័ត្ន ជាប់​ធ្វើ​ជា​ប្រធាន​គណៈកម្មការ​ទី​៨ ជំ​នួស​លោកស្រី​​មូរ សុខហួរ និង​លោក ហូរ​ វ៉ាន់​ បាន​ជាប់​ឆ្នោត​ធ្វើជាប្រធាន​គណៈកម្មការទី១០ ជំ​នួស​លោក យឹម សុវណ្ណ ដែលធ្លាក់​ឆ្នោត​កាលពី​ព្រឹកមិញ​។​ 

ដូច្នេះ ពុំ​គួរ​គប្បី​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​​ មាន​ការ​សង្ស័យ​ហួសហេតុពេក​មកលើ​សមាជិកសភាគណបក្ស​ដទៃ ដែលនាំ​ឱ្យ​មាន​ការ​ល្អក់​កកដល់កិច្ច​ព្រមព្រៀង រវាង​គ្នានឹង​គ្នា ផ្ទុយ​ទៅ​វិញ​សូម​គណបក្ស​សង្គ្រោះ​ជាតិមើល​ពី​ដង្កូវ​ក្នុង​សាច់​ឯង​ផង។
 

អត្ថបទដោយ៖ បណ្ឌិត ជុន ចាន់​ចំ​រើន (​អ្នក​វិភាគ​ឯករាជ្យ)

លោកស្រី​​ មូរ សុខ​ហួរ​​ គួរ​​គប្បី​​មាន​​ទឹក​ចិត្ត​ ជា​អ្នក​កី​ឡា​


យោង​លើ​លទ្ធ​ផល​បោះ​ឆ្នោត​ជ្រើស​តាំង​បេក្ខជន​ប្រធាន​គណៈកម្មការ​ទី​៨ ក្នុង​រដ្ឋ​សភា​ ដែល​ជា​​គណៈកម្មការ​សុខាភិបាល សង្គម​កិច្ច​ អតីតយុទ្ធ​ជន​​ យុវនីតិសម្បទា ​ការងារ បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ និង​កិច្ច​ការ​នារី​ លោកស្រី​មូរ សុខហួរ​ មិន​ត្រូវ​បាន​ជា​ប់​ឆ្នោត​ធ្វើ​ជា​ប្រធាន​គណៈកម្មការនេះ​ឡើយ ដោយ​លោក​ស្រី​ទទួល​សម្លេង​ឆ្នោត​គាំ​ទ្រ​ពី​សមាជិក​សភា​បាន​ត្រឹម​តែ​៥៦សំ​ឡេង​តែ​ប៉ុណ្ណោះ​ និង​ក្នុង​​នោះ​សំឡេងមិន​ព្រម​មាន​រហូត​ដល់​៦៣ និង​អនុប្បវាទ​៣។ 

សម្តេច​​អគ្គ​មហាពញាចក្រី ហេង សំ​រិន​ ប្រធាន​រដ្ឋសភា ​បាន​ប្រកាសលទ្ធផល​នេះ​ នៅ​ក្នុង​រដ្ឋសភាកាលពីប៉ុន្មាន​នាទី​​មុន​នេះ​​ថា ការ​បោះ​ឆ្នោត​នេះ មាន​សំ​ឡេង​ព្រម​ខ្លះ​ ​មិន​ព្រម​ខ្លះ និង​អនុប្ប​វាទ ដូច្នោះ​ លោកស្រី​ មូរ សុខហួរ មិន​ជាប់​ឆ្នោត​ជា​ប្រធាន​គណៈកម្មការ​ទី​៨នេះ​ទេ។  

 ការ​ចាញ់​ឆ្នោត​នេះ លោកស្រី​មូរ សុខហួរ គួរគប្បី​មាន​ទឹក​ចិត្ត​ជា​អ្នក​កី​ឡា​ បើ​គេមិន​បោះ​ឆ្នោត​គាំ​ទ្រ​ខ្លួន​ហើយ​នោះ គួរ​តែ​សុំ​លាឈប់​ឈរឈ្មោះ​ជា​បេក្ខជន​ទៀត​ទៅ ពី​ព្រោះ​ សូម្បី​តែ​ផ្ទៃ​ក្នុង​សមា​ជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិភាគ​ច្រើន​ក៏​មិន​គាំ​ទ្រ​​ខ្លួន​ឯង​ដែរនោះ​។ 

ម៉្យាង​វិញ​ទៀត ការ​ធ្លាក់​ឆ្នោត​របស់​លោកស្រីមូរ សុខហួរ​ ក៏​អាច​ថា បណ្តាល​មក​ពី ផ្ទៃក្នុង​របស់​គណបក្ស​សង្គ្រោះ​ជាតិគេបាន​​ចាត់​ទុកថា លោក​ស្រីស្ថិត​នៅ​ក្នុង​ក្រុម​​ជ្រុល​និយមនាពេល​កន្លង​មក​ ទើប​ទទួល​លទ្ធផល​បែប​នេះ៕