Wednesday, September 3, 2014

ក្រុម​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុកជា​ច្រើន​ បាន​ហៅ​សង្ឃនៅ​វត្ត​សាម​គ្គី​រង្សី ថា​ជា​សង្ឃទំ​នើង បន្ទាប់​ពី​បាន​ប្រើអំពើ​ហិង្សា​បណ្តេញអ្នក​តំណាង​រាស្ដ្រ

នៅ​ព្រលប់​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ​២០១៤នេះ ក្រុម​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជា​ច្រើន បាន​​បង្ហោះ​រូប​ភាព​ដែល​ព្រះ​សង្ឃ ប្រើ​កាយ​វិការ​ហិង្សាទាំង​កំ​រោល​ ដាក់​លើអ្នក​តំ​ណាង​រាស្ត្រ​ និង​ក្រុម​ការងារ​គណៈកម្មការ​ចម្រុះ​ទទួល​ និង​ដោះ​ស្រាយ​បណ្តឹងតវ៉ា​ ក្នុង​ខណៈ​ដែល​​អ្នក​តំ​ណាង​រាស្ត្រ​ចុះ​ទៅ​ដោះ​ស្រាយ​បញ្ហាបណ្តឹង​ដី​ធ្លី​ជូន​ប្រជាពលរដ្ឋ​មក​ពី​ខេត្ត​ព្រះ​វិហារ ដែល​មក​ស្នាក់​នៅ​វត្ត​សាមគ្គី​រង្សី។

ក្នុង​ខណៈដែល​លោក សួស យ៉ារ៉ា សមាជិក​សភា​មណ្ឌល​ព្រះ​វិហារ កំ​ពុងពន្យល់​ទៅ​កាន់​ប្រជាពលរដ្ឋ​ ស្រាប់​តែត្រូវ​បាន​ក្រុម​សង្ឃ​ជ្រុល​និយមនៅវត្ត​សាមគ្គីរង្សី​ ក្រុង​ភ្នំពេញ ដែល​គេ​ដឹង​ថា គាំទ្រ​គណបក្ស​ប្រឆាំង​​ បាន​ប្រើ​អំពើ​ហិង្សា​ទាំង​កម្រោល​ ហក់​ស្ទុះ​មក​​​បណ្ដេញ​អ្នក​តំណាង​រាស្ដ្រ និង​ក្រុម​ការ​ងារ​របស់​រាជ​រដ្ឋាភិបាល​ ដោ​យ​ប្រើ​ពាក្យ​សម្ដី​ជេរ​ប្រមាថ​យ៉ាង​អសុរស​ជា​ទីបំផុត។

ហ្វេសប៊ុកបានរៀប​រាប់​ថា ការ​ពិត​អ្នក​តំណាង​រាស្ដ្រ​ សួស យ៉ារ៉ា និង​ក្រុម​ការ​ងារ​ដែល​ចុះ​ទៅកាន់ទីនោះ ក្នុង​គោល​បំណង​ស្ដាប់​យោបល់​ពី​ប្រជាពលរដ្ឋ ដើម្បី​ស្វែង​រក​ដំណោះ​​ស្រាយ​សម​ស្រប​ជូន​ដល់​ពួក​គាត់​។ ក្នុងខណៈ​ពេល​ដែល​កំពុង​ធ្វើ​ការ​បក​ស្រាយ​ជូន​ប្រជាពលរដ្ឋ ស្រាប់​តែ​មាន​ការ​រំខាន​ម្ដង​ហើយ​ម្ដង​ទៀត ក្នុង​កាយ​វិកា​ច្រឡោមខាម ដែល​ក្រុម​សង្ឃ​ទាំង​នោះ ប្រព្រឹត្ត​ប្រាស​ចាកភេទ​ជា​អ្នក​បួស មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពួក​ក្រុម​សង្ឃទំនើង​អស់​ទាំង​នោះ មិន​ត្រឹម​តែ​ខ្លួន​គ្មាន​សមត្ថ​កិច្ច​ដោះស្រាយ​ជូនប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ទេ ថែម​ទាំងញុះញង់​ប្រជាពលរដ្ឋ​កុំឱ្យ​ជឿអ្នក​តំ​ណាង​រាស្ត្រ​ដែល​មាន​តែ​៤ម៉ឺន​នាក់ តែ​ពួក​លោក គឺ​ចង់​សំ​ដៅ​ពួក​ក្រុម​លោកសង្ឃ គឺ​តំ​ណាង​ឱ្យ​ប្រជាពលរដ្ឋ​៦០លាន​នាក់។ ក្រៅ​ពី​​និយាយបំ​ភ្លើសតួលេខ ពួក​សង្ឃទាំង​នោះ ថែម​ទាំង​​បង្ក​ភាព​ចលាចល​និងបាន​បណ្ដេញ​​​អ្នក​តំណាង​រាស្ដ្រ ដោយ​ពុំ​ស្ដាប់​ហេតុ​ផល​បន្ដិច​សោះ​ឡើយ។

ជា​មួយគ្នា​នេះ​ ក្រុម​អ្នក​ប្រើប្រាស់បណ្តាញ​សង្គម​ហ្វេសប៊ុក ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា បន្ទាប់ពីមាន​ព្រឹត្តិការណ៍​នេះ​កើត​ឡើង លោក សម រង្ស៊ី បាន​ឆ្លៀតឱកាសផ្សព្វ​ផ្សាយ​បំភ្លៃ​សភាព​ការណ៍​ដោយ​ចោទ​ថា ហេតុការណ៍នោះ គឺ​បណ្តាល​មក​ពី​អ្នក​តំណាង​រាស្ដ្រ​ សួស យ៉ារ៉ា និយាយ​មិន​សមរម្យ​ដាក់​ព្រះសង្ឃទៅវិញ។

ជា​ប្រតិកម្ម​តប​ អ្នក​លេង​ហ្វេសប៊ុកបាន​ចាត់​ទុកការ​លើក​ឡើង​របស់​លោក សម រង្ស៊ី គឺមិនត្រឹម​ត្រូវ​ទាល់តែសោះ ពី​ព្រោះ​លោក សម រង្ស៊ី មិន​បាន​ស្ថិត​នៅ​ក្នុង​ហេតុ​ការណ៍​នោះ​ទេ។ ម៉្យាង​វិញ​ទៀត បើ​យោង​តាម​ព័ត៌មាន​ដែល​ពួក​គេបាន​ដឹង គឺ​លោកសួស យ៉ារ៉ា ទើប​ជា​អ្នក​ដឹងច្បាស់​ពី​​ប្រវត្តិ និង​អង្គ​ហេតុ​​នៃ​បញ្ហា​ដីធ្លីនេះ ។ លោក​ថា គឺមាន​ប្រជាពលរដ្ឋ​តែ ៨០នាក់​ ប៉ុណ្ណោះ ដែល​តវ៉ា ចំណែក​ប្រជាពលរដ្ឋ​ដ៏​ច្រើន​លើស​លុប​នៅ​ខេត្ត​ព្រះ​វិហារ បានអនុវត្ត​តាម​ផែនការ​រៀបចំ​ភូមិ​ ដើម្បី​ការ​ពារ​នូវសម្បត្តិ​បេតិកភណ្ឌ​ពិភពលោក និង​ការ​បង្កើតនូវផ្សារ សាលារៀន មន្ទីរពេទ្យ ជាច្រើន​កន្លែង​។


ជា​សំ​ណូមពរ គឺក្រុម​អ្នកប្រើប្រាស់​ហ្វេសប៊ុក អំ​ពាវ​នាវឱ្យ​លោក សម រង្ស៊ី បញ្ឈប់​នូវ​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​កុហក់​ដែល​នាំ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភាន់​ច្រឡំ។​







ប្រតិកម្ម​របស់​ឯកឧត្តម សួស យ៉ារ៉ា​ បន្ទាប់​ពី​មាន​ការបណ្តេញ​ចេញ​ដោយ​ហិង្សាដោយ​ពួក​ក្រុម​សង្ឃ និង​ការ​ផ្សព្វ​ផ្សាយបំ​ភ្លៃ​របស់​ឯកឧត្តម សម រង្ស៊ី ក្នុង​ទំ​ព័រហ្វេសប៊ុក

          នៅ​រសៀល​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នា​២០១៤នេះ ឯកឧត្តម សួស យ៉ារ៉ា អ្នក​តំ​ណាង​រាស្ត្រ​មណ្ឌល​ព្រះ​វិហារ​ និង​ក្រុម​ការងារ​គណៈកម្មការចម្រុះ​ទទួល​ និង​ដោះ​ស្រាយ​ពាក្យ​បណ្តឹង​តវ៉ា​ ដឹក​នាំដោយ​ ឯកឧត្តម ប៉ាល់​ ច័ន្ទ​តារា បាន​ចុះ​ទៅ​ជួប​សំ​ណេះ​សំ​ណាល​ និង​​ទទួល​ពាក្យ​បណ្តឹង​ដី​ធ្លី​ពី​ប្រជាពល​រដ្ឋ​នៅ​ក្នុង​វត្តសាមគ្គី​រង្សី ស្រាប់​តែ​ក្នុងខណៈពេល​នោះ​ មាន​ការ​​រំ​ខាន​​​ពី​ក្រុម​សង្ឃ និង​បក្ខពួក​ មករំ​ខានការពន្យល់​របស់​អ្នក​តំ​ណាង​រាស្ត្រ​ រហូត​ដល់​មាន​ការ​ប្រើ​ពាក្យ​សម្តី​ធ្ងន់​ៗ ពិសេស ការ​បណ្តេញ​កង​កម្លាំង​ប្រដាប់​អាវុធ​ចេញ​ពី​បរវេណ​វត្ត​ ហើយ​អនុវត្ត​វិធាន​ការ​​ញុះ​ញង់​ប្រជាពល​រដ្ឋ​ប្រឆាំង​នឹង​អ្នក​តំ​ណាង​រាស្ត្រ​ និង​ក្រុម​ការងារ​ ដែល​ជា​ហេតុ​នាំ​ឱ្យ​កម្លាំង​​សមត្ថកិច្ច​ជម្លៀសអ្នក​តំ​ណាង​រាស្ត្រ​ និង​ក្រុម​ការងារ​ចេញ​ពី​ទី​នោះ


          បន្ទាប់​ពី​មាន​ហេតុ​ការណ៍​នោះ​កើត​ឡើង ឯកឧត្តម​ សួស យ៉ារ៉ា​ បានបំ​ភ្លឺជា​មួយ​បណ្តាញ​ព័ត៌មាន​យើង​​ថា៖
ក្នុងកិច្ចការដែលអន្តរាគមន៍ជាមួយពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ​ ហើយអ្នក​តំណាង​រាស្រ្ត​ដែលជាអ្នកការពារ​ផល​ប្រយោជន៍ប្រជាពលរ​ដ្ឋ​ នៅពេលដែលមាន​ព្រឹត្តិ​ការណ៍នេះ​កើតឡើងយើង​ខ្ញុំ​មាន ៣ចំណុចសំខាន់៖
១.សិទ្ធិរបស់ប្រជាជនដែលត្រូវការពារដោយតំណាងរាស្រ្តត្រូវបានគេរំខានត្រូវបានគេ​ញុះ​ញង់ទៅជាអំពើហិង្សា​នយោបាយ និង ចេតនា ហិង្សានយោបាយ ។
២.​នៅ​ក្នុង​សិទ្ធិជាអ្នកតំណាងរាស្រ្តដែលមានការជួបប្រាស្រ័យជាមួយប្រជាជន ​គឺ​ខ្ញុំ​ចង់​បាន​ព័ត៌​មានពិតប្រាកដពី​ប្រជាជន​ ចង់ដឹងការ ចង់ បាន របស់ ប្រជាជន ដោយ​ផ្ទាល់​ គឺឱកាស​នេះ​ត្រូវ​​បាន​គណបក្សនយោបាយ​ ឬក៏ចលនានៃសង្ឃមួយចំនួនដែលមិនទាន់បានយល់ច្បាស់ពីវិន័យ​របស់ព្រះ​សង្ឃ​​ខ្លួនឯង បាន​រំខាន ដល់ដំណើរ​ការ​នៃ​លិទ្ធិប្រជាធិបតេយ្យ។ ប្រជាធិបតេយ្យ​នៅ​ពេល​នេះ បាន​ន័យថា ទំនាក់​ទំនង​រវាងប្រជាជន​ជា​មួយនឹ​ងអ្នក តំណាង ត្រូវ បាន កាត់ ផ្តាច់ ដោយសាសនា ។
         ៣.យើង​ខ្ញុំកត់សម្គា​ល់ឃើញថា សិទ្ធិ​តំណាងរាស្រ្ត​ដែល​ចូល​ក្នុង​វត្ត​អារាម​មួយ​ គួរ​តែ​ត្រូវ​បាន​​ស្វាគមន៍​រាក់ ទាក់ ដើម្បី ឲ្យ បាន ភាព ស្និទ្ធ ស្នាល ព្រោះ តំណាង រាស្រ្តបាន​យកអង្ករ យកមី យក​ទឹក​ស៊ីអ៊ីវ ឬ​ឧប​ភោគ​បរិភោគ ដើម្បីសួរសុខទុក្ខប្រជាពលរដ្ឋខ្លួនឯងតែ​គ្រាន់​តែ​សិទ្ធិ​បន្តិច​បន្តួច​ប៉ុណ្ណេះក៏​ត្រូវ​​បាន​កាត់ ផ្តាច់ សូម្បីតែប្រគល់ជូនប្រជាជនដោយផ្ទាល់ដៃក៏មិនបានដែរ គឺ​ត្រូវ​ការ​បណ្តេញ​ចេញ​ពីវត្ត។ ដូច្នេះ​ចំណុចនេះ យើងខ្ញុំយល់ឃើញថា តើ​វត្ត ពិត ជា មជ្ឈមណ្ឌល នៃវប្បធម៌ និង​ការ​គោរព​បូជានៃទីសក្ការៈមានកម្រិតកម្ពស់ប៉ុណ្ណា? អញ្ចឹងក្នុងនាមខ្ញុំតំណាងរាស្រ្ត សូម​អំពាវ​​នាវ​ឲ្យ​ក្រសួង​ធម្មការ ​និង សាសនា របស់ ​ជាតិ​ពិនិត្យ​អំពី​ឧត្តមភាព​នៃ​សក្ការៈ​បូជា​របស់​ទីអារាម តើគួរក្សាជាជំរក​នៃ​ការ​គោរពបូជា និងទីសក្ការៈ ឬក៏​រក្សា​ជាទីជំរកនៃការជួយឧបត្ថម្ភដល់​បង​ប្អូន​ទុរគតជន ក្រីក្រ ឬក៏​ដើម្បី​ជា​មជ្ឈមណ្ឌលនៃការញុះញង់នយោបាយ ។
នៅ​ក្នុង​ចំណុច​នេះ ​យើង​ខ្ញុំ​យល់​ឃើញ​ថា ព្រះ​សង្ឃ​លោក​ធ្វើ​ឡើង​នេះ ក្នុង​បំណង​របស់​លោក​មួយ ដោយសារ​ធាតុ​ដើម​របស់​លោក​ចង់​គោរព និង​ការ​ពារ​អធិបតេយ្យ​ភាព​នៃ​ទឹក​ដី​កម្ពុជា​ក្រោម ប៉ុន្ដែ​នៅ​ក្នុង​កិច្ច​ការ​ដែ​ល​យើង​ខ្ញុំ​ទៅ​ពន្យល់​ប្រជាជននេះ គឺ​អំពី​អធិបតេយ្យ​ភាព​ និង​ការ​រស់​នៅ​របស់​ប្រជាជន​ក្នុង​ទឹក​ដី​ប្រាសាទ​ព្រះ​វិហារ​។ ដូច្នេះ ព្រះសង្ឃ​បានយក​ទឹក​ដី​កម្ពុជា​ក្រោម​មក​លាយ​ឡំ​ជាមួយ​នឹង​ប្រាសាទ​ព្រះ​វិហារ​ គឺ​ជារឿង​​មួយ​ដែល​យើង​ខ្ញុំ​យល់​ឃើញ​ថា មិន​មែន​កើត​ឡើង​ដោយ​ព្រះ​សង្ឃ​ខ្លួន​ឯង​ទេ ប្រាកដ​ជា​មាន​ចលនា​នយោបាយ​ណា​មួយ​នៅពី​ក្រោយ​ខ្នង ឬ​ក៏​គណបក្ស​ ក្នុង​ន័យ​ថា ​នយោបាយ​នៅ​ពីក្រោយខ្នង​ ដើម្បី​ធ្វើឱ្យ​ចរន្ដ​នេះឲ្យ​កាន់​តែ​អាប់​អួរ​ឡើង​។
អញ្ចឹង​ខ្វះ​បរិយា​កាស​ទុក​ចិត្ត​ ខ្វះ​ជំនឿ​លើ​តំណាង​រាស្ដ្រ​ បាត់​បង់​អធិបតេយ្យភាព​នៃការ​ថែរក្សា​​នូវ​គុណ​ធម៌​ដែល​ជា​សង្ឃ ដែល​ជា​តួអង្គ​នៃទី​សក្ការៈ​បូជា។
ប្រជាជន​នៅក្នុង​ខេត្ត​ព្រះវិហាររួមមាន​ចំ​នួនជាង២២ម៉ឺននាក់ ទាំង​ចាស់ ទាំង​ក្មេង ទាំង​ស្រី ទាំង​ប្រុស យុវជន និង​កុមារ គឺ​ជា​ជនជាតិភាគតិច​ក៏​មាន និង​ជា​ប្រជាជន​ចំណាក​ស្រុក​ថ្មី​ក៏មាន​ ថែម​ទាំង​មាន​ប្រជាជន​ដែល​រស់នៅ​ដើម​យូរ​អង្វែង​ឆ្លង​ដំណាក់កាលនូវ​ជំនាន់​នីមួយៗក៏មាន ហើយ​ខ្ញុំ​ក៏​ជា​ប្រជាជន​ម្នាក់នៃ​ខេត្ត​ព្រះ​វិហារ ដែល​រស់​នៅ​តាំង​ពី​សម័យកម្ពុជា​ប្រជាធិបតេយ្យ។ អញ្ចឹង​ខ្ញុំ​យល់​ឃើញ​ថា អធិបតេយ្យ​ភាព​របស់​​តំណាង​រាស្ដ្រ គឺ​ត្រូវ​បាន​ប្រជាជន​យើង​ស្រឡាញ់​ ហើយ​និង​គាំទ្រ​ខ្លាំង​ណាស់​។ អញ្ចឹង​ដែល​ធ្វើ​ឲ្យ​មាន​ការ​រំខានដល់​កិត្តិ​នាម និង​ភាព​ឧត្តុង​ឧត្តមរបស់​តំណាង​រាស្ដ្រ​ដែល​ជា​សិទ្ធិ​របស់​តំណាង​រាស្ដ្រ​ក្នុង​ការ​អនុវត្តលទ្ធិ​ប្រជាធិបតេយ្យ ដោយសារ​ប្រជាជន ៨០​នាក់ ទៅ​១០០នាក់ ហើយ​មាន​ការ​ចូល​រួម​ពីព្រះ​សង្ឃ៤-១០អង្គនេះ គឺយើង​ខ្ញុំ​​ឃើញថា តម្លៃ​របស់​ប្រជាជន​នៅ​ក្នុង​ខេត្តព្រះ​វិហារធំធេង​ជា​ង​ការ​រំលោភ​បំពាននេះ។
ម៉្យាង​វិញ​ទៀត កាល​ដែល​ខ្ញុំ​តស៊ូ​ទៅ​ជួប​នៅ​ក្នុង​មូលដ្ឋាន​នៃ​វត្ត​សាមគ្គីរង្សី និងទោះបី​មាន​ការ​ស្រែក​សម្លុត គំ​រាម​ដោយ​ហិង្សាហើយ​ដែលខ្ញុំ​មិន​ងើប​ឈរ​ គឺ​ខ្ញុំ​បានរក្សា​នូវ​អធិបតេយ្យ​ភាព​២២ម៉ឺន​នាក់។ កាល​ដែលខ្ញុំ​រត់​ចេញពី​រប​ងវត្ត ខ្ញុំ​មិន​ចង់​ឲ្យ​តំណាង​ប្រជាជន​ ២២ម៉ឺននាក់ ត្រូវ​គេ​ប្រមាថ​នៅ​លើ​​ទីធ្លា​វត្ត​អារាម​ និង​ក៏មិន​ឱ្យ​មាន​ហិង្សាធ្ងន់​ធ្ងរ​កើត​មាន​ក្នុង​ទី​វត្តអារាម​តែ​ប៉ុណ្ណោះ​។

ឯកឧត្តម សួស យ៉ារ៉ា ក៏​បាន​បកស្រាយ​បំ​ភ្លឺផង​ដែរ តប​ទៅ​នឹង​ការ​បង្ហោះ​ផ្សាយ​នៅ​ក្នុង​ហ្វេសប៊ុក ​របស់​ឯកឧត្តម សម រង្ស៊ី ដែល​ជា​ប្រធាន​របស់គណបក្ស​ប្រឆាំង​ ដែល​បាន​និយាយ​ថា អ្នក​តំ​ណាង​រាស្ត្រ​ សួស យ៉ារ៉ា​ បាននិយាយ​សម្ដីមិន​សម​រម្យ​ដាក់​លើ​ព្រះ​សង្ឃ​ ទើប​បណ្ដាល​ឲ្យ​កើតមាន​អំពើ​ហិង្សានេះ​ឡើង។ ទាក់​ទិននឹង​ការលើក​ឡើង​របស់​ឯកឧត្តមសម រង្ស៊ី ត្រូវ​បានឯកឧត្តម ​សួស យ៉ារ៉ា​ ពន្យល់ថា ឯកឧត្តម សម រង្ស៊ី ជា​អ្នក​​តំណាងរាស្ដ្រ​ ក៏​ជា​សមាជិក​សភា​ដូច​ខ្ញុំដែរ និង​ថា​ឯកឧត្តម សម រង្ស៊ី ជា​ប្រធាន​គណបក្ស​ទៅទៀត បានន័យថា តួនាទី និង​ឋានៈ​របស់គាត់ និង​ការ​ទទួលខុស​ត្រូវ​របស់​គាត់​ធំ​ជាង​ខ្ញុំក្នុង​រឿង​ចំនួន​នៃ​ការ​ទទួល​ខុស​ត្រូវ​ក្នុង​គណបក្ស​។ តែ​សម្រាប់​អធិបតេយ្យ​ភាព​នៃ​អ្នក​តំណាង​រាស្ដ្រ​ គឺ​ឯកឧត្តម ហើយ​និង​ខ្ញុំ គឺ​មានស្មើ​គ្នា មានដូចគ្នា។ អញ្ចឹង​កាល​ដែល​តំណាង​រាស្ដ្រ​មួយ​បរិយាយតំណាងរាស្ដ្រ​មួយ​ទៀតអំពី​ការ​អនុវត្ត​សិទ្ធិ​របស់​ខ្លួន គឺ​យើង​ខ្ញុំ​យល់​ឃើញ​ថា តំណាង​​រាស្ដ្រ​នោះ​​កំពុង​តែ​បាត់​បង់​នូវតម្លៃ​របស់ខ្លួន​ដោយខ្លួន​ឯង។ អញ្ចឹង​ការ​វាយ​តម្លៃ​របស់​លោកនេះ ពាក្យ​ថា រត់​បះដៃបះជើង ខ្ញុំ​ទទួលយក​ដោយរីក​រាយ ព្រោះខ្ញុំ​មិន​ចង់​ឲ្យ​តំណាង​រាស្ដ្រ​ម្នាក់​ត្រូវ​បាន​គេ​ប្រមាថនៅ​ក្នុង​ទីវត្ត​អារាមដែល​ជា​ទីសក្ការៈ​បូជា។ បើសិន​ជាខ្ញុំ​ម្នាក់​ត្រូវ​បាន​គេ​ប្រមាថ​ ឬ​ក៏​បាត់​បង់​ជីវិតនៅក្នុង​ទីធ្លា​វត្ត​នេះ គឺ​វត្ត​សាមគ្គី​រង្សី​នឹង​ត្រូវ​បាន​ទទួលនូវ​បណ្ដាសារ​ផ្សេង​ទៀត​ពីព្រះ​ នឹង​ទទួល​បាន​ទណ្ឌ​កម្ម​ច្បាប់​ផ្សេង​ទៀតពី​ច្បាប់​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា នឹង​ទទួល​បាន​ការ​រិះ​គន់​យ៉ាង​ច្រើន​ពី​ពិភព​លោកដែល​កំពុងតែ​មានបញ្ហា​នៅលើសាសនា​នេះ តើព្រះ​ពុទ្ធសាសនា​ម៉េច​បាន​មាន​ហិង្សា​ដែរឬអត់ ព្រះ​ពុទ្ធ​សាសនា​ជា​សាសនា​ដែល​គួរ​គោរព​តទៅទៀត​ឬអត់? ដូច្នេះ​ដើម្បី​រក្សា​តម្លៃ​ព្រះ​ពុទ្ធ​សាសនា​ យើង​ខ្ញុំ​ត្រូវ​តែ​រត់ ហើយ​យើង​ខ្ញុំ​រត់រហូត​ ព្រោះ​យើង​ខ្ញុំមិន​ប្រើ​ហិង្សា​ជាមួយ​នឹងព្រះ​សង្ឃ។
ឯកឧត្តម សួស យ៉ារ៉ា បានបញ្ជាក់បន្ថែម​ថា នៅ​ក្នុង​ការ​គោរពបូជា​ព្រះ​ពុទ្ធ​សាសនា​ យើង​ខ្ញុំ​ទៅដល់ គឺ​សុំ​តែ​អុច​ធូបនៅ​ក្នុង​ព្រះ​វិហារ ព្រះ​អង្គ​មិន​បាន​ឲ្យ​យើង​ខ្ញុំ​អុចទេ ព្រះ​អង្គ​រៀប​កន្លែង​កិត្តិយស​​ដ៏​មហា​ល្អ ដើម្បី​អង្គុយ​ទន្ទឹម​នឹង​ព្រះ​ចៅ​អធិការ​។ យើង​ខ្ញុំ​គោរព​ព្រះ​អង្គ​ជា​អធិបតី​នៅក្នុង​ការ​សម្រប​សម្រួល​នេះ យើង​ខ្ញុំ​មិន​បាន​ប្រើប្រាស់​ពាក្យដែលជា​ពាក្យ​អសុរោះ​សម្រាប់​ព្រះ​សង្ឃ​ទេ យើង​​ខ្ញុំ​បាន​និមន្ដ​ព្រះ​អង្គ​ធ្វើ​ជា​អធិបតី​នៅ​ក្នុង​នោះទៀត។ អញ្ចឹង​ខ្ញុំ​មិន​បានអង្គុយ​កៅអី​ស្មើ​លោកទេ ខ្ញុំ​អង្គុយ​នៅ​ខាង​ក្រោម​ ប៉ុន្ដែ​ដោយ​សារ​បញ្ហា​សុខ​ភាព​ យើង​ខ្ញុំ​ត្រូវ​តែ​អង្គុយ​រយៈ​ពេល​វែង​ យើង​ខ្ញុំ​ត្រូវ​តែ​អង្គុយ​ដើម្បី​ដោះ​ស្រាយ​ជាមួយ​ប្រជាជន​ដោយផ្ទាល់​ ដើម្បីមាន​ភាព​សិ្នទ្ធ​ស្នាល​ជាមួយ​ប្រជាជន​។
អញ្ចឹង​ដូច្នេះ​កាល​ដែលយើង​ខ្ញុំ​អង្គុយនៅ​ក្នុង​ក​ន្លែងនេះ គឺ​មិន​បានប្រើ​ពាក្យ​អីមួយដែល​ទៅរំលោភ​លើ​អធិបតេយ្យ​ភាពរបស់​​ព្រះ​សង្ឃ​ទេ ។ ផ្ទុយ​ទៅ​វិញ​ ខ្ញុំបាន​ពន្យល់​អំពីអ្នក​ដែល​បាន​លើក​ថា តើ​នរណា​ជា​អ្នក​បំផ្លាញព្រះ​ពុទ្ធ​សាសនា និង​វត្ត​អារាមនៅ​តំបន់​ព្រះ​វិហារ។ គ្រាន់​តែ​កន្លែង​នេះ យើង​ខ្ញុំ​បាន​លើកឡើង​ដើម្បីការ​ពារសិទ្ធិ​ថា អាស្រម ហើយ​និង​វត្ត​ខុស​គ្នា។ អញ្ចឹង​យើងខ្ញុំ​បាន​ការ​ពារ​វត្ត យើង​ខ្ញុំ​រៀប​ចំវត្ត​ឲ្យ​ល្អ ខ្ញុំ​បាន​និមន្ដ​ព្រះ​សង្ឃ​ទៅ​ប្រាសាទ​ព្រះ​វិហារ​ដើម្បីមើលការ​ពិត ថា​តើ​គេ​បាន​បំផ្លាញ​វត្ត​ឬអត់។ អញ្ចឹង​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​នេះ ការ​ដែលថា ខ្ញុំ​​ប្រើ​ពាក្យប្រមាថ​ព្រះ​សង្ឃ​ គឺ​មិន​ពិត​ឡើយ​ ។
ម្យ៉ាង​ទៀត​ ព្រះ​សង្ឃ​លោក​បាន​ចូល​រួម​អន្ដរាគមន៍​ជា​រឿយៗ និង​ជា​ញឹក​ញាប់ នៅ​ពេល​ដែលយើង​ខ្ញុំធ្វើ​ទំនាក់​ទំនង​ជាមួយ​នឹង​ប្រជារាស្ដ្រ​ ។ នៅ​វត្តសាម​គ្គី​រង្សី យើង​ខ្ញុំ​គ្រាន់​តែ​សុំ​ពុទ្ធដីកា​ពីព្រះ​អង្គ​ថា ទុក​ពេល​ឲ្យយើង​ខ្ញុំ​ដើម្បី​ធ្វើ​ការ​។ នេះ​គឺ​ជា​ចំណុច​ដែល​ព្រះ​អង្គ​បាន​រួប​រួម​គ្នា បាត់​ជា​ចរិត​ព្រះ​សង្ឃ​ទៅ​ជាចរិត​នៃ​អ្នក​បង្ក​ហិង្សា​ទៅ​វិញ។
ចំណុច​នេះ ដែល​យើង​ខ្ញុំ​គិត​ថា មិនគួរ​ទៅ​ជា​ល្បែង​នៃ​ការ​ប្រជែង​គ្នា ឬ​ចង្អុល​ដាក់​គ្នា​រវាង​ព្រះ​សង្ឃ​ និង​អ្នក​តំណាង​រាស្ដ្រ​ទេ។