Thursday, September 11, 2014

គណៈ​កម្មការ​​ទទួល​ និង​​ដោះ​​ស្រាយ​​ពាក្យ​​បណ្តឹង​ រួម​​ជា​​មួយ​​អភិបាល​​ខេត្ត​​កណ្តាល​ ចុះ​ដោះ​​ស្រាយ​​បញ្ហា​​ទំ​នាស់​​ដី​ធ្លី​​ជូន​​ប្រជា​​ពល​រដ្ឋ​១៣៤គ្រួសារ នៅ​ស្រុក​ពញាឮ

ព្រឹក​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ នេះ ក្រុមការ​ងារ​គណៈកម្មការចំរុះទទួល និងដោះស្រាយ​ពាក្យ​បណ្តឹងតវ៉ា ដឹកនាំដោយឯកឧត្តម ប៉ាល់ ច័ន្ទតារ៉ា ទីប្រឹក្សារាជរដ្ឋាភិបាល និងជា​សមាជិក​​អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ឯកឧត្តម សេង សាវន ទីប្រឹក្សា​អម​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី ឯកឧត្តម ផៃ ប៊ុនឈឿន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និង​ជា​ប្រធានដោះស្រាយ​វិវាទដីធ្លីខេត្ត ព្រម​ទាំង​ថ្នាក់​ដឹក​នាំ បាន​ចុះ​ទៅ​ដោះ​ស្រាយ​​បញ្ហាទំ​នាស់​ដី​ធ្លី​រវាង​ប្រជា​ពលរដ្ឋ​ ជា​មួយ​ឈ្មួញ​​​ នៅឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល

ប្រជាពលរដ្ឋដែលមាន​ទំនាស់ដីធ្លីចំនួន ០៥ ភូមិ ក្នុងនោះមាន ភូមិស្លែងមានជ័យ ភូមិកាកាប ភូមិប្រាសាទ ភូមិស្វាយ ឃុំឈ្វាំង និងភូមិស្លែង ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ដែលមានប្រជាពលរដ្ឋចូល​រួម​​ចំនួន ១៣០ នាក់ ក្នុងចំណោម​ប្រជាពល​រដ្ឋ​ដែល​មានទំនាស់ដីធ្លី ចំ​នួន​​១៣៤ គ្រួសារ លើ​ផ្ទៃ​ដីទំហំ ១៥៥ ហិកតា ដែលមាន​ទំនាស់​ជាមួយ​ក្រុម​ហ៊ុន​លោកស្រី លឹម គា លើបញ្ហាទិញ-លក់ ដោយអ្នក​ខ្លះមិន​​ទាន់​បានទទួល​ប្រាក់គ្រប់ចំ​នួន និង​អ្នក​ខ្លះ​ទៀតត្រូវ​គេរំ​លោភ​យក​ដី​ទាំង​ស្រុង និង​យក​ទៅ​លក់​បន្ត​ទៅ​អ្នក​ផ្សេង​។

ទំ​នាស់​ដី​ធ្លី​នេះ  បាន​កើតមាន​ឡើង​ចាប់​តាំងពីឆ្នាំ១៩៩៨មកម៉្លេះ និង​បន្ត​រហូតមកដល់​បច្ចុប្បន្ន ដែល​ក្នុង​នោះ​មាន​ការ​ប្តឹង​ផ្តល់​គ្នា​ឡើង​ទៅ​តុលាការ​ និង​ប្រជាពលរដ្ឋ​មួយ​ចំ​នួន​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន ហើយ​ក៏​មាន​ការប្តឹង​ទាម​ទារ​ស្វែង​រក​ដំ​ណោះ​ស្រាយ​រហូត​មក​ដល់​សាលាខេត្តកណ្តាល​ ប៉ុន្តែ​ នៅ​ពេល​ចុង​ក្រោយ​នេះ ប្រជា​ពល​រដ្ឋ​ក៏​បាន​យក​ពាក្យ​បណ្តឹង​ពាក់​ព័ន្ធ​មកស្នើ​សុំ​កិច្ច​អន្តរាគមន៍​ពី​សម្តេចតេជោ នាយក​រដ្ឋមន្ត្រី​។

ក្នុង​ឱកាស​ជួប​ជា​មួយ​ប្រជា​ពលរដ្ឋ ឯកឧត្តម ផៃ ប៊ុនឈឿន បានលើកឡើងថា ការដែល​ក្រុម​ការងារ​ចម្រុះ​ចុះ​មកជួបនេះ គឺ​ក្នុង​គោល​បំ​ណង​ដើម្បីស្តាប់សំណូមពររបស់​ប្រជាពលរដ្ឋ​នូវបញ្ហា​ដែល​កើត​មាន​ឡើង​ និង​ធ្វើការសិក្សា រកវិធានការដោះស្រាយជូន ដោយអនុវត្តតាម​​គោល​នយោបាយ​ឈ្នះៗរបស់សម្តេចតេជោ។

តំ​ណាង​ប្រជាពលរដ្ឋចំនួន ១៥ នាក់ បាន​លើក​ឡើងថា ភាគីក្រុមហ៊ុន មិនទាន់​បានឲ្យប្រាក់​គ្រប់ចំនួន ហើយថែម​ទាំង​បាន​ប្តឹង​ប្រជា​ពល​រដ្ឋ​ទៅ​តុលាការ ដោយចោទថា ប្រជាពលរដ្ឋក្លែង​បន្លំ​ឯកសារ និងលើក​ឡើងថា ​អ្នក​ទិញ​អត់​ទាន់​ទទួល​ដី​ និង​​បាន​បង្ខំឲ្យប្រជាពលរដ្ឋទាំង ១៣៤ គ្រួសារ ផ្តិតមេដៃជូនថា បានលក់ដី ហើយ​និង​បាន​ទទួល​លុយគ្រប់ចំនួនដើម្បី​បញ្ចប់​ការតវ៉ា។

ប្រជាជនម្នាក់ទៀត បានចោទទៅ​លើរដ្ឋ​អំណាច​មូល​ដ្ឋាន​ថា បានលួចលក់ដីរបស់គាត់ឲ្យ​ទៅ​ក្រុម​​ហ៊ុនរបស់លោកស្រី លឹម គា នេះ និង​ប្រជាជន​មួយចំនួនទៀត បានសំណូមពរឲ្យ​អភិបាល​​ខេត្តកណ្តាល ចាត់វិធានការទប់ស្កាត់លោកស្រី លឹម គាំ កុំឲ្យប្តឹងពួកគាត់ទៅ​តុលាការ​​ជាបន្តទៀត។

សំណូមពរ ប្រជាពលរដ្ឋខ្លះ បានសុំ​ឲ្យ​លោកស្រី លឹម គា បង់លុយឲ្យពួក​គាត់ឲ្យ​បានគ្រប់​ចំនួន និងប្រជាពលរដ្ឋខ្លះទៀត បាន​សុំយក​ដី​របស់ពួកគាត់ត្រឡប់មកវិញ។

ឯកឧត្តម ផៃ ប៊ុនឈឿន បានសំ​ណូម​ពរ​ដល់​ប្រជាពលរដ្ឋ ឲ្យរក្សាភាពស្ងប់ស្ងាត់ កុំទៅធ្វើ​បាតុកម្មនៅទីក្រុងភ្នំពេញ ព្រោះ​បញ្ហា​ខាង​លើ​នេះ ឯកឧត្តម រួម​ជា​មួយ​ក្រុម​ករងារ​ នឹងធ្វើរបាយ​​ការណ៍​​​ជូនប្រមុខ​រាជរដ្ឋាភិបាល​ជ្រាបជា​ជំហាន​ទី១ និងជាជំហានបន្ទាប់ នឹងធ្វើការ​ជាមួយ​​ភាគីក្រុម​ហ៊ុន​របស់លោកស្រី លឹម គា ដើម្បីធ្វើការដោះស្រាយនូវបញ្ហានេះជូនដល់​បង​ប្អូន​ប្រជាពល​រដ្ឋ​ដែលមានទំនាស់ទាំងអស់។

ឯកឧត្តម ផៃ ប៊ុនឈឿន ក្នុង​នាម​ក្រុម​ការងារ​ចម្រុះ​ បាន​សន្យាថា នឹងត្រឡប់មក​ជួប​បង​​ប្អូន​ប្រជាពល​រដ្ឋ ជា​​ថ្មីម្តង​ទៀត​នៅ​ពេល​ក្រោយ ​ហើយនឹងធ្វើរបាយការណ៍ជូនប្រមុខ​រាជ​រដ្ឋាភិបាល​ដើម្បី​ដោះស្រាយបញ្ចប់ ជាចុង​ក្រោយ៕













សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គ​រដ្ឋថ្មី​វៀតណាម ចូល​​ជួប​​សំដែង​​ការ​​គួរសម និង​​ឯកអគ្គ​រាជ​ទូត​ថៃ​ជំរាប​លា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណា​ចក្រ​​កម្ពុជា​​នាព្រឹកថ្ងៃទី១១ កញ្ញា ឆ្នាំ​២០១៤​នេះ បានអនុញ្ញាតឱ្យឯកឧត្តម ថាន ដុ (Than Du)  ឯក​អគ្គ​រដ្ឋ​ទូត​ថ្មី​នៃសាធារណៈ​រដ្ឋ​ សង្គម​និយម​វៀត​ណាម  ប្រចាំនៅ​កម្ពុជា  ចូលជួប​​សំដែង​ការ​គួរ​សម។

ក្រោយពីជំនួបបានបញ្ចប់ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេជោ​នាយក រដ្ឋមន្ត្រី បានឱ្យដឹងថា៖ នៅ​ក្នុង​ជំនួប​នេះ ឯកឧត្តម ថាន ដុ (Than Du) បាន​​ពាំនាំ​នូវ​ការ ផ្តាំផ្ញើសាក​សួរ​សុខ​ទុក្ខ​ពីថ្នាក់​ដឹកនាំវៀតណាម ជូនចំពោះ​សម្តេច​​តេជោ​នាយក​រដ្ឋមន្ត្រី ហើយ​ក៏បាន​គោរព​ប្តេជ្ញាចិត្ត​ជូន​ចំពោះ​សម្តេច​ផង​ដែរថា នឹងខិត​ខំប្រឹង​ប្រែង​ឱ្យ​អស់ពី       សមត្ថភាព​ដើម្បីជំរុញ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ។ ក្នុងន័យនេះ ឯកឧត្តម ក៏បាន​គោរព ស្នើសុំការ​គាំទ្រ​ពី​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏ដូច​ជា​មន្ត្រី​រាជ​ការ​ទាំងអស់​មេត្តា​គាំទ្រ ដើម្បី ធ្វើយ៉ាង​ណា​ឱ្យ​ឯកឧត្តម អាច​បំពេញ​បេស​កកម្ម​ការ​ទូតនៅ​ក្នុងព្រះ​រាជាណា​ចក្រកម្ពុជា បាន​ទទួល​​ជោគជ័យ ជាពិសេស​កិច្ច​សហ​ប្រតិ​បត្តិការរវាង​ប្រទេសទាំងពីរ​ដែល​មាន​ស្រាប់ ។

ជាការឆ្លើយតប សម្តេចតេជោ នាយក​រដ្ឋមន្ត្រី បានថ្លែង​អំណរ​គុណ​ជូន​ចំពោះ​ឯកឧត្តម ថាន ដុ(Than Du)  ​ដែលបាន​ពាំ​នាំ​នូវការ​ផ្តាំ​ផ្ញើ​សួរ​សុខ​ទុក្ខ​ពីថ្នាក់​ដឹក​នាំ​វៀត​ណាម ជូន ចំពោះសម្តេច ហើយ​សម្តេច​តេជោ ក៏បាន​សំដែង​នូវការ​រីក​រាយ​​ចំពោះ​ការលើកឡើង នូវ​ទិស​ដៅ​ពង្រឹង​ទំនាក់ទំនងសាមគ្គីភាព មិត្តភាព រវាង​​ប្រទេស​យើងទាំងពីរ។

សម្តេច ក៏បានមានប្រសាសន៍ដែរថា ការអភិវឌ្ឍទំនាក់ទំនង របស់យើង​គឺចាប់ចាំ​បាច់​ត្រូវពង្រឹងវិស័យវិនិយោគ សេដ្ឋកិច្ច ទេសចរណ៍ ដែលជាកត្តាសំខាន់ ។ សម្តេច​បន្តថា កន្លងមកនេះ កម្ពុជា និងវៀតណាមបានធ្វើកិច្ចការនេះជាច្រើន​មក​ហើយ​ៗ​ក៏បានផ្តល់​នូវក្តី​សង្ឃឹមថាការងារនេះ នឹងត្រូវសហការគ្នាជាបន្តទៅទៀត។ ទន្ទឹមនេះ សម្តេចតេជោ​នាយករដ្ឋមន្ត្រី ក៏បានលើក ឡើងអំពី សក្តានុ​ពល​ដែល​ប្រទេសយើងទាំងពីរមាន ដោយ​សម្តេចបានស្នើសុំឱ្យឯកឧត្តមថាន ដុ(Than Du)  ​ជំរុញធ្វើយ៉ាងណាពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​ទៅលើស​ក្តានុពល​ដែល​យើង​មាន​ស្រាប់ រួមជាមួយនឹង​កម្មវិធី​កិច្ចសហ​ប្រតិបត្តិការដែល ប្រទេសទាំង​ពីរ​មាន​ស្រាប់នារយៈពេលកន្លងមកផងដែរ។

ជាទីបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានស្នើសុំឱ្យឯកឧត្តម ថាន ដុ(Than Du) បន្ត​ធ្វើការសហការឱ្យបានល្អជាមួយនឹងភាគីកម្ពុជាលើកិច្ចការថ្មីៗទៀត ដែល​ខុស​ពីកម្ម​វិធី ដែលមានស្រាប់ ។ជាមួយនេះ សម្តេចក៏បានថ្លែងអំណរគុណជូនចំពោះ គណប​ក្ស និង រដ្ឋាភិបាលវៀតណាម ដែលកន្លងមក តែងតែជួយដល់កម្ពុជា ។  ​    
  
បន្ទាប់មក សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានអនុញ្ញាតឱ្យឯកឧត្តម ​Touchayoot Pakdi ឯកអគ្គ​រាជទូតថៃ​ចូល​ជួប​សំដែង​ការ​គួរសម និងជំរាបលាផងដែរ។ ឯកឧត្តម ឯក​អគ្គ​រាជទូត​ថៃ បានមាន​ប្រសាសន៍​ថា​ ឯកឧត្តម​មានកិត្តិយស​ដែល​​មក​ ធ្វើ​ជា​ឯកគ្គរាជ​​ទូតថៃ​ប្រចំា​កម្ពុជា.
រយៈពេល២ឆ្នំាកន្លង មក​នេះ​ឯកឧត្តម មានកិត្តិយស ដែល​បាន​ទទួលកិច្ច សហ​​ប្រតិបត្តិការ  សណ្តានចិត្តល្អ  ធ្វើអោយ​ ឯកឧត្តម ​បាន​បំពេញ​បេស​ក​កម្ម​ការទូត   ក្នុងការ​ជំ​រុញ ​​និងពង្រឹង​កិច្ច​សហប្រតិបត្តិការ ​ទំនាក់ទំនង​រវាង​ប្រជាជន​​ទំាង​ពីរ ​និង​ប្រទេស​ទំាងពីរ អោយកាន់តែល្អប្រសើរឡើង។

ជាការឆ្លើយតប សម្តេចតេ​ជោ​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន មានប្រសាសន៏ ថាជាង​ពីរ​ឆ្នំាកន្លងមកនេះឯកឧត្តម បាន​ធ្វើការជាច្រើន ក្នុង​ការ​ជំរុញកិច្ច​សហ​ប្រតិ​បត្តិការ ជាពិសេស​ឯកឧត្តម បាន​ធ្វើការងារប្រកប ដោយការ​យោគ​យល់​សម្រប​សម្រួល​គ្នា​​ទៅវិញ​ទៅមក​បាន​យ៉ាង​ល្អប្រសើរ៕