Monday, September 15, 2014

សម្តេចតេជោនាយករដ្ឋមន្រ្តី ទទួលជួប​ពិភាក្សា​ការ​ដាច់​ដោយ​ឡែក​ពីគ្នា​ជាមួយ ឯកឧត្តម Pham Binh Minh ឧបនាយ​ករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម

ក្នុងឱកាសនៃការស្នាក់អាស្រ័យបំពេញ​ទស្សន​កិច្ចការងារ អញ្ជើញ​ចូលរួម​ពិព័រណ៌​ចិន-អាស៊ានលើកទី១១ និងកិច្ចប្រជុំកំពូលពាណិជ្ជកម្ម និង​វិនិយោគចិន-អាស៊ាន លើកទី១១ នៅ​ទីក្រុង​ណាន​នីង នៃ សាធារណរដ្ឋប្រជាមានិតចិន សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន​អនុញ្ញាតឲ្យឯកឧត្តម Pham Binh Minh ឧបនា​យក​រដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម​ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបពិភាក្សាដែលបានចំណាយ​ពេល​ប្រមាណ​៣០នាទី សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី និងឯកឧត្តម ឧបនាយករដ្ឋមន្រ្តីវៀតណាម មាន​ប្រសាសន៍​សំដែង​នូវ​ការ​វាយតំលៃខ្ពស់ និង​កោត​សរសើរ ចំពោះ លទ្ធផល​នៃ​កិច្ច​សហ​ប្រតិ​បត្តិការ​នៃប្រទេស​ទាំងពីរកម្ពុជា វៀតណាម ដែលទទួលបាននូវការរីកចំរើនយ៉ាង ឆាប់រហ័ស​ពីមួយ​ថ្ងៃ​ទៅ​មួយថ្ងៃ។ 


ជាមួយគ្នានេះសម្តេចតេជោនាយករដ្ឋមន្រ្តី និង​ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសន្យារួមគ្នាថា ក្នុងការខិតខំ​រួមគ្នាក្នុង​ការជំរុញ​ទំនាក់ទំនង​កិច្ច​សហ​​ប្រតិ​បត្តិការនៃប្រទេសទាំងពីរ ឲ្យកាន់​តែ​រីកចំរើនទ្វេឡើងថែមទៀត ពិសេស​ការ​ជំរុញ​កិច្ច​សហ​​ប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ការវិនិ​យោគ ទេសចរណ៍ សំដៅ​ធ្វើយ៉ាង​ណា​ឲ្យទំហំ​ពាណិជ្ជកម្មនៃប្រទេសទាំងពីរកើនដល់ ៥ពាន់​លាន​ដុល្លានៅឆ្នាំ ២០១៥​ខាង​មុខ។ កិច្ចកិច្ចសន្ទនាគ្នានោះសម្តេចតេជោនាយករដ្ឋមន្រ្តី និង​ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តី វៀតណាម ក៏បាន​ប្តេជ្ញា​រួមគ្នាក្នុង​ការបោះប​ង្គោល​ព្រំដែន​នៃប្រទេស​ទាំងពីរ​ឲ្យបានចប់សព្វគ្រប់ តាមអ្វីដែល ភាគីទាំងពីរបានព្រមព្រៀងគ្នា។   

  S…thy

អ្នក​នាំ​ពាក្យ​ទី​ស្តីការ​គណៈរដ្ឋមន្ត្រី ទាត់​ចោល​ការ​ចោទ​ប្រកាន់​របស់​អង្គការ​សង្គម​ស៊ី​វិល​ ដែល​ថា​ ប្រជាធិបតេយ្យ​នៅ​កម្ពុជាមិន​ល្អ​ប្រសើរ

​រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម​ ផៃ​ ស៊ីផាន  បាន​អះអាងថា សេរីភាព​​​​នៃការបញ្ចេញមតិនៅ​កម្ពុជា គឺមាន​ច្រើ​នជាង​ប្រទេស​មួយចំនួននៅក្នុង​តំបន់។ ឯកឧត្តម​បន្តថា ​កម្ពុជាកំពុងតែដើរលើ ដងផ្លូវ នៅក្នុង ការអភិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យ។ ​។

ការ​ថ្លែង​បែបនេះ គឺ​បន្ទាប់ពី​ក្រុម​អង្គការ  សមាគម​ក្រៅ​រដ្ឋាភិបាល បានរៀបចំ​សន្និសីទកាសែតនៅ​សាកលវិទ្យាល័យ​ខេមរៈ ស្តីពី “​ទិវា​អន្តរជាតិ ប្រជាធិបតេយ្យ និង​ការបង្ហាញ អំពី​ស្ថានភាព នៃ​ដំណើរ​ការ​ប្រជាធិបតេយ្យ ទាក់ទិន​ទៅនឹង​បញ្ហា​ចម្បង នៅ​ប្រទេស​កម្ពុជា​ដើម្បី​ចូលរួម​ទិវា​អន្តរជាតិ ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៤ ​។

សង្គម​ស៊ីវិល បាន​លើកឡើងថា ប្រទេស​កម្ពុជា មាន​ឧបសគ្គ និង​មាន​បញ្ហា​ជាច្រើន ដែល​កំពុង​កើតឡើង និង​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ ជា​ចាំបាច់​។​

ឯកឧត្តម ផៃ ស៊ី​ផាន បាន​មានប្រសាសន​ន៍​ថា យើងដឹងហើយថា ប្រជាធិបតេយ្យនៅលើសកល លោក គឺខុសៗគ្នាទៅតាមវប្បធម៌ ទៅតាមការយល់ដឹង ហើយទៅតាមលទ្ធភាព នៃការអនុវត្ត របស់ខ្លួន។ ឯកឧត្តម បន្ថែម​ថា គ្មានប្រទេសណាមួយដែលអះអាងខ្លួន ថា អនុវត្តប្រជាធិបតេយ្យ បានពេញលេញទេ សូម្បីតែសហរដ្ឋអាមេរិច ដូចជាចក្រភពអង់គ្លេស  ក៏មិនទាន់ ហ៊ាននិយាយនៅឡើយដែរ  ដោយសារគេនិយាយថា ជាការពិសោធន៍ ប្រជាពលរដ្ឋ របស់គេ ក្នុងការរក្សាអំណាចរបស់មហាជន រក្សាតុល្យភាពរវាងមហាជនជាមួយ នឹងអ្នកផ្តល់សេវាកម្ម គឺរដ្ឋាភិបាលក៏ដូចជា​ជា​មួយអ្នកតែងច្បាប់។
ឯកឧត្តម​​ ផៃ ស៊ី​ផាន បាន​បន្ត​ថា ការពិសោធន៍របស់កម្ពុជា បើយើងមើល ពីឆ្នាំ១៩៩៣ នៃអាណត្តិទី១នៃការបោះឆ្នោតនេះ ការជួប​ប្រទះនូវឧបសគ្គជាច្រើនរបស់ប្រជាពលរដ្ឋកម្ពុជា ទោះជាយ៉ាងណា​​​ក៏ដោយ ក៏យើងឃើញថា កម្ពុជាមានសមត្ថភាព និងលទ្ធភាពរក្សាស្ថេរភាពនយោបាយ និងសន្តិភាពដើម្បីទុកឱកាសនៃការអភិវឌ្ឍន៍នៃសេដ្ឋកិច្ច របស់ខ្លួន។
អ្នក​នាំ​ពាក្យ​រូប​នេះ​ បាន​បន្ត​ទៀត​ថា អ្វីដែលកម្ពុជាយើងកំពុងអភិវឌ្ឍន៍ លទ្ធិប្រជាធិបតេយ្យរបស់ខ្លួន ឆ្លើយតបនឹងវប្បធម៌ ឆ្លើយតបនឹងលទ្ធភាពនៃប្រជាពលរដ្ឋយើង ដោយសាររាជរដ្ឋាភិបាលកើតចេញ ពីប្រជាពលរដ្ឋ អាស្រ័យហេតុដូច្នេះ យើងកំពុងតែដើរនៅចំផ្លូវត្រូវ នៅលើមូលដ្ឋាននៃអ្វីដែលយើងនិយាយអំពីលទ្ធិប្រជាធិបតេយ្យ ទី១យើងកំពុងពង្រឹង នីតិរដ្ឋ យើងមានច្បាប់ ទី២ ឲ្យការដឹងការយល់ច្បាប់ នៅតែបន្តបន្ទាប់មកទៀត គឺ​ការអនុវត្តន៍ច្បាប់។ ការពិសោធន៍នៃប្រជាធិបតេយ្យ នៅពេលនេះយើង ឃើញថាតាំងពីឆ្នាំ១៩៩៣ដល់ពេលនេះ យើងមានឧបសគ្គយ៉ាងណាក៏ដោយក៏កម្ពុជានៅតែថែរក្សា ស្ថេរភាពនយោបាយ សន្តិភាព និងការអភិវឌ្ឍន៍របស់ខ្លូន ដោយឈរទៅលើ ម៉ាក្រូសេដ្ឋកិច្ច កំណើនមាន៧.៥ភាគរយនៅឆ្នាំនេះ ដែលគេហៅថាផលិតផលក្នុងស្រុក រឺ GDP រឺឯចំណូលក្នុងស្រុករបស់ខ្លូនរវាងបុគ្គលម្នាក់ៗ និងទទួលបាន១០០០ដុល្លារជាង។​
តាម​រយៈការ​រៀប​រាប់​មក​នេះ ឯកឧត្តម ផៃ​ ស៊ី​ផាន បាន​វាយ​តម្លៃ​ថា ដូច្នេះ​ ពាក្យ​ថា ​ប្រជាធិបតេយ្យ គឺនិយាយអំពីនីតិរដ្ឋ និយាយអំពីការអភិវឌ្ឍន៍ទៅតាមម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាចំណូលរបស់ មហាជនឲ្យចំទិសដៅត្រឹមត្រូវ​ ដែលយើងទទួលបានការលើកទឹកចិត្តពីអង្គការអន្តរជាតិមួយចំនួនធំ ដូចជាស្ថាប័ន រូបិយវត្ថុអន្តរជាតិ ក៏ដូចជាធនាគារពិភពលោកនេះហើយជាការពិសោធន៍របស់កម្ពុជា ទោះបីជា យើងជួបនឹងឧបសគ្គនៃការវិវាទនយោបាយមួយចំនួនធំយ៉ាងណាក៏ដោយ ដ៏ប៉ុន្តែ ដំណោះស្រាយនៅតែមានបន្តនូវអ្វី ដែលយើងចង់និយាយថាអំណាចសាធារណៈនៅតែបន្តនិរន្តភាព និងចីរភាពរបស់គេ
ជា​ចុង​បញ្ចប់ ឯកឧត្តម ផៃ​ ស៊ីផាន បាន​សង្កត់​ធ្ងន់​ថា ដូច្នេះការផ្លាស់ប្តូរអំណាចតាមរយៈការបោះឆ្នោត យើងនៅតែប្រព្រឹត្តឲ្យបានទៅតាមអ្វីដែលជាអាណត្តិរបស់ខ្លួន។ ដូចគ្នា​នេះ​ដែរ​ សិទ្ធិនៃការបញ្ចេញយោបល់យើងមានច្បាប់របស់យើងដូច្នេះអ្វីដែលកម្ពុជានៅ​បន្ត​ធ្វើគឺ នៅតែការអនុវត្តការចូលរួមសហការ រវាងរាស្ត្រ និងរដ្ឋឲ្យនៅជុំគ្នា។ ដូច្នេះលទ្ធិប្រជាធិបតេយ្យមិនអាចធ្វើតែឯងបានទេទាល់តែម្នាក់ៗនៅក្នុងសង្គមចូលរួម ហើយ​អ្វីដែយើងមោទនភាពខ្លូនយើងគឺតិចបំផុត​ ប៉ុន្តែ ជា​សំ​ខាន់​នោះ គឺយើងធានាបាននូវ​​សន្តិភាពទាំង​មូល​ក្នុង​ផ្ទៃ​ប្រទេស​



សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី អញ្ជើញ ទៅដល់​ចំណត​អាកាសយានដ្ឋាន​អន្តរជាតិ Wuxu នៃទីក្រុងណាននីង សាធារណ​រដ្ឋ​ប្រជា​មានិតចិន

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តីនៃព្រះ រាជា​ណា​​ចក្រ​កម្ពុជា និងគណៈ​ប្រតិភូ​ជាន់ខ្ពស់នៃ​រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញធ្វើ​ដំណើរ តាមយន្ត​ហោះពិសេស​របស់ព្រះរាជាណាចក្រ​កម្ពុជា ទៅដល់ចំណតអាកាស​យាន​ដ្ឋាន​​អន្តរ​ជាតិ​Wuxu នៃទីក្រុង​ណាន​នីង សាធារណរដ្ឋប្រជាមានិតចិន ប្រកប​ដោយ​សុវត្ថិភាព កាល​ពីវេលា ម៉ោង១១ ម៉ោង​នៅ​សាធារណរដ្ឋប្រជាមានិតចិន ត្រូវនិង​ម៉ោង​១០ ម៉ោង​​នៅ​ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូល​រួម​ពិព័រណ៌​ចិន-អាស៊ាន លើក​ទី១១ ដែលនឹង ប្រារព្ធ​​ពិធីបើក ជាផ្លូវការនៅ ព្រឹកថ្ងៃទី១៦កញ្ញាស្អែកនេះ។

នៅចំណត​អាកាស​យាន​ដ្ឋាន​អន្តរជាតិ Wuxu វត្តមាន​នៃការអញ្ជើញដល់របស់សម្តេច​តេជោ​​នាយក​រដ្ឋមន្រ្តី​ និងគណៈប្រតិភូ ត្រូវបានការធ្វើ​គារវ​កិច្ច​ស្វាគមន៍​យ៉ាង​ស្និទ្ធ​ស្នាល ​រាក់​ទាក់ពីឯកឧត្តម Chen Wu អភិបាល​តំបន់​ស្វយ័តក្វាងស៊ី លោកជំទាវ ប៊ូ ជាំងគូ ឯកអគ្គ​រដ្ឋ​ទូត​វិសាមញនិង​ពេញសមត្ថភាព​នៃ​សាធារ​ណ​រដ្ឋ​ប្រជាមានិតចិន​ប្រចាំ​កម្ពុជា លោកជំទាវ ខែក កែមាលី ស៊ីសូ​ដា ឯកអគ្គ​រាជទូតវិសាមញ និងពេញ​សមត្ថ​ភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេស​ចិន​ ឯកឧត្តម អ៊ឹម សុភី អគ្គ​កុងស៊ុល​ព្រះ​រាជា​ណាចក្រ​កម្ពុជា ប្រចាំទីក្រុងណាននីង និងលោកជំទាវ ព្រម​ទាំងឯកឧត្តម លោក​ជំទាវ ជាថ្នាក់ដឹកនាំជាន់​ខ្ពស់ នៃតំបន់ស្វយ័តក្វាងស៊ី និងឥស្សរជនកាទូត​របស់​ព្រះរាជា​ណាចក្រ​កម្ពុជាជាច្រើនរូប។

តាមកម្មវិធី​ដែលបានគ្រោងទុក នៅរសៀល​ថ្ងៃទី១៥កញ្ញានេះ​ សម្តេច​តេ​ជោនាយករដ្ឋ​មន្រ្តី និងទទួលជួបពិភាក្សា​ការងារ​ដាច់ដោយឡែកពីគ្នាជា​មួយ ឯកឧត្តម Pham Binh Minh ឧបនាយក​រដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តី​ការបរ​ទេស​វៀតណាម ឯកឧត្តម ឧត្តមសេ​នីយ៍ Tanasak Patima​pragom ឧប​នាយក​រដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការ​បរទេសថៃ និងជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Zhang Gaoli ឧប​នាយករដ្ឋមន្រ្តីទី១នៃរដ្ឋាភិបាល​ចិន។

ឯកឧត្ត​ម​​ឧបនាយក​​រដ្ឋមន្ត្រី សុខ​ អាន​ លើក​​ទឹក​​ចិត្ត​​​ដល់​​កីឡា​​កកម្ពុជា​ ដែល​​ទៅ​​ចូល​​រួម​​ប្រកួត​​កីឡា​​អាស៊ី​​លើក​​ទី​១៧ នៅ​ទី​ក្រុ​ងអ៊ិន​ឈុន សាធារណ​រដ្ឋកូរ៉េ

ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៤នេះ នៅ​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី ប្រតិភូកម្ពុជា​ដែលនឹង​ចូល​រួម​ប្រកួត​កីឡាអាស៊ី​លើក​ទី​១៧ ចំ​នួន​៣៦នាក់​ ត្រូវ​បាន​ទទួល​ការស្វាគមន៍​យ៉ាង​កក់​ក្តៅ​ពី​ ឯកឧត្តម​ឧបនាយក​​រដ្ឋមន្ត្រី​ សុខ​ អាន​ រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​ តំ​ណាង​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះ​រាជា​ណា​ចក្រកម្ពុជា​។

ឯកឧត្តម​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ និង​ជា​ប្រធា​ន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិក​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​៤ ខែ​តុលា ឆ្នាំ​២០១៤ ប្រតិភូកីឡា​កម្ពុជា​ នឹង​ទៅ​ចូល​រួម​ប្រកួត​កីឡា​អាស៊ី​លើក​ទី​១៧ នៅ​ទីក្រុង​អ៊ិន​ឈុន សាធារណៈរដ្ឋកូរ៉េ។

ចាប់​ពី​ឆ្នាំ​១៩៧០ រហូត​មក កម្ពុជា​ពុំ​បាន​ចូល​រួម​ប្រកួត​កីឡា​អាស៊ី​ទេ រហូត​ដល់​ឆ្នាំ​១៩៩៤ ទើប​បាន​ចូល​រួម​ឡើង​វិញ​នៅ​ទី​ក្រុង​ ហ៊ី​រ៉ូ​ស៊ី​ម៉ា​ ប្រទេស​ជប៉ុន រហូត​មក​ដល់​បច្ចុប្បន្ន  ហើយ​ការ​វិល​ត្រឡប់​ចូល​រួម​ប្រកួត​ថ្នាក់​ទ្វីប​អាស៊ី​នេះ  កម្ពុជា​រំ​ពឹង​ថា នឹង​ដណ្តើម​យក​បាននូវ​ជោគ​ជ័យ និង​ជា​កិត្តិយស​​ជូន​ជាតិ​ មាតុភូមិ​។

ការ​ប្រកួត​​កីឡា​អាស៊ី​លើក​នេះ មាន​៤៥ប្រទេស​ ចូល​រួម​ប្រកួត​ប្រជែង។  ក្នុង​ទ្វី​បអាស៊ី មាន​កីឡា​ករ‑ កីឡា​ការិនី និង​គ្រូបង្វឹក​ចំ​នួន​១៣០០០នាក់ មន្ត្រី​រៀប​ចំ​‑ បុគ្គិលស្ម័គ្រចំនួន៧០០០នាក់ និង​អ្នក​សារព័ត៌មានចំ​នួន​ប្រមាណ៧០០០នាក់។

ឯកឧត្តម​ ថោង ខុន បាន​បន្ត​ថា ថ្វី​ត្បិត​តែ​កម្រិត​បច្ចេកទេស​កីឡាករ‑ កីឡាករិនីកម្ពុជា​ថ្នាក់​ទ្វីប​នៅ​មាន​កម្រិត ក៏​ប៉ុន្តែ​ កាត​ប្រកួត​លើក​នេះ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិក​កម្ពុជា​ និង​ក្រសួង​អប់​រំ​ យុវជន​ និង​កីឡា បាន​កំ​ណត់​យុទ្ធ​សាស្ត្រ​ស្វែង​រក​មេដាយថ្នាក់​អាស៊ី​ឡើង​វិញ​ ដោយ​មាន​ប្រភេទ​កីឡា​មួយ​ចំ​នួន​អាច​មាន​ឱកាសឈាន​ទៅ​រក​មេដាយ គឺ កីឡា​តេក្វាន់​ដូ កីឡាចំ​បាប់ និង​កីឡា​ Tennis។ ប្រតិភូ​កីឡាកម្ពុជា​ នឹង​ចេញ​ដំ​ណើរនៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៤នេះ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ សុខ​ អាន​ បាន​មាន​ប្រសាសន៍​ថា សង្ឃឹម​ថា ក្មួយ​ៗជា​កីឡា​ករ‑ កីឡា​ការិនី​ កម្ពុជា​ ដែល​ត្រូវ​បាន​ជ្រើសរើស សំ​រាំង​ឲ្យ​ទៅ​ប្រកួត​ នឹង​ខិត​ខំ​ ដើម្បីនាំ​​មេដាយ​មាស និង​មេដាយ​​ផ្សេង​ៗទៀត​មក​ជូន​មាតុភូមិ​កម្ពុជា​ ជាទី​ស្នេហា​របស់​ខ្លួន​ឱ្យ​បាន​។ ការ​សម្រេច​បាន​នូវ​ជោគ​ជ័យ​ ដែល​វា​ គឺ​ជា​កិត្តិយសផ្ទាល់​ខ្លួន​ផង ក្រុម​គ្រួសារផង និង​មាន​រង្វាន់លើក​ទឹក​ចិត្ត​ផង ហើយ​ក៏  ឈ្មោះ​ល្បី​រន្ទឺកេរ្ត៍ឈ្មោះរបស់​ខ្លួនក្នុង​តំ​បន់​ និងនៅ​​លើឆាក​អន្តរជាតិផង​។​​

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ សុខ អាន​ បាន​លើក​ទឹក​ចិត្ត​ដល់​ក្មួយៗកីឡា​កម្ពុជា​ទាំង​អស់​ ខិត​ខំ​ត្រូវ​ពង្រឹង​កាយ​សម្បទាឲ្យ​រឹង​មាំ​ ហ្វឹក​ហាត់​ និងរៀប​ចំខ្លួន​​ឲ្យ​​​បាន​ល្អ​ ដើម្បី​ត្រៀម​ការ​ប្រកួត​ ដែល​ឯកឧត្តម ចាត់​ទុកការ​រៀប​ចំ​ខ្លួន​ជាមុន​បាន​ល្អ​ ក៏​​ជា​ជំ​ហាននាំ​ទៅ​រក​​ជោគ​ជ័យ​ផង​ដែរ៕

មតិ​សំណេះ​សំណាល ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ក្នុង​ពិធី​ជួប​ជុំ​កីឡាករ-​កីឡា​ការិនី គ្រូបង្វឹក និង​ប្រតិភូកីឡា មុនពេល​ចេញ​ទៅប្រកួត​កីឡា​អាស៊ី​លើក​ទី១៧

ទីស្ដីការគណៈរដ្ឋមន្ត្រី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៤

-ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា
-ឯកឧត្តម ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
-ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី គ្រូបង្វឹក កីឡាករ កីឡាការិនីទាំងអស់ ជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយចូលរួមជាមួយ ​ឯកឧត្តម ​លោកជំទាវ អស់លោក លោកស្រី គ្រូបង្វឹក និងកីឡាករ កីឡាការិនីទាំងអស់ ក្នុងពិធីជួបជុំ​កីឡាករ​កីឡាការិនី គ្រូបង្វឹក និងប្រតិភូកីឡារបស់កម្ពុជា មុនពេល​ចេញដំណើរទៅចូលរួម​ការប្រកួត​កីឡាអាស៊ីលើកទី១៧ (17th Asian Games) ឆ្នាំ​២០១៤ នៅទីក្រុង Incheon សាធារ​ណរដ្ឋ​កូរ៉េ ចាប់ពីថ្ងៃទី១៧ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៤ ខាងមុខ​នេះ។ ឆ្លៀតក្នុង​ឱកាសនេះ ក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខ្ញុំសូមសម្ដែងនូវការកោតសរសើ និងវាយតម្លៃខ្ពស់​ចំពោះ​គណៈកម្មា​​ធិការ​​ជាតិ​​អូឡាំពិក​​កម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាជាតិ និងស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេសគ្រូបង្វឹក ដែលបានខិតខំប្រឹងប្រែង​រៀបចំឱ្យកីឡាករ កីឡាការិនី​​​កម្ពុជា បាន​ទៅ​ចូលរួមក្នុង​ការ​ប្រកួតកីឡាអាស៊ីលើកទី១៧នេះ។ ខ្ញុំក៏សូមថ្លែង​អំណរគុណ​​ចំពោះ​ក្រុមហ៊ុន​និង​​សប្បុរសជនទាំងអស់ ដែលបានផ្តល់ការ​ឧបត្ថម្ភគាំទ្រ​ដល់ការចូលរួម​របស់​កីឡាករ កីឡា​​ការិនី​​​​កម្ពុជា នៅក្នុងការ​ប្រកួតកីឡា​ជា​លក្ខណៈអន្តរជាតិនេះ ​​ក្នុងនោះរួម​មាន​ក្រុមហ៊ុន Cambrew ក្រុមហ៊ុន Naga World និងក្រុមហ៊ុន Cambodia Dream។ ទន្ទឹម​នឹង​នោះ ខ្ញុំក៏សូមថ្លែង​អំណរគុណ​ផងដែរ​ចំពោះភាគីកូរ៉េ ដែល​បានជួយឧបត្ថម្ភ​ការ​ចំណាយ​​លើការ​ធ្វើដំណើរ និង​ការស្នាក់​នៅ​របស់​កីឡាករ កីឡាការិនី និងគ្រូបង្វឹកកម្ពុជា។

ការជួបជុំគ្នានៅថ្ងៃនេះ គឺជាសក្ខីភាពបញ្ជាក់ពីការលើកទឹក​ចិត្ត និងការគាំទ្រ​របស់​រាជរដ្ឋាភិបាលកម្ពុជា ក្រោម​ការដឹកនាំប្រកប​ដោយគតិបណ្ឌិត​របស់​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ​ដល់​វិស័យកីឡា ជាពិសេស​កីឡាករ កីឡាការិនី ដែលនឹងត្រូវទៅចូលរួមការ​ប្រកួតកីឡា​អាស៊ីលើកទី​១៧នេះ ក៏ដូចជា​ការប្រកួត​កីឡា​អន្តរជាតិនានាផងដែរ។ ការយកចិត្តទុកដាក់ និងការគាំទ្រទាំង​នេះ​ គឺ​ស្ដែង​ចេញតាមរយៈការចំណាយថវិការដ្ឋ និង​ថវិកាផ្ទាល់​របស់សម្តេចតេជោ ដល់កីឡាករ កីឡា​ការិ​នី និងគ្រូបង្វឹក នៅមុនពេលចេញទៅប្រកួត និងក្រោយពេលត្រឡប់ពីការប្រកួតវិញ ក៏​ដូច​ជា​ការផ្តល់ប្រាក់រង្វាន់លើកទឹក​ចិត្តដល់​ជ័យលាភី​ផងដែរ។

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី!
ការប្រកួតកីឡាអាស៊ី ដែលត្រូវប្រារព្ធធ្វើឡើងនៅរៀងរាល់៤ឆ្នាំម្ដង បាន​ចាប់​ផ្ដើម​ប្រកួត​ជាលើកដំបូងនាឆ្នាំ១៩៥១ នៅទីក្រុង New Delhi ប្រទេសឥណ្ឌា ដោយនៅពេល​នោះ​​ប្រទេសកម្ពុជាពុំបានចូលរួមទេ។ នៅក្នុងការប្រកួតក្រោយៗមកទៀត គឺ នៅឆ្នាំ​១៩៥៤ ឆ្នាំ១៩៥៨ ឆ្នាំ១៩៦២ ឆ្នាំ១៩៦៦ និងឆ្នាំ១៩៧០ កម្ពុជាតែងតែ​បានចូលរួមជានិច្ច ហើយ​នៅឆ្នាំ១៩៧០ យើង​បាន​ទទួល​លទ្ធផល​​គួរជាទីមោទនៈនៅក្នុងការ​ប្រកួត​​កីឡាអាស៊ីនេះ ដោយ​ដណ្តើមបាន​មេដាយ​ប្រាក់២ និងសំរឹទ្ធិ២។ ជាអកុសល ដោយ​សារសង្គ្រាម កម្ពុជា​បាន​អវត្តមាន​ពីការប្រកួតកីឡាអន្តរជាតិនេះ​តាំងពីឆ្នាំ១៩៧០ រហូត​ដល់​ឆ្នាំ​១៩៩៤។ ចាប់​ពី​​ឆ្នាំ១៩៩៤មក កម្ពុជាមានវត្តមានឡើងវិញនៅក្នុងការ​ប្រកួត​កីឡា​​​អាស៊ីនេះ ប៉ុន្តែយើង​ពុំ​ទាន់​អាចដណ្ដើមបានមេដាយលើវិញ្ញាសារណាមួយនៅឡើយ។

ដោយឡែក សម្រាប់ការប្រកួតនៅ​ឆ្នាំ២០១៤នេះ ខ្ញុំសង្ឃឹមនិងជឿជាក់​យ៉ាងមុត​មាំ​​ថា ក្មួយៗកីឡាករ កីឡាការិនីទាំងអស់​នឹង​ខិតខំឱ្យ​អស់ពីកម្លាំងកាយចិត្ត ដើម្បី​ដណ្ដើម​ឱ្យ​បាន​មេដាយជូនជាតិមាតុភូមិយើង។ ខ្ញុំមានសង្ឃឹម ដោយហេតុថា​ បច្ចុប្បន្ននេះ ក្រោមការ​យកចិត្តទុកដាក់ខ្ពស់និងការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាលកម្ពុជា វិស័យ​កីឡា​យើង​បានអភិវឌ្ឍឈានឡើងជាលំដាប់ ទាំងបរិមាណ និងគុណភាព។ ជាក់ស្តែង កីឡាករ កីឡាការិនីកម្ពុជាយើង ជាពិសេសនៅក្នុងប្រភេទកីឡាប៉េតង់​ បាន​ដណ្តើម​យក​ពានរង្វាន់​ទាំងកម្រិតតំបន់និងពិភពលោកជាច្រើន ពីក្នុង​ការប្រកួត​អន្តរជាតិនានា ដូចជា​កីឡា​ស៊ីហ្គេម​លើកទី២៧ និងការប្រកួតអន្តរជាតិសំខាន់ៗ​ជាច្រើន​ទៀត មកជូនជាតិ​មាតុ​ភូមិ​ដែលខ្ញុំ​ផ្ទាល់​បានចូលរួមក្នុងពិធីប្រគល់ប្រាក់រង្វាន់ដល់ជ័យលាភី កាលពី​ពេលថ្មីៗ​កន្លងទៅ​នេះ។ ការ​ដណ្តើម​បានពានរង្វាន់អន្តរជាតិ គឺមិនគ្រាន់តែជាជោគជ័យឯកជន​សម្រាប់​ក្មួយៗ​កីឡាករ​ កីឡាការិនីនិងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជា​ការលើក​កម្ពស់​កិត្យានុភាព​របស់​ជាតិ​​យើងនៅលើឆាកអន្តរជាតិផងដែរ។

ក្នុងន័យនេះ ខ្ញុំសូមជំរុញនិងលើកទឹកចិត្តដល់ក្មួយៗកីឡាករ កីឡាការិនីទាំងអស់​ឱ្យខិតខំប្រឹងប្រែងហ្វឹកហាត់ពង្រឹងទាំងកម្លាំងកាយ និងកម្លាំងស្មារតី ដើម្បីដណ្តើមយក​ជ័យ​ជំនះលើរាល់ការប្រកួតរបស់ខ្លួនមកជូនជាតិមាតុភូមិ។ ទន្ទឹមនឹងនេះ ខ្ញុំសូមផ្តាំផ្ញើដល់​ក្មួយៗ​កីឡាករ កីឡាការិនីទាំងអស់ថា​ កីឡាគឺជាការទូតមហាជនមួយបែប ដែលក្នុងនោះ​ក្មួយ​ទាំងអស់​សុទ្ធសឹងតែជាអ្នកការទូត ដែលអាចជួយ​ពង្រឹងនិងពង្រីកសាមគ្គីភាព មិត្តភាព ភាតរ​ភាព​ និង​កិច្ចសហប្រតិបត្តិការរវាងប្រទេសក្នុងតំបន់ ក៏ដូចជាពិភពលោក ហើយក្នួយៗ​ត្រូវ​ប្រកាន់​​ខ្ជាប់​នូវវិន័យ សេចក្តីថ្លៃថ្នូរ និងសីលធម៌វិជ្ជាជីវៈ។ លើសពីនេះទៅទៀត ការប្រកួត​នេះ ពិតជា​នឹងនាំមកនូវចំណេះដឹង និង​បទពិសោធន៍ល្អ​ៗបន្ថែមទៀត ដែលនឹង​ជួយ​ឱ្យក្មួយៗត្រៀមខ្លួនសម្រាប់​ការប្រកួតកីឡាស៊ី​ហ្គេមនៅឆ្នាំ២០២៣ ដែលប្រទេសកម្ពុជា​ នឹងធ្វើជាម្ចាស់ផ្ទះ។

ជាថ្មីម្តងទៀត ខ្ញុំសូមកោតសរសើនិងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង​របស់​ គណៈកម្មាធិការជាតិអូឡាំពិក​កម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា ក្រសួង ស្ថាប័នពាក់ព័ន្ធ គ្រូបង្វឹក និងកីឡាករ កីទ្បាការិនី ក៏ដូចជាវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែល​បាន​ចូលរួមក្នុងការ​ជំរុញ​និងលើកកម្ពស់វិស័យកីឡានៅកម្ពុជា ​ឱ្យមាន​ការរីក​ចម្រើន​និង​មាន​លទ្ធភាពចូលរួមក្នុងការប្រកួតជាលក្ខណៈអន្តរជាតិ។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរក្មួយៗកីឡាករ​ កីឡាការិនីទាំងអស់ សូមទទួលបាន​ជ័យ​ជំនះ​​ក្នុង​ការ​ប្រកួត​កីឡា​អាស៊ីលើកទី១៧នេះ និងសូមជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រីទាំងអស់ សូមមានសុខភាពល្អ ទទួលបានជោគជ័យក្នុងគ្រប់ភារកិច្ច និងមាន​សុភមង្គល​​​​ក្នុង​គ្រួសារ។
សូមអរគុណ!

សម្តេច​តេជោ ហ៊ុន សែន ដឹក​នាំ​ប្រតិភូ​ទៅ​ចូល​រួម​ពិព័រណ៍​អាស៊ាន​ចិន​លើក​ទី១១

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយក ​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា​នាព្រឹកថ្ងៃទី១៥ ខែ​កញ្ញា ឆ្នាំ២០១៤នេះ  បានដឹក​នាំប្រតិភូ​ជាន់​ខ្ពស់​ទៅ​កាន់​សាធារណៈ​រដ្ឋប្រជាមានិតចិន ដើម្បី​ចូល​រួម​បើក​ពិព័រណ៍ អាស៊ាន ចិន លើកទី១១ និងកិច្ចប្រជុំ​ កំពូល​ស្តីពី​ធុរៈកិច្ចនិងវិនិយោគ អាស៊ាន ចិន ដែលនឹង​ប្រព្រឹត្ត​ទៅនៅទីក្រុងណាន់និញ ខេត្តក្វាងស៊ី នៃ​សាធា​រណៈរដ្ឋប្រជាមានិតចិន។ពិព៍រណ៍នេះ នឹងចាប់​ផ្តើម​នៅថ្ងៃ​ទី​១៦​ខែ​កញ្ញា។

ឯកឧត្តម ស៊្រី ថាមរ៉ុង្គ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា៖យោងតាមកម្មវិធី ក្នុងឱកាស​ស្នាក់​នៅ​ប្រទេសចិន ពីថ្ងៃទី១៥ដល់ថ្ងៃទី១៦កញ្ញា សម្តេច​តេជោ នាយករដ្ឋមន្ត្រី នឹងទទួលជួបជាមួយឯកឧត្តម ហ្សាង កាលី ឧបនាយករដ្ឋមន្ត្រីចិន ,ជួបជាមួយលោកអភិ បាលខេត្តក្វាងស៊ី ,និង​ទទួល​ជួបជាមួយឯកឧត្តម ឧបនា​យក​រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការ​បរ​ទេស​វៀតណាមនិងឯកឧត្តម ឧត្តមសេនីយ៍ Tanasak Patimapragon ឧបនាយក​រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការ​បរទេស​ថៃ​ ហើយនៅល្ងាចនេះដែរ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏នឹង​អញ្ជើញ​ចូលរួម​ក្នុង​ពិធីជប់​លាងដែល​រៀបចំដោយ​រដ្ឋាភិបាល​ចិនផងដែរ។

តមក នៅថ្ងៃទី១៦ខែកញ្ញា សម្តេចតេជោ នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន  នឹង​អញ្ជើញ​បើក​ពិព័រណ៍ អាស៊ាន ចិន លើកទី១១ និងកិច្ចប្រជុំ កំពូល​ស្តីពី​ធុរៈ​កិច្ច​និង​វិនិយោគ អាស៊ានចិន​ ដែលនៅក្នុងឱកាសនោះ សម្តេច​តេជោនាយករដ្ឋមន្ត្រី ក៏នឹង អញ្ជើញ​ឡើងថ្លែង​សុន្ទរកថា ផងដែរ។ បន្ទាប់មក សម្តេច​តេជោ ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា ក៏នឹងអញ្ជើញទ​ស្សនា​ពន្លា​ជាតិ​និងស្តង់ពិព័រណ៍នានារបស់កម្ពុជា។

សម្តេចតេជោ នាយករដ្ឋមន្ត្រី នឹងអញ្ជើញនិវត្តន៍មកកម្ពុជាវិញនៅរសៀល​ថ្ងៃទី១៦​ខែ​កញ្ញា។​ឯកឧត្តម ស៊្រី ថាមរ៉ុង្គ បានរំលឹកបញ្ជាក់ថា ពិព័រណ៍​អាស៊ាន ចិន គឺបានចាប់ ផ្តើមតាំង​ពី​ឆ្នាំ២០០៤ ហើយរហូតមកដល់ពេលនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បាន​អញ្ជើញចូលរួម ដោយផ្ទាល់ ចំនួន​៨ដងមកហើយ​  ដោយបាន​បង្ហាញ​ពី​តួនាទី​យ៉ាង​សកម្មរបស់កម្ពុជា​នៅក្នុង​ឱកាសពិព័រណ៍នោះ ក៏ដូចជា​ការលើក​ទឹកចិត្ត​និងគាំទ្រ​យ៉ាង​សកម្ម​របស់​កម្ពុជានៅក្នុង​ការ​រៀប ​ចំពិព័រណ៍នេះផងដែរ៕ 

សុន្ទរកថា ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេស​ចរណ៍ ក្នុង​ពិធី​ជួប​ជុំ​កីឡាករ-​កីឡាការិនី គ្រូបង្វឹក និង​ប្រតិ​ភូកីឡា មុនពេល​ចេញ​ទៅ​ប្រកួត​កីឡា​អាស៊ី​លើកទី១៧




សម្តេច​តេជោ ហ៊ុន សែន ដឹក​នាំ​ប្រតិភូ​ទៅ​ចូល​រួម​ពិព័រណ៍​អាស៊ាន​ចិន​លើក​ទី១១

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​នាយក ​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា​នាព្រឹកថ្ងៃទី១៥ ខែ​កញ្ញា ឆ្នាំ២០១៤នេះ  បានដឹក​នាំប្រតិភូ​ជាន់​ខ្ពស់ទៅ​កាន់​សាធារណៈ​រដ្ឋប្រជាមានិតចិន ដើម្បី​ចូលរួម​បើក​ពិព័រណ៍ អាស៊ាន ចិន លើកទី១១ និងកិច្ចប្រជុំ​ កំពូល​ស្តីពី​ធុរៈ​កិច្ចនិងវិនិយោគ អាស៊ាន ចិន ដែលនឹង​ប្រព្រឹត្ត​​ទៅ​នៅ​ទីក្រុង​ណាន់និញ ខេត្តក្វាងស៊ី នៃ​សាធារណៈរដ្ឋប្រជាមានិតចិន។ពិព៍រណ៍នេះ នឹងចាប់​ផ្តើម​នៅថ្ងៃ​ទី​១៦​ខែ​កញ្ញា។

ឯកឧត្តម ស៊្រី ថាមរ៉ុង្គ រដ្ឋមន្ត្រី ប្រតិភូអម​នាយក​រដ្ឋមន្ត្រី ​បានឱ្យដឹងថា៖យោងតាមកម្មវិធី ក្នុង​ឱកាស​ស្នាក់​នៅ​ប្រទេស​ចិន ពីថ្ងៃទី១៥ដល់ថ្ងៃទី១៦កញ្ញា សម្តេច​តេជោ នាយករដ្ឋមន្ត្រី នឹងទទួល​ជួបជា​មួយ​ឯកឧត្តម ហ្សាង កាលី ឧបនាយករដ្ឋមន្ត្រីចិន ,ជួប​ជា​មួយ​លោកអភិ បាលខេត្តក្វាងស៊ី ,និង​ទទួល​ជួបជា​មួយ​ឯកឧត្តម ឧប​នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការ​បរ​ទេស​វៀតណាមនិងឯកឧត្តម ឧត្តមសេនីយ៍ Tanasak Patimapragon ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការ​បរទេស​ថៃ​ ហើយនៅល្ងាចនេះដែរ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏នឹង​អញ្ជើញ​ចូលរួម​ក្នុង​ពិធីជប់​លាងដែល​រៀបចំដោយ​រដ្ឋាភិបាល​ចិនផងដែរ។

តមក នៅថ្ងៃទី១៦ខែកញ្ញា សម្តេចតេជោ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន  នឹង​អញ្ជើញ​បើក​ពិព័រណ៍ អាស៊ាន ចិន លើកទី១១ និងកិច្ចប្រជុំ កំពូល​ស្តីពី​ធុរៈ​កិច្ច​និង​វិនិ​យោគ អាស៊ានចិន​ ដែលនៅក្នុងឱកាសនោះ សម្តេច​តេជោនាយករដ្ឋមន្ត្រី ក៏នឹង អញ្ជើញ​ឡើង​ថ្លែង​សុន្ទរកថា​ ផងដែរ។ បន្ទាប់មក សម្តេច​តេជោ ប្រមុខ​រាជ​រដ្ឋាភិបាលកម្ពុជា ក៏នឹងអញ្ជើញទ​ស្សនា​ពន្លា​ជាតិ​និងស្តង់ពិព័រណ៍នានារបស់កម្ពុជា។

សម្តេចតេជោ នាយករដ្ឋមន្ត្រី នឹងអញ្ជើញនិវត្តន៍មកកម្ពុជាវិញនៅរសៀល​ថ្ងៃទី១៦​ខែ​កញ្ញា។​ឯកឧត្តម ស៊្រី ថាមរ៉ុង្គ បានរំលឹកបញ្ជាក់ថា ពិព័រណ៍​អាស៊ាន ចិន គឺបានចាប់ ផ្តើមតាំង​ពី​ឆ្នាំ២០០៤ ហើយរហូតមកដល់ពេលនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បាន​អញ្ជើញចូលរួម ដោយផ្ទាល់ ចំនួន​៨ដងមកហើយ​  ដោយបាន​បង្ហាញ​ពី​តួនាទី​យ៉ាង​សកម្មរបស់កម្ពុជា​នៅក្នុង​ឱកាសពិព័រណ៍នោះ ក៏ដូចជា​ការលើក​ទឹកចិត្ត​និងគាំទ្រ​យ៉ាង​សកម្ម​របស់​កម្ពុជានៅក្នុង​ការ​រៀប ​ចំពិព័រណ៍នេះផងដែរ៕