នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាស និងផ្សព្វផ្សាយដាក់ឲ្យអនុវត្តជាផ្លូវការផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផយអជ) ២០១៤-២០១៨ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤ដែលរៀបចំឡើងដោយក្រសួងផែនការ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា រាជធានីភ្នំពេញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហាញនូវការជឿជាក់ថា នឹងធ្វើឲ្យសង្គម-សេដ្ឋកិច្ចជាតិទទួលបានលទ្ធផលកាន់តែល្អប្រសើរ។
មូលហេតុ និងជំនឿជឿជាក់ទៅលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផយអជ) ២០១៤-២០១៨ ថា នឹងធ្វើឲ្យសង្គម-សេដ្ឋកិច្ច ជាតិទទួលបានលទ្ធផលកាន់តែល្អប្រសើរ ត្រូវបានសម្ដេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍បញ្ជាក់ថា គឺដោយសារផែនការនេះ ត្រូវបានរៀបចំឡើងតាមវិធីសាស្ត្រមានលក្ខណៈល្អប្រសើរមានការគិតគូរ ច្បាស់លាស់ជាងមុនអំពីការទទួលខុសត្រូវរបស់ក្រសួង-ស្ថាប័ន និងមានការប៉ាន់ស្មានត្រឹម ត្រូវសម្រាប់ការអនុវត្ដសកម្មភាពទាំងនោះ។ ការចូលរួមគាំទ្រពីគ្រប់ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធ ហើយរឹតតែច្បាស់ថែមទៀតថា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនេះបានឆ្លុះបញ្ចាំង នូវការប្ដេជ្ញាចិត្ដ ដ៏មោះមុតឥតរាថយរបស់រាជរដ្ឋាភិបាល ក្នុងការសម្រេចឲ្យបាននូវចក្ខុ វិស័យនៃកម្មវិធីនយោបាយអភិវឌ្ឍន៍ជាតិ ដែលបានដាក់ចេញ ដើម្បី ធានាឆ្លើយតបទៅនឹងសេចក្ដីទុកចិត្ដ និងការគាំទ្រដ៏ច្រើនលើសលប់របស់ប្រជាជនកម្ពុជា ទោះបីជាត្រូវរែកពុនការងារបន្ថែមយ៉ាងណាក៏ដោយ។
សម្តេចតេជោបានមានប្រសាសន៍រំលឹកអំពីបទពិសោធន៍ ការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ បច្ចុប្បន្នកម្ម ២០០៩-២០១៣ នាពេលកន្លងទៅនេះថា កម្ពុជាបានរងនូវបន្ទុកដ៏ធ្ងន់ចំនួនបីក្នុង នោះមាន៖ ១, ការប្រឹងប្រែងដោះស្រាយបញ្ហាការងារដើម្បីជំរុញកំណើនសេដ្ឋកិច្ច ក្នុងពេលដែលពិភពលោកជួបប្រទះនូវវិបត្តិហិរញ្ញវត្ថុ និងការធ្លាក់ចុះដ៏ធ្ងន់ធ្ងរនៃសេដ្ឋកិច្ច ២, ភាពចាំបាច់ក្នុងកិច្ចការពារបូរណភាពទឹកដី និង ៣, ការដោះស្រាយបញ្ហាគ្រោះធម្មជាតិ បណ្ដាលមកពីទឹកជំនន់។
សម្តេចតេជោបានមានប្រសាសន៍ឲ្យដឹងថា បញ្ហាទាំងអស់នេះបានកើតឡើង ដោយយើងមិនបានដឹងមុនដែលជារួមបញ្ហាប្រឈម និងឧបសគ្គទាំងនេះ មិនត្រឹមតែបានរារាំងដល់ការ សម្រេចគោលដៅអភិវឌ្ឍន៍ជាតិប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងបានគំរាមបំផ្លាញសមិទ្ធផល ដែលយើងសម្រេចបានក្នុងរយៈកាលកន្លងមកទៀតផង។ ប៉ុន្ដែទោះបីយ៉ាងណាក៏ដោយឈរនៅលើមូលដ្ឋាននៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ រាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននូវជោគជ័យធំៗគួរជាទីមោទនៈ ជាពិសេសគឺការធានានូវលំនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន និងការនាំប្រទេសជាតិទាំងមូលឲ្យបានឆ្លងផុតស្ថានការណ៍ដ៏លំបាកទាំងឡាយ ហើយបង្កើតនូវបរិយាកាសអំណោយផលមួយសម្រាប់ធានាឲ្យមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការធ្វើឲ្យសេដ្ឋកិច្ចមានកំណើនឡើងវិញបន្ទាប់ពីត្រូវរងផលប៉ះពាល់នៃវិបត្តិក្នុងឆ្នាំ២០០៩។
នៅឆ្នាំ២០០៩សេដ្ឋកិច្ចកម្ពុជារក្សាបាននូវកំណើនវិជ្ជមាន ក្នុង កម្រិត ០,១% ហើយហក់ងើបទ្បើងវិញភ្លាម ដោយសម្រេចបាននូវ អត្រាកំណើន៦%ក្នុងឆ្នាំ២០១០អត្រា៧,១%ក្នុងឆ្នាំ២០១១អត្រា៧,៣%ក្នុងឆ្នាំ២០១២អត្រា៧,៦%ក្នុង ឆ្នាំ២០១៣។ កម្ពុជាបានធ្វើសមាហរណកម្មខ្លួនយ៉ាងពេញលេញចូលទៅក្នុងតំបន់ និង ពិភពលោកហើយ កំពុងដើរតួនាទីយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្ដិការនានា ប្រកប ដោយជវភាពក្នុងឋានៈជាសមាជិកស្មើភាព និង ស្មើសិទ្ធិលើឆាកអន្ដរជាតិ។
ទាក់ទិនចំពោះផលសម្រេចខាងលើនេះ សម្តេចតេជោបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ដ្រីគ្រប់លំដាប់ថ្នាក់ នៃក្រសួងផែនការ ក្រសួង-ស្ថាប័ន ពាក់ព័ន្ធទាំងអស់ រួមទាំងឧត្ដម ក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ សង្គម ស៊ីវិល និងវិស័យឯកជន ដែលបានផ្ដល់ធាតុចូល និងសហការគ្នា យ៉ាងសកម្ម ក្នុងការចូលរួមរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនេះ និងចំពោះកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន និងមូលនិធិសហប្រជាជាតិ ដើម្បីកុមារ ដែលបានសហការគ្នាផ្ដល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិញ្ញវត្ថុរហូត ធ្វើឲ្យសម្រេចបាននូវការងារដ៏មានសារៈសំខាន់នេះ។
សម្រាប់ការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផយអជ) ២០១៤-២០១៨ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ដោយសុទិដ្ឋិនិយមថា ខ្ញុំនៅតែយល់ថា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនឹងបន្ដគាំទ្រ និងជំរុញល្បឿននៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ដែលជារបៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ច។ លើសពីនេះទៀត ផែនការនេះនឹងគាំទ្រដល់ការអនុវត្ដនូវគោលនយោបាយហិរញ្ញវត្ថុ សាធារណៈ និងរូបិយវត្ថុដ៏ប្រុងប្រយ័ត្ន ដើម្បីធានាសង្គតភាព ភាពស៊ីសង្វាក់គ្នា លើការគ្រង់គ្រងម៉ាក្រូសេដ្ឋកិច្ចឲ្យប្រកបដោយស្ថិរភាព និងភាពអនុគ្រោះ សម្រាប់ការអភិវឌ្ឍន៍លើគ្រប់វិស័យ។
សម្តេចតេជោបានផ្តល់ជាអនុសាសន៍ថា ទោះបីជាយើងមាន មូលដ្ឋានគាំទ្រយ៉ាងរឹងមាំដូច្នេះក្ដី ក៏យើងនៅមានការងារដែលត្រូវបន្ដយកចិត្ដទុកដាក់ដោះស្រាយបន្ថែមទៀត ជាពិសេសបញ្ហាប្រឈមមួយចំនួន ដែលមិនទាន់សម្រេចបានក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ បច្ចុប្បន្នកម្ម ២០០៩-២០១៣ ដើម្បីបន្ដកំណត់នូវយុទ្ធ សាស្ដ្រ និង គោលនយោបាយឲ្យបានត្រឹមត្រូវ និង សមស្របតាមបរិការណ៍ និង ដំណើរវិវត្ដន៍សង្គម-សេដ្ឋកិច្ច រួមទាំងការបន្ដធានាដល់ សុខសន្ដិភាព សណ្ដាប់ធ្នាប់ សង្គម ការអភិវឌ្ឍប្រកបដោយចីរភាព និង សមធម៌។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា សុខសន្តិភាព និងស្ថិរភាពនយោបាយ គឺជាកត្តាចាំបាច់សម្រាប់ធ្វើឲ្យផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផយអជ) ២០១៤-២០១៨ ទទួលបានជោគជ័យ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវដល់គ្រប់ក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍ វិស័យឯកជន សង្គមស៊ីវិល និង អង្គការមិនមែន រដ្ឋាភិបាល សូមមេត្ដាផ្ដល់កិច្ចសហការ និងគាំទ្រដល់ក្រសួងផែនការ កុងដំណើរការតាមដាន និង ត្រួតពិនិត្យការអនុវត្ដ ផែនការយុទ្ធ សាស្ដ្រអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ និង ការរៀបចំប្រព័ន្ធជាតិ សម្រាប់ការតាមដានត្រួតពិនិត្យ និងវាយតម្លៃផែនការយុទ្ធសាស្ដ្រ អភិវឌ្ឍន៍ជាតិឲ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់។ សម្តេចតេជោក៏បានអំពាវនាវឲ្យបណ្តាប្រទេស និងដៃគូដៃអភិវឌ្ឍន៍ មេត្ដាបន្ដផ្ដល់ការយកចិត្ដទុកដាក់ថែមទៀត ដល់ការលើកកម្ពស់សមត្ថភាពមន្ដ្រីរាជការកម្ពុជា សម្រាប់ការងារផែនការ ការតាមដានត្រួតពិនិត្យ និង វាយតម្លៃការអនុវត្ដផែនការជាតិ ជាពិសេសគឺសមត្ថភាពមន្ដ្រីជំនាញរបស់ក្រសួងផែនការ និង ក្រសួង-ស្ថាប័នពាក់ព័ន្ធនោះ។
សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ចំពោះមុខនេះខ្ញុំយល់ថា ការអនុវត្ដប្រកប ដោយជោគជ័យនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ នេះ នឹងទាមទារឲ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ពីសំណាក់ក្រសួង-ស្ថាប័ន ពាក់ព័ន្ធទាំងអស់ សំដៅ ឈានទៅធ្វើឲ្យសម្រេចបាននូវ បណ្ដាគោលដៅអាទិភាពរបស់ជាតិ ការដោះស្រាយបាននូវបញ្ហាប្រឈម និង បន្ដចាប់ច្បាមយកនូវកាលានុវត្តនភាពនានា៕