Tuesday, September 23, 2014

សម្តេច​​តេជោ និង​​ក្រុម​​គ្រួសារ​​អញ្ជើញ​​ចូល​រួម​​ពិធី​​ឆ្លង​បុណ្យ​ភ្ជុំបិណ្ឌ​​នៅ​វត្ត​​ហរិរក្ស​រាជិ​នី

សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រម​ទាំង​ក្រុម​គ្រួសារ​បាន​អញ្ជើញ​ទៅចូល​រួម​ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ នៅថ្ងៃ១៥រោច ខែភទ្របទ ឆ្នាំមមី ឆស័កពុទ្ធ​សករាជ​២៥៥៨ ត្រូវ​នឹង​ថ្ងៃទី២៣ ​ខែកញ្ញា ឆ្នាំ​២០១៤​​ ដែល​ជា​ថ្ងៃ​ប្រារព្ធ​ ពិធីបុណ្យឆ្លង​ភ្ជុំបិណ្ឌ​ជាមួយ​ពុទ្ធ​បរិស័ទ​​នៅ​វត្តហរិរក្សរាជិនី (វត្តវាំងចាស់) ស្ថិត​ក្នុង​ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ​ ក្នុង​បរិយាកាស​យ៉ាងរីក​រាយ​​ និង​សទ្ធារ​ជ្រះ​ថ្លាក្រៃលែង។

នៅ​លើ​សាលាឆាន់​សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន បាន​អញ្ជើញ​អុជធូបទៀន ថ្វាយ​ផ្កាភ្ញី​បូជា​ព្រះពុទ្ធ​រូបព្រះអង្គ​តូច​ព្រះអង្គធំ​គ្រប់អង្គ ជា​កិច្ច​រំលឹក​ដល់​គុណ​បុណ្យ​ព្រះរតន​ត្រៃ តាម​គន្លង​ប្រពៃណី​ព្រះពុទ្ធសាសនា ជាពិសេស​ដល់​គុណ​បុណ្យ​ព្រះសម្មា​សម្ពុទ្ធ​ព្រះ​បរម​គ្រូ ដែល​ព្រះអង្គ​បាន​ត្រាស់ដឹងនូវ​អនុត្តរៈ​​សម្មា​សម្ពោធិញ្ញាណ និង​ព្រះធម៌​ដ៏វិសេស​វិសាល បន្សល់​ទុកឱ្យ​កូនចៅ​ដែលកាន់​សាសនា​ព្រះពុទ្ធបាន​គោរព​ប្រណិបតន៍ ចាប់​តាំង​ពីដើម​រៀង​មក​រហូត​ដល់​បច្ចុប្បន្ន។

បន្ទាប់​ពី​ថ្វាយ​គន្ធ​ពិដោរ​ដល់​ព្រះបដិមា​គ្រប់​អង្គ​រួច​មក មហា​ឧបាសិកា ប៊ុន ស៊ាងលី សម្តេច​តេជោ ហ៊ុន សែន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​ញាតិមិត្ត​គ្រប់​ក្រុម​គ្រួសារ ព្រម​ទាំង​ពុទ្ធបរិស័ទ​ទាំង​អស់​បាន​អញ្ជើញ​ប្រារព្ធ​បទ​នមស្ការ​ ព្រះរតនត្រៃ​ថ្វាយបង្គំ​ព្រះពុទ្ធរូប ថ្វាយបង្គំ​ព្រះសង្ឃ និង សមា​ទានសីល​ទៅ​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា​ ក្រោមកិច្ច​ដឹកនាំ​របស់​គណៈ​កម្មការ​អាចារ្យវត្ត។

មហា​ឧបាសិកា ប៊ុន ស៊ាងលី សម្តេច​តេជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រម​ទាំង​ក្រុម​គ្រួសារ បាន​នាំ​យក​នូវ​គ្រឿង​សក្ការៈ​បូជា មាន​ទៀន​ធូប ផ្កាភ្ញី ថ្វាយ​ចំពោះ​ព្រះរតនៈត្រ័យ និង​នាំ​យក​ចង្ហាន់​ទេយ្យទាន គ្រឿង​ឧបភោគ បរិភោគ​ជាច្រើន​មុខ និង​បច្ច័យ​ប្រគេន​ព្រះសង្ឃ រាប់បាត្រ​បង្សុកូល ឧទ្ទិសមគ្គ​ផលកុសល​ផលបុណ្យ ជូន​ចំពោះ​បុព្វ​ការី​ជន​មាន​មាតាបិតា ជីដូន​ជីតា ញាតិការ​ទាំង៧​សណ្តាន ជាពិសេស​ដួង​វិញ្ញាណក្ខន្ធ​អ្នក​ឧកញ៉ា​មហាភក្តី​សប្បុរិសភោគាធិបតី ហ៊ុន នាង លោក​យាយ មហា​ឧបាសិកា ឌី ប៉ុក ដែល​ជា​លោក​ឳពុក និង​ជា​អ្នក​ម្តាយ​បង្កើត​របស់​សម្តេច​តេជោ ហ៊ុន សែន និង ឧទ្ទិស​ចំពោះ​វិញ្ញាណក្ខន្ធ​លោក​មហាឧបាសក លីន គ្រី ជាឪពុក​បង្កើត​របស់​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និង វិញ្ញាណក្ខន្ធ​របស់​កុមារា ហ៊ុន កំសត់ ដែល​ជាបុត្រ​ច្បង​របស់​សម្តេច​តេជោ និង សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត​ផងដែរ​។

មួយ​ផ្នែក​កុសល​ផល​បុណ្យ​នេះ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រម​ទាំង​ក្រុម​គ្រួសារ ក៏​បាន​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​វីរជន​ស្នេហា​ជាតិ​គ្រប់​រូប យុទ្ធជន យុទ្ធនារី នៃកង​យោធពល​ខេមរ​ភូមិន្ទ​វិញ្ញាណក្ខន្ធ​ប្រជា​ពលរដ្ឋ​ស្លូត​ត្រង់​ជាង ​៣​លាន​នាក់ សូម​ទទួល​មគ្គផល និង​បាន​សោយ​សុខ​ក្សេម​ក្សាន្ត និង​សូម​បារមី​ដែល​ថែរក្សា​ក្នុង​លោក ជា​ពិសេស​បារមីថែ​រក្សា​វត្តវាំង​ចាស់ សូម​ជួយ​ថែរក្សា​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​មាន​សុខ​សន្តិភាព​យ៉ាង​ពេញ​លេញ ប្រជា​ពលរដ្ឋ​រស់នៅ​ប្រកប​ដោយ​ភាពសុខ​ដុម​រមនា ចៀស​ឆ្ងាយ​ពីបាតុភូតធម្មជាតិ​ផង​ទាំង​ពួង ប្រទេស​ជាតិ​មាន​ការអភិវឌ្ឍ​លើ​គ្រប់វិស័យ​ចាប់​តាំង​ពីពេលនេះ​តរៀង​ទៅ។

ក្នុង​ឱកាស​នោះ មហា​ឧបាសិកា ប៊ុន ស៊ាងលី សម្តេច​តេជោ ហ៊ុន សែន សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​បាន​ប្រគេន​បច្ច័យ ពីការ​ចាប់​មគ្គផល​របស់​សប្បុរស​ជន​នានា​ក្នុង​ថ្ងៃ​បុណ្យ​ឆ្លង​ជាច្រើន​លាន​រៀល សម្រាប់​កសាងវត្ត​ ប្រគេន​បច្ច័យ​ព្រះ សង្ឃ ទេយ្យទាន​មួយ ព្រមទាំង​សម្ភារ​បរិក្ខារ​គ្រឿង​ឧបភោគ​បរិភោគ ​ចង្ហាន់​ និង​ ភេសជ្ជៈ​ជា​ច្រើន​មុខ​ទៀត​ផង។

សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​បានអញ្ជើញ​ពូន​ភ្នំខ្សាច់ ដើម្បី​ជា​កិច្ច​ដែល​ប្រជាពល​រដ្ឋខ្មែរយើង​គ្រប់រូប​មាន​ជំនឿ​តគ្នាមក​ថា ការ​ពូន​ភ្នំ​ខ្សាច់​នេះ គឺ​ជា​ការ​ជម្រះនូវ​អំ​ពើ​ឆ្គាំឆ្គង​ទាំង​ឡាយ​ណា ដែល​មនុស្ស​យើង​គ្រប់រូប​បាន​ប្រព្រឹត្ត​ពីអតីតកាល​។

សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏​បាន​អញ្ជើញ​អុជទៀន​ធូប បូជាផ្កា​ភ្ញីថ្វាយ​នៅតាម​ទីសក្ការៈ​បូជា​នានា​ក្នុង​វត្តវាំង​ចាស់ ក្នុង​នោះ​នៅ​លើ​អតីត​ទួល​ប្រាសាទ​ទេវា​វិនិច្ឆ័យ ព្រះពុទ្ធរូប​អង្គធំ ​ក្នុង​ព្រះវិហារ ​និងរូប​សំណាក​មេទ័ព​ខ្មែរ​ផងដែរ។

តាម​រាជពង្សាវតារ​ជាសាស្រ្តា​ស្លឹករឹត​នៅ​វត្តកោកកាក​បាន​ឱ្យ​ដឹង​ថា វត្តវាំង​ចាស់ត្រូវ​បាន​កសា​ង​ឡើង​ក្នុង​រាជព្រះ​បាទ​អង្គដួង ដែល​កសាង​ក្នុង​ពេល​ដំណាល​គ្នា​នឹង​វត្ត​មួយ​ចំនួន​ទៀត​រួម​មាន វត្តព្រះ​ពុទ្ធសេយ្យាសន៍ វត្ត​គ្រាំង​ពន្លៃ វត្ត​ព្រះវិហារ​សំណ វត្ត​ស្លាគូរ និង​វត្តវិហារ​ខ្ពស់ ស្ថិត​នៅ​ក្នុង​បរិវេណ​ក្រុងឧត្តុង្គ ឮជ័យ ឬឧត្តុង្គ​មានជ័យ គឺជា​សម័យ​កាលមួយ​ដែល​រាជវាំង​ខ្មែរ​ត្រូវ​បាន​គ្រប់​គ្រង​ម្តង​ដោយ​ខ្លា​ទិសខាង​លិច និង​ម្តង​ដោយ​ក្រពើ​ទិស​ខាង​កើត។

បច្ចុប្បន្ន​ទីតាំង​ព្រះវិហារ​ចាស់​ត្រូវ​បានជួសជុល​ឡើងវិញ ​ព្រមទាំង​មាន​ដាក់​តាំង​កាំភ្លើង​ធំ​បុរាណ​ចំនួន ​១១​ដើម​ព័ទ្ធ​ជុំវិញ។ រីឯ​ព្រះវិហារ​ថ្មីត្រូវ​បាន​កសាង​​នៅប៉ែក​ខាងជើង​ទីទួល​ព្រះ​វិហារ​ចាស់។ ក្នុង​បរិវេណ​អារាម​នេះ​ទាំង​មូល មានកុដិ​ព្រះសង្ឃ​ស្នាក់នៅ​ចំនួន២​ និង​អគារ​សាលា​បាលី១ នៅ​ក្បែរនោះ។

ចំណែក​នៅប៉ែក​ខាងត្បូង​ជាប់​របងវត្ត​វិញ គឺ​ជាអគារ​សាលាបឋម​សិក្សា​វត្តវាំង​ចាស់​ចំនួន ២ខ្នង ស្ថិត​នៅ​ដង្ហែ​គ្នា​បណ្តោយ​ថ្ងៃ។ នៅ​ចំខាង​លិច​ព្រះវិហារ​ថ្មី គឺ​ជាកុដិ​របស់​ព្រះចៅ​អធិការ​វត្ត​វាំង​ចាស់ ហើយ​នៅ​ខាងជើង​ជាប់​នឹងកុដិ​របស់​ព្រះចៅ​អធិការ​នេះ គឺជា​សាលា​ឆាន់ដ៏ធំ​ទូលាយ និង​ស្រស់​ឆើតឆាយ​មិន​ចាញ់សាលា​ឆាន់​ក្នុង​ទីអារាម​នៅក្រុង​ភ្នំពេញ​ទេ ដែល​សមិទ្ធ​ផល​ទាំងអស់​នៅក្នុង​ទីអារាម​នេះ ត្រូវ​បាន​ផ្តួច​ផ្តើម និង​ឧបត្ថម្ភ​កសាង​ដោយ​សម្តេចតេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំមក​ហើយ៕