Wednesday, October 1, 2014

ក្រសួងពាណិ​ជ្ជកម្មកំពុង​តែធ្វើ​សេចក្តី​ព្រាង​ច្បាប់ ដើម្បី​សម្រួល​ដល់​ស្ថាន​ការណ៍​ពាណិ​ជ្ជកម្ម​នៅ​កម្ពុជា និងការ​ទាក់​ទាញ​វិនិយោគិន​អន្តរ​ជាតិ​មក​រក​ស៊ីនៅកម្ពុជា

ក្រសួងពាណិជ្ជកម្មកម្ពុជាកំពុងតែចងក្រង​សេច​ក្តី​ព្រាងច្បាប់ថ្មីមួយ ដើម្បីបង្ករភាពងាយ​ស្រួល ក្នុង​ការទូទាត់សាច់ប្រាក់ និងទាក់​ទាញ​អ្នក​វិនិ​យោគទុន ​នៅគ្រាដែលកម្ពុជា​កំពុងស្ថិតនៅ​ក្នុងសម័យ​ សេដ្ឋកិច្ចឌីជីថល​ឬសេដ្ឋកិច្ច​សម័យទំនើប។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃប្រទេសកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល កាលពី​ព្រឹក​ថ្ងៃទី១ ខែតុលា ឆ្នាំ​២០១៤​នេះ បានប្រកាសថា ក្រសួងពាណិជ្ជ​កម្មកំពុងតែធ្វើសេចក្តី​ព្រាង​ច្បាប់​សំខាន់ថ្មីមួយ ដើម្បីសម្រួលដល់​ស្ថានការណ៍ពាណិជ្ជកម្មនៅកម្ពុជា និងការ​ទាក់ទាញវិនិយោគិន​អន្តរជាតិ​មករកស៊ីនៅកម្ពុជា នៅគ្រាដែលកម្ពុជាកំពុងតែត្រៀមធ្វើសមា​ហរណកម្មក្នុងសហ​គមន៍​សេដ្ឋកិច្ចអាស៊ានឆ្នាំ២០១៥ ដែលពេលនោះហើយនឹងមានការប្រកួតប្រជែងគ្នាខ្លាំង​ និងមួយវិញ​ទៀត​ ឯកឧត្តម​រដ្ឋមន្ត្រី​ បញ្ជាក់​ថា កម្ពុជាកំពុងតែស្ថិតនៅក្នុងសម័យសេដ្ឋកិច្ចឌីជីថល ​ឬសេដ្ឋកិច្ចសម័យ​ទំនើបផង​ដែរ។

សេចក្តីព្រាងច្បាប់ដែលមានឈ្មោះជាភាសារអង់គ្លេសថា៖ ( អ៊ីខមមើស E-Commerce និងអ៊ីផេមិន E-Payment ) នឹងបញ្ចប់សេចក្តីព្រាងច្បាប់នេះ នៅចុងឆ្នាំ២០១៤នេះ ជូន​ទីស្តីការណៈរដ្ឋមន្រ្តីដើម្បី ពិនិត្យ និងឆ្លងសំរេច។

ការបង្កើតឲ្យមានសេចក្តីព្រាងច្បាប់នេះ គឺអាស្រ័យទៅលើហេតុផល​ថា៖ កម្ពុជាកំពុងតែរីកចំរើន យ៉ាងខ្លាំងក្នុងវិស័យ អ៊ិន ធឺណែត នាពេលចុងក្រោយនេះ។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានមានប្រសាសន៍ ពន្យល់ប្រាប់អ្នកកាសែតនៅឯវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា កាលពីព្រឹកម៉ិញនេះថា៖ ( សេចក្តី ព្រាងច្បាប់ថ្មីនេះមានសារៈសំខាន់និងចាំបាច់ណាស់។ តាមការសិក្សាស្រាវជ្រាវបានបង្ហាញថា៖ នៅលើពិភពលោកនេះមានប្រជាជនចំនួនជាង ៣ពាន់លាននាក់ប្រើប្រាស់ប្រព័ន្ធអ៊ិនធឺណែត។
ដោយឡែក ប្រទេសកម្ពុជាមានអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ឬFacebook ចំនួន១ លាន២​សែននាក់ និងអ្នកប្រើប្រាស់អ៊ិនធឺណែតចំនួន២លាន៧ សែននាក់ទៀត។ ជាងនេះទៅទៀត កម្ពុជា​មានអ្នកប្រើប្រាស់ទូរស័ព្ទដៃចំនួន៧លាន៨សែននាក់ និងស៊ីមទូរស័ព្ទដៃ ចំនួន២១​លាន១​សែន​ស៊ីម។

អនុប្រធានផ្នែកទំនាក់ទំនងនិងកិច្ចការងារសាធារណៈរបស់ក្រុមហ៊ុន Google ប្រចាំនៅតំបន់​អាស៊ី​ប៉ាស៊ី​ហ្វិក លោក ម៉ៃ និលស៊ុន បានមានប្រសាសន៍ថា​៖ ការប្រើប្រាស់ប្រព័ន្ធអ៊ិនធឺណែត គឺងាយ​ស្រួល​ក្នុងការ​ទាក់ទង​ក្នុងវិស័យពាណិជ្ជកម្ម និងការទិញលក់ទំនិញនៅក្នុងតំបន់​៕

អត្ថបទដោយ៖ ខេមរា

សេចក្តីប្រកាសព័ត៌មាន ស្តីពីសម័យប្រជុំរដ្ឋសភា​លើកទី៣​ នីតិកាល​ទី៥ ថ្ងៃទី០១ ខែតុលា​ ឆ្នាំ២០១៤




ឯកឧត្តម អ៊ិត ប្រាង ៖ ប្រតិកម្ម​​នឹង​​មតិរិះ​​គន់​​ទៅ​នឹង​​គំរោង​សាង​សង់​ទំនប់​វារី​អគ្គិសនី​នៅ​ស្ទឹង​​អារ៉ែង ខេត្តកោះកុង

នៅពេល​ដែលមានការរិៈគន់ជំទាស់​ ចំពោះគំរោងសាងសង់ទំនប់វារី​អគ្គិសនីនៅ​ស្ទឹង​អារ៉ែង ខេត្តកោះកុង ​ពីសំ​ណាក់សកម្មជន​ការពារ​បរិស្ថាន​នៅក្នុងស្រុកមួយចំនួនមន្រ្តីជាន់ខ្ពស់​នៃ​ក្រសួងរ៉ែ និងថាមពល ឯកឧត្តម អ៊ិត ប្រាង រដ្ឋលេខាធិការនៃ ក្រសួងរ៉ែ​និង​ថាម​ពល បាន​ចេញមុខការពារគំរោងសាងសង់ទំនប់វ៉ារីអគ្គីសនីដ៏ធំមួយនៅស្ទឹង​អារ៉ែង ​ក្នុងស្រុក​ថ្មបាំង ខេត្ត​កោះកុងនោះ​។

ឯកឧត្តម អ៊ិត ប្រាង ​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន ការសិក្សានៅតែបន្តនៅឡើយនិង​មិនទាន់​មានសកម្មភាព​សាងសង់ណាមួយ​នៅ​ឡើយទេ ដូច្នេះមិន​មានផល​ប៉ះពាល់​​ដូចការចោទ​ប្រកាន់​កន្លង​មកនោះទេ។ ឯកឧត្តម បានមានប្រសាសន៍​បែ​បនេះ នៅក្នុងសន្និសីទ​កាសែត​មួយកាល​ពី​ព្រឹក​ថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ​២០១៤ នៅ​ទី​ស្តី​ការ​ក្រសួង​រ៉ែ​ និង​ថាម​ពល​។

ឯកឧត្តម អ៊ិត​ ប្រាង បាន​ឲ្យ​ដឹង​ថា វារី​អគ្គីសនី​​ស្ទឹង​អារ៉ែងមា​នកំលាំង​ថាមពល​ចំនួន១០៨ម៉េហ្គា​​វ៉ាត់​​ និងតំលៃ​សាងសង់​ចំនួន​ប្រមាណ​៤០០​លាន​ដុល្លា​រ​អាមេរិក​  ហើយ​ថា វារី​អគ្គិសនី​មួយ​នេះ​ សាង​សង់​​ឡើង ដើម្បីទ្រទ្រង់កំណើន​សេដ្ឋកិច្ច​ជាតិ និង​គំរោងអភិវឌ្ឍន៍​ជាតិផង​ដែរ។
គំរោងសាងសង់ទំនប់វារីអគ្គីសនីនៅស្ទឹងអារ៉ែងនេះ គឺជាគំរោង​អាទិភាព​របស់​កម្ពុជា​​តាំងពី​ឆ្នាំ ១៩៧០កន្លងមក រហូតដល់មានការសិក្សាជា​ថ្មីតាំងពីឆ្នាំ២០០៦និងឆ្នាំ​២០១៣​កន្លងមក​នេះ​ ហើយ​និងបានគាំទ្រគំរោដោយធនាគាពិភពលោក និងគណៈ​កម្មាធិការ​ទន្លេ​មេគង្គ​អន្តរ​ជាតិ​។

បើសិនណាគំរោង​សាងសង់​ទំនប់​វារីអគ្គីសនី​នេះ ចាប់ផ្តើមមែននោះ គេនឹង​សាងសង់បញ្ចប់ នៅចុង​ឆ្នាំ​២០២០ ឬដើមឆ្នាំ២០២១ ដែលរយៈ​ពេល​នៃ​ការសាងសង់ចំនួន ៥ឆ្នាំ និង​ចំណាយ​ថវិការ ចំនួន​៤០០លាន​ដុល្លារ​អាមេរិក។

ជុំវិញគំរោងសាងសង់នេះ មន្រ្តីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពល​ជាច្រើន​នាក់បាន​ចេញ​ មុខបំភ្លឺ និងការពារគំរោងនេះ ដើម្បីជម្រះការមន្ទិលសង្ស័យ និងការព្រួយ​បារម្ភ​នានាដ៏​ធ្ងន់ធ្ងរ អំពីផល​ប៉ះពាល់ពីគំរោងនេះ។

ឯកឧត្តម អ៊ិត ប្រាង បាន​ចាត់​ទុក​ថា « ការព្រួយបារម្ភ និង​ការចោទប្រកាន់​របស់អង្គការ​សង្គម​​ ស៊ីវិលកន្លងមកជាការបំភ្លៃនិងបំភ័យប្រជាពលរដ្ឋខ្មែរតែ​ប៉ុណ្ណោះ​»។ ផ្ទុយ​ទៅ​វិញ​ នៅ​ពេលណាដែលគំរោងសាងសង់នេះចប់ នៅពេលនោះ កម្ពុជា និងមានថាម​ពលអគ្គីសនី​សរុប​ចំនូន​១១៣៦​ម៉េហ្គាវ៉ាត់​នៅឆ្នាំ២០២០ ដើម្បីទ្រទ្រង់ កំណើន សេដ្ឋកិច្ចជាតិ​និងកំណើការ​ប្រើប្រាស់​ថាម​ពលអគ្គីសនីក្នុង​ប្រទេស​កម្ពុជា​នៅ ក៏​ដូច​ជា​ការ​កាត់​បន្ថយបាន​នូវ​ភាព​ក្រី​ក្រផង​ដែរ​។

ការ​បំភ្លឺ​របស់​មន្រ្តីជាន់ខ្ពស់​នៃក្រសួង​រ៉ែនិងថាមពលនេះ គឺជាការឆ្លើយតប​ទៅនឹង​ការចោ​ទ​ប្រកាន់ និងការព្រួយបារម្ភនានារបស់អង្គការ(មាតាធម្មជាតិ)​ និងប្រជាជន​នៅតំបន់​ស្ទឹង​អារ៉ែ​ង​​ដែល​ថា គម្រោង​នេះនឹងបំផ្លាញបរិស្ថាន ​ព្រៃឈើ មច្ឆាជាតិ ត្រីកម្ររ និង​ក្រពើភ្នំ​ជាដើម​។

ក្រសួង​រ៉ែ​ និង​ថាម​ពល​ ក៏​បាន​ចេញ​សេចក្តីបំភ្លឺជាលាយលក្ខ័អក្សរ និងផ្ទាល់មាត់​ឲ្យ​ដឹង​​ដែរថា៖ តំបន់ស្ទឹងអារ៉ែង​ទាំងមូលមានទំហំ​ជាង១០ម៉ឺនហិចតា​ដែលគ្រប​ដណ្តប់​ដោយ​ព្រៃ​ឈើ​នៃជួរភ្នំក្រវ៉ាញ ប៉ុន្តែទំហំអាងទឹកដែលត្រូវសាងសង់ចំនួនតែ៩៤៧៤​ហិច​តាប៉ុណ្ណោះ​មិនមែនចំនួន២ម៉ឺនហិចតាដូចការចោទប្រកាន់នោះទេ។ ការបំ​ភ្លឺក៏បាន​បង្ហាញ​លទ្ធផលនៃ​ការ​សិក្សាបានឲ្យដឹងដែរថា៖ នៅតំបន់ស្ទឹងអារ៉ែងនោះ មានបក្សីចំនួន​១១៣​ប្រភេទ ថនិក​សត្វ​ចំនួន៥៣ប្រភេទ សត្វល្មូនចំនួន៣១ប្រភេទ និងមច្ឆារជាតិ​ចំនួន៤៣ប្រភេទ។

ទោះ​យ៉ាង​ណា​ក្រសួង​រ៉េ និង​ថាម​ពល​ បាន​អះ​អាង​ថា ផលប៉ះពាល់​នៃគំរោង​សាង​សង់​​ទំនប់វារីអគ្គីសនី​នៅស្ទឹងអារ៉ែងនោះ គឺលើប្រជាពលរដ្ឋខ្មែរ​ចំនួន១៣១៨នាក់ ឃុំចំនួន៣ និង​ភូមិចំនួន៧និងផ្ទះចំនួន៣៣១ខ្នង។
ជា​ការ​រំ​ពឹង​ទុក ទំនប់វ៉ារីអគ្គីសនីនៅស្ទឹងអារ៉ែង មាន​កំលាំង១០៨ម៉េហ្គាវ៉ាត់នេះ​ នឹង​ផ្តល់​ថាម​ពល​​ពេញ​មួយឆ្នាំ ហើយ​ថាគេនឹង​មានគំរោងដាំ​ដើមឈើ​ឡើងវិញ​នៅ​តំបន់នោះ​ដើម្បី​ទា​ក់​ទាញទឹកភ្លៀង ពីព្រោះវ៉ារីអគ្គីសនីពឹងផ្អែកលើទឹកភ្លៀង ហើយ​ទឹកភ្លៀងបាន​មកពី​ព្រៃឈើ៕

អត្ថបទដោយ៖ ខេមរា​


កិច្ចព្រម​​ព្រៀង​​ស្តីពីកា​រ​បង្កើត​​ទំនាក់​​ទំនង​មេត្រីភាព ​​រវាង ​​ខេត្ត​កណ្តាល និង​​ខេត្ត​ហឺណាន នៃ​​សាធារ​ណ​រដ្ឋ​ប្រជា​​មានិតចិន

យោង​តាមគោលការណ៏​នៃសេច​ក្តីថ្លែង​ការណ៏ ស្តីពី​ទំនាក់​ទំនង​ការទូត​រវាង​សាធារណរដ្ឋ​ប្រជា​មានិតចិន និង ព្រះរាជា​ណា​ចក្រ​កម្ពុជា ខេត្ត​កណ្តាល​នៃព្រះរាជា​ណា​ចក្រ​កម្ពុជា និង​ខេត្ត​ហឺណាន នៃ​សាធា​រណរដ្ឋ​ប្រជា មានិត​ចិន បាន​ឯកភាព​គ្នា​ក្នុង​ការ​បង្កើត​នូវទំនាក់​ទំនង​ជាមេត្រី​ភាព រវាង​ខេត្តនៃ​ប្រទេស​ទាំងពីរ។
ពិធីនេះ បាន​ធ្វើ​ឡើង​នៅ​សាលា​ខេត្តកណ្តាល នាព្រឹក​ថ្ងៃទី ៣០ ខែ​កញ្ញា ឆ្នាំ​២០១៤ ដោយ​មាន​ឯកឧត្តម ផៃ ប៊ុន​ឈឿន អភិបាល​ខេត្ត​កណ្តាល​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា និង​ឯកឧត្តម លី យ៉ា អភិបាល​រងខេត្ត ហឺណាន នៃ​សាធារណ​រដ្ឋប្រជា​មានិត​ចិន បាន​ចុះហត្ថលេខា​លើកិច្ច​ព្រម​ព្រៀង​នេះ។ 

ភាគី​ទាំង​២បាន​ឯកភាព​តាម​គោល​ការណ៏​ទទួល​ផល​ប្រយោជន៏​ពីគ្នា​ទៅវិញ​ទៅមក​ ដោយ​ធ្វើការ​ផ្លាស់​ប្តូរ កិច្ច​សហ​ប្រតិបត្តិការ​តាម​ពហុ​ទម្រង់​ក្នុង​វិស័យ​សេដ្ឋកិច្ច ពាណិ​ជ្ជកម្ម បច្ចេកវិទ្យា វប្បធម៌ ការអប់​រំកីឡា សុខា​ភិបាល​និង​ធនធាន​មនុស្ស​ដើម្បី​ជំរុញ​ឲ្យមាន​ការ​អភិវឌ្ឍន៏។

ភាគី ​ទាំង២​នឹង​រក្សា​ទំនាក់​ទំនង​គ្នា​ជានិច្ច ដើម្បី​ពិគ្រោះ​ពិភាក្សា​គ្នា អំពី​កិច្ចការ​ផ្លាស់​ប្តូរ និងកិច្ច​សហ​ប្រតិប​ត្តិការ​ព្រម​ទាំង​បញ្ហា​ដែល​ភាគី​ទាំង​២​ផ្តោតកា​រយក​ ចិត្ត​ទុកដាក់។ 

សូម​បញ្ជាក់​ថា កិច្ច​ព្រម​ព្រៀ​ងនេះមាន​សុពលភាព​រយៈពេល​៥ឆ្នាំ  ប៉ុន្តែ និង​ជម្រុញ​បន្ត​ពិភាក្សា​បន្ថែម ដើម្បី​កិច្ច​សហ​ប្រតិ​បត្តិការ​ទំនាក់​ទំនងក្នុ​ងវិស័យ​ខាងលើ។

ឯកឧត្តម ផៃ ប៊ុនឈឿន អភិបាល នៃគណៈ​អភិបាល​ខេត្តកណ្តាល បានលើក​សំណូម​ពរ ឲ្យខេត្ត​ហឺណាន​ជួយ​ការងារ​បច្ចេកទេស​ដល់ខេត្ត​កណ្តាល ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវថ្នល់​ភា្ជប់​ទៅ​ភ្នំពេញ  ​និងតាម​បណ្តា​ស្រុក រៀប​ចំប្រព័ន្ធ​ទឹក​លូ បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុងខេត្ត​ និង​ការ​លើក​ឡើង​ទាក់ទង​ការងារ​កសិកម្ម​កសិ​ឧស្សា​ហក​ម្ម និង​ទីផ្សារ​ពាណិ​ជ្ជកម្ម និងការ​អភិវឌ្ឍន៏​វិស័យ​ទេសចរណ៏​ខេត្ត៕



អត្ថបទ៖ ខេត្តកណ្តាល​

បទអត្ថា​ធិប្បាយ ៖ ការ​បញ្ឈប់​ការ​កសាង​វារី​អគ្គិសនី គឺ​ជាការ​ប្រឆំាង​នឹង​ការ​កាត់​បន្ថយ​ភាពក្រីក្រ

ដោយ រត្ន័ សណ្ដាប់
          កម្ពុជា ជាប្រទេស​មានសណ្ឋាន​ដី​ មាន​ផ្ទៃរាង​ផត​កណ្ដាល​ មានជាយ​​ព័ទ្ធ​ជុំវិញ​​ស្ទើរជា​ភ្នំ ជាកូនភ្នំ និងខ្ពង់រាប​។ នៅទិសនិរតី​ ផ្ទៃនេះ​ចុះ​ទេរ​ពី​ភ្នំ​ក្រវាញ​សំដៅ​ទៅ​ឈូង​សមុទ្រ​ ដែល​ជាទី​សំបូរ​កូន​កោះ។​ ប្រសិន​បើ​គេ​មើលពីទិស​ឥសាន្ដ​ គឺនឹង​ឃើញ​សណ្ឋាន​ដី​មាន​រយៈកំពស់​ខ្លាំង​នៅ​ទិស​និរតី​(ជួរភ្នំក្រវាញ) គ្រហួងកណ្ដាល​(ទំនាប) និងមានរយៈកំពស់​មធ្យម​នៅឥសាន្ដ(ខ្ពង់រាប)។ ចំពោះរបបទឹក​ភ្លៀង​ គឺទៀងទាត់ នឹងមានទំនាក់ទំនង​ទៅនឹងសណ្ឋានដី​។​ តំបន់ជួរភ្នំ​ក្រវាញ​ និងតំបន់ឆ្នេរសមុទ្របាន​ទទួល​ទឹក​ភ្លៀង​ច្រើន​ជាង​គេ។ ផ្ដើ​ម​ចេញ​ពី​ចំណុច​នេះ​បាន​ជានៅទីប្រជុំ​តំបន់​ខ្ពស់សំបូរ​​ទៅ​ដោយ​សក្ដានុ​ពល​ធនធាន​ធម្មជាតិ ពិសេស​ជា​តំបន់​សំបូរទឹក។ ​ហេតុ​ដូចេ្នះ បាន​ជា​តំបន់ស្ទឹង​ជាយ​អារ៉ែង​ក្នុងខេត្ដកោះកុង ​ជាតំបន់​ដែលមាន​ប្រភព​ទឹក​គ្រប់​គ្រាន់​សម្រាប់ការ​ទាញ​យក​ថាមពលអគ្គិសនី។ តើ​ការ​បង្កើត​តំបន់​វារីអគ្គិសនី ដើម្បី​​ទាញ​ប្រយោជន៍​ពី​ធនធាន​ធម្មជាតិ បានចំណេញ​អ្វី​ខ្លះ​ដល់​សេដ្ឋកិច្ច​ និង​ប្រជាពល​រដ្ឋកម្ពុជា?

បើសិក្សាអំពី​​​ការ​អភិវឌ្ឍ​ក្នុង​ប្រទេស​នីមួយៗលើ​លោកនេះ គឺ​គេ​ឃើញថា រាល់​ការ​អភិវឌ្ឍ​ទាំង​ឡាយនោះ តែ​ង​តែ​​មាន​ផល​ប៉ះពាល់​ដល់​​​ធម្មជាតិ តិច ឬច្រើន ហើយ​គ្មាន​ការ​អភិវឌ្ឍ​ណា​មួយដែលថា​មិន​ប៉ះ​ពាល់ដល់​បរិស្ថាន​នោះទេ តែអ្វីគេធ្វើការពិចារណានៅត្រង់ថា​តើ ផលដែល​ទទួលយកបាននោះ​​ វា​មាន​កម្រិត​​​ធំធេង​​មហាសាលប៉ុណា្ណសម្រាប់បំរើដល់ខឿនសេដ្ឋកិច្ចជាតិ។ យ៉ាង​ណាម៉ិញ ចំពោះគម្រោង​វារី​អគ្គិសនីស្ទឹងជាយអារ៉ែង​ ដែល​ត្រូវ​បាន​​រដ្ឋាភិបាល​​ផ្ដល់​ឲ្យ​ក្រុម​ហ៊ុន​ផ្សេងៗធ្វើការសិក្សាជា​បន្ដ​បន្ទាប់​មកនេះ គឺពិតជាគម្រោងដែល​ត្រូវ​បាន​សិក្សាយ៉ាងហ្មត់​ចត់​ ហើយ​​ត្រូវ​បាន​វាយ​តម្លៃ​ដោយ​ក្រុម​ហ៊ុន​បច្ចេក​ទេស​បរទេស​សិក្សា ​​​អំពី​ផលប៉ះពាល់​បរិស្ថាន ​និង​សង្គម និងវិធានការ​នៃការ​ដោះស្រាយផលប៉ះពាល់ទាំងនេះ​ផង​ដែរ។
ក្នុង​​​គម្រោងវារីអគ្គិសនីស្ទឹងជាយអារ៉ែង គឺមាន​​តាំង​​ពី​មុនឆ្នាំ​១៩៧០ មក​ម្ល៉េះ។ ​បច្ចុប្បន្ន​ រដ្ឋាភិបាល​គ្រាន់​តែបានអនុវត្ដ​បន្ដ​គម្រោងនេះទ្បើងវិញតែ​ប៉ុណ្ណោះ ​និង​មាន​ក្រុម​ហ៊ុនជា​ច្រើន​បាន​​ដាក់​ពាក្យ​ស្នើ​សុំ​សិក្សា​​គម្រោង​ជា​បន្ដ​បន្ទាប់ ទើបតែ​ចុង​ក្រោយ​នេះ ក្រុមហ៊ុន​ Sinohydro Resources Ltd.  ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​ជ្រើសរើសឲ្យមកសិក្សា ព្រោះ​ក្រុមហ៊ុននេះ មានលក្ខណៈ​សម្បត្ដិ​គ្រប់​គ្រាន់ មាន​ប្រភព​ហិរញ្ញ​ប្ប​​ទានល្អ មានបច្ចេកទេស​ និងបទពិសោធន៍​ក្នុងការសាង​សង់​អគ្គិសនី​ និង​ស្រប​តាម​លក្ខខណ្ឌ​ដែល​រដ្ឋាភិបាល​បាន​កំណត់។​

​ការដែលរដ្ឋាភិបាល​ធ្វើការសម្រេច​វិនិយោគតំបន់​វារីអគ្គិសនីស្ទឹង​ជាយអារ៉ែង ​ព្រោះ​​​វារី​អគ្គិសនីតំបន់នេះ​អាចដំណើរការបាន​ស្ទើរ​ពេញ​មួយឆ្នាំ ដែលបរិមាណថាមពលផលិត​ប្រចំា​ឆ្នាំ​មាន​​រហូត​​​ដល់​៥៩៤​លានគីទ្បូវ៉ាត់ម៉ោង ច្រើន​ជាងវារីអគ្គិសនីកំចាយ។ នៅក្នុង​ការ​អភិវឌ្ឍន៍​គម្រោង​​នេះ​ទៀត​សោត គឺរដ្ឋាភិបាលបាន​ខិតខំធ្វើការសិក្សាយ៉ាងណាកម្រិតឲ្យ​មានការ​ប៉ះពាល់​​ដ​ល់​​បរិស្ថាន​ដ៏តិចតួច​បំផុត តែលទ្ធផលដែលត្រូវទាញពីវិស័យ​​ថាមពលនេះ​គឺ​ ​ផ្ដល់អាទិភាព​ជា​ច្រើន​​ក្នុងការ​ជំរុញ និង​លើក​កំពស់​ដល់វិស័យសេដ្ឋកិច្ច​ជាតិ ​​ដើម្បី​បម្រើ​វិស័យ​ឧស្សាហកម្ម និង​សេចក្ដី​ត្រូវការ​របស់​ប្រជាពលរដ្ឋ។ ក្រៅពីនេះទំនប់វារីអគ្គិសនីតំបន់នេះក៏អាចប្រែក្លាយ​ទៅជា​ឧទ្យានដ៏ស្រល់ស្អាតសម្រាប់ធ្វើជាតំបន់អេកូទេសចរណ៍។ល។    

ជាក់​ស្ដែង​សេចក្ដី​ថ្លែង​ការណ៍​របស់អង្គការ​មាតា​ធម្មជាតិដឹកនំាដោយលោក (Alejandro Gonzalez Davidson)  ក៏បានទទួល​ស្គាល់​ថា​ ប្រទេស​កម្ពុជា​ត្រូវការ​អភិវឌ្ឍវិស័យថាមពល​ ដើម្បី​បង្កើន​លទ្ធភាព​ក្នុង​ការផលិត​អគ្គិសនី​ដោយ​ខ្លួន​ឯង ហើយត្រូវ​​​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​​​ថាមពល​ពី​​ប្រទេស​ថៃ និង​ប្រទេសវៀតណាម​​។ ផ្ទុយទៅវិញ​នៅ​ក្នុងវេទិកាវិទ្យុអាស៊ីសេរី​​ការ​ដែល​អង្គកា​ដដែលនេះ បានប្រកាសថា​ សុំឲ្យរដ្ឋាភិបាលបញ្ឈប់រាល់សកម្មភាពទំាងអស់​ នឹងសុំឲ្យ​មាន​ការ​សិក្សាទ្បើងវិញនោះ។ ត្រង់ចំណុចនេះ គេពិតជាមានការ​ហួសចិត្ដ​ ព្រោះថា​គម្រោងនេះ គឺគេកំពុង​តែ​ដំណើរការសិក្សានៅទ្បើយ ដូច្នេះមានអ្វីដែលត្រូវសិក្សាទ្បើងវិញនោះ ។

តាមពិតទៅការដែលអង្គកានេះ ​ធ្វើជា​ក្រាញ​ននៀលប្រឆំាងតវ៉ា ធ្វើបាតុកម្ម​ដោយការ​បិទផ្លូវ ​ឬ​ក្នុង​រូបភាព​​តវ៉ាផ្សេងៗ​ទៀត ក្នុង​ការ​រារំាងដល់គម្រោងវិនិយោគ​តំបន់​ស្ទឹងជាយ​អារ៉ែង គឺ​គ្រាន់​​ជា​លេស​​បំរើតាមឧបាយ​កលញុះញាង់ ក្នុងមហិច្ឆតា​កេងចំណោញ​នយោបាយ​​​របស់​បក្ស​ប្រឆំាង​​តែ​ប៉ុណ្ណោះ​។   ម្យ៉ាងទៀត​បើ​និយាយពីសេដ្ឋ​កិច្ច​​​របស់​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម ​ក៏​ជា​ចំណែក​មួយ​ដែល​​បាន​មក​ពី​ការវិនិយោគ​វារី​អគ្គិសនី​​ផង​ដែរ។ ​តើ​នេះមិន​ហៅ​ថា​ ការ​ទាញ​យក​ផលពី​ធនធាន​ធម្មជាតិ​​របស់គេ​ទេឬអ្វី?

ហេតុនេះការដែលបក្សប្រឆំាងតែងតែ​ស្រែកក្ដែងៗ​ ក្នុងការលើកទឹកចិត្ដ​ឲ្យ​មានការ​ទិញ​តម្លៃវារីអគ្គិសនីពីប្រទេសណាមួយនោះ តើនេះ​មិនមែន​ជា​ការ​ជួយ​ចិញ្ចឹម​​សេដ្ឋ​កិច្ច​ប្រទេសជិត​ខាង​​ទេឬអ្វី? មិនតែប៉ុណ្ណោះបើយើងមិនខិតខំ ប្រឹង​ប្រែង​ផលិត​វារី​អគ្គិសនី​ដោយ​ខ្លួន​ឯង​ទេ តើ​ធ្វើ​ដូច​ម្ដេច នឹងអាចប្រើ​ប្រាស់​អគ្គិសនីមាន​តម្លៃថោកដែលអាចបំរើសេចក្ដី​​ត្រូវ​ការ​របស់​ប្រជាពលរដ្ឋ និងធ្វើការប្រកួតប្រជែង​ជាមួយ​ប្រទេស​ជិតខាង​បាននោះ។

 ​ដូច្នេះ រាល់ការ​រារាំង​ណាមួយនូវ​គំរោង​វារីអគ្គិសនី​ស្ទឹង​ជាយ​អារ៉ែង​​ គឺ​ជាការ​បង្អាក់​ដល់​ដំណើរ​​ការសេដ្ឋ​កិច្ច​របស់​កម្ពុជា ។​​​