Friday, October 3, 2014

សេចក្តី​ជូនដំ​ណឹង អ.វ.ត.ក, អង្គភាព​​គាំពារ​​ជន​​រង​គ្រោះ​នឹង រៀប​ចំ​កិច្ច​​ប្រជុំ​​រវាង​​ដើម​បណ្តឹង​​រដ្ឋប្ប​វេណី និង​​មេធាវី​​ដើម​​បណ្តឹង​រដ្ឋ​ប្បវេណី​​ក្នុង​សំណុុំ​រឿង ០០២ នៅ​ភ្នំពេញ



កម្ពុជា និង ឡាវ​បាន​ឯកភាព​គ្នា​ជំរុញ​ការ​បោះ​បង្គោល​ព្រំដែន​ឲ្យ​បាន​ឆាប់

ក្នុងជំនួប​​ពិភាក្សារវាង​ឯកឧត្តមបណ្ឌិសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីទទួលបន្ទុក​ទីស្តី​ការ​​គណៈ​រដ្ឋ​មន្រ្តី និង ឯកឧត្តម Prasith SAYASITH ឯកអគ្គរដ្ឋទូតនៃ​សាធារណរដ្ឋ​ប្រជា​ធិប​តេយ្យ​ប្រជា​មានិតឡាវប្រចាំនៅព្រះ​រាជា​ណា​ចក្រ​​កម្ពុជា នៅ​វិមាន​មិត្តភាព​នាព្រឹក​ថ្ងៃទី​០៣ ​ខែ តុលា ឆ្នាំ ២០១៤នេះ​ ភាគី​ទំាងពីរ​​បានលើកឡើងពីបញ្ហាបើកច្រកព្រំដែនអន្តរជាតិមួយ នៅត្រពាំង​គ្រាល និង​បានពិភាក្សា​គ្នា​អំពីការ​សាង​សង់ស្ពាននៅព្រែកល្ពៅ សម្រាប់តភ្ជាប់ប្រព័ន្ធហេដ្ឋា​រចនា​សម្ព័ន្ធ​​រវាង​ប្រទេសទាំងពីរ ដើម្បី​សម្រួល​ដល់ការដឹកជញ្ជូន ពាណិជ្ជកម្ម សេដ្ឋកិច្ច កម្ពុជា-ឡាវឲ្យកាន់តែមាន​ប្រសិទ្ធិភាព។

នៅក្នុងជំនួប​នោះ ភាគី​ទាំង​ពី​រក៏​បាន​ឯកភាពផង​ដែរ ថា នឹងខិតខំធ្វើយ៉ាងណាជំរុញការបោះ​បង្គោ​ល​​ព្រំដែន​ នៃ​ប្រទេសទាំងពីរឲ្យបានឆាប់។

ឯកឧត្តម Prasith SAYASITH បានមាន​ប្រសាសន៏​​ស្នើរឲ្យ​ភាគី​កម្ពុជា​ពន្លឿនការ​បោះ​បង្គោល​​ព្រំដែន​កម្ពុជា-ឡាវឲ្យបានឆាប់ ដើម្បីរួម​ចំណែក​អភិវឌ្ឍន៍​ទាំងហេដ្ឋារ​ចនាសម្ព័ន្ធ​ និង​សម្រាប់ដំណើរ​ការ​ពាណិជ្ជ​កម្ម សេដ្ឋកិច្ច ដឹក​ជញ្ជូនទៅវិញទៅមកឆ្លង​កាត់ព្រំដែន​នៃប្រទេស​ទាំងពីរ។

ឯកឧត្តមឯកអគ្គរដ្ឋទូតឡាវ បាន​បញ្ជាក់​ថា ​ប្រទេសឡាវ​ចង់ឲ្យ​មាន​ការបើកស្ថាន​កុងស៊ុលឡាវ​ប្រចាំ​​នៅ​ខេត្តសៀមរាប គឺដើម្បីជួយ​សម្រួល​ដល់ដំណើរ​ទស្សនកិច្ច​របស់​ប្រជា​ជនឡាវ​ទៅកាន់​កម្ពុជា​។
ជាមួយគ្នានេះដែរ ឧត្តមឧបនាយករដ្ឋមន្រ្តី​សុខ អាន បានមានប្រសាសន៏ឯកភាព​ទៅលើការលើក​ឡើងរបស់ឯកឧត្តមឯក​អគ្គ​រដ្ឋ​ទូតឡាវ គឺធ្វើយ៉ាងណាជំរុញឲ្យមានការបោះបង្គោលឲ្យបានឆាប់ សំដៅ​ចូលរួមចំណែក​អភិ​វឌ្ឍន៍​ប្រទេសទាំងពីរ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ការ​បោះ​​បង្គោល​ព្រំដែនកម្ពុជា-ឡាវនេះ បានសម្រេច ៨៦%ហើយ ភាគីទាំងពីរនឹង​ខិតខំបញ្ជប់​ឲ្យបាន​ឆាប់ ដើម្បីធ្វើ​សន្ធិ​សញ្ញារួម​គ្នា​យកទៅតម្កល់នៅអង្គការសហប្រជាជាតិ ។
ចំ​ពោះ​បញ្ហានេះ ឧត្តមឧបនាយករដ្ឋមន្រ្តី​ សុខ  អាន​  បានគាំទ្រឲ្យ​មានការបើកស្ថានកុងស៊ុល​ឡាវ​ប្រចាំ​នៅខេត្ត​សៀម​រាប​​។

សូមរំលឹកថា ក្នុងឆ្នាំ២០១៣កន្លងមកនេះ ទេស​ចរណ៍​ឡាវ​បានមកកម្ពុជា​យើង​មាន​ជាង៤៤​ម៉ឺន​នាក់ ដែលជាទំហំគួរឲ្យចាប់អារម្មណ៍។ ​បើ​និយាយ​អំ​ពី​ពាណិជ្ជកម្មទ្វេភាគីរ​វាងកម្ពុជា​និង​ឡាវវិញ នៅ​ឆ្នាំ​២០១៣​មកនេះ បាននាំចេញ​ពីកម្ពុជា​ទៅ​ឡាវ មានចំនួនជាង ៥៨៦​ពាន់​ដុល្លារ ហើយនាំចូល​ពីឡាវ​មកកម្ពុជាវិញមានជាង ៥លានដុល្លារ ដែលទំហំ​ពាណិជ្ជកម្ម​ទ្វេ​រ​ភាគីនេះ​មានការកើន​ឡើង​ជានិច្ច។
អត្ថបទដោយ៖ ខេមរា

សេច​ក្តីថ្លែង​ការណ៍ របស់​ឯកឧត្តម ហោ ណាំហុង ​ក្នុង​កិច្ច​ពិភា​ក្សា​ទូទៅ នាសម័​យ​ប្រជុំ​លើក​ទី៦៩ នៃ​មហា​សន្និបាត​អង្គការ​សហ​ប្រជា​ជាតិ នៅទីក្រុង ញូយ៉ក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤






Remarks by H.E. Dr. Sok An, at the Opening Ceremony of the Temporary Exhibition at the National Museum of Cambodia of the Koh Ker Statues Returned Home from the United States






តុលាការ​​បាន​​សម្រេច​​បញ្ជូន​​ខ្លួន​​អតី​​តអធិការ​​ខណ្ឌ​មាន​ជ័យ​ លោក ហ៊ី​ ណារិន ទៅ​​ព​ន្ធ​នា​គារ​ព្រៃស

លោក ហ៊ី​ ណារិន អតី​តអធិការ​ខណ្ឌ​មាន​ជ័យ​ នៅ​ថ្ងៃ​ទី​៣  ខែ តុលា ឆ្នាំ​២០១៤​នេះ​ ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំ​ពេញ​ សម្រេច​បញ្ជូន​ខ្លួន​ទៅ​ពន្ធ​នាគារ​ព្រៃ​សជា​បណ្តោះ​អាសន្ន​ហើយ បន្ទាប់​ពី​ចៅ​ក្រម​ យូ​ ប៊ុនណា​ សួរ​ចម្លើយ​អស់​រយៈពេល​ជាង​៣ម៉ោង​។

លោក ហ៊ី​​ ណារិន ត្រូវ​បាន​អង្គ​ភាព​ប្រឆាំង​អំ​ពើ​ពុក​រលួយ​ ចាប់​ឃាត់​ខ្លួន​កាលពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៤ ពាក់​ព័ន្ធ​នឹង​ការប្រព្រឹត្តអំ​ពើ​ពុក​រលួយ​​កិបកេង​លុយប្រមាណ​ជិត​៣ពាន់​លានរៀល ។


អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ក៏​បាន​ចេញ​សេចក្តី​ប្រកាសព័ត៌មាន​របស់​ខ្លួន​ផង​ដែរ កាលពី​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០១៤ ដោយ​បាន​បង្ហាញ​នូវ​បទ​ល្មើសជាច្រើន​ករណី​ពាក់​ព័ន្ធ​នឹង​សកម្មភាព​កិប​កេង​លុយ​បង្ក​ឡើង​ដោយ​លោក ហ៊ី​ ណារិន​ ក្នុង​នោះ​ដូចជា ​ការបើក​លុយ​ប្រាក់​ខែរបស់​មន្ត្រី​នគរបាល​ដែល​អវត្តមាន​ពី​ការងារ​ ការ​តម្រូវ​ឲ្យ​ប្រជា​ពលរដ្ឋ​បង់​លុយ​ក្នុង​ការធ្វើ​សៀវ​ភៅ​ស្នាក់​នៅ​១ក្បាល៥ម៉ឺន​រៀល សៀវ​ភៅ​គ្រួសារ​១ក្បាល៥ម៉ឺន​រៀល​ និង​ចុះ​ឈ្មោះ​សមាជិក​ថ្មី​២ម៉ឺន​រៀល​ ការ​តម្រូវ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទទិញ​អាវ​ចំ​ណាំង​ផ្លាត និង​ស្រោម​កាំ​ភ្លើង​វែង ការ​កិប​កេងប្រាក់​ឧបត្ថម្ភកង​កម្លាំង​ហ្វឹក​ហាត់​ការពារ​បាតុកម្ម​ ការ​តម្រូវ​ឲ្យ​មេល្បែង​ស៊ី​សង ម្ចាស់​អាជី​វកម្ម រោង​ចក្រ​ និង​មន្ត្រី​មួយ​ចំ​នួន​បង់ប្រាក់​ជា​រៀល​រាល់​ខែ ការ​ទាម​ទារ​លុយ​ពី​ម្ចាស់​ម៉ូ​តូ​ដែល​ចាប់​ទុក​ដោយ​សារ​គ្មាន​ពន្ធ​ និង​ការ​លក់​ម៉ូ​តូ​ដែល​ម្ចាស់​គេ​មិន​បាន​មក​ដោះ​ស្រាយ  ការ​ប្រមូល​លុយ​ផាក​ពិន័យ​លើចំ​ណតពី​ម្ចាស់​ម៉ូ​តូដែល​ធ្វើ​ចរាចរ​ គ្មាន​ស្លាក​លេខ កញ្ចក់​ និង​មួក និង​ការ​តម្រូវ​ឲ្យ​បង់​លុយ​ពី​ការ​ដោះ​ស្រាយ​វិវាទគ្រោះ​ថ្នាក់​ចរាចរណ៍ចំ​នួន​១០​ភាគ​រយ នៃ​ថ្លៃសំ​ណង។


សេច​ក្តីជូន​ដំណឹង៖ ឯកឧត្តម ឈាន វុន, នឹងធ្វើ​សន្និសីទសា​រព័ត៌មាន​បំភ្លឺការ​ដែល​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​

សូមជម្រាបជូនអ្នកសារព័ត៌មានជាតិ អន្តរ ជាតិ ជ្រាបថា នៅរសៀលថ្ងៃទី ០៣ ខែតុលា ឆ្នាំ​​២០១៤ វេលាម៉ោង១៤:៣០រសៀលនេះ ឯកឧត្តម ឈាន វុន សមាជិកគណៈកម្មាធិការ​អចិន្រ្តៃ​យ៍នៃ​រដ្ឋសភា និងជាប្រធាន​គណកម្ម​ការកិច្ចការបរទេស សហ ប្រតិបត្តិការអន្តរជាតិ ឃោសនា​ការ និង​ព័ត៌មាន នៃរដ្ឋសភា នឹងធ្វើសន្និសីទ​សារព័ត៌មាន​បំភ្លឺការដែលអង្គការសង្គមស៊ីវិលមួយចំនួន​ ស្នើឲ្យ​លុប​ចោល​សារាចរ​របស់​សម្ដេច​ប្រធាន​រដ្ឋសភា ស្ដីពីបែបបទការងារក្នុងរដ្ឋសភា។

សន្និសីទនេះ នឹងរៀបចំធ្វើនៅក្នុងបន្ទប់ទំនាក់ទំនង​អន្តរ​ជាតិ ក្នុង​វិមានរដ្ឋសភា។

អាស្រ័យដូចជម្រាបជូនខាងលើនេះ សូមអ្នកសារព័ត៌មានទំាងអស់ចូលរួមយកព័តមាន​តាម​ការគួរ។

 ភ្នំពេញ, ថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០១៤

 នាយកដ្ឋានព័ត៌មាន នៃ អគ្គលេខាធិការដ្ឋានរដ្ឋសភា

សេចក្តីប្រកាសព័ត៌មាន របស់ អ.វ.ត.ក, លោក ម៉ាទីន ខារ៉ុប គីនត្រូវតែងតាំង​ជា ចៅក្រមអន្តរជាតិ​បម្រុង​ថ្មីនៃ​អង្គ​ជំនុំ​ជម្រះសាលា​ដំបូង



Press Release Martin Karopkin Appointed As New International Reserve Judge In The Trial Chamber


ឯកឧត្តម​​បណ្ឌិត​​សភា​ចារ្យ​ សុខ អាន ប្រកា​ស​​បើក​​ការ​​តាំង​​ពិព័រណ៍​​មិន​​អចិន្ត្រៃយ៍​​បដិមា​​ប្រាសាទកោះ​​កេរ​នៅ​​សារ​មន្ទីរ​ជាតិ​

ចាប់ពី​ឆ្នាំ១៩៩៦ រហូតដល់ឆ្នាំ២០១៤ ពិសេស​នៅ​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន ព្រះរាជា​ណាចក្រ​កម្ពុជា​បាន​ទទួល​យក​វត្ថុបុរាណ​របស់​ខ្លួន​ដែល​បាន​បាត់​ បង់​ត្រឡប់​មកវិញ​សរុបមាន​ចំនួន ៣៥០​វត្ថុបុរាណ។ នេះ​ជា​សេចក្តី​រាយការណ៍​របស់​លោក គង់ វីរះ ប្រធាន​នាយកដ្ឋាន​សារមន្ទីរជាតិ នៅ​ក្នុង​ពិធី​បើក​ការ​តាំង​ពិព័រណ៍​មិន​អចិ​ន្ត្រៃយ៍​នៅ​សារមន្ទីរ​ជាតិ​ កម្ពុជា នូវ​បដិមា​មាន​ប្រភព​ពី​ប្រាសាទ​កោះ​កេរ​ដែល​បាន​បញ្ជូន​ត្រឡប់​ពី​សហរដ្ឋ​ អាមេរិក នា​រសៀល​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៤ ក្រោម​អធិបី​ភាព​ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី​។
លោក គង់ វីរះ បានឲ្យ​ដឹង​ថា វត្ថុបុរាណទាំង​នោះ​ត្រូវ​បាន​ប្រគល់​ត្រឡប់​មកវិញពី​បណ្តា​ប្រទេស​នានា ដូចជា សហរដ្ឋអា​មេរិក ប្រទេស​បារាំង ថៃឡង់ថ៍ អូស្រ្តាលី ស្វីស ឥណ្ឌូនេស៊ី ហូឡង់ ជប៉ុនចក្រភព​អង់គ្លេស ដាណឺម៉ាក អាល្លឺម៉ង់ ហុងគ្រី កាណាដា និង​តៃវ៉ាន់។

លោកជុំទាវ ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក​ជំទាវ ជូលី ចុង (Julie Chung) អគ្គ​រដ្ឋ​ទូត​ស្តីទី​នៃ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក ប្រចាំ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​លោក​ជុំ​ទាវ អាន ឡឺម៉េស (Anne Lemaistre) តំណាង​អង្គការ​យូណេ​ស្កូ​​ប្រចាំ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ក៏មាន​វត្ត​មាន​ក្នុង​ពិធី​តាំង​ពិព័រណ៍​នេះ​ដែរ។

ជាមួយ​នឹង​ការ​ថ្លែង​អំណរគុណចំពោះ​អង្គការ​យូណេស្កូ និង​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ចំពោះ​កិច្ច​សហការជាមួយ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ និង​សារមន្ទីរ​ជាតិ​ដោយ​ផ្តល់​ថិវកា​ក្នុង​ការ​រៀប​ចំ​តាំងពិព័រណ៍ ឯកឧត្តមបណ្ឌិតសភាចារ្យសុខ អាន បាន​មាន​ប្រសាសន៍​ថា ការ​ជួប​ជុំ​គ្នា​នៅ​ថ្ងៃ​នេះ (បើក​តាំង​ពិព័រណ៍) មិន​ត្រឹម​តែ​បញ្ជាក់​អំពី​សមិទ្ធផល​ដ៏​សំខាន់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្ហាញ​អំពី​សាមគ្គីភាព​ជា​អន្តរ​ជាតិ​នៅ​ក្នុង​យុទ្ធនាការ​ដ៏​ទូលំទូលាយ​មួយ ដើម្បី​ការ​ពារ​បេតិកភណ្ឌ​របស់​មនុស្ស​ជាតិ​ទៀត​ផង​។

ឯកឧត្តម​បណ្ឌិតសភាចារ្យសុខ អាន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា នៅ​ចុង​បញ្ចប់​នៃ​សម័យ​ដ៏ខ្មៅ​ងងឹត​នៃ​ប្រវត្តិ​សាស្ត្រ​របស់​យើង និង​ជា​ជា​ពិសេស​នៅ​ពេល​សន្តិភាព​ពេញ​លេញ សន្តិ​សុខ និង​ស្ថេរភាព​នយោបាយ​បាន​កើត​មាន​ឡើង​នៅ​ទូទាំង​ប្រទេស តាម​រយៈនយោបាយ​ឈ្នះឈ្នះ របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា កិច្ច​ការពារ​បេតិកភណ្ឌ​វប្បធម ក៏​ទទួល​បានការ​យក​ចិត្ត​ទុក​ដាក់​កាន់​តែ​ខ្លាំង​ផង​ដែរ នៅ​ក្នុង​គោល​នយោបាយ​ជាតិ​របស់កម្ពុជា។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ ​សុខ អាន បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​បេជ្ញាចិត្ត​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា ក្នុង​កិច្ច​ការពារ និង​ការ​អភិរក្ស​បេតិកភណ្ឌ ត្រូវ​បាន​បង្ហាញ​តាម​រយៈការ​អនុម័ត និង​ការ​អនុវត្ត​ច្បាប់​ជាតិ និង​តាម​រយៈការ​ចូល​រួម​យ៉ាង​សកម្ម​ជាមួយ​សហគមន៍​អន្តរ​ជាតិ។ ជាលទ្ធផល​ កិច្ច​ប្រឹង​ប្រែង​របស់​កម្ពុជា​ទទួល​បាន​នូវ​ការ​ទទួល​ស្គាល់ ជា​លក្ខណៈ​អន្តរ​ជាតិ​ ដូច​បាន​បង្ហាញតាម​រយៈការ​ចុះ​បញ្ជី​រមណីយដ្ឋាន​ប្រវត្តិ​សាស្ត្រ​ប្រាសាទព្រះ​វិហារ​ ជា​បេតិ​កភណ្ឌ​ពិភពលោកបន្ថែម​លើ​រមណីយដ្ឋាន​អង្គរ និង​ការ​បញ្ចូន​វត្ថុ​បុរាណ ដែល​ត្រូវ​បាន​គេ​លួច និង​ជួ​ញ​ដូរ​ដោយ​ខុស​ច្បាប់​ត្រឡប់​មក​កាន់​ទីឋាន​កំណើត​វិញ។

ជាសក្ខីភាព​នៃកិច្ច​ប្រឹង​ប្រែង​ទាំង​នេះ គណៈ​កម្មាធិការ​បេតិកភណ្ឌ​ពិភពលោក នៅ​ឯកិច្ច​ប្រជុំ​លើក​ទី​៣៨ របស់​ខ្លួននៅ​ទីក្រុង​ដូហារ កាល​ពី​ខែ​មិថុនា​កន្លង​ទៅ នៅ​ក្នុង​ការ​វាយ​តម្លៃ​ជា​វិជ្ជ​មាន និង​ការ​អនុម័ត​ជា​ឯកច្ឆ័ន​លើ​របាយការណ៍​ ស្តីពី​ស្ថាន​ភាព​អភិរក្ស​នៃ​រមណីយដ្ឋាន​អង្គរ បាន​ធ្វើការ​កោត​សរសើរចំពោះការងារ​ប្រកប​ដោយ​ប្រសិទ្ធភាព​របស់​កម្ពុជា និង​ ICC-Angkor​។ ​យន្តការ​អន្តរជាតិ​នេះ ដែល​បាន​បំពេញ​ការងារ​យ៉ាង​សកម្ម​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ ដោយ​មាន​ប្រទេស​ជប៉ុន និង​បារាំង​ជា​សហប្រធាន​ ត្រូវ​បាន​ចាត់​ទុក​ជា​គំរូសម្រាប់​កិច្ច​សហ​ប្រតិ​បត្តិការ​អន្តរជាតិ ក្នុង​ការ​ការពារ​ និង​អភិរក្ស​បេតិកភណ្ឌ។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​ឲ្យ​ដឹង​ទៀត​ថា ឆ្នាំ​២០១៣-២០១៤កន្លងទៅ​នេះ រាជ​រដ្ឋាភិបាល​កម្ពុជា សម្រេច​បាន​នូវ​សមិទ្ធផលជា​ប្រវត្តិ​សាស្ត្រ​ជា​ច្រើន​ក្នុង​ផ្នែក​បេតិកភណ្ឌ​ជា​ពិសេស​ គឺការ​ធ្វើជា​ម្ចាស់​ផ្ទះ​ប្រកប​ដោយ​ជោគជ័យ នៃកិច្ច​ប្រជុំ​លើកទី​៣៧ នៃគណៈ​កម្មា​ធិ​ការ​បេតិកភណ្ឌពិភពលោក ដែល​នៅ​ក្នុង​ឱកាស​នោះ​ដំណាក់​កាល​ដំបូង​នៃដំណើរបញ្ជូន​ត្រឡប់​មក​វិញ​នូវ​បដិមា​ទាំង​៥ មាន​ប្រភព​មក​ពី​ប្រាសាទកោះកេរ ត្រូវ​បាន​ចាប់​ផ្តើម​ឡើង​ ពោល​គឺ​បដិមា​ចំនួន​២ នៃ​ត្រកូល បាណ្ឌព ត្រូវ​បាន​ប្រគល់​ឲ្យ​កម្ពុជា​វិញ​តាម​រយៈសណ្តាន​ចិត្ត​សប្បុរស​នៃ​សារមន្ទីរ Metropolitan Museum of Art នៃទីក្រុង​ញូវយ៉ក។

ហើយ​នៅ​ឆ្នាំ​នេះ បដិមា​ចំនួន​៣ទៀត ត្រូវ​បាន​បញ្ជូន​ត្រឡប់​ពី​សហរដ្ឋអាមេរិក​វិញ ដោយ​ក្នុង​នោះ​មាន ពលរាម តាម​រយៈសុច្ឆន្ទៈរបស់​ក្រុម​ហ៊ុន Christie’s ទុរយោធន៍ ពីក្រុមហ៊ុន​ Sotherby’s តាម​រយៈសេចក្តី​សម្រេច​របស់​តុលាការ​ និង​ ភីម ពីសារមន្ទីរ Norton Simon តាម​រយៈការ​ចរចារ​ដោយ​ផ្ទាល់ និង​វែង​អន្លាយ ប្រកប​ដោយ​ការ​យោគ​យល់​គ្នា​ទៅ​វិញ​ទៅ​មក។

បដិមា​ទាំង៥ នេះ​សុទ្ធ​តែ​ស្ថិត​នៅ​ក្នុង​ឆាក​ប្រយុទ្ធ​មួយ​រវាង ភីម និង ទុរយោធន៍ នៅ​ក្នុង​ទេវកថា​សាសនា​ហិណ្ឌូ មហាភារតៈ។ ប៉ុន្តែ​នៅ​មាន​បដិមា​ ៣ទៀត នៃក្រុម​ចម្លាក់​នេះ​នៅ​បាត់​បង់​នៅ​ឡើយ ខណៈ​ដែល​បដិមា​មួយ​ទៀត​នៃ​ត្រកូល បាណ្ឌព កំពុង​ត្រូវ​បាន​ថែរក្សា​ទុក​នៅ​ឯ​អភិរក្ស​ដ្ឋាន​នៅ​ខេត្ត​សៀម​រាប។ “ការ​បញ្ជូន​ត្រឡប់​មក​វិញ​នៃបដិមាករ​ទាំង​នេះ នឹង​មិន​អាច​ធ្វើ​ទៅ​បាន​នោះ​ទេ ប្រសិន​បើ​គ្មានកិច្ច​សហប្រតិបត្តិការ​ល្អ និង​ជំនួយពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក អង្គការ​យូណេស្កូ និង​សាលា​បារាំង​ចុង​បូព៌ា (EFEO) ក៏ដូចជា​សុច្ឆន្ទៈ​នៃ​បណ្តា​សារមន្ទីរ និង​អ្នក​ប្រមូល​វត្ថុ​បុរាណ”។ ឯកឧត្តម​បណ្ឌិត​ សុខ អាន មាន​ប្រសាសន៍​បញ្ជាក់ និង​ថ្លែង​អំណរ​គុណ។

ទាក់​ទង​នឹង​ការ​តាំង​ពិព័រណ៍​មិន​អចិន្ត្រៃយ៍ នៅ​សារមន្ទីរ​ជាតិ​កម្ពុជា នូវ​បដិមា​មាន​ប្រភព​ពី​ប្រាសាទ​កោះ​កេរ​ដែល​បាន​បញ្ជូន​ត្រឡប់​ពី​សហរដ្ឋ​អាមេរិក ឯកឧត្ដម សុខ អាន បានមាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ពិព័រណ៍​មិន​អចិន្ត្រៃយ៍​នេះ មានគោល​ដៅ​ចម្បង​ដើម្បី​បង្កើន​ការ​យល់​ដឹង​របស់​សាធារណជន អំពី​បញ្ហា​នៃការ​ជួញដូរវត្ថុ​បុរាណខុស​ច្បាប់​នៅ​ក្នុង​ពិភពលោក​នា​សម័យ​ទំនើប​នេះ ដែល​មិន​ត្រឹមតែ​បំផ្លិច​បំផ្លាញ​បេតិកភណ្ឌ​នៃ​ប្រជា​ជាតិ​មួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បេតិកភណ្ឌ​មនុស្ស​ជាតិទាំងមូល ហើយក៏ជា​ការ​បង្ហាញ​ដល់​សាធារណ​ជន​អំពី​កិច្ច​ខិតខំ​ប្រឹង​ប្រែង ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើខុ​ស​ច្បាប់​ទាំង​អស់​នេះ​ផង​ដែរ។

ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយក​រដ្ឋ​មន្រ្តី ​បាន​ជំរុញឲ្យក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បះ បាន​ខិតខំ​ប្រឹង​ប្រែងក្នុង​ការ​ស្វះ​ស្វែង​អំពាវ​នាវ​ដល់​សារៈមន្ទីរជាដៃគូរ និងសប្បុរជន​ជាតិ និង​អន្តរជាតិ​នានា​ក្នុង​ការទទួលយកវត្ថុបុរាណ​ខ្មែរ​មក​វិញ ដែល​ធ្វើឡើង​ក្នុង​ក្របខណ្ឌ​រាជ​រដ្ឋា​ភិបាល​និង​ក្របខណ្ឌ​ឯកជន​ផងដែរ។

ឯកឧត្ដមបណ្ឌិត​សភាចារ្យ សុខ អាន បានអំពាវនាវចំពោះ​ប្រទេសលើពិភពលោក​បាន​ឃើញមាន​ទុក​វត្ថុបុរាណខ្មែរ​ដែល​បាន​មកពីការជួញដូរ​វត្ថុបុរាណខ្មែរ សូម​យក​មកប្រគល់ឱ្យ​ខ្មែរវិញតាម​ចិត្តសប្បុរធម៌។


លោក​ជំទាវ ជូលី ចុង (Julie Chung) អគ្គ​រដ្ឋ​ទូត​ស្តីទី​នៃ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក ប្រចាំ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​លោក​ជុំ​ទាវ អាន ឡឺម៉េស (Anne Lemaistre) តំណាង​អង្គការ​យូណេ​ស្កូ​ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជានៅ​ក្នុង​ឱកាស​នោះ​ដែរ​ ក៏បាន​មានប្រសាសន៍​ឲ្យ​ដឹង​អំពីកិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​កិច្ច​ការពារ និង​នាំ​មកកម្ពុជា​វិញនូវ​បេតិ​ក​ភណ្ឌ​ដែល​បាន​បាត់​បង់​នា​ពេលកន្លង​មក ក៏ដូច​ជាបាន​​អះអាង​អំពី​ការ​បន្ត​កិច្ច​សហ​ប្រតិ​បត្តិការ​នាពេល​ខាង​មុខ​បន្តទៀត៕