Tuesday, October 7, 2014

សម្តេចតេជោ​ ហ៊ុន​ សែន បានចាត់ទុកកញ្ញា ស៊ន សៀវម៉ី ជាវីរៈនារីសំរាប់កម្ពុជា

សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជា​ណាចក្រកម្ពុជា​ បាន​ចាត់​​ទុកកញ្ញា ស៊ន សៀវ​ម៉ី ជា​វារៈនារី​សំ​រាប់​​កម្ពុជា ដែលបានលើកស្ទួយ​កិត្តិយស​​កម្ពុជា នៅគ្រា​ដែលកម្ពុជា មិន​ដែល​ទទួល មាសសោះ​ក្នុងការប្រកួត អាស៊ីហ្គេម ជាង៦០ឆ្នាំមកនេះ។
ពិធី​​​ទទួល​ម្ចាស់​មេដាយមាស ស៊ន សៀវ​ម៉ី ត្រូវបាន​ប្រា​ព្ធ​ធ្វើឡើង​នៅ​វិមាន​សន្តិភាព​ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​​តេជោ នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមជាមួយ​ឥស្សរ​ជនជាច្រើនទៀត ។

នៅក្នុងការសំណេះសំណាល ពាក្យ​ពេជន៍ដំបូង របស់ សម្តេច​តេជោ នាយក​រដ្ឋមន្ត្រី បានចាត់ថា កញ្ញា ស៊ន សៀវម៉ី ជាវីរៈនារី សំរាប់ កម្ពុជា ដែល​បាន​លើក​ស្ទួយ​កិត្តិយស​កិត្យា​នុភាពជាតិ នៅ​គ្រា​ដែលកម្ពុជា មិនដែល ទទួល​បាន​មេដាយ​​មាស​ម្តងដាឡើយ ក្នុង​ការ​ប្រកួង​កីឡាអាស៊ី ជាង៦០ឆ្នាំមកនេះ ពោល​​តាំង​ពីឆ្នាំ​១៩៥៤មក។ ការទទួល​បាន​មេដាយមាសរបស់កញ្ញា សៀវម៉ី មិន​មែន ត្រឹមតែ​លើក​ស្ទួយ​ត្រកូលស៊ន​ប៉ុណ្ណោះ​ទេ ប៉ុ​ន្តែសៀវម៉ី បានលើក​ស្ទួយ​ត្រកូល​កម្ពុជា​ទាំង​មូល​តែម្តង។ នេះជាគំរូដ៍ល្អ និងជា​មោទនភាពជាតិកម្ពុជា។

សម្តេចតេជោនាយករដមន្ត្រី បាន​បញ្ជាក់​ថា យោងតាម​ការសំរេច​របស់​ក្រសួង​អប់រំ​យុវជន និងកីឡា និងយោង​ទៅតាម​ការចេញ​ទៅប្រកួត​នៅ​កូរ៉េខាង​ត្បូង ត្រូវការ​ហ្វឹក​ហាត់ ធ្វើឲ្យកញ្ញា សៀវ​ម៉ី មិនបានរៀនបន្ថែម សំរាប់​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ លើក​ទី២ទេ ប៉ុន្តែ​បានយកមេដាយមាសជូនជាតិមាតុភូមិ ហើយ​ត្រូវប្រឡង លើក​ទី២នោះទៀត ដូច្នោះក្រសួង​អប់រំបាន​ចេញនូវ​សេចក្តី​ប្រកាស​២ថ្ងៃទី ០៣ កន្លង ទៅ ដោយផ្តល់ឲ្យកីឡាការនី ស៊ន សៀវម៉ី ដែល​ទទួល​បាន​​មេដាយមាសនៅក្នុងការ ប្រកួតកីឡា អាស៊ី​ ឲ្យជាប់​ការ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សាទុតិយភូមិសម័យប្រឡង ១៣ តុលា ២០១៤ ដោយស្វ័យប្រវត្តិតែម្តង និងផ្តល់​ជូនអាហារូបករណ៍១០០% ឲ្យ សិក្សា​នៅសា​កល​វិទ្យាល័យ​រដ្ឋណា​មួយ​ផង​ដែរ​។

សម្តេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់ថា សំរាប់ការលើកទឹកចិត្ត រាជរដ្ឋាភិបាល ផ្តល់​ថវិកា​ប្រមាណ ៨០លានរៀល ប្រហាក់​ប្រហែល​នឹង២ម៉ឺន​ដុល្លារ​អាមេរិក ថវិការ សម្តេច​​ផ្ទាល់ចំនួន ១ម៉ឺន​ដុល្លារ​អាមេរិកបន្ថែមទៀត ។ ពិសេស​ជាង​នេះទៅទៀត សម្តេច​តេជោ បាន​ឧបត្ថម្ភ ថវិការ​១៥០០​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ បន្ថែម​ទៀត​សំរាប់ ការ​សិក្សានៅថ្នាក់មហាវិទ្យាល័យណាមួយ​រហូត​ដល់​ចប់​ ហើយ​សៀវ​ម៉ីរៀន​ពេទ្យ​​ប្រាក់​ឧបត្ថម្ភចំនួន ៨ឆ្នាំ ទៅតាម​ចំនួន​ឆ្នាំនៃ​មុខ​វិជ្ជា​ដែល​ត្រូវសិក្សា។ សម្តេច​តេជោ ផ្តល់ម៉ូតូ​មួយគ្រឿងសំរាប់ មធ្យោបាយ​ធ្វើ​ដំណើរ​ទៅសិក្សា កុំព្យូទ័រ​លេប​ថប​មួយគ្រឿងម៉ាក អេបផល តំលៃ ១២៥០ដុល្លារអាមេរិក និងអាយ​ផេត​មួយ​គ្រឿង​ផងដែរ។

គួររំលឹកថា កញ្ញា ស៊ន សៀវម៉ីទើប​តែ​ចូល​ហ្វឹកហាត់​តេក្វាន់ដូ នៅ​ឆ្នាំ ២០១០ ប៉ុណ្ណោះ​នាង​​ធ្លាប់​ដណ្ដើម​បាន​មេដាយ​នៅ​​អន្តរជាតិ​ចំនួន ៦ គ្រឿង​សំខាន់ៗ រួម​មានមេដាយ​ ប្រាក់ (Asean Championship ឆ្នាំ ២០១១), មេដាយ​សំរឹទ្ធ​ (ស៊ីហ្គេម​ឆ្នាំ ២០១១), មេដាយ​សំរឹទ្ធ (Asian Tekwando Championship ​2012), មេដាយ​សំរឹទ្ធ (Asean University 2011), មេដាយ​មាស (ស៊ីហ្គេម​ឆ្នាំ​២០១៣), មេដាយ​មាស (Asian Games 2014)

គួរ​បញ្ជាក់ថា ឆ្នាំនេះ​ជា​ខួប​លើក​ទី​៦០ សម្រាប់​កម្ពុជាដែល​បាន​ចូលរួម​ក្នុងការ​ប្រកួត​កីឡា​អាស៊ីបន្ទាប់ពី​ កម្ពុជា​បាន​ចូលរួម​លើក​ទី​១ នា​ឆ្នាំ​១៩៥៤​។ក្នុងការ​ចូលរួម​លើក​ទី​៤ នា​ឆ្នាំ​១៩៦២ ដែល​ធ្វើ​នៅ​ទីក្រុង​ហ្សា​ការ​តាប្រទេស​ឥណ្ឌូណេស៊ី​នោះ កីឡាករ​ប្រដាល់​កម្ពុជា​មួយរូបបាន​ក្លាយជា​វីរបុរស​ដោយ​បានទទួល​ មេដាយសំរិទ្ធ​មុនគេ នោះ​គឺ​លោក យូជិន​ហុង​។ នៅ​ឆ្នាំ​១៩៧០ កីឡា​អាស៊ី​រៀបចំ​ធ្វើ​នៅ ហ៊ី​រ៉ូ​ស៊ី​ម៉ាប្រទេស​ជប៉ុន ហើយ​កម្ពុជា​បាន​មេដាយ​មួយគ្រឿង​ទៀតពី​ការប្រកួត​កីឡា​អាស៊ី​នេះដែរ​។​ ព្រឹត្តិការណ៍​កីឡា​អាស៊ី​លើក​ទី​១៧ នៅ​ទីក្រុង Incheon ប្រទេស​កូរ៉េ​នេះមាន​អត្ត​ព​លិ​ក​ជិត ១ ម៉ឺន​នាក់​មកពី ៤៤ ប្រទេស​ចូលរួម​។ កីឡា​ចំនួន ៣៦ប្រភេទ និង ៤៣៩ វិញ្ញាសា​កីឡា ត្រូវបាន​ដាក់អោយ​ប្រកួត​។សម្រាប់​កម្ពុជា​បាន​បញ្ជូន​អត្ត​ព​លិ​ក​ចំនួន ២០ នាក់ទៅ​ចូលរួម​ប្រកួត​​កីឡា Asian Games​នេះ ដែលមាន​កីឡា​ចំនួន ៨ ប្រភេទគឺ​អត្តពលកម្ម ហែល​ទឹក ចំបាប់ វាយ​កូន​បាល់ Soft តឺ​នី​ស្ត តេ​ក្វាន់​ដូយូ​ដូ និង បាល់ទះ​ឆ្នេរ​ខ្សាច់​។

ទោះជា​កីឡា Asian Games បង្កើតឡើងបាន ១៧ លើក​មកហើយ​ក៏ពិតមែនប៉ុន្តែ​បើ​គិត​​​ចាប់តាំងពី​ឆ្នាំ១៩៥៤មក កម្ពុជាធ្លាប់បាន​បញ្ជូន​អត្ត​ព​លិ​ក​របស់ខ្លួន​ទៅ​ចូលរួម​បាន​តែ ១១លើក​ប៉ុណ្ណោះព្រោះ​មាន​ឆ្នាំ​ខ្លះ​កម្ពុជា​មិន​ចូលរួម​ដោយសារ​មាន​វិបត្តិ​សង្គ្រាម​ក្នុង​ស្រុក។

ការចូល​រួមទាំង ១១ លើក​នេះ កម្ពុជា ឈ្នះ​មេដាយមាស ១  ប្រាក់២  និង​សំរឹទ្ធ៤  ប៉ុន្តែ​ឯកសារ​លំអិត​ទាក់ទង​នឹង​អត្ត​ព​លិ​កប្រភេទ​កីឡា​ដែល​កម្ពុជា បាន​ចូលរួម​នោះមិន​មាន​ការ​ចងក្រង​ទុក​ឲ្យ​បាន​ត្រឹមត្រូវ​នោះឡើយ។

សម្រាប់​ឆ្នាំ​ដែល​កម្ពុជា​ឈ្នះ​មេដាយ​ (ផ្អែកលើ​ឯកសារ​បរទេស) មាន៖
១) Asian Games លើក​ទី ៤ នៅ​ទីក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូណេស៊ី ឆ្នាំ១៩៦២ លោក យូ ជិន​ហុង ជា​អ្នកឈ្នះ​មេដាយ​សំរឹទ្ធ ផ្នែក​កីឡា​ប្រដា​ក់សកលទម្ងន់ ៥៨ គីឡូ​ក្រា​ម។

២) Asian Games លើក​ទី ៦ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ក្នុង​ឆ្នាំ ១៩៧០ កម្ពុជា​ឈ្នះ​មេដាយ​ចំនួន ៥ រួមមាន៖
កីឡា​ប្រដា​ក់សកល៖ លោក ខៀវ សឿន និង លោក ឡុង សាវឿន មេដាយប្រាក់​ម្នាក់​មួយគ្រឿង
ហែល​ទឹក៖ តាម​ឯកសារ​ជា​អន្តរជាតិ​បានសរសេរថា​កម្ពុជាឈ្នះ​មេដាយ​វិញ្ញាសា​នេះ​ចំនួន ២ គ្រឿង ដោយ​លោក ផាត់ សំអុនឈ្នះ​មេដាយ​សំរឹទ្ធ តែ​ម្នាក់ទៀត​មិន​ឯកសារ​បញ្ជាក់​ច្បាស់លាស់។
កីឡាបាល់ទះ​នារី៖ ឈ្នះ​មេដាយ​សំរឹទ្ធ១ ដែល​ក្នុងនោះ លោកយាយ ច័ន្ទលាង​ឈី​វ ក៏​ធ្លាប់បាន​អះអាងថាគាត់​ក៏​ជា​សមាជិក​ម្នាក់​នៅក្នុង​ក្រុម​ផងដែរ។

៤) Asian Games លើក​ទី ១៧ នៅ​កូរ៉េខាងត្បូង ឆ្នាំ ២០១៤ កីឡាការិនី ស៊នសៀវ​ម៉ី កីឡា​តេ​ក្វាន់​ដូ វិញ្ញាសា​ប្រយុទ្ធ​ក្រោម​ទម្ងន់ ៧៣ គីឡូក្រាមឈ្នះ​មេដាយមាស៕

អត្ថបទដោយ៖ ខេមរា

ព្រះ​មហា​ក្សត្រ យាង​ជា​ព្រះរា​​ជា​​អធិ​ប​តី​ភាព​​​ដ៏ខ្ពង់​​ខ្ពស់​បំ​ផុត​​ក្នុង​​ព្រះ​រាជ​​ពិធី​​សម្ពោធ​​បើក​​​ឱ្យ​​​ប្រើ​​ប្រាស់​​​ជា​ផ្លូវ​ការ​​នូវ​​អគារ​​មជ្ឈ​​មណ្ឌល​​វិទ្យា​សាស្ត្រ​ប្រព័ន្ធ​ប្រសាទ​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ

សមិទ្ធផលថ្មីមួយទៀត គឺអគារមជ្ឈមណ្ឌល​វិទ្យា​សាស្ត្រប្រព័ន្ធប្រសាទ ​ដែលទើបត្រូវបាន​សាង​សង់រួចរាល់នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ បាន​ប្រារព្ធ​​ព្រះ​រាជពិធី​សម្ពោធ​បើកឱ្យ​ប្រើប្រាស់​ជាផ្លូវ​ការ​ហើយ ក្រោមព្រះរាជាធិបតីភាព​ដ៏ខ្ពង់​ខ្ពស់​បំ​ផុត​របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី  ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

យាងនិងអញ្ជើញដង្ហែព្រះមហាក្សត្រនៅក្នុងព្រះរាជពិធីនេះ ក៏មានវត្តមាន​សម្តេចអគ្គមហាសេនាប​តី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា ព្រមទាំងរាជវង្សានុវង្ស និងមន្ត្រី អ្នក​មុខ​អ្នកការសំខាន់ៗជាច្រើនផងដែរ។

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខា​ភិបាល បានគោរពថ្វាយនូវរបាយការណ៍ ដល់​ព្រះ មហាក្សត្រក៏ដូចជាអង្គពិធីទាំងមូលថា អគារ​​​មជ្ឈ​មណ្ឌល​វិទ្យា​សាស្ត្រ​ប្រព័ន្ធប្រសាទ​ដែល​សម្ពោធ នៅថ្ងៃនេះ បានកសាង​ឡើងអស់​ទឹកប្រាក់ជាង១០លាន៨សែន​ដុល្លារអាមេរិក ដែល​គម្រោងនេះ ត្រូវបាន​ទទួលការ​ឧបត្ថម្ភ​គាំទ្រពីព្រះករុណាព្រះមហាក្សត្រកម្ពុជា ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា និង អង្គការ La Chaine de l ESPOIR បារាំង រួមទាំង​អង្គការ​សប្បុរសជននានាមួយចំនួនទៀត។

ក្នុងព្រះរាជសុន្ទរកថារបស់ព្រះមហាក្សត្រ ព្រះ​អង្គបានបញ្ជាក់ថា ពិធីសម្ពោធអគារ​មជ្ឈ​មណ្ឌល វិទ្យា​សាស្ត្រប្រព័ន្ធ​ប្រសាទ​នៅមន្ទីរ​ពេទ្យកាល់​ម៉ែត្រនេះ ជាសមិទ្ធផលថ្មីមួយទៀត ដែលត្រូវបាន​កសាង​​​ឡើងដោយ​ការសហការ​រវាង​ក្រសួងសុខាភិបាល និងអង្គការ La Chaine de l ESPOIR​បារាំង។​ ព្រះអង្គ​បាននាំ​មកនូវ​ព្រះរាជ​​បណ្តាំ សួរសុខ​ទុក្ខ​សេចក្តី​នឹករលឹក ​ដ៏​ជ្រាល​​ជ្រៅ​បំផុត​ពីសម្តេច​ព្រះ​មហា​ក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងបាន​​ថ្លែង​អំណរគុណ​ដល់​រាជរដ្ឋា​ភិបាល​កម្ពុជា​ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍វិស័យសុ​ខាភិបាល លើក​កំពស់សុខុមាលភាព​របស់​ប្រជា​រាស្ត្រនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។

ព្រះមហាក្សត្រក៏បានកោតស​រ​សើរ​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេ នា​បតី​តេជោ ហ៊ុន សែន និងអង្គការ La Chaine de l ESPOIRបារាំងដែល​តែង​តែបាន​យក​ចិត្ត​ទុក​ដាក់គិតគូរ ជាអាទិភាព​ចំពោះ​វិស័យ​សុខា​ភិបាល ដែ​ល​ធ្វើឱ្យមាន​ការវិវត្តន៍​រីក​ចំរើន​ជា​លំដាប់។ ​​ព្រះអង្គ​ក៏បាន​ថ្លែងអរគុណចំពោះ ​និងអង្គការ La Chaine de l ESPOIR​បារាំង​លោក Stuat DEAN នាយក​ប្រតិបត្តិ​មូលនិធិក្រុមហ៊ុន General Electrique ប្រ​ចាំ​តំបន់ អាស៊ាន​ដែលបាន​ជួយជ្រោម​ជ្រែង​ក្នុង​ការ​ចូលរួម​ចំណែក​សាង​សង់​មជ្ឈមណ្ឌល​នេះ។

ព្រះករុណានៅមានព្រះរាជបន្ទូលដែរថា ការថែរក្សាគាំពារសុខុមាលភាពសង្គម ជា​ភារកិច្ចសំ​ខាន់​​ដែលយើង​ទាំងអស់​គ្នាត្រូវ​យក​ចិត្ត​ទុក​ដាក់​ឱ្យកាន់​តែ​ប្រសើរ សំដៅថែរក្សា ការពារ​និង​ព្យា​បាល​​​សុខភាពប្រជារាស្ត្រនៅទូទាំងប្រទេស ។ តាមរយៈការខិតខំប្រឹងប្រែង របស់​សហគមន៍ជាតិ និង​​​អន្តរជាតិ​គ្រប់​មជ្ឈដ្ឋាន វិស័យសុខាភិបាលត្រូវបានស្តារ និងអភិវឌ្ឍន៍​ប្រសើរឡើង ជាលំដាប់ ។ ទន្ទឹមនេះ ព្រះមហាក្សត្រកម្ពុជា ក៏បាន​កោត​សរ​សើរ​ដល់​រាជ​រដ្ឋា​ភិបាល​​ដែល​បាន​ខិត​ខំកសាង​មន្ទីរ​ពេទ្យ មណ្ឌលសុខភាពជាច្រើន នៅតាមបណ្តាខេត្ត រាជធានី ដែលអាចឱ្យបងប្អូន ជនរួម​ជាតិ បាន​ចូលពិនិត្យ និង​ព្យាបាលជំងឺជាសាធារណៈដោយឥតគិតថ្លៃ។ ជាងនេះ រាជ​រដ្ឋា​ភិ​បាល​ ​នៅ​បាន​យក​ចិត្ត​ទុកដាក់បណ្តុះបណ្តាលមន្ត្រីជំនាញវេជ្ជសាស្ត្រគ្រប់កំរិត និង​បាន​​ផ្សព្វ​ផ្សាយ​ជាទូទៅ នូវកម្មវិធី​អប់រំសុខភាពអនាម័យ និងការទប់ស្កាត់ជំងឺឆ្លងផ្សេងៗ។  ការខិត​ខំប្រឹង​ប្រែងខាងលើនេះ បាន​បង្កើត​​អត្រា​សេវា​ថែ​រក្សាសុខភាពសាធារណៈក្នុងសង្គមជាតិ បានធ្វើ​ឱ្យ​បងប្អូនប្រជា​រាស្ត្រយល់​ដឹង​ទូលំទូលាយ អំពីសុខភាព និងអនាម័យ ក្នុងជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ ។ 

ឆ្លៀតនៅក្នុងឱកាសនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក៏បានចូលរួមវិភាគទាននូវ ព្រះ​រាជ​ទ្រព្យ​របស់ព្រះអង្គចំនួន ១ម៉ឺនដុល្លារអាមេរិក ដើម្បី​ទ្រ​ទ្រង់​ដល់សកម្មភាពមជ្ឈ​មណ្ឌល​វិទ្យា​សាស្ត្រ​​ប្រព័ន្ធ​ប្រសាទនេះផងដែរ។

នៅក្នុងខណៈនេះ ព្រះកុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គ ក៏បាន​សព្វ​ព្រះរាជហឫទ័យប្រទានគ្រឿងឥស្សរិយយស ព្រះ​រាជា​ណា​ចក្រកម្ពុជា ថ្នាក់​មហាសេរីវឌ្ឍន៍ គ្រឿង​ឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ ថ្នាក់មហាសេនា ថ្នាក់ធិបឌិន ប្រទាន​ដល់​សប្បុរស​ជន​នានា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងអគារមជ្ឈមណ្ឌល​វិទ្យា​សាស្ត្រ​ប្រព័ន្ធប្រសាទនេះផងដែរ។

បន្ទាប់មក  ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី  ព្រះមហាក្សត្រ នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា ដង្ហែ​ដោយ​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃ​ព្រះរាជា​ណាចក្រកម្ពុជា ព្រម​ទាំង​រាជវង្សានុវង្ស និងមន្ត្រីអ្នកមុខអ្នកការ​ បានយាង និងអញ្ជើញកាត់​ខ្សែបូរ​ ជានិមិត្តរូបនៃព្រះរាជពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវ​អគារ​មជ្ឈ​ មណ្ឌលវិទ្យាសាស្ត្រ​ប្រព័ន្ធ​ប្រសាទ​​ចាប់ពីពេលនេះតទៅ។​

សូមបញ្ជាក់ថា៖ អគារមជ្ឈមណ្ឌលវិទ្យាសាស្ត្រប្រព័ន្ធប្រសាទដែលសម្ពោធបើក​ឱ្យប្រើប្រាស់​នាថ្ងៃ​នេះ មានកំពស់៦ជាន់ បណ្តោយ៤៥ម៉ែត្រ ទទឹង​៣០​ម៉ែត្រ និងមានគ្រែ​ព្យា​បាល​អ្នក​ជំងឺ​ចំនួន៩០គ្រែ និងបន្ទប់បម្រើសេវាពេទ្យជាច្រើនទៀត ស្របតាម​ប្រព័ន្ធ​ស្តង់ដា​មន្ទីរ​ពេទ្យ​ប្រទេស​បារាំង ដែលផ្តើម​សាង​សង់កាលពីថ្ងៃទី៩ខែតុលា ឆ្នាំ២០១២ ៕

ដោយ៖ ខេមរា