Wednesday, October 22, 2014

បទ​អត្ថាធិប្បាយ ដោយ រត្ន័ សណ្ដាប់៖ កិច្ចព្រមព្រៀងទីក្រុងប៉ារីស និងនយោបាយឈ្នះ-ឈ្នះ

សង្រ្គាមរុំារៃជាងពីរទសវត្សនៅកម្ពុជា បានបន្សល់ទុកនូ​វប្រវត្ដិសោកនាដកម្ម ការបាត់ បង់ជីវិតប្រជាពលរដ្ឋរាប់លាននាក់ ការបែកបាក់គ្រួសារដែលធ្វើឲ្យខ្មែរ​ចងចាំ និងមិនអាច​បំភ្លេច​បាននូវ​ព្រឹត្ដិការណ៍ដ៏យ៉ង់ឃ្នងនេះ។ ប៉ុន្ដែទន្ទឹមនឹងការឈឺចាប់នេះ ក៏បានជំរុញ​ឲ្យ​ប្រជាពល​រដ្ឋ​ខ្មែរ និងអ្នកដឹកនាំ បានខិតខំប្រឹងប្រែងក្នុងការដឹកនាំប្រទេស និងការបើកចំ​ហរ​បេះដូង​ដើម្បី​រួប​រួម​ផ្សះផ្សារជាតិ និងឯកភាពជាតិ។

ប​ន្ទាប់ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ត្រូវបានផ្ដួលរលំដោយរណសិរ្ស​រំដោះ​ជាតិ​កម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេ​ច​ទាំងបី គឺសម្ដេច ជា ស៊ីម សម្ដេច​ ហេង សំរិន និង សម្ដេច ហ៊ុន សែន ប្រទេសកម្ពុជាត្រូ​វបានស្ដារឡើងវិញ ក្រោមការដឹកនាំរបស់​គណបក្សប្រ​ជា​ជន​កម្ពុជា​ តែទោះជាយ៉ាងណា​ក្ដី ក៏កម្ពុជាបានប្រឈរមុខជាថ្មីម្ដង​ទៀត គឺសង្រ្គាមរវាងខ្មែរគ្នាឯង ម្ខាងនៅក្នុង​ប្រទេស និងម្ខាងទៀតនៅក្រៅប្រទេស។  នៅខាងក្រៅ​ប្រទេស​ ជាកម្លាំង​នយោ​បាយ និងយោធាដែលបង្កអស្ថេរភាព បន្ទាប់ពីរបបខ្មែរក្រហម។

ដោយឃើញនូវភាពគ្រោះថ្នាក់ដ៏ធំធេងដល់ប្រទេសជាតិ និង​ការ​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​សុខមាលភាព​ប្រជាពលរ​ដ្ឋ ​សម្ដេច ហ៊ុ​ន សែន បានចាប់ផ្ដើមជួបប្រាស្រ័​យ​ទាក់ទង​ជាមួយ​សម្ដេចឪ (ព្រះបរមរតនកោ​ដ្ឋិ) គឺកាលដែល​ព្រះអង្គ​នៅ​មាន​ព្រះជន្ម​គង់​នៅទី​ក្រុង​ប៉ារីស​ (ប្រទេស​បារំាង)។ ការចរ​ចាក៏ចាប់​ផ្ដើម​ឡើងពីឆ្នាំ១៩៨៧ រហូតដល់ឆ្នាំ១៩៩១ ក្នុងនោះ​មានការចូលរួ​ម​យ៉ាង​សកម្មបំផុត​ពីមហា​អំណាច​ទាំងប្រាំរួមមាន ប្រទេសចិន សហភាពសូវៀត បារំាង ចក្រភព​អង់គ្លេស និងសហ​រដ្ឋ​អាមេរិក។ ការចូលរួមនេះ ក៏បានលេចឡើងនូវការប្រទាញប្រទង់គ្នា រវាង​ប៉ូល​ពីរ៖ សហ​ភាព​សូវៀ​ត (គាំទ្ររដ្ឋាភិបាលក្នុងប្រទេស)​ រីឯមហាអំណាចបួនទៀត (គាំ​ទ្រចល​នា​តស៊ូក្រៅ​ប្រទេ​ស)​ រួមមាន៖ រណសិរ្ស​រំដោះប្រជាពលរដ្ឋខ្មែរ (គាំទ្រសាធារណរដ្ឋ) ហ៊្វុនស៊ិនប៉ិច (គាំទ្ររាជានិយម) និងកម្ពុជាប្រជាធិបតេយ្យ (គាំទ្រខ្មែរក្រហម) ។

នៅទីបញ្ចប់ក្រោមការសម្របសម្រួលពីអគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏មាន​ការ​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីបញ្ចប់ជម្លោះរវាងខ្មែរនិងខ្មែរ។ ក្នុង​នោះ​មាន​ប្រទេសចំនួន១៨ ដែលបានចុះកិច្ចព្រមព្រៀង​ធ្វើជាសក្ខីកម្ម ហើយបានប្ដេជ្ញា​ជួយ​ជ្រោមជ្រែង​កម្ពុជាឲ្យមានសន្ដិភាពពេញលេញ និងស្ដារប្រទេសឡើងវិញ។ ក្នុង​ចំណោម​ប្រទេស​ទាំង​១៨ រួមមាន​មហា​អំណាច​ទាំងប្រាំ ប្រទេសទាំង៨ របស់អាស៊ាន (លើកលែងតែប្រទេសភូមា) ព្រម​ទាំង​ប្រទេ​ស​អ្នក​មា​ន​បួនទៀត គឺប្រទេសអូស្រ្ដាលី  ជប៉ុន  កាណាដា  និងឥណ្ឌា និងប្រទេ​ស​មិន​ចូល​បក្ស​សម្ព័ន្ធ​ គឺប្រទេស​អតីតយូហ្គោស្លាវី ។

កិច្ចព្រមព្រៀងមានបីចំណុចធំៗ គឺទី១ ការបញ្ចប់នូវជម្លោះរវាងខ្មែរនិងខ្មែរ ទី២ ការរក្សាកា​រ​ពារ​​នូវអធិបតេ​យ្យ បូរណភាពទឹកដី និងទី៣ ការស្ដារប្រទេសឡើងវិញ។ ​បន្ទាប់​មកនៅ​​ឆ្នាំ​១៩៩៣ កម្ពុជាបាន​រៀប​ចំ​ការ​បោះឆ្នោតសកលមួយដើម្បីរៀបចំរដ្ឋធម្មនុញ្ញ ជ្រើសតាំ​ង​សភាតំ​​ណាង​រាស្រ្ដ និងរៀបចំរដ្ឋាភិបាល។ ចាប់ពីពេលនោះមក បូរណ​ភាព​ទឹកដី ក៏ត្រូវ​បាន​ថែរក្សា​ ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ តាមរយៈ​ការធានា​ផ្ដល់​ជំនួយ​ពី​ប្រទេស​អ្នក​មាន​ជា​បន្ដបន្ទាប់​ជារៀងរាល់ឆ្នាំ សិទ្ធិសេរីភាពក៏បានរីកធំធាត់ជាបណ្ដើរៗ។ តែ​អ្វី​ដែល​មិន​ទាន់​បញ្ចប់នោះ គឺ​សង្រ្គាម និងជម្លោះ​នៅ​តែមានបន្ដ​រវាងរដ្ឋាភិបាលស្របច្បាប់ និងក្រុមអង្គការចាត់តាំ​ង​យោធា​របស់​ខ្មែរក្រហម។ សង្រ្គាម និងការបាត់​បង់​ជីវិតរបស់ប្រជាជនខ្មែរនៅតែបន្ដ ដែល​ជាកត្ដាមួយ​ដ៏​ធំ​បង្អស់នៃ​អស្ថេរ​ភាព​ប្រទេសកម្ពុជា ចាប់តាំងពីការចុះកិច្ចព្រមព្រៀងនៅទីក្រុងប៉ារីសថ្ងៃទី ២៣ តុលា ១៩៩១ ។

អស្ថេរភាពនេះបាន​ប្រទាញប្រទង់ និងព​ន្យឺតដល់ការអភិវឌ្ឍកម្ពុជា និងការផ្ដល់សុ​ខមា​លភា​ព​​ដល់ប្រជាពលរដ្ឋ។ល។  ដោយសារតែភាពឈ្វេងយល់ដ៏ខ្ពង់ខ្ពស់របស់​មគ្គុទេស​ដ៏ឆ្នើម និង​ទឹក​ចិត្ដ​ផ្សះផ្សារ និងឯកភាពជាតិរបស់សម្ដេច ហ៊ុន សែន បាន​ធ្វើការចរចា​ជាមួយ​ក្រុម​ខ្មែរក្រហម ដែលមិនទទួលស្គាល់នូវអណត្ដិរបស់អង្គការសហប្រជាជាតិ និង​ការមិន​ទទួល​ស្គាល់​កិច្ចព្រម​ព្រៀង​ទីក្រុងប៉ារីស ហើយ​រហូត​ឈានដល់​ការ​កម្ទេច​អង្គការ​ចាត់តាំង​នយោបាយ និង​យោធា​របស់​ខ្មែរក្រហមជាស្ថាពរ និងដោយសុវត្ថិភាព​។

ការបំបាត់ចោលទាំងស្រុងនូវកម្លាំងដែលមានតែមួយគត់របស់ខ្មែរក្រហមនេះ បានទាញ​ក្រុម​ខ្មែរក្រហមឲ្យ​មកចូលរួម​ក្នុងសង្គមធំរបស់ខ្មែរ គឺ​ជានយោបាយឈ្នះ-ឈ្នះ របស់សម្ដេច ហ៊ុន សែន ។ ខ្មែរក្រហម​បានសម្រេចចិត្ដចូលរួមរស់ក្នុងមហាគ្រួសារតែមួយរបស់កម្ពុជានេះ គឺជាកត្ដាចម្បង​ញ៉ាំង​ឲ្យមានសន្ដិភាព និងស្ថេរភាពដល់កម្ពុជា។ សន្ដិភាពពិតប្រាកដ គឺ​នៅ​​ឆ្នាំ១៩៩៨ ដែល​ជាកត្ដាចម្បងបង្អស់ក្នុង​ការ​ផ្ដល់លទ្ធភាពដល់​រដ្ឋាភិបាល​ ក្នុង​ការលើក​ស្តួយ​ជីវភាព​របស់​ប្រជា​ពលរដ្ឋ ព្រម​ទាំង​ធ្វើឲ្យ​កំណើនសេដ្ឋកិច្ចមានសន្ទុះយ៉ាងលឿ​នខ្ពស់ជាង​គេ​នៅ​ក្នុង​​តំបន់អាស៊ី ហើយបានលើកស្ទួយកិត្យានុភា​ពរបស់កម្ពុជា​ដែលធ្លាប់ជាប្រទេសមួយ ត្រូវបាន​គេ​មើ​លងាយ​មើល​ថោកដោយសារ​សង្រ្គាមរ៉ាំរៃ ការកាប់សម្លាប់គ្នាឯង និងកង្វះការឯកភា​ព​ជាតិ​​នោះ ។


ដូច្នេះ ការឧបត្ថមជ្រោមជ្រែងពីសហគមន៍អន្ដរជាតិ និងនយោបាយឈ្នះ-ឈ្នះត្រូវបានដើរ​ទន្ទឹម​គ្នា។ 

សុន្ទរកថា ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ក្នុងពិធី​បិទ​មហាសន្និបាត​បូក​សរុប​លទ្ធផល​ការងារ​អាណ​ត្តិទី១ របស់​គណៈ​វិស្វករ​កម្ពុជា

រាជធានីភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤
-   ឯកឧត្តម លោកជំទាវ លោកឧកញ៉ា សមាជិក សមាជិកានៃក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា
-  ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី សមាជិក សមាជិកា នៃ​គណៈវិស្វករកម្ពុជា និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ជាទីមេត្រី

ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយចូលរួមក្នុងពិធីបិទ​មហាសន្និបាត​បូក​សរុប​​​លទ្ធផល​​​​​ការងារ​អាណត្តិទី១ របស់គណៈវិស្វករកម្ពុជា។ ក្នុងនាម​រាជ​រដ្ឋា​ភិបាល ខ្ញុំសូមសម្ដែង​នូវការ​កោត​សរ​សើរ និងវាយតម្លៃខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​​របស់​ឯកឧត្តម លោកជំទាវ អស់លោក លោក​​ស្រី ជាសមាជិក សមាជិកា នៃ​ក្រុមប្រឹក្សា​គណៈវិស្វករកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក​ទាំង​អ​ស់​​នៃ​អគ្គលេខាធិការ​ដ្ឋាន ដែលបានធ្វើឱ្យសមាគមវិជ្ជាជីវៈមួយនេះ សម្រេចបាន​នូវ​សមិទ្ធផល​ជា​ច្រើ​ន នាពេលកន្លង​មក ដើម្បីជាប្រយោជន៍ដល់ការធ្វើនិយតកម្ម និង​ការលើក​កម្ពស់​វិជ្ជាជីវៈវិស្វកម្ម​នៅ​កម្ពុជា ​ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

          វិស័យវិស្វកម្ម ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសតាមរយៈការបង្កើត​​មូលដ្ឋាន​សម្ភារ និង​ហេដ្ឋា​រចនា​សម្ព័ន្ធរូបវន្តនានា។ ក្នុងន័យនេះ​ វិស្វករអាជីពម្នាក់ មិន​ត្រឹមតែ​ត្រូវមាន​ សមត្ថភាព តាមរយៈការអប់រំ និងការ​បណ្ដុះបណ្ដាលច្បាស់លាស់លើវិស័យវិស្វកម្មប៉ុណ្ណោះទេ​ ប៉ុន្តែ​ថែម​ទាំង​ត្រូវមាន​សីលធម៌វិជ្ជាជីវៈខ្ពស់​​ ហើយ​ដើម្បីលើកកម្ពស់នូវវិជ្ជាជីវៈរបស់ខ្លួនថែមទៀត វិស្វករ​គួរធ្វើការសិក្សាស្រាវជ្រាវនូវបច្ចេកវិជ្ជាថ្មីៗ សំដៅឆ្លើយតបទៅនឹងតម្រូវការ និងការវិវត្តផ្នែក​វិស្វកម្មនេះ។

ដូចដែលយើងទាំងអស់គ្នាដឹងស្រាប់ហើយថា​ វិស្វកម្មគឺជាវិជ្ជាជីវៈ មួយ ដែល​តម្រូវឱ្យមានគោលការណ៍វាយតម្លៃ និងការកំណត់លើ​វិធីសាស្រ្តច្បាស់លាស់។ វិស្វករអាជីពកម្ពុជាគួរខិតខំ​បំពេញលក្ខខណ្ឌចាំបាច់នានា ដើម្បីធ្វើឱ្យវិស័យវិស្វកម្មកម្ពុជាមាន​តម្លៃសមមូល​នឹងវិស្វកម្មអាស៊ាន ក៏ដូចជាវិស្វកម្មពិភពលោក​។ ក្នុងន័យនេះ កិច្ចខិតខំប្រឹងប្រែងជំរុញសមត្ថភាពវិស្វករជាតិ គឺពិតជាមានសារៈសំខាន់សម្រាប់ដំណើរការ​ពង្រឹងវិស័យនេះ ដើម្បីឆ្លើយតប​​ទៅ​នឹងចរន្តសមាហរណកម្ម និងសាកលភាវូបនីយកម្មសេដ្ឋកិច្ចតំបន់ និងពិភពលោក។ ជាងនេះទៅទៀត​​​​ចាំបាច់ត្រូវ​មាន​ការ​ផ្លាស់ប្ដូរយោបល់ ​បទពិសោធន៍ជាក់ស្ដែង គំនិតនិងបច្ចេកវិជ្ជាថ្មីៗ ព្រមទាំងរបកគំហើញនៃការសិក្សាស្រាវជ្រាវ ឱ្យកាន់តែទូលំ​​ទូលាយ​នៅក្នុងចំណោមសហគមន៍វិស្វករជាតិ និង​អន្តរជាតិ។ ដើម្បី​​សម្រេច​គោលដៅនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ​ប្រកប​ដោ​យ​គតិបណ្ឌិតរបស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននិង​កំពុង​ជំរុញ និងបង្កលក្ខខណ្ឌ​អនុគ្រោះ ដល់ការអភិវឌ្ឍវិស័យ​វិស្វកម្មនៅ​កម្ពុជា តាម​រយៈ​ការបង្កើតគណៈ​វិស្វករកម្ពុជា ជាអង្គការវិជ្ជាជីវៈ​ដែលប្រមូលផ្ដុំ ចុះបញ្ជី​ បណ្តុះ​បណ្តាល​ និងគ្រប់គ្រង​វិស្វករ​ សំដៅលើកកម្ពស់សមត្ថភាពវិស្វករទាំងអស់។ នេះ​ជាសក្ខីភាព​បញ្ជាក់ឱ្យឃើញកាន់តែច្បាស់ថែមទៀត អំពីការយកចិត្តទុក​ដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះការអភិវឌ្ឍវិស័យវិស្វកម្ម​នៅ​​​កម្ពុជា។

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
មហាសន្និបាតបូកសរុបលទ្ធផល​ការងារអាណត្តិទី១ របស់គណៈវិស្វករកម្ពុជា នាពេលនេះ មិនត្រឹមតែបង្ហាញឱ្យ​ឃើញនូវ​សកម្មភាព​ និងការបោះជំហានទៅមុខរបស់វិស័យនេះប៉ុណ្ណោះទេ ប៉ុន្តែ​​​ថែមទាំងបានបញ្ជាក់ឱ្យឃើញអំពីការអភិវឌ្ឍធនធាន​មនុស្ស​នៅ​កម្ពុជា ជាពិសេសក្នុងវិស័យវិស្វកម្ម ថែមទៀតផង។

ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមសម្ដែងនូវការអបអរសាទរ ចំពោះលទ្ធផលការងារដែល​គណៈ​វិស្វករកម្ពុជាសម្រេចបាន និងសូមកោតសរសើរចំពោះកិច្ចខិតខំ​ប្រឹង​ប្រែងរបស់​​មន្ត្រី បុគ្គលិ​ក​របស់គណៈវិស្វករ​កម្ពុជា និងស្ថាប័នពាក់ព័ន្ធទាំងអស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ សំដៅបង្កលក្ខណៈ​ងាយ​ស្រួល​ដល់​ការអភិវឌ្ឍ និង​ការធ្វើសមាហរណកម្មសេវាកម្ម​វិស្វកម្មនៅក្នុងតំបន់និងពិភពលោក​ ស្រប​តាមស្មារតីនៃកិច្ច​ព្រម​ព្រៀងទូទៅស្តីពីពាណិជ្ជកម្ម​ផ្នែក​សេវាកម្ម​ (General Agreement on Trade in Services – GATS)  និង​យន្តការសម្របសម្រួលការទទួលស្គាល់គ្នា​ទៅវិញ​ទៅ​មកក្នុងតំបន់អាស៊ាន (ASEAN Mutual Recognition Arrangement – ASEAN MRA) ដែល​កម្ពុជាជាប្រទេស​ហត្ថលេខីតាំងពី​ឆ្នាំ២០០៥ មក។

ទោះបីជាគណៈវិស្វករកម្ពុជា ​សមេ្រច​បាន​លទ្ធផល​ការងារយ៉ាងច្រើន​គួរ​ឱ្យកត់សម្គាល់​ គណៈ​វិស្វករកម្ពុជា​​ក៏នៅមានកិច្ចការសំខាន់ៗជាច្រើនទៀត​ដែលត្រូវបន្តអនុវត្ត ជាពិសេសការ​បន្តប្រមូលផ្តុំវិស្វករចុះបញ្ជី (Registered engineers) និងបន្តការ​អភិវឌ្ឍ​សមត្ថភាពបន្ថែម ដើម្បីឱ្យ​មាន​ភាព​ប្រកួតប្រជែងក្នុង​វិស័យសេវាកម្មវិស្វកម្ម​ទាំង​នៅកម្រិត​តំបន់ និង​ពិភពលោក។

 ក្នុង​នាម​ប្រធាន​ក្រុមប្រឹក្សា​នៃគណៈវិស្វករកម្ពុជា ខ្ញុំសូមផ្តល់ជាអនុសាសន៍​​ខ្លះៗ ដើម្បី​រួមចំណែកដល់ការបន្តអនុវត្ត​ភារកិច្ចរបស់គណៈវិស្វករកម្ពុជា ដូចខាងក្រោម៖

១- គណៈវិស្វករកម្ពុជាត្រូវពង្រឹងនិង​ពង្រីកទំនាក់ទំនង និងសហការ​ជាមួយ​​ក្រសួង​អប់រំ យុវ​ជន និងកីឡា គ្រឹះស្ថានឧត្តមសិក្សា និងក្រសួងពាក់ព័ន្ធនានា ព្រម​ទាំង​វិស័យឯកជន​ ក្នុងការ​ផ្សព្វផ្សាយឱ្យ​បាន​ទូលំទូលាយ និងជំរុញឱ្យ​វិស្វករដែល​កំពុង​ប្រកប​វិជ្ជាជីវៈ​​វិស្វកម្មមកចុះបញ្ជីនៅ​គណៈវិស្វករកម្ពុជា ឱ្យ​បានគ្រប់ៗគ្នា ដើម្បី​​ទទួល​អត្ថប្រយោជ​ន៍​​​ផ្សេងៗ​ ដូចជា​ការ​បណ្តុះបណ្តាល​បន្ថែម ការ​ផ្លាស់​ប្តូរ​បទពិសោធន៍ និង​ឱកាសកាន់​តែ​ប្រសើរថែមទៀត សម្រាប់ទទួលបាន​គុណវុឌ្ឍិជាវិស្វករអាជីពជាតិ និងវិស្វករអាស៊ាន។

២-         គណៈវិស្វករកម្ពុជាត្រូវបង្កើតក្រុមប្រឹក្សាគណៈវិស្វកររាជធានី-ខេត្ត ឱ្យ​បាន​រួចរាល់ នៅ​​ត្រីមាស​ទី១ ​ឆ្នាំ២០១៥ ​ខាងមុខ ដើម្បី​កៀរ​គរ​និង​ពង្រីក​​សមាជិក​បន្ថែមទៀត ដែល​កំពុង​ប្រកប​វិជ្ជាជីវៈវិស្វកម្ម​នៅ​តាម​បណ្តារាជធានី-ខេត្ត សំដៅ​គ្រប់គ្រង​នូវ​ចំនួន​វិស្វករ​​កម្ពុជាឱ្យ​បានច្បាស់​លាស់​​។

៣-     គណៈវិស្វករកម្ពុជាត្រូវរៀបចំកម្មវិធីបណ្តុះបណ្តាល និង​ធ្វើសិក្ខាសាលាឱ្យ​បានច្រើន​ថែមទៀតសម្រាប់ផ្សព្វផ្សាយ​នូវ​បច្ចេកវិជ្ជាថ្មីៗលើ​ផ្នែក​វិស្វកម្ម​ ផ្លាស់ប្តូរ​យោបល់​ និង​ការអនុវត្ត​​​ជាក់ស្តែង​ ព្រមទាំង​បង្កើត​បណ្តាញ​សហគមន៍​វិស្វកម្ម​។

៤- គណៈវិស្វករកម្ពុជា ត្រូវបន្តរៀបចំលិខិតបទដ្ឋានគតិយុត្តចាំបាច់នានា ដើម្បី​ឆ្លើយ​តបទៅ​នឹង​លក្ខខណ្ឌតម្រូវ​ដែល​កំណត់​ដោយ​អង្គការសហព័ន្ធវិស្វកម្មអាស៊ាន សំដៅ​សម្រួលដល់ការធ្វើសមាហរណកម្មវិស្វកម្មអាស៊ាន។

        ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
ជាថ្មីម្តងទៀត ខ្ញុំ​សូមសម្ដែងនូវការអបអរសាទរ​និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល​ដែលគណៈវិស្វករកម្ពុជា​សម្រេចបាននាពេល​កន្លងមក ហើយ​ខ្ញុំ​សង្ឃឹមថា គណៈវិស្វករកម្ពុជាក្នុងអាណត្តិទី២ នឹងបន្តបំពេញភារកិច្ចឱ្យ​កាន់តែប្រសើរ​ថែមទៀត ដើម្បីចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​អភិវឌ្ឍជាតិ​មាតុភូមិ​ជាទីស្នេហានៃ​យើង។

ខ្ញុំ​សូមយក​ឱកាសនេះ ​អបអរ​សាទរឯកឧត្តមអគ្គលេខាធិការ និង​អគ្គលេខាធិការរងទាំង​៦រូប​  ដែល​បានជាប់​ឆ្នោត​សម្រាប់អាណត្តិទី២ ហើយខ្ញុំជឿជាក់ថា ជាមួយ​នឹង​​​បទពិសោធន៍ និងធនធាន​​មនុស្សដែល​មាន​គុណវុឌ្ឍិ​ខ្ពស់ គណៈវិស្វករកម្ពុជា​​អាណត្តិថ្មីនេះ នឹងសម្រេច​បាន​សមិទ្ធផល​​​​​​ថ្មីៗ​បន្ថែម​ទៀត។ ជាមួយគ្នានេះ​ដែរ​ ក្នុងនាម​ប្រធាន​ក្រុមប្រឹក្សា​គណៈវិស្វករ​កម្ពុជា​ ខ្ញុំ​នឹង​ស្នើតែងតាំង​​ឯកឧត្តម ប្រាក់ មិន ជាអនុប្រធាន​ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ដើម្បី​​​ឯកឧត្តម​អាច​បន្ត​ចូលរួម​​​​​អភិវឌ្ឍ​វិស័យ​វិស្វកម្ម​កម្ពុជាឱ្យកាន់តែ​រីកចម្រើន​ថែមទៀត។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និង​អង្គ​មហា​សន្និ​បាត​ទាំងមូល​ ​សូម​​ទទួលបានសុខភាព​ល្អ​ ជោគជ័យ និងសុភមង្គលក្នុងក្រុម​គ្រួសារ។

ខ្ញុំសូមប្រកាសបិទមហាសន្និបាតបូកសរុបលទ្ធផលការងារអាណត្តិទី១ ចាប់ពីពេលនេះ​តទៅ​៕                                                                     
សូមអរគុណ!

ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី​ សុខ អាន ស្នើឲ្យ​វិស្វករ​ខិត​​ខំស្រាវ​ជ្រាវ​​បច្ចេក​​វិជ្ជា​ថ្មីៗដើម្បី​​ឆ្លើយ​តបនឹង​ការវិវត្ត​​ផ្នែក​វិស្វកម្ម

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ​ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួល​បន្ទុក​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​ បាន​ចាត់ទុក​វិស័យវិស្វកម្ម ថាបាន​ដើរតួនាទី​យ៉ាង​សំខាន់ក្នុងការអភិវឌ្ឍប្រទេស និង​តម្រូវឲ្យវិស្វករគ្រប់រូបយកចិត្តទុក​ដាក់​បន្ថែមទៀត​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវនូវ​បច្ចេក​វិជ្ជាថ្មីៗ​ដើម្បី​លើក​កម្ពស់វិជ្ជាជីវៈរបស់ខ្លួន សំដៅឆ្លើយតប​ទៅនឹង​តម្រូវការ និងការវិវត្តផ្នែកវិស្វកម្ម។

ថ្លែងក្នុងពិធីបិទមហាសន្និបាតបូកសរុបលទ្ធផលការងារអាណត្តិទី១ របស់គណៈវិស្វករកម្ពុជានៅសណ្ឋាគា​រអាំង​ទែកុងទីណង់តាល់ កាលពីរសៀល ថ្ងៃទី២២ ខែតុលា ឆ្នាំ​២០១៤ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយ​ក​​រដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា មានប្រសាសន៏ថា វិស្វករអាជីពកម្ពុជាគួរខិតខំបំពេញលក្ខខ័ណ្ឌចាំបាច់នានា ដើម្បីធ្វើឱ្យវិស័យវិស្វកម្មកម្ពុជាមានតម្លៃ​សមមូល​នឹង​វិស្វករអាស៊ាន ក៏ដូចជាវិស្វករពិភពលោក​  ដោយបានជំរុញ និង​លើកទឹកចិត្ត ឲ្យវិស្វករទាំងអស់​មានការផ្លាស់​ប្ដូរ​យោបល់ បទពិសោធន៍ជាក់ស្ដែង គំនិតនិងបច្ចេកវិជ្ជាថ្មីៗ ព្រមទាំងរបកគំហើញនៃការសិក្សាស្រាវជ្រាវ ឱ្យ​កាន់តែ​ទូលំទូលាយនៅក្នុងចំណោមសហគមន៍វិស្វករជាតិ និងអន្តរជាតិ សំដៅលើកកម្ពស់សមត្ថភាពដល់វិស្វករកម្ពុជា ។
​ឯកឧត្តម​បណ្ឌិតសភាចារ្យ សុខ អាន ក៏បានសូមឲ្យវិស្វករទាំងអស់​ខិតខំប្រឹងប្រែង​ជំរុញសមត្ថ​ភាព​វិស្វករជាតិ សម្រាប់ដំណើរការពង្រឹង​វិស័យ​វិស្វកម្ម ដើម្បីឆ្លើយតបទៅនឹងចរន្តសមាហរណកម្ម និងសាកលភាវូ​បនីយ​កម្ម​សេដ្ឋកិច្ចតំបន់ និងពិភពលោក។

ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវការអបអរ សាទរ​ចំពោះលទ្ធផល​ការងារ​ដែល​គណៈវិស្វករកម្ពុជា​សម្រេច​បាន និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រី បុគ្គលិករបស់​គណៈ​វិស្វករ​កម្ពុជា និងស្ថាប័នពាក់​ព័ន្ធទាំងអស់ ចំពោះ​កិច្ច​សហ​ប្រតិបត្តិ​ការដ៏ល្អ សំដៅបង្កលក្ខណៈ​ងាយ​ស្រួល​ដល់ការអភិវឌ្ឍ និងការធ្វើ​សមា​ហរណកម្មសេវាកម្មវិស្វកម្មនៅក្នុងតំបន់និងពិភពលោក ស្រប​តាម​ស្មារតី​នៃកិច្ច​ព្រ​មព្រៀង​ទូ​ទៅស្តីពីពាណិជ្ជកម្ម​ផ្នែកសេវាកម្ម (General Agreement on Trade in Services – GATS)  និងយន្តការសម្របសម្រួលការ​ទទួលស្គាល់​គ្នាទៅ​វិញទៅមកក្នុងតំបន់អាស៊ាន (ASEAN Mutual Recognition Arrangement – ASEAN MRA) ដែលកម្ពុជាជាប្រទេសហត្ថលេខីតាំងពីឆ្នាំ២០០៥ មក៕







អាជ្ញាធ​រ​អប្សរា នឹង​ប្រារព្ធ​​ពិធី​​ពុទ្ធា​ភិសេក​ព្រះ​ពុទ្ធ​​បដិមា​ដែល​​រង​ការ​​បាក់​​បែក និង​បាន​​ជួសជុល​​រួច តម្កល់​នៅ​​កន្លែង​ដើម​ក្នុង​ប្រាសាទ​​បាយ័ន​វិញ​ នៅព្រឹក​ស្អែក​

រូប​បដិមាមួយ​ព្រះ​អង្គ​ ដែល​រង​ការ​បាក់​បែក​ បង្កឡើងដោយ​ស្ត្រី​ទេសចរជន​ជាតិ​ ហូឡង់​ ម្នាក់ កាលពី​ថ្ងៃ​ទី​៩ ខែ​តុលា ឆ្នាំ​២០១៤​ កន្លង​ទៅ​ នៅ​រសៀល​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១៤​នេះ ត្រូវ​បាន​អាជ្ញា​ធរ​អប្សរា អាជ្ញាធរ​ពាក់​ព័ន្ធ​ រួម​ជាមួយ​សីលវ័ន សី​លវតី ដែល​ជា​ចាស់​ទុំ​នៅ​ក្នុង​តំ​បន់​រមណី​យ​ដ្ឋាន​អង្គ​រ​ បាន​ធ្វើ​ពិធី​យាង​ ព្រះ​ពុទ្ធ​បដិមា ដើម្បី​យក​ទៅ​តម្កល់​នៅ​កន្លែង​ដើម ក្នុង​ប្រាសាទ​បាយ័ន​វិញ​ បន្ទាប់​ពី​ក្រុម​ជំ​នាញបច្ចេក​ទេស​ខាង​​ថ្មប្រាសាទ បាន​ធ្វើ​ការ​ជួស​ជុល​ល្អ ស្អាត និង​រឹង​មាំ​ដូចដើម​ហើយ​នោះ​។

គេសង្កេត​ឃើញ​មាន​ វត្តមាន​ ឯកឧត្តម​ ប៊ុន ណា​រិទ្ធ អគ្គ​នាយក​អាជ្ញាធរ​អប្សរា លោក ម៉ាន់ ឈឿន អនុប្រធាន​នាយក​ដ្ឋាននគរបាល​ការពារ​បេតិ​កភ័ណ្ឌ និង​មន្ត្រី​ពាក់​ព័ន្ធ​ជា​ច្រើន​រូប​ បាន​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​ និមន្ត​ព្រះ​ពុទ្ធ​បដិមា​ ដោយ​មាន​ការ​សូត្រធម៌​ រំ​លឹក​ដល់​គុណ​ព្រះ​រតនត្រ័យមុន​នឹងក្រុម​ការងារ​លើក​ព្រះ​ពុទ្ធ​បដិមា ដាក់​លើ​រថយន្ត​ ឆ្ពោះ​ទៅ​រៀប​ចំ​ពិធី​តាម​បែប​សាសនាបន្ត​ទៀត​ នៅ​ប្រាសាទ​បាយ័ន​ នៅ​ព្រឹក​ស្អែក ដែល​នឹង​មាន​ការ​អញ្ជើ​ញ​ចូល​រួម​ជា​អធិបតីតំ​ណាង​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ ​ឯកឧត្តម ជុច ភឿន រដ្ឋ​លេខាធិការ​ និង​ឯកឧត្តម អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​សៀម​រាម​​ រួម​ជា​មួយ​នឹង​មន្ត្រី​ អ្នកមុខ​អ្នក​ការ ព្រះ​សង្ឃ និងប្រជា​ពលរដ្ឋ​ផង​ដែរ។
យោង​តាម​សេចក្តី​ជូន​ដំ​ណឹង​របស់​អាជ្ញា​ធរ​អប្សរា  ពិធី​ពុទ្ធាភិសេក​ ដើម្បី​អារាធនាព្រះ​ពុទ្ធ​រូប​ដាក់​នៅ​កន្លែង​ដើម ទុក​សម្រាប់​ជា​ទី​គោរព​សក្កា​រៈ ប្រារព្ធ​ធ្វើ​ឡើង​នៅ​វេលាម៉ោង ៦ និង​៤៥នាទី​ ព្រឹក​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៤៕​




វេទិកាតុមូល៖ រំលឹកអំពីខ្លឹមសារ កិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១