Thursday, October 23, 2014

ព្រះពុទ្ធ​បដិមា​ដែលស្ត្រី​ទេសចរ​ជន​ជាតិ ហូឡង់ បំផ្លាញត្រូវ​បាន​ជួសជុល​យក​ទៅតម្កល់​នៅកន្លែង​ដើមវិញហើយ

បន្ទាប់ពីហេតុការណ៏ ស្ត្រី​ទេសចរម្នាក់ឈ្មោះ Vermaat ជនជាតិ ហូឡង់ បានបង្ករការបំផ្លិច​បំផ្លាញព្រះពុទ្ធបដិ​មា​នៅកណ្តាលប្រាង្គប្រាសាទបាយ័នឲ្យមានការបែកបាក់ជាច្រើន​បំ​ណែក​​​កាលពីថ្ងៃទី០៩ តុលាកន្លងមកនេះ អី​ឡូវ​ត្រូវបានអាជ្ញាធរអប្សរាប្រមែប្រមូលបំណែក ទាំងនោះមកជួសជុល​បាន​រួច​រាល់​ និងបានដង្ហែរមកតំកល់ទុកនៅ​ទីកន្លែងដើមវិញហើយនៅប្រាសាទបាយ័ន នាព្រឹកថ្ងៃទី២៣ ​តុលា​ ឆ្នាំ​២០១៤នេះ។

មន្ត្រីនគរបាលនាយកដ្ឋានការពារបេតិកភណ្ឌ ប្រចាំនៅអង្គភាពនគរបាលការ​ពារ​បេតិកភណ្ឌ​ខេត្តសៀម​ លោក​វរៈសេនីយ​ឯកម៉ាន់  ឈឿន បានឲ្យដឹងថា​ ហេតុការណ៏ដែលនាំឲ្យមាន​ការបែក​បាក់​​​ព្រះពុទ្ធបដិមា​កន្លងមកនេះ​គឺជា​ចេតនាផ្ទាល់ដែលបង្កឡើងដោយស្ត្រីអ្នក​ទេសចរណ៏ជនជាតិហូឡង់​ ពិតប្រាកដមែន។លោកវរៈសេនីយ៍ឯក ម៉ាន់ ឈឿន ក៏​បាន​ឲ្យ​ដឹង​ផង​ដែរថា « បន្ទាប់​ពីបាន​ប្រមែរប្រមូល​ភស្តុ​តាង​គ្រប់​គ្រាន់ និង​ក៏​ឃើញ​មាន​ការ​ចុះ​ផ្សាយ​តាម​សារព័ត៌មាន​មកថា ​ស្ត្រី​ទេសចរជន​ជាតិ​ហូឡង់ ម្នាក់​នេះ​បាន​សារភាព​ថា ខ្លួន​គេ​ពិត​ជា​បាន​ធ្វើ​ឲ្យ​បែក​បាក់​ព្រះ​ពុទ្ធ​បដិមាមក​មែន  នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១៤​ សមត្ថកិច្ច​របស់​លោក ក៏​បាន​ដាក់​ពាក្យ​បណ្តឹង​រួច​ហើយ​ទៅ​តុលាការ​ខេត្ត​សៀម​រាម​ ស្រប​តាម​មាត្រា​ទី​៦៣ នៃ​ច្បាប់​ស្តី​ពីការ​ការ​ពារ​បេតិកភណ្ឌ​ ដែល​ពេល​នេះ​​លោក​ នៅ​រង់​ចាំ​​ចំ​ណាក់​ការ​ពី​តុលាការ​បន្ត​ទៀត»។

បន្ទាប់ពីហេតុការណ៍នេះបាន​កើត​ឡើង អាជ្ញាធរអប្សរា បាននាំដល់​ក្រុម​ការងារ​បច្ចេកទេស​យកបំណែក​បែកបាក់​ទាំងនោះទៅកាន់សារមន្ទីរ​ព្រះនរោត្តម​សីហនុ-អង្គរ ដើម្បីឲ្យក្រុមការងារអភិរក្ស និងជួសជុលថ្ម រៀបចំផ្គុំព្រះ​ពុទ្ធ​បដិ​មានេះឡើងវិញា ។ លោក ឡុង ណា​រី​ ប្រធាន​ក្រុម​អភិរក្ស​ថ្ម បាន​ឲ្យ​ដឹង​ថា ក្រុម​ការ​ងារ​របស់​លោក បាន​ខិតខំ​ប្រមែរប្រមូល​នូវ​បំ​ណែក​ទាំង​តូច​ទាំង​ធំ និង​បាន​ធ្វើ​ការ​សិក្សា ផ្គុំ​​បញ្ចូល​គ្នាផ្សំ​ជាមួយ​វត្ថុ​ធាតុ​ដើម​  ហើយ​លោក​ជឿជាក់​ថា ពុទ្ធ​បដិមាក្រោយ​ពី​ការ​ជួល​ជុល​ហើយ​ នឹង​មាន​គុណ​ភាព​រឹង​មាំ​ជាង​រូប​ដើម​ទៅ​ទៀត​។
ឯកឧត្តម ប៊ុន  ណារិទ្ធ អគ្គនាយកអជ្ញាធរអប្សរា បានឲ្យដឹងថា ពេលនេះព្រះបដិមាដែលជនល្មើស​បានបង្ករឲ្យ​បែក​បាក់នោះ ត្រូវបានជួសជុលកែលម្អរបានរួចរាល់អស់ហើយ និងបានប្រារព្វពិធីពុទ្ធាភិសេកតាមបែបសាសនា​ និង​ដង្ហែ​មកតំកល់នៅកន្លែងដើមវិញ។ ឯកឧត្តម​ ប៊ុន ណា​រិទ្ធ​ បាន​មាន​ប្រសាសន៍​ថា ក្រោ​យ​ពី​បាន​តម្កល់​ ពុទ្ធ​បដិមា​នៅ​កណ្តាល​ប្រាសាទ​បាយ័ន​វិញ​រួច​ហើយ​នេះ អាជ្ញាធរ​អប្សរា នឹង​ខិត​ខំ​ពង្រឹង​ការ​ងារ​គ្រប់​គ្រប​បន្ថែម​ទៀត ដើម្បី​ បញ្ចៀសនូវ​បញ្ហា​​ កុំ​ឲ្យ​កើយ​មាន​សារជាថ្មី​។ ឯកឧត្តម​ ប៊ុ​ន   ណារិទ្ធ​​ បាន​បន្ថែម​ថា​ ចំ​ពោះ​ជន​ជាប់​សង្ស័យ​ប្រព្រឹត្ត​បទ​ល្មើ​ស បំ​ផ្លាញ​សម្បត្តិបេតិកភណ្ឌ​ គឺ​ត្រូវ​តែទទួល​ខុសត្រូវ​ចំ​ពោះ​មុខ​ច្បាប់​។

ព្រះសង្ឃ  និងប្រជាពលរដ្ឋ ដែល​រស់​នៅ​ក្នុង​តំ​បន់​អង្គរ  ជា​ចាស់​ទុំ​ផ្ទាល់​នៅ​ជិត​ប្រាសាទ​បាយ័ន បានសំដែងនូវទឹក​ព្រះទ័យ​ និងទឹកចិត្តសប្បាយរីករាយចំពោះការ​នាំព្រះពុទ្ធ​បដិមា​នេះមក​តំកល់ទុកនៅកន្លែងដើម។ ព្រះ​ចៅ​អធិការ​វត្តគោក​ធ្លក​ បាន​មាន​សង្ឃ​ដីកាថា នៅ​តាម​បណ្តា​ប្រាសាទ​នានា សុទ្ធ​តែ​មាន​ព្រះ​ពុទ្ធ​បដិមា សម្រាប់​ទុកជា​ការ​គោរព​បូជាដ៏​ខ្ពង់​ខ្ពស់​របស់​ពុទ្ធ​បរិស័ទ និង​ជាតិ​ជាតិ អន្តរជាតិ​ ។ ព្រះ​អង្គ​ក៏​បាន​អំ​ពាវ​នាវ​ឲ្យ​គ្រប់​គ្នា​មាន​ការ​ចូល​រួម​ថែ​រក្សា​ពុទ្ធ​បដិមា ដើម្បី​ឲ្យ​បាន​ស្ថិត​ស្ថេរគង់​វង្សយូរ​អង្វែង​។

សូម​រំ​លឹក​ថា ហេតុការណ៏បង្ក​ការ​អន្តរាយដល់ព្រះ​ពុទ្ធ​បដិមា​រូបនេះ គឺជាបទពិសោធន៏មួយ ដែល​នឹង​ជំរុញ​ឲ្យសមត្ថកិច្ច អាជ្ញាធរ និងស្ថាប័នពាក់ពន្ធ័​គ្រប់ផ្នែក​​ បង្ហាញពី​ការប្តេជ្ញាចិត្តថែម​ទៀត ក្នុង​ការ​ខិតខំ​រឹត​បន្តឹង លើ​ការងារ​ថែរក្សា​ការពារ គ្រប់គ្រង សម្បត្តិបេតិកភណ្ឌនៅតាម​តំបន់ប្រា​សាទនានា​ក្នុងការធានាឲ្យ​មានសុវត្ថិភាព​ល្អ  ដើម្បីចៀសវាងកុំឲ្យកើតមានករណីបែបនេះជាបន្តទៅទៀត៕