Monday, November 17, 2014

សេចក្តីជូនដំណឹង ក្រសួងការបរទេស, សម្តេចតេជោ ហ៊ុន សែន នឹងអញ្ញើញ​ចូលរួម​ប្រជុំកំពូល​កម្ពុជា - ឡាវ - វៀតណាម​ លើកទី៨ ថ្ងៃទី២៤ ដល់ ២៥ វិច្ចិកា ២០១៤ នៅប្រទេសឡាវ



បទអត្ថាធិប្បាយ​ ដោយ៖ ពង្ស​ សុក្រឹត្យ​​ «ច្បាប់​​ ​និង​​ដំណោះ​ស្រាយ​នយោបាយ​ មិនអាច​លាយឡំ​គ្នា​បានទេ»

« ប្រទេស​មាន​ច្បាប់​ គ្រួសារ​មាន​វិន័យ »​​ គឺ​ជាពាក្យ​ស្លោក​ ដែល​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​​​សង្គម​​​ប្រជាធិបតេយ្យ​ យកមក​អនុវត្ត​ នោះ​ទើប​ជាប្រទេស​​​ដែល​មានអរិយធម៌​ ស៊ីវិល័យ និង​ជឿន​លឿន​​​​។
ថ្មី​ៗ​នេះ​ មាន​ការ​ចាប់​ខ្លួន​មនុស្ស​មួយ​ចំនួន​ដែល​បាន​ប្រព្រឹត្តិ​បទ​ល្មើស​ជាក់​ស្តែង​ដោយ​​​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ប៉ុន្តែ​ដោយ​សារ​តែ​មនុស្ស​ទាំង​នោះ​ជាសកម្ម​ជន​របស់​គណបក្ស​​សង្គ្រោះ​ជាតិ ទើប​មន្ត្រី​គណបក្ស​នេះ​ បាន​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា​ ថា​ ​​គាប​​សង្កត់​​ខាង​​នយោបាយ​​ទៅ​វិញ​។​ ការ​ចោទ​ប្រកាន់​នេះ​​ គឺ​ខុស​ស្រឡះ​តែ​ម្តង​ ហើយក៏​ជាការដែល​​គួរសោក​ស្តាយ​ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ យក​ការ​ងារ​គ្រប់​គ្រង​និតិរដ្ឋ​​មក​លាយ​ឡំ​ជាមួយ​នឹង​គោល​នយោបាយ​របស់​គណបក្ស​។​​
ទន្ទឹម​នឹង​នោះ​ក៏មាន​ក្រុម​សង្គម​ស៊ីវិល​ និង​​អ្នក​វិភាគ​មួយចំនួនដែល​ស្និទ្ធ​នឹង​បក្ស​ប្រឆាំង​ក៏​បាន​នាំ​គ្នា​បន្ទរ​សម្លេង​ចោទ​រាជរដ្ឋាភិ​បាល​ ថា​បាន​ដាក់​ការ​គាប​សង្កត់​ទៅលើ​បក្ស​ប្រឆាំង តាម​រយៈ​ប្រព័ន្ធ​តុលាការផង​ដែរ​ ​​ដោយ​សារ​តែ​​​​សកម្មជន​របស់​​បក្ស​សង្គ្រោះ​ជាតិ​ទាំង​នោះ​ត្រូវ​បាន​តុលាការ​ បើក​ចំណាត់​​ការ​តាម​នីតិវិធី​ ​​​។​​​
បើ​តាម​ការ​សង្កេត​មើល​របស់​ប្រជាពលរដ្ឋ​ ក្រុម​សង្គម​ស៊ីវិល​ និង​អ្នក​វិភាគ​ដែល​មាន​និន្នាការ​ប្រឆាំង​មួយ​ចំ​នួន​​ គឺ​ពិត​ជាក្រុម​តែ​មួយ​ ពី​ព្រោះ​នៅ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ ស្រែក​បែប​ណា​ គឺ​ក្រុម​សង្គម​ស៊ីវិល​ និង​អ្នក​វិភាគ​​បែប​ប្រឆាំង​ទាំង​នោះ​តែង​តែ​លើក​ហេតុ​ផល​​ដូច​គ្នា​ជានិច្ច​។ មាន​ពេល​ខ្លះ​ក្រុម​របស់​គេ​ក៏​បើក​ឱកាស​ឲ្យ​ក្រុម​សង្គម​ស៊ីវិល​ស្រែក​​មុន​ រួច​ទើប​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ ស្រែក​បន្ទរ​វិញ​ម្តង​ មើល​ទៅ​វាហាក់​ដូច​ជាត្រូវ​ដង​ ត្រូវ​ផ្លែ​គ្នា​ខ្លាំង​ណាស់​។​
តាមពិត​ ការឃាត់​ខ្លួន​មនុស្ស​មួយ​ចំនួន​នាពេល​នេះ​ «​គឺជា​ការអនុវត្ត​ច្បាប់​ដ៏​ត្រឹមត្រូវ​របស់​សមត្ថ​កិច្ច​» យោងតាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ ​ក្នុង​ការ​ចា​ត់​វិធានការណ៍ច្បាប់​​ ទៅ​លើ​​​ជន​​​ដែល​​បាន​​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង ។​ បក្ស​ប្រឆាំង​ និង​សង្គម​ស៊ីវិល​ ទាំង​នោះ​គួរ​មាន​ភាពសុច្ចរិត​ ក្នុង​ការ​បែង​ចែកឲ្យ​ដាច់​ស្រឡះ ​រវាង​ទិដ្ឋភាព​ច្បាប់​ ទិដ្ឋភាព​បទល្មើស​ និង​ទិដ្ឋភាព​នយោបាយ​ ។ ពួក​គេ​មិន​គួរ​ចាត់​ទុក​ការ​អនុវត្ត​នីតិ​រដ្ឋ​របស់​ប្រទេស​ មក​រួម​បញ្ចូល​ជាមួយ​កិច្ច​ព្រម​ព្រៀង​នយោបាយ ​ដែល​គណបក្ស​ទាំង​ពីរ​​បាន​ព្រម​ព្រៀង​គ្នា​កន្លង​មក​នោះ​ទេ​។​​
ទាក់​ទង​រឿង​សកម្មជន​គណបក្ស​ប្រឆាំង​​ ប្រព្រឹត្តិ​បទល្មើស​អំពើហិង្សា​​ វាគឺ​ជា​បទល្មើស​​​​ជាក់​ស្តែង​ របស់​បុគ្គលម្នាក់​ៗបាន​ប្រព្រឹត្តិ​ ហើយបុគ្គល​នោះ​ត្រូវ​តែ​ទទួល​ខុសត្រូវ​នៅ​​​ចំពោះ​មុខ​ច្បាប់​ ដោយ​មិន​អាច​យក​មក​រាប់​បញ្ចូលជាកញ្ចប់​​ នៅក្នុង​បញ្ហា​ដំណោះ​ស្រាយ​​​​​​នយោបាយ​ បាន​ឡើយ។​
ការ​យល់​ច្រឡំ​ដ៏ខុស​ឆ្គង​ នូវ​អត្ថន័យ​របស់​ពាក្យ «​ដំណោះ​ស្រាយ​នយោបាយ»​ដែល​​បាន​​​ព្រម​ព្រៀង​គ្នា​​កាល​ពី​ថ្ងៃ​ទី​​២២ ខែកក្កដា​ ឆ្នាំ​២០១៤ គឺ​ជារឿង​មួយ​គួរ​ឲ្យ​សោក​ស្តាយ​។
​កិច្ចព្រម​ព្រៀងនយោបាយ​​ គឺ​មិន​បាន​រួម​បញ្ចូល​គ្នា​នូវ​អ្វី​ដែល​ទាក់​ទង​ទៅ​នឹង​ការ​អនុវត្ត​​ច្បាប់​របស់​ប្រទេស​ និ​ង​ការ​ប្រើ​អំពើ​ហិង្សា​របស់​បុគ្គល ​ឬក្រុម​​ណា​មួយ​ ដែល​បាន​រំលោភ​លើ​សិទ្ធិ​​ពលរដ្ឋ​​​ដូច​គ្នា​​ថា​នឹង​មិន​ទទួល​ទោសទណ្ឌ​នោះ​ទេ​​។ រដ្ឋធម្មនុញ្ញ​កម្ពុជា​ ចែង​ថា​ ពល​រដ្ឋ​​គ្រប់​​​រូប​ត្រូវ​បាន​ការ​ពារ​ដោយ​ស្មើ​ភាព​គ្នា​នៅ​ចំពោះ​មុខ​ច្បាប់​។​​ ការ​​​បង្កើតនូវ​វប្បធម៌​​​និ​ទណ្ឌ​ភាព​នៅ​ក្នុង​​សង្គម​  គឺ​ជារឿង​អយុត្តិ​ធម៌​សម្រាប់​ជន​រង​គ្រោះ ហើយ​​ «យុត្តិធម៌​និង​​នយោបាយ​មិនអាច​លាយឡំ​គ្នា​បានទេ» សង្គម​មួយ​ដែល​រស់​ក្នុង​​នីតិរដ្ឋ​ រាល់​ការ​ទាម​ទារ​​ទាំង​ឡាយ​ណា​​ដែល​គ្មាន​មូល​ដ្ឋាន​ច្បាប់​ គឺជា​ការ​ដើរខុសផ្លូវ​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ។

កន្លង​មក​ គណបក្ស​សង្គ្រោះ​ជាតិ​​តែង​តែ​លើក​ឡើង​កុំ​ឲ្យ​មាន​និទណ្ឌ​ភាពនៅ​កម្ពុជា​ ហើយ​តែង​​ចោទ​ស្ថាប័ន​តុលាការ​ថា​មិន​ឯក​រាជ្យ​ ឬ​នៅក្រោម​ការ​បញ្ជារបស់​អ្នក​នយោបាយ​ ប៉ុន្តែ​ពេល​​ដែល​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រព្រឹត្តិ​បទល្មើស​ជាក់​ស្តែង​ បង្ក​អំពើ​ហិង្សា​ បែរ​ជា​ មន្ត្រី​គណបក្ស​នេះ​ ព្រមាន​​​ដល់​ស្ថាប័ន​តុលាការ​ឲ្យ​មាន​ការ​ដោះ​លែង​ជន​ល្មើស ដែល​ជាការ​បង្គាប់​បញ្ជា​ទៅ​លើ​ស្ថាប័ន​តុលាការ​ ដែល​ជាស្ថាប័ន​ឯករាជ្យមួយ​ក្នុង​ចំណោម​ស្ថាប័ន​ឯករាជ្យ​ទាំង​បី​ ដែល​មាន​ចែង​នៅក្នុង​រដ្ឋ​ធម្ម​នុញ្ញ​​​ ទៅ​វិញ​។ តើ​ឯណាទៅ​យុត្តិ​ធម៌​ សម្រាប់​ជន​រង​គ្រោះនោះ​​?​​

​តាមពិត​ មក​ដល់​តំណាក់​កាលនេះមន្ត្រី​គណបក្ស​ប្រឆាំង​ មិនគួរ​ប្រើ​ពាក្យព្រមាន​ អុជអាល ញុះញង់ ឬ​បំភ្លៃ​រឿង​ពិត ដែល​ជំរុញ​ឲ្យ​​បក្សនយោបាយទាំង​ពីរ​ ​បន្ត​ឈ្លោះ​គ្នា​តទៅទៀតនោះទេ​​។​ ប្រ​ការ​​​ដែលមិន​បាន​បែង​ចែក​ច្បាស់​លាស់​អំពី​ទិដ្ឋភាព​ច្បាប់​ និង​ទិដ្ឋភាព​​នយោបាយ​ វា​នឹង​នាំឲ្យ​​សង្គម និង​ប្រទេស​ជាតិ​ ​កាន់តែ​ប្រេះស្រាំ​គ្មាន​ទីបញ្ចប់ ហើយ​​ទី​បំផុត​ពាក្យ​ នីតិរដ្ឋ​ ដែល​បក្ស​សង្គ្រោះ​​ជាតិ តែង​តែ​ប្រើ​ប្រាស់​ ដើម្បី​សុំ​សន្លឹក​​ឆ្នោត​​ពី​ប្រជាពលរដ្ឋ​ នឹង​មិន​អាច​មាន​ក្នុង​សង្គម​ខ្មែរ​​បានឡើយ​​។ ត្រង់​ចំណុច​នេះ​ ចង់​បញ្ជាក់ថា​ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​​ ពិត​​​ជាបាន​ដឹង​ច្បាស់​ថា​ សកម្មជន​របស់​ខ្លួន​ពិត​ជាបាន​ប្រព្រឹត្តិ​នូវ​​បទល្មើស​ព្រហ្ម​ទណ្ឌ​​យ៉ាង​ពិត​ប្រាកដ​ ទើប​ពេល​នេះ​​មន្ត្រី​នោះ​ ស្នើ​​ឲ្យ​​មាន​ការ​ដោះ​លែង​សកម្មជន​​ទាំង​នោះ​ ដោយ​​រាប់​បញ្ចូល​ទៅ​ក្នុង​កញ្ចប់​​ «​ដំណោះ​ស្រាយ​​នយោបាយ​» ទៅវិញ​។​​

ដូច្នេះ​ ប្រសិន​បើ​រាល់​ពេល​ដែល​ជន​ល្មើស ពាក់​​ស្លាកជាសកម្មជន ​នយោបាយ​របស់​គណបក្ស​ណា​មួយ​​​ ហើយ​បាន​ប្រព្រឹត្តិ​បទល្មើស​ជាក់​ស្តែង​ សុទ្ធតែ​ត្រូវបាន​លើក​លែង​ទោស​​បែប​នេះ​ តើ​ប្រទេ​ស​​ អាច​អនុវត្ត​នូវ​នីតិរដ្ឋ​ បាន​ដែរ​ឬទេ​?​ ​ គួរ​រួម​គ្នា​បញ្ឈប់​នូវ​វប្បធម៌​និទណ្ឌភាព​ សម្រាប់​ប្រទេស​ជាតិ​យើង​។​


ជារួម​ កិច្ចព្រមព្រៀង​លើ​ដំណោះ​ស្រាយ​នយោបាយ​ មិន​អាច​យក​មក​អនុវត្ត​ក្នុង​ប្រព័ន្ធ​តុលាការ​បាន​ទេ​ ប្រសិន​បើ​គ្រប់​អ្នក​នយោបាយ​​ចង់​បាន​ប្រទេស​មួយ​ដែលប្រកប​ដោយ​នីតិរដ្ឋ​ មាន​ការ​​គោរព​សិទ្ធិ​មនុស្សពេញ​លេញ​​ និង​ការ​អនុវត្ត​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​​ពិតៗ​ ៕​