Tuesday, January 6, 2015

កិច្ចសម្ភាសន៍ ឯកឧត្តម ប៊ុន ណារិទ្ធ អគ្គនាយកអាជ្ញាធរជាតិអប្សរា បំភ្លឺ​ទៅនឹង​ការ​បង្តមួលបង្កាច់​ ភូតកុហក​ សាធារណៈមតិ​ របស់ឯកឧត្តម សុន ឆ័យ ដែលបាន​បំភ្លៃ​អំពី​ប្រាក់​ចំណូល​ និងចំនួនភ្ញៀវទេសចរចូលទស្សនាអង្គរ ថ្ងៃទី០៦ មករា ឆ្នាំ២០១៥

Clarification Regarding the Broadcast on Beehive Radio on 21 November 2014 Entitled “Angkor Wat is Not an Instrument to be user by Politician as they wish




Clarification of APSARA Authority No.721/14 25 November 2014



សេចក្តី​ប្រកាស​ព័ត៌មាន រដ្ឋសភា គណៈប្រតិភូ​សភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញ​ចូលរួម​ប្រជុំ​វេទិកាសភា​អាស៊ី​-ប៉ាស៊ីហ្វិក​ (APPF) នៅប្រទេស​អក្វាទ័រ



បទអត្ថាធិប្បាយ ដោយ៖ រត្ន័ សណ្ដាប់ តើត្រូវចងចំា​ ឬត្រូវបំភ្លេច​វិញ្ញាណក្ខ័ន្ធប្រជាពលរដ្ឋជាងពីរលាននាក់?

  ថ្ងៃ៧​មករា​​ គឺ​ជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំងប្រវត្ដិសាស្រ្ដ​កម្ពុជា​​ នៃកាល​បរិច្ឆេទរំដោះ​ប្រជាជនកម្ពុជាឲ្យរួចពីរបប​​ប្រល័យពូជសាសន៍ ដែលបាន​​បង្កទ្បើង​ដោយ​ពួកពេជ្ឈឃាត​ប៉ុល​ ពត​​ គឺត្រឹម​រយៈ​ពេលជាងបី​ឆ្នាំ​ប៉ុណ្ណោះ​ អាយុជីវិតប្រជាជនខ្មែរ​ជាង​២​លាននាក់​ និង​សមិទ្ធ​ផល​​​ជាតិ​​ត្រូវ​បានកាប់សម្លាប់ ត្រូវបាន​កំទេច​ចោល​យ៉ាង​​ព្រៃផ្សែបំផុត ។​ បើហេតុ​នេះ​​ តើ​គេ​អាច​​​​កសាង​អនាគត​​ដ៏​ល្អប្រសើរ​របស់ប្រទេស​មួយ​បាន​ទេ​ បើ​គេពុំរំលឹក​ដល់មេរៀន​ប្រវត្ដិ​សាស្រ្ដ​នោះ?​​ គេតែង​និយាយ​ថា​​​​​ ​«អ្នកណាដែល​បំភ្លេច​មេរៀន​ប្រវត្ដិ​សាស្រ្ដ​ នឹង​ត្រូវ​ផ្ដន្ទា​ឲ្យ​រស់​នៅ​ក្នុង​ប្រវត្ដិ​សាស្រ្ដ​ដដែល​ទ្បើង​វិញ​» ។
          ជា​ទូទៅ ប្រទេស​នីមួយៗ​ ប្រជាជាតិ​នីមួយ​ៗ អ្នក​ប្រ​វត្តិ​សាស្ត្រគេ​តែងកត់ត្រា​នូវ​ការអាប់ឱន​និង​ភាព​រុង​រឿង​នៃ​ប្រវត្ដិ​រាប់​ពាន់ឆ្នាំ​របស់គេ​​ ដើម្បី​ជៀស​វាង​មិនឲ្យ​ការរស់​នៅ​ក្នុង​​ភាព​​​ឈឺចាប់ ​និង​លំបាក​វេទនា​មាន​ជី​វិត​រស់ទ្បើង​វិញ​។​ ជាភស្តុតាង​ កាលពីក្នុង​យុគ្គសម័យ​ដ៏ខ្មៅ​ងងឹតរបស់​កម្ពុជា​ ហើយ​​ដែល​ប្រជាជនខ្មែរ​នៅតែ​ដក់ជាប់​ក្នុង​សន្ដានចិត្ដ និងដក់ជាប់ក្នុង​អារម្មណ៍​​របស់យើង​​គ្រប់ៗ​គ្នា​នោះ គឺ​របបវាលពិឃាត ដែល​សង្គម​ជាតិ​ទំាងមូល​ត្រូវ ក្រទ្បាប់ចាក់​ លង់លិច​យ៉ាងជ្រៅ​ក្នុង​អន្លង់​ជ្រោះ​មហន្ដរាយ​ប្រល័យ​ពូជសាសន៍​ ដែល​ជា​សម័យ​កាល​ដ៏សោក​សៅ​ នឹង​ខ្មៅងងឹត​បំផុត​ក្នុង​ប្រវត្ដិ​ប្រទេសកម្ពុជា។​​
តាម​កាលវិភាគ នៃ​​​អង្គសន្និបាត​នា​ថ្ងៃ២០ ខែ​ឧសភា ឆ្នំា​១៩៧៥​ របស់​ពួកខ្មែរ​ក្រ​ហម ក្នុង​ការ​ដាក់ចេញ​គោល​ការណ៍​ ៨​ចំណុច ​ក្នុង​នោះ​រួម​មាន​​ ការបណ្ដេ​ញ​ប្រជាជន​ចេញពីភ្នំ​ពេញ​ និង​ទីប្រជុំជន​​ខេត្ដ​នានា​ បោស​​​សំអាត​ពួក​ជាប់​​និន្នា​ការ​​សក្ដិភូមិ និង​របបលន់​នល់ ប្រកាស​បិទផ្សា​រ​លុបបំបាត់ប្រាក់កាស​ បិទសាលា​រៀន​ បំបិទ​ជំនឿ​សាសនា​ ចាត់​តាំ​ង​សហករហូប​បាយ​រួម បណ្ដោញ​អាណិក​ជន​វៀតណាម​ទៅមាតុប្រទេសវិញ​ និងប្រមូល​ផ្ដុំ​កងទ័ព​​​នៅ​ព្រំដែន​កម្ពុជា-វៀតណាម​ គឺ​ជាការ​អនុវត្ដ​គោល​ការណ៍​ប្រល័យ​ពូជសាសន៍។ ​​
​​          រយៈកាល​៣ឆ្នាំ៨ខែ និង​២០​ថ្ងៃ​ មាតុភូមិ​អង្គរ​​បានក្លាយ​​ជាគុត​ឥតជញ្ជាំង​យ៉ាងធំធេង​ តំាង​ពី​ទីក្រុង​ រហូត​ដល់ជនបទ​ដាច់ស្រយាល​​ នៅតាម​វាលរាប​ ក៏ដូច​តំបន់​ព្រៃ​ភ្នំ​ តំាងពីដងស្ទឹង​ ទន្លេ រហូតដល់សមុទ្រ​ និងកោះដាច់ស្រយាល។​​​ ទីណា​ក៏ដូច​ទី​ណា​ ឃើញ​តែ​ឧក្រិដ្ឋ​កម្ម​ សោកនាកម្ម​ និងវិនាសកម្ម​។ ក្នុងចំណោម​​ប្រជាជន​កម្ពុជា​ម្នាក់ៗ​ និងគ្រប់​គ្រួសារខ្មែរ​ទាំង​អស់​​​ គ្មាន​នរ​ណាម្នាក់​​ ឬ​គ្រួសារ​ណា​មួយ​ដែលមាន​ឪពុក​ម្ដាយ​​ ប្ដីប្រពន្ធ​ កូនចៅ​ សាច់ញាតិ​ មិត្ដ​ភក្ដិ​របស់ខ្លួន​ បាន​ជៀស​ផុត​ពីការ​កាប់សម្លាប់​យ៉ាងព្រៃ​ផ្សៃ​​នេះ​បាន​ទេ​។​ នេះ​ហើយ​ ​​ជារយៈ​ពេល​មួយ​ដ៏ព្រឺព្រួច​ ដែលយើង​រាល់​​គ្នា​ស្គាល់​តែ​​ការ​ឈឺចាប់​ ស្គាល់តែទុក្ខ​វេទនា​ខ្លោច​ផ្សា​ និងស្គាល់តែឈាម​​ និង​ទឹក​ភ្នែក។​
          អារ្យធម៌សង្គម​កម្ពុជា​ ដែល​ធ្លាប់​ជាសង្គមមួយ​​ដែល​មាន​អា​រិយធម៌​យ៉ាង​ឧត្តុង្គ​ឧត្តម​ ត្រូវ​បាន​បំផ្លាញ​រហូតដល់ឬស​គល់​ដោយ​សាររបបខ្មៅងងឹត​។ ស្ថាប័ន និងហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋ​ដែល​ជា​​ខឿន​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម សង្គមកិច្ច​​ វប្បធម៌ វត្ដអារាម​ ។ល។ ត្រូវ​រលាយ​សាបសូន្យ។ ​ស្រុក​ ឃុំ ភូមិ ទូទំាងប្រទេស​ ត្រូវប្រែក្លាយ​ទៅ​ជាជំរុំឃុំឃាំង​។​ ប្រជាជន​រាប់​លាននាក់ ​ត្រូវបង្ខំ​ឲ្យ​ធ្វើ​ពលកម្ម​ដ៏​ធ្ងន់ធ្ងរ ទាំង​ថ្ងៃទាំងយប់​ អត់​អាហារ​ ខ្វះសម្លៀក​បំពាក់​ ខ្វះថ្នាំសង្កូវ​ ព្រាត់ប្រាស់​ពីក្រុម​គ្រួសារ​​បងប្អូន កូន​ចៅ​រស់​ដូច​សត្វ​ធាតុ​​ ក្រៀម​ក្រំភិត​ភ័យ​​គ្មាន​ទី​សង្ឃឹម។ ទឹកដី​ទំាងមូលស្ទើរតែ​​ជោគ​ជាំ​ទៅ​ដោយ​ឈាម និង​ទឹក​ភ្នែក​ ក្រាល​ទៅដោយ​ឆ្អឹង​ និងគំនរ​ផេះ។ យើង​យល់​ថា​​ ទំហំ​ និង​ទម្ងន់នៃ​បទឧក្រិដ្ឋ​នេះធំធេង​ណាស់ ដែល​ពិ​ភព​លោក​ទាំង​មូល​ គេ​ទទួល​មិន​បាន​។​​
ចំពោះ​មុខ​សភាព​ការណ៍​ដ៏​រន្ធត់​បែប​នេះ​ ប្រជាជន​​ខ្មែរ​គ្រប់​​​រូបនាពេល​នោះ​ បាន​​នឹក​បន់​ស្រន់​អំពាវនាវ​ ដង្ហោយ​ហៅ​​ សុំ​ឲ្យ​អ្នក​មាន​បុណ្យ​ អ្នក​មាន​មហិទ្ធិ​ឫទ្ធិ​ ពូ​កែ​សក្ដិ​សិទ្ធិ​ណា​មួយរូប​​ អាច​មក​ជួយ​រំដោះ​អាយុ​ជីវិត​ពួក​គេ​ ឲ្យ​បាន​រួចផុត​ពី​ក្រញុំាបី​សាចនេះ​​។ 
          ការ​ទទួល​បាន​នូវ​​ជ័យ​ជំនះ នា​ថ្ងៃ​៧ មករា​ ១៩៧៩ ​​សម្រាប់​​​កម្ពុជា​ ​គឺ​ជា​ការ​បើក​ទំព័រ​ប្រវត្ដិ​សាស្រ្ដ​​​ថ្មី​​គឺ​ជា​ការរស់​ទ្បើងវិញទាំង​ជីវិត​​ ទាំង​គ្រប់វិស័យ ដែល​បច្ចុប្បន្ននេះ​កម្ពុជា​កំពុងទទួល​បាន​នូវ​​​ក្លិន​ពិដោរ​​ដ៏​ឈ្ងុយ​ឈ្ងប់​ មាន​ឈ្មោះ​បោះ​សម្លេង​គ្រប់ទិសទី​ ទាំ​ង​នៅ​ក្នុង​តំ​បន់ និងលើ​ឆាក​អន្ដរ​ជាតិ។  ជាក់​ស្ដែង ការ​ទទួល​បាន​នូវជោគ​ជ័យនៃ​​សាលាក្ដី​ខ្មែរ​ក្រហម​ ដឹកនំា​ រួមដោយ​អង្គការ​សហប្រជា​ជាតិ​ និង​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ក្រោមការ​ឧបត្ថម្ភ​របស់​​ប្រ​ទេស​ជាច្រើ​ន​ដែល​ស្រ​ទ្បាញ់​សន្ដិ​ភាព​ និង​យុត្ដិធម៌​ ដែល​បាន​ធ្វើ​ការកាត់ក្ដី​មេដឹក​នំា​កំពូល​ៗរបស់​ខ្មែរ​ក្រហម​ ហើយ​​មតិ​​អន្ដរជាតិ​​គេ​យល់ថា​ ជា​ការ​​ផ្ដល់​យុត្ដិ​ធម៌​ដល់​ជន​រង​គ្រោះ​ជាង​២លាននាក់​ និង​រាប់​លាន​នាក់​ទៀត ដែល​បច្ចុប្បន្ន​កំពុងនៅ​មាន​ស្លាក​ស្នាម​នៃ​ការ​​ឈឺ​ចាប់​ និង​ការ​​ព្រាត់ប្រាស់​ក្រុមគ្រួសារ​របស់​ពួក​គេ។
          ជា​ការ​ពិត​ណាស់ យើងក៏​យល់​ដែរថា ​អ្នក​ដែលបាន​រស់រានមានជីវិតរួច​ផុត​​ពីការ​​ស្លាប់​​ក្នុង​របប​​ខ្មែរ​ក្រ​ហម តែងតែមានអារម្មណ៍ ​មាន​កំហឹង ការ​មិន​ទុក​ចិត្ត​គ្នា ​​ ​ពិសេសក្នុង​ចំណោម​​អ្នក​នយោ​បាយ ​តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​ក្នុងបរិការនេះ យើង​សូម​ឧទ្ធិស​ថ្ងៃ​៧មករានេះ​ ជា​ថ្ងៃដែល​​​​​​​​​យើង​​មិនត្រូវ​បំភ្លេច​នូវប្រវត្ដិ​សាស្រ្ដ​ដ៏​​ឈឺ​ចាប់​ ជា​ថ្ងៃដែល​យើង​ត្រូវរំ​លឹក​នូវ​ការ​ប្រល័យ​ពូជសាសន៍ខ្មែរដោយ​ខ្មែរ​គ្នា​ឯង​​ ​ ជា​ថ្ងៃ​ដែល​ខ្មែរ​គ្រប់​រូប​ត្រូវ​មាន​បេះ​ដូង​​ទទួល​ស្គាល់​នូវ​គុណ​ធម៌​ មិន​ត្រូវ​បំភ្លេច​អ្នក​​​​​​​​ដែល​មាន​គុណ​លើ​ខ្លួន ​ពេល​ដែល​ខ្លួន​ និងឪពុក​ម្ដាយ​ខ្លួន​ បាន​រួច​ផុត​ពី​ជ្រោះ​មរណៈ​​ ​ហើយ​ដែល​បច្ចុប្បន្ន​យើងទំាងអស់​គ្នាកំពុងរស់នៅ​ក្នុង​ប្រ​ទេស​មួយ និង​សង្គម​មួយដែល​កំ​ពុង​ស្ថិត​ក្នុងទី​​​សុខសាន្ដ​នោះ​ទ្បើយ​។

វិចារណកថា​ ដោយ​៖ ពង្ស សុក្រឹត្យ ទិវា​ជ័យជំ​នះ​ ៧ មករា ថិត​នៅ​ជាអមតៈ​

ថ្វីត្បិត​តែ​ មហាជ័យ​ជំនះ​ ៧ មករា​ បាន​ឈាន​មក​ដល់​ខួប​លើក​ទី​៣៦​ឆ្នាំ​ សម្រាប់​ឆ្នាំ​២០១៥​នេះ​ក្តី​ ក៏​ទំព័រ​ប្រវត្តិសាស្ត្រ​នេះ​ ថិត​នៅ​ដិត​ជាប់​ដួង​ចិត្ត​ប្រជាជន​កម្ពុជា​ជានិច្ច​ ​ ហើយ​​ព្រឹត្តិការណ៍​​នេះ​ហាក់​បី​ដូច​ជា​នៅ​ថ្មី​ៗ​​មិន​អាច​បំភ្លេច​បានឡើយ​។​
          ក្នុង​កាលៈទេសៈ​ ដែល​ប្រទេ​ស​ជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​គ្រោះ​មហន្តរាយ​នៃ​របបប្រល័យ​​ពូជសាសន៍ ប៉ុល ពត​ ពី​ឆ្នាំ​១៩៧៥ ដល់​ដើម​ឆ្នាំ​១៩៧៩​ គឺ​មាន​តែ​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជាជនកម្ពុជា​​ និង​​យុទ្ធមិត្ត​​ដ៏ស្មោះ​ត្រង់​របស់​បក្ស​ប៉ុណ្ណោះ​ ដែល​បាន​ក្រោក​ឈរ​ឡើង​ប្រយុទ្ធ​ប្រកប​ដោយ​វីរៈភាព​បំផុត​ ដើម្បី​​ផ្តួល​​រំលំ​របប​យង់​ឃ្នង​​នេះ​ឲ្យ​វិនាស​សាប​សូន្យ​ ហើយ​នាំ​មក​នូវ​ ឯករាជ្យ​ សេរីភាព​ សន្តិភាព​ និង​​ការ​រស់​ឡើង​វិញ​ដល់​ប្រជាជន​កម្ពុជា​​​​។​
          មហាជ័យ​ជំនះ​ ៧ មករា​ ១៩៧៩​ បាន​សង្គ្រោះ​ជាតិ​ឲ្យ​រស់​ឡើង​វិញ​ទាន់​ពេល​វេលា​ បាន​ដណ្តើម​ ​ម​ក​ជូនប្រជាពលរដ្ឋ​​​វិញ​នូវ​សិទ្ធិ​សេរីភាព​គ្រប់​យ៉ាង​ ជាពិសេស​សិទ្ធិ​រស់​រាន​មាន​ជីវិត​របស់​ប្រជាពលរដ្ឋ​​ និង​បាន​បើក​ឡើង​នូវ​ទំព័រ​ថ្មី​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា​។​ ប្រជាពលរដ្ឋ​ទាំង​អស់​នៅ​តែ​ចងចាំ​ជានិច្ច​​ថា​ ថ្ងៃ​ ៧ មករា​ គឺ​ជាថ្ងៃ​កំណើត​ទី​២​ របស់​ខ្លួន​។​
រយះពេល​ ៣៦​ ឆ្នាំ​កន្លង​មក​នេះ​ ដោយ​ផ្តើម​ចេញ​ពី​ចំណុច​សូន្យ​ និង​ត្រូវ​រ៉ាប់​រង​នូវ​ផល​វិបាក​យ៉ាង​​ធ្ងន់​ធ្ងរ​ដោយ​សង្គ្រាម​ស៊ីវិល​ និង​របបប្រល័យ​ពូជសាសន៍​បាន​បន្សល់​ទុក​ ព្រម​ទាំង​ការ​ប្រឈម​   នឹ​ង​វិបត្តិ​សេដ្ឋ​កិច្ច​សកល​លោក​​ រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥​ ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ខិត​ខំ​​ប្រឹង​ប្រែង​ជំនះ​នូវ​រាល់​ឧបសគ្គ​ ជ្រោង​ខ្ពស់​នូវ​ជំហរ​​​មហា​សាមគ្គីជាតិ​​​​​ បង្រួប​បង្រួម​ជាតិ​ ឆ្លង​កាត់​ពី​ដំណាក់​កាល​រីក​ចម្រើន​មួយ​ ទៅ​ដំណាក់​កាល​រីក​ចម្រើន​មួយ​ទៀត​ជាបន្ត​បន្ទាប់​ ឈាន​ទៅ​សម្រេច​បាន​​នូវ​ស្នាដៃ​ជាប្រវត្តិសាស្ត្រ​យ៉ាង​ច្រើន​ជូន​ជាតិ​ មាតុភូមិ​។​
រាជរដ្ឋាភិបាល​ ក្រោម​ការ​ដឹក​នាំ​ដោយ​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​​ខិត​ខំ​ស្តារ​ កសាង​ និ​ង​​​អភិវឌ្ឍ​ប្រទេសពី​បាត​ដៃ​ទទេ​ រហូត​មាន​អ្វី​ៗ​គ្រប់​យ៉ាង​ រួម​ទាំង​​​ដំណើរ​ការ​​ប្រជាធិបតេយ្យ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ឲ្យ​មាន​កំណើន​ជារៀង​រាល់​ឆ្នាំ​ ការ​គោរព​សិទ្ធិមនុស្ស​ ជាពិសេស​ការ​ធានា​បាន​នូវ​ស្ថេរភាព​នយោបាយ​ សន្តិសុខ​ទូទាំង​ផ្ទៃ​ប្រទេស​ ការ​ផ្សះផ្សារ​បង្រួប​បង្រួម​ជាតិ​ ឯកភាព​ទឹក​ដី​ និង​ការ​រស់​នៅ​ក្រោម​ដំបូល​នៃ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ ដែល​មាន​ព្រះ​មហា​ក្សត្រ​គ្រង​រាជសម្បត្តិ​។​
ប្រជាពលរដ្ឋ​កម្ពុជា​ នៅ​តែ​ចង​ចាំ​យ៉ាង​ច្បាស់​ថា​ ៧ មករា​ គឺ​ជាថ្ងៃ​ដ៏​វិសេសវិសាល​មិន​អាច​បំភ្លេច​បាន​ឡើយ​​។​ គ្មាន​ថ្ងៃ​ ៧ មករា គឺ​គ្មាន​ជី​វិត​មក​ដល់​ពេល​នេះ​ គ្មាន​ថ្ងៃ​ ៧ មករា​ គឺ​គ្មាន​ការ​បង្រួប​បង្រួម​ជាតិ​ គ្មាន​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​បារីស​ ២៣ តុលា ១៩៩១​​​​ គ្មាន​គណបក្សនយោបាយ​ចូល​រួម​ការ​ប្រកួត​ប្រជែង​ គ្មាន​ការ​បោះឆ្នោត​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ និង​គ្មាន​ការ​សម្តែង​មតិ​ដោយ​សេរី​ ដូច​បច្ចុប្បន្ន​ឡើយ​។​ មានន័យ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ បាន​នាំ​មក​នូវ​ការ​លើក​កម្ពស់​តម្លៃ​សិទ្ធិមនុស្ស​ ផ្តល់​សិទ្ធិ​ពេញ​លេញ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ប្រកាន់​យក​នូវ​ជំនឿ​សាសនា​ ការ​គោរព​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ និង​ការ​បើក​ទូលាយ​នូវ​សិទ្ធិ​បញ្ចេញ​មតិ​ សិទ្ធិ​នយោ​បាយ​ ដោយ​​ផ្តល់​អំណាច​សម្រាប់​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ តំណាង​របស់​ខ្លួន​ ដែល​​ប្រព្រឹត្តិ​ទៅ​រៀង​រាល់​៥​ឆ្នាំ​ម្តង​ ជាទៀង​ទាត់​។​​ ប្រជាពលរដ្ឋ​គ្រប់​រូប​ក៏​មាន​សិទ្ធិ​ដោយ​ផ្ទាល់​ និង​ដោយ​​ប្រយោល​ ក្នុង​ការ​ជ្រើស​រើសក្រុមប្រឹក្សា​ ឃុំ​សង្កាត់​ និង​ក្រុម​ប្រឹក្សា​រាជធានី​ ខេត្ត​ ក្រុង​ ខណ្ឌ​ ស្រុក​ ថែម​ទៀត។​ ជាង​នេះ​ទៀត​ ថ្ងៃ​ ៧ មករា​ បាន​ផ្តល់​ឱកាស​ដល់​ រាជរដ្ឋាភិបាល​​ក្នុង​ការ​ផ្តល់​សេរីភាព​​យ៉ាង​ទូលាយ​ដល់​សង្គម​ស៊ី​វិល​ប្រមាណ​ជាង​៣ពាន់​ បាន​ធ្វើ​សកម្មភាព​ យ៉ាង​សកម្ម​នៅក្នុង​សង្គម​។​ ប្រជាពលរដ្ឋ​​ក៏​ទទួល​បាន​នូវ​សិទ្ធិ​ទទួល​ព័ត៌មាន​ តាម​រយៈ​ វិទ្យុ ទូរទស្សន៍​ សារព័ត៌មាន​ និង​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​សង្គម( Face Book You Tube Google Twitter ...etc. ) ​តាម​បែប​ទំនើប​ទៀត​ផង​។​
បើ​គ្មាន​ថ្ងៃ​ ៧ មករា​ ក៏​គ្មាន​សមិទ្ធផ​ល​ដ៏ច្រើន​សន្ធឹក​សន្ធាប់ដូចជា​ ស្ពាន​ ថ្នល់​ សាលារៀន​ មន្ទីរពេទ្យ​ វត្ត​អារាម​ ។ល។​ នោះ​ដែរ។​​ ក្នុង​រយៈ​ពេល​ ៣៦ ឆ្នាំ​កន្លង​មក​នេះ ប្រជាពលរដ្ឋ​បាន​ទទួល​នូវ​ជីវភាព​​សម្បូរ​សប្បាយ​ មាន​ចំណី​អាហារ​ហូប​ចុក​​គ្រប់​គ្រាន់​ ទី​ជម្រក​សមរម្យ​ និង​ការ​ប្រកប​របរ​ទទួល​ទាន​តាម​បែប​ទី​ផ្សារ​សេរី​ ហើយ​​ជាពិសេស​​កម្ពុជា​​បាន​ធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​តំបន់​អាស៊ាន​ និង​សកល​លោក​​ ​ ដែល​ធ្វើ​ឲ្យ​កិត្យា​នុភាព​របស់​កម្ពុជា​ បាន​ឈាន​ដល់​ភាព​ស្មើ​មុខ​មាត់​គ្នា​ ទាំង​សេដ្ឋកិច្ច​ និង​នយោបាយ​ លើ​ឆាក​អន្តរជាតិ​​ និង​ក្នុង​តំបន់​។​ ជា​មួយ​គ្នា​នេះ កម្ពុជាក៏​​បាន​ចូល​ជា​សមា​ជិក​អង្គ​ការ​ពា​ណិជ្ជ​កម្ម​ពិភព​លោក និង​អង្គ​ការ​អន្តរ​ជាតិ​ផ្សេង​ៗ​​ទៀត និង​បាន​ចូល​រួម​យ៉ាង​ស​កម្ម​ក្នុង​ការ​បំ​ពេញ​បេ​សក​កម្ម​ថែ​រក្សា​សន្តិ​ភាព​នៅ​ប្រ​ទេស​មួយ​​ចំ​នួន​​ក្នុង​ក្រប​ខ័ណ្ឌ​អង្គ​ការ​ស​ហ​ប្រ​ជា​ជាតិ ។ ​លើស​ពី​នេះ​ទៀត​​ អ្វី​ដែល​ជាមោទនៈភាព​បំផុត​ សម្រាប់​សង​គុណ​ដល់​ថ្ងៃ​ ៧ មករា​ គឺ​រាជ​រដ្ឋាភិបាល​កម្ពុជាក្រោម​ការ​​ដឹក​នាំ​​របស់​លោក ហ៊ុន សែន​​ បាន​​ធ្វើ​ឱ្យ​​សម្រេចបាន​​ការ​ចុះ​បញ្ជី​ប្រា​សាទ​អង្គរ​វត្ត ប្រា​សាទ​ព្រះ​វិ​ហារ និង​​សម្បត្តិ​​វប្ប​ធម៌​​អ​រូ​បិយ​នៃ​មនុស្ស​ជាតិ​មួយ​ចំ​នួន​ទៀត​ក្នុង​បញ្ជី​បេ​តិ​កភណ្ឌ​ពិ​ភព​លោក ហើយ​កម្ពុជា​​ក៏​ត្រូវ​បាន​ជ្រើស​រើស​ឱ្យ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ទទួល​រៀប​ចំ​កិច្ច​ប្រ​ជុំ​​គណៈ​កម្មា​ធិការ​បេ​តិក​ភណ្ឌ​ពិ​ភព​លោក​នៅ​ឆ្នាំ​២០១៣ ជា​ឆ្នាំ​ដែល​​កម្ពុជា​​ធ្វើ​ជា​ប្រធាន​នៃ​គណៈ​កម្មា​ធិការ​នេះទៀត​ផង​។ កន្លង​ទៅ​​​​ថ្មី​ៗ​នេះ​ទៀត​ ការ​​បង្កើតបាន​​​នូវ​គណៈកម្មាធិការអន្តរជាតិ​ ដើម្បី​ការ​អភិរក្ស និង​អភិវឌ្ឍ​ តំបន់​ប្រាសាទ​​ព្រះ​វិហារ​​​ គឺ​ជា​ជោគជ័យ​ថ្មី​មួយ​ទៀត​ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់លើ​វិស័យ​វប្បធម៌​​​របស់​រាជរដ្ឋា​ភិបាល​។​
ជារួម​ បើ​ទោះ​បី​ជា​ទិវា​ថ្ងៃ​មហា​ជ័យ​ជំនះ​ ៧ មករា​ បាន​កន្លង​ផុត​ទៅ​រយះ​ពេល​ ៣៦ ឆ្នាំ​កន្លង​ទៅ​ហើយ​ក្តី​ ក៏​ប្រជាពលរដ្ឋ​ខ្មែរភាគ​ច្រើន​​នៅ​ទូទាំង​ប្រទេស​ នៅ​តែ​ដឹង​គុណ​ជានិច្ច​ថា​​ ជាថ្ងៃ​កំណើត​ទី​២​របស់​​ខ្លួន​ និង​នៅ​តែ​ចងចាំ​ក្នុង​ដួង​ចិត្ត​ជាអមតៈ​ ព្រោះ​បើ​គ្មាន​ថ្ងៃ​ ៧ មករា​ ១៩៧៩ ទេ​ ពេល​នោះ​ជាតិ​ខ្មែរ​​​ពិត​ជា​​បាត់​ឈ្មោះ​នៅក្នុង​ផែន​ទី​ពិភព​លោក​ជាមិន​ខាន​។​ ដូច្នេះ​ ជន​អគតិ​ដែល​រមិល​គុណ​ មិន​ទទួល​​ស្គាល់​​​ថ្ងៃ​ប្រវត្តិសាស្ត្រ​នេះ​ ថាជាថ្ងៃ​នៃ​ការ​រស់​ឡើង​វិញរបស់​ខ្លួន​​ទេ​នោះ​ គឺ​ជា​ជំពូក​​មនុស្ស​ដែល​ក្បត់​នឹង​មនៈសិកា ជា​ជន​ដែល​មិន​ទទួល​ស្គាល់​នូវ​សច្ចៈភាព​ប្រវត្តិសាស្ត្រ​។ អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា​ ដោយ​សារ​តែ​មហិច្ឆតា​​អំណាច​ និង​នយោបាយ​ ពួក​គេ​ថែម​ទាំងហ៊ាន​និយាយ​បំភ្លៃ​ ​មួល​បង្កាច់ និង​ចោទប្រកាន់​ ថា​ជាថ្ងៃ​ឈ្លាន​ពាន​របស់​កង​ទ័ព​​វៀត​ណាម​​ទៅវិញ​​ ​បើ​ទោះ​បី​ជា​ឪពុក​ ម្តាយ​ បងប្អូន​ កូន​ក្មួយ​ មាមីង​ ជីដូន​ ជីតា​ និង​ញាតិ​មិត្ត​ របស់​ពួក​គេ​ត្រូវ​បាន​សម្លាប់​យ៉ាង​វេទនា​ ដោយ​ការ​វាយ​នឹង​ត្បូង​ចប​ អារក​ បាញ់​សម្លាប់​ ទម្លាក់​ក្នុង​រណ្តៅ​តែមួយ​ រាប់​រយ​ រាប់​ពាន់​នាក់​ក៏ដោយ​។​ ក្រុម​មនុស្ស​ដែល​ពុំ​បាន​រួម​ចំណែក​ក្នុង​ចលនា​រំដោះ​ជាតិ​ រំដោះ​ទឹក​ដី​ មួយ​ចំនួន​តូច​នោះ​ ពួក​គេ​បែរ​ជា​ឆ្លៀត​យក​ឱកាស​នេះ​ធ្វើការ​រិៈគន់​ ជេរ​ប្រមាថ​ ញុះញង់​ បង្ក​អសន្តិសុខ​សង្គម​ ​យ៉ាង​ងងើល​ និង​អសីលធម៌​ទៅ​វិញ​។​ ពួក​គេ​ភ្លេច​គិត​ថា​ ការ​ដែល​ពួក​គេ​បាន​ធ្វើ​នយោបាយ​ និង​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​រាជ​រដ្ឋាភិបាល​​ដោយ​សេរី​ ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ គឺ​ដោយ​សារ​គុណ​ថ្ងៃ​ ៧ មករា​ នោះ​ឡើយ​៕​

​​

ប្រសាសន៍​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ថ្លែង​នៅក្នុង​ឱកាស នៃការ​បើក​ការដ្ឋាន​សាងសង់​អគារ​រដ្ឋបាល និង​ហេដ្ឋា​រចនា​សម្ពន្ធ័​ទីក្រុង នៃ​ទីរួម​ខេត្ត​ត្បូង​ឃ្មុំ នាព្រឹក​ថ្ងៃច័ន្ទទី ៥ ខែមករា ឆ្នាំ២០១៥