Tuesday, January 13, 2015

សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា អញ្ជើញ​គោរព​វិញ្ញា​ណក្ខន្ធ និង​ចុះហត្ថលេខា​ចូលរួម​មរណ​ទុក្ខ នៅស្ថាន​ទូត​បារាំង ចំពោះ​ការ​បាត់បង់​ជីវិត​របស់​អ្នក​កាសែត ១២នាក់ ក្នុង​អំពើ​ភេរ​វកម្ម ទៅ​លើទី​ស្នាក់​កាសែត​បារាំង Charlie Hebdo

កម្ពុជា​ថ្កោល​​ទោស​​ចំពោះ​អំពើ​​ភេរ​វកម្ម​​នៅ​ទី​ក្រុង​​ប៉ារីស

ប្រទេស​កម្ពុជា សូម​ថ្កោលទោស​យ៉ាង​ខ្លាំងក្លា​បំផុត ចំពោះ​ការ​វាយ​ភេរវកម្ម​ដ៏ព្រៃផ្សៃ នៅ​ប្រទេស​បារាំង​នាសប្តាហ៍​មុន​នេះ ដែល​បាន​បង្ក​ឱ្យ​ជន​ជាតិបារាំងស្លូតត្រង់​បាត់​បង់​ជីវិត របួស​ជាច្រើន​នាក់ និង​មាន​ការ​តក់ស្លុត​យ៉ាង​ខ្លាំងក្លា ហើយ​ដែល​ជា​ការ​វាយ​ប្រហារ​ដ៏ធ្ងន់ធ្ងរ​ដល់​តម្លៃ​មូលដ្ឋាន នៃ​សេរី​ភាព​បញ្ចេញ​មតិ និង​សិទ្ធិប្រជាធិប​តេយ្យ។

នេះ​ជា​ខ្លឹម​សារ​ដែល​សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា បាន​ចារ​នៅ​ក្នុង​សៀវ​ភៅ​ចូល​រួម​មរណទុក្ខ នា​រសៀល​ថ្ងៃទី​១២ ខែមករា​ ឆ្នាំ​២០១៥ ក្នុង​ឱកាស​ដែល​សម្តេច អម​ដំអម​ដំណើរ​ដោយ​សមាជិក​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល បាន​អញ្ជើញ​ចូលរួមគោរព​វិញ្ញាក្ខន្ធ​នៅក្នុង​ស្ថានទូត​បារាំង ក្នុង​រាជ​ធានី​ភ្នំពេញ ចំពោះ​ពលរដ្ឋ​បារាំង​ ដែល​បាន​ស្លាប់ និង​របួស​ក្នុង​អំពើភេរវ​កម្ម​នៅ​ទីក្រុង​ប៉ារីស​ កាល​ពីថ្ងៃទី​០៧ ខែ​មករា ឆ្នាំ​២០១៥។

សម្តេច​តេជោ​បាន​សរសេរ​ក្នុង​នាម​សម្តេចផ្ទាល់ ​រាជរដ្ឋាភិបាល​ និង​ប្រជាជន​កម្ពុជាថា នៅ​ក្នុង​កាលៈទេសៈ​ប្រកប​ដោយ​ក្តីរន្ធត់​នេះ ក្នុង​នាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា និង​ក្នុង​នាម​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​ចូលរួម​រំលែកទុក្ខ​យ៉ាង​ក្រៀម​ក្រំ​បំផុត​ដល់​ក្រុមគ្រួសារ និង​ជន​រងគ្រោះ​ដែល​បាន​បាត់​បង់ជីវិត​នៅ​ក្នុង​អំពើ​ហិង្សា​គួរ​ឱ្យស្អប់​ខ្ពើម​នេះ និង​សូម​សម្តែង​នូវ​សាមគ្គីភាព និង​សមានចិត្ត​ដ៏ជ្រាលជ្រៅ​ជាមួយ​នឹង​រដ្ឋាភិបាល និងប្រជា​ជន​បារាំង៕





សម្តេច​​តេជោ​​សម្ពោធ​​ដាក់​​ឱ្យ​ដំណើរ​ការ​​វារី​អគ្គិស​នី​​ស្ទឹង​ឫស្សី​ជ្រុំ​ក្រោម​​ដែល​​មាន​​តម្លៃ​​ជិត​​៥០០លាន​​ដុល្លារ​​អាមេរិក

វារី​អគ្គិសនីស្ទឹង​ឫស្សី​ជ្រុំក្រោម ស្ថិត​នៅ​តំបន់​ជួរ​ភ្នំក្រវ៉ាញ ឃុំ​បាក់ខ្លង ស្រុក​មណ្ឌល​សីមា ខេត្ត​កោះកុង មាន​ចម្ងាយ​ប្រមាណ ៣៥​គីឡូ​ម៉ែត្រ ពី​ទីតាំង​ខាង​ក្រោម និង​ចម្ងាយ​ប្រមាណ​ ៤៩​គីឡូ​ម៉ែត្រ​ពី​ទីតាំង​ខាង​លើ​ទៅ​ទីរួម​ខេត្ត​កោះកុង ដែល​តម្លៃ ៤៩៥​លាន ៧​សែន ៦ម៉ឺន​ដុល្លារ​អា​មេរិក វិនិ​យោគ​ទុន​ដោយក្រុមហ៊ុនមក​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​សម្ពោធ​​បើក​ដំណើរការ​ជា​ផ្លូវ​ការ​ហើយ នៅ​ព្រឹក​ថ្ងៃទី១២ ខែ​មករា ឆ្នាំ២០១៥ ក្រោមអធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណា​ចក្រកម្ពុជា។
ដោយ​ចាត់​ទុក​វារីអគ្គិសនីស្ទឹង​ឫស្សីជ្រុំក្រោម ជាវារី​អគ្គិសនី​កំរិត​ធំបំផុត​សម្រាប់​កម្ពុជា​សម្តេច​អគ្គ​មហា​សេនាបតីតេជោហ៊ុន សែន ​បានមានប្រសាសន៍​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាគី​ពាក់ព័ន្ធ​ ដែល​ប្រឹង​ប្រែង​រួម​គ្នា​សម្រេច​បាននូវ​សមិទ្ធ​ផល​វារីអគ្គិសនី​សម្ពោធ​ដាក់ឱ្យដំណើរ​ការនៅ​ពេលនេះ និង​កោត​សរសើរ​ដល់​ក្រុម​ហ៊ុន​សាជីវកម្ម China Huadian Hongkong company ប្រទេសចិន ដែល​បានខិត​ខំ​សិក្សា​កសាង​ទំនប់​វារីអគ្គិសនី​នៅក្នុង​តំបន់​ដាច់​ស្រ​យាល​​មួយ​នេះ ​ដើម្បី​បង្កើត​ឡើង​នូវ​សមិទ្ធ​ផល​ដ៏ធំ​មួយ​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ពិសេស​បាន​ថ្លែង​អំណេគុណ ចំពោះ​ការ​គាំទ្រ​ទាំង​ឡាយ​របស់​រដ្ឋាភិបាល​ចិន​ដែល​ជានិច្ច​កាល បាន​លើក​ទឹក​ចិត្ត​ឱ្យ​បណ្តា​ក្រុមហ៊ុន​របស់​ចិនមក​វិនិយោគនៅ​ក្នុង​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា។
សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ការសាងសង់​វារីអគ្គិសនីស្ទឹង​ឫស្សី​ជ្រុំ​ក្រោម​នេះ ចិន​មាន​លទ្ធភាព​ច្រើន បន្ថែម​ទៅ​ដោយ​ចិនមាន​ទុន​ពិតប្រាកដ​នៅ​ក្នុង​ការសាងសង់ មិន​​មែន​គ្រាន់​តែ​បញ្ហា​ទាក់ទង នឹង​បញ្ហា​បច្ចេកទេស​ក្នុង​ការសាងសង់​នោះ​ទេ តែ​មួយ​ផ្នែក​ទៀត​ទាក់​ទង​ ការតភ្ជាប់​បណ្តាញ បើ​គ្រាន់​តែ​មាន​វារីអគ្គិសនី​នៅ​ទីនេះ ហើយ​ពុំមាន​បណ្តាញ​​បញ្ជូន​សម្រាប់ចែក​ចាយ​នោះ​ទេ ប្រៀប​ដូចជា​មាន​ការផលិត​រថយន្ត ប៉ុន្តែ​អត់​មាន​ផ្លូវ​បើក​អញ្ចឹង​ដែរ។ ដូច្នេះហើយបាន​ជា​រយៈ​ពេល​កន្លង​ទៅយើង​បានប្រឹងប្រែង​ខ្លាំងណាស់​ដើម្បី​តភ្ជាប់ការ​ផលិតវារីអគ្គិសនី​ពីតំបន់​នេះ រួម​មាន​ឫស្សីជ្រុំក្រោម, អាតៃ និង​តាតៃ ហើយ​វារីអគ្គិសនីស្ទឹង​តាតៃ​នេះ ក៏​នឹង​ធ្វើពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​នៅ​ឆ្នាំ២០១៥ នេះ​ផងដែរ។
ជាមួយ​នឹង​ការ​រំលឹក​ពីអតីត​កាល​ដ៏យូរ​លង់​ ជាពិសេស​បើ​គិត​ត្រឹម​តែ​ពី​ឆ្នាំ​១៩៧០ មកចុះ​តំបន់​នេះ​ជា​តំបន់​អសន្តិសុខ គឺ​ខ្មែរ​មិន​ដែល​គ្រប់​គ្រង​បាន​នោះ សម្តេចតេជោ​ក៏​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា អញ្ចឹង​ទេ សមិទ្ធផល​សន្តិភាព គឺផ្តល់​ឱកាស​ឱ្យ​យើង​មានលទ្ធភាព ដើម្បី​បាន​អភិវឌ្ឍន៍​វារី​អគ្គិ​សនី​នៅ​តំបន់​នេះ ហើយ​បើសិន​ជាគ្មាន​សន្តិភាព​ដែល​បង្កើត​ឡើង​​​តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ​ទេ កុំ​និយាយ​ទៅ​ដល់​ការកសាង​សមិទ្ធផល តែ​អ្វីៗ​ក៏​ត្រូវ​​បំផ្លាញ​ដែរ។ ផ្ទុយ​ទៅ​វិញសមិទ្ធ​ផល​តំបន់​វារី​អគ្គិសនី​នៅតំបន់​នេះ មួយ​ចំនួន​ក៏​នឹង​ក្លាយ​​ទៅ​ជាតំបន់​ទេសចរណ៍​ផងដែរ។ ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏បានអរគុណ​ជាមួយ​នឹង​ទឹកចិត្ត​បង្រួប​បង្រួម​ជាតិ នៃ​ប្រជាពលរដ្ឋ​កម្ពុជា គ្រប់​ភាគី​ពាក់​ព័ន្ធ ដែល​អនុញ្ញាត​ឱ្យ​ប្រទេស​របស់​យើង​អាច​បង្រួប​បង្រួម​បាន និងមាន​សន្តិ​ភាព​ពេញ​លេញ ហើយ​ផ្តល់​ឱកាស​អភិវឌ្ឍន៍​នៅ​ថ្ងៃ​នេះ។
ថ្លែង​ក្នុង​ឱកាស​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​វារី​អគ្គិសនីឫស្សីជ្រុំក្រោម ​សម្តេច​តេ​ជោបាន​ជំរុញ​​ឲ្យ​អាជ្ញាធរ​​អគ្គិសនី​កម្ពុជា អាជ្ញាធរ​ដែនដី និង​ក្រសួង​រ៉ែ និង​ថាមពល ពិនិត្យមើល​ការលក់​ភ្លើង​របស់​ផ្នែក​ឯកជន ដែល​មកដល់ពេលនេះ តម្លៃ​អគ្គិសនី មិនបាន​ចុះ​សោះ នៅ​ពេល​ដែល​តម្លៃ​ប្រេង​នៅលើ​ទីផ្សារ មានការ​ធ្លាក់ចុះ​ជាង​ពាក់​កណ្តាល​ទៅហើយនោះ។ ជា​មួយ​នេះ​សម្តេច​ក៏បាន​ស្នើ​ឲ្យ​ក្រុមហ៊ុនប្រេងឥន្ធនៈ​នៅក្នុង​ប្រទេស​កម្ពុជា បន្ត​ចុះថ្លៃ​បន្ថែម​ទៀត ព្រោះ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានធ្វើ​លិខិត​ទៅ​ក្រុមហ៊ុន​ទាំងនោះ​ឲ្យ​បញ្ចុះ​តម្លៃ​​មក​នៅត្រឹម ៣.៩០០ រៀល​ក្នុង ១លីត្រ តែ​មកទល់ពេលនេះ​ក្រុមហ៊ុន​សាំង​មួយចំនួន មិនទាន់បាន​ចុះ​នៅឡើយ​ទេ​ពិសេស​ក្រុមហ៊ុន​បរទេស​។
​សម្តេចតេជោ​ក៏បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា សហការ​ជាមួយ​អ​ជា្ញ​ធរ​រាជធានី​ភ្នំពេញ ចុះ​ធ្វើការសិក្សា​ផងដែរ ចំពោះ​លំនៅដ្ឋាន ដែល​កម្មករ​កម្មការិនី កំពុង​ជួល​ស្នាក់នៅ​រាជ​ធានី​ភ្នំពេញ ដែលមាន​ជាង ៣ម៉ឺន​បន្ទប់ ហើយ​ដែល​តម្លៃ​ភ្លើង​នៃ​បន្ទប់​ជួល​នោះ មានតម្លៃ​ពី ៨៥០រៀល ទៅ ២៥០០រៀល​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង ដែល​ម្ចាស់​ផ្ទះជួល​ទារ​ពី​កម្មករ ដូចនេះ​ត្រូវ​រក​វិធី​ដោះស្រាយ​ធ្វើយ៉ាងណា ដើម្បី​ឲ្យ​តម្លៃ​នេះ​មានការ​ធ្លាក់ចុះ​សម្រាប់​បងប្អូន​កម្មករ​។ 
ក្នុង​គោល​បំណងឲ្យប្រជា​ពលរដ្ឋ​ក្នុងខេត្ត​កោះកុង​ទទួល​បាន ផល​ប្រយោជន៍ពីវារី​អគ្គិ​សនី​នេះ​​ផង​ដែរ​នោះ សម្តេចតេជោ​មានប្រសាសន៍​ថា ខេត្ត​កោះកុង​នេះ បាន​ផ្តល់​ឱកាស​ច្រើន​ណាស់ ដល់ការ​អភិវឌ្ឍន៍ ផ្នែក​ផលិតអគ្គិសនី​ដែល​មក​ដល់​ពេល​នេះ បាន​ជាង ១.០០០ មេហ្គាវ៉ាត់​ហើយ​តែ​ការ​អភិវឌ្ឍ​នេះ គឺមិនមែន​គ្រាន់​តែអគ្គិសនី ជា​រឿង​អគ្គិសនី​នោះទេ អគ្គិ​សនី គឺជាសេដ្ឋកិច្ច​សង្គម និង​អគ្គិសនី​ជាបញ្ហា​ដទៃ​ទៀត​ដែល​មាន​ការ​ពាក់ព័ន្ធ ក្នុង​ដំណើរ​ការ​របស់ប្រទេសជាតិ។
ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រី ក្រសួងរ៉ែ និង​ថាមពល​បានឲ្យ​ដឹង​ថា វារីអគ្គិសនីស្ទឹង​ឫស្សី​ជ្រុំ​ក្រោម​នេះ មាន​ទុនវិនិយោគ​ចំនួន​៤៩៥​លាន ៧​សែន ៦​ម៉ឺនដុល្លារ វិនិយោគ​តាមរូបភាព សាងសង់តាម​ដំណើរ​ការ​ផ្ទេរ(BOT) រយៈពេល​សម្បទាន ៣៥ឆ្នាំ ក្នុងនោះ​៥ឆ្នាំ​សម្រាប់​ការ​សាង​សង់  និង​​ ៣០​ឆ្នាំ​សម្រាប់​ធ្វើអាជីវកម្ម។​ បរិមាណ​ថាមពល​ផលិត​ប្រចាំឆ្នាំ​១០២០ លាន​គីឡូវ៉ាត់ម៉ោង តម្លៃ​លក់​អគ្គិសនី ៧,៣៥ សេន​អាមេរិកក្នុង​១គីឡូវ៉ាត់ម៉ោង។ ចំណូល​ពន្ធចូល​រដ្ឋជា​មធ្យម​ប្រមាណ ១២,៥៥ លាន ដុល្លារ​អាមេរិក ក្នុង១ឆ្នាំ ឬសរុបរួម ៣៧៦,៥​លានដុល្លារអាមេរិក ក្នុងរយៈ​ពេល​សម្បទាន ៣០ឆ្នាំ។
អំពី​ហេដ្ឋា​រចនាសម្ព័ន្ធ និង​លក្ខណៈបច្ចេក​ទេសសំខាន់ៗ​នៃ​គម្រោង​នេះ មាន​ទំនប់​២ ដំណាក់ គឺ​ទំនប់​លើ​ប្រវែង​៤៣៩ម៉ែត្រ កំពស់​១២៥​ម៉ែត្រ និងទំនប់​ក្រោម​ប្រវែង ៣២២​ម៉ែត្រ កំពស់៥៨ ម៉ែត្រ។ មាន​ស្ថានីយ៍​វារីអគ្គិសនី​២ គឺស្ថានីយ៍​វារីអគ្គិសនី​លើ​មាន​អានុភាព ២០៦​មេហ្គាវ៉ាត់ និង​ស្ថានីយ៍​វារី​អគ្គិសនី​ក្រោម មាន​អានុភាព ១៣២​មេហ្គាវ៉ាត់។ ខ្សែ​បញ្ជូន​តុង​ស្យុង ២៣០គីឡូវ៉ុល ប្រវែង​ ១៥,៥គីឡូម៉េត្រ ពីស្ថានីយ៍​វារីអគ្គិសនី​ស្ទឹងឫស្សី​ជ្រុំ​ក្រោម ទៅភ្ជាប់​ជាមួយ​ខ្សែ​បញ្ជូន​របស់​គម្រោង​វារីអគ្គិសនីស្ទឹង​តាតៃ និង​បញ្ជូន​ទៅ​អនុស្ថានីយ៍ រួម អូសោម ដែល​បន្ត​ភ្ជាប់​ទៅជា​មួ​យ​ខ្សែ​បណ្តាញ​បញ្ជូន ភ្នំពេញ-កំពង់ឆ្នាំង-ពោធិសាត់-បាត់​ដំបង ដើម្បី​ផ្គត់ផ្គង់​អគ្គិសនី​ទៅ​ទូទាំង​ប្រ​ទេស។ ខ្សែ​បញ្ជូន​តង់ស្យុង​២២គីឡូវ៉ុល ប្រវែង ៣១,៧៤​គីឡូម៉ែត្រ ភ្ជាប់ពីស្ថានីយ៍​ស្ទឹង​ឫស្សី​ជ្រុំ​ក្រោម​ទៅ​ភ្ជាប់​ជាមួយ​បណ្តាញ​ចែក​ចាយ​ទីរួមខេត្តកោះកុង។
ឯកឧត្តម ស៊ុយ សែម បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ក្នុង​អភិវឌ្ឍ​គម្រោង​វា​រី​អគ្គិសនី ឬ​ស្សី​ជ្រុំ​ក្រោម​នេះ ពិតជា​បានផ្តល់​ផលប្រយោជន៍ ជូន​ជាតិមាតុភូមិ រួមចំណែកក្នុងការបង្កើត​មុខ​របរ​ជូន​ប្រជាជន បង្កើតបាន​ប្រាក់​ចំណូល​ចូល​រដ្ឋ ជាពិសេស​បង្កើនសមត្ថភាព ផ្គត់ផ្គង់​អគ្គិសនី​ប្រកប​ដោយ​ស្ថេរភាព គុណភាព និង​តំលៃ​សមរម្យ បង្កើនកំរិត​ឯករាជ្យភាព​របស់​កម្ពុ​ជា ក្នុងការ​ផ្គត់ផ្គង់​អគ្គិសនី បង្កើន​សន្តិសុខ​ថាមពល​របស់​ជាតិ កាត់បន្ថយ​ហានិភ័យ ផ្នែក​ផ្គត់ផ្គង់​អគ្គិសនី ដែល​ពឹង​ផ្អែក​តែ​លើ​ការ​នាំចូល​ប្រេង ឥន្ធនៈ​ដើម្បី​ផលិត​អគ្គិសនី និង​បាន​ចូលរួមចំនែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​​សង្គម និងកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​។
តាម​ការបញ្ជាក់ពី​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​ឲ្យ​ដឹងថា រហូតមក​ដល់ពេលនេះ មាន​ការ​ចុះ​កិច្ច​ព្រមព្រៀង​ប្រភព​អគ្គិសនី​ចំនួន ១១​រួចមកហើយ ដែលមាន​អនុភាពផ្គត់ផ្គង់​សរុប ចំនួន ២១២៣​មេ​ហ្គា​វ៉ា​ត់។ ក្នុងចំណោម​ប្រភព​អគ្គិសនី​ទាំង​១១​នោះ មាន​ប្រភព​អគ្គិសនី​ចំនួន៨ ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ​រួចរាល់​ហើយ ដែល​អនុភាព​ផ្គត់ផ្គង់​សរុប ១០៧២​មេ​ហ្គា​​វ៉ា​ត់ រួមមាន​ទី​១៖ ការ​នាំចូល​អគ្គិសនី​ពី​ប្រទេស​វៀតណាម តាម​ច្រកភ្នំ​ដឹ​ន ខេត្តតាកែវ (១៧០​មេ​ហ្គា​វ៉ា​ត់​) ទី​២៖ ការនាំ​ចូល​ពី​ប្រទេស​ថៃ​ចំនួន ១២០​មេ​ហ្គា​វ៉ា​ត់ ទី ៣៖ វា​រី​អគ្គិសនី​គិរី​រម្យ​១(១២​មេ​ហ្គា​វ៉ា​ត់​) ទី​៤៖ វា​រី​អគ្គិសនី​កំចាយ (១៩៤.១​មេ​ហ្គា​វ៉ា​ត់​) ទី​៥៖ វា​រី​អគ្គិសនី​គិរី​រម្យ​៣ (១៨​មេ​ហ្គា​វ៉ា​ត់​) ទី​៦៖ វា​រី​អគ្គិសនី​ស្ទឹង អា​តៃ (១២០​មេ​ហ្គា​វ៉ា​ត់​) ទី ៧៖ អគ្គីសនី​ដើរ​ដោយ​ធ្យូងថ្ម (១០០​មេ​ហ្គា​វ៉ា​ត់​) និង​ទី ៨៖ វា​រី​អគ្គិសនី​ឬ​ស្សី​ជ្រុំ​ក្រោម ៣៣៨​មេ​ហ្គា​វ៉ា​ត់ ដែល​ដាក់​ឲ្យ​​ដំណើរការ​នៅថ្ងៃនេះ​៕









ឯកឧត្តម ហោ ណាំហុង រដ្ឋមន្រ្ឋីក្រសួង​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​ អញ្ជើញ​គោរព​វិញ្ញា​ណក្ខន្ធ និង​ចុះហត្ថលេខា​ចូលរួម​មរណ​ទុក្ខ នៅស្ថាន​ទូត​បារាំង ចំពោះ​ការ​បាត់បង់​ជីវិត​របស់​អ្នក​កាសែត ១២នាក់ ក្នុង​អំពើ​ភេរ​វកម្ម ទៅ​លើទី​ស្នាក់​កាសែត​បារាំង Charlie Hebdo

ឯកឧត្តម ស្វាយ ស៊ីថា ៖ ៧មករា ជាសច្ចធម៌ប្រវត្តិសាស្រ្ត រំលេច​នូវ​វីរភាពគ្មានពីរ​ របស់​ឥស្សរជន​ដែល​បានរំបោះ​ប្រជាពលរដ្ឋ​ ចេញ​ពីរបប​ប្រល័យពូជសាសន៍

ពិធី​សម្ភោធ​ដាក់​ឲ្យ​ដំណើរ​ការ​វារី​អគិ្គសនី​ស្ទឹង​ឫស្សី​ជ្រុំ​ក្រោម​ អានុភាព​៣៣៨ មេហ្គាវ៉ាត់ ក្រោម​អធិ​បតីភាព​ដ៏ខ្ពង់​ខ្ពស់​បំផុត សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃព្រះ​រាជាណា​ចក្រ​កម្ពុជា កោះកុង ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥

នាយក​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​”ព្រលះ”កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ផ្ទួនៗ​យ៉ាង​ចាស់ដៃ​ ដោយ​ចោទ​ថា​ ចុះ​ផ្សាយ​បំភ្លៃ​ការ​ពិត​

បន្ទាប់​ពី​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​០៨​ ខែមករា​ ឆ្នាំ​២០១៥​ នៅ​លេខ​១៣៥៣​ ក្រោម​អត្ថបទ​មួយ​មាន​ចំណងជើង​ថា​ "​ហូ​ សិ​ទ្ធី​ នាយក​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ជំរុញ​ជា​ដដែល​ទៅ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ឲ្យ​អ្នកស្រី​ សា​រុំ​ ធ្វើការ​សាងសង់​នៅ​លើ​ដី​នោះ​ និង​សរសេរ​ទៅ​លោក​ ប៉ា​ សុ​ជាតិ​វង្ស​ អនុញ្ញាត​ឲ្យ​អ្នកស្រី​ សា​រុំ​ ជា​តំណាង​ប្រជាពលរដ្ឋ​១៦៣​គ្រួសារ​ ចាក់​ដី​នៅ​លើ​ដី​ទំហំ​៩.៩៩២​ម៉ែត្រ​ក្រ​ឡា​ ដើម្បី​សាងសង់​ផ្ទះ​"​ រួច​មក​ ឯកឧត្តម​ ហូ​ សិ​ទ្ធី​ នាយក​ខុទ្ទកាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ បាន​សម្តែង​នូវ​ប្រតិកម្ម​យ៉ាង​ខ្លាំងក្លា​ ហើយ​បាន​ចោទប្រកាន់​ការ​ចុះ​ផ្សាយ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នេះ​ ជា​ការ​បំភ្លៃ​ការ​ពិត​ គ្មាន​សុចរិត​ភាព​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​ឯកឧត្តម​ ។​
​ជាមួយនឹង​ប្រតិកម្ម​ភ្លាមៗ​នោះ​ ឯកឧត្តម​ ហូ​ សិ​ទ្ធី​ បាន​ចេញ​លិខិតផ្លូវការ​ចុះ​ថ្ងៃ​ទី​០៨​ ខែមករា​ ឆ្នាំ​២០១៥​ ជម្រាប​ជូន​លោក​និពន្ធ​នាយក​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​ ដោយ​បាន​បញ្ជាក់​ថា​ ឯកឧត្តម​មិន​មាន​សមត្ថកិច្ច​ទៅ​បញ្ជា​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ឬ​ក៏​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ដើម្បី​ឲ្យ​ធ្វើ​កិច្ចការ​បែប​នេះ​ទេ​ ហើយ​ខុទ្ទកាល័យ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​មាន​សមត្ថកិច្ច​ត្រឹមតែ​ចេញ​លិខិត​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ពិនិត្យ​ ឬ​បើ​ចាំបាច់​សុំ​ឲ្យ​លើក​យោបល់​ជូន​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ពិនិត្យ​សម្រេច​ដ៏​ខ្ពង់ខ្ពស់​ ។​ លើស​ពី​នេះ​ ឯកឧត្តម​ស្នើ​ឲ្យ​លោក​និពន្ធ​នាយក​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​នេះ​មាន​សេចក្តី​ក្លាហាន​ចុះ​ផ្សាយ​នូវ​លិខិត​របស់​ឯកឧត្តម​នៅ​លើ​ទំព័រ​កាសែត​ទៀត​ផង​ ។​
​នៅ​ថ្ងៃ​ទី​០៨​ ខែមករា​ ឆ្នាំ​២០១៥​នោះ​ដែរ​ ឯកឧត្តម​ ហូ​ សិ​ទ្ធី​ បាន​ចេញ​លិខិត​លើក​ទី​២​របស់​ឯកឧត្តម​ជម្រាប​ជូន​លោក​និពន្ធ​នាយក​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​ ដោយ​ផ្ញើ​ជូន​នូវ​ច្បាប់​ចម្លង​នៃ​លិខិត​របស់​ឯកឧត្តម​ដែល​បាន​ផ្ញើ​ជូន​ឯកឧត្តម​ ប៉ា​ សុ​ជាតិ​វង្ស​ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​០៥​ ខែមករា​ ឆ្នាំ​២០១៥​ ដែល​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​ចុះ​ផ្សាយ​បំភ្លៃ​ថា​ ឯកឧត្តម​បាន​ចេញ​បញ្ជា​ដល់​ឯកឧត្តម​ ប៉ា​ សុ​ជាតិ​វង្ស​ ដើម្បី​ឲ្យ​លោក​និពន្ធ​នាយក​ពិនិត្យ​ពិចារណា​លើ​លិខិត​ទី​២​នេះ​ តើ​វា​ជា​"​បញ្ជា​"​ឬ​ជា​"​ដីកា​បញ្ជូន​"​ ។​
​ដោយសារ​លោក​និពន្ធ​នាយក​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​ខក​ខានមិនបាន​ចុះ​ផ្សាយ​តាម​សំណូមពរ​ នូវ​លិខិត​ទី​២​របស់​ឯកឧត្តម​ ហូ​ សិ​ទ្ធី​ នោះ​ ទើប​ឯកឧត្តម​ ហូ​ សិ​ទ្ធី​ បាន​ចេញ​លិខិត​សា​ជា​ថ្មី​ទៀត​ចុះ​ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០១៥​ ដោយ​បាន​ចោទប្រកាន់​ថា​ ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​ គឺជា​ការ​មួលបង្កាច់​ដោយ​ចេតនា​មក​លើ​រូប​ឯកឧត្តម​ ប៉ុន្តែ​ឯកឧត្តម​បាន​បញ្ជាក់​ថា​ ឯកឧត្តម​នឹង​មិន​ប្តឹងផ្តល់​ទៅ​ស្ថាប័ន​តុលាការ​ទេ​ ដោយ​ឯកឧត្តម​យល់​ឃើញ​ថា​ វា​ងាយ​ពេក​សម្រាប់​ជ័យជម្នះ​របស់​ឯកឧត្តម​នៅ​ក្នុង​រឿង​ក្តី​មួយ​នេះ​ ដ្បិត​ព័ស្តុតាង​ដែល​ឯកឧត្តម​អាច​នឹង​បង្ហាញ​ជូន​តុលាការ​វា​ច្បាស់លាស់​រហូត​ដល់​លោក​និពន្ធ​នាយក​មិន​អាច​ប្រកែក​បាន​ ។​ ប៉ុន្តែ​អ្វី​ដែល​ឯកឧត្តម​ចង់បាន​ គឺ​សុំ​ឲ្យ​លោក​និពន្ធ​នាយក​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​ធ្វើការ​សុំ​ទោស​ដល់​សាធារណ​មតិ​កម្ពុជា​ និង​អន្តរជាតិ​ ដោយ​អំពើ​បំភ្លៃ​ភូត​កុហក​បោកប្រាស់​របស់​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​ ។​
​មជ្ឈដ្ឋាន​អ្នក​តាមដាន​សេរីភាព​បញ្ចេញមតិ​តាម​រយៈ​សារព័ត៌​មាននៅ​កម្ពុជា​ បាន​សម្តែង​នូវ​ការ​ភ្ញាក់ផ្អើល​ដែរ​ថា​ ច្បាស់​ណាស់​ជំហរ​នយោបាយ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ គឺ​មាន​ទំនោរ​គាំទ្រ​ទៅ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​នយោបាយ​កាន់កាប់​អំណាច​នៅ​កម្ពុជា​ ដែល​ក្នុង​នោះ​ឯកឧត្តម​ ហូ​ សិ​ទ្ធី​ ក៏​ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុ​ជាមួយ​រូប​ដែរ​ ក្រៅពី​បាន​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ និង​ជានា​យក​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ តើ​ចុះ​ហេតុ​អ្វី​ឯកឧត្តម​ ហូ​ សិ​ទ្ធី​ មាន​ប្រតិកម្ម​ខ្លាំងក្លា​ដល់​ថ្នាក់​ហ្នឹង​ទៅ​លើ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ ឬ​ក៏​ការ​ចុះ​ផ្សាយ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ពិតជា​មាន​កំហុស​ធ្ងន់ធ្ងរ​ប៉ះពាល់​ដល់​កិត្តិយស​របស់​ឯកឧត្តម​ ហូ​ សិ​ទ្ធី​ ប្រាកដ​មែន​ ?​ ៕​









ព្រះមហាក្សត្រ តែងតាំង​លោក ផៃ ប៊ុន​ឈឿន ជាទី​ប្រឹក្សា​ផ្ទាល់​នាយករដ្ឋមន្ត្រី​

ភ្នំពេញ: ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំង​លោក ផៃ ប៊ុន​ឈឿន អតីត​អភិបាល នៃ​គណៈ​អភិបាល ខេត្តកណ្តាល បច្ចុប្បន្ន ជា​អនុរដ្ឋលេខាធិការ ក្រសួង មហាផ្ទៃ ជាទី​ប្រឹក្សា​ផ្ទាល់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ត្រូវ​ទទួលបន្ទុក​អនុវត្ត ព្រះរាជក្រឹត្យ​នេះ ចាប់ពី​ថ្ងៃ​ឡាយ​ព្រះ​ហ​ស្តលេខា តទៅ​។ នេះ​បើ​យោងតាម ព្រះរាជក្រឹត្យ ចុះ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៤ ដែល​ត្រូវបាន​ចម្លង​ផ្សព្វផ្សាយ កាលពី​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៥៕