Friday, January 23, 2015

ទស្សនៈ ដោយ សុខ អភិវឌ្ឍន៍​ ៖ លោក ហ៊ុន សែន គ្មាន​សម​ត្ថកិច្ច​​លើ​ស្ថាប័ន​​តុលាការ​ទេ

ច្បាប់​បង្កើត​ឡើង​សម្រាប់​គ្រប់​គ្រង​ការ​​ទំនាក់​ទំនង​ក្នុង​សង្គម និង​ធ្វើ​ឲ្យ​​មាន​នូវ​សន្ដិ​សុខ សណ្ដាប់​ធ្នាប់​សាធារណៈ គឺ​ដើម្បី​ធានា​នូវ​ភាព​សុខ​សាន្ដ​ជូន​ប្រជាពលរដ្ឋ​ និង​ក្នុង​គោល​បំណង​រៀប​ចំ​សង្គម​មួយឲ្យ​ប្រជាពលរដ្ឋ​រស់​នៅ​ដោយ​ស្មើ​ភាព​គ្នា រស់​នៅ​ស្ថិត​ក្រោម​ច្បាប់ ហើយ​ក៏​គ្មាន​នរណា​ម្នាក់​រស់​នៅ​​ក្រៅ​ច្បាប់​នោះ​ដែរ។

កម្ពុជា ក៏​មិន​ខុស​គ្នា​ទៅ​នឹង​ប្រទេស​ដទៃ​នោះទេ ព្រោះ​កម្ពុជា​ជា​រដ្ឋ​ដែល​មាន​អធិប​តេយ្យ​ មាន​របប​នយោបាយប្រជាជនទឹក​ដីមួយ​ច្បាស់​លាស់ និង​ក៏​មាន​ប្រព័ន្ធ​ច្បាប់​សម្រាប់​អនុវត្ត​​ផង​ដែរ។

ប្រព័ន្ធ​ច្បាប់​កម្ពុជា ត្រូវ​បាន​បែង​ចែក​ជា ៣ ដាច់​ដោយ​ឡែក​ពី​គ្នា គឺ​អំណាច​នីតិ​ប្ប​ញ្ញត្តិ អំណាច​នីតិ​ប្រតិបត្តិ និង​អំណាច​តុលាការ។ អំណាច​ទាំង​ ៣ ត្រូវ​បាន​បែង​ចែក​នូវ​ការ​ទទួល​ខុសត្រូវការ​គ្រប់​គ្រង និង​សមត្ថកិច្ច​រៀង​ៗ​ខ្លួន ជា​ពិសេស​ស្ថាប័ន​ទាំង​នេះ មិន​អាច​ជ្រៀត​ជ្រែក ឬ​លូក​ដៃ​ចូល​ក្នុង​សមត្ថ​កិច្ច​នៃ​ស្ថាប័ន​ណា​មួយ​ បាន​នោះឡើយ។

យោង​លើ​ប្រសាសន៍​របស់​លោក ហ៊ុន សែន ដែល​បាន​ថ្លែង​ក្នុង​ឱកាស​ប្រគល់​សញ្ញា​​បត្រ​ដល់​និស្សិត​សាកល​វិទ្យាល័យ​ស្វាយ​រៀង កាល​ពី​ថ្ងៃ​ទី ១៩ ខែមករា កន្លង​មក​ បាន​​បញ្ជាក់​យ៉ាង​ច្បាស់​ថា ចំពោះ​ករណី​ដែល​សុំ​ឲ្យ​លោក​​មានការ​អន្ដរាគមន៍​លើ​សមត្ថ​កិច្ច​តុលាការ​ចំពោះ​ការ​លុប​បណ្ដឹង​អាជ្ញា ដើម្បី​ឲ្យ​អ្នក​ទាំង ៧នាក់​ របស់​គណបក្ស​សង្រ្គោះ​ជាតិ ពាក់​ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​បទ​ល្មើសព្រហ្ម​ទណ្ឌ ត្រូវ​បាន​រួច​ខ្លួន និង​រួច​ពី​ការ​ចោទ​ប្រកាន់ គឺ​​មិន​​ត្រូវ​បាន​កើត​ឡើង​ឡើយ។

ស្ថិត​ក្នុង​បរិការ​នេះ លោក ហ៊ុន សែន ដោយ​ឈរ​លើ​គោល​ការណ៍​ច្បាប់​ជា​ធំ និង​យល់​ច្បាស់​អំពី​ច្បាប់​ទម្លាប់ ដោយ​ចង់​បង្ហាញ​ឲ្យឃើញ​ថា ប្រទេស​មាន​ច្បាប់ គ្រួសារ​មាន​វិន័យ ដូច្នេះលោក​គ្មានសិទ្ធិ​អំណាច​អ្វី​ដែល​អាច​បញ្ជា​ទៅ​លើ​ស្ថាប័ន​តុលាការ​បាន​នោះ​ទេ។

​សូម​បញ្ជាក់​ផងដែរ​ថា នៅ​ក្នុង​រឿង​ក្ដី​ព្រហ្ម​ទណ្ឌ រាល់​ការ​ចោទ​ ឬ​មិន​ចោទ​ ឬ​លើក​ការ​ចោទ​ ជា​សមត្ថកិច្ច​តែ​មួយ​គត់​របស់​ព្រះ​រាជអាជ្ញាតែ​ប៉ុណ្ណោះ​។

ជុំ​វិញ​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន បាន​រំលេច​ឲ្យ​ឃើញ​ថា មិន​ថា​​បុគ្គល​ណា​នោះ​ទេ បើ​បាន​ប្រព្រឹត្ត​អ្វី​ដែល​ផ្ទុយ ឬ​លើស​ពី​ការ​កម្រិត​របស់ច្បាប់ ​បុគ្គល​នោះ​ត្រូវ​តែ​ប្រឈម​ជា​ដាច់​ខាត​ចំពោះ​មុខ​ច្បាប់ ទោះ​បី​ជន​នោះ មាន​បុព្វ​សិទ្ធិ អភ័យឯកសិទ្ធិ​សភា ឬ​ជា​ជន​ធម្មតា​ក៏​ដោយ ក៏​ត្រូវ​តែ​ទទួល​ទោស​ដូច​គ្នា។ ច្បាប់​មិន​បាន​បែង​ចែក​ខ្ពស់​ ទាប មាន ក្រទេ តែ​ច្បាប់​​បាន​បែង​ចែក​អ្នក​ប្រព្រឹត្ត​ខុស គឺ​ចាំបាច់​ត្រូវ​ចាប់​យក​មក​ផ្ដន្ទាទោស។

បើ​សិន​ជា​លោក ហ៊ុន សែន ក៏​ដូច​ជា​តំណាង​រាស្ដ្រ​ទាំង​ ៦៨​រូប​ របស់​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​ទៅ​តាម​ការ​ទទូច​របស់​គណបក្ស​សង្រ្គោះ​ជាតិ ​នៅ​ពេល​នោះ កម្ពុជា​នឹង​បង្កើត​ឲ្យ​មាន​នូវ​អំពើ​និទណ្ឌ​ភាព​ ហើយ​អ្នក​មាន​អំណាច មាន​លុយ​មាន​កាក់ នឹង​ត្រូវ​បាន​រួច​ខ្លួន។ ក្នុង​ន័យ​នេះហើយ​ក្នុង​នាម​ជា​ប្រមុខ​រាជ​រដ្ឋាភិបាល​ផង​នោះ ទើប​លោក ហ៊ុន សែន បាន​ប្រកាស​ជំហរ​​មិន​យល់​ព្រម​ជា​ដាច់​ខាត។

យើង​នៅ​ចាំ​បាន​ថា រាល់​លើក​នៃ​ការ​ធ្វើ​សកម្ម​ភាព​ណា​មួយ មិនថា​ការ​ចុះ​ជួប​ពលរដ្ឋ ឬ​ការ​ធ្វើ​បាតុកម្ម កុប្ប​កម្ម​ ​ពីថ្នាក់​ដឹកនាំ​​គណបក្ស​ប្រឆាំង​មួយចំនួន​ប៉ុណ្ណោះ​ទេ ហើយ​ថែម​ទាំង​ចូល​ចិត្ត​លើក​ឡើង​ដោយ​ក្អេង​ក្អាង និង​បង្កប់​នូវ​ភាព​អុច​អាល ញុះ​ញង់ បញ្ឆេះ​កំហឹង​ឲ្យ​ខ្មែរ​ស្អប់​ខ្មែរ ជា​ពិសេស​ហាក់​បង្ហាញ​ប្រាប់​ថា ខ្លួន​មាន​សិទ្ធិ​អំណាចគ្រប់​បែប​យ៉ាង​ ទោះ​បី​ជា​ប្រទេស​មាន​ច្បាប់​ក៏ដោយ ក៏​មិន​អាច​ធ្វើ​អ្វី​ខ្លួន​កើត​ដែរ។

ស្ថិត​ក្នុង​ទិដ្ឋ​ភាព​នេះ ត្រូវ​បាន​អ្នកវិភាគ​មួយចំនួន​លើក​ឡើង​ជា​រឿយ​ៗ​ថា ការ​ធ្វើ​សកម្ម​ភាព​ស្ទើរ​តែ​រាល់​លើក​របស់​គណបក្ស​សង្រ្គោះ​ជាតិ គឺ​ចូល​ចិត្ត​បំពារ​បំពាន ស្វែង​រក​ប្រយោជន៍ និងចូ​ល​ចិត្ត​​យក​ប្រជាពលរដ្ឋ​ធ្វើ​ជា​ខែល​ដើម្បី​បិទ​បាំង​​ទង្វើ​ដែល​ខ្លួន​​បាន​ធ្វើ​ខុស​។

សរុបមក​ ក្នុង​នាម​ជា​អ្នក​និពន្ធ​មួយ​រូប ខ្ញុំ​សូម​​មិន​គាំទ្រ​ជា​ដាច់​ខាត​នូវ​ទង្វើ​របស់​គណបក្ស​ នយោបាយ​ណាមួយ ដែល​ព្យា​​យាម​រុញ​ឲ្យ​កម្ពុជាកើត​មាន​នូវ​អំពើ​និទណ្ឌ​ភាព​ និង​ម្យ៉ាង​ទៀត​ ដូច​ការ​​រៀប​រាប់​ខាង​លើនេះ ខ្ញុំ​​មិន​បាន​មើល​ឃើញ​ថា លោក ហ៊ុន សែន មាន​ការ​ជ្រៀត​ជ្រែក លូក​ដៃ​ទៅ​លើ​សមត្ថកិច្ច​របស់​តុលាការ​នោះ​ទេ តែ​ផ្ទុយ​ទៅវិញ​មតិ​យោបល់​ដែល​លោក ហ៊ុន សែន បានលើក​ឡើង​ក្នុង​ន័យ​ជំរុញ​ឲ្យ​តុលាការ​មាន​វិធានការ​តឹង​រឹង​ទៅ​លើ​អ្នក​ប្រព្រឹត្ត​បទ​ល្មើស គឺ​ជា​ការ​ចូល​រួម​ពង្រឹង​នីតិ​រដ្ឋ​នៅកម្ពុជា​​​តែ​ប៉ុណ្ណោះ។

ដូច្នេះ​តុលាការ​ មាន​សមត្ថកិច្ច និង​​ជា​អ្នក​ធ្វើ​ឲ្យ​សង្គម​ទទួល​បាន​នូវ​យុត្តិ​ធម៌ គប្បី​​​​ត្រូវ​តែ​ចាប់​​​អ្នក​ប្រព្រឹត្ត​​ល្មើស​យក​ទៅ​ផ្ដន្ទា​ទោស​តាម​ផ្លូវ​ច្បាប់ ដោយ​មិនឲ្យ​ជន​ណា​ម្នាក់​ដែល​ធ្វើ​ខុស​ហើយ គេ​ច​ផុត​ពី​សំណាញ់​ច្បាប់ឡើយ។


អត្ថបទ៖ សុខ អភិវឌ្ឍន៍