Sunday, January 25, 2015

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន ថ្លែងថា ការ​សម្រេច​​បង្កើត​បាន ICC ​ព្រះវិហារ គឺជា​ជោគ​ជ័យ​ដែល​កើត​​ពីការ​​តស៊ូ​យ៉ាង​តឹង​តែង​បំផុត

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ថ្លែងថា ដំណើរការបង្កើត​ គណៈកម្មាធិការអន្តរ​ជាតិសម្រប​សម្រួល​កិច្ច​អភិ​រក្ស​​និង​​ អភិវឌ្ឍរមណីដ្ឋានប្រា​សាទព្រះ​វិហារ(ICC‑ Preah  vihear) គឺស្ថិតក្រោមស្ថានការជំទាស់តវ៉ា​យ៉ាងតឹង​តែង​​ជាទីបំផុតពីភាគីថៃ ទំរាំគណៈកម្មាធិការមួយនេះ លេចចេញជារូបរៀងឡើងជាស្ថាពរបាន។

ធ្វើបាឋកថា ស្តីពី ដំណើរការបង្កើតគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចអភិរក្ស  និងអភិវឌ្ឍន៏ រមណីដ្ឋាន​​ប្រាសាទព្រះវិហារ  នៅវិមានមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី២៣  មករានេះ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ  អាន ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានរំលឹកអំពីសាវតា​ទាក់ទង​និងដំណើររឿងក្តីប្រាសាទព្រះវិហារ និងភាពជោគជ័យក្នុងការបង្កើតឡើងនូវគណៈកម្មាធិការ ICCPreah  vihear​នេះ គឺបានមកដោយឆ្លងកាត់ឧបសគ្គ័ដ៏ស្មុគស្មាញក្រោម​ការប្រឹងប្រែងតស៊ូយ៉ាងស្វិតស្វាញ​បំផុតរបស់​កម្ពុជា ក្រោ​ម​គំ​និត​ដឹក​នាំ​ដ៏​ឈ្លាសវៃ​ និង​ប៉ិន​ប្រសប់​របស់​សម្តេចតេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីសវតាជាបន្តបន្ទាប់​  ចាប់ពីសម័យកាលព្រះករុណាព្រះបាទសម្តេច​ព្រះ​​នរោត្តម​សីហនុព្រះមហាវីរៈក្សត្រ ព្រះបរមរតនកោដ្ឋ  ព្រះអង្គបានធ្វើ​ ការតស៊ូមតិនៅលើឆាក​អន្តរជាតិនិង​បាន​ប្តឹងទៅកាន់តុលាការអន្តរជាតិក្រុងឡាអេ ដើម្បី​ទាមទាយកម​ក​វិញប្រាសាទ​ព្រះវិហារ​ខ្មែរ​ ។ការទាមទានេះធ្វើ​ឡើង​ ក្នុងស្ថានការយ៉ាងតឹងតែងបំផុតក្រោមការប្រឆាំងពីភាគីថៃ។រហូតដល់ឆ្នាំ១៩៦២  តុលាការអន្តរជាតិក្រុង​ឡា​អេ​បាន​​វិនិច្ឆ័យ​លើសុំណុំ​រឿងពិនិត្យឃើញថាប្រាសាទព្រះវិហារស្ថិតក្នុងទឹកដីរបស់កម្ពុជា   ទើបតុលាការសម្រេចក្តីឲ្យ​កម្ពុជាជាម្ចាស់គ្រប់គ្រង  និងបានឲ្យភាគីថៃដកឆ្មាំចេញពីតំបន់ប្រាសាទព្រះវិហារ ព្រមទាំងឲ្យថៃសងមកឲ្យកម្ពុជា​វិញនូវវត្ថុបុរាណដែលថៃបានលួចយកចេញពីប្រាសាទនេះ។

ឯកឧត្តមបានបន្តទៀតថា បើទោះបីតុលាការក្រុងឡាអេចេញសាលដីការសម្រេចឲ្យកម្ពុជាឈ្នះក្តីទទួលស្គាល់ប្រា​សាទព្រះវិហារថាជារបស់ខ្មែរក៏ពិតមែន  ប៉ុន្តែភាគីថៃនៅតែបង្ករបញ្ហាឥតឈប់ឈរ ​ដោយពិនិត្យឃើញ​ស្ថានភាព​ស្មុគស្មាញនៅតែកើតមាននៅឆ្នាំ២០០១ រាជរដ្ឋាភិបាលក​ម្ពុជាបានសម្រេចស្នើដាក់បញ្ចូលប្រាសាទព្រះ​វិហារ​ទៅ​ ក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក។ ដំណាក់កាលនេះកម្ពុជាបានប្រឈមនឹងការជំទាសតវ៉ាពីភាគី​ថៃយ៉ាង​ក្តៅ​គគុក  ប៉ុន្តែដោយភាពអំណត់ព្យាយាម និងការប្រឹងប្រែងតស៊ូរបស់កម្ពុជា នៅ​ទីបំផុត អង្គការយូណេស្កូ បាន​សម្រេច​ចុះ​ប្រា​ សាទព្រះវិហាររបស់ខ្មែរចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នៅទីក្រុងកេប៊ិច  ប្រទេស​កាណាដា  កាល​ពីឆ្នាំ២០០៨។ ទោះជាប្រាសាទព្រះវិហារបានចូលជាសម្ប​ត្តិវប្បធម៌មនុស្សជាតិរបស់​ពិភព​លោក​​​ទាំង​មូលក៏ដោយ  ក៏មហិច្ឆតាឈ្នានិសរបស់ថៃនៅតែតាមដាក់បញ្ហា រហូតបង្ករឲ្យមានការរំ​លោភទាំង​កំ​រោល​ដោយកម្លាំង​ប្រដាប់​អាវុធមកលើ​អធិបតេយ្យ​កម្ពុជា​ ហើយទាហានថៃបានបាញ់បំផ្លាញយ៉ាងដំណំ​មកលើ​ប្រាង្គ​ប្រាសាទព្រះវិហារ និង​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​ខ្លាំង​រវាងកម្ពុជា​‑ថៃ​។
​​
ដោយរង​នូវ​គ្រាប់​កាំ​ភ្លើងថៃ បាន​នាំ​ឲ្យស្ថានភាពកាន់តែគ្រោះថ្នាក់នៃប្រាសាទបុរាណដ៏ចំណាស់មួយនេះ​ទាមទា​ឲ្យមាន​ការការ​ពារ ជួសជុល និង​អភិរក្ស​ជាបន្ទាន់  ដោយ​កម្ពុជាក៏បានស្នើសុំបង្កើត​ឡើងនូវគណៈកម្មាធិការ​អន្តរជាតិ​សម្របសម្រួល កិច្ចអភិរក្ស និង​អភិវឌ្ឍន៏រមណីដ្ឋានប្រាសាទព្រះវិហារ​នេះឡើង។ការស្នើបង្កើត​គណៈ​កម្មាការ​អន្តរជាតិមួយនេះទទួបានលទ្ធផល ជោគ​ជ័យ​ក្រោមការគាំទ្រពីភាគីថៃដោយមានសហប្រធានដឹកនាំពីររូប គឺ ឥណ្ឌា និងចិន ។

ឯកឧត្តមបានឲ្យដឹងថា ការបង្កើតគណៈកម្មាធិការអន្តរជាតិសម្របសម្រួល កិច្ចអភិរក្ស និងអភិវឌ្ឍន៏រមណី​ដ្ឋាន​ព្រះវិ​ហារនេះ   គឺដើម្បីស្វែងរកការជួយឧបត្ថមគាំទ្រពីបណ្តាប្រទេសមិត្តភក្តិនានាក្នុងការជួយជួសជុលអភិវឌ្ឍន៏ ​តំប​ន់​​ប្រា​សាទព្រះ​វិហារនេះឡើងវិញដោយសារប្រាសាទព្រះវិហារ បាន​ដាក់ជាសម្បត្តវប្បធម៌​របស់មនុស្សជាតិ​នៅ​លើ​សកលលោកទាំងមូល។
សូមបញ្ចាក់ថា ​ បន្ទាប់ពីប្រកាសឲ្យដំណើរការគណៈកម្មាធិការ (ICC PREAH VIHEAR ) នេះ កាលពីថ្ងៃទី២ និង​​ទី៣​ខែធ្នូឆ្នាំ២០១៤​កន្លងមកនេះគណៈកម្មាធិការ (ICC PREAH VIHEAR )  ក៏បានបើកកិច្ច​ប្រជុំលើកទី១​របស់​ខ្លួន​ដោយ​​បាន​សំដែងទស្សនៈជាឯកច្ឆ័ន​យល់ស្រប់លើកគម្រោងអាទិភាពសំខាន់ៗ ដើម្បីស្តារនិង​ជួសជុល​ជា​​បន្ទាន់។

ក្នុងនោះគណៈកម្មាធិការ (ICC PREAH VIHEAR )  បានសម្រេច​ដាក់​គោបុរៈទី៥ ទៅក្នុងគម្រោងអាទិភាព​ចាំ​បាច់​ ដោយពិនិត្យឃើញថា ស្ថានភាពនៃគោ​បុរៈ​ទី៥នេះកំពុង​ទទួល​រងនូវ​ភាព​ទ្រុឌទ្រោមយ៉ាងធ្ងន់ធ្ងរស្ទើរតែរលំទៅ​ហើយ គ្រោងចំណាយទឹក​​ប្រាក់​​ប្រហែលចន្លោះពី​១លាន៨សែន​​ ទៅ​២​លាន​ដុល្លារសហរដ្ឋអាមេរិកសម្រាប់រយៈ​ពេលអនុវត្ត៥ឆ្នាំ។

ចំពោះគម្រោងជួសជុល​គោ​បុរៈផ្សេងៗទៀត​ក៏​បាន​វាយតម្លៃរួចរាល់ផងដែរក្នុងនោះ​​គោបុរៈ​​​ទី១ តាមផែន​ការ​​គ្រោង​អនុ​វត្ត​​​ រយៈពេល១៥ឆ្នាំ ​ក្នុងទំហំទឹកប្រាក់ ប្រមាណ​ជាង៥លាន​ដុល្លារ អាមេរិក​។ ​គោ​បុរៈទី៣ ​ត្រូវ​ប្រើ​ប្រាស់រយៈពេលជួសជុលក្នុងចន្លោះពី៣​ទៅ៥​ឆ្នាំ  គ្រោង​​ចំណាយ​​ថ​វិការ​ប្រមាណ​ជាង២លាន ៥​សែន​ដុល្លារ​។ និងគម្រោងជួសជុលស្រះទឹកនៅគោ​បុរៈ​​ទី៤ គ្រោងនឹងចំណាយទឹកប្រាក់៣លាន ៥​សែន​ដុល្លារ​​អាមេរិក​ ក្នុងរយៈពេល៣ឆ្នាំ។​

ឯកឧត្តម​បានឲ្យដឹងថា ICCព្រះវិហារ នេះមាតួនាទីសំខាន់ណាស់ មិនត្រឹមតែជួយដល់ការងារគ្រប់​គ្រង​ប៉ុណ្ណោះទេ ប៉ុន្តែ​​​គណៈ​កម្មាធិការអន្តរជាតិមួយនេះ ​គឺជាអ្នកជួយក្នុងការគៀងគរថវិកា ​និងការសិក្សា​អំពី​បច្ចេកទេស សម្រាប់​ការ​ងារអភិ​រក្ស ជួសជុល និង​ការអ​ភិវឌ្ឍប្រាសាទព្រះវិហារ បានយ៉ាងពេញលេញ​។​ ហើយអ្វីជាសារៈប្រយោជន៍​​ធំទទួលបានពីការអភិរក្ស​ និងអភិវឌ្ឍន៍​ប្រាសាទព្រះវិហារនេះ ​​គឺប្រជាពល​រដ្ឋ​កម្ពុជាដែល​រស់នៅក្នុងតំបន់នេះ​ទទួល​បាន​អត្ថ​​ប្រយោជន៍​ជាច្រើន ពីគម្រោងអភិវឌ្ឍន៍​ទាំង​​ឡាយ  ​អាចជួយលើក​ស្ទួយជីវភាពរស់នៅរបស់​ពួកគាត់​ឲ្យ​កាន់តែរីកចំរើនប្រសើរថែមទៀត។


ជា​ចុង​បញ្ចប់​នៃបទបឋកថា ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី បាន​សង្កត់​ធ្ងន់​ថា​ នៅ​ពេល​នេះ កម្ពុជា​ មាន​ប្រទេស​មហាយក្ស​ធំៗចំ​នួន​ពីរ គឺ​ សាធារណរដ្ឋប្រជា​មាន​និតចិន និង​ឥណ្ឌា ធ្វើ​ជា​សហប្រធាន​ ICC – Preah Vihear គឺបាន​នាំ​ឲ្យ​បរិកាសនៃ​ប្រាសាទ​ព្រះ​វិហារ​ប្រៀប​បាន​នឹង​ ច័ន្ទ​ពេញ​ទឹកឃ្មុំ​ បន្ទាប់​ពី​បាន​ឆ្លង​នូវ​ដំ​ណាក់​កាល​តស៊ូ​ដ៏​ស្វិត​ស្វាញ​តាំង​ពី​ឆ្នាំ​២០០១‑ ២០០៨ មក​ឆ្នាំ​២០១៤ និង​មកដល់​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៤ កន្លង​មក​នេះ មាន​ការ​ផ្លាស់​ប្តូរមួយ​ដ៏​​យ៉ាងធំ គឺ​ផ្លាស់​ប្តូរ​ពី​ការ​ប្រទុសរាយ​ មក​ជា​ការ​កសាង​សន្តិភាព​ មិត្តភាព​ និង​សហប្រតិបត្តិការ ដោយ​មាន​ប្រទេសមហាអំ​ណាច និង​អង្គ​ការ​យូណេស្កូ​ ចូលរួម​គាំ​ទ្រជ្រោម​ជ្រែង។​ នេះ​ ជា​ជោគ​ជ័យ​ដ៏​ធំ​ធេង​បំ​ផុត​ក្រោម​ការ​ដឹក​នាំ​ដ៏​ត្រឹម​ត្រូវ​របស់​សម្តេច​តេជោ​​ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​របស់​កម្ពុជា​៕