Thursday, March 12, 2015

សេចក្តីប្រកាសព័ត៌មានរួម ថវិកា១២.៣លាន​ដុល្លាអាមេរិក​ ត្រូវបានផ្តល់​ដោយ​សហភាពអឺរ៉ុប​ ប្រទេសស៊ុយ​អែដ​ និងកម្មវិធី​អភិវឌ្ឍន៍សហ​ប្រជាជាតិ



Joint Press Release, 12.3 Million US$ committed EU, Sweden and UNDP for the second phase of the Cambodia Climate Change Alliance



សម្តេច ព្រះវររាជមាតា ចេញព្រះសារលិខិត ជូនជនរួមជាតិបញ្ជាក់អំពី «វត្តសំពៅប្រាំ» នៅលើកំពូលភ្នំបូកគោ

សម្តេចព្រះក្សត្រីយានី ព្រះវររាជមាតា នរោត្តម មុនីនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា បាន ចេញ ព្រះសារលិខិតជូនជនរួមជាតិជ្រាប អំពីឈ្មោះវត្តសំពៅប្រាំ ពីទីក្រុងប៉េកាំង នៅថ្ងៃទី១១ ខែ​មីនា ឆ្នាំ២០១៥ ដែលនៅក្នុងព្រះសារលិខិតរបស់សម្តេចម៉ែនោះ បានបញ្ជាក់ថា «វត្តបុរាណ​មួយ​ដែល​ស្ថិតនៅលើ កំពូលភ្នំបូកគោ មានឈ្មោះថា វត្តសំពៅប្រាំ បានកសាង​ឡើងដោយ​សម្តេច​ព្រះវរ​រា​ជនី ដែលជាព្រះមាតា ព្រះករុណា ព្រះបាទសម្តេច ព្រះស៊ីសុវតិ្ថ មុនីវង្ស ព្រះខត្តិយកោដ្ឋ ។ បានជា​ប្រសិទ្ធនាមវត្តសំពៅប្រាំនេះ ព្រោះមានផ្ទាំងសិលាចំនួន៥ ដែលមានរូបរាងជាសំពៅ» ។

សូមជម្រាបថា ការចេញព្រះសារលិខិតរបស់សម្តេចម៉ែ បញ្ជាក់អំពីវត្តសំពៅប្រាំដែលស្ថិតនៅលើ កំពូលភ្នំបូកគោនេះ ធ្វើឡើងក្រោយពីមានភាពមន្ទិលសង្ស័យ រវាងមន្រ្តីរាជរដ្ឋាភិបាល ជាមួយ​នឹងតំណាងរាស្រ្ត៕



សម្តេច​តេជោ ហ៊ុន សែន​ប្រគល់​សញ្ញា​បត្រជូន​និស្សិត​វិទ្យា​ស្ថានវ៉ាន់​ដា៣ ១៦៩នាក់

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម ជា អធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់របស់វិទ្យាស្ថានវ៉ាន់ដា សរុបជំនួន ៣.១៦៩នាក់ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៥ នៅមជ្ឈ​មណ្ឌល​​សន្និបាត​កោះពេជ្រ ។

ថ្លែង​សុន្ទរថា​ស្វាគមន៍ លោក ហេង វ៉ាន់ដា នាយកវិទ្យាស្ថានវ៉ាន់ដា បានបញ្ជាក់ថា ដោយ​ឈរលើ​មូលដ្ឋាននៃការពង្រឹងគុណភាពអប់រំ ក៏ដូចជាការផ្តល់នូវភាពជឿជាក់ពីគ្រប់មជ្ឈដ្ឋាន​សិក្សា ពិសេស​អាណាព្យាបាលសិស្សនោះ វិទ្យាស្ថាន មានចក្ខុវិស័យច្បាស់លាស់ ក្នុងនោះគឺ បន្តពង្រឹងគុណភាពប្រព័ន្ធ គ្រប់គ្រងផ្ទៃក្នុង, ពង្រឹងគុណភាពសាស្ត្រាចារ្យ, ពង្រឹងវិន័យរបស់​សិស្សឲ្យស្របតាមសេវាវិស័យអប់រំ ក្នុងគោលបំណងអនុវត្តឲ្យបានល្អប្រសើរ តាមកម្រឹត​ស្តង់ដាមួយប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព​ខ្ពស់។ ក្រៅពីនោះ វិទ្យាស្ថានក៏​បានពង្រឹង​បន្ថែមនូវទីតាំង អគារសិក្សា បណ្ណាល័យ អ៊ិនធើណែត ដោយ​បំពាក់សម្ភារៈសិក្សាទំនើបៗ សម្រាប់អ្នកសិក្សាទូទៅ ក្នុងគោលដៅពង្រីកការទំនាក់ទំនងឲ្យបានល្អ ជាមួយវិស័យអប់រំ​ផ្នែករដ្ឋ ឯកជន និងដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិជាច្រើន ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អំពាវនាវដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ កង​កម្លាំង​ប្រដាប់អាវុធ  ជាពិសេសអ្នកធំ ត្រូវធ្វើអក្ខរកម្មព័ត៌មានវិទ្យា ។ សម្តេចបានបញ្ជាក់ថា កាល​ពីមុន​​សម្តេច​ប្រកាសធ្វើអក្ខរកម្មកុំព្យូទ័រ តែឥឡូវត្រូវធ្វើអក្ខរកម្មព័ត៌មានវិទ្យា ព្រោះវាទូលំ​ទូលាយ ប្រើពេល​វេលាការងារ​ខ្លី ហើយ​សម​នឹង​ការ​ប្រកាសថា រាជរដ្ឋាភិបាលអ៊ីឡិចត្រូនិក  ។
សម្តេចនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ផងដែរថា បច្ចុប្បន្នមន្រ្តីរដ្ឋសភា និងមន្រ្តីជាន់​ខ្ពស់​របស់រាជរដ្ឋាភិបាល​មួយ​ចំនួន​មិនទាន់ចេះបើកកុំព្យូទ័រនៅឡើយទេ ។ ជាមួយគ្នានេះ សម្តេច​នាយករដ្ឋមន្រ្តី ក៏បាន​ជំរុញ​មន្រ្តី​រាជរដ្ឋាភិបាល ឲ្យសិក្សាស្វែងយល់បន្ថែមទៅលើកម្មវិធី​លើ​ទូរស័ព្ទស្មាតហ្វូនដូច  ជាការប្រើ SMS, E-mail, WhatsApp និង Viber ជាដើម ព្រោះការប្រើ​ប្រាស់កម្មវិធីនេះ ជួយសម្រួលឲ្យការធ្វើ  ការងាររបស់មន្រ្តីបានកាន់តែលឿន និងទាន់​សភាព​ការណ៍។ សម្តេច ក៏បានរំលេចឡើងផងដែរថា ការងារមួយចំនួនធំ ត្រូវបានសម្តេចទាក់ទង​តាមប្រព័ន្ធ WhatsApp បូករួម  ទាំងកិច្ចចរចារ​ស្តីពី​វិសោធនកម្ម​ច្បាប់បោះឆ្នោតផងដែរ ។

សម្តេចតេជោ ក៏បានធ្វើការកោតសរសើរដល់អ្នកគ្រប់គ្រងសាលា បុគ្កលិក សាស្ត្រាចារ្យ ទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញការងារកន្លងមកបានល្អប្រសើរ រហូត​ដល់ទទួល​បានជ័យលាភីយ៉ាងល្អប្រសើរ ដែលភាគច្រើនវិទ្យស្ថាននេះ មាននិស្សិតនារីច្រើនជាងបុរស និង​កោតសរសើរចំពោះអាណាព្យាបាលសិស្សទាំងអស់ ដែលបានចំណាយលុយ​កាក់ឲ្យ​កូន​មករៀន។ សម្តេចក៏បានអំពាវនាវដល់យុវជនទាំងអស់ឲ្យជៀសឆ្ងាយពីគ្រឿងញៀន ព្រោះ​យើង​ស្ថិតក្នុងវ័យ​សិក្សា​ ហើយគ្រឿងញៀននេះ គឺជំហ៊ានដំបូងវាបានបំផ្លាញខ្លួនយើងផ្ទាល់ បំផ្លាញគ្រួសារ និងសង្គមជាតិ​ផងដែរ។ សម្តេចនាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីសង្ឃឹមថា និស្សិតដែលទទួលបានជ័យលាភី​នាពេលនេះ នឹងបន្តខិតខំសិក្សាស្រាវជ្រាវបន្ថែមទៀត ដើម្បី​បង្កើនចំណេះដឹង បង្កើនសមត្ថភាពខ្លួន និងមានការងារធ្វើល្អ៕



ស.ស.យ.ក ធ្វើសន្និសីទសារព័ត៌មាន ប្រកាសពីការរៀបចំ ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០១៥


នៅព្រឹក​ថ្ងៃទី១២​ ខែមីនា​ ឆ្នាំ២០១៥​នេះ ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​(ស.ស.យ.ក)​ បាន​ធ្វើ​សន្និសីទ​សារព័ត៌​មាន​ ដើម្បី​ប្រកាសពី​ការរៀប​ចំ​ ព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្ត​ឆ្នាំ​២០១៥​ ដែល​រៀបចំ​ឡើង​នៅ​ ទី​ស្នាក់ការ​កណ្តាល​របស់ ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដោយ​ លោក​ សោម ​រតនា​ អ្នកនាំ​ពាក្យ​ព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្ត​ និង​លោក​ សុខ ​សប្បាយណា ​ប្រធាន​ក្រុមការ​ងារ​ប្រតិ្តបត្តិ​ព្រឹត្តិ​ការណ៍​អង្គរ​សង្រ្កាន្ត​ឆ្នាំ២០១៥​។
លោក ​សោម ​រតនា​ បាន​ឲ្យ​ដឹងថាការរៀប​ចំ​ព្រឹត្តិ​ការណ៍​អង្គរ​សង្ក្រាន្ត​នេះ​ថា​ធ្វើ​ឡើង​ដើម្បី​ចូលរួម​អបអរ​សាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី ​ប្រពៃណី​ជាតិ​ខ្មែរ​ ក្រោម​ប្រធាន​បទ​ " ការ​ចូលរួម​អបអរ​សាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃ​ណី​ខ្មែរ​ " ដោយមាន​ការសម្តែង​និង​បង្ហាញ​អំពី​ល្បែង​ប្រជា​ប្រិយ​របាំ​ប្រពៃណី​ និង​ប្រជា​ប្រិយ ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ខ្មែរ​ សិល្បៈ​ទស្សនីយ៍​ភាព​ផ្សេងៗ​ ដោយ​យុវជន​ យុវនារី​ សិល្បករ​ និង​សិល្បការិនី​ខ្មែរ​ រួមជា​មួយ​នឹង​ការ​លើក​យក​នូវ​កេរ​ដំណែល​អរិយធម៌​និង​ស្នាដៃ​នានា​របស់​បុព្វបុរស​ខ្មែរ​ ដែល​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​មកនោះ ​មក​រំលេច​ឡើង​ជា​ផ្ទាំង​ទស្សនីយ៍​ភាព​ នៅលើ​ទឹក​ដី​នៃ​ព្រះរា​ណាចក្រ​វប្បធម៌​ ក្នុង​ខេត្ត​សៀមរាប។
លោក ​សោម ​រតនា​ ក៏បង្ហាញប្រាប់ពី​គោល​បំណង​នៃ​ការរៀប​ចំ​ព្រឹត្តិ​ការណ៍​អង្គរ​សង្ក្រាន្ត​ថា​គឺដើម្បី៖
-ជួបជុំ​យុវជន ​និង​មហាជន​ ដើម្បី​ចួលរួម​អបអរ​សាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ជា​មហា​គ្រួសារ​ខ្មែរ​តែ​មួយ។
-រំលឹក ​និងធ្វើ​ឲ្យរស់​រវើក​ «បេតិកភ័ណ្ឌ​អរូបិយ​ខ្មែរ​ នៅ​លើ​ទីតាំង​នៃ​បេតិកភ័ណ្ឌ​រូបិយ»
-ពង្រីក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឲ្យ​ក្លាយ​ជា​ព្រឹត្តិការណ៍​អន្តរ​ជាតិ​ ដើម្បី​រឹត​ចំណង​មិត្តភាព​សាមគ្គី​ភាព​ រវាង​ប្រជាជាតិ​ខ្មែរ​ និង​ប្រជាជាតិ​លើ​សកល​លោក។
-ផ្តល់​ឱកាស​ឲ្យ​យុវជន​ ប្រជា​ពលរដ្ឋ​ ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរ​ជាតិ​ បាន​ស្វែង​យល់​បន្ថែម​អំពី​ភាព​រុងរឿង​ ល្បីល្បាញ​ ភាព​សម្បូរ​បែប​នៃ​វប្បធម៌​ អរិយ​ធម៌​ ទំនៀម​ទម្លាប់​ ប្រពៃណី ​សាសនា ​និង​បន្ត​ថែ​រក្សា​កេរមរតក​នេះ​ឲ្យ​បាន​គង់វង្ស ​ព្រម​ទាំង​បន្ត​ពង្រីក​កិត្យានុ​ភាព​ជាតិ​ លើ​ឆាក​អន្តរ​ជាតិ។
-បំផុស​គំនិត​រួបរួម​កម្លាំង​សាមគ្គី​ភាព​ជា​គ្រួសារ​ខ្មែរ​តែ​មួយ ​ក្នុង​មោទនភាព​ជាតិ​ខ្មែរ​ជា​ធ្លុង​មួយ​ និង​បណ្តុះ​ស្មារតី​ អភិរក្ស ​អភិវឌ្ឍន៍​វប្បធម៌​ បាវ​ចនា​ជាតិ​ ព្រលឹង​ និង​អត្ត​សញ្ញាណ​ជាតិ​ខ្មែរ​ក្នុង​បរិបទ​ នៃ​សមាហរណ​កម្ម​សហគមន៍​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ​« រួម​គិត​ រួមធ្វើ ​រួម​ទទួល​ខុសត្រូវ​» ​ក្នុង​សម័យ​កាល​សកល​ភាវូប​នី​កម្ម​ទំនើប​ជំនាន់​ថ្មី​នេះ។​
-បង្ហាញ​នូវ​វប្បធម៌​ និង​សិល្បៈ​នៃ​ការ​ចែករំលែក​ការ​រាប់អាន​ ភាព​ទន់​ភ្លន់​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ក្នុង​ការ​ជួយ​ទុក្ខធុរៈ​គ្នា​ទៅវិញ​ទៅ​មក​ដូចជា​បង​ប្អូន​តែ​មួយ។
-ផ្តល់​ឱកាស​ឲ្យ​ពាណិជ្ជករ​ សហគ្រិន​ អាជីវករ​ ចូលរួម​តាំង​បង្ហាញ​ម្ហូប​អាហារ​ ផលិត​ផល​ពាណិជ្ជកម្ម​ និង​សេវា​កម្ម​នានា ​ជាពិសេស ​ផលិត​ផល​សិប្បកម្ម ​និង​ឧបករណ៍​បរិក្ខារ​ដែល​បង្ហាញ​ពី​អត្ត​សញ្ញាណ​វប្បធម៌​ក្នុង​តំបន់។
-ជំរុញ​បន្ថែម​កំណើន​វិស័យ​ទេស​ចរណ៍ ​ដែល​នឹង​រំពឹងថា​មាន​ភ្ញៀវទេស​ចរ​ជាតិ​ និង​អន្តរជាតិ​ចូលរួម​ទស្សនា​ប្រមាណ​ជាង​ ៥០​ម៉ឺននាក់​ ព្រឹត្តិ​ការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៥។
​លោក ​សុខ​ សប្បាយ​ណា ​បាន​លើក​ឡើងថា​ សំរាប់​រយៈ​ពេល​៣ថ្ងៃ​គឺចាប់​ពីថ្ងៃទី​ ១៤-១៦​ ខែមេសា​ ព្រឹត្តិការណ៍​អង្គរ​ចង្រ្កាន្ត​ មាន​កម្មវិធី​ផ្ទាំង​ទស្សនីយ​ភាព​សំខាន់ៗ​ជាច្រើន​ដូចជា​៖ ពិធីបើក​ព្រឹត្តិ​ការណ៍​អង្គរ​សង្ក្រាន្ត​ដែល​ត្រូវ​ប្រារព្ធ​នៅ​ប្រាសាទ​បាយ័ន​ នាព្រឹកថ្ងៃ​ទី​១៤​ ខែមេសា​ ឆ្នាំ២០១៥​ ក្រោម​អធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់​របស់​ ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ សុខ​ អាន​ ឧបនាយក​រដ្ឋ​មន្ត្រី ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី,​ កម្មវិធី​ភូមិខ្ញុំ,​ កម្មវិធី​ក្បួន​ដង្ហែ​អង្គរ​សង្ក្រាន្ត,​ ការ​សម្តែង​ល្បែង​ប្រជា​ប្រិយ​ គុន​ល្បុក្កតោ ​និង​របាំ ​(លានជល់ដំរី)​,​ ពិធី​កាត់ធំ​អន្សម​យក្ស,​ ពិធី​ទទួល​ទេវតា​ឆ្នាំថ្មី,​ ទាញ​ព្រ័ត្រ​មិត្ត​ភាព​អង្គរ​ចង្រ្កាន្ត,​ ជើង​ឯកញុំនំអន្សម​យក្ស​, កម្ម​វិធី​ប្រណាំង​​រទេះគោ​/​ក្របី,​ កម្មវិធី​ការ​រាំជា​ក្រុម​ពញ្ញាក់​អារម្មណ៍​, ពិធី​បណ្តែត​គោមបួង​សួង​សុំ​សេចក្តី​សុខ​, កម្ម​វិធី​មហោ​ស្រព​សិល្បៈ​វប្បធម៌​បុរាណ,​ ពិធី​ទៅវត្ត ​និងពូន​ភ្នំខ្សាច់,​ កម្ម​វិធី​រាំម៉ា​ឌីហ្សូន ​២០១៥នាក់​, កម្ម​វិធី​មហោ​ស្រព​វប្បធម៌​យុវជន​អន្តរជាតិ,​ ការប្រកួត​អុក​ចត្រង្គ​អបអរ​សាទរ​អង្គរ​សង្ក្រាន្ត​ឆ្នាំ២០១៥​, ពិធី​ប្រគល់​ជ័យលាភី​រូបថត ​«អច្ឆរិយៈ​អង្គរ​ចង្រ្កាន្ត»​, ពិធី​ស្រង់ព្រះ​, កម្មវិធី​ប្រកួត​ធ្វើ​ម្ហូប​អាហារ​​ និង ​កម្មវិធី​តន្ត្រី​អង្គរ​ចង្ក្រាន្ត​ឆ្នាំ២០១៥​។
​លោក ​សុខ​ សប្បាយ​ណា ​បាន​បន្តថា​ ចំណុច​ពិសេស​នៅក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្ត​នៅ​ឆ្នាំនេះ​ គឺការ​ផលិត ​និង​តាំង​បង្ហាញ​សំភារៈ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​ របស់​ប្រជាពលរដ្ឋ​ខ្មែរ​ ដែលជា​កេរ្តិ៍​ដំណែល​ប្រពៃណី​ផង​ និង​ជា​អត្តសញ្ញាណ​ជាតិ​ផង​ ក្នុង​លក្ខណៈខ្នាតធំ​ ដែល​​ហៅថា ​ទំហំ​យក្ស។ ​សំភារៈ​ទាំងនោះ​រួមមាន​ កន្ត្រង​ប្រហុក​យក្ស ​ដែលមាន​ទម្ងន់ ​150Kg,​ បណ្តោយ ​6,10m​ និងកំពស់ ​1,20m​ , បំពង់​ទឹក​ត្នោត​យក្ស ​ដែលមាន​កំពស់​ 1,2​ និង​មុខកាត់​ 0,35m​ , មួកស្លឹក​ត្នោត​យក្ស ​ដែល​មាន​ទម្ងន់ ​191,5kg ​មាន​ទំហំ​មុខកាត់​ខាង​ក្នុង​1,55m​ និង​ទំហំ​រង្វង់​ខាង​ក្រៅ ​5,20m​ , អង្រុត​យក្ស ​មាន​ទម្ងន់​ 350kg​ កំពស់​ 5,5អង្កត់​ផ្ចិត​ 5,10m​ និង​នំ​អន្សម​យក្ស​ដែល​មាន​ទម្ងន់​ ៣,២តោន។


គួរ​បញ្ជាក់​ថា​ យោង​តាម​របាយការណ៍​ដែល​ទទួល​បានពី​ក្រសួង​ទេសចរណ៍​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​បាន​បញ្ជាក់ថា​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​លើកទី១​នាឆ្នាំ​២០១៣​ ទទួល​បាន​ការ​ចួលរួម​ពី​ភ្ញៀវ​ទេស​ចរជាតិ​ និង​អន្តរជាតិ​ ចំនួន​ ១៧៩.១៥៤នាក់ ​មានការ​កើន​ឡើង​ ១៤,០៩%​ ធៀប​ទៅនឹង​ឆ្នាំ២០១២​ ដែល​មាន​ចំនួន​ត្រឹមតែ ​១៥៧.០១៩នាក់​។ យ៉ាង​ណាមិញ​បើ​យោងតាម​ស្ថិតិភ្ញៀវ​ទេសចរ​ចូលរួម​ក្នុងព្រឹត្តិ​ការណ៍​អង្គរ​សង្រ្កាន្ត​ឆ្នាំ​២០១៤​ របស់​អាជ្ញាធរ​អប្សរា​បាន​បង្ហាញ​ថា​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នៅ​ខេត្តសៀមរាប​នៅថ្ងៃ​ទី១៣​ ដល់ថ្ងៃ​ទី១៦​ ខែមេសា ​ឆ្នាំ២០១៤​ បាន​ទទួល​ភ្ញៀវទេស​ចរ​ជាតិ​ប្រមាណ​ ៣៥៧,៨២០នាក់ ​និង​ភ្ញៀវ​អន្តរជាតិ​ចំនួន ​២៧.៨០៩នាក់ សរុប​ចំនួន ៣៨៥.៦២៩នាក់​ ដែល​មាន​កំណើន​ទ្វេដង​ បើ​ធៀប​នឹង​ទិន្នន័យ​ចំនួន​ភ្ញៀវទេសចរ​កាល​ពីឆ្នាំ​មុន​ ក្នុង​អំឡុង​ពេល​ដូចគ្នា​។ ​តាម​រយៈ​ទិន្ន​ន័យ​នេះ ​កម្ពុជា​ទទួល​បាន​ចំណូល​សេដ្ឋកិច្ច​ចំនួន ​២៨លាន​ដុល្លារ​អាមេរិក​ សម្រាប់​ថ្លៃ​ស្នាក់នៅ ​អាហារ​ សេវា​ ការ​ដឹក​ជញ្ជូន​ វត្ថុ​អនុស្សា​វរីយ៍​ ផ្សារ​រាត្រី ​មគ្គុទេសន៍​ និង​សេវា​ផ្សេងៗ៕

ក្រុម​​យុវជន​ ​កម្ពុជា​ នឹង​​រៀប​​ចំ​​ប្រារព្ធ​ ព្រឹត្តិ​ការណ៍​​អង្គ​រ​សង្ក្រាន្ត​​នៅ​លើ​​ទឹក​​ដី​​អច្ឆរិយៈ ក្នុង​​ខេត្ត​សៀម​​រាម​​នា​ឱកាស​ពិធី​​បុណ្យ​​ចូល​ឆ្នាំ​ថ្មី​​ប្រពៃ​​ណី​​ ខ្មែរ


សហភាព ​សហព័ន្ធ​យុវជន​កម្ពុជា​ ហៅ​កាត់ ថា សសយក នឹង​រៀប​ចំប្រារព្ធ​​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត​ ដែល​រំ​ពឹង​ថា នឹង​មាន​មហាជន​ចូល​រួម​ប្រមាណ​៥០ម៉ឺន​នាក់​នៅ​លើ​ទឹក​ដី​អង្គរដ៏​ពិសិដ្ឋ ក្នុង​ខេត្ត​សៀមរាប​ ដើម្បី​អប​អរ​សាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​ខ្មែរ​ ដែល​ក្នុង​ឱកាសនោះ​ នឹង​មាន​ការលេង​ល្បែង​ប្រជាប្រិយ៍ របាំប្រពៃ​ណី​ រំ​លេចនូវ​ជីវ​ភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរសម័យ​អង្គរ បង្ហាញ​ផ្ទាំង​ទស្សនីយ៍ភាព​ផ្សេង​ៗជាច្រើន ដែល​សំ​ដែង​ជូន​ដោយ​ក្រុម​សិល្បៈករ យុវជន​ យុវនារី និង​សិល្បការីនី​ខ្មែរល្បី​ៗជា​ច្រើន​រូប​ ជា​ពិសេស​ ការ​ផលិត​នំ​អន្សមយក្ស និង​កម្មវិធី​ពិសារនំ​អន្សម​យក្ស ដែល​មាន​ទម្ងន់​ប្រមាណ​៥តោន​ និង​ការ​រាំចង្វាក់​ ម៉ា​ឌី​ហ្សូន​ក្រុម​ធំ ដើម្បី​គ្រោង​បំ​បែក​ឯកគ្គទកម្ម​ពិភព​លោក​ ក្នុង​ឆ្នាំ​២០១៥​នេះ។

ព្រឹត្តិការណ៍ ​ដ៏​មហាអស្ចារ្យ​នេះ នឹង​ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​តាម​បណ្តា​ទី​តាំង​សំ​ខាន់​មួយ​ចំ​នួន​ ដូច​ជា​ នៅ​ក្នុង​បរិវេណខាង​មុខ​ប្រាសាទ​អង្គរវត្ត ប្រាសាទ​បាយ័ន្ត​ (លាន​ជល់​ដំ​រី​) ដង​ស្ទឹង​សៀម​រាប បរិវេណពិព័ណ៌អង្គរឃ្យុងយូ និង​នៅ​ទី​តាំង​ផាប់​ស្ត្រីត ដែល​មាន​រយៈពេល​បី​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៥​ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំ​ណឹង​របស់​ សសយក ចុះ​ថ្ងៃ​ទី១១ ខែ​មីនា ឆ្នាំ​២០១៥ ជម្រាប​ជូនដល់​អ្នក​សារព័ត៌មាន​ ដើម្បី​ប្រាប់​អំ​ពី​គោល​បំ​ណង​ និង​ខ្លឹម​សារ​រួមនៃ​មហាព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត​ដ៏​ឧឡារិក​នោះ​។

ព្រឹត្តិការណ៍ ​អង្គរសង្ក្រាន្ត​ឆ្នាំ​២០១៥ ត្រូវ​បាន​រៀប​ចំ​ជា​ថ្មី​ម្តង​ទៀត ដោយ​ផ្អែក​លើ​ភាព​ជោគ​ជ័យ​ដ៏​ត្រចះត្រចង់​ នៃ​ព្រឹត្តិការណ៍​នេះ​ នាបណ្តាឆ្នាំ​កន្លង​ទៅ គឺ​នៅ​ឆ្នាំ​២០១៣ និងឆ្នាំ​២០១៤។
យោង ​លើ​របាយការណ៍​ពី​ក្រសួង​ទេសចរណ៍បាន​ឲ្យ​ដឹង​ថា ព្រឹត្តិការណ៍​អង្គរសង្រ្កាន្ត​លើក​ទី​១ ដែល​ធ្វើ​ឡើងចាប់​ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃ​ទី១៦ ខែមេសា ឆ្នាំ​២០១៣ ទទួល​បាន​ការ​ចូល​រួម​ពី​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ ចំ​នួន​ ១៧៩,១៥៤ នាក់ មាន​ការ​កើន​ឡើង១៤,០៩% ធៀបទៅ​នឹង​ឆ្នាំ​២០១២ ដែល​មាន​ចំ​នួន​ត្រឹម​តែ១៥៧,០១៩នាក់ ។ ទន្ទឹម​នឹង​នោះ អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​បង្ហាញ​ឲ្យ​ដឹង​ដែរថា ព្រឹត្តិការណ៍​អង្គរសង្ក្រាន្តឆ្នាំ២០១៤ បាន​ទទួល​ភ្ញៀវ​ទេសចរណ៍​ សរុប​ចំ​នួន​ ៣៨៥,៦២៩ នាក់ ដែល​ក្នុង​នោះ​ភ្ញៀវ​ជាតិ​ប្រមាណ​៣៥៧,៨២០ នាក់​ និង​ភ្ញៀវ​អន្តរជាតិ​ចំ​នួន​២៧,៨០៩ នាក់ ពោល​ គឺ​មាន​ការ​កើន​ឡើងទ្វេដង បើ​ធៀប​នឹង​ចំ​នួន​ភ្ញៀវ​ទេសចរណ៍​ក្នុង​អំ​ឡុង​ពេល​ដូច​គ្នា​នា​ឆ្នាំ​២០១៣។ តាម​ទិន្នន័យ​នេះ​ កម្ពុជា ជា​ពិសេស​ខេត្ត​សៀម​រាប​ផ្ទាល់ ទទួល​បាន​ចំ​ណូល​សេដ្ឋកិច្ច​ប្រមាណ​ជិត​៣០លាន​ដុល្លារ​អាមេរិក​។



ផ្អែក ​លើ​វិសាល​ភាព​កាន់​តែធំ​ និង​ភាព​ទាក់ទាញ​កាន់​តែ​ខ្លាំង​ គេសង្ឃឹម​ថា ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិប្រមាណ​៥០ម៉ឺន​នាក់ នឹង​ចូល​រួម​ទស្សនាព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត​ឆ្នាំ​២០១៥នេះ​ ជា​មួយ​នឹង​ការ​រំ​ពឹង​ពី​កំ​ណើន​សេដ្ឋកិច្ច​ដ៏​វិជ្ជមាន​សម្រាប់​ខេត្ត​សៀម ​រាប​ផ្ទាល់ និង​សម្រាប់​ប្រទេស​កម្ពុជា​ជារួម៕