Thursday, May 14, 2015

ប្រសាសន៍ សម្តេច​តេជោ ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ ដាក់ឲ្យ​ប្រើប្រាស់​ជាផ្លូវការ អាគារ​មជ្ឈ​មណ្ឌល​ចក្ខុរោគ មិត្តភាព កម្ពុជា-កូរ៉េ




ប្រសាសន៍ សម្តេច​អគ្គ​ម​ហា​សេនាប​តីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃព្រះរា​ជាណាចក្រកម្ពុជា ថ្លែង​ក្នុង​ពិធី​សម្ពោធ ដាក់ឲ្យ​ប្រើប្រាស់​ជាផ្លូវការ អាគារ​មជ្ឈ​មណ្ឌល​ចក្ខុរោគ មិត្តភាព កម្ពុជា-កូរ៉េ ដែល​ជា​អំណោយ​ដ៍ថ្លៃថ្លា របស់​រដ្ឋាភិបាល នៃសាធារ​ណះរដ្ឋកូរ៉េ តាមរយះ​អង្គការ​(កយកា)កូរ៉េ

Handover Ceremony of the Statue of Hanuman from the Cleveland Museum of Art

Handover Ceremony of the Statue of Hanuman from the Cleveland Museum of Art Presided by His Excellency Dr. Sok An, Deputy Prime Minister Minister in charge of the Office of the Council of Ministers

ឥណ្ឌា ចាប់​អារម្មណ៍​ចង់ជួយ​កម្ពុជា លើក​កម្ពស់​វិស័យ​សំខាន់ៗ តាមរយៈ​កិច្ច សហ​ប្រតិបត្តិ ការល្អ


ថ្ងៃទី ១២ ​ខែឧសភា​ ឆ្នាំ២០១៥​ នៅសណ្ឋាគារ ​អ៊ីម៉ាវ៉ារី ​រាជធានីភ្នំពេញ ​ក្រុមសិក្សាស្រាវជ្រាវ​ ដេលី ​ដែលជាអង្គការ​មិនមែន​រដ្ឋាភិបាល​ នៅប្រទេសឥណ្ឌា ​ដែលកំពុង​បំពេញ ​ទស្សនៈកិច្ច​ សក្សានៅកម្ពុជា ​បានធ្វើសន្និសីទ​សារព័ត៌មាន​ ដើម្បី​ជម្រាបជូន​អំពីដំណើរ​សិក្សាស្រាវជ្រាវ​របស់ក្រុម​ខ្លួន​ ក្នុងគោល​បំណង​បង្កើនកិច្ច​សហប្រតិបត្តិការ​ឲ្យកាន់តែ​ខ្លាំងឡើង​រវាង​កម្ពុជា​ និង​ឥណ្ឌា ​ហើយក្នុង​នោះ ក្រុម​សិក្សា បានបង្ហាញ​ពី​ចំណាប់​អារម្មណ៍​ចង់ជួយ​កម្ពុជា​ លើ​វិស័យ​សំខាន់​មួយចំនួន​ ដែល​ជាវិស័យ​អាទិភាព​ ហើយ​ដែល​ឥណ្ឌា ​មានភាព​ជោគជ័យ​ និង​រីកចំរើន​។​
គណៈប្រតិភូ​ឥណ្ឌា ​បានមានប្រសាសន៍​ថា​ គោលបំណង​នៃដំណើរ​ទស្សនៈកិច្ច​លើកដំបូង​មកកាន់​ប្រទេស​កម្ពុជានេះ ​គឺដើម្បី​លើក​កម្ពស់​ទំនាក់ទំនង​រវាង​ប្រជាជន​កម្ពុជា​ និង​ប្រជាជន​ឥណ្ឌា​ ដែល​ផ្តោតទៅ​លើមិត្តភាព​ ហើយ​និង​ការយោគ​យល់គ្នា​ និង​ពង្រឹង​ការទូត​រវាង​ប្រទេស​ទាំងពី​រ។​ គណៈប្រតិភូ​ឥណ្ឌា​ក៏បាន​លើក​ឡើង​ផងដែរ​ ពីចំណុច​សំខាន់​ដែលក្រុមសិក្សា​របស់​លោក​ចាប់អារម្មណ៍​លើ​ប្រទេស​កម្ពុជា​នោះ​គឺដោយសារ​ ប្រទេស​កម្ពុជា​មាន​ប្រាសាទ​ព្រហ្ម​សាសនា​ (ប្រាសាទ​សាសនា​ហិណ្ឌូ​)​ ច្រើនជាង​គេ​លើ​ពិភពលោក​ ហើយ​ប្រទេស​ឥណ្ឌា​វិញ​គឺជា​ប្រទេស​ដែលមាន​ប្រជាជន​កាន់​ព្រហ្ម​ញ្ញសាសនា ​(សាសនា​ហិណ្ឌូ​)​ ច្រើនជា​គេ​លើ​ពិភព​លោក​។​ តាមរយៈ​ចំណុច​សំខាន់នេះ ​គឺក្រុម​របស់​លោក​យល់ថា​ វាមាន​ភាព​ចាំបាច់​ខ្លាំង​ណាស់​ ដែល​ប្រជាជន​ឥណ្ឌា​គួរតែ​ស្គាល់​ប្រទេស​កម្ពុជា​ដូច្នេះ ក្រុម​សិក្សា​របស់​លោក​ ចង់លើក​កម្ពស់​ឲ្យមាន​ដំណើរ​ទស្សនៈកិច្ច​ទេសចរ​ ពី​ឥណ្ឌាមក​កាន់​ប្រាសាទ​កម្ពុជា​ឲ្យ​បានច្រើន​ ម្យ៉ាង​ដោយសារ​ ប្រទេស​ឥណ្ឌា​ជា​ប្រទេស​ដែលមាន​ប្រជាជន​ច្រើន​ ដែល​បច្ចុប្បន្ន​ដង់ស៊ីតេ​ប្រជាជន​​មាន​ប្រមាណ​ជាង​ ១.២៥​ពាន់​លាន​នាក់​ ។ ដូច្នេះ​ប្រសិន​ជា​គាត់​សំរេចចិត្ត​មកលេង​កំសាន្ត​នៅ​ប្រទេស​កម្ពុជា​នោះ ​កម្ពុជានឹង​ទទួលបាន​ចំណូល​ច្រើន​ពី​វិស័យ​ទេសចរ​។​


យ៉ាងណា​មិញ​ក្រុម​គណៈប្រតិភូ​ឥណ្ឌា​បាន​កត់​សំគាល់​ឃើញថា​ ប្រជាជន​ឥណ្ឌា​ភាគច្រើន​មិនសូវ​ស្គាល់​ប្រទេស​កម្ពុជា​ទេ​ ដោយសារ​តែ​ប្រទេស​ទាំងពីរ​មិនទាន់​មានជើង​ហោះហើរ​ ដោយត្រង់​ពី​ឥណ្ឌា​មកកាន់​កម្ពុជា ​និង​ពី​កម្ពុជា​ទៅ​ឥណ្ឌា​ ដែលអ្នក​ទេសចរ​ប្រទេសទាំងពីរ​ត្រូវ​ចំណាយ​ពេលវេលា​ច្រើន​ ក្នុង​ការ​ធ្វើ​ដំណើរ​ និង​ចំណាយ​ថវិកា​ច្រើន ​ដែល​កត្តានេះ​ធ្វើ​ឲ្យ​មាន​ភ្ញៀវទេស​តិចតួច​ ពី​ឥណ្ឌា​មកកាន់​ប្រទេស​កម្ពុជា​។
​គណៈប្រតិភូ​ របស់​ក្រុមសិក្សា​ស្រាវជ្រាវ ​ដេលី ​ក៏លើក​ឡើង​បន្ថែម​ទៀតថា​ ក្រៅពី​វិស័យ​ទេសចរ​ ឥណ្ឌាអាច​ជួយ​កម្ពុជា​លើវិស័យ​ព័ត៌មាន​វិទ្យា,​ ការពង្រីក​វិស័យ​អប់រំ​ និង​សុខាភិបាល​នៅ​ទីជនបទ​,​ វិស័យ​ផ្លូវដែក​នៅកម្ពុជា​,​ លើក​កម្ពស់​ការនាំទំនិញ​ពី​កម្ពុជា​ទៅឥណ្ឌា​ដែល​បច្ចុប្បន្ន​ទំហំ​នាំចេញ​ពី​កម្ពុជា​ទៅ ​ឥណ្ឌា​មាន​ប្រមាណ​តែ​ ១៥លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​ប៉ុណ្ណោះ ដោយសារ​តែ​ប្រទេស​ទាំងពីរ​មិនទាន់​មាន​ទំនាក់ទំនង​គ្នា​ច្រើន​ លើ​វិស័យនាំ​ចេញ​នេះ ​ហើយ​ក៏​ព្រោះតែ​កម្ពុជា​-​ឥណ្ឌា​មិនទាន់​មាន​ជើងហោះ​ហើរ​ដោយ​ត្រង់​ផងដែរ​។​

​ជាមួយគ្នា​នោះ​គណៈ​ប្រតិភូ​ឥណ្ឌា ​ក៏បានចែក​រំលែក​អំពី​បទពិសោធន៍​របស់ខ្លួន​ជាមួយ​មន្រ្តី ជាន់​ខ្ពស់​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា​ លើ​វិស័យ​ការទូត​ជាមួយ​ប្រទេស​ជិត​ខាង​ ក៏ដូចជា​ការលើក​កម្ពស់​ជីវភាព​របស់​ប្រជាជន​ក្រីក្រ ​និង​ចែករំលែក​បទពិសោធន៍​ រួមទាំង​ចំណេះដឹង​ ដែល​ឥណ្ឌាធ្លាប់​បាន​ឆ្លងកាត់​កន្លងមក​ និង​បញ្ហាដែល​កម្ពុជា​កំពុង​តែជួប​ប្រទះ ​ដើម្បី​បង្កើន​ការអភិវឌ្ឍន៍​នៅ​ប្រទេស​កម្ពុជា​បន្ថែម​ទៀត​។
​គួរបញ្ជាក់​ថា​ ក្រុម​សិក្សា​ស្រាវជ្រាវ​ ដេលី ​ជាអង្គការ​មិនមែន​រដ្ឋាភិបាល​ នៅ​ប្រទេស​ឥណ្ឌា ដ៏លេច​ធ្លោមួយ​ ដែល​ធ្វើការ​ដើម្បី​លើក​កម្ពស់​ជីវភាព​ប្រជាជន​ ហើយ​ដំណើរ​ទស្សនៈ​កិច្ច​លើកទី១​នេះ ​គឺតប​តាម​ការអញ្ជើញ​របស់​ឯកឧត្តម​ បណ្ឌិត​សភាចារ្យ ​សុខ​ អាន​ ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី ​ដើម្បី​ស្វែងយល់​ពី​ប្រទេស​កម្ពុជា​ និងផ្សារ​ភ្ជាប់​ទំនាក់​ទំនង​រវាង​ឥណ្ឌា-​កម្ពុជា​។​ ក្រុមគណៈ​ប្រតិភូ​សិក្សាស្រាវ​ជ្រាវ ​ដេលី ​មកកាន់​កម្ពុជា​នាពេលនេះ ​មាន​សមាជិក​ ៥នាក់​ ដែលបាន​ចាកចេញ​ពី​ឥណ្ឌា​នៅថ្ងៃទី​ ១០​ ខែឧសភា ហើយ​គ្រោង​នឹង​បញ្ចប់ទស្សនៈ​កិច្ច​នៅ​ ថ្ងៃទី​១៦​ ខែ​ឧសភា ​ឆ្នាំ២០១៥​។​
សូមបញ្ជាក់ថា ក្រុមសិក្សា​ស្រាវជ្រាវ​ ដេលី ​មាន​ដើម​កំណើត​នៅឆ្នាំ ​១៩៩២ ​និង​មាន​សមាជិក​ប្រមាណ​ជាង​ ២០០០នាក់​ ។ បច្ចុប្បន្ន​នៅ​ប្រទេស​ឥណ្ឌា ​ក្រុមសិក្សា​ស្រាវជ្រាវ ​ដេលី​ ដឹកនាំ​ដោយ​លោក​ វីចាយ ចូលី។​ ចំពោះគណៈប្រតិភូ ដែល​ដឹកនាំ​ដំណើរទស្សនៈកិច្ច​មកកាន់​កម្ពុជា​លើកនេះ​រួមមាន​ លោក​ អាសុក ហ្គាដ ជាទី​ប្រឹក្សា​ក្រុម​សិក្សា​ស្រាវជ្រាវ,​លោក​ ណារិន​ ប្រាភូមា ​ចាឡា​ ជាលេខាធិការ​ និង​ជា​ប្រធាន​ក្រុមហ៊ុន​បោះពុម្ព​មួយ​នៅឥណ្ឌា,​ លេខាធិការ​ម្នាក់​ទៀត​គឺលោក ​អានៀល ​ជិនត្រា​ ជាគណនេយ្យករ​ ដែល​មាន​ការទទួល​ស្គាល់​ជាអន្តរជាតិ,​ លោក​ សាដា​ កុមាជិ​ សីង​ លូកាល​ ជាប្រធាន​ក្រុមហ៊ុន​ អចលន​ទ្រព្យ​នៅឥណ្ឌា ​និង​លោក​ រ៉ាជិប​ ភូមា​សាណា ​ជាអ្នកដឹក​នាំអង្គការ​សង្គម​នៅឥណ្ឌា​ដ៏ល្បី​ឈ្មោះម្នាក់​៕


សម្តេច​តេជោ ទទួលជួប​ពិភាក្សាការ​ងារជាមួយ​ប្រធាន​រដ្ឋសភាកូរ៉េ និងសាកល​វិទ្យាធិការ នៃសកល​វិទ្យាល័យ Konyang សាធារណរដ្ឋកូរ៉េ

ក្នុងជំនួបនៅវិមានសន្តិភាព​ទីស្តីការនាយករដ្ឋមន្រ្តី នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នំា២០១៥ ឯកឧត្តម Chung Ui HWA មានប្រសាសន៍ថា ក្នុងដំណើរទស្សន​កិច្ចរបស់ឯកឧត្តម មកកាន់ប្រទេស​កម្ពុជានៅពេលនេះ ឯកឧត្តមបាន​ឃើញ​នូវវឌ្ឍនភាពរបស់កម្ពុជា ហើយ​តាមរយៈនេះឯកឧត្តមសូម​សំដែងនូវការគោរព និងកោត​សរសើរ ជូនចំពោះសម្តេចតេជោ​នាយករដ្ឋមន្រ្តី ក្នុងការសំរេច​ឲ្យមានស្ថាន​ឯកអគ្គរដ្ឋ​ទូតរបស់​សាធារណរដ្ឋកូរ៉េ ក្នុងប្រទេស​កម្ពុជាកាល​ពីឆ្នាំ១៩៩៧។ ហើយ ចាប់តាំងពីពេលនោះ​មកទំហំពាណិជ្ជ​កម្មនៃប្រទេស​ទាំងពីរមាន​ការកើនឡើង ១៥ដង និងការវិនិយោគ​របស់កូរ៉េក្នុង​ប្រទេស​កម្ពុជា ស្ថិតក្នុងលំដាប់​ថ្នាក់ទី២ ដោយឡែកពលករ​ខ្មែរដែលទៅ​ធ្វើការនៅកូរ៉េ មានការតស៊ូប្រឹង​ប្រែងធ្វើការ​បានល្អ កត្តាទាំង​អស់នោះហើយ នាំឲ្យមាន​ការទាក់​ទាញនូវអ្នក​វិនិយោគ​ទុនកូរ៉េយ៉ាង​ច្រើន មកបណ្តាក់​ទុននៅកម្ពុជា។ 
សម្តេចតេជោ​នាយករដ្ឋមន្រ្តី​មានប្រសាសន៍​ថា សម្តេច មានការ​ពេញចិត្តយ៉ាងខ្លាំង​ជាមួយ​និងវឌ្ឍនភាព នៃទំនាក់​ទំនង​រវាងប្រទេស​ទាំងពីរ។ តាមរយៈ​នេះសម្តេច​បានលើក​ទឹកចិត្តបន្ត​ឲ្យមាននូវ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​រវាងថ្នាក់ដឹក​នាំនិង​ថ្នាក់ដឹក​នាំ មន្រ្តីនិង​មន្រ្តី ពិសេស​ជំរុញឲ្យមាន​នូវការ​ពិភាក្សា​ជាច្រើន​លើ បញ្ហាអភិវឌ្ឍ​ធនធាន​មនុស្ស ការបង្កើន​ពលករ​ខ្មែរទៅ​កាន់ប្រទេសកូរ៉េ ដើម្បីឲ្យ​ពលក​រ​ទាំង​នោះបានទទួល​កម្រៃផង និងបាន​ទទួល​នូវ​បទពិសោធន៍ ដើម្បីយក​មក​ប្រើប្រាស់​ក្នុងប្រទេស​កម្ពុជាផង។
សម្តេចតេជោ​នាយករដ្ឋ​មន្រ្តី បានស្នើ​ដល់ភាគី​កូរ៉េ បន្តយកចិត្ត​ទុកដាក់​បន្ថែម​ទៀត ក្នុងការ​នាំទំនិញ​ពីកម្ពុជា​ទៅកាន់​កូរ៉េឲ្យបានច្រើនឡើ​ងថែម​ទៀត ព្រោះថា​បច្ចុប្បន្ននេះ​ទំនិញកូរ៉េហូរ​ចូលម​កកាន់​កម្ពុជា មានចំនួន​ច្រើនជាង​ទំនិញ​កម្ពុជា​នាំចូល​ទៅកាន់កូរ៉េ។ សម្តេច​តេជោ​បន្តថា ប្រទេស​យើងទាំង​ពីរមានកិច្ច​សហប្រតិ​បត្តិការ​ជាច្រើនទៀត ដែលយើង​អាចធ្វើការ​សហការជាមួយគ្នា ជាងនេះ​ទៅទៀត​រួមមាន​ចលនា​ភូមិថ្មី​ដែលជាទីចាប់​អារម្មណ៍​បំផុត​របស់កម្ពុជា និងកិច្ច​សហប្រតិ​បត្តិការ​ក្នុងក្របខណ្ឌមេគង្គ កូរ៉េ និងអាស៊ាន កូរ៉េ។ 




បន្ទាប់មកនៅ​រសៀលថ្ងៃ​ដដែលនោះដែរ សម្តេចតេជោ​នាយករដ្ឋមន្រ្តី បានអនុញ្ញាតិ​ឲ្យលោក​វេជ្ជ​បណ្ឌិត Kim Hi Soo សាកល​វិទ្យាធិការ នៃសកល​វិទ្យាល័យ Konyang សាធារ​ណរដ្ឋកូរ៉េ ចូលជួប​សំដែង​ការគួរ​សម និងពិភាក្សា​ការងារ។ ក្នុងជំនួបពិ​ភាក្សាគ្នានោះ លោក​បណ្ឌិត Kim Hi Soo មានប្រសាសន៍​ថា រូបលោកបាន​មកកាន់​ប្រទេសកម្ពុជា​កាលពី​ខែតុលា​ឆ្នាំ២០០៩ និងបានជួប​សំដែងការគួរ​សមសម្តេច​តេជោ ហើយនៅ​ពេលនេះ​ទៀត​សោត រូបលោក​មានវត្តមាន​ក្នុងប្រទេស​កម្ពុជាសាជាថ្មី​ម្តងទៀត ក្នុងការអញ្ជើញ​ចូលរួមក្នុង​ពិធីសម្ភោធ​ដាក់ឲ្យ​ប្រើប្រាស់​ជាផ្លូវការ អគារមជ្ឈ​មណ្ឌល​ចក្ខុរោគ​មិត្តភាព​កម្ពុជា កូរ៉េ នៃ​មន្ទីពេទ្យ​ព្រះអង្គឌួង ក្នុងរាជ​ធានីភ្នំពេញ។
លោកវេជ្ជ​បណ្ឌិតមាន​ប្រសាសន៍​បន្តថា មជ្ឈមណ្ឌល​ថ្មីនោះ នឹងអាចជួយ​ដល់ការពិនិត្យ​ថែទាំព្យាបាល ជូនចំពោះ​អ្នកជំងឺ​ភ្នែកកម្ពុជា និងជាពិសេស​ទៅទៀតអាច​ជួយដល់​កម្ពុជាក្នុងការអភិវឌ្ឍធន​ធានមនុស្សផង​ដែរ។ លោកប្រធាន​មានប្រសាសន៍​បន្តថា បន្ទាប់​ពីការសាង​សង់រួច ហើយនោះ នៅពេលនេះ​ទៀតសោត រដ្ឋាភិបាល​កូរ៉េកំពុង​យកចិត្ត​ទុកដាក់ និងធ្វើការ​ពិចារណាក្នុងការជួយ​ដល់មជ្ឈ​មណ្ឌលចក្ខុរោគ ក្នុងជំហាន​ទី២នោះគឺ ការផលិត​វ៉ែនតា។
លោកវេជ្ជបណ្ឌិត​មានប្រសាសន៍​បន្តថា ការអភិវឌ្ឍ​ធនធាន​មនុស្ស​ក្នុង​មជ្ឈមណ្ឌល​ចក្ខុរោគ គឺធ្វើឡើង​តាមរយៈការ​បញ្ជួនវេជ្ជបណ្ឌិត និងគិលានុ​បដ្ឋាកកម្ពុជា​ទៅសិក្សា​នៅកូរ៉េ និងទី២បញ្ជួន​អ្នកអ្នក​ទេសកូរ៉េ មកកាន់​កម្ពុជាដើម្បី​បង្រៀនដល់​បុគ្គលិកមន្ទីរពេទ្យ តាមរយៈនេះលោក​វេជ្ជបណ្ឌិត​បានសន្យាដែរថា នឹងបន្តបណ្តុះ​បណ្តាលធន​ធានមនុស្សផ​ង និងថែទាំ នូវរាល់​សម្ភារៈទាំងឡាយ ដែលបំពាក់​ក្នុងមជ្ឈមណ្ឌល​ប្រើប្រាស់បាន​យូរអង្វែង និងប្រកបដោយ​និរន្តរភាពខ្ពស់។  
សម្តេចតេជោ​នាយករដ្ឋមន្រ្តី មានប្រសាសន៍​ថ្លែងនូវអំណរគុណ​ជូនចំពោះ​រដ្ឋាភិបាល និងប្រជាជន​កូរ៉េ ដែលបាន​ជួយក​សាងមជ្ឈមណ្ឌល​ចក្ខុរោគនៅ​កម្ពុជា ដែលនឹងរួម​ចំណែកជួយ​ព្យាបាល​ដល់ប្រជាជន​កម្ពុជាផង និងជួយដល់​ការអភិវឌ្ឍ​ធនធានមនុស្សនៅ​កម្ពុជាផង។
សម្តេចតេជោ​នាយករដ្ឋមន្រ្តី មានប្រសាសន៍​សង្កត់ធ្ងន់ថា បើគ្មានធនធាន​មនុស្សទេនោះ សម្ភារៈដ៏ទំនើបៗ​ក្នុងមជ្ឈ​មណ្ឌល គឺមិនអាច​យកមក​ប្រើប្រាស់​បាននោះទេ តាមរយៈ​នេះសម្តេច​សូមគាំទ្រ និងលើក​ទឹកចិត្តដល់​លោកវេជ្ជ​បណ្ឌិតគីម សហការជាមួយនិង​សកលវិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល របស់​កម្ពុជា និងបន្តសហការ​ជាមួយនិង​ក្រសួង​សុខាភិបាល ដើម្បីរួមចំណែកជួយ​ដល់ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​នៅកម្ពុជា ឲ្យកាន់តែ​សមត្ថភាព​ខ្ពស់ ថែមទៀត៕   



សម្តេច​តេជោ ហ៊ុន សែន ជួប​ជាមួយ​បណ្ឌិត Moustapha Saphariny​

សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរា​ជាណា​ចក្រ​កម្ពុជា បានថ្លែងអំណរ​គុណចំពោះ​កិច្ចខិតខំប្រឹងប្រែង​ទាំងឡាយ​របស់លោក  Saphariny ដែលបាន ចូល​រួម​ចំណែកក្នុង​ការស្វែង​រកសន្តិភាព​នៅកម្ពុជាពី​អតីតកាល កាលពីប្រមាណ ៣០ឆ្នាំមុន។
សម្តេច​តេជោ ​មានប្រសាសន៏​​​រម្លឹកឡើងវិញ​អំពីរឿងនេះ ក្នុងឱកាស​ដែលសម្តេច​បាន​អនុញ្ញាត​ឱ្យ​​លោកបណ្ឌិត Moustapha Saphariny ប្រធានគណៈ​កម្មការ​វិនិយោគ​នៅប្រទេស​ចិននិង​តំបន់អាស៊ី ចូល ជួប​សំដែង​ការ​គួរសមនៅ​វិមានសន្តិ ភាពទីស្តី ការនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃ​ទី​១៣​ ខែឧសភា​នេះ។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយ​ការសម្តេចតេជោ​នាយករដ្ឋមន្ត្រីបានប្រាប់​អ្នក​យក​ព័ត៌​មាន​នៅ​ក្រោយ​ជំនួបនេះថា៖នៅក្នុងជំនួបនេះ​លោកបណ្ឌិត បានគោរពរម្លឹកជំរាប​ជូនសម្តេច​តេជោ​អំពី​រូបលោកដែល​បានចូលរួម​ចំណែករៀប​ចំជួយក្នុងដំណើរការស្វែង​រកសន្តិភាព​របស់កម្ពុជា ហើយ​លោកក៏បាន​ជូនសៀវភៅ អាល់ប៊ុម រូបថត​អនុស្សាវរីយ៍​ពីអតីតកាល​នៃការ​ស្វែងរក​សន្តិភាព នា​ឱកាសនោះផងដែរ។
លោក ​ Saphariny បានជំរាប​ជូនសម្តេច​ដែរថា នៅពេលដែល​លោកបាន​មកដល់​កម្ពុជា​នាពេលនេះ បានឃើញ​ទីក្រុងភ្នំពេញ មានសោភណ្ឌ​ភាពដ៏ស្រស់​បំព្រងពោរ ពេញ​ដោយ ក្តី​ញញឹម និងសន្តិភាព ដែលឆ្លុះ​បញ្ចាំង​នូវកិច្ចខិត​ខំប្រឹងប្រែង ក្រោមការដឹកនាំ​ដ៏ត្រឹម ត្រូវរបស់​សម្តេចតេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការដឹកនាំ​ប្រទេសកម្ពុជា ឈានឆ្ពោះ​ទៅ ការ​អភិវឌ្ឍ។ ក្នុងន័យនេះ ឯកឧត្តម បានគោរព​សំដែងនូវការ​អបអរ​សាទរ​ដោយ​ស្មោះអស់​ពីចិត្ត​ចំពោះសម្តេច តេជោ ហ៊ុន សែន ។
ជាការឆ្លើយ​តប សម្តេច​តេជោ ហ៊ុន​សែន បានថ្លែង​អំណរ​គុណចំពោះលោក បណ្ឌិត ដែល​បាន រម្លឹកពីការងារ​ដែលបាន​ធ្វើរួមគ្នាពីអតីតកាល​មានរយៈពេល​ប្រមាណ​៣០ឆ្នាំមុន ហើយក៏​បាន ថ្លែងអំណរគុណ​ចំពោះការផ្តល់​ជូនសៀវភៅ អាល់ប៊ុម រូបថត អនុស្សាវរីយ៍នេះ។
ជា​មួយ​គ្នានេះ សម្តេចក៏បាន​ថ្លែងអំណរ​គុណចំពោះ កិច្ចខិតខំ​ប្រឹងប្រែង​ទាំងឡាយ​របស់​លោក  Saphariny ដែលបាន​ចូលរួមចំណែក​ក្នុងការស្វែងរក​សន្តិភាពនៅកម្ពុជា និងជាទី​បញ្ចប់ សម្តេចតេជោ នាយក​រដ្ឋ​មន្ត្រី ក៏បាន​ជំរាបជូនលោក  Moustapha Saphariny​ អំពីស្ថាន ភាពទូទៅ​របស់កម្ពុជា​រួម​ទាំងស្ថានភាព សេដ្ឋកិច្ចផងដែរ៕






អគារ​​មជ្ឈ​មណ្ឌល​​ចក្ខុរោគ មិត្តភាព កម្ពុជា-កូរ៉េ ត្រូវ​សម្ពោធ​​ដាក់​ឲ្យ​​ប្រើប្រាស់​​ជាផ្លូវការ

អគារមជ្ឈមណ្ឌលចក្ខុរោគ មិត្តភាព កម្ពុជា- កូរ៉េ ដែលជាអំណោយដ៍ថ្លៃថ្លារបស់រដ្ឋាភិបាល នៃសាធារណៈរដ្ឋកូរ៉េ តាមរយៈអង្គការ(kioka)កូរ៉េ មានទីតាំងនៅក្នុងបរិវេនខាងក្រោយនៃមន្ទីរពេទ្យព្រះអង្គឌួង ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី១៣ ខៃឧសភា នេះ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងឯកឧត្តម Chung Ui-Wa ប្រធានរដ្ឋសភាជាតិ នៃសាធារណរដ្ឋកូរ៉េ។
ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងឲ្យដឹងថា ដោយមើលឃើញនូវកង្វះខាតនៃហេដ្ឋារចនាសម្ពន្ធ័ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុនសែន បានផ្តួចផ្តើមឲ្យមានកិច្ចសហប្រតិបត្តិការ ជាមួយរដ្ឋាភិបាលកូរ៉េខាងត្បូង សាងសង់អាគារចក្ខុរោគមិត្តភាព កម្ពុជា កូរ៉េ ដ៍ស្កឹមស្កៃនេះឡើង។ អាគារនេះ បានចាប់ផ្តើមសាងសង់ ពីថ្ងៃទី២២  ខែតុលា ឆ្នាំ២០១៣ នឹងបញ្ចប់ នាថ្ងៃទី១២ខែធ្នូ ឆ្នាំ២០១៤ ។ អាគារនេះ មានកម្ពស់ ៤ជាន់ មាន៧៥បន្ទប់ ដែលក្នុងនោះ ជាន់ផ្ទាល់ដី សម្រាប់ចុះឈ្មោះ និងទទួលពិនិត្យជំងឺក្រៅ, ជាន់ទី១ សម្រាប់អ្នកជំងឺ សម្រាកព្យាបាល, ជាន់ទី២ សម្រាប់វះកាត់, ជាន់ទី៣ការិយាល័យនិងសាលប្រជុំ ព្រមទាំងបំពាក់ដោយសម្ភារៈទំនើប នឹងមានគ្រែសំរាកព្យាបាលចំនួន៥២គ្រែ ដោយចំណាយថវិកាសរុប ប្រមាណ ៥លាន៥សែន ដុល្លារអាមេរិច  ដែលសាងសង់ដោយក្រុមហ៊ុន Young Dong Construction Co.LTD នៅលើផ្ទៃដី សរុប ៣៨១៨ម៉ែត្រការ៉េ។ ក្រៅពីថវិកាសំរាប់ប្រើប្រាស់ក្នុងការសាងសង់ ក៍ដូចជាបំពាក់ឧបករណ៍បរិក្ខាពេទ្យទំនើប សាធារណរដ្ឋកូរ៉េ ក៍បានចំណាយថវិកា 2លាន 5សែន ដុល្លាអាមេរិចបន្ថែមទៀត សំរាប់ការបណ្តុះបណ្តាល ដល់បុគ្គលិក មន្ទីរពេទ្យព្រះអង្គឌួង ដោយមានមន្ទីរពេទ្យ kim's Eye នៃសាធរណះរដ្ឋកូរ៉េ ជាដៃគូបច្ចេកទេស។
ប្រធានររដ្ឋសភាជាតិ នៃសាធារណះរដ្ឋកូរ៉េ ឯកឧត្តម Chung Ui-Wa បានវាយតំលៃខ្ពស់ ចំពោះការសម្រេចយកថ្ងៃនេះ សំរាប់ធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលចក្ខុរោគ មិត្តភាព កម្ពុជា កូរ៉េ ដែលជាអំណោយដ៍ថ្លៃថ្លា របស់រដ្ឋាភិបាល នៃសាធារណៈរដ្ឋកូរ៉េ តាមរយះអង្ការ(kioka)គឺស្របពេល នៃព្រះរាជពិធីបុណ្យ ចម្រើនព្រះ ជន្មាយុ ព្រះមហាក្រត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់៦២ យាងចូល៦៣ ព្រះ វស្សា។

ឯកឧត្តមបញ្ជាក់ថា ការសម្រេចយកថ្ងៃនេះ ធ្វើពិធីសម្ពោធ គឺមានអត្ថន័យ២យ៉ាង គឺទី១ ជាការរំលឹកដល់ការខិតខំប្រឹងប្រែង ក្នុងការកសាងអគារអាគារ មជ្ឈមណ្ឌលចក្ខុរោគ មិត្ត ភាព កម្ពុជា-កូរ៉េ នេះ លេចចេញជារូបរាងឡើង ដោយប្រើរយៈពេល៤ឆ្នាំកន្លងទៅ និងការ យកចិត្តទុកដាក់ លើការបង្ការ និងព្យាបាលភ្នែក របស់ប្រជាជន កម្ពុជា នឹងម្យ៉ាងទៀត គឺជានិម្មិតរូប នៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៃប្រជាជន រដ្ឋាភិបាល និងប្រទេសទាំង២។ 
ឯកឧត្តមបញ្ជាក់ថា អាគារមជ្ឈមណ្ឌលចក្ខុរោគ មិត្តភាព កម្ពុជា កូរ៉េ នឹងបំភ្លឺថ្ងៃអនាគត របស់ប្រជាជននៃប្រទេសទាំង២ ដោយកែវភ្នែកក្នុងចិត្ត ជាមួយនិងសុខភាពល្អ ដែលស្របនឹងទស្សនៈវិស័យរបស់សម្តេចតេជោហ៊ុនសែន ដែលកំពុងតែយកចិត្តទុកដាក់លើវិស័យសុខាភិបាល នឹងសេវាសុខភាពសាធារណះ សំរាប់ប្រជា ពលរដ្ឋកម្ពុជា។       
មានប្រសាសន៍សំណេះសំណាលជាមួយការថ្លែងស្វាគមន៍ នៃដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូសភា នៃសាធារណះរដ្ឋកូរ៉េ នៅកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម Chung Ui-Wa សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានយកឱកាសនេះ ថ្លែងអំណរគុណ ដល់រដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលបានផ្តល់ជំនួយឥតសំណង ក្នុងការសាងសង់នូវអគារមជ្ឈមណ្ឌលចក្ខុរោគមិត្តភាពកម្ពុជា កូរ៉េ ដ៍ទំនើបនេះឡើង នៅក្នុងបរិវេន នៃមន្ទីរពេទ្យព្រះអង្គឌួងនេះ។ 

បើតាមសម្តេច យើងមិនត្រូវភ្លេចទេ មន្ទីរពេទ្យនេះ មានអាយុកាល១០៥ឆ្នាំហើយ ដូច្នេះហើយបានជាជ្រើសរើសថ្ងៃនេះ ជាថ្ងៃសម្ពោធ ដោយផ្សារភ្ជាប់ជាមួយ និងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះវស្សា របស់ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ដែលចូលដល់ទៅជាចៅទួត ចៅលួត របស់ព្រះបាទព្រះអង្គឌួង។ 
សម្តេចបញ្ជាក់ថា ព្រះបាទអង្គឌួងនេះហើយ ដែលចែងក្នុងរដ្ឋធម្មនុញ គឺបញ្ជាក់អំពីលោហិត ដែលត្រូវឡើងសោយរាជ មានព្រះបាទអង្គឌួង ព្រះបាទនរោត្តម និងព្រះបាទស៊ីសុវត្ថិ ឬបច្ឆាញាតិរបស់ព្រះបាទអង្គឌួង ដែលត្រូវឡើងគ្រងរាជ។ដូច្នេះមន្ទីរពេទ្យព្រះអង្គឌួងនេះ បានកកើតឡើងតាំងពីឆ្នាំ ១៩១០ ដែលបច្ចុប្បន្ន មានអាយុកាល១០៥ឆ្នាំហើយ មកដល់ឆ្នាំ២០១៥នេះ។ សម្តេចសង្ឃឹមថា អគារមជ្ឈមណ្ឌលចក្ខុរោគមិត្តភាពកម្ពុជា-កូរ៉េ ដែលយើងបាននឹងកំពុងធ្វើពិធីសម្ពោធនាថ្ងៃនេះ និងមិនគ្រាន់តែទុកសំរាប់៤ ឬ៥ឆ្នាំនោះទេ គឺយើង ទុករាប់សិបរាប់រយឆ្នាំតទៅមុខទៀត៕ 





ក្រោយ​ពីជួយ​ផ្តល់​ថវិកា ដើម្បីសាង​សង់​មជ្ឈមណ្ឌល​តម្កល់​ឯកសារ របស់​សាលាក្តី​ខ្មែរក្រហម ជប៉ុន​នឹង​ជួយ​កម្ពុជា​បន្ថែម​ទៀត​លើការ​បំពាក់​សម្ភារៈ

នៅល្ងាច​ថ្ងៃទី​ ១២ ខែឧសភា ​ឆ្នាំ២០១៥​ ឯកឧត្តម​បណ្ឌិតសភាចារ្យ ​សុខ ​អាន​ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី ​បាន​អនុញ្ញាត​ឲ្យ​ឯកអគ្គរាជទូត​ជប៉ុន​ ឯកឧត្តម ​Kuma Maru Yuji​ ចូលជួប​ពិភាក្សា​ការងារ ​ស្តីពី​មជ្ឈមណ្ឌល​តម្កល់​ឯកសារ​ របស់​អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​។​
គួរបញ្ជាក់​ថា​មជ្ឈមណ្ឌល​តម្កល់​ឯកសារ​ដែលទើប​សាងសង់​ថ្មីនេះ ​គឺភាគី​ជប៉ុន​ចំណាយ​ថវិកា​ជួយ​សាងសង់​ឲ្យ​កម្ពុជា​ ដើម្បី​តម្កល់​ទុកឯកសារ​ដែល​កាត់​ក្តីហើយ​ នៅអង្គ​ជំនុំ​ជម្រះ​សាលាក្តី​ខ្មែរក្រហម​។​ តាមរយៈ​ជំនួយខាង​លើ​នេះ​ ឯកឧត្តម​ Kuma Maru Yuji​ ឯកអគ្គរាជ​ទូត​ជប៉ុន​ បានជួប​ពិភាក្សា​ជាមួយ ​ឯកឧត្តម​បណ្ឌិត​សភាចារ្យ ​សុខ​ អាន​ ក្នុង​គោលបំណង​ចង់ដឹង​ពី​ដំណើរការ​នៃ​ការ​សាងសង់​នេះ​។​
គួរ​រំលឹកថា​ កាល​ពីថ្ងៃ​ទី២៥​ ខែមីនា​ ឆ្នាំ២០១៥​ កន្លងទៅ ​នៅទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ គឺមានការ​ចុះ​អនុស្សារណៈ​មួយ​ រវាង​ឯកឧត្តម​ កែវ​ រ៉េមី ​រដ្ឋលេខា​ធិការ​ នៃ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី ​និង​លោក​ ដេវិដ​ សេហ្វើ ​ជា​អ្នក​ជំនាញ​ការ​ពិសេស​ របស់​អង្គការ​សហ​ប្រជាជាតិ​ នៅក្នុង​សាលាក្តី​កាត់ទោស​ខ្មែរ​ក្រហម​ ហើយការ​ចុះហត្ថលេខា​នោះ​គឺ​ផ្តោត​ទៅលើ​មជ្ឈមណ្ឌល​ថ្មី​ សម្រាប់​តម្កល់​ឯកសារ​ ក្រោយ​ពីការ​កាត់​សេចក្តី​នៅអង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​រួច​។​
ឯកឧត្តម​ឧបនាយក​រដ្ឋ​មន្រ្តី ​សុខ​ អាន​ បាន​មាន​ប្រសាសន៍​ នៅ​ក្នុង​ជំនួប​ពិភាក្សា​នេះថា​ នៅពេល​ដ៏៏ខ្លី​ខាងមុខ​នេះ​ ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តី​ សុខ​ អាន​ នឹង​បញ្ជូន​លិខិត​មួយ​ទៅកាន់​ប្រធាន​ផ្នែកកិច្ចការ​ច្បាប់ ​របស់​អង្គការ​សហ​ប្រជាជាតិ​គឺ​ឯកឧត្តម​ Miquel De Serpa Soares ជា​ប្រធាន​នាយកដ្ឋាន​ច្បាប់​របស់​អង្គការ​សហ​ប្រជាជាតិ ​ទាក់ទង​ទៅ​និង​ការ​ឆ្លើយតប​ នៃ​កិច្ច​ព្រម​ព្រៀង​អនុស្សារណៈ​ដែល​ឯកឧត្តម​ កែវ​ រ៉េមី​ បាន​ចុះ​ហត្ថលេខា​ពី​ខែមីនា​ កន្លង​មកនេះ​។

ឯកឧត្តម​ បណ្ឌិត​សភាចារ្យ​ សុខ​ អាន​ បាន​បន្ត​ទៀតថា​ នៅពេល​ដែលលិខិត​ទៅដល់​ឯកឧត្តម​ Miquel De Serpa Soares​ ហើយ ​ប្រសិន​បើគាត់​ឆ្លើយ​យល់​ព្រមត្រឡប់​មកវិញ​ ទៅលើ​អនុស្សារណៈ​ដែល​ បាន​ចុះហត្ថលេខា ​កាលពីថ្ងៃទី​ ២៥​ ខែមីនា​នោះ ​គឺមាន​ន័យថា​ យើងនឹង​បន្តការងារ​ដំណាក់កាល​មួយទៀត​ ដែលពេល​នោះ​រាជរដ្ឋាភិបាល​កម្ពុជា​ នឹង​ចាត់ចែង​ឲ្យមាន​នូវ​អនុក្រឹត្យ ​ដើម្បី​តែងតាំង​នាយក​សំរាប់​មជ្ឈមណ្ឌល​តម្កល់​ឯកសារ​នេះ​។​ នាយក​មជ្ឈ​មណ្ឌល​​​តម្កល់​ឯកសារ​ថ្មីនេះ ​នឹង​ត្រូវ​ធ្វើការ​ជាមួយ​ អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ អំពី​ការ​ទទួល​ឯកសារ​មួយ​ដំណាក់​កាល​ម្តងៗ​ ការរៀបចំ​ឯកសារ​ដាក់​តម្កល់​នៅ​មជ្ឈមណ្ឌល​ថ្មី​នេះ ​ដើម្បី​ឲ្យអ្នក​សិក្សា​ស្រាវជ្រាវ​ អាចឈាន​ទៅសិក្សា​ស្រាវជ្រាវ​នៅមជ្ឈ​មណ្ឌល​ដោយ​ផ្ទាល់​តែម្តង​។​
មជ្ឈម​ណ្ឌល​ថ្មីនេះ ​នឹង​ត្រូវ​បំពាក់​សម្ភារៈ​បន្ថែមទៀត ​បន្ទាប់ពី​បញ្ចប់​ការសាងសង់ ​១០០%​ ហើយ​ក្នុងនោះ​រាជរដ្ឋាភិបាល​ជប៉ុន​បានសន្យាថា​នឹង​ជួយ​ផ្នែកសម្ភារៈបន្ថែម​ទៀត​។​ ដោយ​ឡែក​ ចំពោះ​ការហ្វឹក​ហ្វឺន​ធនធាន​មនុស្ស ដែល​ធ្វើការ​នៅ​ក្នុង​មជ្ឈមណ្ឌល​នេះ ​នឹង​ត្រូវ​ហ្វឹកហ្វឺន​ដោយអង្គជំនុំ​ជម្រះ​វិសាមញ្ញា​ក្នុង​តុលាការ​កម្ពុជា​ (អ.វ.ត.ក)​។​
ជាការ​ឆ្លើយតប​ នៅក្នុង​ជំនួបនេះ​ដែរ​ ឯកឧត្តម​ Kuma Maru Yuji​ ឯកអគ្គ​រាជទូត​ជប៉ុន​ បាន​មាន​​​ប្រសាសន៍​ថា​ ឯកឧត្តម​ចង់ឃើញ​មជ្ឈមណ្ឌល​តម្កល់​ឯកសារ​នេះ​ ដំណើការ​ឲ្យបាន​ឆាប់​ ដូចនេះ​ភាគី​ជប៉ុន​ នឹង​ព្យាយាម​ធ្វើ​យ៉ាងណា ​ជួយ​ឲ្យមជ្ឈមណ្ឌល​នេះ ​អាច​ធ្វើ​ប្រតិបត្តិការ​របស់​ខ្លួន​ទៅបាន​ក្នុងពេល​ដ៏ខ្លី​ខាង​មុខនេះ​៕