Thursday, September 15, 2016

បុណ្យភ្ជុំបិណ្ឌ



បុណ្យ​កាន់​បិណ្ឌ ជា​ពិធី​ដែល​គេ​ត្រូវ​ចាប់​ធ្វើ​ឡើង​តាំង​ពី​ថ្ងៃ​ ១ រោច ខែ​ភទ្របទ ដើម្បី​ឧទ្ទិស​ផល្លា​និសង្ឃ​ដល់​ជន​ដែល​ធ្វើ​មរណ​កាល​ទៅ​កាន់​បរលោក ។ ពិធី​នោះ​ត្រូវ​ធ្វើ​អស់​កាល​កន្លះ​ខែ​គត់ ។

នៅ​ខែ​ភទ្របទ មេឃ​មាន​អាកាស​អួរ​អាប់​ដោយ​ពពក​ទឹក ចំនែក​ខាង​រនោច ព្រះ​ចន្ទ​ដែល​បញ្ចេញ​រស្មី​នៅ​វេលា​​យប់ ក៏​កាន់​តែ​ហោច​ទៅ ៗ ធ្វើ​ឲ្យ​វេលា​យប់​កាន់​តែ​ងងឹត​បន្តិច​ម្ដង ៗ ។

នៅ​ពេល​នោះ​ហើយ ដែល​យមរាជ (ស្ដេច​មច្ចុរាជ) ដោះ​លែង​ពួក​សត្វ​នរក​ទាំង​ឡាយ ក្នុង​ ១ ឆ្នាំ​ម្ដង ដើម្បី​ឲ្យ​ឡើង​ទៅ​រក​បង​ប្អូន កូន​ចៅ ដើម្បី​នឹង​ទទួល​កុសល​ផល​បុណ្យ ដែល​គេ​ធ្វើ​ឧទ្ទិស​ឲ្យ ។

ដោយ​សត្វ​នរក ជា​អ្នក​ខ្លាច​ពន្លឺ ទើប​អ្នក​ស្រុក​និយម​ធ្វើ​បុណ្យ​ឲ្យ​អ្នក​ទាំង​នោះ​នៅ​ខែ​ងងឹត ។ អ្នក​ខ្លះ​និយាយ​ថា តែ​ដល់​រដូវ​ហើយ សត្វ​នរក​ដែល​គេ​ដោះ​លែង​មក​ ខំ​ដើរ​រក​បង​ប្អូន​កូន​ចៅ​គ្រប់ ៧ វត្ត បើ​មិន​ឃើញ​អ្នក​ណា​ធ្វើ​បុណ្យ​ឧទ្ទិស​បញ្ជូន​ឲ្យ​ទេ នោះ​នឹង​កើត​ក្ដី​ស្រេក​ឃ្លាន​ ហើយ​នឹង​ប្រទេច​ផ្ដាសា​ដល់​ញាតិ​មិត្ត​មិន​លែង​ឡើយ ។

ការ​ដែល​គេ​ធ្វើ​បុណ្យ​ក្នុង​កន្លះ​ខែ​ក្នុង​ខែ​ភទ្របទ​នោះ គេ​ហៅ​ថា “ ​កាន់​បិណ្ឌ​” ។ ពាក្យ​ថា​បិណ្ឌ មក​ពី​ពាក្យ​បាលី​ថា “ បិណ្ឌៈ​” មាន​ន័យ​ថា “ ​ដុំ​បាយ​” ។

ក្នុង​សិលា​ចរឹក​របស់​ព្រះ​បាទ​យសោវរ្ម័ន ដែល​ទ្រង់​សោយ​រាជ​សម្បត្តិ​ក្នុង​រវាង គ.ស. ៨៨៩ ដល់ ៩១០ យើង​ដឹង​ថា នៅ​ក្នុង​អា​វាស​ជា​ច្រើន​ដែល​ព្រះ​អង្គ​ទ្រង់​បាន​កសាង គេ​តែង​ធ្វើ​ពិធី​បូជា​បាយ​បិណ្ឌ ចំពោះ​វិញ្ញាណ​ក្ខ័ន្ធ​អ្នក​ស្លាប់​ក្នុង​ចំបាំង​រាំង​ជល់ និង ចំពោះ​ខ្មោច​ដែល​គ្មាន​បង​ប្អូន​​ជា​ទី​ពឹង​ទាំង​ឡាយ​ជា​រៀង​រាល់​ខែ ។

សម័យ​សព្វ​ថ្ងៃ​បុណ្ឌ​ជា​ដុំបាយ​ដំណើប ដែល​​គេ​ចំអិន​ដោយ​ខ្ទិះ​ដូង ហើយ​លាយ ឬ បុក​ជា​មួយ​គ្រឿង​ផ្សំ​ឯ​ទៀត តាម​​ទម្លាប់​ស្រុក ។ គេ​រៀប​បាយ​បិណ្ឌ នៅ​ជុំវិញ​បាយ​បត្ត​បូរ​ បាយ​បត្ត​បូរ​ ក៏​ធ្វើ​ដូច​ជា​បាយ​បិណ្ឌ​ដែរ គ្រាន់​តែ​ពូត ​ជា​ពំនូត​ធំ ៗ មាន​កំពូល​ស្រួច​ហើយ​គ្រប​ដោយ​សាជី​ស្លឹក​ចេក និង មាន​ដោត​ទៀត​ធូប​ភ្ញី​ផ្កា​ជា​លំអ​ផង ។ តាម​ទម្លាប់​នៅ​ថ្ងស​កាន់​បិណ្ឌ​ទី ១ គេ​ដាក់​បាយ​បិណ្ឌ​តែ ១ ពំនូត​ទេ ។

ហើយ​គេ​ចេះ​តែ​ថែម ១ ថ្ងៃ ១ ដុំ លុះ​ត្រា​តែ​គ្រប់ ១៥ ដុំ ។ ប៉ុន្តែ​មាន​ស្រុក​ខ្លះ មាន​ទំនៀម​ធ្វើ​ប្លែក​ពី​នេះ ភូមិ​ខ្លះ គេ​ធ្វើ​បាយ​ធ្វើ​បាយ​បិណ្ឌ​តែ ៥ ទេ ដេល​គេ​ទុក​ជា​និមិត្ត​រូប​ព្រះ​ពុទ្ធ ទាំង ៥ ព្រះ​អង្គ​ប្រចាំ​កប្ប​យើង​នេះ ។ នៅ​ភូមិ​ខ្លះ​ទៀត, ជុំ​វិញ​ជើង​បាយ​បត្ត​បូរ ​មាន​ដាក​បាយ​កន្ទោង ៨ ផង ហើយ​កន្ទោង​និមួយ ៗ មាន​តាំង​ពី​បាយ ១ ដុំ ដល់​ ១៥ ដុំ ។ កន្ទោង​បាយ​ទាំង ៨ នោះ គេ​ទុក​បម្រុង យក​ទៅ​ដាក់​ជុំវិញ ព្រះ​វិហារ​គ្រប់​ទិស​ទាំង​ប្រាំបី ។

តាម​ទម្លាប់ ជា​ធម្មតា គេ​ត្រូវ​ទុក​បាយ​បត្តបូរ​នៅ​ទី​វត្ត​, ឯ​បាយ​បិណ្ឌ គេ​ត្រូវ​នាំ​យក​ទៅ ផ្ទះ ដើម្បី​នឹង​ប្រើ​ការ​នៅ​ពេល​ដែល​គេ​បញ្ចប់​បុណ្យ​នេះ ។ ក្រៅ​ពី​បាយ​បិណ្ឌ និង បាយ​បត្ត​បូរ គេ​មាន​ធ្វើ​ផ្កា​បិណ្ឌ ដែល​មាន​បាច់​ផ្កា ១ រាង​ដូច​សាជី​ជ្រុង ថែម​ទៀត ។ ផ្កា​បិណ្ឌ​មាន​ឆ្អឹង កណ្ដាល​ធ្វើ​អំពី​ឫស្សី កំពស់​ប្រហែល​ជា ១​ម. មាន​ស៊ក​កង់​ឈើ​មូល ៗ ជា​ថ្នាក់​រាង​ធំ​ក្រោម រៀវ​តូច​ទៅ​លើ ។

នៅ​កន្លែង​កង់​ជា​ថ្នាក់ ៗ នោះ​មាន​ដោត​ផ្កា​ញ័រ ធ្វើ​ដោយ​ស្ពាន់​ក្រាប​នឹង​ក្រដាស​គ្រប់​ពណ៌ ដោយ​នៅ​ចុង​ទង់ ធ្វើ​ដោយ​ខ្សែ​លួស តែ​កាល​ណា​មាន​ខ្យល់​បក់​មក សូម្បី​​តិច​យ៉ាង​ណា ក៏​អាច​ធ្វើ​ផ្កា​ទាំង​នោះ ឲ្យ​រញ្ជួយ​ញ័រ​ ៗ ដែរ នៅ​កំពូល​ស៊ុម ផ្កា​នោះ​មាន​រូប​ហ្ស​តូច​មួយ​ធ្វើ​ដោយ​ឈើ នៅ​លើ​ខ្នង​ហង្ស​មាន​ដោយ​ទៀន ១ ផង ។ នៅ​វត្ត​ខ្លះ ពួក​ទាយក ទាយិកា នាំ​គ្នា​ផ្លាស់​ទៀន​នេះ រាល់​យប់ ។គេ​ធ្វើ​ផ្កា​បិណ្ឌ ដើម្បី​ឧទ្ទិស​បូជា​ដល់​ប្រះ​ចូឡា​មណី​ចេតិយ នៅ​ឯ​ឋាន​ត្រៃត្រឹង្ស ដែល​ជា​ទី​តម្កល់​ព្រះ​កេសា​នៃ​ព្រះ​បរម​សាស្ដា ​ដែល​ទ្រង់​បាន​កាត់​នៅ​ពេល​ដែល​ទ្រង់​ចេញ​សាង​ព្រះ​ផ្នួស ។
ចាប់​តាំង​ពី​ថ្ងៃ​ពេញ​បូរមី ខែ​ភទ្របទ​មក ទាយក ទាយិកា នាំ​គ្នា​ទៅ​ប្រជុំ​នៅ​ទីសាលា​វត្ត ដែល​គេ​វាន​ចាត់​ចែង រៀប​ចំ​លំអរ ជា​ស្រេច​សម្រាប់​បុណ្យ ដើម្បី​ស្ដាប់​ព្រះ​សង្ឃ​សូត្រ​មន្ត និង សំដែង​ធម្មទេសនា ។

លុះ​ចប់​ធម៌​ទេសនា ហើយ​គេ​នាំ​គ្នា​ត្រឡប់​ទៅ​កាន់​ទីលំនៅ​រៀង ៗ ខ្លួន​ដល់​ថ្ងៃ​បន្ទាប់​មក​ ទើប​នាំ​គ្នា​ក្រោកពី​យប់​ទី​ប្រជុំ​នៅ​ឯ​ទី​វត្ត​ទៀត ។អ្នក​ណា​ទៅ​ដល់​វត្ត​មុន​គេ អ្នក​នោះ ទូង​ស្គរ​ជា​សញ្ញា ដល់​​អ្នក​ជើង​វត្ត​ឯ​ទៀត ។

ពេល​ឮ​សញ្ញា​ស្គរ​វត្ត​ហើយ គេ​ប្រញាប់​ប្រញាល់​នាំ​បាយ​បិណ្ឌ បាយ​បត្ត​បូរ និង ម្ហូប​ចំណី​ផ្សេង ៗ ទៅ​កាន់​វត្ត​យ៉ាង​រួសរាន់ ។ ដល់​ហើយ​នាំ​គ្នា​ដើរ​ទក្ខិណាព័ត៌​ព្រះ​វិហារ ៣ ជុំ រួច​ទើប​នាំ​គ្នា​ចូល​ទៅ​ស្ដាប់​ព្រះសង្ឃ​​ស្វាធ្យាយ​ធម៌ ។

ធម៌​ដែល​ព្រះ​សង្ឃ​សូត្រ​នៅ​ពេល​នោះ​មាន ២ យ៉ាង, ធម៌​មួយ​យ៉ាង សម្រាប់​ឧទ្ទិស​គ្រៀង​សំណែន​ដល់​ខ្មោច ធម៌​មួយ​ទៀត សម្រាប់​តឿន​ព្រះ​អាទិត្យ​ឲ្យ​រះ​ឆាប់​ឡើង ។ព្រលឹមឡើង អ្នក​វេន​រៀប​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ស្រស់​ស្រូប​ហើយ ទើប​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ យក​ទាំង​បាយ​បិណ្ឌ​ទៅ​ផង ។

ដល់​ថ្ងៃ​ជិត​ត្រង់ ទើប​នាំ​គ្នា​យក​ចង្ហាន់ ទៅ​ប្រគេន​ព្រះសង្ឃ​ឆាន់​ត្រង់​ម្ដង​ទៀត ។ គេ​ធ្វើ​ដូច្នេះ​រហូត​ដល់​គ្រប់ ១៥ ថ្ងៃ ។ ថ្ងៃ​ទី ១៥ នេះ​ហើយ​ដែល​ជា​ថ្ងៃ​សំខាន់​ជាង​គេ ។


ពិធី​ក្នុង​ព្រះ​បរម​រាជវាំងៈ
នៅ​ព្រះ​បរម​រាជវាំង ព្រះ​មហាក្សត្រ​ខ្មែរ​តែង​ធ្វើ​ព្រះ​រាជកុសល​កាន់​បិណ្ឌ​ជា​ទម្លាប់​មក ចាប់​តាំង​ពី​ថ្ងៃ ១១ រោច ។ នៅ​ពេល​នេះ យើង​សូម​ជូន​អំពី​ ព្រះរាជ​ពីធី​យ៉ាង​សង្ខេប, ព្រោះ​ថា​ក្រៅ​អំពី​ការរុងរឿង អធិកអធម​ក្នុង​ការ​រៀប​ចំ​ពិធី ពុំ​មាន​ទំនៀម​ប្លែក​ប៉ុន្មាន​អំពី​ទំនៀម​រាស្ត្រ​ឡើយ ។ ខាង​ទំនៀម​ព្រះ​មហាក្សត្រ ធ្វើ​ផ្កា​បិណ្ឌ​ច្រើន​ជាំង​នៅ​ទី​ដទៃ ព្រោះ​គេ​ធ្វើ​ជំនួស​បាយ បត្តបូរ​យើង​ធម្មតា ។

ផ្កា​បិណ្ឌ​ដែល​ប្រើ​ក្នុង​ព្រះ​រាជ​ពីធី ក៏​មាន​រាង​ធំ​ក្រោម​ ស្រួច​លើ​ដែរ ប៉ុន្តែ​នៅ​ចន្លោះ​ផ្កា​ញ័រ​ មាន​ដោត​ក្បាច់​កញចាំង​ឆ្លាក់​ភ្ជាប់ នឹង​សាច់​អំពៅ​ព្រោះ​តែ​ម្ដង ហើយ​នៅ​ថ្នាក់​ក្រោម​បង្អស់​មាន​ដោត​ទង់​រូប​ក្រពើ និង ទង់​រូប​នាគ​ធ្វើ​ដោយ​ស្ពាន់​ក្រាប ។ ព្រះ​រាជ​ពិធី​តែង​ធ្វើ​នៅ​ក្នុង​ព្រះ​ទេវា​វិនិច្ឆ័យ, នៅ​លើ​តុ​​មួយ​គេ​តំកល់​ប្រះ​ពុទ្ធ​រូប ១ អង្គ​ដែល​គេ​បាន​អភិសេក​ពី​ឆ្នាំ​មុន​រួច​ហើយ ដល់​ថ្ងៃ​បង្ហើយ​បុណ្យ គេ​ត្រូវ​អភិសេក​ព្រះ​ពុទ្ធ​រូប​មួយ​អង្គ​ថ្មី​ទៀត ។
នៅ​ថ្ងៃ​ ១១ រោច ដែល​ជា​ថ្ងៃ​ផ្ដើម​បុណ្យ ព្រះ​សង្ឃ​ចំរើន​ព្រះ​បរិត្ត​នៅ​ក្នុង​ព្រះ​ទីនាំង​ទេវា​វិនិច្ឆ័យ ។ ស្អែក​ឡើង​គឺ​ថ្ងៃ​ ១២ រោច ព្រះ​សង្ឃ​ត្រូវ​និមន្ត​តាំង​ពី​ម៉ោង ៤ ភ្លឺ​ដើម្បី​ស្វាធ្យាយ ធម៌​រហូត​ដល់​ម៉ោង ១០ ទើប​ក្រុម​សង្ឃ​ការី រៀប​ចង្ហាន់​ប្រគេន​ព្រះ​សង្ឃ​ការី​រៀប​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ឆាន់ ។ វេលា​រសៀល ថ្ងៃ​ដដែល ត្រូវ​វេន​ព្រះ​សង្ឃ​ដ៏​ទៃ​ទៀត ទៅ​បំពេញ​កិច្ច​ដូច​ថ្ងៃទី ១ ដែល​យើង​បាន​ពោល​រួច​មក​ហើយ ។

ថ្ងៃ ១៣ រោច ពិធី​ដែល​ធ្វើ​តាំង​ពី​រសៀល​ថ្ងៃ​នេះ ទៅ​ទល់​នឹង​ព្រឹក​ថ្ងៃ​ស្អេក​ទៀត ជា​ពីធី​ថ្វាយ​ព្រះ​រាជ​កុសល​ចំពោះ​ព្រះ​អតីត​មហាក្សត្រ​ទាំង​ឡាយ ជា​ពិសេស​គឺ​ប្រះ​រាជា ៥ ព្រះអង្គ​ដែល​ទ្រង់​សោយ​ទីវង្គត​ក្រោយ​គេ គឺ​ព្រះ​ករុណា ព្រះ​អង្គឌួង ព្រះ​ករុណា​ព្រះ​នរោត្ដម ព្រះ​ករុណា​ព្រះ​ស៊ីសុវត្ថិ ព្រះ​ករុណា​ព្រះ​មុនីវង្ស និង ព្រះ​ករុណា​ព្រះ​សុរាម្រិត ។
នៅ​ថ្ងៃ ១៤ រោច ព្រះ​ករុណា, ព្រះ​រាជវង្សានុវង្ស ស្ដេច​ចេញ​ជា​ព្រះ​រាជា​ធិបតី​ជា​មួយ នឹង​នាម៉ឺន​សព្វ​មុខ​មន្ត្រី ។ បន្ទាប់​មក គេ​និមន្ត​ព្រះសង្ឃ​បង្សុកូល គឺ​ជា​ការ​ពិចារណា​ដល់​ភាព​ឥត​ខ្លឹម​សារ​នៃ​មនុស្ស​ជាតិ និង ជា​កិច្ច​​បញ្ជូន​កុសល​ចំពោះ​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ឲ្យ​បាន​រំដោះ​ផុត​ពី​ទុក្ខ​វេទនា ។ នៅ​វេលា​លោក​សង្ឃ​កំពុង​សូត្រ​គេ​យក​អំបោះ​ឆៅ​ប្រគេន​ព្រះសង្ឃ​គ្រប់​អង្គ​កាន់ ហើយ​យក​ចុង​សរសៃ​អំពោះ​ម្ខាង​ដាក់​ទៅ​ក្នុង​ផ្តិល​ទឹក​មន្ត​មួយ ។ ដែល​តម្កល់​នៅ​មុខ​ព្រះសង្ឃ​នាយក ហើយ​ចុង​ម្ខាង​ទៀត យក​ទៅ​ដាក់​ព័ទ្ធ​​ជុំវិញ​ហោព្រះ​អដ្ឋិ​ឯ​ណោះ ។ អំពោះ​នៅ​ជា​និមិត្ត​រូប​នៃ​ការ​ចម្លង​កម្លាំង​ធម៌ ខាង​សាសនា​ពី​អ្នក​រស់​នៅ​ទៅ​កាន់​អ្នក​ស្លាប់ ។
រួច​ពី​នោះ​មក ព្រះ​ករុណា​ទ្រង់​យក​បាច់​ផ្កា​ទៅ​ថ្វាយ​ចំពោះ​ព្រះ​បរម​រូប រូប​ចាងហ្វាង​ក្រុម​ព្រះ​រាជ​មន្ទីរ​ចូល​ថ្វាយ​ផ្កា និង ថ្វាយ​បង្គំ​ព្រះ​បរម​រូប ជា​បន្ទាប់​ក្រោយ​ព្រះ​អង្គ ។

ត​មក​ទៀត ក្រុម​បារគូ​ចូល​ទៅ​​សូត្រ​ប្រសិទ្ធិពរ​ថ្វាយ​ព្រះ​បរម​រូប រូប​ចាង​ហ្វាង​ក្រុម​ព្រះ​រាជ​មន្ទីរ ថ្វាយ​​ព្រះ​រាជ​កុសល​ចំពោះ​ព្រះ​បរម​រូប​ទៀត ដើម្បី​សូម​ព្រះ​អង្គ​បាន​ប្រកប​ដោយ​ព្រះ​សុភមង្គល​គ្រប់​យ៉ាង​ក្នុង​បរលោក ។

នៅ​ម៉ោង ៩ យប់ ព្រះ​ករុណា​ទ្រង់​យាង​មក​ជួប​ជុំ​ និង ព្រះ​រាជ​វង្សានុវង្ស ចៅ​ជិត​ចៅ​ចម ព្រម​ទាំង​នាម៉ឺន​សព្វ​មុខ​មន្ត្រី ម្ដង​ទៀត​ដើម្បី​ធ្វើ​ពិធី​ “ ​ប្រជុំ​បិណ្ឌ​” ។ នៅ​ឱកាស​នោះ ព្រះ​ខ័ន​ស្ដេច​ត្រាញ់​ទាំង ៤ ក៏​ត្រូវ​អញ្ជើញ​មក​តម្កល់​ក្នុង​ពិធី​នោះ​ដែរ ។

សម័យ​បុរាណ តែ​កាល​ណា​ព្រះ​រាជ​អាណាចក្រ​ត្រូវ​បាន​រីក​ធំ​ឡើង ព្រះ​ករុណា​ទ្រង់​ជ្រើស​តាំង ព្រះ​រាជ​វង្សា​នុវង្ស ១ អង្គ ជា​ស្ដេច​ត្រាញ់​ដើម្បី​គ្រប់​គ្រង​តំបន់​ដែល​នៅ​ជិត​ព្រំ​ប្រទល់ ។ កាល​នោះ មាន​តែ​ស្ដេច​ត្រាញ់​បួន​ទេ ប្រចាំ​ទិស​ទាំង​ ៤ នៃ​ព្រះ​នគរ ។ ព្រះ​អង្គ​ទ្រង់​ព្រះរាជទាន ​មកុដ ១ ព្រះ​ខ័ន ១ និង ត្រា ១ ដល់​ស្ដេច​ត្រាញ់​ទាំង​នោះ មួយ​គ្រឿង ៗ មួយ​អង្គ ។
ប៉ុន្តែ​មកុដ និង ត្រា​បាត់​បង់​អស់​ទៅ​ហើយ នៅ​សល់​តែ​ព្រះ​ខ័ន ដែល​មាន​ពួក​បាគូ​មួយ​ក្រុម នៅ​វត្ត​បារាយណ៍​ក្នុង​ខេត្ត​កំពង់​ធំ នៅ​រក្សា​ដល់​សព្វ​ថ្ងៃ​នេះ ។ ព្រះ​ខ័ន ទាំង​បួន​មាន​សភាព​ដូច​គ្នា នៅ​លើ​មុខ​ព្រះខ័ន មាន​ឆ្លាក់​មន្ត​អាគម​ផង ហើយ​នៅ​លើ​ដង​មាន​ឆ្លាក់​​រូប​សត្វ​ ៤ បែប ។ សត្វ​ទាំង​ ៤ បែប​នោះ ទំនង​ជា​តំណាង​ចតុ​ទិស​នោះ​ឯង ។

ដោយ​ហេតុ​ថា​សម័យ​មុន ពួ​ស្ដេច​ត្រាញ់​ទាំង ៤ ត្រូវ​ចូល​ខ្លួន​ទៅ រាជ​ធានី ដើម្បី​គោរព​បូជា​ចំពោះ​វិញ្ញាណ​ក្ខ័ន្ធ នៃ​បុព្វបុរស របស់​ខ្លួន ទើប​ព្រះ​ខ័ន ទាំង​បួន ដែល​ជា​តំនាង​ស្ដេច​ត្រាញ់ ក៏​ត្រូវ​យក​មក​តម្កល់ ក្នុង​រាជ​ពិធី​ថ្វាយ​ព្រះ​រាជ​កុសល​នោះ​ដែរ ។
ក្រៅ​ពី​នោះ មាន​តុ​ពីរ​ទៀត នៅ​ចំ​ពី​មុខ​កន្លែង តម្កល់​ព្រះ​បរម​រូប ។ តុ​មួយ​មាន​គ្រឿង​ប្រដាប់​សុទ្ធ​សឹង​មាស គឺ​ជា​ដង្វាយ​ថ្វាយ ព្រះ​បិតរ​ចំពោះ​ព្រះ​សព​នៃ​ព្រះ​មហាក្សត្រ ទ្រង់​រាជ្យ ។ តុ ១ ទៀត​មាន​សុទ្ធ​តែ​គ្រឿង​ប្រាក់ ជា​ដង្វាយ​សម្រាប់​ថ្វាយ​ព្រះ​បិតរ ចំពោះ​វិញ្ញាណ​ក្ខ័ន្ធ នៃ​ព្រះ​រាជ​វង្សា​នុវង្ស ។ នៅ​ជិត​តុ​នោះ មាន​តុ​មួយ​តូច​មួយ​ទៀត តម្កល់​កែវ​ទឹក​ដូង ។កាល​ព្រះ​ករុណា​ទ្រង់​យាង ដល់​ទី​ប្រជុំ​ហើយ ព្រះ​អង្គ​ទ្រង់​ព្រះ​រាជ​ទាន​ភ្លើង​អុជ​ទៀន គោល​ទាំង​គូ ដែល​ដាក់​នៅ​ចំពោះ​ព្រះ​ភក្ត្រ ព្រះ​បរម​រូប ។ បារ​គូ ៩ នាក់ សូត្រ​ថ្វាយ​ជ័យ​រួច​ចាក់​ទឹក​ស័ង្ខ​លើ​បាត​ព្រះ​ហស្ថ​ព្រះ​រាជា ហើយ​ថ្វាយ​ស័ង្ខ រួច​ថ្វាយ​ស្លឹក​ព្នៅ​ខ្ចី ១ សន្លឹក ដែល​ព្រះ​រាជា​ទ្រង់​ទទួល​សៀត​នៅ​ព្រះ​កាណ៌​ឆ្វេង ដើម្បី​សិរី​សួស្ដី ។បន្ទាប់​មក​ទៀត ចាងហ្វាង​ក្រុម​ព្រះ​រាជ​មន្ទីរ សូត្រ​បួងសួង​ព្រះ​បិតរ សូម​ឲ្យ​លោក​ទ្រទ្រង់​ព្រះ​មហា​ក្សត្រ និង រាស្ត្រ​ប្រជា​ ធំ​-តូច មាន​-ក្រ ដែល​រស់​នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ទាំង​មូល ទោះ​ជា​ជាតិ​សាស្ត្រ​ណា​ក៏​ដោយ សូម​ឲ្យ​បាន​សេចក្ដី​សុខ ចម្រើន​ទាំង​អស់ ។លុះ​ចប់​កិច្ច​បួងសួង​ហើយ ព្រះ​ករុណា​ទ្រង់​យាង​ថ្វាយ​បង្គំ​ព្រះ​បរម​រូប​រួច​ទើប​ទ្រង់​យាង​ចាក់​ដូង​ជា​ក្រោយ ។ ត​មក​តៀត ពួក​នាម៉ឺន​សព្វ​មុខ​មន្ត្រី ក៏​ចូល​ម្ដង ៤ នាក់ ៗ ដូច​មុន​ដែរ ។បន្ទាប់​មក​ទៀត, ព្រះ​មហាក្សត្រីយានី​យាង​ចាក់​ទឹក​ដូង​តែ​មួយ​ព្រះ​អង្គ​ឯង រួច​ទើប​ក្រុម​ក្សត្រី ចៅ​ជិត ចៅ​ចម និង ភរិយា​​នាម៉ឺន​សព្វ​មុខ​មន្ត្រី ចូល​ចាក់​ទឹក​ដូង ម្ដង ៤ នាក់ ៗ ជា​លំដាប់​ ។ លុះ​ចប់​ពិធី​ចាក់​ទឹក​ដូង​ហើយ គេ​និមន្ត​ព្រះ​សង្ឃ​ទេសនា រឿង​ពុទ្ធ​ប្រវត្តិ រួច​រៀប​អភិសេក​ព្រះ​ពុទ្ធ​រូប​មួយ​ព្រះ​អង្គ នៅ​ក្នុង​យប់​ជា​មួយ​គ្នា​នោះ ។ នៅ​ទី​វត្ត​ទាំង​ឡាយ​ក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា ក៏​មាន​ធ្វើ​ពិធី​ដូច​គ្នា​នេះ​ដែរ ដែល​យើង​នឹង​ជូន​សេចក្ដី​អធិប្បាយ​ទៅ​ខាង​មុខ ។ប៉ុន្តែ សូម​កត់​សម្គាល់​ថា ពិធី​ចាក់​ទឹក​ដូង និង បិធី​អភិសេក​ព្រះ​ពុធ្ធ​រូប តែង​ធ្វើ​នៅ​ព្រះ​បរម​រាជ​វាំង ២៤ ម៉ោង មុន​ទំនៀម​រាស្ត្រ​ក្នុង​ព្រះ​នគរ​ជា​ដរាប ។ ព្រះ​សង្ឃ​សូត្រ​ពុទ្ធា​ភិសេក​ទល់​ភ្លឺ ។ លុះ​ភ្លឺ​ស្រាង ៗ ហើយ ពួក​ភ្នាក់​ងារ​យក​គ្រឿង​ផ្ទុក​ក្នុង​សង្ឃឹក​ឈើ​មួយ​តូច ដែល​មាន​ភាព​ដូច​ជា​តំណាក់​ផែ រួច​សែង​យក​ទៅ​ឯង​កំពង់​ផែ ទៅ​ដល់​គេ​ផ្ទេរ​គ្រឿង​ទាំង​នោះ​ដាក់​ទៅ​ក្នុង​ក្បូន​ដើម​ចេក ។ គេ​យក​ទូក ១ មក​សណ្ដោង​អូស​រហូត​ដល់​កណ្ដល់​ទន្លេ ៤ មុខ ទើប​លែង​ក្បូន​ឲ្យ​អណ្ដែត​ទៅ​តាម​ខ្សែ​ទឹក បញ្ជូន​ទាំង​វិញ្ញាណ​ក្ខ័ន្ធ ព្រះ​បិតរ​ទៅ​ស្រុក​ទេស​វិញ​ផង ។លុះ​ត្រឡប់​មក​វិញ ពួក​ភ្នាក់ងារ​រៀប​ធ្វើ​ពិធី​បង្សុកូល និង ប្រគេន​ចង្ហាន់​សង្ឃ​ជា​ការ​ស្រេច ។ ក្នុង​ពេល​ជា​មួយ​នឹង​ព្រះ​រាជ​ពិធី​កាន់​បិណ្ឌ​ និង ភ្ជុំ​បិណ្ឌ ក្រុម​បារគូ​ក៏​ធ្វើ​ពិធី​បូជា​ចំពោះ​ទេវរូប​នៅ​នា​យោ​ព្រះ​បញ្ចក្សេត្រ​ដែរ ។ គេ​ធ្វើ​ពិធី​អញ្ជើញ​ទេវរូប​ទាំង​នោះ​ឲ្យ​ចេញ​វស្សា​ជា​មួយ​ផង ។


ទំនៀម​រាស្ត្រៈថ្ងៃ​ខែ​ដាច់​ខែ​ភទ្របទ ជា​ថ្ងៃ​សំខាន់​ជាង​​គេ​ក្នុង​រដូវ​បិណ្ឌ គឺ​ជា​ថ្ងៃ​ “ ​ប្រជុំ​បិណ្ឌ​” ឬ “ ​ភ្ជុំ​បិណ្ឌ​” ។ មុន​ថ្ងៃ​ភ្ជុំ​ ជា​ថ្ងៃ​ភ្ជុំ​ធំ, នៅ​គ្រប់​គ្រួសារ​ខ្មែរ​គេ​នាំ​គ្នា​ធ្វើ​នំ​អន្សម នំ​គម ដើម្បី​យក​ទៅ​វត្ត​អារម ចែក​ញាតិ​មិត្ត​ជិត​ឆ្ងាយ និង សែន​ជីដូន​ជីតា ដែល​ធ្វើ​មរណ​កាល​ទៅ​ហើយ​នោះ ។ ចំនែក​នៅ​ឯ​វត្ត គេ​រៀប​ចំ​បោស​សំអាត​តុប​តែង​សាលា​បុណ្យ​ឲ្យ​សរម្យ តាម​របៀប ព្រោះ​នៅ​វេលា​យប់​ ១៤ រោច​នោះ ព្រះ​សង្ឃ​ត្រូវ​និមន្ត​ស្វាធ្យាយ​ធម៌ និង ទេសនា​ទល់​ភ្លឺ ហើយ​គេ​មាន​ធ្វើ​ពិធី​បង្សុកូល និង អភិសេក​ព្រះ​ពុទ្ធ​រូប ដូច​ជា​យើង​បាន​ពោល​មក​ហើយ​ក្នុង​ព្រះរាជ​ពិធី ។មាន​រឿង​ដំណាល​ថា កាល​នោះ ព្រះ​បរម​ពោធិសត្វ​ទ្រង់​មាន​សេក្ដី​តក់​ស្លុត នឹង​ជរា​ព្យាធិ និង មរណៈជា​ពន់​ពេក ទ្រង់​យាង​ចាក​ភេទ​ជា​ក្សត្រ ដើម្បី​ទៅ​ស្វែង​រក​ព្រះ​និព្វាន​ជា​ឋាន​បរម​សុខ ។

ព្រះ​អង្គ​ទ្រង់​ធ្វើ​ទុក្ខ​កិរិយា​អស់​រយៈ​កាល ៦​ ឆ្នាំ ទាល់​តែ​មាន​ប្រះ កាយ​ស្គាំង​ស្គម​យ៉ាង​ខ្លាំង ប៉ុន្តែ​ក្រោយ​បន្តិច​មក ប្រះ​អង្គ​ទ្រង់​ពិចារណា​ឃើញ​ថា ការ​ដេល​ទ្រង់​ប្រព្រឹត្ត​នេះ មិន​អាច​ធ្វើ​ឲ្យ​សម្រេច​មគ្គ​ផល​បាន​ទែ ទើប​ព្រះ​អង្គ​ចាប់​ឆាន់​ចង្ហាន់​ឡើង​វិញ ។ ត​ពី​នោះ​មក ប្រះ​អង្គ​ក៏​ព្រម​ទទួល​ចង្ហាន់​ដែល​នាង​សុជាតា​បាន​ធ្វើ​​ដោយ​ផ្ចិត​ផ្ចង់​អស់​ពី​ចិត្ត​ថ្វាយ​ព្រះ​អង្គ ។
ព្រះ​អង្គ​ទ្រង់​បាន​សម្រេច​ព្រះ​សម្ពោធិញ្ញាណ នៅ​ពេល​ដែល​ព្រះ​អង្គ​ទ្រង់​គង្គ​នៅ​ក្រោម​ដើម​ពោធិព្រឹក្ស​មួយ ប៉ុន្តែ​មុន​នឹង​ទ្រង់​បាន​ត្រាស់​ដឹង មារា​ធិរាជ​ដែល​ជា​សត្រូវ តាម​ព្យាបាទ​ព្រះ​អង្គ​ជា​យូរ​ណាស់​មក​ហើយ ហើយ​ដោយ​សេចក្ដី​ក្ដៅ​ក្រហាយ​នឹង​បំបែរ​ព្រះ​ទ័យ​ព្រះ​អង្គ​ឲ្យ​ចុះ​អំ​ពី​រតន​បល្ល័ង្ក ។

ព្រះ​បរម​សា​ស្ដា​ទ្រង់​អាង​ដល់​នាង​គង្ហីង​ព្រះ​ធរណី ជា​កស្សិណ នាង​គង្ហីង​ចាង់​ផ្នួង​សក់​ច្បូត​ចេញ​ជា​ទឹក​លិចលង់​ពល​មារ​បរា​ជ័យ​ក្នុង​ពេល​នោះ​ហោង ។ ឯ​ទំ​នៀម​ធ្វើ​បុណ្យ អភិសេក​ព្រះ​ពុទ្ធ​រូប ជា​ទំនៀម​រំឭក​ដល់​​រឿង​ពុទ្ធ​ប្រវត្តិ ត្រង់​ដែល​ព្រះ​អង្គ​ផ្ចាញ់​មារាធិរាជ​នេះ​ឯង ។

ហេតុ​នេះ​ហើយ បាន​ជា​ក្នុង​ពិធី​ពុទ្ធា​ពិសេក​មាន​ក្មេង​ព្រហ្មចារី អង្គុយ​បក​ស្រូ​វ​ភោជសាលី និង ចំអិន​មធុបាយាស ដោយ​ទឹក​ដុង និង ភ្លើង​ទៀន​ជា​តំណាង​នាង​សុជាតា ។ ដល់​ពេល​ទៀប​ភ្លឺ មាន​យវជន​ជា​ច្រើន​រូប​តំណាង​ពល​មារ ចូល​ទៅ​ធ្វើ​អាការ​ហាក់​ជា​កំហែង​ព្រះ​អង្គ ពេល​នោះ​ពួក​កុមារី​បាន​ព្រាច​នូវ​ស្រទាប់​ផ្កា​ឈូក ជា​ការ​រំឭក​ដល់​កាល​ដែល​នាង​គង្ហីង​ធរណី​ច្បូត​សក់​បង្ហូរ​ទឹក​ឲ្យ​លិច​លង់​ពល​មារ ។
ពេល​ភ្លឺ​ស្រាង ៗ ទាយក​ទាយិកា នាំ​គ្នា​ត្រឡប់​ទៅ​កាន់​ទី​លំនៅ​រៀង ៗ ខ្លួន ទៅ​សំរាក​បន្តិច ដើម្បី​នឹង​ត្រឡប់​មក​កាន់​វត្ត​វិញ នៅ​ពេល​ថ្ងៃ​ជិត​ត្រង់ ។ ជិត​ដល់​ពេល​ហើយ អ្នក​ស្រុក​ជើង​វត្ត​នាំ​គ្នា​ទូល​បាយ​បត្តបូរ បាយ​បិណ្ឌ​ម្ហូប​ចំណី​ផ្សេង ៗ ដែល​ធ្វើ​ដោយ​ផ្ចិត​ផ្ចង់​ទៅ​ប្រគេន​ព្រះ​សង្ឃ ដើម្បី​ឲ្យ​បាន​ផល​ដល់​ខ្មោច​ជីដូន​ជីតា ដែល​គេ​លែង​ឲ្យ​មក​ជួប​ជុះ​ក្នុង​ពេល​នោះ ។ នៅ​ស្រុក​ខ្លះ គេ​បង្វិល​ពពិល​បំបួស ដូន​ជី​មួយ​ផង នៅ​ឱកាស​នោះ ។ពេល​ព្រលប់​ថ្ងៃ​ដដែល អ្នក​ស្រុក​ប្រមូល​ក្រុម​ញាតិ​នៅ​ផ្ទះ​រៀង​ខ្លួន ដើម្បី​សែន​ជីដូន​ជីតា ។ គេ​ក្រាល់​កន្ទេល ១ ដាក់​សំពត់​ស​ក្រាល​ពី​លើ មាន​ខ្នើយ ១ ផង នៅ​អម​កន្ទេល​ទាំង​សង្ខាង មាន​ថាស​ចំអាប បង្អែម បាយ​បិណ្ឌ និង បាយ​បត្តបូរ ។

លុះ​រៀប​ចំ​ស្រេច​កាល​នា មនុស្ស​ចាស់​ម្នាក់​ក្នុង​គ្រួសារ អុច​ធូប​ទៀន សំបូង​សំរូង អញ្ជើញ​ជីដូន​ជីតា ញាតិ​មិត្ត ដែល​បាន​ធ្វើ​មរណ​កាល​ទៅ​នោះ ឲ្យ​អញ្ជើញ​មក​សេព​សោយ អាហារ​ភោជន​ដែល​គេ​រៀប​ជូន និង ឲ្យ​សព្ទ​សាធុការ​ពរ ដល់​កូន​ចៅ​ញាតិ​សន្ដាន​ផង ។
ថ្ងៃ​ជា​បន្ទាប់​មក គឺ​ថ្ងៃ ១ កើត​ខែ​អស្សុជ គេ​ក្រោក​តាំង​ពី​យប់​នាំ​យក​ក្បូន​ដើម​ចេក ផ្ទុក​ដោយ​ស្បៀង​អាហារ ស្រូវ​អង្ករ នំ​នែក​គ្រប់​យ៉ាង យក​ទៅ​បណ្ដែត​ឲ្យ​រសាត់​តាម​ខ្សែ​ទឹក​ហូរ ហើយ​និយាយ​ថា សូម​ឲ្យ​ជីដូន​ជីតា​អញ្ជើញ​ត្រឡប់​ទៅ​ស្រុក​ដើម​វិញ​ចុះ ។ក្នុង​ភូមិ​ខ្លះ​នៅ​ក្បែរ​ក្រុង​ភ្នំពេញ នា​ថ្ងៃ​ដដែល​នោះ គេ​មាន​ថ្វើ​ពីធី​សេន ឬ​ ថ្វាយ​ព្រះ​ភូមិ​ផង ។ គេ​រៀប​ចំ​កន្ទេល​ខ្នើយ បាយ​ទឹក និង សំណែន​ផ្សេង ៗ ដូច​ជា​សែន​ដូនតា​ពី​ល្ងាច​ដែរ រួច​គេ​អញ្ជើញ​ព្រះភូមិ ព្រះ​ធរណី ឲ្យ​មក​សេព​សោយ​ព្រម​ទាំង​សុំ​ឲ្យ​កើត​ផល្លា​នុផល​បរិបូរ​ផង ។ ជួន​កាល បន្ទាប់​ពី​ការ​សែន​ព្រេន​ និង បួសងួង​នោះ​មក កូន​ក្មេង​ដែល​នៅ​ចាំ​ក្រោម​ផ្ទះ នាំ​គ្នា​ស្រែក​ហ៊ោ​កញ្ជ្រៀវ វាយ​សរសរ​ផ្ទះ​ក្ដុងក្ដាំង បណ្ដើរ​ថា “ ​ឱ ! ព្រះ​ភូមិ​ករ ព្រះ​ធរណី យាង​មក​ឲ្យ​យើង​សុខ​សប្បាយ​ហើយ​” រួច​នាំ​គ្នា​សើច​លាន់​យ៉ាង​សប្បាយ​ទៅ ។បន្ទាប់​មក​ទៀត កេ​យក​អំពោះ​ឆៅ​ទៅ​ចង​ដៃ​ម្ចាស់​ផ្ទះ​ប្រុស​ស្រី ចង់​សរសរ​កន្ទោង ចង​ស្នែង​គោ​ក្របី នង្គ័ល និង រនាស់ ។ អំបោះ​នេះ ជា​និមិត្ត​រូប​នៃ​សម្ពន្ឌ​មួយ​យ៉ាង​តឹង​រ៉ឹង រវាង​ភ្ញៀវ​ចូល​មក​ជួប​ជុំ និង អ្នក​ផ្ទះ ។ គេ​យក​ប្រេង ម្សៅ​ទៅ​លាប​ស្នែង​សត្វ​ពាហនៈ​ទាំង​នោះ ហើយ​សុំ​ខមា​ទោស កុំ​ឲ្យ​មាន​កម្មពៀរ ដោយ​បាន​ប្រើ និង វាយ​ដំ​សត្វ​នោះ ក្នុង​ការ​ធ្វើ​ស្រែ​ចំការ ។ រួច​អ្នក​ស្រែ​ចំការ​ នាំ​គ្នា​យក​ច្រម​ទៅ​ដោត​មួយ ៗ គ្រប់​រែស ។ ច្រម​នោះ​ធ្វើ​អំពី​ដើម​ឫស្សី​មួយ​កំណាត់ គេ​ច្រៀក​ចុង​ម្ខាង​ជា​បន្ទះ​ស្ដើង ៗ ហើយ​យក​វល្លិ៍​ក្រង​ឲ្យ​មាន​រាង​រីក​ចុង​រួម​គល់ ដូច​ជីវ​ឡាវ មាន​ដាក់​បាយ​ នំ ចំណី និង ចង​ស្លាប​មាន់​ខ្មៅ ១ នៅ​មាត់​ច្រក​នោះ​ផង ។ អ្នក​ស្រែ​យក​ច្រម​នោះ​ទៅ​ដោត​នៅ​ទិស​ឥសាន​ស្រែ ហើយ​ថយ​មក​អង្គុយ បួង​សួង​មួយ​សន្ទុះ សុំ​ឲ្យ​ធ្វើ​ស្រែ​បាន​ផល​ច្រើន ។ នៅ​កន្លែង​ខ្លះ​ទៀត គេ​យក​បាយ​បិណ្ឌ​ទៅ​ចោល​ក្នុង​ស្រែ​ដើម្បី​ឲ្យ​បាន​ផល​ច្រើន ។

ប្រភព៖ ដោយ៥០០០ឆ្នាំ







Monday, September 12, 2016

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​កាត់ខ្សែ​បូណ៍​សម្ពោធ​ពន្លា​ជាតិ​កម្ពុជា និងជួប​សំណេះ​សំណាល​ជាមួយអា​ជីវករ ពាណិជ្ជករខ្​មែរ ដែល​បាននាំ​យក​ផលិតផលខ្មែរ

បន្ទាប់​ពីបាន​អញ្ជើញ​​ចូលរួម​បើកពិធីតាំ​ងពិពណ៍​ចិនអា​ស៊ាន​​នៅណាន​​នីងរួចមក នាព្រឹក​ថ្ងៃទី១១​ ខែកញ្ញា  ឆ្នាំ​២០១៦  ដដែលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រ​កម្ពុជា បាន​អញ្ជើញ​កាត់​ខ្សែបូណ៍​សម្ពោធ​ពន្លា​ជាតិ​កម្ពុជា និងជួប​សំណេះ​សំណាល​ជាមួយ​អាជីវករ ពាណិជ្ជក​រខ្មែរ ដែលបាន​នាំយក​ផលិតផល​ខ្មែរ មក​តាំង​ពិព័រណ៍ នៅទីក្រុង​ណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។
សម្តេច​តេជោ បានកោត​សរសើរ​ដល់​ក្រុមហ៊ុន​ជាតិ និងអន្តរជាតិ​ដែល​កំពុង​វិនិយោគ​លើវិស័យ​កសិកម្ម និង​ដំណាំ​កសិផល​នានា ដែលបាន​យក​ទំនិញ​កម្ពុជា​មកចូល​រួម​បង្ហាញ និងដាក់ល​ក់នៅក្នុ​ងប្រទេស​ចិន។ សម្តេចតេជោ ហ៊ុន សែនបន្ត​ខិតខំដើម្បី​ពង្រីក​ទីផ្សារ​នៅប្រទេស​ចិនអោយ​បាន​ទូលាយ ដើម្បី​កម្ពុជា យើង​អាចនាំ​ចូល​នូវ​ផលិតផ​ល​កសិម្ម និងទំនិញ​ជាច្រើនមុខ​ថែមទៀត​មកកាន់​ទីផ្សារ​មិត្ត​ចិន ក្នុងនោះ​រួមមាន​ទាំងកា​រអនុគ្រោះ​លើកលែង​ពន្ឋ​ជាដើម។



សូមបញ្ជាក់ថា ពិព័រណ៌ពាណិជ្ជកម្មចិន-អាស៊ាន ត្រូវបានរៀបចំឡើងជាលើកដំបូងនៅឆ្នាំ២០០៤ នៅ​ទីក្រុង​ណាន​នីង​ខេត្តក្វាង​ស៊ី តាមគំនិតផ្តួច​ផ្តើមនិងស្នើ​ឡើង​ដោយឯកឧត្តមវេន ជាបាវ អតីត​នាយក​រដ្ឋមន្រ្តី​ចិន នាសម័យ​ប្រជុំ​កំពូល​អាស៊ាន-ចិន លើកទី៧​ឆ្នាំ២០០៣ នៅកោះ​បាលី​ប្រទេស​ឥណ្ឌូនេស៊ី ដោយ​ទទួលបាន​ការស្វាគមន៍ ពីថ្នាក់ដឹកនាំ​នៃបណ្តា​ប្រទេស​ជាសមាជិក​អាស៊ាន។ ចាប់​ផ្តើមការ​រៀបចំ​ពិព័រណ៌​លើកទី១ នៅឆ្នាំ២០០៤ រហូតដល់​លើកទី១៣ ឆ្នាំ២០១៦ នេះ កម្ពុជា​បាន​ចូលរួម​ដោយ​បំពេញ​ការងារ​និង​គាំទ្រ​យ៉ាង​សកម្ម ចំពោះ​ពិព័រណ៌ ចិន-អាស៊ាន ដែលបាន​ប្រារព្ធ​ធ្វើជា​រៀងរាល់​ឆ្នាំ នៅទីក្រុង​ណាននីង ខេត្តក្វាងស៊ី។ នៅក្នុងឱកាស​ពិព័រណ៌ ចិន-អាស៊ានលើកទី១ ឆ្នាំ២០០៤ កម្ពុជា​មាន​ក្រុមហ៊ុន​ចូល​រួមតាំង​បង្ហាញ​ចំនួន២៣ និងមានស្តង់​សរុបចំនួន២៦។ ចំនួន​ក្រុមហ៊ុន​ចូលរួម​តាំង​បង្ហាញ និង​ចំនួន​ស្តង់​របស់​កម្ពុជា ត្រូវបានកើន​ឡើងជា​បន្តបន្ទាប់​រហូត​ដល់ឆ្នាំ​២០១៣ កម្ពុជា​មានក្រុម​ហ៊ុន​ចូល​រួមតាំង​បង្ហាញ​ចំនួន៩០ និងមាន​ស្តង់​សរុប​ចំនួន១១០។ ជាមួយ​គ្នានេះ​ក្រៅពីការ​ចូលរួមតាំង​បង្ហាញ​និង​ផ្សព្វផ្សាយ កម្ពុជាមានក្រុមហ៊ុនចូលរួម​ស្វែងរកដៃ​គូពាណិជ្ជកម្ម និងវិនិយោគ​ជារៀងរាល់​ឆ្នាំចំនួន​ប្រមាណ​១០០​ក្រុមហ៊ុន។ នៅក្នុងឱកាស​នៃការចូល​រួមពិព័រណ៌​ចិន-អាស៊ាន​កន្លង​មក កម្ពុជា​មាន​កិច្ចសន្យា និងអនុស្សារណៈ​សរុប​ចំនួន ៣៣ត្រូវ​បានចុះ​ហត្ថលេខា ដោយមានទឹ​កប្រាក់​សរុប ១ពាន់​៧៦០​លាន​៦៣០ពាន់ដុល្លា។  
ពិព័រណ៌ចិន-អាស៊ាន​លើកទី១៣ឆ្នាំ២០១៦ គឺជាព្រឹត្តិការណ៍​អន្តរជាតិដ៏​ធំ  ដើម្បីធ្វើ​ការផ្លាស់ប្តូ​រ​សេដ្ឋ​កិច្ច​និ​ង​ពាណិជ្ជកម្ម ដែលនឹងត្រូវធ្វើឡើង​ពីថ្ងៃទី១១​ដល់ថ្ងៃទី១៤កញ្ញា នៅសាលស​ន្និសីទ​អន្តរជាតិ និង​មជ្ឈ​មណ្ឌល​ពិព័រណ៌ទី​ក្រុងណាន​នីង នៃសាធារណរ​ដ្ឋប្រជាមានិត​ចិន។ ពិព័រណ៌ចិន-អាស៊ាន​លើកទី១៣​ឆ្នាំ២០១៦​នេះ មានស្តង់​អន្តរជាតិ​ចំនួន ៤ពាន់​៦០០​ចូលរួម ក្នុងនោះ​រួម​មាន កន្លែង​តាំងពិព័រណ៌​ធំមាន​៣ពាន់​៤០០ ក្នុងនោះ​ផ្នែកខាង​ក្នុងមាន​២ពាន់៨០០ និងផ្នែកខាង​ក្រៅមាន​៦០០ស្តង់។ កន្លែង​តាំងពិព័រណ៌​រណបមាន៦​០០ស្តង់ និងតាំង​ពិព័រណ៌​រណបសំរាប់​ឧស្សាហកម្ម​ធុនស្រាល​មាន៦០០ស្តង់។ គ្រប់​ការតាំង​ពិព័រណ៌​ចិន-អាស៊ាន នៅណាននីង សម្តេច​អគ្គមហា​សេនាប​តីតេជោ ហ៊ុន សែន បាន​អញ្ជើញ​ចូលរួមចំនួន៩លើក​រួចមកហើយ។ ជោគជ័យផ្ទួនៗអ​ស់រយៈពេ​ល១៣លើក​កន្លងទៅនេះ ពិព័​រណ៌​ចិន-អាស៊ានបានក្លាយ​ទៅជាវេទិកាសំ​ខាន់​មួយ សម្រាប់ការផ្លាស់ប្តូរប្រកបដោ​យមិត្តភាព កិច្ច​សហប្រ​តិបត្តិការ​ពាណិជ្ជកម្ម និងសហ​ប្រតិបត្តិការ​ទ្វេភាគី​នៅគ្រ​ប់វិស័យ​ទាំងអស់ រវាងចិន​និង​អាស៊ាន និង​ត្រូវបាន​ចាត់ទុក​ជាគំរូ​មួយ នៃកិច្ចសហប្រ​តិបត្តិការ​ចិននិង​អាស៊ាន។ ពិព័រណ៌ចិន-អាស៊ាន​១៣​លើក​កន្លង​ទៅមាន​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល ចំនួន​៥២រូប ចូលរួម​និងរដ្ឋមន្រ្តី អនុរដ្ឋមន្រ្តី​ជាង២ពាន់៤០នាក់ ដែល​បានផ្តល់នូវការ​ធានាខាង​នយោបាយដល់កិ​ច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និងពាណិជ្ជកម្ម​ទ្វេភាគី។ ជាងនេះ​ទៅ​ទៀតពិព័រណ៌​ចិន-អាស៊ាន១០​លើកកន្លងទៅ បានទាក់ទាញ​អ្នកតាំង​ពិព័រណ៌ និង​អ្នក​ទស្សនា​ចំនួន​៣៩៨ពា​ន់នាក់។  
ពិព័រណ៌ពាណិជ្ជកម្ម​ចិន-អាស៊ានលើកទី​១៣នេះ ត្រូវបាន​រៀបចំធ្វើ​ឡើងពី​ថ្ងៃទី​១១ដល់​ថ្ងៃទី១៤ ខែកញ្ញា​ឆ្នាំ២០១៦។ គោលបំណង​នៃការចូលរួ​មរបស់​ព្រះរាជាណា​ចក្រ​កម្ពុជា គឺដើម្បីផ្សព្វ​ផ្សាយអំពី​ផលិតផល​សក្តានុ​ពល​របស់កម្ពុជា។ ការស្វែង​រកទីផ្សារនាំចេញ​ទំនិញពីកម្ពុជា​និងពង្រឹងភាព​ជាម្ចាស់នៃវិស័យឯ​កជន​ឲ្យ​មាន​បណ្តាញ​អន្តរជាតិ។ ទាក់ទាញវិនិយោ​គិនបរទេស​ឲ្យចូល​មក​កម្ពុជា តាមរយៈ​ការរៀប​ចំវេទិកា​ធុរកិច្ច​និងកិច្ច​ពិភាក្សា​ធុរកិច្ច។ ពង្រឹងកិច្ច​សហប្រតិបត្តិការ​ល្អលើវិស័យ​សេដ្ឋកិច្ច ពាណិជ្ជ​កម្ម ការ​ទូតរ​វាងកម្ពុជា-ចិន និងរវាង​កម្ពុជា​ជាមួយប្រទេស​នានាក្នុងតំបន់ ជាពិសេសបណ្តា​ប្រទេស​អាស៊ាន ការផ្សព្វផ្សាយ​វប្បធម៌ និងទាក់ទាញ​អ្នកទេសច​រណ៍។ ចាប់តាំងពីឆ្នាំ​២០០៧​មក ប្រទេស​អាស៊ាន​ទាំងអស់​ត្រូវបានទ​ទួលធ្វើ​ជាប្រធាន​កិត្តិយស ក្នុងព្រឹត្តិ​ការណ៍នេះ ដែលរៀបចំ​តាម​លំដាប់​អក្សរ។ ប្រទេស​កម្ពុជា​ត្រូវបាន​ជ្រើសរើសជា​ប្រទេសកិត្តិយ​សម្តង​រួចហើយ​នៅឆ្នាំ២០០៨។ ឆ្នាំ២០១៦​នេះ ប្រទេស​វៀតណាម​ត្រូវបានជ្រើ​សរើស​ជាប្រទេស​កិត្តិយស។ តាមវេន​នៃលំដាប់​អក្សរ​កម្ពុជា​នឹងត្រូវ​ទទួល​ធ្វើជា​ប្រទេស​កិត្តិយស​ជាថ្មីម្តង​ទៀត នៅឆ្នាំ​២០១៨។ ការចូល​រួមរបស់ក​ម្ពុជាពីមួយ​ឆ្នាំទៅមួយ​ឆ្នាំ មាន​ការកើន​ឡើងទាំង​ចំនួន​ក្រុមហ៊ុន ទាំងពាណិជ្ជករ និងអាជីវករ។ កម្ពុជា​បានចូលរួ​មព្រឹត្តិការណ៍​នេះជារៀង​រាល់ឆ្នាំ និងទទួលបាន​ការគាំទ្រពីថ្នាក់​ដឹកនាំប្រទេស​ចិន ហើយ ផលិត​ផល​កម្ពុជា​ត្រូវបាន​គេទទួល​ស្គាល់ក្នុង​ទីផ្សារអន្តរជាតិ។ ជាមួយគ្នានោះក្រុមហ៊ុន​កម្ពុជាមួយចំនួនមាន​ភាពម្ចាស់​ការជា​បណ្តើរៗ តាមរយៈការចូលរួម​បីព្រឹត្តិការដ៏មាន​សារៈសំខាន់​នេះ។ ដោ​យ​ឡែក​សិល្បៈ​និងវប្បធម៌​ដ៏ប្រពៃ​របស់​ក​ម្ពុជា ក៏ត្រូវបាន​ផ្សព្វផ្សាយ​ផងដែរ តាមរយៈការ​សម្តែងនិង​ការបង្ហាញ​នៅពន្លា​ជាតិរបស់ខ្លួន។ សម្តេច​តេជោ​នាយករដ្ឋមន្រ្តី​បានអញ្ជើញ​ចូលរួម​ព្រឹត្តិការណ៍នេះ ចំនួន៨​លើករួច​មកហើយ ដោយ​ឡែកនេះ​គឺជាលើក​ទី៩ក្នុង​ឆ្នាំ២០១៦​នេះ ដែលសម្តេចតេជោ​បានអញ្ជើញ​ចូលរួម​ដោយ​ផ្ទាល់​។ កម្ពុជា​បានរៀបចំ​ពន្លា​ជាតិ​របស់ខ្លួន លើផ្ទៃដីទំហំ​៧ម៉ែត្រ​គុណ​និង៣៣​ម៉ែត្រដោយ​ជ្រើសរើស​ខេត្តកោះកុង​ជាទីក្រុង​ដ៏ស្រស់ប្រិមប្រិយ របស់ព្រះ​រាជាណាចក្រកម្ពុជា។







សម្តេច​តេជោ អញ្ជើញ​ចូលរួម​ក្នុងពិធី​បើក​ពិព័រណ៌​ចិន-អាស៊ាន លើកទី១៣


ពិព័រ​ណ៌ចិន-អាស៊ាន លើកទី១៣ ក្រោម​ប្រធានបទ ការកសាង​ផ្លូវសូត្រ​សមុទ្រសតវត្សរ៍ទី២១ ផ្តោត​សំខាន់ ទៅលើការ​តាំង​បង្ហាញ នូវផលិត​ផលប្រើ​ប្រាស់​ទូទៅ បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា គ្រឿង​ម៉ាស៊ីន សេ​វាកម្ម ​ការរៀប​ចំ​វេទិកា ពាណិជ្ជកម្ម កិច្ច​ប្រជុំ​នានា និង​កិច្ច​សហ​ប្រតិបត្តិការ​ពាណិជ្ជកម្ម សេដ្ឋកិច្ច ការទូត ទេសចរណ៍ និងការផ្លាស់ប្តូរ វប្បធម៌ ជាពិសេស​ជាវេទិកា​ផ្សព្វផ្សាយ តាមរយៈ​ការ​សម្តែង​និងកា​របង្ហាញនៅ​ពន្លាជា​តិ​របស់ខ្លួន ប្រារព្វ​ពិធីបើក​ជាផ្លូវ ការនៅព្រឹក​ថ្ងៃទី១១​ ខែកញ្ញា  ឆ្នាំ២០១៦ នេះ​ដោយ​បាន​ការ​អញ្ជើញ​ចូល​រួម​ពីបណ្តា​មេដឹក​នាំចិន-អាស៊ាន​ជាច្រើនរូប។

ថ្លែង​ក្នុង​ពិធីបើក​ពិព័រណ៌​ចិន-អាស៊ាន លើកទី១៣ ឯកឧត្តមផឹង ជីងហ៊ួ ឯកឧត្តម ជន សាន តំណា​ង​ផ្នែក ចរចា​ពាណិជ្ជកម្ម​អន្តរជាតិ និងជាអនុ​រដ្ឋមន្រ្តី​ក្រសួងពា​ណិជ្ជកម្មចិន មានប្រសាសន៍ថា ឯកឧត្តម​ប្រធានា​ធិបតីចិន បានសំដែង​នូវការប្តេជ្ញា​ចិត្តនៅក្នុងគោ​លន​យោបាយ​នៃការ​កែ​ទម្រង់​បើក​ចំហរ​របស់​ខ្លួន។ ប្រទេសចិន និងអាស៊ាន គឺ ជាដៃគូ​សហប្រតិបតិ្តការ​ដ៏ជិតស្និត​ហើយ​ពិព័រណ៌​ចិន-អាស៊ាន គឺជា​វេទិកា​សម្រាប់​ប្រមូល​ផ្តុំនូវ​ចំណុច​ឯកភាពគ្នា​ ក្នុង ការអ​ភិវឌ្ឍ​ដើម្បី​ផ្តល់​ផល​ប្រយោជន៍​ឲ្យគ្នា​ទៅវិញ​ទៅមក​និង​ភាពឈ្នះ ឈ្នះ ដូចគ្នា។ ឯកឧត្តមមានប្រ​សាសន៍​បញ្ជាក់ បន្ថែមថា ឆ្នាំ​២០១៦​នេះគឺជា​ខួប​២៥​ឆ្នាំនៃទំនាក់​ទំនងក្នុង​ភាពជា​ដៃគូសន្ទនា​ចិន-អាស៊ាននិង​ក៏ជាឆ្នាំ​ដ៏សំខាន់​មួយ សម្រាប់​ការ​អនុវត្ត​យុទ្ធសាស្រ្ត​ខ្សែ​ក្រវ៉ាត់មួយ និង​ផ្លូវ​មួយ ក្រោម​ប្រធាន​បទរួម​គ្នាកសាង​ផ្លូវសូត្រ​សមុទ្រ​សតវត្សរ៍​ទី២១ និង​ការ​រួមគ្នាបង្កើតវា​សនាសហគំន៍​អាស៊ាន-ចិន ឲ្យកាន់តែស្អិតរមួត ដើម្បីជំរុញការ​រួមគ្នាពិភាក្សា ចែក​រំលែក​គ្នា និងពង្រឹង​កិច្ចសហ​ប្រតិបត្តិការលើ​គ្រប់​វិស័យ។ ហើយ​ពិព័រណ៌​លើកនេះ​នឹង​សម្រាច់​បាននូវ​វិបុលភាព ក្នុង​តំបន់ជាមិន ខាន។

ឯកឧត្តម ឈិន ចុង អនុប្រធានទំ​នាក់ទំនងពា​ណិជ្ជកម្ម និងវិនិយោគរ​បស់ប្រទេសចិ​ន មាន​ប្រសាសន៍​ថា ឆ្លង​តាមរយៈកិច្ច​ខិតខំប្រឹង​ប្រែងរយៈពេ​ល២៥​ឆ្នាំកន្លងមក ចិន-អាស៊ាន បានបង្កើត​នូវកិច្ចស​ហប្រតិ​បត្តិកា​រយ៉ាង​ស៊ីជំរៅ ហើយកិច្ចប្រជុំ​កំពូលអាស៊ាន ចិន បាន​ក្លាយជា​វេទិកាដ៏​មានសារៈសំ​ខាន់ក្នុ​ងការ​បង្កើត​ឡើង​នូវកិច្ចសន្ទនា​គ្នា ក្នុងការ ជំរុញកិច្ចស​ហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជ​កម្មចិន និងអាស៊ាន។

ដោយឡែកនៅក្នុ​ងសុន្ទរកថា​របស់ឯកឧត្តម ចាង កាវលីឧបនាយករដ្ឋមន្រ្តី​ចិនមានប្រ​សាសន៍​ថា ទំនាក់ទំ​នង​រវាងចិន-អាស៊ាន បានក្លាយទៅជា​ទំនាក់ទំនង​ដៃគូ សន្ទនា ដែល​មានភាពទូ​លំទូ​លាយ​បំផុត និងមានការ​ប្រាស្រ័យ​ទាក់ទងយ៉ាងស្អិ​តរមូតបំផុត។ ឯកឧត្តមឧបនាយក រដ្ឋមន្រ្តី​មាន​ប្រសាសន៍​បន្តថា ២៥ឆ្នាំកន្លង​ទៅចិនបានប្រកាសពី​ភាព​សុខដុមរមនាជាមួយប្រ​ទេស​ជិតខាង ធ្វើជាដៃគូ ជាមួយ​ប្រទេស​ជិតខាង ពិសេសការទំនុកចិ​ត្តខាង​នយោបាយបាន​ជះឥទ្ធពល​ដ៏ល្អដល់​ទំនាក់ទំនង រវាង​ចិន​-អាស៊ាន ពោលគឺប្រទេសចិ​នបានក្លាយ​ជាដៃ​គូយុទ្ធសាស្រ្ត​ ទី១ជាមួយ​និង​អាស៊ាន និង​ក៏បាន​ក្លាយ​ទៅ​ជា​ប្រទេស​មាន ដៃគូកិច្ច​សហ​ប្រតិបត្តិការ​ជាមួយ និងប្រទេស​អាស៊ាន​និមួយៗ​ផងដែរ។ ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តី​មានប្រសាសន៍​បន្តថា ២៥ឆ្នាំកន្លងទៅនេះ​បានបន្ត​នូវការ​បើក​ទូលាយ ផ្តល់ផល​ប្រយោជន៍​និងផ្តល់នូ​វភាពឈ្នះ ឈ្នះ ដល់​អាស៊ាន ពោលគឺ​ភាគីទាំងពី​រ​បាន​ធ្វើកិច្ច​សហ​ប្រតិបត្តិការ​ប្រកប​ដោយ​ការទទួល​ខុសត្រូវ និងផ្តល់នូវ​ផល​ប្រយោជន៍​ពីគ្នាទៅ វិញទៅ​មក ដោយ​មិនប្រកាន់​ប្រទេស​ធំ ប្រទេសតូច ប្រទេសមាន ប្រទេស​ក្រនោះ​ឡើយ។ ឯកឧត្តមឧបនាយករ​ដ្ឋមន្រ្តី មានប្រសាសន៍ប​ញ្ជាក់ប​ន្ថែមថា ទំហំពាណិជ្ជកម្ម​ទ្វេភាគីបាន​កើនឡើងពី៧,៩៩​ប៊ីលាននៅឆ្នាំ១៩៩៦ ដល់៧២ , ៧៦ប៊ីលាននៅឆ្នាំ២០១៥ ពោលគឺមាន​ការកើនឡើង​៥៨ដង។ ប្រទេសចិន​បានក្លាយ​ជាដៃ​គូ​ពាណិជ្ជកម្ម​​ធំបំផុត ក្នុងរយៈពេល​៦ឆ្នាំជាប់គ្នា ហើយ​អាស៊ាន​បានក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏ធំ​បំផុត​របស់​ចិន​រយៈពេល ៥ឆ្នាំជាប់គ្នា។ ជាមួយគ្នា​នេះ​ទំហំ​វិនិយោគ​មានការ​រីក​ចម្រើន​រហូត​១៦២​ប៊ីលាន​ដុល្លា។ ប្រទេសចិនបាន​រួមចំណែកស្ថាបនាហេដ្ឋារចនា​តភ្ជាប់ជាមួយនិ​ងប្រទេស​អាស៊ាន ហើយ​អាស៊ាន​ទាំង​១០ប្រទេស​បានក្លាយជា​សមាជិក​ស្ថាបនិក នៃធនាគា​រ​វិនិយោគហេ​ដ្ឋារចនា​សម្ព័ន្ធ​របស់​ចិន។ ដូចគ្នានឹង​មេដឹកនាំ​នៃប្រទេស​ចិនដទៃទៀត​ដែរនោះ ឯកឧត្តមនាយក​រដ្ឋមន្រ្តី វៀតណាម ក្នុង​នាម​ជាប្រទេសកិ​ត្តិយសនៃ​ពិព័រណ៌ចិន​អាសានលើកទី១៣ មានប្រសាសន៍​ថ្លែងដោយ​សេចក្តីរី​ករាយ ចំណោះ​កំណើន​យ៉ាងឆាប់​រហ័សនៃទំនាក់​ទំនង​កិច្ចស​ហប្រតិបត្តិការ​រវាងចិន និង​អាស៊ាន ក្នុងរយៈ​ពេល​២៥ឆ្នាំ នៃ ទំ​នាក់ទំនងក្នុងភាព​ជាដៃគូសន្ទនារវា​ងចិន​-អាស៊ាន។


ឯកឧត្តមនាយក​រដ្ឋមន្រ្តី ក៏បាន​លើកឡើង​ពីការចូលរួមចំណែក​របស់វៀតណាម​ក្នុងការធ្វើ​ឲ្យប្រសើរ​ឡើងនូវ​ទំហំ​ពាណជ្ជកម្មរវាងអាស៊ាន-ចិន ក៏ដូចជាកំណើន​ពាណិជ្ជកម្ម និងការវិនិយោគ​ទ្វេភាគីរវាងចិន និងវៀតណាម​ផងដែរ។

សម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃព្រះរាជា​ណាចក្រ​កម្ពុជាបាន​​អញ្ជើញ​ថ្លែង​សុន្ទរកថា គន្លឹៈក្នុងពិធី​បើកពិធីបើក​ពិ​ព័រណ៌ចិ​ន-អាស៊ាន លើកទី​១៣។ បន្ទាប់មក​សម្តេច​អគ្គ​ម​ហា​​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា​ចក្រកម្ពុជា ក៏ដូចជាមេ ដឹក​នាំ​នៃ​ប្រទេស​អាស៊ាន-ចិន បានអញ្ជើញ​ទស្សនា​ពិព័រណ៌​ពាណិជ្ជកម្ម ចិន-អាស៊ាន ក្នុងប​រិយាកាស​ស្និតស្នាល​រ៉ាក់ទាក់​បំផុត។

សូមបញ្ជាក់ថា ពិព័រណ៌ពាណិជ្ជកម្មចិន-អាស៊ាន ត្រូវបានរៀបចំឡើងជាលើកដំបូងនៅឆ្នាំ២០០៤ នៅ​ទីក្រុង​ណាន​នីង​ខេត្តក្វាង​ស៊ី តាមគំនិតផ្តួច​ផ្តើមនិងស្នើ​ឡើង​ដោយឯកឧត្តមវេន ជាបាវ អតីត​នាយក​រដ្ឋមន្រ្តី​ចិន នាសម័យ​ប្រជុំ​កំពូល​អាស៊ាន-ចិន លើកទី៧​ឆ្នាំ២០០៣ នៅកោះ​បាលី​ប្រទេស​ឥណ្ឌូនេស៊ី ដោយ​ទទួលបាន​ការស្វាគមន៍ ពីថ្នាក់ដឹកនាំ​នៃបណ្តា​ប្រទេស​ជាសមាជិក​អាស៊ាន។ ចាប់​ផ្តើមការ​រៀបចំ​ពិព័រណ៌​លើកទី១ នៅឆ្នាំ២០០៤ រហូតដល់​លើកទី១៣ ឆ្នាំ២០១៦ នេះ កម្ពុជា​បាន​ចូលរួម​ដោយ​បំពេញ​ការងារ​និង​គាំទ្រ​យ៉ាង​សកម្ម ចំពោះ​ពិព័រណ៌ ចិន-អាស៊ាន ដែលបាន​ប្រារព្ធ​ធ្វើជា​រៀងរាល់​ឆ្នាំ នៅទីក្រុង​ណាននីង ខេត្តក្វាងស៊ី។ នៅក្នុងឱកាស​ពិព័រណ៌ ចិន-អាស៊ានលើកទី១ ឆ្នាំ២០០៤ កម្ពុជា​មាន​ក្រុមហ៊ុន​ចូល​រួមតាំង​បង្ហាញ​ចំនួន២៣ និងមានស្តង់​សរុបចំនួន២៦។ ចំនួន​ក្រុមហ៊ុន​ចូលរួម​តាំង​បង្ហាញ និង​ចំនួន​ស្តង់​របស់​កម្ពុជា ត្រូវបានកើន​ឡើងជា​បន្តបន្ទាប់​រហូត​ដល់ឆ្នាំ​២០១៣ កម្ពុជា​មានក្រុម​ហ៊ុន​ចូល​រួមតាំង​បង្ហាញ​ចំនួន៩០ និងមាន​ស្តង់​សរុប​ចំនួន១១០។ ជាមួយ​គ្នានេះ​ក្រៅពីការ​ចូលរួមតាំង​បង្ហាញ​និង​ផ្សព្វផ្សាយ កម្ពុជាមានក្រុមហ៊ុនចូលរួម​ស្វែងរកដៃ​គូពាណិជ្ជកម្ម និងវិនិយោគ​ជារៀងរាល់​ឆ្នាំចំនួន​ប្រមាណ​១០០​ក្រុមហ៊ុន។ នៅក្នុងឱកាស​នៃការចូល​រួមពិព័រណ៌​ចិន-អាស៊ាន​កន្លង​មក កម្ពុជា​មាន​កិច្ចសន្យា និងអនុស្សារណៈ​សរុប​ចំនួន ៣៣ត្រូវ​បានចុះ​ហត្ថលេខា ដោយមានទឹ​កប្រាក់​សរុប ១ពាន់​៧៦០​លាន​៦៣០ពាន់ដុល្លា។  



ក្រសួងយុត្តិធម៌ ចេញសេចក្តីថ្លែងការណ៍ បកស្រាយទិដ្ឋភាពច្បាប់ ករណីតុលាការកាត់ទោសឱ្យ លោក កឹម សុខា ជាប់ពន្ធនាគារ ពីបទមិនចូលខ្លួន

អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦នេះ ចេញសេចក្តីថ្លែងការណ៍មួយ ដោយបកស្រាយទិដ្ឋភាពច្បាប់ ចំពោះករណីតុលាការកាត់ទោសឱ្យ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ជាប់ពន្ធនាគារ ៥ខែ និងពិន័យប្រាក់ ៨០ម៉ឺនរៀល ពីបទមិនចូលខ្លួនកន្លងមក។
សេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានធ្វើឡើង បន្ទាប់ពីក្រុមសមាជិក របស់គណបក្សសង្រ្គោះជាតិ បានផ្សព្វផ្សាយនូវឯកសារមួយ ដោយដាក់ចំណងជើងថា «ឯកសារសស្តីពី ការចោទប្រកាន់ ប្រឆាំងនឹង លោក កឹម សុខា គឺជារឿងនយោបាយ» ។ ក្រសួងយុត្តិធម៌បានចោទ ការផ្សព្វផ្សាយបែបនោះថា ជាការធ្វើឱ្យសាធារណមតិយល់ច្រឡំ ចំពោះខ្លឹមសារនៃច្បាប់ និងចំណាត់ការផ្លូវច្បាប់របស់តុលាការ៕






សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការ​ងារ​ជាមួយ ​ឯកឧត្តម ផឹង ឈីវហ៊ (Peng Qinghua)លេខាធិការ​គណៈ​កម្មាធិការ​បក្សកុម្មុយ​នីស្តចិន តំបន់ស្វយ័ត ខេត្តក្វាងស៊ី


នៅក្នុង​វត្តមាន​នៃការ​អញ្ជើញ​ដល់ទីក្រុង​ណាននីង ខេត្តក្វាងស៊ី ប្រទេសចិន សម្តេច​អគ្គមហា​សេនាប​តីតេជោ ហ៊ុន សែននាយក​រដ្ឋមន្រ្តី នៃព្រះរាជា​ណាចក្រ​កម្ពុជា បាន​ទទួលជួ​បពិភាក្សា​ការងា​រជាមួយ ឯកឧត្តម ផឹង ឈីវហ៊ លេខាធិការ​គណៈ​កម្មាធិការ​បក្ស​កុម្មុយ​នីស្តចិន តំបន់ស្វ​យ័ត ខេត្តក្វាងស៊ី។
ក្នុង​ជំនួប​ពិភាក្សា​គ្នានោះ​ឯកឧត្តម​លេខា​ធិការ​គណៈ​កម្មាធិការ​បក្ស​តំបន់​ស្វយ័ត ខេត្តក្វាងស៊ី និង​សម្តេចតេជោ​នាយករដ្ឋមន្រ្តី បានធ្វើការ​ពិភាក្សា​គ្នាយ៉ាង​យកចិត្តទុកដាក់ទៅ​លើ​បញ្ហា​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី នៃប្រទេសទាំងពីរ​កម្ពុជា-ចិន ទំនាក់ទំនង​កិច្ចសហប្រ​តិបត្តិការ​រវាងកម្ពុជា និងខេត្តក្វាងស៊ី។ ក្វាង​ស៊ី​ និង​កម្ពុជាពិភាក្សាគ្នាក្នុ​ងការជំរុ​ញវិស័យ​អប់រំ និងវប្បធម៍។
ឯកឧត្តមលេខា​បក្ស​ខេត្ត​មានប្រសាសន៍​​ស្វាគមន៍​​យ៉ាងកក់​ក្ដៅបំផុត ជូនចំពោះវ​ត្តមាន​ដ៏ឧត្តុង្គ​ឧត្តម​បំផុត របស់​សម្តេច​តេជោ​នាយករដ្ឋមន្រ្តី អញ្ជើញចូល​រួមក្នុង​ពិព័រណ៌ចិន-អាស៊ាន​លើកទី១៣ នៅទីក្រុង​ណាននីង ខេត្តក្វាងស៊ី និងបានចាត់​ទុកថាសម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី គឺជាមេដឹកនាំ អាស៊ានដ៏​សកម្ម​ម្នាក់ ដែល​បានអញ្ជើញ​មកចូលរួ​មពិព័រណ៌ចិ​ន-អាស៊ាន ចំនួន៩​លើកជាប់​ៗគ្នា ក្នុងចំណោម​ការរៀប​ចំ ពិព័រណ៌ចិន-អាស៊ាន នៅទីក្រុង​ណាន់នីង ខេត្តក្វាងស៊ី ប្រទេសចិន។ ឯកឧត្តមក៏បាន​ចាត់ទុក​ថា សម្តេច​តេជោ​គឺជា​មិត្តដ៏ល្អ មិត្តជាទីទុក​ចិត្ត​របស់​ប្រទេស និងប្រជាជនចិន ពិសេសប្រជាពល​រដ្ឋខេត្តក្វាងស៊ី​ប្រមាណ​ជាង៥០លាន​នាក់។ឯកឧត្តម ផឹង ឈីវហ៊បានកោតសរសើរ​ដល់កម្ពុជា ដែលមានការរីកច​ម្រើនទៅមុខ​ឥតឈប់ឈ​រ ទន្ទឹមនឹងនេះ​ដែរលោក នឹងជំរុញអោយ​អ្នកវិនិយោគ​នៅក្វាង ស៊ីទៅវិនិយោគនៅ​ប្រទេសកម្ពុជា។


សម្តេចតេជោ នាយករដ្ឋមន្រ្តីមាន​ប្រសាសន៍ពី​ប្រវត្តិ នៃការប្រារព្វពិព័រណ៌ចិន-អាស៊ាន គឺកើតចេញ​ពីគំនិតផ្តួច​ផ្ដើម​របស់ឯកឧត្តម វេន ជាប៉ាវ អតីតនាយក​រដ្ឋមន្រ្តីចិន និងក្នុងពេលដែ​លកម្ពុជាជា​ប្រទេស​សម្របសម្រួល​អាស៊ាន-ចិន ជាពិសេសគោល​ដៅនៃពិពរណ៍ គឺដើម្បីពង្រឹង​ទំនាក់ទំនងរ​វាង ក្វាងស៊ី និងប្រទេសសមាជិក​អាស៊ាន ។
សម្តេច​តេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្តី ក៏បានចាត់ទុកថា វត្តមាននៃ​ការអញ្ជើញ​ចូលរួម​ពិព័រណ៌​ចិន-អាស៊ាន លើកទី១៣ នៅពេលនេះ គឺស្របពេល នៃការប្រារព្វខួប​អនុស្សាវរីយ៍២៥ឆ្នាំ នៃទំនាក់​ទំនងក្នុង​ភាពជាដៃគូសន្ទនារ​វាងចិន-អាស៊ាន។ តាមរយៈកិច្ច​ពិភាក្សាគ្នានោះ​ដែរ សម្តេចតេជោ​នាយករ​ដ្ឋមន្រ្តីមា​នប្រសាសន៍ស្នើដ​ល់ថ្នាក់ដឹកនាំ​ខេត្តក្វាង​ស៊ី បន្តជំរុញអ្នក​វិនិយោគ​ពីខេត្តក្វាង​ស៊ីទៅ​បណ្តាក់​ទុនវិនិយោគ ក្នុង​ប្រទេសកម្ពុជា​ឲ្យកាន់តែ​មានចំនួន​ច្រើនឡើង ថែម​ទៀត ពិសេសខិតខំ​ធ្វើយ៉ាងណាជំ​រុញកំណើន នៃទំហំពាណិជ្ជកម្មរវាង​ប្រទេស​កម្ពុជា និងខេត្តក្វាងស៊ី ឲ្យកាន់តែ មានទំហំ​ធំឡើងថែម​ទៀត។ នៅលើទំនាក់​ទំនងកិច្ចសហប្រតិបត្តិការរ​វាងព្រះរាជា​ណាចក្រ​កម្ពុជា និងខេត្តក្វាងស៊ី កម្ពុជាបានបង្កើត​ស្ថានអគ្គ​កុងស៊ុល​ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី នៅថ្ងៃទី១៤ ខែតុលាឆ្នាំ២០០៥ និងរហូតដល់ពេ​នេះទំហំវិនិយោគ​រវាងកម្ពុជា និងខេត្តក្វាងស៊ី កើនឡើងដល់៥៨លានដុល្លា។
ក្រោយពីជំនួប​ពិភាក្សារវាង​សម្តេចតេជោនាយ​ករដ្ឋមន្រ្តី និង ឯកឧត្តម ផឹង ឈីវហ៊ (Prng Quighua ) រួចមក ឯកឧត្តម ផឹង ឈីវហ៊ ក៍បានរៀប​ចំពិធី​លៀងសាយភោជន៍​ជូនដល់​សម្តេចតេជោ​នាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ព​ស់របស់ព្រះ​រាជាណាចក្រ​កម្ពុជាដោយក្ដីស្និទ្ធស្នាលបំផុត៕




សម្តេច​តេជោ ហ៊ុន សែន ​អនុញ្ញាត​ឲ្យគណៈ​ប្រតិភូ​ក្រុមហ៊ុន​ហ៊ូវ៉ៃ ដឹកនាំ​ដោយ​លោក លី ជឹងកឺ អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​ហ៊ូវ៉ៃ ចូលជួប​សំដែង​ការគួរសម និងពិភាក្សា​ការងារ

បន្ទាប់មកសម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី អនុញ្ញាតឲ្យ​គណៈ​ប្រតិភូ​ក្រុមហ៊ុនហ៊ូ​វ៉ៃ ដឹកនាំ​ដោយ​លោក លី ជឹងកឺ អនុប្រធានក្រុម​ប្រឹក្សាភិបាល​ក្រុមហ៊ុន​ហ៊ូវ៉ៃ ចូលជួប​សំដែងការ​គួរសម និងពិភាក្សាការងារ​ នៅរសៀលថ្ងៃទី១១ ខែកញ្ញា  ឆ្នាំ២០១៦។

លោក លី ជឹងកឺ មានប្រ​សាសន៍​ជំរាបជូន​សម្តេចតេជោ​នាយករ​ដ្ឋមន្រ្តីថា ក្រុមហ៊ុនរបស់​លោក​បាន​បណ្តាក់​ទុនវិនិយោគ​ក្នុងប្រទេស​កម្ពុជា ក្នុងឆ្នាំ១៩៩៩ រហូតមកដល់​ពេលនេះមានរ​យៈពេលជាង​១៧ឆ្នាំរួចមមកហើយ។ ទាក់ទិន​ទៅនិងអាជីវ​កម្មរ​បស់ក្រុម​ហ៊ុនកាល​ពីឆ្នាំ២០១៥កន្លងទៅ ក្រុមហ៊ុនបាន​ធ្វើការ​លក់ផលិតផ​លស្មាត​ហ្រ្វូនរបស់​ក្រុមហ៊ុន​មានរហូត​ដល់៦០ ពាន់លានដុល្លា នៅលើទីផ្សាររបស់ពិភពលោក​។​ ​នៅក្នុង​ទីផ្សារនៃ​ប្រទេសកម្ពុជា ក្រុមហ៊ុនរបស់លោក​នឹងពង្រីក​​ទីផ្សារឲ្យកាន់​តែមាន​ទំហំធំឡើង ពោលគឺបច្ចុប្បន្ន​ក្រុមហ៊ុន​កំពុងដំណើរ​ការសាងសង់អ​គារការិយាល័យ និងមជ្ឈ​មណ្ឌល​ព័ត៌មាន​ដ៏ធំ​នៅក​ម្ពុជា​​ដែល​​គ្រោ​ងនឹង​បញ្ចប់នៅ​ក្នុងឆ្នាំ​២០១៧​ខាងមុខ។

ជាមួយ​និងការ​វិនិយោគ​នៅកម្ពុជា​លោក លី ជឹងកឺ មានប្រសាសន៍បន្តថា ក្រុមហ៊ុនរបស់លោកបានធ្វើការសហការ​ក្នុងការ ​ជួយប​ណ្តុះ​បណ្តាលធ​នធាន​មនុស្ស ជូនដល់មន្រ្តីរាជរដ្ឋាភិបាលកម្ពុជា ការសហការជាមួយ​និងក្រសួង​ប្រៃសណី និងទូរគមនាគមន៍ ជួយដល់​ការ​ងារ​មនុស្សធម៌ របស់កាក​បាទក្រហម​កម្ពុជា​ និងសហភាព​សហព័ន្ធយុវជនកម្ពុជា។  លោកប្រធានក៏បាន​គូសបញ្ជាក់​​ដែរ​ថា នៅកម្ពុជា​ក្រុមហ៊ុន​របស់លោក​មានបុគ្គលិក​ចំនួនជាង​៤០០នាក់ក្នុង​ចំនួន​នោះប្រមាណ​៨០%ជាជន​ជាតិ កម្ពុជា ដែលទទួល​បាននូវ​ការ​បណ្តុះ​បណ្តាល​ប្រកប​ដោយ​សមត្ថភាពខ្ពស់។ 

ជាការឆ្លើយ​តប​ សម្តេចតេ​ជោ នាយ​ករដ្ឋមន្រ្តីមានប្រសា​សន៍ថ្លែងនូវអំ​ណរគុណយ៉ា​ងជ្រាលជ្រៅ​បំផុត​ ជូនចំពោះ​ក្រុមហ៊ុន​ហ៊ូវ៉ៃ ដែលបាន​រួមចំណែក​ជួយដល់​ការបណ្តុះ​បណ្តាល​ធនធាន​មនុស្ស​នៅកម្ពុជា។ ជាមួយគ្នានេះ​សម្តេចបាន​សំដែងនូវ​ការរីករាយចំ​ពោះភាព​រីកចម្រើន​របស់ក្រុម​ហ៊ុន ហ៊ូវ៉ៃ ក្នុងការបណ្តាក់​ទុនវិនិយោគ​ក្នុងប្រទេស​កម្ពុជា ហើយស​ម្តេច​សន្យាថា​សម្តេច​ និងអញ្ជើញ​ទៅចូល​រួមក្នុង ពិធីសម្ពោធ​ដាក់​ឲ្យប្រើប្រាស់​ជាផ្លូវការ អគារ​ការិយាល័យ​ថ្មីរបស់ក្រុមហ៊ុន​នៅពេល​ដំណើរការ​សាងសង់រួចរាល់ ។   

សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យគណៈ​ប្រតិភូក្រុមហ៊ុ​ន​ស្រ្ពីង ដឹក​នាំដោយ​លោក ​វ៉ាង ចឹងហ៊ួរ ចូលជួប​សំដែង​ការ​គួរសម និងពិភ្សា​ការងារ

ក្នុងឱកាស​នៃការស្នា​ក់អាស្រ័យ​នៃការ​អញ្ជើញ​បំពេញ​ទស្សនកិច្ចការងារ ចូលរួម​ពិព័រណ៌ចិន អាស៊ានលើកទី​១៣ នៅទីក្រុង​ណាននីង ខេត្តក្វាងស៊ី ប្រទេសចិន នៅរសៀលថ្ងៃទី១១ ខែកញ្ញា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា​ចក្រកម្ពុជា បានអនុញ្ញាតឲ្យ​គណៈ​ប្រតិភូក្រុមហ៊ុនស្រ្ពីង ដឹកនាំដោយ​លោក វ៉ាង ចឹងហ៊ួរ ប្រធាន​ក្រុមហ៊ុន​អាកាសច​រណ៍​សៀង​ហៃស្រ្ពីង ចូល​ជួប​សំដែង​ការគួរសម និងពិភាក្សាការងារ។ 

ក្នុងជំនួប​ពិភាក្សា​គ្នានោះ លោក វ៉ាង ចឹងហ៊ួរ មានប្រសាសន៍​ជូនស​ម្តេច​តេជោ​នាយករដ្ឋមន្រ្តី អំពី​ផែនការវិនិយោគ​របស់​ក្រុម​ហ៊ុនរ​បស់លោ​កក្នុ​ង​ប្រទេស​កម្ពុជា លើវិស័យ​អាកាស​ចរណ៍​ស៊ីវិល និង​ទេសចរណ៍​។​  លោក វ៉ាង ចឹងហ៊ួរ  មានប្រសា​សន៍ប​ន្តថា បច្ចុប្បន្នក្រុមហ៊ុ​នរបស់លោ​កមាន​យន្តហោះ​ដឹកអ្នកដំណើរ​ចំនួនជាង ៦០គ្រឿង និងកំពុង​បញ្ជាទិញ​ចំនួន ជាង១០០គ្រឿងទៀ​តដើម្បី​បម្រើឲ្យ​សេវាដឹក​ជញ្ជូន​អ្នកដំណើរ​តាមផ្លូវ​អាកាស ពិសេស​ការដឹក​ជញ្ជូន​​អ្នកទេស​ចរណ៍​ចិន ឆ្ពោះ​មក​កាន់ប្រទេស​កម្ពុជា​​ឲ្យកាន់តែមាន​​ចំនួន​ច្រើន​ឡើង។

សម្តេចតេជោ​នាយករដ្ឋមន្រ្តី សូមស្វាគមន៍​ចំពោះ ក្រុមហ៊ុន​អាកាសចរណ៍​សៀងហៃ​ស្រ្ពីង ក្នុង​ការ​បើកការិយាល័យ​ក្នុងប្រទេស​កម្ពុជា ពិសេសការជួយ​បណ្តុះ​បណ្តាល លើភាសា​ចិន និងសេវា​ទេសចរណ៍ជូនដល់​ជនជាតិ​កម្ពុជា។ សម្តេចតេជោ​នាយករដ្ឋមន្រ្តី​មានប្រសាសន៍​បន្ត​ថា s០,០០១% នៃប្រជាជនចិនសរុប ទៅធ្វើ​ទេសចរណ៍​ក្នុងប្រទេស​កម្ពុជា តាមរយៈ​ការបង្កើត​ជើងហោះ​ហើររបស់ក្រុមហ៊ុនអាកាស​ចរណ៍​ស្រ្ពីង ពីបណ្តា​ខេត្តនានា​របស់ប្រទេស​ចិន មកកាន់ប្រ​ទេសកម្ពុជា​តាមរយៈគោលនយោបាយ​បើកចំហរជើង​មេឃ​របស់​កម្ពុជា។ សម្តេចតេជោនាយករដ្ឋ​មន្ត្រី ក៏បាន​ស្វាគមន៍ ចំពោះ​ក្រុមហ៊ុន​ដែលមា​ន​បំណង​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​លើសេវា​កម្មទេស​ចរណ៍ ដល់កម្ពុជា ដើម្បី​​វិស័យ​​ទេសចរណ៍​កាន់តែ​មានភពរីកចម្រើន​ទ្វេឡើង​ថែមទៀត។ 

សេចក្តីជូនដំណឹង របស់ទីស្តីការគណៈរដ្ឋមន្រ្តី ស្តីពីការដាក់ពាក្យប្រឡង​ជ្រើសរើស​ចូលបំរើការងារ​ក្នុងក្របខ័ណ្ឌទីស្តីការគណៈរដ្ឋមន្រ្តី សម្រាប់ឆ្នាំ២០១៦


Saturday, September 10, 2016

សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី និង​គណៈ​ប្រតិភូ​ជាន់​ខ្ពស់ អញ្ជើញ​ទស្សនាស​កល​វិទ្យាល័យជន​ជាតិ​ក្វាងស៊ី

នៅល្ងាចថ្ងៃទី៩ កញ្ញា សម្តេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជា​ណាចក្រ​កម្ពុជា និង​គណៈ​ប្រតិភូជាន់​ខ្ពស់រាជ​រដ្ឋាភិបាល​កម្ពុជា បានអញ្ជើញ​ធ្វើទស្សនកិច្ច​ទៅកាន់​សកលវិទ្យាល័យ ជនជាតិ​ក្វាង​ស៊ី ក្នុង​ទីក្រុង​ណាន​នីង ខេត្តក្វាងស៊ី ប្រទេសចិន។ សម្តេចតេជោ​នាយករដ្ឋមន្រ្តី និងគណៈ​ប្រតិភូជាន់​​ខ្ពស់ ត្រូវ​បាន​ទទួល​នូវ​ការ​ធ្ចើ​​គារវកិច្ចស្វាគមន៍យ៉ាង​ស្និតស្នាល​រ៉ាក់ទាក់បំផុត ពីសំណាក់លោក ជាសាំងកូ សាកល​វិទ្យាធិការ នៃ​សកល​វិទ្យាល័យ​ជនជាតិ​ក្វាងស៊ី ព្រមទាំង​អស់​លោក លោកស្រី ជាសាស្រ្តាចារ្យ បុគ្គលិក និងនិស្សិត​ជាច្រើន​រូប ពិសេស​និស្សិត​កម្ពុជា ដែលកំពុង​សិក្សា​នៅសក​លវិទ្យាល័យ​ជនជាតិក្វាង​ស៊ីជាច្រើនរូប។


សូមបញ្ជាក់ថា សកល​វិទ្យា​ល័យ​ជនជាតិក្វាងស៊ី Guangxi University for Nationalities ត្រូវ​បាន​ស្ថាបនា​បង្កើត​ឡើង​ក្នុង​​ខែមីនា ​ឆ្នាំ១៩៥២ ក្នុងតំបន់​ស្វយ័តក្វាង​ស៊ីចុង(Guangxi Zhuang) ភូមិភាគ​ខាងត្បូង​ប្រទេស​ចិន។ សកល​វិទ្យា​ល័យ​​នេះ​ ស្ថិតនៅ​ក្រោម​ការដឹកនាំ ​នៃគណៈកម្មការ​កិច្ចការ​ជាតិ​សាសន៍​រដ្ឋ នៃ​សាធារ​ណ​រដ្ឋ​ប្រជា​មានិត​ចិន និង​ប្រជា​​រដ្ឋាភិបាល​ ​នៃ​តំបន់​​ស្វយ័ត​ក្វាងស៊ីចុង ហើយវាក៏ជា​សកលវិទ្យា​ល័យខាង​ជាតិ​សាសន៍​ដ៏សំខាន់ នៃ​ឧត្តម​សិក្សា​​ក្នុងតំបន់​ស្វយ័ត​​ក្វាង​​ស៊ី​ចុង ដែលនឹងត្រូវ​បានបង្កើតឡើ​ង​ក្នុងអំឡុង​ផែនការ​ប្រាំឆ្នាំ​លើក​ទី១ របស់​គណ​បក្ស​​កម្មុយ​​នីស្ត​ចិន។ សកល​វិទ្យា​ល័យនេះ ត្រូវបានប​ណ្តុះ​បណ្តាល​អ្នកជំ​នាញ​ជាង​៥ម៉ឺន​នាក់ ក្នុង​នោះ​៧៥%​ជាសិស្ស​ជន​​ជាតិ​​ភាគតិច ដែលមាន​​តួ​នាទី​ក្នុង​រដ្ឋាភិបាល ឱសថ​សាស្រ្ត វប្បធម៌ ការអប់រំ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ហិរញ្ញវត្ថុ​។ ជាមួយ​គ្នា​នេះស​កល​វិទ្យា​ល័យ​នេះ ផ្តល់នូវមុខវិជ្ជា​ដូចជា​សេដ្ឋកិច្ច​និងគ្រប់គ្រង ឱសថសាស្រ្ត វិទ្យា​សាស្រ្ត​និង​វិស្វកម្ម ច្បាប់​និង​​ទស្សនវិជ្ជា អប់រំ អក្សរ​សាស្រ្តនិ​ងសិល្បៈ។ ទន្ទឹមនឹងនេះ​សកលវិ​ទ្យាល័យ​នេះ បាន​ក្លាយ​ទៅជា​មជ្ឈមណ្ឌល​​ស្រាវ​ជ្រា​វ​របស់​ប្រទេសចិន លើផ្នែក​សញ្ជាតិ ជាពិសេស​ក្រុមជន​ជាតិ​ភាគតិច​ក្នុងតំបន់​ស្វយ័ត និង​អាស៊ី​អាគ្នេយ៍​។
ជាមួយ​​និងទិស​ដៅនៃ​ការ​​ធ្វើ​​ទំនាក់ទំនង និងកិច្ចសហប្រតិ​បត្តិការ​សម្រាប់​រយៈពេល​វែង និងយូរ​អង្វែង សកល​វិទ្យាល័យ​នេះ​បាន​បង្កើត​ឡើងនូវ ការធ្វើទំនាក់​ទំនងកិ​ច្ចស​ហប្រតិ​បត្តិការ​ជាមួយ​និង សកលវិ​ទ្យាល័យ​និងសហគ្រាស​នានា​​ក្នុង​​តំបន់ ក្នុងគោល​​បំណង​ដើម្បី​ផ្ទេរលទ្ធផល​ស្រាវជ្រាវ​ថ្មីបំផុត​របស់ខ្លួន និងការអភិវឌ្ឍ​បច្ចេកវិទ្យា​ជាន់​ខ្ពស់ ចូល​ទៅក្នុង​​ឧស្សាហូប​នីយកម្ម។ ក្រៅ​ពីនេះស​កល​វិទ្យាល័យ​នេះ ត្រូវបាន​តែងតាំង​ដោយ​ក្រសួង​អប់រំ ជាសាលា​ប្រតិបត្តិ ​នៃ​កម្ម​វិធី​បណ្តុះ​បណ្តាល​​ក្នុង​ប្រទេស​ចិន សម្រាប់គ្រូបង្រៀ​នជនជាតិ​នៅក្រៅ​ប្រទេស។ ចាប់​តាំង​ពីឆ្នាំ​១៩៩៧​រហូតមក​​ដល់​​បច្ចុប្បន្ននេះ​មាន​បេក្ខជន​ប្រឡង​ជាង១ពាន់​៣០០នាក់ មកពីប្រទេសចំ​នួន​៤១ បាន​ចូលរួម​ក្នុងការ​ប្រឡង​​សមត្ថ​ភាព​​ជំនាញ​ភាសា​​ចិន និងគ្រូប​ង្រៀនភា​សា​ចិន១២០​នាក់ មកពីប្រទេស​វៀតណាម ឡាវ កម្ពុជា និង​ថៃ បានទទួល​​ការបណ្តុះ​​បណ្តាល​​ក្នុងមជ្ឈម​ណ្ឌលនេះ។ ក្នុងពេលបច្ចុប្បន្ននេះ សាកលវិទ្យាល័យ​ជនជាតិ​ក្វាងស៊ី មាន​និស្សិត​​ក្រោយឧត្តម​សិក្សា​​ចំនួន​​៧២២នាក់ និស្សិត​ថ្នាក់បរិញ្ញា​បត្រចំនួន​១ម៉ឺន២ពាន់​២៨១នាក់ និស្សិត​ថ្នាក់​បរិញ្ញា​បត្ររង​ចំនួន ១ពាន់២១៨នាក់ និស្សិត​សិក្សាតាមរ​យៈការទា​ក់ទង​ដោយ​មិនជួប​មុខគ្នា​ផ្ទាល់​ចំនួន​១ម៉ឺន​២៣៥​នាក់ និស្សិត​រៀន​មុខវិជ្ជា​ត្រៀម​ចំនួន​១ពាន់១០នាក់ និងនិស្សិតអន្តរ​ជាតិមាន​ចំនួន៣៧៩​នាក់។


ជាមួយ​និងភាព​ល្បីល្បាញ់​នេះ មានមេ​ដឹកនាំ​​នយោ​បាយ​​អាស៊ាន​សំខាន់ៗ​ជាច្រើន បានមកធ្វើទ​ស្សនកិច្ច​នៅសកល​វិទ្យាល័យជ​ន​ជាតិ​ក្វាស៊ី  រួមមាន​​ព្រះមហាវិរក្សត្រ នរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ឯកត្តម Tran Duc Luongអតីត​ប្រធានា​ធិបតី​នៃសាធារណ​​រដ្ឋ​សង្គមនិ​យមវៀតណាម ឯកត្តម Pham Gia Khiem អតីតឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសវៀតណាម ព្រះអង្គម្ចាស់​ក្សត្រី​មហា​ចក្រី សិរិនថន នៃព្រះរាជា​ណាចក្រថៃ ឯកឧត្តម ប៊ូសន ប៊ូផាវ៉ាន់អតីតនាយក​រដ្ឋមន្រ្តី​ឡាវ និងលោកជំទាវ ផានី យ៉ាទូទូ ប្រធានរដ្ឋសភាឡាវ រួម​ទាំង​ឥស្សរជន​ពិភព​លោក​ជាច្រើន​រូបទៀត។ ជាមួយនិង​​មហាកិត្តិយ​សដ៏ខ្ពង់ខ្ពស់​​បំផុតនោះ សកលវិទ្យាល័យជន​ជាតិក្វាង​ស៊ី បានផ្តល​នូវ​សញ្ញា​បត្រ​បណ្ឌិត​កិត្តិយសផ្នែ​ក​អក្ស​រ​សាស្រ្ត កាល​ពីថ្ងៃទី១៥ ខែតុលាឆ្នាំ២០១៥ នៅទីក្រុង​ប៉េកាំងប្រ​ទេសចិន។
នៅក្នុងដំណើ​រទស្សនកិច្ចនៅ​សកលវិទ្យាល័យជ​នជាតិក្វាងស៊ី សម្តេចតេជោ​នាយករដ្ឋមន្រ្តីបា​នអញ្ជើញ​ទស្សនា នៅតាម​ផ្នែកនិមួយ​ៗ នៃកម្មវិធី​សិក្សារ​បស់ស​កល​វិទ្យាល័យ ក្នុងនោះ រួមទាំងការ​ទស្សនា​នៅតាម​ទីកន្លែង និង​សមិទ្ធផល​សំខាន់ៗ​ ដែលនិស្សិតទាំងអស់​ក្នុងសកលវិទ្យាល័យ ក្នុងនោះរួម​​ទាំងនិស្សិត​កម្ពុជា​ផងដែរ បាន​ខិតខំ​ធ្វើកា​រ​ស្រាវជ្រាវ​ និងបញ្ចេញ​នូវសា្ន​ដៃធំៗ​ជាច្រើន ក្នុងការ​សិក្សា​រៀនសូត្រ តាម​កម្មវិធីរបស់​សកលវិទ្យាល័យ។ នៅក្នុង​ដំណើរ​នៃការ​អញ្ជើញទស្សនកិច្ចនោះដែរ សម្តេចតេជោ​នាយក​រដ្ឋមន្រ្តីបាន បង្ហា​ញ​នូវភាព​ស្និតស្នាល​ជាមួយ​និង​និស្សិត​កម្ពុជា និងនិស្សិត​បរទេសនានា តាមរយៈការបង្ហាញ​នូវស្នាម​ញញឹម និង​ភាពរ៉ាក់​ទាក់ ពិសេស​បាន​អញ្ជើញ​ថតរូប​សែលហ្វីប​ង្ហោះក្នុងភាព​ស្និតស្នាល រវាងថ្នាក់​ដឹកនាំ និ​ងកូន ចៅ របស់​សម្តេច​។ ជា​មួយ​គ្នានេះ​សម្តេច​តេជោ​នាយករដ្ឋមន្រ្តី បានឧបត្ថម្ភ នូវ​ថវិកាមួយចំនួន ជូនដល់និស្សិតក​ម្ពុជាចំនួន​៤៨នាក់ ដែល​កំពុង​សិក្សា​ក្នុង​សកល​វិទ្យាល័យ​ជនជាតិក្វាងស៊ី៕