នៅល្ងាចថ្ងៃទី៩ កញ្ញា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញធ្វើទស្សនកិច្ចទៅកាន់សកលវិទ្យាល័យ ជនជាតិក្វាងស៊ី ក្នុងទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។ សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់ ត្រូវបានទទួលនូវការធ្ចើគារវកិច្ចស្វាគមន៍យ៉ាងស្និតស្នាលរ៉ាក់ទាក់បំផុត ពីសំណាក់លោក ជាសាំងកូ សាកលវិទ្យាធិការ នៃសកលវិទ្យាល័យជនជាតិក្វាងស៊ី ព្រមទាំងអស់លោក លោកស្រី ជាសាស្រ្តាចារ្យ បុគ្គលិក និងនិស្សិតជាច្រើនរូប ពិសេសនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅសកលវិទ្យាល័យជនជាតិក្វាងស៊ីជាច្រើនរូប។
សូមបញ្ជាក់ថា សកលវិទ្យាល័យជនជាតិក្វាងស៊ី Guangxi University for Nationalities ត្រូវបានស្ថាបនាបង្កើតឡើងក្នុងខែមីនា ឆ្នាំ១៩៥២ ក្នុងតំបន់ស្វយ័តក្វាងស៊ីចុង(Guangxi Zhuang) ភូមិភាគខាងត្បូងប្រទេសចិន។ សកលវិទ្យាល័យនេះ ស្ថិតនៅក្រោមការដឹកនាំ នៃគណៈកម្មការកិច្ចការជាតិសាសន៍រដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន និងប្រជារដ្ឋាភិបាល នៃតំបន់ស្វយ័តក្វាងស៊ីចុង ហើយវាក៏ជាសកលវិទ្យាល័យខាងជាតិសាសន៍ដ៏សំខាន់ នៃឧត្តមសិក្សាក្នុងតំបន់ស្វយ័តក្វាងស៊ីចុង ដែលនឹងត្រូវបានបង្កើតឡើងក្នុងអំឡុងផែនការប្រាំឆ្នាំលើកទី១ របស់គណបក្សកម្មុយនីស្តចិន។ សកលវិទ្យាល័យនេះ ត្រូវបានបណ្តុះបណ្តាលអ្នកជំនាញជាង៥ម៉ឺននាក់ ក្នុងនោះ៧៥%ជាសិស្សជនជាតិភាគតិច ដែលមានតួនាទីក្នុងរដ្ឋាភិបាល ឱសថសាស្រ្ត វប្បធម៌ ការអប់រំ ប្រព័ន្ធផ្សព្វផ្សាយ និងហិរញ្ញវត្ថុ។ ជាមួយគ្នានេះសកលវិទ្យាល័យនេះ ផ្តល់នូវមុខវិជ្ជាដូចជាសេដ្ឋកិច្ចនិងគ្រប់គ្រង ឱសថសាស្រ្ត វិទ្យាសាស្រ្តនិងវិស្វកម្ម ច្បាប់និងទស្សនវិជ្ជា អប់រំ អក្សរសាស្រ្តនិងសិល្បៈ។ ទន្ទឹមនឹងនេះសកលវិទ្យាល័យនេះ បានក្លាយទៅជាមជ្ឈមណ្ឌលស្រាវជ្រាវរបស់ប្រទេសចិន លើផ្នែកសញ្ជាតិ ជាពិសេសក្រុមជនជាតិភាគតិចក្នុងតំបន់ស្វយ័ត និងអាស៊ីអាគ្នេយ៍។
ជាមួយនិងទិសដៅនៃការធ្វើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការសម្រាប់រយៈពេលវែង និងយូរអង្វែង សកលវិទ្យាល័យនេះបានបង្កើតឡើងនូវ ការធ្វើទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយនិង សកលវិទ្យាល័យនិងសហគ្រាសនានាក្នុងតំបន់ ក្នុងគោលបំណងដើម្បីផ្ទេរលទ្ធផលស្រាវជ្រាវថ្មីបំផុតរបស់ខ្លួន និងការអភិវឌ្ឍបច្ចេកវិទ្យាជាន់ខ្ពស់ ចូលទៅក្នុងឧស្សាហូបនីយកម្ម។ ក្រៅពីនេះសកលវិទ្យាល័យនេះ ត្រូវបានតែងតាំងដោយក្រសួងអប់រំ ជាសាលាប្រតិបត្តិ នៃកម្មវិធីបណ្តុះបណ្តាលក្នុងប្រទេសចិន សម្រាប់គ្រូបង្រៀនជនជាតិនៅក្រៅប្រទេស។ ចាប់តាំងពីឆ្នាំ១៩៩៧រហូតមកដល់បច្ចុប្បន្ននេះមានបេក្ខជនប្រឡងជាង១ពាន់៣០០នាក់ មកពីប្រទេសចំនួន៤១ បានចូលរួមក្នុងការប្រឡងសមត្ថភាពជំនាញភាសាចិន និងគ្រូបង្រៀនភាសាចិន១២០នាក់ មកពីប្រទេសវៀតណាម ឡាវ កម្ពុជា និងថៃ បានទទួលការបណ្តុះបណ្តាលក្នុងមជ្ឈមណ្ឌលនេះ។ ក្នុងពេលបច្ចុប្បន្ននេះ សាកលវិទ្យាល័យជនជាតិក្វាងស៊ី មាននិស្សិតក្រោយឧត្តមសិក្សាចំនួន៧២២នាក់ និស្សិតថ្នាក់បរិញ្ញាបត្រចំនួន១ម៉ឺន២ពាន់២៨១នាក់ និស្សិតថ្នាក់បរិញ្ញាបត្ររងចំនួន ១ពាន់២១៨នាក់ និស្សិតសិក្សាតាមរយៈការទាក់ទងដោយមិនជួបមុខគ្នាផ្ទាល់ចំនួន១ម៉ឺន២៣៥នាក់ និស្សិតរៀនមុខវិជ្ជាត្រៀមចំនួន១ពាន់១០នាក់ និងនិស្សិតអន្តរជាតិមានចំនួន៣៧៩នាក់។
ជាមួយនិងភាពល្បីល្បាញ់នេះ មានមេដឹកនាំនយោបាយអាស៊ានសំខាន់ៗជាច្រើន បានមកធ្វើទស្សនកិច្ចនៅសកលវិទ្យាល័យជនជាតិក្វាស៊ី រួមមានព្រះមហាវិរក្សត្រ នរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ឯកត្តម Tran Duc Luongអតីតប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកត្តម Pham Gia Khiem អតីតឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសវៀតណាម ព្រះអង្គម្ចាស់ក្សត្រីមហាចក្រី សិរិនថន នៃព្រះរាជាណាចក្រថៃ ឯកឧត្តម ប៊ូសន ប៊ូផាវ៉ាន់អតីតនាយករដ្ឋមន្រ្តីឡាវ និងលោកជំទាវ ផានី យ៉ាទូទូ ប្រធានរដ្ឋសភាឡាវ រួមទាំងឥស្សរជនពិភពលោកជាច្រើនរូបទៀត។ ជាមួយនិងមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតនោះ សកលវិទ្យាល័យជនជាតិក្វាងស៊ី បានផ្តលនូវសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអក្សរសាស្រ្ត កាលពីថ្ងៃទី១៥ ខែតុលាឆ្នាំ២០១៥ នៅទីក្រុងប៉េកាំងប្រទេសចិន។
នៅក្នុងដំណើរទស្សនកិច្ចនៅសកលវិទ្យាល័យជនជាតិក្វាងស៊ី សម្តេចតេជោនាយករដ្ឋមន្រ្តីបានអញ្ជើញទស្សនា នៅតាមផ្នែកនិមួយៗ នៃកម្មវិធីសិក្សារបស់សកលវិទ្យាល័យ ក្នុងនោះ រួមទាំងការទស្សនានៅតាមទីកន្លែង និងសមិទ្ធផលសំខាន់ៗ ដែលនិស្សិតទាំងអស់ក្នុងសកលវិទ្យាល័យ ក្នុងនោះរួមទាំងនិស្សិតកម្ពុជាផងដែរ បានខិតខំធ្វើការស្រាវជ្រាវ និងបញ្ចេញនូវសា្នដៃធំៗជាច្រើន ក្នុងការសិក្សារៀនសូត្រ តាមកម្មវិធីរបស់សកលវិទ្យាល័យ។ នៅក្នុងដំណើរនៃការអញ្ជើញទស្សនកិច្ចនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបាន បង្ហាញនូវភាពស្និតស្នាលជាមួយនិងនិស្សិតកម្ពុជា និងនិស្សិតបរទេសនានា តាមរយៈការបង្ហាញនូវស្នាមញញឹម និងភាពរ៉ាក់ទាក់ ពិសេសបានអញ្ជើញថតរូបសែលហ្វីបង្ហោះក្នុងភាពស្និតស្នាល រវាងថ្នាក់ដឹកនាំ និងកូន ចៅ របស់សម្តេច។ ជាមួយគ្នានេះសម្តេចតេជោនាយករដ្ឋមន្រ្តី បានឧបត្ថម្ភ នូវថវិកាមួយចំនួន ជូនដល់និស្សិតកម្ពុជាចំនួន៤៨នាក់ ដែលកំពុងសិក្សាក្នុងសកលវិទ្យាល័យជនជាតិក្វាងស៊ី៕