Thursday, August 24, 2017
Wednesday, August 9, 2017
អស្ចារ្យណាស់ «ប្រាសាទអង្គរវត្ត» ប្រទះឃើញមានឆ្លាក់ឈ្មោះនិងឆ្នាំប្រាសាទអង្គរវត្តនៅស្រុកគេ
កន្លងមកធ្លាប់តែលឺថាប្រទេសថៃនិយាយថា អង្គវត្តជារបស់ពួកគេ! ! ប៉ុន្តែថៃ្ងនេះខ្ញុំមានអារម្មណ៏ថាមានមោទនភាពចំពោះព្រះរាជាណាចក្រកម្ពុជាដែលជាប្រទេសនៃស្រុកកំណើតរបស់ខ្ញុំ ដឹងថាហេតុអ្វីអត់? អ្នកចូលមើលរូបភាពដែលខ្ញុំបានpostសិនទៅ ហើយសូមមើលនៅអក្សរទាំងនោះម្តងមួយជួរទៅ អ្នកនឹងឃើញគេឆ្លាក់ថា(១១១៣ Angkor Wat Of Cambodia) តើដឹងទេថាវាមានន័យថាមេច? យោងទៅតាមការដឹងរបស់ខ្ញុំពីអ្នកដែលនៅទីនោះ ពួកគាត់និយាយថា: ” នោះជាការកកើតរបស់ប្រាសាទអង្គវត្តនៅក្នូងឆ្នាំ១១១៣ ” ហើយអ្វីដែលខ្ញុំមានភាពភ្ញាក់ផ្អើលនឹងមានមោទនភាពថែមទៀតនោះ ថ្ងៃម្សិលមិញខ្ញុំមកដើរលេងជាលក្ខណៈគ្រួសារនៅ San Fransisco គោលបំណងមកមើល ” Golden Gate Bridge ” ហើយនៅថ្ងៃបន្ទាប់ពួកខ្ញុំក៏ចាកចេញពី San Fransisco ដើម្បីធ្វើដំណើរទៅ Yosemite ចង់ទៅមើលទឹកធ្លាក់នឹងដើមឈឺដ៏ធំដែលមានរោងអាចដើរកាត់ឆ្លងទៅបាន ហើយទំរាំតែឡើងទៅដល់ខាងលើនៃភ្នំដ៏ខ្ពស់នោះគឺត្រូវចំណាយពេលបើកឡានសឹងតែ២ម៉ោងទើបទៅដល់ ហើយពួកខ្ញុំក៏ចុះដើរដើម្បីធ្វើដំណើរទៅមើល The Big Tree នៅក្នូងព្រៃ( wood ) ស្រាប់តែឃើញមនុស្សជាច្រើនរូមមើលថ្មមួយដ៏ធំដែលគេធ្វើវាជារូបរាងដើមឈើដ៏ធំនៅលើនោះមានការកត់ត្រាទុកប្រមានប្រទេសរួមទាំង Cambodia ផងដែរ ការដែលខ្ញុំការភ្ញាក់ផ្អើលនោះគឺមកពីសូម្បីតែនៅលើកំពូលភ្នំដ៏ខ្ពស់បែបនេះហើយថែមទាំងនៅក្នុងព្រៃស្តុកបែបនេះបែរជាមានការកត់ត្រាទុកនៅ Angkor Wat of Cambodia ដែលបានកកើតឡើងនៅក្នុងឆ្នាំ១១១៣ ជាពិសេសនៅក្នុង( USA At Yosemite Valley Fresno ) ដែលមិនមែនជាប្រទេសកម្ពុជាផងនោះ ក៏អាចបង្ហាញអោយប្រទេសដ៏ទៃដូចជាអ្នកដែលមកលេងទីនេះមិនមែនមានតែ American ទេ There are so many foreign came from the other countries ( like Chinese, Korean, Indian and more…..) so ប្រាសាទអង្គវត្តជារបស់ខ្មែរហើយក៏ជាដូនតាខ្មែរបង្កើតឡើងដែរ
ប្រភព៖ Bee Bee Honey
ប្រភព៖ Bee Bee Honey
Thursday, July 20, 2017
គ្រោងឆ្អឹងអាយុជាង ៥០០០ ឆ្នាំ នេះហើយដែលបង្ហាញថាមនុស្សសម័យពីមុននិងមនុស្សសម័យនេះខុសប្លែកគ្នាខ្លាំង
កាលពីពេល ថ្មីៗកន្លងមកសារពត៌មានចិនជាច្រើនបានចុះផ្សាយថា អ្នកបុរាណវិទ្យាបានជីករកឃើញគ្រោងឆ្អឹងមនុស្សអាយុកាល៥.០០០ឆ្នាំមុន មានកម្ពស់ខ្ពស់ និងរឹងមាំខុសពីធម្មតា ស្ថិតនៅភូមិជៀវជា ខេត្តសានតុង ភាគខាងកើតប្រទេស ។
តាមការវាស់វែងឆ្អឹងនៅក្នុងរណ្តៅសពគឺជាមធ្យមមានកម្ពស់១,៨០ម៉ែត្រ ហាក់ដូចជាមនុស្សយក្សដែលធំៗខុសពីសម័យបច្ចុប្បន្នខ្លាំង។ ចំពោះឆ្អឹងរបស់បុរសម្នាក់មានកម្ពស់ដល់ទៅ១,៩០ម៉ែត្រឯណោះដូចមនុស្សនៅលោកខាងលិចក្នុងសតវត្សទី២១ ។ ចាត់ទុកថាជាកម្ពស់ខុសប្រក្រតីដោយគ្រោងឆ្អឹងបុរសរូបនោះប្រទះឃើញក្នុងរណ្តៅធំជាងគេទំនងមានយសសក្តិខ្ពស់ និងទទួលទានអាហារល្អ ។
លោកហ្វាង ហ៊ុយ ប្រធានក្រុមអ្នកវិទ្យាសាស្ត្រ និងវប្បធម៌នៅមហាវិទ្យាល័យសានតុង បញ្ជាក់ថា«នេះគ្រាន់តែជាការប្រទះឃើញលើមូលដ្ឋានរបស់គ្រោងឆ្អឹង ប្រសិនបើបុរសរូបនោះនៅរស់រានមានជីវិតអាចមានកម្ពស់ដល់ទៅ១,៩០ម៉ែត្រ» ។
អ្នកស្រុកសានតុង យល់ឃើញថា កម្ពស់របស់ពួកគេមានបុគ្គលិកលក្ខណៈតាមអម្បូរនៃបុព្វបុរសអ្នកស្រុកសានតុង ។
ការស្រាវជ្រាវនៅឆ្នាំ២០១៥ឃើញថាកម្ពស់មធ្យមរបស់បុរសចំនួន១៨នាក់កម្ពស់១,៧៥ម៉ែត្រ ប្រៀបធៀបទៅនឹងកម្ពស់មធ្យមទាំងអស់នៅទូទាំងប្រទេស១,៧២ម៉ែត្រ ។
ក្រៅពីគ្រោងឆ្អឹងអ្នកបុរាណវិទ្យាជីករកឃើញវត្ថុប្រើប្រាស់ជាច្រើនទៀត រួមមានឆ្នាំងពណ៌ និងឧបករណ៍ប្រើប្រាស់ ផ្សេងៗធ្វើពីគជ់ ។
អ្នកឯកទេសសន្និដ្ឋានថា មនុស្សដែលរស់នៅសានតុង កាលពី៥.០០០ឆ្នាំមុន មានជីវភាពសម្បូរសប្បាយ ព្រោះផ្ទះជាច្រើនខ្នងដែលជីករកឃើញបង្កប់ដោយមជ្ឈមណ្ឌលនយោបាយ វប្បធម៌ និងសេដ្ឋកិច្ច ៕
ឆ្នេរសមុទ្រដែលជាប់ចំណាត់ថ្នាក់ស្អាតដាច់គេទាំង ២០ នៅលើពិភពលោក ក្នុងនោះកម្ពុជាលេខ ១
កាលពីពេលថ្មីៗនេះ គេហទំព័រទេសចរណ៍ និងជាទស្សនាវដ្ដីអាមេរិកដ៏ល្បីឈ្មោះ National Geographic បានចាត់ថ្នាក់ស្វែងរកឆ្នេរសមុទ្រដ៏ស្រស់ស្អាតជាងគេបំផុតជុំវិញពិភពលោកប្រចាំឆ្នាំ២០១៧ ក្នុងនោះឆ្នេរសមុទ្រកម្ពុជាយើងបានឈរនៅលំដាប់លេខមួយដាច់គេក្នុងចំណោមឆ្នេរទាំង២០។
ការចាត់ថ្នាក់ជាឆ្នេរល្អបំផុតលំដាប់ពិភពលោកនេះ គឺប្រភពដដែលបានគិតទៅលើឆ្នេរខ្សាច់ដ៏សក្បុស ទឹកថ្លាដូចគ្រីស្តាល់ មានរលកស្ងប់ស្ងាត់គួរឲ្យចង់គយគន់។
ឆ្នេរមានលក្ខណៈសម្បត្តិដូចរៀបរាប់ខាងលើស្ថិតនៅកំពូលគេ ត្រូវគេប្រសិទ្ធិនាមថា «Lazy Beach» និងកំពុងស្ថិតនៅប្រទេសកម្ពុជា គឺឆ្នេរកោះរុង ក្នុងខេត្តព្រះសីហនុ។ ក្នុងចំណាត់ថ្នាក់ឆ្នេរទាំង២០ មានបង្ហាញនៅខាងក្រោម៖
១. ឆ្នេរកោះរុង ប្រទេសកម្ពុជា |
២. ឆ្នេរ Playa del Amor លើកោះ Marietas ប្រទេសម៉ិកស៊ីកូ |
៣. ឆ្នេរ Shell ប្រទេសអូស្ត្រាលី |
៤. ឆ្នេរ Noordwik ប្រទេសហូឡង់ |
៥. ឆ្នេរ Reynisfjara ប្រទេសអ៊ីស្លង់ |
៦. ឆ្នេរ Cas Abao នៅកោះ Caribbean ដែនដីការ៉ាបៀន |
៨. ឆ្នេរ Cathedrals នៃកោះ Ribadeo ប្រទេសអេស្ប៉ាញ |
Sunday, July 16, 2017
ប្រវត្តិបង្ហាញថាវត្តខាងជើងនិងត្បូងនៅអង្គរមុនការអភិរក្សគឺសង់នៅជាប់ក្តារបែន
សៀមរាប៖ មានភស្តុតាងជាច្រើនដែលបញ្ជាក់ថា ប្រាសាទអង្គរវត្តគឺជាមជ្ឈមណ្ឌលសាសនា ដ៏ធំនាសម័យបុរាណ និងតមិនដាច់រហូតដល់បច្ចុប្បន្ន។ ទោះបីជារាជធានីអង្គរ ត្រូវបានផ្លាស់ប្តូរចេញពីតំបន់អង្គរក៏ពិតមែន តែភស្តុងតាងជាច្រើនបានបញ្ជាក់ថា អង្គរនៅតែមានមនុស្សរស់នៅមិនដាច់ ហើយបានក្លាយជាមណ្ឌលសាសនាដ៏ធំ និងទាក់ទាញមនុស្សជាច្រើន ធ្វើធម្មយាត្រាចូលមកគោរពបូជាជាហូរហែគ្រប់សម័យកាលដែលមានវត្តមាន វត្តអារាម ដែលសង់នៅជាប់នឹងក្តារបែនជាសាក្ខីភាពស្រាប់ លុះក្រោយមកត្រូវអ្នកអភិរក្សដ្ឋានសុំរើចេញពីពីសងខាងក្តារបែន (ខឿនខ្ពស់រាងសញ្ញាជើងក្អែកនៅមុខខាងលិច) យកទៅកសាងនៅផ្នែកខាងត្បូង និងខាងជើងនៃប្រាសាទអង្គរវត្ត។ ភស្តុតាងនេះហើយ ដែលបញ្ជាក់ ថា អង្គរក្លាយជាកន្លែងសាសនដ្ឋាន មានមនុស្សរស់នៅជាប់រហូតមិនដាច់។
វត្តមាន វត្តអារាមនៅក្នុងបរិវេណអង្គរតូច ឬអង្គរវត្ត (វត្តឥន្ទបត្តបុរីខាងត្បូង ឬហៅវត្តអង្គរខាងត្បូង និងវត្តឥន្ទបត្តបុរីខាងជើង ឬហៅវត្តអង្គរខាងជើង) ប្រហែលជាមានតាំងពីក្រោយពេល ដែលអង្គរត្រូវគេបោះបង់ចោលក្នុងនាមជារាជធានីរបស់ប្រទេសនាស.វទី១៥មកម្លេះ។ បើ យោងតាមភស្តុតាងនៅតាមសិលាចារឹកចាប់តាំងពីស.វ.ទី១៦ បង្ហាញថាមានវត្តមាននៃព្រះមាតារបស់ព្រះបាទសត្ថា ដែលយករាជបុត្រមកបំបួស ព្រមទាំងមានក្រុមជនជាតិផ្សេងគ្នា ដែលធ្វើដំណើរធម្មយាត្រាមកអង្គរ។ ត្រង់ចំណុចនេះហើយ ដែលបញ្ជាក់យ៉ាង ច្បាស់ថា អង្គរ គឺជាមណ្ឌលសាសនាដ៏ធំនៅក្នុងតំបន់។ នេះបើតាមការពន្យល់របស់លោក ខៀវ ច័ន្ធ អ្នកបុរាណវិទូ។
លោកបន្ថែមថា៖«...ជាពិសេសនៅសតវត្សរ៍ទី១៦ ព្រះបាទ អង្គចាន់រាជា បានមកអង្គរ ធ្វើការជួសជុលព្រះបរមវិណ្ណុលោក(អង្គរវត្ត) និងឲ្យជាងរបស់រាជវាំងឆ្លាក់បង្ហើយរូបចម្លាក់នៅជ្រុងឦសាន ព្រមទាំង សិលាចារឹកធំជាងគេ មានលេខសម្គាល់ IMA៣ (មានន័យថា សិលាចារឹកសម័យទំនើបនៅអង្គរ មិនមែនសម័យថ្មីឥលូវនេះទេ គឺសម័យក្រោយអង្គរ សតវត្សរ៍ទី១៦ និយាយពីព្រះមាតារបស់ព្រះបាទសេត្ថា នាំរាជបុត្រពីលង្វែកមកបំបួសនៅអង្គរ។ ចឹងមានន័យថា ពេលហ្នឹង (សតវត្សរ៍ទី១៦ហ្នឹង) អង្គរហ្នឹងក្លាយទៅជាវត្តហើយ...»។
ក្នុងន័យនេះដែរ លោក ខៀវ ច័ន្ទ បានបញ្ជាក់ថា អង្គរបានបោះបង់ចោលក្នុងឋានៈជារាជធានីក៏ពិតមែន តែក៏បានក្លាយខ្លួនជាមណ្ឌលនៃសាសនា ដូចទឹកដីនៃព្រះយ៉ាងដូច្នោះដែរ គឺគ្រប់ជាតិសាសន៍ បានធ្វើដំណើរមកអង្គរ ដើម្បីមកគោរព និងបូជាព្រះ។ ភស្តុតាងជាច្រើន ដែលបញ្ជាក់រឿងនេះ គឺតាមរយៈសិលាចារឹកជាច្រើន មានដូចជាសិលាចារឹកភាសាអារ៉ាប់ ភូមា ជប៉ុន ជាដើម ដែល បង្ហាញថា ជាតិសាសន៍ទាំងនោះ ធ្វើដំណើរមកអង្គរ ក្នុងបំណងដើម្បីគោរពបូជាព្រះនៅអង្គរ។
ដោយសារភស្តុតាងខាងដើមនេះហើយ ធ្វើឲ្យឯកសារស្រាវជ្រាវរបស់អ្នកធម្មជាតិវិទ្យាបារាំងម្នាក់ គឺលោក ហង់រី មូហូត៍ (Henri Muohot) ត្រូវបានគេទាត់ចោល។ លោក មូហូត៍ បានមកដល់ អង្គរនៅឆ្នាំ ១៨៦០ និងសរសេរថា អង្គរត្រូវគេបោះបង់ចោលក្នុងព្រៃ។ លោក ខៀវ ច័ន្ធ បន្តថា យ៉ាងណា យោងតាមឯកសារមួយទៀត គឺ៦ឆ្នាំក្រោយមក នៅឆ្នាំ១៨៦៦ មានជនជាតិScottish ម្នាក់ទៀតបានមកដល់អង្គរដែរ គឺលោក ចន ថមសុន (John Thomson) ដែលជាអ្នកថតរូប។ តាមរយៈរូបថតរបស់លោក បានបង្ហាញថា អង្គរមិនមែនត្រូវគេបោះបង់នោះទេ គឺមានមនុស្សរស់នៅ មានផ្ទះ មានព្រះសង្ឃ ដែលផ្ទុយពីការអះអាងរបស់លោក មូហូត៍។
ទាក់ទងនឹងវត្តអារាម ដែលនៅជាប់ក្ដារបែន តាមកំណត់ត្រារបស់សាលាបារាំងចុងបូព៌ា ដែលជាអ្នកបង្កើតអភិរក្សអង្គរដំបូងគេនៅឆ្នាំ១៩០៧ និងយោងតាមកំណត់ត្រារបស់លោក ហ្សង់ កូម៉ៃ ដែលជាអភរិក្សដ្ឋានអង្គរមុនគេបង្អស់ បានបញ្ជាក់ថា នៅឆ្នាំ១៩១០ វត្តទាំងនោះ ត្រូវបានរើចេញពីក្ដារ ដោយយកទៅដាក់នៅទីតាំងសព្វថ្ងៃ។ នៅឆ្នាំ១៩៥៣ សម័យឯករាជ្យ ទោះបារាំងដកសិទ្ធិរដ្ឋបាលគ្រប់គ្រងពីប្រទេសកម្ពុជាក៏ពិតមែន តែការងារអភិរក្សអង្គរ ខ្មែរនៅតែពឹងលើរាជការបារាំង និងបន្តរហូតសម័យសង្គ្រាមឆ្នាំ១៩៧៥។
Friday, July 14, 2017
២ កន្លែងនៅកម្ពុជាទេសភាពស្អាតបំផុត មិនចាញ់បរទេស តែមិនទាន់អភិវឌ្ឍជាតំបន់ទេសចរណ៍
សម្រស់ធម្មជាតិពីរកន្លែងនៅកម្ពុជា នៅមិនទាន់បានអភិវឌ្ឍជាតំបន់ទេសចរណ៍នៅឡើយ ប៉ុន្តែត្រូវបានប្រជាជនឧស្សាហ៍ទៅលេងកម្សាន្តទីនោះ ដើម្បីផ្ដិតយកទេសភាពដ៏ល្អឯកដូចរូបគំនូរ និងស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធនៅទីនោះ។ ខាងក្រោមនេះជាតំបន់ធម្មជាតិពីរកន្លែងទេសភាពស្អាតបំផុត កម្រមានអ្នកទៅដល់៖
១.ដីច្រោះនៅឧត្ដរមានជ័យទេសភាពដូចផ្ទាំងគំនូរ
មើលមួយភ្លែតស្មានតែនៅស្រុកគេ តាមពិតមិនមែនទេទេសភាពដ៏ស្រស់ស្អាតនេះ គឺស្ថិតនៅក្នុងប្រទេសកម្ពុជានៅ ភូមិខ្នាចឬស្សី សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ទិដ្ឋភាពដ៏ស្រស់ស្អាតប្រៀបដូចរូបគំនូរនេះ គឺជាសម្រស់ធម្មជាតិពិតៗ នៃភ្នំពស់រលួសធំ ដែលជាទីតាំងធម្មជាតិមួយ នៅតាមខ្សែក្រវាត់ នៃបន្ទាត់ព្រំដែនក្នុងខេត្តឧត្តរមានជ័យ ដែលមានដីច្រោះបង្កើតបានជាទស្សនីយភាពដ៏អស្ចារ្យមិននឹកស្មានដល់។
សម្រស់ធម្មជាតិដ៏ស្រស់ស្អាតនេះ បានលាក់ខ្លួនពួនអាត្មា ជាយូរលង់ណាស់មកហើយ ប៉ុន្តែមិនសូវមានអ្នកណាទៅដល់ទីតាំងដ៏អស្ចារ្យនេះទេ។
២. ពើងតានន់ផ្ទាំងសិលាដូចប្រាសាទបុរាណនៅសៀមរាប
ផ្ទាំងសិលាធំៗ ជាច្រើនបង្គរបណ្ដាក់លើគ្នាជាច្រើនរាប់មិនអស់ រួមនឹងទេសភាពដ៏ស្រស់ត្រកាលប្រៀបដូចសម្រស់ក្រមុំព្រហ្មចារី អមដោយ រុក្ខជាតិខៀវខ្ចី កំពុងរីកលូតលាស់ បញ្ចេញសម្រស់ផ្កាធម្មជាតិ និង ខ្យល់អាកាសបរិសុទ្ធ ធ្វើឱ្យពើងតានន់ ដែលមិនសូវមានអ្នកស្គាល់ ប្រៀបដូចឋានសួគ៌លើដីអ៊ីចឹង។
តំបន់ទេសចរដ៏ប្រណិតនេះ មានទីតាំង ស្ថិតនៅ ភូមិ គោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ចម្ងាយប្រមាណតែ ៨៥គីឡូម៉ែត្រប៉ុណ្ណោះពីទីរួមខេត្តសៀមរាប។ កាលពីមុនទីតាំងខាងលើពិបាកធ្វើដំណើរដោយសារផ្លូវធ្វើមិនទាន់រួច ប៉ុន្តែបច្ចុប្បន្នការធ្វើដំណើរមានភាពងាយស្រួល មិនពិបាកទៀតទេ។ ក្រៅពីមានដំថ្មជាច្រើនត្រួតលើគ្នាជាច្រើនហើយខ្ពស់ បញ្ចេញរូបរាងដូចនឹងប្រាសាទបុរាណហើយនោះ នៅទីនោះមានអាស្រមរបស់ព្រះសង្ឃដែលគង់នៅលើភ្នំ មើលថែរក្សាកន្លែងដ៏ស្ងប់ស្ងាត់នោះទៀតផង៕
ដោយ៖ ច័ន្ទឬទ្ធិ
រមណីយដ្ឋានប្រវត្តិសាស្រ្តខ្មែរ៨នេះ ស្ថិតក្នុងបញ្ជីត្រៀមដាក់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក
ស្របពេលដែលប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី ៨ ខែកក្កដាមកនេះ យ៉ាងហោចមានប្រាសាទ និងរមណីយដ្ឋានប្រវត្តិសាស្រ្តកម្ពុជាចំនួន ៨ កន្លែងទៀត បានស្ថិតក្នុងបញ្ជីត្រៀម ដាក់បញ្ចូលក្នុងសម្បត្តិបេតិភណ្ឌពិភពលោក។ នេះបើតាមលោក ប្រាក់ សុណ្ណារ៉ា អគ្គនាយកបេតិភណ្ឌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ លោកបានឱ្យដឹងថា តំបន់ប្រវត្តិសាស្រ្តទាំង ៨ កន្លែងនោះមាន៖
- ទី១ រមណីយដ្ឋានអង្គរបុរី
រមណីយដ្ឋានអង្គបុរី ស្ថិតនៅក្នុងខេត្តតាកែវ។ រមណីយដ្ឋាននេះ មានប្រាសាទភ្នំដា អាស្រមតាឥសី និងមានកំពែងក្រុងជាដើម។ តំបន់នេះត្រូវបានចាក់ទុកជាសម័យកាលដំបូង នៃប្រវត្តិសាស្រ្តខ្មែរ ក្នុងសម័យហ្វូណន។
- ទី២ តំបន់ប្រាសាទបន្ទាយឆ្មា
តំបន់ប្រាសាទបន្ទាយឆ្មា ស្ថិតក្នុងខេត្តបន្ទាយមានជ័យ។ ប្រាសាទបន្ទាយឆ្មា ត្រូវបានឧទ្ទិសថ្វាយដល់បុត្ររបស់ព្រះមហាក្សត្រ ព្រះបាទជ័យវរ្ម័នទី៧ ដែលបានសោយទិវង្គត ក្នុងការច្បាំងជាមួយនគរចម្ប៉ា។ សមរភូមិរវាងខ្មែរ ចាមត្រូវបានពណ៌នាដោយចម្លាក់លាន។
- ទី៣ តំបន់ប្រាសាទបាកាន
តំបន់ប្រាសាទបាកាន អតីតព្រះខណ្ឌកំពង់ស្វាយ ស្ថិតនៅខេត្តព្រះវិហារ។ ប្រាសាទបាកាន មានក្បូរក្បាច់រចនា ប្រហាក់ប្រហែលនឹងប្រាសាទអង្គរវត្តដែរ ដែលបានកសាងមុនពេលលើករាជធានីទៅអង្គរវត្ត។ ប្រាសាទបាកានមានឈ្មោះដើម ហៅថា ប្រាសាទជ័យស្រីកសាង ដោយព្រះបាទសុរិយវរ្ម័នទី ១(គស១០០២-១០៥០)។
- ទី៤ តំបន់ប្រាសាទបេងមាលា ឬបឹងមាលា
តំបន់ប្រាសាទបេងមាលា មានទីតាំងស្ថិតនៅភូមិបេងមាលា ឃុំបេងមាលា ស្រុកស្វាយលើខាងជើង ភ្នំគូលែន ខាងកើតក្រុងសៀមរាប។ ប្រាសាទនេះមានលក្ខណៈ ស្រដៀង នឹងប្រាសាទ អង្គរវត្ត និង ត្រូវបានស្ថាបនាឡើង ដោយព្រះបាទសូរ្យវរ្ម័នទី ២ នាចុងសតវត្សរ៍ទី ១១ និងដើមទសវត្សរ៍ទី ១២ លើផ្ទៃដីទំហំ១៤ ហិកតា ដើម្បីឧទ្ទិសថ្វាយដល់ព្រះអាទិទេព ក្នុងព្រហ្មញសាសនា និកាយវិស្ណុនិយម។
- ទី៥ រមណីយដ្ឋានប្រវត្តិសាស្រ្តឧដុង្គ
រមណីយដ្ឋានប្រវត្តិសាស្រ្តឧដុង្គ រមណីយដ្ឋានក្នុងឃុំផ្សារដែក និងឃុំភ្នំបាត ស្រុកពញាឮ។ ភ្នំនេះមានឈ្មោះបីគឺ ភ្នំឧត្តុង្គ ភ្នំព្រះរាជទ្រព្យ និងភ្នំអដ្ឋរស្ស។ ឧត្តុង្គជាខ្សែភ្នំមួយ ដែលលាតសន្ធឹងពីជើងទៅត្បូងប្រវែង១ ៥០០ ម៉ែត្រ និងទទឹង ៧០០ ម៉ែត្រ។ ភ្នំអដ្ឋរស្សនេះមានកំពូល ៥ គឺកំពូលចេតីយ៍ ទន្ទឹមនឹងកំពូលត្រៃត្រឹង្គកំពូលភ្នំចេតីយ៍កំពូលបួន ព្រះអង្គចូលបរិនិព្វាន្ត និងកំពូលភ្នំអរិយកាប្បស។ ភ្នំនេះមានរាងដូចជាសត្វនាគ។ នៅលើកំពូលភ្នំមានចេតីយ៍របស់អតីតព្រះមហាក្សត្ររួមមាន ព្រះបាទអង្គឌួង និងព្រះមុនីវង្សជាដើម។ ចេតីយ៍មួយទៀត នៅខាងចុងនៃកំពូលដែលទើបតែបញ្ចប់ចុងឆ្នាំ ២០០២ គឺដាក់តម្កល់ សិរឹកធាតុនៃព្រះម្មាសម្ពុទ្ធ។
- ទី៦ រមណីយដ្ឋានបន្ទាយព្រៃនគរ
រមណីយដ្ឋានបន្ទាយព្រៃនគរ ឬរមណីយដ្ឋានហ្លួងព្រះស្ដេចកន មានទីតាំងស្ថិតនៅភូមិបន្ទាយព្រៃនគរ ឬ ភូមិអង្គរក្នុង ឃុំដូនតី ស្រុកពញាក្រែក ខេត្ដត្បូងឃ្មុំ។ រមណីយដ្ឋានប្រាសាទបន្ទាយព្រៃនគរ មានកំពែងព័ទ្ធជុំវិញរាងការ៉េ ប្រវែង ២ ៥០០ម៉ែត្រ ក្នុងមួយជ្រុងៗ។ កំពែងនេះសង់ឡើង ដោយដីល្បាប់ខ្សាច់់ មានកំពស់ ៥ ម៉ែត្រទៅ ៧ ម៉ែត្រ ទទឹង ២០ ម៉ែត្រទៅ ២៥ម៉ែត្រ តែត្រូវបាក់ស្រុតមួយភាគធំ។ នៅលើខ្នងទំនប់ និងសងខាងទំនប់ មានដាំឬស្សីយ៉ាងក្រាស់។
- ទី ៧ រមណីយដ្ឋានភ្នំគូលែន
រមណីយដ្ឋានភ្នំគូលែន មានបណ្តោយប្រមាណជា ២៥ គីឡូម៉ែត្រ ហើយនៅស្ថិតចម្ងាយប្រមាណជា ៣៤ គីឡូម៉ែត្រ ទិសឦសាន នៃទីក្រុងសៀមរាបអង្គរសព្វថ្ងៃ គឺជាទីតាំងស័ក្តិសិទ្ធបំផុតមួយ។ គ្រប់យុគសម័យប្រជានុរាស្ត្រខ្មែរ រមែងតែងតែអញ្ជើញទៅធ្វើធម្មយាត្រា ឬបន់ស្រន់ ដើម្បីសេចក្តីសុខសេចក្តីចំរើន។ ការស្រាវជ្រាវខាងវិស័យមនោគមន៍វិជ្ជា សាសនាខ្មែរបុរាណ បានឲ្យដឹងថា លក្ខណៈសំខាន់ នៃភ្នំគូលែនដែលជាប្រភពនៃអូរមួយចំនួន និងស្ទឹងសៀមរាប គឺស្ថិតនៅលើផ្នែកនិមិត្តរូបភាព។ ទឹកដែលហូរចេញពីជ្រលងភ្នំ ជាពិសេសចេញពីអន្លង់ផ្កាយនៅលើខ្នងភ្នំគូលែន ត្រូវហូរចាក់ទៅជ្រោះទឹកធ្លាក់មួយ ដែលជនជាតិខ្មែរចាត់ទុកថា ជាទឹកមន្តដ៏ស័ក្តិសិទ្ធិបំផុត ដោយសារវត្តមានរបស់ចម្លាក់លិង្គ ១ ០០០ និងដោយឡែកចម្លាក់ព្រះនារាយណ៍ផ្ទំនៅក្បែរប្រាសាទក្រោលរមាស ដែលត្រូវបានសាងសង់ឡើង ដោយព្រះបាទជ័យវរ្ម័នទី៧ សម្រាប់ពិធីសាសនា។
- ទី៨ តំបន់ប្រាសាទកោះកេរ្តិ៍
តំបន់ប្រាសាទកោះកេរ្តិ៍មានទីតាំងស្ថិតនៅ ក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលេនខេត្តព្រះវិហារ មានចម្ងាយ ៧២ គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប បើធ្វើដំណើរតាមផ្លូវលេខ ២១១ និងផ្លូវលំចម្ងាយ ៤៩គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ។ កោះកេរ្តិ៍ គឺជារាជធានីចាស់បុរាណ មានអាយុប្រមាណជាង ១ ០០០ ឆ្នាំមកហើយ។ ប្រាសាទនៅតំបន់កោះកេរ្តិ៍ភាគច្រើន ត្រូវបានកសាងឡើង ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ ក្នុងសតវត្សរ៍ទី ១០ (៩២៨-៩៤២)។ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៤ ទ្រង់បានធ្វើការផ្លាស់ប្តូររាជធានីពីយសោធបុរៈ (អង្គរ) ទៅតំបន់កោះកេរ្តិ៍ ។ មូលហេតុនៃការដោះដូររាជធានីនេះ ប្រហែលជាមានច្រើន ប៉ុន្តែគេអាចដឹងត្រឹមថា ទ្រង់ជាស្តេចជ្រែករាជ្យក្មួយប្រុសរបស់ខ្លួន គឺបុត្ររបស់ព្រះបាទយសោវរ្ម័ន។
លោក ប្រាក់ សុណ្ណារ៉ា បានបន្ថែមថា ធម្មតានៅពេលកម្ពុជាគ្រោងដាក់ក្រុមប្រាសាទ ឬក៏សម្បត្តិវប្បធម៌ណា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គណៈកម្មាធិការនឹងមើលឈ្មោះក្នុងបញ្ជីត្រៀមអង្គការយូណេស្កូសិន តើមានឈ្មោះក្នុងបញ្ជីត្រៀម ដែលកម្ពុជាបញ្ជូនទៅដែរឬទេ? ឈ្មោះក្នុងបញ្ជីត្រៀម ត្រូវបញ្ជូនទៅមុនយ៉ាងតិច ៥ ឆ្នាំ។ ចំពោះប្រាសាទ និងរមណីយដ្ឋានប្រវត្តិសាស្រ្តកម្ពុជាចំនួន ៨ កន្លែងខាងលើ គឺបានបញ្ជូនទៅរយៈពេល ១៥ ឆ្នាំកន្លងមកហើយ៕
Subscribe to:
Posts (Atom)