Thursday, July 20, 2017

គ្រោងឆ្អឹងអាយុជាង ៥០០០ ឆ្នាំ នេះហើយដែលបង្ហាញថាមនុស្សសម័យពីមុននិងមនុស្សសម័យនេះខុសប្លែកគ្នាខ្លាំង

កាលពី​ពេល ថ្មី​ៗ​កន្លង​មកសារពត៌មានចិនជាច្រើនបានចុះ​ផ្សាយ​ថា អ្នក​បុរាណវិទ្យា​បាន​ជីក​រក​ឃើញ​គ្រោងឆ្អឹង​មនុស្ស​អាយុកាល​៥.០០០​ឆ្នាំ​មុន មាន​កម្ពស់​ខ្ពស់ និង​រឹង​មាំ​ខុស​ពី​ធម្មតា ស្ថិត​នៅ​ភូមិ​ជៀវ​ជា ខេត្ត​សាន​តុង ភាគ​ខាងកើត​ប្រទេស ។
តាម​ការ​វាស់វែង​ឆ្អឹង​នៅ​ក្នុង​រណ្តៅ​សព​គឺជា​មធ្យម​មាន​កម្ពស់​១,៨០​ម៉ែត្រ ហាក់ដូចជាមនុស្សយក្សដែលធំៗខុសពីសម័យបច្ចុប្បន្នខ្លាំង។ ចំពោះ​ឆ្អឹង​របស់​បុរស​ម្នាក់​មាន​កម្ពស់​ដល់​ទៅ​១,៩០​ម៉ែត្រ​ឯណោះ​ដូច​មនុស្ស​នៅ​លោក​ខាងលិច​ក្នុង​សតវត្ស​ទី​២១ ។ ចាត់​ទុក​ថា​ជា​កម្ពស់​ខុស​ប្រក្រតី​ដោយ​គ្រោងឆ្អឹង​បុរស​រូប​នោះ​ប្រទះ​ឃើញ​ក្នុង​រណ្តៅ​ធំ​ជាងគេ​ទំនង​មានយស​សក្តិ​ខ្ពស់ និង​ទទួលទាន​អាហារ​ល្អ ។

លោក​ហ្វា​ង ហ៊ុយ ប្រធាន​ក្រុម​អ្នក​វិទ្យាសាស្ត្រ និង​វប្បធម៌​នៅ​មហាវិទ្យាល័យ​សាន​តុង បញ្ជាក់​ថា​«​នេះ​គ្រាន់តែ​ជា​ការ​ប្រទះ​ឃើញ​លើ​មូលដ្ឋាន​របស់​គ្រោងឆ្អឹង ប្រសិនបើ​បុរស​រូប​នោះ​នៅ​រស់រាន​មានជីវិត​អាច​មាន​កម្ពស់​ដល់​ទៅ​១,៩០​ម៉ែត្រ​» ។
អ្នកស្រុក​សាន​តុង យល់​ឃើញ​ថា កម្ពស់​របស់​ពួក​គេ​មាន​បុគ្គលិកលក្ខណៈ​តាម​អម្បូរ​នៃ​បុព្វបុរស​អ្នកស្រុក​សាន​តុង ។

ការ​ស្រាវជ្រាវ​នៅ​ឆ្នាំ​២០១៥​ឃើញ​ថា​កម្ពស់​មធ្យម​របស់​បុរស​ចំនួន​១៨​នាក់​កម្ពស់​១,៧៥​ម៉ែត្រ ប្រៀបធៀប​ទៅ​នឹង​កម្ពស់​មធ្យម​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស​១,៧២​ម៉ែត្រ ។
ក្រៅពី​គ្រោងឆ្អឹង​អ្នក​បុរាណវិទ្យា​ជីក​រក​ឃើញ​វត្ថុ​ប្រើប្រាស់​ជា​ច្រើន​ទៀត រួម​មាន​ឆ្នាំង​ពណ៌ និង​ឧបករណ៍​ប្រើប្រាស់ ផ្សេង​ៗ​ធ្វើ​ពី​គជ់ ។
អ្នកឯកទេស​សន្និដ្ឋាន​ថា មនុស្ស​ដែល​រស់នៅ​សាន​តុង កាលពី​៥.០០០​ឆ្នាំ​មុន មាន​ជីវភាព​សម្បូរ​សប្បាយ ព្រោះ​ផ្ទះ​ជា​ច្រើន​ខ្នង​ដែល​ជីក​រក​ឃើញ​បង្កប់​ដោយ​មជ្ឈមណ្ឌល​នយោបាយ វប្បធម៌ និង​សេដ្ឋកិច្ច ៕


ឆ្នេរសមុទ្រដែលជាប់ចំណាត់ថ្នាក់ស្អាតដាច់គេទាំង ២០ នៅលើពិភពលោក ក្នុងនោះកម្ពុជាលេខ ១

កាល​ពី​​ពេល​ថ្មី​ៗ​នេះ គេហទំព័រ​​ទេសចរណ៍​ និង​ជា​ទស្សនាវដ្ដី​​អាមេរិក​​ដ៏ល្បី​​ឈ្មោះ​ National Geographic បាន​ចាត់​ថ្នាក់​ស្វែងរក​​ឆ្នេរ​សមុទ្រ​​ដ៏​ស្រស់​​​ស្អាត​​ជាង​គេ​​បំផុត​ជុំវិញ​ពិភព​លោក​ប្រចាំ​ឆ្នាំ​​២០១៧​ ក្នុង​នោះ​ឆ្នេរ​សមុទ្រ​​កម្ពុជា​​យើង​បាន​​ឈរ​​នៅ​លំដាប់​លេខ​​មួយ​ដាច់​គេ​ក្នុង​​ចំណោម​​​ឆ្នេរ​​ទាំង​​២០​។
ការ​​ចាត់​ថ្នាក់​ជា​ឆ្នេរ​ល្អ​បំផុត​លំដាប់​ពិភព​លោក​នេះ​ គឺ​​ប្រភព​ដដែល​បាន​គិត​ទៅ​លើ​ឆ្នេរ​ខ្សាច់​​ដ៏​សក្បុស​ ​ទឹក​ថ្លា​ដូច​គ្រីស្តាល់ ​មាន​​រលក​ស្ងប់​ស្ងាត់​​គួរ​ឲ្យ​ចង់​គយ​គន់។
​ឆ្នេរ​​មាន​លក្ខណៈ​សម្បត្តិ​​ដូច​រៀប​រាប់​ខាង​លើ​ស្ថិត​នៅ​​កំពូល​គេ​ ត្រូវ​​គេ​ប្រសិទ្ធិនាម​​​ថា​ «Lazy Beach» ​និង​កំពុង​​ស្ថិត​​នៅ​​ប្រទេស​កម្ពុជា ​​គឺ​ឆ្នេរ​កោះរុង ក្នុង​ខេត្ត​ព្រះសីហនុ។ ​ក្នុង​ចំណាត់​ថ្នាក់​ឆ្នេរ​ទាំង​​២០​ មានបង្ហាញនៅខាងក្រោម៖
១. ឆ្នេរ​កោះរុង​ ប្រទេស​កម្ពុជា
២. ឆ្នេរ​ Playa del Amor ​លើ​កោះ​ Marietas ប្រទេស​ម៉ិកស៊ីកូ​
៣. ឆ្នេរ​ Shell ​ប្រទេស​អូស្ត្រាលី
៤. ឆ្នេរ Noordwik ប្រទេស​ហូឡង់
៥. ឆ្នេរ​ Reynisfjara ប្រទេស​អ៊ីស្លង់
៦.​ ឆ្នេរ Cas Abao ​នៅ​កោះ​ Caribbean ​ដែន​ដី​ការ៉ាបៀន
៨. ឆ្នេរ Cathedrals នៃ​កោះ​ Ribadeo ប្រទេស​អេស្ប៉ាញ
៩. ឆ្នេរ  Anse Source d’Argent in La Digue សាធារណរដ្ឋ​ Seychelles


៩. ឆ្នេរ  Anse Source d’Argent in La Digue សាធារណរដ្ឋ​ Seychelles

១០. ឆ្នេរ​ One Foot នៃ​កោះ​ Cook Islands ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក
១១. ឆ្នេរ One Foot នៅ Aitutaki មានឆ្នេរសស្អាត និងទឹកអាចមើលឃើញត្រីច្បាស់

១២. ឆ្នេរ Bowman  នៅ Florida

១៣. ឆ្នេរ Lyme Regis នៅក្នុងប្រទេសអង់គ្លេស

១៤. ឆ្នេរ Cannon នៅ Oregon

១៥. ឆ្នេរ Carmel នៅ កាលីហ្វញ៉ា


១៦. ឆ្នេរ Papakolea នៅ ហាវៃ

១៧. ឆ្នេរ The South Water Caye Reserve នៅ Belize


១៨. ឆ្នេរ The Colourful Parrot Fish នៅកោះ Water

១៩. ឆ្នេរ Sunset នៅកោះ Brunswick ក្នុង ខាងត្បូងប្រទេស Carolina

២០. ឆ្នេរ Pink នៅកោះ Great Santa Cruz ក្នុងប្រទេស ហ្វីលីពីន 

ប្រភព៖ Daily Mail 

Sunday, July 16, 2017

ប្រវត្តិ​បង្ហាញថា​វត្ត​ខាងជើង​និង​ត្បូង​នៅ​អង្គរ​មុន​ការអភិរក្ស​គឺ​សង់​នៅជាប់​ក្តារបែន​

​សៀមរាប​៖ មាន​ភស្តុតាង​ជាច្រើន​ដែល​បញ្ជាក់ថា ប្រាសាទអង្គរវត្ត​គឺជា​មជ្ឈមណ្ឌល​សាសនា ដ៏​ធំ​នា​សម័យបុរាណ និង​ត​មិន​ដាច់​រហូតដល់​បច្ចុប្បន្ន​។ ទោះបីជា​រាជធានី​អង្គរ ត្រូវបាន​ផ្លាស់ប្តូរ​ចេញពី​តំបន់​អង្គរ​ក៏ពិតមែន តែ​ភស្តុ​ង​តាង​ជាច្រើន​បាន​បញ្ជាក់ថា អង្គរ​នៅតែមាន​មនុស្ស​រស់នៅ​មិន​ដាច់ ហើយ​បាន​ក្លាយជា​មណ្ឌល​សាសនា​ដ៏​ធំ និង​ទាក់ទាញ​មនុស្ស​ជាច្រើន ធ្វើ​ធម្ម​យាត្រា​ចូលមក​គោរពបូជា​ជា​ហូរហែ​គ្រប់​សម័យកាល​ដែលមាន​វត្តមាន វត្ត​អារាម ដែល​សង់​នៅជាប់​នឹង​ក្តារបែន​ជា​សា​ក្ខី​ភាព​ស្រាប់ លុះ​ក្រោយមក​ត្រូវ​អ្នក​អភិរក្ស​ដ្ឋា​ន​សុំ​រើចេញ​ពី​ពី​សងខាង​ក្តារបែន (​ខឿន​ខ្ព​ស់រាង​សញ្ញា​ជើងក្អែក​នៅមុខ​ខាងលិច​) យកទៅ​កសាង​នៅ​ផ្នែក​ខាងត្បូង និង​ខាងជើង​នៃ​ប្រាសាទអង្គរវត្ត​។ ភស្តុតាង​នេះហើយ ដែល​បញ្ជាក់ ថា អង្គរ​ក្លាយជា​កន្លែង​សាសន​ដ្ឋា​ន មាន​មនុស្ស​រស់នៅ​ជាប់​រហូត​មិន​ដាច់​។


​វត្តមាន វត្ត​អារាម​នៅក្នុង​បរិវេណ​អង្គរតូច ឬ​អង្គរវត្ត (​វត្ត​ឥន្ទបត្ត​បុរី​ខាងត្បូង ឬ​ហៅ​វត្ត​អង្គរ​ខាងត្បូង និង​វត្ត​ឥន្ទបត្ត​បុរី​ខាងជើង ឬ​ហៅ​វត្ត​អង្គរ​ខាងជើង​) ប្រហែល​ជាមាន​តាំងពី​ក្រោយពេល ដែល​អង្គរ​ត្រូវគេ​បោះបង់ចោល​ក្នុងនាម​ជា​រាជធានី​របស់​ប្រទេស​នា​ស​.​វ​ទី​១៥​មក​ម្លេះ​។ បើ យោងតាម​ភស្តុតាង​នៅតាម​សិលាចារឹក​ចាប់តាំងពី​ស​.​វ​.​ទី​១៦ បង្ហាញថា​មាន​វត្ត​មាននៃ​ព្រះ​មាតា​របស់​ព្រះបាទ​ស​ត្ថា ដែល​យក​រាជបុត្រ​មក​បំបួស ព្រមទាំង​មាន​ក្រុម​ជនជាតិ​ផ្សេងគ្នា ដែល​ធ្វើដំណើរ​ធម្ម​យាត្រា​មក​អង្គរ​។ ត្រង់ចំណុច​នេះហើយ ដែល​បញ្ជាក់​យ៉ាង ច្បាស់​ថា អង្គរ គឺជា​មណ្ឌល​សាសនា​ដ៏​ធំ​នៅក្នុង​តំបន់​។ នេះ​បើតាម​ការពន្យល់​របស់​លោក ខៀវ ច័​ន្ធ អ្នក​បុរាណ​វិទូ​។​


លោក​បន្ថែមថា​៖«...​ជាពិសេស​នៅ​សតវត្សរ៍​ទី​១៦ ព្រះបាទ អង្គ​ចាន់​រាជា បានមក​អង្គរ ធ្វើការ​ជួសជុល​ព្រះ​បរម​វិ​ណ្ណុ​លោក​(​អង្គរវត្ត​) និង​ឲ្យ​ជាង​របស់​រាជវាំង​ឆ្លាក់​បង្ហើយ​រូបចម្លាក់​នៅ​ជ្រុង​ឦសាន ព្រមទាំង សិលាចារឹក​ធំជាងគេ មាន​លេខ​សម្គាល់ IMA៣ (​មានន័យថា សិលាចារឹក​សម័យ​ទំនើប​នៅ​អង្គរ មិនមែន​សម័យថ្មី​ឥលូវ​នេះ​ទេ គឺ​សម័យ​ក្រោយ​អង្គរ សតវត្សរ៍​ទី​១៦ និយាយ​ពី​ព្រះ​មាតា​របស់​ព្រះបាទ​សេ​ត្ថា នាំ​រាជបុត្រ​ពី​លង្វែក​មក​បំបួស​នៅ​អង្គរ​។ ចឹ​ង​មានន័យថា ពេល​ហ្នឹង (​សតវត្សរ៍​ទី​១៦​ហ្នឹង​) អង្គរ​ហ្នឹង​ក្លាយទៅជា​វត្ត​ហើយ​...»​។​

​ក្នុងន័យ​នេះដែរ លោក ខៀវ ច័ន្ទ បាន​បញ្ជាក់ថា អង្គរ​បាន​បោះបង់ចោល​ក្នុងឋានៈ​ជា​រាជធានី​ក៏ពិតមែន តែ​ក៏បាន​ក្លាយខ្លួនជា​មណ្ឌល​នៃ​សាសនា ដូច​ទឹកដី​នៃ​ព្រះ​យ៉ាង​ដូច្នោះ​ដែរ គឺ​គ្រប់​ជាតិ​សាសន៍ បានធ្វើ​ដំណើរ​មក​អង្គរ ដើម្បី​មក​គោរព និង​បូជា​ព្រះ​។ ភស្តុតាង​ជាច្រើន ដែល​បញ្ជាក់​រឿងនេះ គឺ​តាមរយៈ​សិលាចារឹក​ជាច្រើន មានដូចជា​សិលាចារឹក​ភាសា​អារ៉ាប់ ភូមា  ជប៉ុន ជាដើម ដែល បង្ហាញថា ជាតិ​សាសន៍​ទាំងនោះ ធ្វើដំណើរ​មក​អង្គរ ក្នុង​បំណង​ដើម្បី​គោរពបូជា​ព្រះ​នៅ​អង្គរ​។​


ដោយសារ​ភស្តុតាង​ខាងដើម​នេះហើយ ធ្វើ​ឲ្យ​ឯកសារ​ស្រាវជ្រាវ​របស់​អ្នក​ធម្មជាតិវិទ្យា​បារាំង​ម្នាក់ គឺ​លោក ហង់​រី មូ​ហូ​ត៍ (Henri Muohot) ត្រូវបាន​គេ​ទាត់ចោល​។ លោក មូ​ហូ​ត៍ បានមក​ដល់ អង្គរ​នៅ​ឆ្នាំ ១៨៦០ និង​សរសេរថា អង្គរ​ត្រូវគេ​បោះបង់ចោល​ក្នុងព្រៃ​។ លោក ខៀវ ច័​ន្ធ បន្តថា យ៉ាងណា យោងតាម​ឯកសារ​មួយទៀត គឺ​៦​ឆ្នាំ​ក្រោយមក នៅ​ឆ្នាំ​១៨៦៦ មាន​ជនជាតិ​Scottish ម្នាក់ទៀត​បានមក​ដល់​អង្គ​រដែរ គឺ​លោក ច​ន ថម​សុន (John Thomson) ដែលជា​អ្នក​ថតរូប​។ តាមរយៈ​រូបថត​របស់លោក បាន​បង្ហាញថា អង្គរ​មិនមែន​ត្រូវគេ​បោះបង់​នោះទេ គឺមាន​មនុស្ស​រស់នៅ មានផ្ទះ មាន​ព្រះសង្ឃ ដែល​ផ្ទុយ​ពី​ការអះអាង​របស់លោក មូ​ហូ​ត៍​។​


ទាក់ទង​នឹង​វត្ត​អារាម ដែល​នៅជាប់​ក្ដារបែន តាម​កំណត់ត្រា​របស់​សាលា​បារាំង​ចុង​បូព៌ា ដែលជា​អ្នកបង្កើត​អភិរក្ស​អង្គរ​ដំបូង​គេ​នៅ​ឆ្នាំ​១៩០៧ និង​យោងតាម​កំណត់ត្រា​របស់លោក ហ្ស​ង់ កូ​ម៉ៃ ដែលជា​អ​ភ​រិ​ក្ស​ដ្ឋា​ន​អង្គរ​មុនគេ​បង្អស់ បាន​បញ្ជាក់ថា នៅ​ឆ្នាំ​១៩១០ វត្ត​ទាំងនោះ ត្រូវបាន​រើចេញ​ពី​ក្ដារ ដោយ​យកទៅដាក់​នៅ​ទីតាំង​សព្វថ្ងៃ​។ នៅ​ឆ្នាំ​១៩៥៣ សម័យ​ឯករាជ្យ ទោះ​បារាំង​ដកសិទ្ធិ​រដ្ឋបាល​គ្រប់គ្រង​ពី​ប្រទេស​កម្ពុជា​ក៏ពិតមែន តែ​ការងារ​អភិរក្ស​អង្គរ ខ្មែរ​នៅតែ​ពឹង​លើ​រាជការ​បារាំង និង​បន្ត​រហូត​សម័យ​សង្គ្រាម​ឆ្នាំ​១៩៧៥។



Friday, July 14, 2017

២ កន្លែង​នៅកម្ពុជាទេស​ភាព​ស្អាតបំផុត មិន​ចាញ់​បរទេស​ តែមិនទាន់អភិវឌ្ឍជាតំបន់ទេសចរណ៍

សម្រស់​ធម្មជាតិ​ពីរ​កន្លែង​នៅ​កម្ពុជា នៅ​មិន​ទាន់​បាន​អភិវឌ្ឍ​ជា​តំបន់​ទេសចរណ៍​នៅ​ឡើយ ប៉ុន្តែ​ត្រូវ​បាន​ប្រជាជន​ឧស្សាហ៍​ទៅ​លេង​កម្សាន្ត​ទីនោះ ដើម្បី​ផ្ដិត​យក​ទេសភាព​ដ៏​ល្អ​ឯក​ដូច​រូប​គំនូរ និង​ស្រូប​យក​ខ្យល់​អាកាស​ដ៏​បរិសុទ្ធ​នៅ​ទី​នោះ​។ ​ខាង​ក្រោម​នេះ​ជា​តំបន់​ធម្មជាតិ​ពីរ​កន្លែង​ទេស​ភាព​ស្អាត​បំផុត​ កម្រ​មាន​អ្នក​ទៅដល់​៖
១.ដី​ច្រោះ​នៅ​ឧត្ដរមានជ័យ​ទេសភាព​ដូច​ផ្ទាំង​គំនូរ

មើល​មួយ​ភ្លែត​ស្មាន​តែ​​នៅ​ស្រុក​គេ តាម​ពិត​មិន​មែន​ទេ​ទេសភាព​ដ៏​ស្រស់​ស្អាត​នេះ គឺ​​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ ភូមិខ្នាច​ឬស្សី​ សង្កាត់​បន្សាយរាក់​ ក្រុង​សំរោង​ ខេត្ត​ឧត្តរមានជ័យ​។ ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត​ប្រៀប​ដូច​រូប​គំនូរ​នេះ គឺ​ជា​សម្រស់​ធម្មជាតិ​ពិត​ៗ​ នៃ​​ភ្នំ​ពស់​រលួស​ធំ​ ដែល​ជា​ទី​តាំង​ធម្មជាតិ​មួយ​ នៅ​តាម​ខ្សែ​ក្រវាត់​ នៃ​បន្ទាត់​ព្រំដែន​ក្នុង​​ខេត្ត​ឧត្តរមានជ័យ​ ដែល​មាន​​ដី​ច្រោះ​បង្កើត​បាន​ជា​ទស្សនីយភាព​ដ៏​អស្ចារ្យ​មិន​នឹក​ស្មាន​ដល់​។

 ​សម្រស់​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​នេះ​ បាន​លាក់​ខ្លួន​ពួន​អាត្មា​ ជា​យូរ​លង់​ណាស់​មក​ហើយ ប៉ុន្តែ​មិន​សូវ​មាន​អ្នក​ណា​ទៅ​ដល់​ទីតាំង​ដ៏​អស្ចារ្យ​នេះ​ទេ​។




២. ពើង​តានន់​ផ្ទាំង​សិលា​ដូច​ប្រាសាទ​បុរាណ​នៅ​សៀមរាប

​ផ្ទាំង​សិលា​ធំៗ ជា​ច្រើន​បង្គរ​បណ្ដាក់​លើ​គ្នា​ជា​ច្រើន​រាប់​មិន​អស់ រួម​នឹង​ទេសភាព​ដ៏​ស្រស់​ត្រកាល​​ប្រៀប​ដូច​សម្រស់​ក្រមុំ​ព្រហ្មចារី ​អម​ដោយ រុក្ខជាតិ​ខៀវ​ខ្ចី កំពុង​រីក​លូត​លាស់ បញ្ចេញ​សម្រស់​ផ្កា​ធម្មជាតិ និង ខ្យល់​អាកាស​បរិសុទ្ធ ធ្វើ​ឱ្យ​ពើង​តានន់​ ដែល​មិន​សូវ​មាន​អ្នក​ស្គាល់ ប្រៀប​ដូច​ឋានសួគ៌​​លើ​ដី​អ៊ីចឹង​។


តំបន់​ទេសចរ​ដ៏​ប្រណិត​នេះ​ មាន​ទីតាំង ស្ថិតនៅ ភូមិ គោកដូង ស្រុក​អង្គរជុំ ខេត្ត​សៀមរាប ចម្ងាយ​ប្រមាណ​តែ ៨៥​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ទី​រួម​ខេត្ត​សៀមរាប​។ ​ ​កាល​ពី​មុន​ទីតាំង​ខាង​លើ​ពិបាក​ធ្វើ​ដំណើរ​ដោយសារ​ផ្លូវ​ធ្វើ​មិន​ទាន់​រួច ប៉ុន្តែ​បច្ចុប្បន្ន​ការ​ធ្វើ​ដំណើរ​មាន​ភាព​ងាយស្រួល មិន​ពិបាក​ទៀត​ទេ​។ ក្រៅ​ពី​មាន​ដំ​ថ្ម​ជា​ច្រើន​ត្រួត​លើ​គ្នា​ជា​ច្រើន​ហើយ​ខ្ពស់ បញ្ចេញ​រូបរាង​ដូច​នឹង​ប្រាសាទ​បុរាណ​ហើយ​នោះ ​នៅ​ទី​នោះ​មាន​អាស្រម​របស់​ព្រះសង្ឃ​ដែល​គង់​នៅ​លើ​ភ្នំ ​មើល​ថែ​រក្សា​កន្លែង​ដ៏​ស្ងប់ស្ងាត់​នោះ​ទៀត​ផង​៕ ​ ​​






ដោយ៖ ច័ន្ទឬទ្ធិ



រមណីយដ្ឋាន​ប្រវត្តិសាស្រ្ត​ខ្មែ​រ​៨នេះ ​ស្ថិតក្នុងបញ្ជីត្រៀម​ដាក់​ចូលជាសម្បត្តិ​បេតិកភណ្ឌ​ពិភពលោក

ស្រប​ពេល​​ដែល​​​ប្រាសាទសំបូរព្រៃគុក ​​ត្រូវ​​បាន​​​​ដាក់​​បញ្ចូល​​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក កាល​​ពី​​ថ្ងៃ​ទី ៨ ខែ​កក្កដា​​មក​នេះ​ យ៉ាង​ហោច​​មាន​​ប្រាសាទ និង​​រមណីយដ្ឋាន​​ប្រវត្តិ​សាស្រ្ត​​កម្ពុជា​ចំនួន ​​៨ កន្លែងទៀត​ បាន​ស្ថិត​​​ក្នុង​​បញ្ជី​ត្រៀម ​​ដាក់​​បញ្ចូល​​ក្នុង​សម្បត្តិ​បេតិភណ្ឌពិភពលោក​​។ នេះ​​បើ​តាម​​លោក​ ប្រាក់ សុណ្ណារ៉ា អគ្គនាយក​បេតិភណ្ឌ នៃ​​ក្រសួង​វប្បធម៌ និង​​វិចិត្រ​សិល្បៈ។ លោក​បាន​ឱ្យ​​ដឹង​ថា​ តំបន់​ប្រវត្តិ​សាស្រ្ត​ទាំង​ ៨ កន្លែង​នោះ​​មាន៖​
  • ទី១ រមណីយដ្ឋាន​​អង្គរបុរី
រមណីយដ្ឋាន​​អង្គបុរី ស្ថិ​ត​​នៅ​​ក្នុង​ខេត្តតាកែវ។ រមណីយ​ដ្ឋាន​​នេះ​ មាន​​ប្រាសាទ​​ភ្នំដា អាស្រម​តា​ឥសី និង​មានកំពែង​​ក្រុង​​ជាដើម។ តំបន់​នេះ​​ត្រូវ​​បាន​ចាក់ទុក​​​ជា​សម័យ​កាល​​ដំបូង នៃ​​ប្រវត្តិសាស្រ្ត​ខ្មែរ​ ក្នុង​​សម័យ​ហ្វូណន​។


  • ទី២ តំបន់ប្រាសាទ​បន្ទាយឆ្មា
តំបន់​ប្រាសាទ​​បន្ទាយ​​ឆ្មា​ ស្ថិត​ក្នុង​​ខេត្ត​បន្ទាយ​មានជ័យ។​ ប្រាសាទបន្ទាយ​​ឆ្មា ​​ត្រូវ​​បាន​​ឧទ្ទិស​​​ថ្វាយ​​​ដល់​​​បុត្រ​​របស់​​​ព្រះមហាក្សត្រ​ ព្រះ​បាទ​​​ជ័យ​វរ្ម័ន​​​ទី​​​៧ ដែល​​​បា​ន​សោយ​​​ទិវង្គត​ ​ក្នុង​​ការ​​ច្បាំង​​ជា​មួយ​​​នគរ​ច​ម្ប៉ា​​។ សម​រ​ភូមិ​​​រវាង​​​ខ្មែរ ​ចាម​​​ត្រូ​វ​​បាន​​​ពណ៌នា​​ដោយ​​ចម្លាក់​​លាន​​។




  • ទី​៣ តំបន់ប្រាសាទ​បាកាន​
តំបន់​ប្រាសាទ​​បាកាន​ អតីត​​ព្រះខណ្ឌ​​កំពង់​ស្វាយ ស្ថិត​នៅខេត្តព្រះវិហារ។ ប្រាសាទ​​បាកាន​ ​​​មាន​​ក្បូរ​​​ក្បាច់​​រចនា​ ​ប្រហាក់​​​ប្រហែល​​​នឹង​​​ប្រាសាទ​​​អង្គរ​វត្ត​​​ដែរ ​​ដែល​​​បាន​​កសាង​​​​មុ​ន​​ពេល​​​លើក​​​រាជ​​ធានី​​​ទៅ​​​អង្គរ​វត្ត​​។ ​ប្រាសាទ​​​បាកាន​​​​មាន​​​ឈ្មោះ​​ដើម ​​ហៅ​​ថា​ ​ប្រាសាទ​​ជ័យ​​​ស្រី​​​កសាង ​ដោយ​​​ព្រះ​បាទ​​​សុរិយវរ្ម័ន​ទី ១​(គស​​១០០២​-១​០៥០​)។



  • ទី៤ តំបន់​​​ប្រាសាទ​​បេង​មាលា​ ឬ​បឹងមាលា​
តំបន់​​​​ប្រាសាទ​​​បេង​មាលា មាន​​ទី​តាំង​​ស្ថិត​នៅ​​ភូមិ​បេ​ង​មាលា ​ឃុំ​បេង​មាលា ​ស្រុក​ស្វា​យ​​លើ​​ខាង​​ជើង ​ភ្នំ​​គូ​លែន​ ​ខាង​​កើត​​ក្រុង​​សៀម​រាប​។ ​ប្រាសាទនេះ​​មាន​​លក្ខណៈ ​ស្រដៀង ​នឹង​​ប្រាសាទ ​អង្គរ​វត្ត ​និង​ ​ត្រូវ​​បាន​ស្ថាបនា​​ឡើង ​ដោយ​​ព្រះ​បាទ​​សូរ្យវរ្ម័នទី ​២ ​នា​​ចុង​​សតវត្សរ៍​ទី​ ​១១ ​និង​​ដើ​ម​​ទសវត្សរ៍​ទី ​១២ ​លើ​​ផ្ទៃ​ដី​​​ទំហំ​​១៤ ​ហិក​តា​ ដើម្បី​​ឧទ្ទិស​​ថ្វាយ​​ដល់​ព្រះអាទិ​ទេព ក្នុង​​ព្រហ្មញ​​សាស​នា​ ​និកាយ​វិស្ណុ​​និយម។



  • ទី​៥​ រមណីយ​ដ្ឋាន​​​ប្រវត្តិ​សាស្រ្ត​ឧដុង្គ
រមណីយ​ដ្ឋាន​​​ប្រវត្តិ​សាស្រ្ត​​ឧដុង្គ​​ រមណីយដ្ឋាន​​​ក្នុង​​ឃុំ​ផ្សារ​ដែក ​និង​​ឃុំ​​ភ្នំ​បា​ត​ ​ស្រុក​​ពញា​ឮ​។ ​ភ្នំ​នេះ​​មាន​​ឈ្មោះ​បី​​គឺ​ ភ្នំ​ឧត្តុង្គ ​ភ្នំ​​ព្រះ​រាជ​ទ្រព្យ ​និង​​​ភ្នំ​អដ្ឋរស្ស​។ ​ឧត្តុង្គ​ជា​​​ខ្សែ​ភ្នំ​មួយ​ ​ដែល​​លាត​​សន្ធឹង​​ពី​​ជើង​​​ទៅ​​ត្បូ​​ង​​ប្រវែង​១ ៥០០ ​ម៉ែត្រ ​និង​​ទទឹង ​៧០០ ​ម៉ែត្រ​។ ​ភ្នំ​អដ្ឋរ​ស្ស​​នេះ​​មា​ន​​កំពូល ​៥ ​គឺ​កំពូល​​ចេតីយ៍ ​ទន្ទឹម​​នឹង​​កំពូល​​ត្រៃ​ត្រឹង្គ​កំពូល​​ភ្នំ​ចេតីយ៍​កំពូល​​បួន ​ព្រះ​អង្គ​​ចូល​​​បរិ​និព្វាន្ត និង​​កំពូល​ភ្នំ​អ​រិយ​កា​ប្បស​។​ ​ភ្នំ​នេះ​​មាន​​រាង​​ដូច​ជា​​សត្វនាគ​។ ​នៅ​​លើ​កំពូល​​ភ្នំ​​មា​ន​ចេតីយ៍​​របស់​អតីត​​ព្រះ​​មហាក្ស​​ត្រ​​រួម​មាន​​ ព្រះ​បាទ​អង្គ​ឌួង  ​និង​​ព្រះ​មុនីវង្ស​​ជាដើម​។​ ​ចេតីយ៍​មួយ​ទៀត​​​ នៅ​​​​ខាង​​ចុង​នៃ​​កំពូល​​ដែល​​ទើប​​តែ​បញ្ចប់​​ចុង​ឆ្នាំ ​២០០២​ ​គឺ​ដាក់​​តម្កល់ ​សិរឹក​​ធាតុ​​នៃ​ព្រះម្មាសម្ពុទ្ធ​។ ​




  • ទី​៦ រមណីយដ្ឋាន​​បន្ទាយ​ព្រៃនគរ
រមណីយដ្ឋាន​​​បន្ទាយ​​ព្រៃនគរ ឬ​រមណីយ​ដ្ឋាន​​ហ្លួង​​ព្រះ​ស្ដេច​កន ​មាន​​ទីតាំង​​​​ស្ថិត​​នៅ​​​ភូមិ​​​បន្ទាយ​​ព្រៃន​គរ​ ឬ ភូមិ​អង្គរក្នុង ឃុំ​ដូនតី ស្រុក​ពញាក្រែក ខេត្ដ​​ត្បូង​​ឃ្មុំ។ ​រមណីយ​ដ្ឋាន​ប្រាសាទ​បន្ទាយ​​ព្រៃ​នគរ មាន​កំពែង​ព័ទ្ធ​ជុំវិញ​រាង​ការ៉េ ​ប្រវែង​ ​២ ៥០០​ម៉ែត្រ​ ក្នុង​​មួយ​ជ្រុង​ៗ​។ កំពែង​នេះ​​សង់​​ឡើង ​ដោយ​​ដី​ល្បាប់​​ខ្សាច់់​ ​មាន​​កំពស់ ​៥ ម៉ែត្រទៅ​ ​៧ ម៉ែត្រ​​ ទទឹង ២០ ម៉ែត្រ​ទៅ ២៥ម៉ែត្រ តែ​​ត្រូវ​​បាក់​​ស្រុត​​មួយ​​​ភាគ​​ធំ​។ ​នៅ​​លើ​​ខ្នង​​ទំនប់​ ​និង​​ស​ង​ខាង​​ទំនប់​ ​មាន​​ដាំ​​ឬស្សី​យ៉ាង​ក្រាស់​។



  • ទី​ ៧​ រមណីយដ្ឋាន​​​ភ្នំ​​គូលែន
រមណីយដ្ឋាន​​​​ភ្នំ​​គូលែន មាន​​​បណ្តោយ​​​​​​ប្រមាណ​​ជា ​២៥ ​គីឡូ​ម៉ែត្រ​ ហើយ​​​នៅ​​ស្ថិត​​ចម្ងាយ​​​ប្រមាណ​​​ជា ​៣៤​​ គីឡូម៉ែត្រ​ ទិសឦសាន ​​​នៃ​​ទីក្រុង​​សៀម​រាប​​​អង្គរ​​សព្វ​ថ្ងៃ​ គឺ​​ជា​​​​ទី​តាំង​​​ស័​ក្តិ​​​សិទ្ធ​​បំផុត​​មួយ​​។ ​គ្រប់​​​យុគ​សម័យ​ប្រជា​នុរាស្ត្រ​​ខ្មែរ ​​រមែ​ង​​តែ​ង​​តែ​​​អញ្ជើញ​​​ទៅ​​ធ្វើ​​​ធម្ម​យា​ត្រា ​ឬ​​​​បន់​ស្រន់​ ​​ដើម្បី​​​សេចក្តី​​សុខ​​សេចក្តី​​ចំរើន​​។​​ ​ការ​ស្រាវ​ជ្រាវ​​ខា​ង​​​វិស័យ​​​មនោគមន៍​វិជ្ជា​ សាសនា​​ខ្មែរ​​បុរាណ​ បាន​​ឲ្យ​​ដឹ​ង​ថា ​លក្ខណៈ​​សំខាន់ ​​នៃ​​ភ្នំ​​គូលែន​ដែល​​ជា​​​ប្រភព​​នៃ​​​អូរ​​មួយ​​ចំនួន​ ​និង​​​ស្ទឹង​​​សៀម​​រាប ​គឺ​​​ស្ថិត​​នៅ​​លើ​​ផ្នែក​​​និមិត្ត​​រូ​ប​ភាព​​​។ ​ទឹក​​​ដែល​​​ហូរ​​​ចេញ​​ពី​​ជ្រលង​​ភ្នំ ​ជា​​ពិសេស​​ចេញ​​ពី​​អន្លង់​​ផ្កាយ​​​នៅ​​លើ​​ខ្នង​​ភ្នំ​​គូលែន​ ​ត្រូវ​​​ហូរ​​​ចាក់​​​ទៅ​​​ជ្រោះ​​​ទឹ​ក​ធ្លាក់​​​មួយ​ ​ដែល​​​ជ​ន​ជាតិ​​ខ្មែរ​​​ចាត់​​ទុក​​ថា ​ជា​​ទឹ​ក​មន្ត​​​ដ៏​​ស័​ក្តិសិទ្ធិ​​​បំផុត​ ​ដោយ​សារ​​វត្ត​មាន​​​របស់​​​ចម្លាក់​​​លិង្គ ​១ ០០០​ ​និង​​​ដោយ​​ឡែក​​​ចម្លាក់​​​ព្រះ​​នារាយណ៍​​​ផ្ទំ​​​នៅ​ក្បែរ​​​ប្រាសាទ​​​ក្រោល​​​រមាស​ ដែល​​ត្រូវ​​បាន​​សា​ង​ស​ង់​​ឡើង​​​ ដោយ​​ព្រះបាទ​​ជ័យ​វរ្ម័ន​​​ទី​​៧ ​សម្រាប់​​​ពិ​ធី​​​សាសនា​។​





  • ទី៨ តំបន់​​​​​ប្រាសាទ​​​កោះ​កេរ្តិ៍​
តំបន់​​​​​ប្រាសាទ​​​កោះ​កេរ្តិ៍​មាន​​ទីតាំង​​ស្ថិត​នៅ ​ក្នុង​​ភូមិ​​ស្រយ៉ង់​​ជើង​​ ឃុំ​ស្រយ៉ង់​ ​ស្រុក​គូលេន​​ខេត្ត​ព្រះវិហារ​ ​​មាន​ចម្ងាយ ​៧២​ គីឡូម៉ែត្រ​ ពី​​ទី​​រួម​ខេត្ត​សៀម​រាប​ ​បើ​​ធ្វើ​ដំណើរ​​តាម​​ផ្លូវ​លេខ​ ២១១​ ​និង​​ផ្លូវ​​លំចម្ងាយ ​៤៩​គីឡូ​ម៉ែត្រ​​ ពី​ទី​រួម​ខេត្ត​ព្រះវិហារ​។ ​កោះ​កេ​រ្តិ៍ ​គឺ​​ជា​​រាជធានី​ចាស់​​បុរាណ ​មាន​​អាយុ​ប្​រមាណ​​ជាង​ ១ ០០០ ​ឆ្នាំ​មក​ហើយ។ ​ប្រាសាទ​​នៅ​​តំបន់​កោះ​កេរ្តិ៍​​ភាគ​ច្រើន ​ត្រូវ​បាន​​កសាង​​ឡើង​ ក្នុង​​រជ្ជកាល​​ព្រះ​បាទ​​ជ័យ​វរ្ម័ន​​ទី​៤ ​ក្នុង​សតវត្សរ៍​ទី​ ១០ ​(៩២៨​-​៩៤២​)​។ ​ក្នុង​​រាជ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៤​ ​ទ្រង់​​បាន​​ធ្វើកា​រ​ផ្លាស់​ប្តូរ​​រាជ​ធានី​ពី​យសោធបុរៈ​ ​(​អង្គ​រ​) ​ទៅ​​តំបន់​​កោះ​កេរ្តិ៍ ​។ ​មូល​ហេតុ​​នៃ​ការ​ដោះ​ដូរ​រាជ​ធានី​​នេះ ​ប្រហែល​ជា​មាន​ច្រើន ​ប៉ុន្តែ​​គេ​អាច​​ដឹង​​ត្រឹម​​ថា​ ទ្រង់​​ជា​ស្តេច​ជ្រែក​​រាជ្យ​​ក្មួយ​​ប្រុស​រ​បស់ខ្លួ​ន ​​គឺបុត្រ​​របស់​​ព្រះបាទ​​យសោវរ្ម័ន​។​



លោក ប្រាក់ សុណ្ណារ៉ា បានបន្ថែម​​ថា ធម្មតា​នៅពេល​កម្ពុជា​​គ្រោង​ដាក់​​ក្រុម​​ប្រាសាទ ឬ​​ក៏សម្បត្តិវប្បធម៌​ណា​ ​ក្នុង​បញ្ជី​​បេតិកភណ្ឌ​​ពិភពលោក ​​គណៈកម្មាធិការ​​នឹង​មើលឈ្មោះ​​ក្នុង​​បញ្ជី​ត្រៀម​​អង្គការ​យូណេស្កូ​សិន​​ តើ​​​មាន​​ឈ្មោះ​​ក្នុង​​បញ្ជី​​ត្រៀម​​ ដែល​​កម្ពុជា​​​បញ្ជូន​​ទៅ​​ដែរ​ឬទេ?​ ឈ្មោះ​​ក្នុង​​បញ្ជី​​ត្រៀម ​​ត្រូវ​​បញ្ជូនទៅ​មុន​​យ៉ាង​​តិច​ ៥ ឆ្នាំ​។ ចំពោះ​​​ប្រាសាទ និង​​រមណីយដ្ឋាន​​ប្រវត្តិ​សាស្រ្ត​កម្ពុជា​ចំនួន ​​៨ កន្លែងខាង​លើ​ ​គឺ​បាន​​បញ្ជូន​ទៅ​​រយៈពេល​ ១៥ ឆ្នាំ​​កន្លង​​​មក​​ហើយ​៕