Thursday, July 20, 2017

គ្រោងឆ្អឹងអាយុជាង ៥០០០ ឆ្នាំ នេះហើយដែលបង្ហាញថាមនុស្សសម័យពីមុននិងមនុស្សសម័យនេះខុសប្លែកគ្នាខ្លាំង

កាលពី​ពេល ថ្មី​ៗ​កន្លង​មកសារពត៌មានចិនជាច្រើនបានចុះ​ផ្សាយ​ថា អ្នក​បុរាណវិទ្យា​បាន​ជីក​រក​ឃើញ​គ្រោងឆ្អឹង​មនុស្ស​អាយុកាល​៥.០០០​ឆ្នាំ​មុន មាន​កម្ពស់​ខ្ពស់ និង​រឹង​មាំ​ខុស​ពី​ធម្មតា ស្ថិត​នៅ​ភូមិ​ជៀវ​ជា ខេត្ត​សាន​តុង ភាគ​ខាងកើត​ប្រទេស ។
តាម​ការ​វាស់វែង​ឆ្អឹង​នៅ​ក្នុង​រណ្តៅ​សព​គឺជា​មធ្យម​មាន​កម្ពស់​១,៨០​ម៉ែត្រ ហាក់ដូចជាមនុស្សយក្សដែលធំៗខុសពីសម័យបច្ចុប្បន្នខ្លាំង។ ចំពោះ​ឆ្អឹង​របស់​បុរស​ម្នាក់​មាន​កម្ពស់​ដល់​ទៅ​១,៩០​ម៉ែត្រ​ឯណោះ​ដូច​មនុស្ស​នៅ​លោក​ខាងលិច​ក្នុង​សតវត្ស​ទី​២១ ។ ចាត់​ទុក​ថា​ជា​កម្ពស់​ខុស​ប្រក្រតី​ដោយ​គ្រោងឆ្អឹង​បុរស​រូប​នោះ​ប្រទះ​ឃើញ​ក្នុង​រណ្តៅ​ធំ​ជាងគេ​ទំនង​មានយស​សក្តិ​ខ្ពស់ និង​ទទួលទាន​អាហារ​ល្អ ។

លោក​ហ្វា​ង ហ៊ុយ ប្រធាន​ក្រុម​អ្នក​វិទ្យាសាស្ត្រ និង​វប្បធម៌​នៅ​មហាវិទ្យាល័យ​សាន​តុង បញ្ជាក់​ថា​«​នេះ​គ្រាន់តែ​ជា​ការ​ប្រទះ​ឃើញ​លើ​មូលដ្ឋាន​របស់​គ្រោងឆ្អឹង ប្រសិនបើ​បុរស​រូប​នោះ​នៅ​រស់រាន​មានជីវិត​អាច​មាន​កម្ពស់​ដល់​ទៅ​១,៩០​ម៉ែត្រ​» ។
អ្នកស្រុក​សាន​តុង យល់​ឃើញ​ថា កម្ពស់​របស់​ពួក​គេ​មាន​បុគ្គលិកលក្ខណៈ​តាម​អម្បូរ​នៃ​បុព្វបុរស​អ្នកស្រុក​សាន​តុង ។

ការ​ស្រាវជ្រាវ​នៅ​ឆ្នាំ​២០១៥​ឃើញ​ថា​កម្ពស់​មធ្យម​របស់​បុរស​ចំនួន​១៨​នាក់​កម្ពស់​១,៧៥​ម៉ែត្រ ប្រៀបធៀប​ទៅ​នឹង​កម្ពស់​មធ្យម​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស​១,៧២​ម៉ែត្រ ។
ក្រៅពី​គ្រោងឆ្អឹង​អ្នក​បុរាណវិទ្យា​ជីក​រក​ឃើញ​វត្ថុ​ប្រើប្រាស់​ជា​ច្រើន​ទៀត រួម​មាន​ឆ្នាំង​ពណ៌ និង​ឧបករណ៍​ប្រើប្រាស់ ផ្សេង​ៗ​ធ្វើ​ពី​គជ់ ។
អ្នកឯកទេស​សន្និដ្ឋាន​ថា មនុស្ស​ដែល​រស់នៅ​សាន​តុង កាលពី​៥.០០០​ឆ្នាំ​មុន មាន​ជីវភាព​សម្បូរ​សប្បាយ ព្រោះ​ផ្ទះ​ជា​ច្រើន​ខ្នង​ដែល​ជីក​រក​ឃើញ​បង្កប់​ដោយ​មជ្ឈមណ្ឌល​នយោបាយ វប្បធម៌ និង​សេដ្ឋកិច្ច ៕