Sunday, July 9, 2017

ស្ថានទូតជប៉ុនប្រចាំកម្ពុជា សាទរដល់ប្រជាជនកម្ពុជាដែល «ប្រាសាទសំបូរព្រៃគុក» បានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក

(FN)៖ លោក ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានសម្តែងការសាទរដល់ប្រជាជនកម្ពុជា ក្នុងឱកាសដែលតំបន់ «ប្រវត្ដិសាស្រ្តសំបូរព្រៃគុក» ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់យូណេស្កូ។ នេះបើយោងតាមលិខិតថ្លែងអំណរគុណ របស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ចេញផ្សាយជាផ្លូវការនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧នេះ។

លោក ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ សង្ឃឹមថា ការដាក់បញ្ចូលតំបន់ប្រវត្តិសាស្រ្តមួយនេះ ចូលក្នុងបញ្ចីសម្បត្តិបេតិកភណ្ឌពិភពលោកនោះ នឹងរឹតតែជំរុញការយក ចិត្តទុកដាក់អំពីតម្លៃជាប្រវត្តិសាស្រ្ត នៃតំបន់សំបូរព្រៃគុកនេះ និងបន្តថែរក្សាតំបន់មួយនេះឲ្យបានខ្ជាប់ខ្ជួនសម្រាប់កូនចៅជំនាន់ក្រោយ។
ឯកអគ្គរាជទូតជប៉ុនរៀបរាប់ថា តំបន់ប្រវត្តិសាស្រ្តសំបូរព្រៃគុកនេះ មានប្រាសាទសាងសង់ពីឥដ្ឋល្អឥតខ្ចោះជាច្រើន នៅសម័យបុរេអង្គរដែលឆ្លុះបញ្ចាំងពីភាពវិសេសវិសាល និងដើមកំណើតដ៏សំបូរបែបនៃវប្បធម៌ ខ្មែរ និងបានបន្តរហូតដល់សម័យអង្គរ។​ ក្រុមអ្នកសិក្សាស្រាវជ្រាវ មកពីសាកលវិទ្យាល័យ Waseda ប្រទេសជប៉ុន ដែលដឹកនាំដោយសាស្រ្តាចារ្យ Takeshi Nakagawa បានធ្វើការសិក្សាស្រាវជ្រាវ និងជួសជុលប្រាសាទនេះឡើងវិញអស់រយៈពេលជាង២០ឆ្នាំ»
សូមបញ្ជាក់ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​ ចេញសេចក្តីប្រកាសផ្លូវការស្តីពីការចុះ «តំបន់ប្រាសាទសំបូរព្រៃគុក» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ដោយជោគជ័យ នៅក្នុងកកិច្ចប្រជុំលើកទី៤១ នៅទីក្រុង Krakow ប្រទេសប៉ូឡូញ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧៕