Monday, April 3, 2017

មរណភាព​របស់​សម្ដេច សុខ អាន ឧបនាយក​រដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រ​កម្ពុជា កាសែត ឡឺ ម៉ុងដ៍ (បារាំង)

ចេញ​ផ្សាយ​ថ្ងៃ​ទី​២៤ ខែ​មិនា ឆ្នាំ​២០១៧
ដោយ​លោក​ស្រី Florence Evin​
សម្ដេច សុខ អាន ឧបនាយករដ្ឋមន្ត្រី​កម្ពុជា បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃពុធ ទី​១៥ មិនា នៅ​ក្នុង​មន្ទីរ​ពេទ្យ​មួយ​ក្នុង​ក្រុង​ប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ សម្ដេច​ នឹង​មាន​អាយុ​៦៧​ឆ្នាំ​បើ​ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ២០១៧។ មាន​ងារ​កិត្តិយស​ជា​ សម្ដេច​វិបុល​បញ្ញា សព​សម្ដេច សុខ អាន​ ត្រូវ​បាន​ធ្វើ​ឈាបនកិច្ចកាល​ពី​ថ្ងៃ​អាទិត្យ ទី​១៩ ខែ​មិនា នៅ​រាជធានី​ភ្នំពេញ នៅ​ឈា​បនដ្ឋាន​មួយ​​មុខ​វត្ត​បុទុមវតី។ ​ ដូច​​រៀង​រាល់​ឆ្នាំ​ដែរ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មករា សម្ដេច​បាន​ធ្វើ​ជា​អធិបតីភាព​កិច្ច​ប្រជុំ​ពេញ​អង្គ​លើក​​ទី​២៣នៃ​គណៈកម្មាធិការ​អន្តរជាតិ​សម្រប​សម្រួល​ដើម្បី​កិច្ចការ​អភិរក្ស ​និង​អភិវឌ្ឍន៍​ឧទ្យាន​ប្រវត្តិសាស្ត្រអង្គរ ដែល​ហៅ​កាត់​​ថា អាយ​ស៊ីស៊ី​ អង្គរ។ ឧទ្យាន​អង្គរ​ជា​រមណីយដ្ឋាន​លេច​ធ្លោ​មួយ​នៃ​មហា​​​អាណាចក្រ​ខ្មែរ (សតវត្ស​ទី​៩ ដល់​សតវត្ស​ទី​១៤)។ រូប​ប្រាសាទ​អង្គរ​វត្ត​មាន​នៅ​លើ​ទង់​ជាតិ​ខ្មែរ ដែល​សម្ដេច​ សុខ អាន ចាត់​ទុក​ខ្លួន​សម្ដេចថាជា​អ្នក​ការពារ​អង្គរមួយ​រូបផងដែរ។


អាយ​ស៊ីស៊ី​ អង្គរ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៣ តាម​ព្រះរាជ​សំណើរបស់​អតីតព្រះមហាក្សត្រ នរោត្ដម សីហនុ មួយ​ឆ្នាំ​បន្ទាប់​ពី​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស ដែល​មន្ត្រី​ជាន់​ខ្ពស់​រូប​នេះ​ក៏​ស្ថិត​ក្នុង​ចំណោម​អ្នក​ចរចា​ម្នាក់​ដែរ។ តាំង​ពី​ពេល​នោះ​មក អង្គការ​​យូណេស្កូ ​ជា​ស្ថាប័ន​ទទួល​បន្ទុក​លេខាធិការដ្ឋាន​ អាយស៊ីស៊ី ​នេះ ក្រោម​សហអធិបតីភាព​រដ្ឋាភិបាល​បារាំង និង​ជប៉ុន ដោយ​​មាន​ការ​គាំទ្រ​ពី​អាជ្ញាធរ​ជាតិ​អប្សរា ដែល​ត្រូវ​បាន​បង្កើត​ឡើង និងមាន​សម្ដេច​ សុខ អាន ជា​ប្រធាន​រហូត​មក​ទល់​ពេល​នេះ ដើម្បី​​គ្រប់គ្រង​ឧទ្យាន​អង្គរ​។
កើត​នៅ​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​១៩៥០ នៅ​ក្នុង​ស្រុក​គិរីវង្ស ខេត្ត​តាកែវ សម្ដេច សុខ អាន ទទួល​​បានសញ្ញាបត្រ​ជា​ច្រើន។ នៅ​ខែ​មេសា ឆ្នាំ​១៩៧៥ ដោយ​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​រាជធានី​ភ្នំពេញ ពេល​នោះ​រាជធានី​ដែល​ត្រូវ​បាន​ខ្មែរក្រហមបោស​សម្អាត​ប្រជាជន​​ចេញទាំងអស់ សម្ដេច​បាន​​រស់​នៅ​ក្នុង​ឋាន​នរក​ខ្មែរ​ក្រហម​ជា​មួយ​ភរិយា​របស់​សម្ដេច ដែល​មាន​ឈ្មោះ ថេង អាយ​អាន្នី។ ប្ដី​ប្រពន្ធ​សម្ដេច​មាន​កូន​ស្រី​ម្នាក់​ឈ្មោះ សូម៉ា និង​កូន​ប្រុស​បួន​នាក់ គឺ ពុទ្ធិវុធ ​សូកាន សូកេន និង​សង្វារ និង​ចៅ​ប្រុស​ស្រី​៧​នាក់។ ជា​អ្នក​ស្រលាញ់​សត្វ​ស្លាប និង​ផ្កា​អ័រគីដេ សម្ដេច​ចូល​ចិត្ត​មើល​ថែ​សត្វ​ស្លាប​ចិញ្ចឹម នៅ​ផ្ទះ​របស់​សម្ដេច​នៅរាជធានី​ភ្នំពេញ និង​សត្វមាន់​នៅ​ចម្ការ​សូម៉ា​របស់​សម្ដេច​នៅ​ខេត្តតា​កែវ។

នៅ​ឆ្នាំ​១៩៨០ សម្ដេច សុខ អាន ធ្លាប់​ធ្វើ​ជា​លេខា​ផ្ទាល់​របស់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នាពេល​នោះ គឺ​សម្ដេច ហ៊ុន សែន ដែល​បច្ចុប្បន្ន​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា។ ក្លាយ​ជាលេខាជំនិត​របស់​សម្ដេច ហ៊ុន សែន សម្ដេច​ សុខ​ អាន បាន​កាន់​មុខ​ងារ​ក្រសួង និង​មុខងារ​ថ្នាក់​ខ្ពស់​ជា​ច្រើន រួម​មាន ឯកអគ្គរាជទូត​នៅ​ឥណ្ឌា (១៩៨៥-១៩៨៨) សមាជិក​គណៈកម្មាធិការ​កណ្ដាល​​បក្ស​តាំង​ពី​ឆ្នាំ​១៩៩២ តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​តាំង​ពី​ឆ្នាំ​១៩៩៣។
នៅ​ឆ្នាំ​១៩៩៩ សម្ដេច​បាន​នាំយុត្តិធម៌​ជូនប្រជាជនកម្ពុជាតាមរយៈការកាត់ទោសលើ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម និង​បាន​ដឹក​នាំ​ការ​ចរចា​ជា​មួយ​អង្គការ​សហប្រជាជាតិ​ ដើម្បី​បង្កើត​អង្គជំនុំ​ជម្រះ​វិសាមញ្ញក្នុង​តុលាការ​កម្ពុជា។ ចាប់​តាំង​ពី​ឆ្នាំ​២០០៤ សម្ដេច​បាន​ក្លាយ​ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។
អ្នក​ការទូត​ដែលត្រូវបានគេ​ពេញ​ចិត្ត​និង​គោរព​ ចេះ​ភាសា​បារាំង​និង​អង់គ្លេស​ទាំង​ពីរ​យ៉ាង​ស្ទាត់ ពូកែ​​ធ្វើ​ការ​គួរ​ឲ្យ​ស្ញប់​ស្ញែង សម្ដេច​មាន​វប្បធម៌​ជ្រៅជ្រះ​ និង​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំងលើ​រាល់អ្វីៗ​ដែល​ពាក់ព័ន្ធ​នឹង​ប្រវត្តិសាស្ត្រនិង​អរិយធម៌។ “យើង​បាន​បាត់​បង់​អ្នក​ស្រឡាញ់​តម្លៃមនុស្សជាតិ និង​មនុស្ស​ល្អ​ម្នាក់។ បន្ទាប់​ពី​ព្រះ​ករុណា នរោត្ដម សីហនុ និង​សម្ដេច វិបុល បញ្ញា តើ​អ្នក​ណា​នឹង​​បន្ត​ជា​អ្នក​ការពារ​អង្គរ?” នេះ​ជា​សំណួរ​របស់​បុរាណ​វិទូ​ជនជាតិ​ទុយណេស៊ី លោក​សាស្ត្រាចារ្យ អាហ្សេឌីន បេសាអ៊ូស សមាជិក​​បណ្ឌិតសភា​អក្សរសាស្ត្រ អគ្គលេខាធិការ​វិទ្យាសាស្ត្រអចិន្ត្រៃ អាយស៊ីស៊ី អង្គរ និង​ជា​ទីប្រឹក្សា​ពិសេស​ខាង​ផ្នែក​បេតិកភណ្ឌ។
ចំណេះ​វិជ្ជា និង​​​វប្បធម៌​ជ្រៅជ្រះ និង​លក្ខណៈសម្បត្តិ​ខាង​យុទ្ធសាស្ត្រ​ប្រកប​ដោយ​ភាព​ប៉ិនប្រសប់​របស់​សម្ដេច​ បានធ្វើ​ឲ្យ​សម្ដេច​ក្លាយ​ជា​រដ្ឋបុរស​ការ​ទូត​ដែល​ត្រូវបានគេពេញចិត្តនិង​គោរព។ ពោរពេញ​ទៅ​ដោយ​ភាព​ស្ងប់ស្ងៀម​ និងសុភាពរាបសារ សម្ដេច​បានបង្ហាញ​ការ​ជឿជាក់​ ​ប្រកប​ដោយ​ភាព​ម៉ឺងម៉ាត់។ នៅ​ខែ​ធ្នូ ឆ្នាំ​២០១៤ បន្ទាប់​ពី​មាន​សង្គ្រាម​ ឬពេល​ខ្លះ​​​ឈាន​ទៅ​បង្ហូរ​ឈាម​ផង អស់​រយៈពេល​៦០​ឆ្នាំ​ ជា​មួយ​ប្រទេស​ថៃ ដែលមានការប្រទាញប្រទាក់គ្នារឿង​ប្រាសាទ​ព្រះវិហារ​នៅ​តាម​ព្រំដែន។
ប្រាសាទព្រះវិហារដែលប្រៀប​ដូច​ជាប្រាសាទ​សួគ៌មួយ​ល្អវិចិត្រនូវ​​ចម្លាក់​ថ្មភក់ (សតវត្ស​ទី​១០-សតវត្សទី​១២) សម្ដេច​បាន​បិទ​ទំព័រ​ប្រវត្តិសាស្ត្រចាស់ ហើយ​បើក​​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ទៀតនៃសន្តិភាព​ ស្ទើរ​តែ​ដូច​ជា​គ្មាន​រឿង​អ្វី​កើត​ឡើង​ដូច្នោះ​ដែរ ដោយ​សារ​សេចក្ដី​ស្រឡាញ់​បេតិកភណ្ឌរបស់​សម្ដេច។ តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ បាន​បញ្ជាក់​សារ​ជា​ថ្មី​កាល​ពី​មួយ​ឆ្នាំ​មុន​នោះ​ថា ​ប្រាសាទ​ព្រះវិហារ​ជា​របស់ព្រះរាជាណាចក្រ​កម្ពុជា ហើយ ឆ្លៀត​ក្នុង​ឱកាស​ពិសារ​អាហារ​ផ្លូវ​ការ​បែប​ពិក​និក ក្រោម​ម្លប់​ប្រាសាទ​ជា​ទី​សក្ការៈ​មួយ​នេះ នៅ​ចំពោះ​មុខ​អ្នក​ការ​​ទូត​និង​អ្នក​វិទ្យាសាស្ត្រជា​ច្រើន​នាក់ សម្ដេច សុខ អាន បាន​​ប្រកាស​ពី​រាត្រី​ទឹក​ឃ្មុំ​ជា​មួយ​ប្រទេស​ថៃ។ ការ​ប្ដេជ្ញាចិត្ត​ដើម្បី​សន្តិភាព ​ឯកអគ្គរាជទូត​ថៃ​នា​ពេល​នោះត្រូវបានអញ្ជើញចូលរួម និង​សម្តេច​បាន​ស្នើ​​ឲ្យ​​​ប្រទេសថៃ​ផ្ដល់​កិច្ច​សហប្រតិបត្តិការ​ជូន​​គណៈកម្មាធិការ​បច្ចេកទេស​ថ្មី​ដែល​ទើប​នឹង​បង្កើត​ឡើង​នោះ។
"សម្ដេច សុខ អាន នឹង​នៅ​ជា​ស្ថាបត្យករ​ពិត​ប្រាកដ​មួយរូប​ក្នុង​ប្រតិបត្តិការ​​ឃោសនា​អន្តរជាតិ​ដែល​ដឹក​នាំ​ដោយ​អង្គការ​យូណេស្កូ ​និង​ជួយ​ជ្រោមជ្រែង​ដោយ​លោក​ស្រី ហ្វ្រង់ស៊ីន ដ័រហ្សឺវ៉ាល់ និង​លោក ប៊្រុយណូ ហ្វាវែល ខាង​ប្រទេស​បារាំង ជាមួយ​លោក​ អាហ្សេឌីន បេសាអ៊ូស " នេះ​ជា​ការ​គូស​បញ្ជាក់​របស់​លោក មូនៀរ ប៉ូឆឺណាគី ដែល​ជា​អ្នកក​​ដឹក​នាំ​ការិយ៉ាល័យ​អង្គការ​យូណេស្កូ​ប្រចាំ​ប្រទេស​អារ៉ាប់ និង​មាន​មូលដ្ឋាន​នៅ​ប្រទេស​ បារ៉ែន។ នោះ​គឺ​ជា​អ្វី​ដែល​ពន្យល់​អំពី​ក្ដី​រន្ធត់​ដោយ​សារ​ការ​បាត់បង់​រូប​សម្ដេច ថែម​ទាំង​មាន​ការ​ចូល​រួម​រំលែក​ទុក្ខ​ផ្ទាល់​ពី​លោក​ស្រី អ៊ីរីណា បូកូវ៉ា អគ្គនាយិកា​អង្គការ​សហប្រជាជាតិ​មួយ​នេះ។
កាលបរិច្ឆេទ​គន្លឹះ​មួយ​ចំនួន​អំពី​ សម្ដេច សុខ​អាន៖
១៦ មេសា ១៩៥០ ​កើត​នៅ​ស្រុក​គិរីវង្ស (ព្រះរាជាណាចក្រកម្ពុជា)
ឆ្នាំ​១៩៨០​ លេខា​ផ្ទាល់របស់​សម្ដេច ហ៊ុន សែន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ (១៩៨០)

ឆ្នាំ​១៩៨៥-១៩៨៨ ​ឯកអគ្គរាជ​ទូត​ប្រចាំ​ប្រទេស​ឥណ្ឌា

ឆ្នាំ​១៩៩២ ​ចូល​រួម​ក្នុង​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស

១៩៩៣​ ការ​បង្កើត​គណៈកម្មាធិការ​អន្តរជាតិ​អង្គរ

ឆ្នាំ​១៩៩៥ ​ការ​បង្កើតអាជ្ញាធរ​ជាតិ​អប្សរា ដែល​មាន​សម្ដេច​ជា​ប្រធាន

ឆ្នាំ​២០០៤-២០១៧ ​ឧបនាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

១៥ មិនា ២០១៧​ ទទួល​មរណភាព​នៅ​ទីក្រុង​ប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន