Wednesday, July 5, 2017

(Video) កិច្ចប្រជុំពេញអង្គ​គណៈ​កម្មាធិការ​បេតិក​ភ័ណ្ឌពិ​ភពលោកលើកទី៤១ Krakow, Poland 2-12 July 2017



This year, the World Heritage Committee will meet for its 41st session in the World Heritage site of the Historic Centre of Kraków. We are very pleased to be hosted by Poland, an early supporter of the World Heritage Convention whose experts even participated in the drafting of the Convention itself. Poland’s heritage sites represent many aspects of World Heritage: a diversity of values, a rich history, and transboundary cooperation, among others.

ទឹកដីអង្គរជាទីក្រុង​បុរាណ​ធំជាង​គេ​លើពិភពលោក

យោង​តាម​របាយការណ៍​របស់​សាកលវិទ្យាល័យ​ស៊ីដនីនៃ ប្រទេស​អូស្ត្រាលី​បានឲ្យដឹងថា អង្គរ គឺជា​ទីក្រុង​បុរាណ​មួយដ៏ធំ​នៅក្នុង​ពិភពលោក​នាសម័យបុរាណ និង ជាទីក្រុង​បុរាណ​ដ៏អស្ចារ្យ​សម្រាប់​ភ្ញៀវទេសចរ​គ្រប់ជាតិ​សាសន៍​ទស្សនា​ផងដែរ ហើយ​របក​គំហើញនេះ​ត្រូវបាន​ប្រកាស​ឲ្យដឹង​នៅ​ក្នុង​អត្ថបទ​វិទ្យាសាស្ត្រ បោះផ្សាយ​ដោយ​ទស្សនាវដ្ដី​បណ្ឌិត​សភាវិទ្យា​សាស្ត្រជាតិ (Proceedings of the National Academy of Sciences)។ ​


ប្រភព​ដដែល​បាន​បង្ហាញថា ការប្រើប្រាស់​នូវបច្ចេកវិទ្យាថ្មី​មួយ​ដែលមានឈ្មោះ​ជាភាសាអង់គ្លេង​ថា ឡៃដារ(LIDAR) ដែលជា​បច្ចេកវិទ្យា​ប្រើប្រាស់​នូវ​កាំរស្មីឡាស៊ែរ​ដើម្បី​ធ្វើការ​តាមដាន និង​ស្កែនចុះ​ទៅខាង ក្រោមដី​បានឲ្យ​ពួកអ្នក​ស្រាវជ្រាវ​រកឃើញនូវ​ទំហំពិត​ប្រាកដ​នៃទីក្រុងអង្គរ​ដែលមាន​នៅក្នុង​អតីតកាល​របស់​ខ្មែរ។

ការស្កែន​ដោយ​ឡាស៊ែរ​បង្ហាញ​ឲ្យឃើញ​ទិដ្ឋភាព​ទីប្រជុំជន​ពុំធ្លាប់​បាន​កត់ត្រា​ពីមុនមក​ដែល​មាន​បណ្ដាញតភ្ជាប់​រវាង​បណ្ដាប្រាសាទ​ដែលមាន​ចំណាស់ ១ ២០០ឆ្នាំ។ ឡាស៊ែរ​ពីលើ​អាកាសបាន​បង្កើត​ជាផែនទី​លម្អិត លើក​ដំបូង​អំពី​ទិដ្ឋភាព​ទាំងមូល​របស់​ទីក្រុងនេះ ដែល​រួមមាន​បណ្ដាញ​ផ្លូវថ្នល់ និង​ប្រាសាទ​មួយចំនួន​ដែល​ពុំធ្លាប់​បានស្គាល់​ពីមុន ។

បុរាណវិទូលោក Damian Evans នៃសាកលវិទ្យាល័យស៊ីដនីជាប្រធានក្រុមនិពន្ធអត្ថបទខាងលើនេះ មានប្រសាសន៍ថា គ្មាន​នរណា​ម្នាក់​ធ្លាប់​ធ្វើផែនទី​ពី​ទី​ក្រុងបុរាណ​នេះ ដ៏លម្អិត​ពីមុនមក​ទេ​ដូចនេះ​វាជាការបំបែក​អាថ៌កំបាំងពិតៗ ដែលអាចឲ្យ​មើល​ឃើញ​ពី​ទីក្រុង​បាន​ច្បាស់​ដូចនេះ​តែ​វា​គួរឲ្យរំភើប​ណាស់​ដែល​បាន​ឃើញភស្តុតាង​នៃសកម្មភាព​មនុស្ស​ជំនាន់នោះ​នៅតែ​បន្សល់ស្នាម​នៅ​ក្រោម​កម្រាលព្រៃ​នៅឡើយ​បន្ទាប់ពី​ទីក្រុងនេះ​មិនមាន​ដំណើរការ និង គ្របដណ្ដប់​ដោយព្រៃ​អស់ជាច្រើន​សតវត្ស។

លោក Damian Evans ដែល​ជាអ្នកដឹកនាំគម្រោងស្រាវជ្រាវ​នេះ​បាននិយាយថា «ដោយសារ​ការ​ប្រើប្រាស់​នូវបច្ចេកវិទ្យា LIDAR នេះ​ហើយ​ទើបធ្វើ​ឲ្យយើង​បានដឹង​ពីទំហំយ៉ាងពិតប្រាកដ​នៃទីក្រុងអង្គរ​កាលពីសម័យដើម។ លោក​សាស្ត្រាចារ្យបាននិយាយ​បន្តទៀត​ថា តាំងពីឆ្នាំ​១៨៦០ មក​ការស្រាវជ្រាវ​នឹងស្វែងយល់​ពីរាជធានី​បុរាណនេះ​បានធ្វើឡើង​ជាបន្តបន្ទាប់​ហើយអ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ជាបន្តបន្ទាប់​ផងដែរ​នូវប្រាង្គ​ប្រាសាទជាច្រើន ដែល​ឋិតនៅ​កប់បាត់នៅ​ក្នុងដង​ព្រៃ​ហើយ​មាន​ភ្នំមួយ​ចំនួន​ទៀត ដែល​អ្នកស្រាវជ្រាវ​មិន​បាន​ទៅដល់។


រចនាសម្ព័ន្ធ​រៀបចំ​ក្រុងអង្គរ​ទាំងមូល ដូចជា ផ្លូវ​ថ្នល់ប្រព័ន្ធបង្ហូរទឹកត្រូវបានខាងសកលវិទ្យាល័យប្រើប្រាស់នូវបច្ចេកវិទ្យាឡៃដារ​រកឃើញ​ហើយថា វា​ប្រហែល​ជា​ទីក្រុង​បុរាណ​ដ៏សែនធំមួយ ដែល​គេបានរ​កឃើញនៅ​ក្នុងប្រវត្តិសាស្ត្រ។


លោក Damian Evans និយាយថា ក្រុម​បុរាណវិទូ ដែល​បានចំណាយ​ពេល​ជាច្រើនឆ្នាំ​ស្រាវជ្រាវនៅ លើដី​ដើម្បី​គូសផែនទី​នៃផ្នែកមួយ​មាន​ទំហំ៩គីឡូម៉ែត្រក្រឡា ដែល​ជាចំណុច​ប្រជុំជន​នៃតំបន់​ទាំងមូល។ប៉ុន្តែ​ឡៃដារ​បាន​បង្ហាញ​ពីទី​ប្រជុំជន​មាន​ទំហំធំ​ជាង​នេះយ៉ាង​ឆ្ងាយ​គឺ​មាន​ទំហំដល់ទៅ ៣៥គីឡូម៉ែត្រក្រឡា និង មាន​ប្រជាជន​រស់​នៅកុះករ​ជាង​ចំនួន​ដែលគេធ្លាប់​ជឿកន្លងមក។ ការ​បំបែក​អាថ៌កំ​បាំងពិតៗ​គឺការ​រកឃើញថា តំបន់​ប្រជុំជននេះ​មានមនុស្ស​រស់នៅ​ច្រើនកុះករ និង​មានគម្រោង​ប្លង់​ទីក្រុង​ធំ​ជាង​ដែលធ្លាប់​គិត​កន្លងមក។ មើល​ឃើញ​ពី​ទំហំ​ដែល​យើង​បាន​មើល​រំលង​ពីមុន​ធ្វើឲ្យយើង​ផ្លាស់​ប្ដូរការ​យល់​ដឹងអំពី​របៀប ដែល​ទីក្រុងបុរាណ​ទាំងនេះ​ត្រូវបាន​រចនា កសាងឡើង។

គួរបញ្ជាក់ដែរថា បច្ចេកវិទ្យា LiDAR គឺជា​បច្ចេកវិទ្យា​ទំនើបដោយ​គេ​យក​ប្រអប់​របស់​វា​មក​ផ្អោប​ជាមួយ​ឧទ្ធម្ភាគចក្រ​ហើយ​បាញ់កាំ​រស្មីឡាស៊ែ​ចុះ​មក​ក្រោម​ដោយឆ្លងកាត់​ដើមឈើ និង​ព្រៃ​ព្រឹក្សា​រហូត​មកដល់ដី ហើយ​កាំរស្មីនេះ​បាន​ឡង​ឡើង​មកលើវិញ​ដោយ​នាំមកជាមួយ​នូវទិន្នន័យ​ជាក់ស្ដែងនៃ​ស្ថានភាពដី ក្រោមដី និងដើម ឈើ​គឺ​បង្កើតជាផែនទីបី​ទំហំ(3D)លម្អិត​នៃតំបន់នោះ។

វាគឺជា​ឧបករណ៍ដ៏​មានប្រយោជន៍​សម្រាប់បុរាណ​វិទូពីព្រោះ​កាំរស្មីឡាស៊ែរ​អាចទម្លុះ​ដើមឈើ​ក្រាស់​បាន និង​គ្របដណ្ដប់​ផ្ទៃដីទំហំធំ​បានលឿង​ជាង​ការ​ដើរ​វិភាគ ដោយ​ថ្មើរជើង។ ឡៃដារ​ត្រូវបាន​ប្រើដើម្បីរុករក​នៅទីតាំង​បុរាណ​វិទ្យា​ផ្សេងៗទៀត​ផងដែរ ដូចជានៅ Stonehenge ចក្រភព​អង់គ្លេស។ ការ​ឆ្លុះថតដោយ​ប្រើកាំរស្មីឡាស៊ែរ​អាច​ធ្វើឱ្យអ្នក​ស្រាវជ្រាវ​យល់ដឹង​អំពី​សណ្ឋាន​ដីរុក្ខជាតិ និង​ផែនទី​បុរាណ​វិទ្យា នៃរមណីយដ្ឋាន​អង្គរ ប្រកប​ដោយ​សុក្រឹត​ភាព​ខ្ពស់៕

អត្ថបទ៖ លោក វិសិទ្ធ ប្រភព៖ KhmerDaily

រឿង​អស្ចារ្យ ៧យ៉ាង​របស់​ប្រាសាទ​អង្គរវត្ត និង​តំបន់​អង្គរ កូន​ខ្មែរ​ភាគ​ច្រើន​ដឹង​មិន​អស់

  • សាងសង់​ឡើង​លើ​ផ្ទៃដី ១៦២,៦​ហិចតា ជា​សំណង់​ឧទ្ទិស​សាសនា​ធំជាង​គេ​បំផុត​ក្នុង​លោក
  • ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​មួយ លើ​គេហទំព័រ ArchaeoMadness, TripAdvisor, Lonely Planet
  • ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ដំបូង​គេ​របស់​កម្ពុជា ចុះ​ក្នុង​បញ្ជី UNESCO ​ក្នុង​ឆ្នាំ១៩៩២
  • អាថ៌កំបាំង​ព្រះអាទិត្យ​រះ​ចំ​កំពូល​ប្រាសាទ​អង្គរវត្ត ២ដង​ក្នុង​មួយ​ឆ្នាំ
  • បច្ចេកទេស​ជីក​គូទឹក​ការពារ​ប្រាសាទ រឹង​មាំ​បាន​ច្រើន​រយ​ឆ្នាំ
  • ចម្រឹង​បង្អួច​ប្រាសាទ​អង្គរវត្ត​ជះ​ស្រមោល ចេញ​កំពូល​ប្រាំ
  • ក្រោម​ប្រាង្គ​ប្រាសាទ​​អង្គរវត្ត មាន​សំណង់​ច្រើន​ទៀត
ប្រាសាទ​អង្គរវត្ត និង​ប្រជុំ​សំណង់​ទាំង​អស់​នៃ​តំបន់​អង្គរ បាន​បន្សល់​ទុក​អច្ឆរិយភាព និង​អាថ៌កំបាំង​រាប់​មិន​អស់​សម្រាប់​ប្រជាជន​ខ្មែរ​ជំនាន់​ក្រោយ។ សម្បត្តិ​បេតិកភណ្ឌ​មិន​អាច​កាត់​ថ្លៃ​បាន​មួយ​នេះ គឺ​ជា​មរតក​ដ៏​អស្ចារ្យ​ដែល​ធ្វើ​ឲ្យ​កម្ពុជា ល្បី​រន្ទឺ​លើ​ពិភពលោក​រហូត​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​បរទេស​រាប់​លាន​នាក់។ យ៉ាង​ណា​ក្ដី មាន​រឿង​រ៉ាវ​ចាប់​អារម្មណ៍​មួយ​ចំនួន ដែល​កូន​ខ្មែរ​ភាគ​ច្រើន​ដឹង​មិន​អស់។ ​

១. អង្គរ​វត្ត ជា​សំណង់​ឧទ្ទិស​សាសនា​ធំ​បំផុត ជាប់​ក្នុង​កំណត់ត្រា​ពិភពលោក Guinness
សំណង់​ទាំង​អស់​នៃ​ប្រជុំ​ប្រាសាទ​អង្គរ​វត្ត ត្រូវ​បាន​សាងសង់​ឡើង​លើ​ផ្ទៃដី ១៦២,៦​ហិចតា ដែល​ជា​សំណង់​ឧទ្ទិស​សាសនា​ធំជាង​គេ​បំផុត​ក្នុង​លោក ជាប់​ក្នុង​កំណត់ត្រា Guinness។ ព្រះ​បាទ​សូរ្យវរ្ម័ន​ទី២ ជា​អ្នក​សាងសង់​ប្រាសាទ​ដ៏​អស្ចារ្យ​នេះ​ឡើង ក្នុង​ឆ្នាំ​១១១៣ ដល់​១១៥០​ ដើម្បី​ឧទ្ទិស​ដល់​អាទិទេព​សាសនា​ហិណ្ឌូ ព្រះ​វិស្ណុ។
២. អង្គរវត្ត ទទួល​បាន​លេខ​មួយ ៤ឆ្នាំ​ជាប់​គ្នា​លើ​គេហទំព័រ​បរទេស​នានា

គេហទំព័រ​ដ៏​ល្បីល្បាញ TripAdvisor បាន​ផ្ដល់​ចំណាត់​ថ្នាក់លេខ១ ដល់ប្រាសាទអង្គរវត្តរបស់កម្ពុជា ជា​សំណង់​ដ៏​មាន​សារៈ​សំខាន់​ផ្នែក​ប្រវត្តិសាស្ត្រ​អស្ចារ្យ​បំផុត​របស់​ពិភពលោក​សម្រាប់​ឆ្នាំ​២០១៧​នេះ បន្ទាប់​ពី​ទទួល​បាន​ការ​បោះ​ឆ្នោត​គាំទ្រ​យ៉ាង​ច្រើន​ពី​ភ្ញៀវ​ទេសចរ​បរទេស។
កាលពីឆ្នាំ២០១៤ អង្គរបានជាប់ចំណាត់ថ្នាក់លេខ១ នៅ​លើ​គេហទំព័រ​មួយ​ដែល​តែងតែ​យក​តំបន់​បុរាណ​វិទ្យា និង​ប្រវត្តិសាស្ត្រ​ទាំងអស់​លើ​ពិភពលោក​មក​ប្រៀបធៀប​គ្នា នោះ​គឺ​គេហទំព័រ ArchaeoMadness។ បន្ទាប់​មក​ទៀត នៅដើមឆ្នាំ២០១៥ អង្គរវត្ត​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ១​ម្ដង​ទៀត នៅ​លើ​គេហទំព័រ​អន្តរជាតិ TripAdvisor។
នៅឆ្នាំ២០១៦កន្លងទៅ អង្គរបានបន្តជាប់លេខ១បន្ថែមទៀត នៅ​លើ​គេហទំព័រ​របស់​ក្រុមហ៊ុន Lonely Planet ដែល​ជា​គេហទំព័រ​ផ្សព្វផ្សាយ និង​ជា​ប្រភព​ព័ត៌មាន​ទេសចរណ៍​ដ៏​ល្បី​មួយ​លើ​ពិភពលោក មាន​ទាំង​ព័ត៌មាន​តាមរយៈ​វិបសាយ ទស្សនាវដ្ដី និង​សៀវភៅ ជាដើម។
៣. តំបន់​អង្គរ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ដំបូង​គេ​របស់​កម្ពុជា
តំបន់​អង្គរ​លាត​សន្ធឹង​លើ​ផ្ទៃដី​ប្រមាណ ៤០០​គីឡូម៉ែត្រ​ក្រឡា ដែល​មាន​ប្រាសាទ​បុរាណ​ជា​ច្រើន រាប់​បញ្ចូល​ទាំង​ព្រៃ​ឈើ​ចម្រុះ​នៅ​ជុំវិញ។ តំបន់​ប្រវត្តិសាស្ត្រ​នេះ​ជា​ទីតាំង​នៃ​ប្រាសាទ​អង្គរវត្ត ប្រាសាទ​អង្គរ​ធំ និង​ប្រាសាទ​បាយ័ន​ដ៏​ល្បី​ល្បាញ​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា និង​ត្រូវ​អង្គការ UNESCO ប្រកាស​ដាក់​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​រូបី​ពិភពលោក​ក្នុង​ឆ្នាំ១៩៩២។
៤. បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កំពូល​ប្រាសាទ​អង្គរវត្ត កើត​ឡើង​ជា​ប្រចាំ​រាល់​ឆ្នាំ
លោក ង៉ូវ សេងកាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប បាន​ប្រាប់ Sabay ថា បាតុភូត​កម្រ​នេះ​​កើត​ឡើង​ជា​ប្រចាំ​រាល់​ឆ្នាំ គឺ​នៅ​ខែ​កញ្ញា ចន្លោះ​ពី​ថ្ងៃ​ទី២១ ដល់​ថ្ងៃ​ទី២៣ ខែ​កញ្ញា និង​ម្ដង​ទៀត​ក្នុង​ខែ​មិនា។ បើ​តាម Science Channel បាន​ឱ្យ​ដឹង​ថា ​ព្រឹត្តិការណ៍​នេះ​ឈ្មោះ​ថា អ៊ីខ្វីណក់ (ជា​ពេល​ព្រះអាទិត្យ​រះ​ចំ​កណ្ដាល​កំពូល​ប្រាសាទ​អង្គរវត្ត) ដែល​រន្ធ​មួយ​នៅ​ចំ​កំពូល​កណ្ដាល​នៃ​ប្រាសាទ​នឹង​ទទួល​ពន្លឺ​ព្រះអាទិត្យ ចាំង​ទៅ​ក្រោម​នៃ​ចំណុច ផ្ចិត​ខាង​ក្រោម​ប្រាសាទ ។
ពន្លឺ​ចែងចាំង​​ព្រះអាទិត្យ ក្នុង​ព្រឹត្តិការណ៍ ថ្ងៃ​រះ​ចំណុច​ កំពូល​ប្រាសាទ​នេះ​ត្រូវ​បាន​គេ​ជឿ​ថា​វា​បាន​បញ្ជូន​ពន្លឺ​ ព្រះអាទិត្យ​នោះ ទៅ​បន្ទប់​អាថ៌​កំបាំង​មួយ ផ្នែក​ជាន់​ក្រោម​ដី ​នៃ​ប្រាសាទ​អង្គរវត្ត​ដែល​មាន​ជម្រៅ​ប្រមាណ​ជាង ៣០​ម៉ែត្រ។ អ្នក​ជំនាញ​ខ្លះ​បាន​ជឿជាក់​ថា ព្រះបានជ័យវរន្ម័ទី២ រចនា​កន្លែង​សំងាត់​នេះ គឺ​ដើម្បី​រក្សា​អដ្ឋិធាតុ របស់​ព្រះអង្គ​ពេល​សុគត។
៥. ស្ថាបត្យករ​បុរាណ ជីក​គូ​ទឹក​ដើម្បី​ការពារ​ប្រាសាទ រហូត​ឈរ​បាន​ជា​ច្រើន​រយ​ឆ្នាំ

យោង​តាម​វីដេអូ​ឯកសារ​ស្រាវជ្រាវ​ស្ដី​ពី​ការ​កសាង​ប្រាសាទ​អង្គរវត្ត ដោយ​បុរាណ​វិទូ​ជនជាតិ​បារាំង បាន​បង្ហាញ​ថា ស្ថាបត្យករ​ក្នុង​សម័យ​អង្គរ បាន​ជីក​ធ្វើ​ជា​​គូទឹក​នេះ​ឡើង គឺ​ដើម្បី​ការពារ​ដល់​តួ​ប្រាសាទ​អង្គរវត្ត​ទាំង​មូល​តែ​ម្ដង​។ តាម​រយៈ​វីដេអូ​នោះ បាន​ឱ្យ​ដឹង​ទៀត​ថា ស្ថាបត្យករ​ដ៏​អស្ចារ្យ​ក្នុង​សម័យ​នោះ បាន​យក​ដី​ខ្សាច់ ដើម្បី​ចាក់​គ្រឹះ​កសាង​ប្រាសាទ​អង្គរ​វត្ត ព្រោះ​បុព្វ​បុរស​ខ្មែរ​ជឿ​ថា ដី​ខ្សាច់​អាច​ធ្វើ​ឱ្យ​តួ​ប្រាសាទ ឈរ​រឹង​មាំ​បាន​រាប់​ពាន់​ឆ្នាំ​។
តាម​ការ​ស្រាវ​ជ្រាវ​​ពី​បុរាណ​វិទូ បាន​បង្ហាញ​ទៀត​ថា ដី​ខ្សាច់​ជា​ប្រភេទ​ដី​មាន​សំណើម​ ដូច្នេះ​ហើយ​ត្រូវ​ការ​ទឹក​ដើម្បី​បន្សើម​ជា​ប្រចាំ។ ដូច្នេះ​ប្រសិន​បើ​ដី​ខ្សាច់​គ្មាន​ជាតិ​ទឹក នោះ​តួ​ប្រាសាទ​ទាំង​មូល​អាច​ស្រុត​ចុះ​បាន​។ ​ដោយ​មូលហេតុ​នេះ​ ហើយ​ទើប​ស្ថាបត្យករ​របស់​ខ្មែរ ក្នុង​សម័យ​នោះ​បាន​កេណ្ឌ​មនុស្ស​ជា​ច្រើន​នាក់ ដើម្បី​ជីក​ស្រះ​ធ្វើ​ជា​គូ​ទឹក ដែល​មាន​បណ្ដោយ​​ប្រវែង​រហូត​ដល់​ជាង ១៦ គីឡូម៉ែត្រ និង​ទទឹង​ជាង ២០០​ម៉ែត្រ​។
៦. ចម្រឹង​បង្អួច​ប្រាសាទ​អង្គរវត្ត​ជះ​ស្រមោល ចេញ​កំពូល​ប្រាំ ដូច​កំពូល​ប្រាសាទ​អង្គរវត្ត

​ចម្រឹង​នៃ​បង្អួច​ប្រាសាទ​អង្គរ​វត្ត​បាន​បង្កប់​នូវ​អាថ៌​កំបាំង​ដ៏​អស្ចារ្យ ស្ទើរ​គ្មាន​នរណា​ម្នាក់​ចាប់​អារម្មណ៍​នោះ​ឡើយ​។ ​បើ​តាម​ការ​ឱ្យ​ដឹង​ពី លោក ​កាន់ សុខ​ម៉េង ​មគ្គុទ្ទេសក៍​ភាសា​បារាំង អង់គ្លេស​ និង​ថៃ បាន​ស្រាយ​ពី​អាថ៌​កំបាំង​នេះ​ថា ស្រមោល​ពន្លឺ​ថ្ងៃ នៃ​ចម្រឹង​បង្អួច​ប្រាសាទ​អង្គរ​វត្ត ​គឺ​ជា​ប្រាសាទ​កំពូល​ប្រាំ និង​កំពូល​៣។
៧. មាន​សំណង់​ជា​ច្រើន​ទៀត កប់​ក្នុង​ដី​ក្រោម​ប្រាង្គ​ប្រាសាទ​​អង្គរវត្ត​

កាល​ពី​ដើម​ឆ្នាំ២០១៥ សារព័ត៌មាន​អង់គ្លេស​ Daily Mail បាន​ចុះ​ផ្សាយ​ថា ក្រុម​បុរាណ​វិទូ​បាន​រក​ឃើញ​​​​សំណង់​បុរាណ​​​​​​​​ខ្សាច់​ដ៏​ធំ​មួយ​រួម​​​ជា​មួយ​​​សំណង់​​​​​កប់​ក្នុង​ដី​ជា​ច្រើន​​នា​បរិវេណ​ខាងក្រោម​នៃប្រាង្គ​​ប្រាសាទ​អង្គរ​វត្ត​​​ ដែល​ជា​ការ​គាស់​របើក​នូវ​អាថ៌កំបាំង​ថ្មី​មួយ​ទៀត ​ទាញ​បាន​ចំណាប់​អារម្មណ៍​អ្នក​ស្រាវជ្រាវ​ទូទាំង​ពិភពលោក​។
ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ​ Sydney បាន​ស្រាវជ្រាវ​​​​នៅ​កម្ពុជា​ក្នុង​គម្រោង​មួយ​ឈ្មោះ​ Greater Angkor Project។ ​ដោយ​ប្រើ​​បច្ចេកវិទ្យា​ឡាស៊ែរ ​LiDAR ជា​មួយ​​រ៉ាដា ពួក​គេ​បាន​​​រក​ឃើញ​ និង​ជីក​​រក​សំណង់​បុរាណ​​ជា​ច្រើន​​កប់​ក្នុង​ដី​អាថ៌កំបាំង​នោះ។ កាល​ពី​ពេល​មុន​គេ​ជឿ​ថា​​ប្រាសាទ​​អង្គរវត្ត​របស់​កម្ពុជា​​គឺ​​ស្ថិត​ក្នុង​​ទី​កន្លែង​សក្ការបូជា ប៉ុន្តែ​បន្ទាប់​ពី​រក​ឃើញ​សំណង់​បុរាណ​ដី​ខ្សាច់​រាង​រង្វង់​​​ធំ​មួយ ​ព្រម​ទាំង​សំណល់​នៃ​សំណង់​បុរាណ​កប់​ក្នុង​ដី​នេះ​មក​​ បុរាណ​វិទូ​ជា​ច្រើន​​និយាយ​ថា​​ប្រាសាទ​អង្គរវត្ត​គឺ​​មាន​ភាព​ស្មុគស្មាញ​​និង​អាថ៌កំបាំង​​ជាង​​ការ​គិត​ទៅ​ទៀត។
ក្រៅ​ពី​ចំណុច​ទាំង៧ ខាង​លើ​នេះ នៅ​មាន​រឿងរ៉ាវ​អស្ចារ្យ​ជា​ច្រើន​ទៀត ដែល​ធ្វើ​ឲ្យ​ប្រាសាទ​អង្គរវត្ត​ល្បី​ឈ្មោះ​ទូទាំង​ពិភពលោក រហូត​មាន​ប្រទេស​នានា​ចម្លង​តាម។ ចំណែក​ក្រុម​អ្នក​ស្រាវជ្រាវ​នានា នៅ​តែ​បញ្ចេញ​របក​គំហើញ​ថ្មី​ៗ​បន្ត​បន្ទាប់ ក្រោយ​ពេល​រុក​រក​អាថ៌កំបាំង​នៅ​តំបន់​នេះ៕

រឿងព្រេងខ្មែរ ប្រាសាទអង្គរ

រឿងព្រេងខ្មែរ ប្រាសាទអង្គរ



វិចារកថា៖ ដោយកែវឈុន: អង្គរវត្ដ គឺជាប្រាសាទដ៏ល្អប្រណិតមួយ ល្បីរន្ទឺសុះសាយពេញពិភពលោក ហើយអង្គរវត្ដជារូបភាពតំណាង យ៉ាងសំខាត់បំផុត របស់ប្រទេសកម្ពុជាយើង។ វិរជនខ្មែរគ្រប់សម័យកាល តែងជ្រើសយកនិមិត្ដរូបប្រាសាទអង្គរវត្ដ មកដាក់លើទង់ជាតិខ្មែរ គ្រប់ៗ សម័យមិនដែលខកខានឡើយ។ នគរវត្ដ ឬអង្គរវត្ដ មានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុងសៀមរាប មានចម្ងាយ ៧ គ.ម ពីទីរួមខេត្ត មានកសិណ ឬគូទឹកព័ទ្ធជុំវិញ ប្រហែលជា ១៦គ.ម ចំណែកកសិណពិតប្រាកដរបស់ប្រាសាទមានបណ្ដោយប្រវែង ១៥០០ម x ១៣០០ម លើ ២០០ម ផ្លូវធំដើរចូលពីទិសខាងលិចទៅដល់ប្រាសាទកណ្ដាលមានប្រវែង២៥០ម ឯកំពូលកណ្ដាលខ្ពស់ធំជាងគេបំផុតរបស់នគរវត្ដមានកំពស់ ៦៥ម។ ដោយសារតែទំហំដ៏ធំ និងស្ថាបត្យកម្មដ៏អស្ចារ្យនេះ មានមនុស្សមួយចំនួនគិតថា ប្រាសាទអង្គរវត្តមិនមែនជាស្នាដៃរបស់មនុស្សទេ គឺ ជាស្នាដៃរបស់អាទិទេព។

តាមប្រវត្ដិសាស្ត្រភាគរឿងនិទាន ប្រាសាទអង្គរត្រូវបានសាងសង់ឡើងដោយ វិស្សកម្មទេវបុត្រ ដែលព្រះឥន្រ្ទបានចាត់ ប្រើឲ្យមកកើតជា មនុស្សលោក មានឈ្មោះថា ចៅចិត្ដកុមារ ឬពិស្ណុការ ដើម្បីសង់ប្រាសាទថ្វាយព្រះកេតុមាលា តែបើតាមប្រជុំរឿងព្រេងខ្មែរភាគ៥ របស់ពុទ្ធ សាសនបណ្ឌិត្យ ដែលយើងកំពុងចុះផ្សាយនេះ ចៅចិត្ដកុមារ ឬពិស្ណុការ មិនមែនចុះមកពីឋានសួគ៌តាមបញ្ជាព្រះឥន្រ្ទាធិរាជទេ។ ព្រះពិស្ណុការ ជាកូនប្រុសរបស់ទេពធិតា ទិពសុតាចន្ទ និងចឹកលឹមសេងដែលរស់នៅក្រុងសៀងហៃនៃប្រទេសចិនឯណោះទៅវិញ។

តាមរឿងព្រេងនិទានទិពសុតាចន្ទ និងតាកំសត់លឹមសេង គេបានផ្សព្វផ្សាយ ដោយប្រើវិធីតាមបទអក្សរសាស្រ្ដផង ដោយវិធីសម្ដែងជា រឿងមហោស្រពល្ខោនផង ធ្វើឲ្យសាច់រឿងនេះ ពីរោះ ល្បីសុះសាយដល់ហ្វូងមហាជនទូទៅ ទាំងនៅស្រុកចិន ទាំងនៅស្រុកខ្មែរផងដែរ។ អ្នកអានអ្នកមើល នាំគ្នាអានស្ដាប់យ៉ាងជក់ចិត្ដ ព្រោះជាសាច់រឿងស្នេហាបែបកំសត់ លាយលំទៅដោយអច្ឆរិយៈ អភិនហាដ៏អស្ចារ្យដែល មនុស្សសង្គមខ្មែរក្ដី ចិនក្ដី សុទ្ធតែជំនឿយ៉ាងមុតមាំ តៗគ្នាមកជាច្រើនរយពាន់ឆ្នាំមកហើយ។

តាមរយៈការសម្ដែងលិល្បៈ មហោស្រព រឿងល្ខោនជាដើមនេះហើយ ធ្វើឲ្យមហាជនយើងវង្វេងភ្លេចស្មារតីបានដោយងាយ ហើយជឿ ស៊ប់លែងគិតគូរអ្វីៗទាំងអស់ ទាំងស្រុងតែម្តង។ នៅក្នុងរឿងនាងសក់ក្រអូប ពួកសៀមបានប្រើល្បិច សម្ដែងសិល្បៈល្ខោនមហោស្រព ដើម្បីចាប់យកព្រះនាងសក់ក្រអូប គឺនៅពេលវង់ល្ខោនសៀមល្បីល្បាញថាល្អមើល ពួកបរិវារភីលៀង និងព្រះនាងសក់ក្រអូបជឿស៊ប់ក្នុង ចិត្ដ ចូលទៅទស្សនាកំសាន្ដ ហើយពួកសៀមចាប់យកព្រះនាងទៅបានយ៉ាងស្រួលតែម្ដង។ យ៉ាងណាមិញ នៅក្នុងរឿងនាងទិពសុតាចន្ទ និង ចឹកលឹមសេងនេះ យើងឃើញអ្នកសាងនគរវត្ដ ថ្វាយព្រះកេតុមាលា គឺជាកូនចិនទៅវិញ។ ការប្រើវិធីវាយបន្លំ បំភាន់ស្មារតី បន្ទាបបន្ថោក បំបាត់អត្ដសញ្ញាណខ្មែរតាមរយៈ ចលនាអក្សរសាស្រ្ដ សិល្បៈ បែបនេះ គឺជាជាចលនាប្រតិកិរិយាមួយ ដែលធ្វើអោយយើងយល់យ៉ាង ច្បាស់ អំពីបំណងបរទេសមកលើជនជាតិខ្មែរយើងយ៉ាងពិតប្រាកដ។


មានចិនម្នាក់ឈ្មោះ លឹម សេង នៅក្នុងខេត្រសៀងហៃ។លឹម សេង អាយុប្រមាណ ៥០ឆ្នាំជាមនុស្សកំសត់ទុរគ៌តណាស់គាត់ បានខ្ចីប្រាក់អ្នកជំនួញម្នាក់ ចំនួន៦ណែន ហើយទៅនៅស៊ីឈ្នួល បំរើម្ចាស់បំណុលនោះ។ ម្ចាស់បំណុលបានតំរូវឲ្យគាត់កាប់ឆ្ការ ព្រៃមួយកន្លែងនៅក្បែរមាត់ទន្លេ ដើម្បីដាំដំណាំ។ នៅរដូវដែល បុប្ផាជាតិទាំងឡាយរីកផ្កា លឹម សេងតែងបេះផលដំណាំជារាល់ ថ្ងៃយកទៅជូនម្ចាស់គាត់។

ថ្ងៃមួយ មាននាងទេពធិតា ៥នាក់ ឋិតនៅឯប្រាសាទព្រះឥន្រ្ទ បានហោះមករត់ប្រលែងគ្នាលេងឯឋានក្រោម បានឃើញផ្កា នៅក្នុងសួនច្បារតាលឹមសេង រីកស្គុះស្គាយព្រោងព្រាត ក៏ប បួលគ្នាចូលទៅក្នុងសួននោះ ទេពធិតាម្នាក់ ឈ្មោះ ទិពសុតាចន្ទ ក៏បានបេះផ្ការបស់តាលឹមសេង ចំនួន៦ទង ព្រោះផ្កានោះមាន ក្លិនក្រអូបសាយល្អ។ ចំណែកទេពធិតាឯទៀត បានដើរលេង ពាសពេញក្នុងសួនច្បារនោះដែរ តែឥតបានកាច់ផ្កាលេងទេ។

លុះត្រលប់ទៅដល់ឋានទេវតាវិញ ទេពធិតាស្លូតត្រង់ក៏បានទូលព្រះឥន្រ្ទពីរឿងនាង ទិព សុតាចន្ទ លួចបេះផ្កាគេ ព្រះឥន្រ្ទក៏ទ្រង់សួរទៅ នាងដែលមានទោស ហើយផ្ដន្ទាទោសថា «ត្រូវឲ្យចុះមកឋានកណ្ដាលនៅជាមួយមនុស្យលោក ចំនួន៦ឆ្នាំ និងត្រូវទៅធ្វើជាប្រពន្ធ តាលឹម សេងនោះ»។

នាងទិព សុតាចន្ទខ្មាសគេណាស់អស់សង្ឃឹមក្នុងចិត្ដ ក៏ហោះចុះមកឋានក្រោមជួប នឹងតាលឹមសេង ហើយនាងនិយាយប្រាប់គាត់ថា «នាងបានលួចបេះផ្កាគាត់ចំនួន ៦ទង ឥឡូវព្រះឥន្រ្ទដាក់ទោសឲ្យនាងចុះមកធ្វើជាប្រពន្ធគាត់ចំនួន ៦ឆ្នាំ។ តាលឹម សេង ឆ្លើយថា ខ្ញុំក្រណាស់ ពុំអាចយកនាងធ្វើជាប្រពន្ធបានទេ ព្រោះចៅហ្វាយខ្ញុំចិត្ដអាក្រក់ណាស់ គាត់ឲ្យបាយខ្ញុំទទួលទានគ្រាន់តែឲ្យរស់ខ្លួនមួយ។ នាងទេពធិតាឆ្លើយ ថា «យ៉ាងម៉េចក៏ដោយ ចាំខ្ញុំជួយលោកតា ខ្ញុំនឹងបង្រៀនវិជ្ជាសិល្ប ដែលគ្មាននរណាចេះដល់លោកតា បើលោកតាមិនព្រមទទួលខ្ញុំធ្វើជា ប្រពន្ធ តើធ្វើម៉េចខ្ញុំ នឹងបានទទួលទណ្ឌកម្មតាមវិន័យនៃព្រះឥន្រ្ទ សូមលោកតាអាណិតខ្ញុំផង។

តាលឹម សេង ក៏ព្រមទទួលនាងទិព សុតាចន្ទ មកនៅជាមួយនឹងគាត់។ គាត់ពេញចិត្ដ នឹងនាងទេពធិតានេះណាស់ ព្រោះជាស្រ្ដីមាន រូបសម្បត្ដិល្អលើសស្រីនានា មិនយូរប៉ុន្មានគាត់មានសេចក្ដីស្នេហាលើរូបនាង។ នាងទិព សុតាចន្ទ កាលបើបាននៅជាមួយតាលឹម សេង យូរមក នាងសង្កេតឃើញសេចក្ដីលំបាកវេទនារបស់តាលឹម សេង និងចិត្ដស្មោះត្រង់របស់គាត់ ក៏កើតចិត្ដអាណិតតាជាខ្លាំង ទើបនាងសួរ គាត់ថា « លោកតាបានខ្ចីលុយគេប៉ុន្មាន?» តាឆ្លើយថា «៦ណែន» នាងប្រាប់ថា «បើលោកតាខ្ចីគេតែ ៦ណែនដូច្នេះលោកតា នឹងត្រូវនៅ បំរើគេតែម្នាក់ឯងទេ ឥឡូវនេះសូមលោកតាទៅខ្ចីគេឲ្យបាន ៤ណែនថែមទៀត ទើបចៅ នឹងបានមកនៅបំរើគេជាមួយលោកតាផង លុយ ដែលយើង នឹងខ្ចីថែមទៀតនោះ យើងនឹងយកមកចាយវាយប្រើការ ឲ្យបានផលប្រយោជន៍ច្រើន។

តាលឹម សេង ក៏ទៅខ្ចីលុយពីម្ចាស់បំណុលខ្លួនបាន៤ណែនទៀតយកមកឲ្យនាងទិព សុតាចន្ទ។ នាងក៏សុំឲ្យតាយ កប្រាក់ទាំង ៤ណែននោះ ទៅទិញសូតយកមកឲ្យនាង។ តាក៏បានទិញសូតនៅជាសំបុកចំនួន ២០នាឡិ។ នាងទិព សុតាចន្ទ ក៏រវៃសូតនោះ ហើយត្បាញជាសំពត់ផ្សេងៗ មានសំពត់ប៉ាក់ជាច្រើនរាប់ពុំអស់។ នាងត្បាញសំពត់ល្អៗណាស់ ដែលសម័យនោះគ្មាននរណាធ្វើបានដូចនាងឡើយ។ កាលបើត្បាញសំពត់ បានច្រើនហើយនាងក៏ប្រើប្ដីនាងឲ្យយក សំពត់ទាំងនោះទៅជូនចៅហ្វាយខ្លួន។

អ្នកម្ចាស់បំណុលយកដៃស្ទាបសំពត់មើល មានសេចក្ដីស្ងើចក្នុងចិត្ដក្រៃលែង ព្រោះគ្មាននរណាមួយអាចចេះត្បាញដូច្នេះបានឡើយ។ អ្នក ម្ចាស់បំណុល ពោលសរសើរតា លឹម សេង ជាច្រើន ហើយដោយអំណាចគាត់កើតសេចក្ដីសប្បាយពន់ពេក គាត់ក៏បានឲ្យលុយ ៥០ណែន ទៅតាលឹម សេង ព្រមទាំងឈប់ទារយកវិញនូវប្រាក់ដែលតា សេងបានជំពាក់គាត់ ពីពេលមុនមកទាំងអំបាលមានផង។ មិនតែប៉ុណ្ណោះអ្នក ម្ចាស់បំណុលបានបញ្ជូនមនុស្សទៅរៀនវិជ្ជាត្បាញសូត ពីនាងទិព សុតាចន្ទ។ នាងទិព សុតាចន្ទ ក៏បានទិញសូត(សំបុកដង្កូវនាង) ជាច្រើន ហាបយកមកបង្រៀនបំរើចៅហ្វាយ តាឲ្យរវៃ ឲ្យត្បាញរាស់ថ្ងៃ។ មិនយូរប៉ុន្មានតាលឹម សេង ក៏បានឡើងជាអ្នកមានម្នាក់មានអំណាច និង មានគេរាប់អានជាច្រើន។


ប្រមាណជាមួយឆ្នាំមក នាងទិព សុតាចន្ទ បានបុត្រប្រុសម្នាក់។ ទារកនេះរពិសពន់ពេក នៅពេលដែលវាចេះវារ វាចេះជីកដីធ្វើជាកំពែង ការពារ ពេលចេះអង្គុយវាគូរលេងនៅលើដីធ្វើជារូបសត្វ រូបមនុស្ស គឺថាវាចូលចិត្ដគូរដីលេង ឥតចេះខ្ជិលឥតឈប់ឈរ វាជាក្មេងពុំចេះនៅ ស្ងៀមមួយស្របក់ណាសោះឡើយ។ អាស្រ័យហេតុដូចេ្នះ ទើបម្ដាយ ដាក់ឈ្មោះថា ព្រះពិស្ណុការ។ លុះកុមារមានវ័យចំនួន ៥ឆ្នាំ នាងទិព សុតាចន្ទ ក៏ផុតកំនត់ ៦ឆ្នាំដែលព្រះឥន្រ្ទបានផ្ដន្ទាទោស តំរូវឲ្យនាងធ្វើជាប្រពន្ធតាលឹម សេង។ ដូច្នេះដើម្បីរំលឹករឿងនោះដល់តាលឹម សេង នាងក៏បេះផ្កាចំនួន៦ ទងយកទៅដាក់លើខ្នើយដេករួចក៏ហោះទៅកាន់ឋានព្រះឥន្រ្ទវិញ។
លុះដល់តាលឹម សេង មានសេចក្ដីងឿងឆ្ងល់ និងមិនឃើញប្រពន្ធចេញមកបរិភោគបាយ ក៏ចូលទៅក្នុងបន្ទប់រកមើល បែរជាឃើញផ្កា ៦ទងដាក់ចោលលើខ្នើយក៏យល់ន័យនោះមួយរំពេច។ តាលឹម សេង ក៏ទួញសោកស្ដាយរលឹកប្រពន្ធ ក្មេង ដែលរត់ចោលគាត់បាត់ទៅនោះ ពន់ពេក អ្នកជិតខាងបានដឹង គេជួយអាណិតគាត់គ្រប់គ្នា។ ចំណែកព្រះពិស្ណុការវិ ញ ក៏រត់រកម្ដាយគ្រប់ច្រកល្ហកទាំងអស់ ស្រែកប្រកូកហៅ ម្ដាយលាន់លឺរំពង ហើយយំសោកបោកខ្លួនជាមួយឳពុក។
គ្រានោះនៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រះបាទប្រទេសរាជទ្រង់សោយព្រះទិវង្គតទៅ ព្រះអង្គឥតមានព្រះរាជបុត្រាបុត្រីមួយព្រះអង្គណា ដើម្បីសោយរាជ្យស្នងព្រះអង្គឡើយ។ ព្រះញាតិវង្សព្រះថោងក៏ផុតរលត់ត្រង់នេះ។ គេសង្កេតឃើញមាននៅសល់តែក្រុងហ៊ូវ និងក្រាយហ៊ូវ ពីររូបប៉ុណ្ណោះទេ ដែលជាអ្នកជាប់ព្រះលោហិតក្សត្រ។ កាលបើដូច្នេះ ព្រះរាជបល្លង្គក៏នៅទំនេរ។
ដំណាលពីបុរសកំសត់ម្នាក់ ដែលប្រកបរបរចិញ្ចឹមជីវិតដោយការកាប់អុសលក់នៅក្នុងព្រៃ។ ថ្ងៃមួយនៅពេលដែលបុរសនោះ កំពុងប្រកប កិច្ចការធម្មតារបស់ខ្លួន ស្រាប់តែមានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង បុរសបានរត់ទៅជ្រកក្នុងខ្ទមអ្នកតាមួយ។ និយាពីព្រះឥន្រ្ទាធិរាជដែលជាស្ដេចនៃ ទេវតា នៅពេលនោះព្រះអង្គបាននិម្មិតធ្វើ ជាមាន់គកពីរមួយសំបុរ ស មួយសំបុរខ្មៅ។ មាន់ខ្មៅមកទុំនៅលើសសរកន្លោងនៃខ្ទម មាន់ស មក ទុំលើដំបូលខ្ទម។ មួសន្ទុះក្រោយមកមាន់សរងាវ ឯមាន់ខ្មៅចេះនិយាយភាសាមនុស្សក៏និយាយថា នរណាមករងាវលើក្បាលអញដូច្នេះ? តើ អ្នកឯងមានរិទ្ធិអំណាចយ៉ាងណាទៅ?។ មាន់សឆ្លើយ «យើងមានរិទ្ធិអំណាចខ្លាំងណាស់ ប្រសិនបើនរណាមួយបានស៊ី សាច់យើង អ្នកនោះនឹង បានជាស្ដេចផែនដី»។ មាន់ខ្មៅឆ្លើយថា «បើមនុស្សណាបានស៊ីក្បាលយើង អ្នកនោះនិងបានជា ស្ដេចសង្ឃ បើមនុស្សស្រីណាបានស៊ីសាច់ភ្លៅ យើង ស្រីនោះនឹងបានជាអគ្គមហេសីស្ដេច បើមនុស្សប្រុសណាបានស៊ីសាច់ទ្រូងយើង អ្នកនោះនឹងបានសោយរាជ្យ ដូច្នោះសូមអ្នកកុំមើល ងាយយើងឲ្យសោះ»។
តមកមាន់សក៏ហើរបាត់ទៅ។ ឯមាន់ខ្មៅនៅទុំនឹងសសរកន្លោងដដែល បុរសកំសត់ក៏លបៗចូលទៅចាប់មាន់ខ្មៅបាន ហើយសំលាប់ភ្លាម យួរយកទៅផ្ទះខ្លួន។ បុរសក៏និយាយការសំងាត់នេះប្រាប់ប្រពន្ធ។ ប្រពន្ធមានសេចក្ដីរីករាយក្រៃលែង យកមាន់នោះទៅចំអិន ធ្វើម្ហូបដួសដាក់ ចាន ដាក់ថាស លើកយកមកបំរុងនឹងបរិភោគ។ ប៉ុន្ដែនៅពេលនោះ បុរសប្ដីនិយាយទៅកាន់ប្រពន្ធថា «យើងជិតបានម្កុដពាក់ហើយ ដូច្នេះ យើងត្រូវយកម្ហូបវិសេសនេះទៅឯមាត់ស្ទឹង យើងមុជទឹកដុសខ្លួនឲ្យស្អាត យកសំលៀកបំពាក់ថ្មីៗ មកស្លៀកពាក់ឲ្យហ៊ីហា រួចសឹមចាប់បរិ ភោគម្ហូបមាន់នេះ។ បុរសប្ដីប្រពន្ធក៏ជញ្ជូនម្ហូបអាហារទៅដាក់មាត់ទឹក មុជទឹកក្នុងស្ទឹងលេងយ៉ាងសប្បាយ លុះងើបពីទឹកឡើងបុរសប្ដីប្រពន្ធ រកមើលថាសដាក់ម្ហូបពុំឃើញ ដោយរលកទឹកបានគួចយកថាសនោះរសាត់ទៅតាមខ្សែទឹកបាត់ទៅ។
នៅថ្ងៃនោះមានទម័កដំរីម្នាក់ឈ្មោះទា គាត់បាននាំដំរីគាត់ជាច្រើនទៅឲ្យចុះត្រាំទឹកស្ទឹងនោះ បានឃើញថាសនោះ អណ្ដែតមករកគាត់ គាត់លើកយកថាសទៅបង្ហាញព្រះសង្ឃមេវត្ដមួយអង្គ។ លោកសង្ឃបានស្គាល់ច្បាស់ នូវគុណភាពនៃសាច់នោះ ក៏ចាប់យកក្បាលមាន់ឆាន់ ទៅ រួចលោកប្រទានសាច់ទ្រូងទៅឈ្មោះទា ឯសាច់ភ្លៅទៅនាងវង ជាប្រពន្ធឈ្មោះទា ប៉ុន្ដែលោកឥតមានពុទ្ធដិការថាអ្វីឡើយ។ ទានិងវង ក៏ បួលគ្នាត្រលប់ទៅផ្ទះវិញទៅ។
និយាយពីបុរសប្ដីប្រពន្ធ គាត់បានខំដើររកថាសម្ហូបនោះ គ្រប់កន្លែងទាំងអស់ប៉ុន្ដែពុំឃើញ គិតថាប្រាកដជាមាននរណា មកលួចយករបស់ គាត់ហើយ គាត់ក៏ប្រទេចផ្ដាសាជនពុំស្គាល់មុខនោះជានិច្ចច្រើនរាប់ពុំអស់។

បន្ទាប់ពីនោះមកបីថ្ងៃ នៅក្នុងប្រទេសក៏មានការប្រជុំគណរដ្ឋមន្រ្ដី នៅក្នុងសម័យប្រជុំនោះរដ្ឋមន្រ្ដីទាំងឡាយបានប្ដូរយោបល់គ្នាថា «ព្រះ រាជណាចក្រយើង ពុំទាន់មានព្រះមហាក្សត្រគ្រងរាជនៅឡើយទេ ដូច្នេះត្រូវបញ្ចេញដំរីមកចងកូប ហើយបួងសួងដល់ទេវតា សូមឲ្យនាំដំរី ចេញទៅលុតជង្គង់ខ្លួនឯង ចំពោះមុខជនណាមួយដែលអាចអង្គុយលើរាជបល្ល័ង្គបាន ហើយសូមឲ្យដំរីលើកបុរសនោះដាក់លើក្បាលនាំមក ទីនេះ ដើម្បីយើង នឹងរៀបព្រះរាជពិធីអភិសេកបុរសនោះ ឡើងសោយរាជ្យក្នុងព្រះនគរ» ។ លុះជំនុំហើយ គេយកដំរីមករៀបចំកងកូប និង គ្រឿងលំអឯទៀតជាច្រើ ន ហើយលែងឲ្យវាដើរទៅតាមចិត្ដវា។ ដំរីដើរទៅរកហ្មទា និងនាងវង ហើយលុតជង្គង់នៅមុខជនទាំងពីរនាក់ រួច លើកជនទាំងពីរនាក់នោះដាក់លើក្បាល បញ្ជិះមកកាន់បរមរាជវាំង។ ខណៈនោះពួកមន្រ្ដីក៏រៀបចំធ្វើព្រះរាជពិធីរាជា ភិសេកភ្លាមតាមប្រពៃ ណី។ ហ្មទា ក៏បានទទួលព្រះបរមនាមថា ទេវងអស្ចារ្យ(១)
ឯក្រុងហ៊ូវ និង ក្រាយហ៊ូវមានសេចក្ដីអន់ព្រះទ័យមិនព្រមចុះចូលព្រះមហាក្សត្រអង្គថ្មី ក៏រត់ទៅស្រុកបាកាន ខេត្រ ពោធិសាត់ ហើយទ្រង់ បានសង់ប្រាសាទមួយនៅទីនោះ។
ដំណាលពីព្រះឥន្រ្ទាធិរាជ ទ្រង់សង្កេតឃើញព្រះអគ្គមហេសី នៃព្រះមហាក្សត្រអង្គថ្មី ពុំទាន់មានព្រះរាជបុត្រនៅឡើយ ក៏ទ្រង់ព្រះចិន្ដាថា «យើង នឹងផ្ដល់ព្រះរាជបុត្រមួយអង្គ ដល់ព្រះនាងវង ព្រះរាជបុត្រនេះមានសញ្ជាតិជាព្រះឥន្រ្ទសុទ្ធ ដើម្បីឲ្យជាប់ជាព្រះញាតិវង្សសោយរាជ្យ ក្នុងប្រទេសខ្មែរជានិរន្ដតទៅ។ ថ្ងៃមួយនៅពេលដែលព្រះមហាក្សត្រយានីវង ទ្រង់យាងចេញពីមហាប្រសាទ ព្រះឥន្រ្ទទ្រង់ហោះចេញមក ស្ថិតនៅ លើអាកាសា មនុស្សលោកមើលព្រះអង្គពុំឃើញទេ ឃើញតែពន្លឺមួយយ៉ាងធំខៀវសន្ធឹងកាត់អាកាស។ អ្នកស្រុកស្រែកឆោលោ ឡើងថា «ពន្លឺធ្លាក់! ពន្លឺធ្លាក់! »។ ព្រះឥន្រ្ទក៏ទំលាក់កំរងផ្កាមកលើព្រះកាយព្រះនាងវង ហើយទ្រង់ត្រលប់ទៅឋានព្រះអង្គវិញបាត់ទៅ។ ព្រះ នាងអគ្គមហេសីវង ទ្រង់មានព្រះគ៌ភពីត្រឹមពេលនោះមក ហើយទ្រង់ប្រសូត្រព្រះរាជបុត្រាមួយព្រះអង្គ ថ្វាយព្រះនាមថា «ព្រះកេតុមាលា» មានន័យថា កំរងផ្កា។
សូមដំណាលពីព្រះពិស្ណុការវិញ អ្នកខំរត់រកម្ដាយគ្រប់ច្រកល្ហកអស់ហើយ ប៉ុន្ដែឥតបានដឹងថា ម្ដាយទៅណាសោះ។ កុមារក៏កើតទុក្ខរក ទីបំផុតគ្មាន ទើបថ្ងៃមួយសួរឳពុកថា «ម្ដាយខ្ញុំជាអ្វី?» ឳពុកឆ្លើយថា ម្ដាយកូនឯងជាទេពធិតា នាងត្រូវមកនៅក្នុងឋានមនុស្សយើងនេះត្រឹម ៦ឆ្នាំទេ ឥឡូវនាងត្រលប់ទៅឋានទេវតាវិញហើយ ឋាននោះនៅឆ្ងាយណាស់ឳពុកមិនដឹងថាម្ដាយកូនឯងនៅត្រង់ណាទេ» កុមារនៅស្ងៀម ប៉ុន្ដែចេះតែនឹករកម្ដាយឥតភ្លេច ក៏សំរេចចិត្ដថា ចេញទៅរកម្ដាយឲ្យទាស់តែឃើញ ទោះបីឳពុកខំនិយាយឃាត់យ៉ាងណា ក៏កុមារពុំយល់ ស្របតាមជាដាច់ខាត។ ព្រះពិស្ណុការកុមារ បានធ្វើដំណើរចេញទៅ ដើរកាត់ព្រៃលេចវាល លេចវាលចូលព្រៃ ពេលឃ្លានបេះផ្លែរុក្ខជាតិនានា ធ្វើជាអាហារ សំលៀកបំពាក់រហែករយីរយ៉ៃអស់។ ប៉ុន្ដែដោយហេតុកុមារនេះមានវាសនាល្អ ថ្ងៃមួយពួកទេពធិតាបាន ចុះមកលេងនៅលើភ្នំ មួយ ហើយក្នុងបណ្ដាទេពធិតាទាំងនោះ មាននាងទិព សុតាចន្ទមួយផង។ នាងកំពុងនាំគ្នាដើរកាច់ផ្កាតាមដងព្រៃចងជាបាច់ៗ។
កាលព្រះពិស្ណុការ បានឃើញស្រ្ដីល្អៗ ដូច្នោះក៏នឹកគិតអស់ពេលជាច្រើនឆ្នាំណាស់មកហើយដែលអញដើរចេញពីទីភូមិ ដែលមានមនុស្ស លោកនៅ អញឥតដែលបានជួបមនុស្សម្នាក់សោះ សំលៀកបំពាក់អញក៏រហែកដាច់ដាច ហើយអញពុំអាចរកអ្វីមកផ្លាស់បានទេ ក្រៅពីយក ស្លឹកឈើមកចងបិទបាំងខ្លួនដូច្នេះ មនុស្សស្រីទាំងឡាយដ៏ល្អក្រៃលែង នេះមកពីឋានណា? មិនមែនជាទេពធិតាទេឬ? គិតដូច្នេះហើយព្រះ ពិស្ណុការរត់ពួន។ ស្រ្ដីទាំងនោះដើរមកជិតដល់កុមារ ៗក៏លើកដៃបួងសួងឡើងថា «បើក្នុងស្រ្ដីទេពធិតាទាំងអស់នេះ ឥតមានម្ដាយខ្ញុំនៅក្នុង នេះផងទេ សូមឲ្យហោះ ហើរទៅឋានលំនៅគេវិញកុំបីមានសល់ឡើយ ប៉ុន្ដែបើមានម្ដាយខ្ញុំមកនៅក្នុងនេះផង ខ្ញុំសូមកុំឲ្យម្ដាយខ្ញុំហោះហើរ ទៅជាមួយនឹងគេរួច»។

លុះបួងសួងដូច្នេះហើយ ព្រះពិស្ណុការក៏រត់ចេញសំដៅទៅកន្លែងដែល នាងទេពធិតាទាំងនោះកំពុងលេង។ នាងទេពធិតាទាំងឡាយ កាល បើឃើញកុមារមនុស្សលោក ក៏ភ្ញាក់ផ្អើលស្ទុះហោះទៅឋានលើអស់ នៅសល់តែនាងទិព សុតា ចន្ទហោះទៅ នឹងគេពុំរួច។ ព្រះពិស្ណុការរត់ ទៅចាប់អោបរិតនាងយ៉ាងសិទ្ធជាទីបំផុត។ នាងទិព សុតាចន្ទ ស្រែកខ្លាំងៗ ថា «តើកម្មអ្វីតាមមកគ្របសង្កត់ លើរូបខ្ញុំទៀតហើយ ខ្ញុំបាន សោយទុក្ខសោយទោសបានរួចពីឋានមនុស្សលោកហើយ ម្ដេចឡើយក៏មនុស្សលោកមកចាប់រិតរួតខ្ញុំជាថ្មីទៀតដូច្នេះ?»។
ព្រះពិស្ណុការ ស្រែកឡើងថា «ម៉ែ! ម៉ែ! ខ្ញុំនេះត្រូវជាកូនម៉ែ។ កាលដែលម៉ែរត់ចេញពីផ្ទះបាត់ទៅ កូនយំទួញសោកខំ ដើររកគ្រប់ទីកន្លែង ពុំឃើញសោះ លោកឳពុកបានចូលទៅរកម៉ែក្នុងបន្ទប់ ឃើញតែផ្កា៦ទង ដាក់លើខ្នើយ គាត់ក៏យល់ភ្លាមថា ម៉ែត្រលប់ទៅនៅឯឋានទេវតា វិញហើយ គាត់កើតទុក្ខពន់ប្រមាណរកអ្វីមកប្រៀបពុំបានទេ នៅក្នុង លោកយើងនេះ មិនតែប៉ុណ្ណោះអ្នកជិតខាង ក៏បានរត់មកជួយយំសោក ស្ដាយស្រណោះអាលោះអាល័យម៉ែជាមួយយើងដែរ តាំងពីពេលនោះមក ខ្ញុំចេះតែនឹកមមៃមកម៉ែពុំមានភ្លេចសោះឡើយ លុះខ្ញុំធំដឹងក្ដីបន្ដិច ឡើង ខ្ញុំក៏សុំឳពុកចេញដើរផ្សងព្រេងតាមរកម៉ែ ហើយកូននឹកស្មានថា កូនមុខជាស្លាប់ដោយអស់កំលាំងបាក់ជ័របាយពុំខាន តែឥឡូវនេះ ខ្ញុំបាន មកជួបម៉ែហើយ ខ្ញុំសូមអង្វរម៉ែឲ្យត្រលប់ទៅវិញជាមួយនឹងកូន!»។ នាងទិព សុតាចន្ទ ស្គាល់កុមារថាជាកូនរបស់ខ្លួនពិត ដោយសារសំដី ដែលកុមារនិយាយ។ ដូច្នេះនាង ក៏យំសោកអាណិតកូនជាខ្លាំង ហើយមានវាចាទៅកាន់កូនថា «ម៉ែឥតស្អប់ខ្ពើមឳពុកកូនឯងទេ ម៉ែតែងនឹកមក កូននិងឳពុកឯងពុំមានភ្លេច ព្រមទាំងអ្នកភូមិផងរបងជាមួយទៀត ដែលធ្លាប់នៅជាមួយគេ ប៉ុន្ដែជាតិជាទេពធិតា ពុំអាចនៅជាមួយមនុស្សបាន យូរទេ រាស់ថ្ងៃម្ដាយតែងទៅបំពេញកិច្ចនៅចំពោះព្រះភក្រ្ដព្រះឥន្រ្ទាធិរាជ គឺសុំអង្វរឲ្យព្រះអង្គប្រទានដល់កូនឯងនិងឳពុកកូនឯងកុំបីខាន មិន តែប៉ុណ្ណោះ ម្ដាយបានទាំងបានទូលសុំព្រះឥន្រ្ទ ឲ្យព្រះអង្គមេត្ដាផ្សាយនូវសុភមង្គល ដល់មនុស្សលោកនៅឋាននេះ ទូទៅផង។ កូនប្រុសពន្លក ម្ដាយ! ម្ដាយមិនអាចនៅជាមួយ នឹងអ្នកបានទៀតទេ តែម្ដាយ នឹងយកកូនឯងទៅលេងប្រាសាទម្ដាយឯឋានលើមួយដង។ ម្ដាយនាំកូនឯងទៅ មុជទឹកអាងក្រអូប នៅក្នុងសួនព្រះឥន្រ្ទ ហើយទឹកនោះ នឹងជំរះកាយកូនឯង ឲ្យបាត់ធំក្លិនមនុស្សលោក បន្ទាប់ពីនោះមកម្ដាយនឹងនាំកូនឯង ចូលទៅក្នុងប្រាសាទ រួចនាំកូនឯងទៅថ្វាយបង្គំព្រះឥន្រ្ទ។
នាងទិព សុតាចន្ទក៏ហុចក្រមាឲ្យព្រះពិស្ណុការផ្លាស់ រួចនាងលើកពរបុត្រឡើង ហោះកាត់អាកាស។ នាងយកបុត្រ ទៅឲ្យមុជទឹកក្រអូប នាំ ចូលក្នុងលំនៅនាង យកសំលៀកបំពាក់ស្អាតៗ មកស្លៀកពាក់ឲ្យ យកម្ហូបសួគ៌មកឲ្យបរិភោគ រួចនាំចូលទៅក្នុងមហាប្រាសាទព្រះឥន្រ្ទ។ ព្រះ ពិស្ណុការក៏កើតសេចក្ដីសប្បាយអស្ចារ្យណាស់ ប៉ុន្ដែ ដល់កុមារចូលទៅក្នុងបន្ទប់សំរាប់ជួបនឹងព្រះឥន្ទ្រ ដោយអ្នកមានសេចក្ដីចាប់អារម្មណ៍ ក្រៃពេក ចំពោះលំអនៃបន្ទប់នោះ ក៏ទៅជាញ័រដៃញ័រជើង (ចាញ់បុណ្យ) នៅទីនោះ។ នៅពេលដែលព្រះឥន្រ្ទាធិរាជ យាងចេញមកតាមនោះ ទ្រង់ទតឃើញកុមារ ទ្រង់សួរទៅនាងទិព សុតាចន្ទថា «តើមនុស្សនេះជាអ្វី បានជានាងយកមកដល់ក្នុងប្រាសាទយើង?»។ នា ងទិព សុតាចន្ទ ទូលថា «ជាបុត្រខ្ញុំម្ចាស់ កាលដែលខ្ញុំម្ចាស់ចុះទៅនៅឋានមនុស្សលោក រៀបការជាមួយលោកតាលឹម សេង»។ ព្រះឥន្រ្ទមានបន្ទូលថា «នែ! កុមារដ៏ប្រសើរ ចូរឯងក្រោកឡើង»។ ព្រះពិស្ណុការក៏បានដឹងស្មារតីឡើងលុតជង្គង់ បន្ទន់ខ្លួននៅចំពោះព្រះភ័ក្រ្តនៃស្ដេចទេវតា។ ព្រះឥន្រ្ទ ក៏នាំ កុមារចូលទៅក្នុងបន្ទប់ប្រាសាទព្រះអង្គ ហើយទ្រង់ត្រាស់សួរកុមារច្រើនបញ្ហា អំពីឋានមនុស្សលោកដែលកុមាររស់នៅ។ ចំលើយនៃព្រះ ពិស្ណុការ បានធ្វើឲ្យព្រះអង្គសព្វព្រះទ័យពន់ពេក។ នៅពេលនោះនាងទិព សុតាចន្ទបានទូលព្រះឥន្រ្ទបន្ថែមថា «បុត្រខ្ញុំម្ចាស់មានការប៉ិនប្រ សប់ណាស់ គឺចេះគូរ ចេះឆ្លាក់នាំឲ្យមនុស្សលោកកោតសរសើរស្ញប់ស្ញែងជាក្រៃលែង ប៉ុន្ដែទាស់តែកូនខ្ញុំម្ចាស់ចេះ ចំណេះទាំងនេះដោយ ឥតបានរៀនពីគ្រូណាសោះ គឺវាចេះដោយសារគំនិតវាតែម្ដង»។ ព្រះឥន្រ្ទឆ្លើយថា «មែនហើយ! មនុស្សណាចេះវិជ្ជាឥតគ្រូ លោកប្រដូចនឹង មនុស្សឆ្គួត បើដូច្នេះឯង នាំកុមារនេះទៅជួបនឹងទេវបុត្រ ជានាយរោងជាងឈើ គេនឹងបង្រៀនកុមារឲ្យចេះមុខវិជ្ជាប្លែកៗសិន រួចសឹមឲ្យ កុមារត្រលប់ទៅឋានមនុស្សលោកវិញ។ កុមារមានសញ្ជាតិជាមនុស្សលោក ពុំអាចនៅក្នុងទីនេះរហូតទៅបានទេ។
ព្រះពិស្ណុការ ក៏ទៅជាមួយទេវបុត្រ ដែលជាអ្នកបច្ចេកទេសខាងវិជ្ជាសិល្បៈ និង ខាងសណង់។ យុជជននោះខំរៀនគូរ រៀនឆ្លាក់ រៀនភ្លេង អំពីសំណាក់ទេវតបុត្រជាគ្រូទាំងនោះ បានចេះចាំស្ទាត់សព្វគ្រប់ទាំងអស់ គឺចេះសង់នាវាអាចបើក បរលើគោកបាន ចេះឆ្លាក់ប្រាក់ ឆ្លាក់មាស ចេះស្លដែកគ្រប់យ៉ាង និងចេះវិជ្ជាលាយទឹក ហើយទឹកនោះបើកាលណា គេចាក់លើដីឥដ្ឋ ដីនោះនឹងក្លាយទៅជាថ្ម។ សរុបសេចក្ដីទៅគឺកុមារ បានចេះចាំទាំងអស់ នូវមុខវិជ្ជាទាំងឡាយណា ដែលទេវបុត្របានបង្រៀន ហើយទេវបុត្រ បាននិយាយលើកទឹកចិត្ដកុមារ ដូច្នេះទៀតផងថា «កិច្ចការដែលអ្នកបានចេះ ធ្វើទាំងប៉ុន្មាននេះ អាចគង់ឋិតថេរនៅបានអស់ពេលជាច្រើនពាន់ឆ្នាំ ឯចំណែកការងាររបស់ខ្ញុំវិញអាចមានជីវិតតែ ត្រឹមមួយរជ្ជកាលស្ដេចមួយព្រះអង្គៗប៉ុណ្ណោះទេ។ ឧបមាថា បើព្រះមហាក្សត្រអង្គណាមួយ បានសោយរាជ្យសម្បត្ដិ ហើយទ្រង់សព្វព្រះរាជ ហរិទ័យឲ្យខ្ញុំសង់ប្រាសាទថ្វាយ ខ្ញុំអាចសង់បានមួយរំពេច ប៉ុន្ដែនៅថ្ងៃដែលព្រះមហាក្សត្រអង្គនោះ ទ្រង់សោយព្រះទីវង្គតទៅ ប្រាសាទនោះ ក៏ត្រូវរលាយបាត់ក្នុងពេលនោះដែរ។ ដូច្នេះឃើញថារិទ្ធិអំណាចរបស់យើងមិនដូចរិទ្ធរបស់អ្នកទេ»។ ទេវបុត្រក៏ទៅក្រាបទូលព្រះឥន្រ្ទាធិរាជ អំពីលទ្ធផលដ៏ប្រសើរក្រៃលែង ដែលកើតមាន មកអំពីការអប់រំព្រះពិស្ណុការ ព្រះឥន្រ្ទក៏ទ្រង់សព្វព្រះទ័យជាខ្លាំង ហើយទ្រង់ទទួលស្គាល់ថា «ព្រះពិស្ណុការ នឹងទៅ ជាអ្នកអប់រំ អ្នកបង្ហាត់បង្រៀនមនុស្សលោកទាំងអស់ដែលកាន់ព្រះពុទ្ធសាសនា »។

បន្ទាប់មកព្រះឥន្រ្ទក៏មានព្រះអោង្ការថា «ជាងសណង់ទាំងអស់ ដែលជាតិជាមនុស្សលោកមុននឹងសាងសង់អ្វីៗ ត្រូវតែរៀបដង្វាយថ្វាយ ព្រះពិស្ណុការសិន ឯប្រដាប់ដង្វាយមានដូចតទៅនេះ គឺស្រាមួយដប ប្រាក់ ១រៀល ដើមចេក ៤កង់ មានដោតម្លូស្លាលើនោះផង សំពត់៤ហត្ថ អង្ករ១ផ្តិល និងទៀន១ដើម។ បើជនណាមួយចាប់ធ្វើកិច្ចការអ្វីៗមិនបានរៀបដង្វាយនេះថ្វាយពិស្ណុការទេ អ្នកនោះឯង នឹងបើកភ្នែកពុំរួចឡើយ ទោះបើករួចមើលឃើញពន្លឺថ្ងៃ ក៏នៅមានព ពឹកភ្នែកគ្រប់ភ្នែក(ភ្នែកអៀស៊ី)ដែរ។
កាលព្រះឥន្រ្ទមានព្រះបន្ទូលមកដល់ត្រង់នេះ ព្រះអង្គនឹកឃើញដល់ព្រះកេតុមាលា ហើយព្រះអង្គក៏ទ្រង់ហោះចុះមក កាន់ប្រទេសកម្ពុជា ។ ពេលនោះជារាត្រីកាលមនុស្សទាំងឡាយ មានសេចក្ដីភ្ញាក់ផ្អើលជាខ្លាំងដោយឃើញពន្លឺភ្លឺត្រចះត្រចង់នៅលើមេឃ ហើយដណ្ដឹងសួរគ្នាថា «តើនរណាធ្វើអ្វីបានជាភ្លឺសន្ធោរលើមេឃដូច្នេះ»។ ព្រះឥន្រ្ទក៏បានចុះមកដល់ក្នុងប្រាសាទស្ដេច។ ពួកអ្នកយាមក៏រត់ទៅទូលព្រះបាទទេវង អស្ចារ្យ «មានសត្វពុំដែលស្គាល់ ចុះមកពីឋានទេវតា មានភាពដូចមនុស្ស ប៉ុន្ដែមានព៌ណខៀវ មានពន្លឺចាំងដូចភ្លើង បានចូលមកក្នុងប្រាសាទ»។ ព្រះបាទទេវងអស្ចារ្យយាងយ៉ាង ប្រញាប់ តំរង់ទៅប្រាសាទព្រះអង្គ ហើយទ្រង់បានស្គាល់ថាជាព្រះអង្គឥន្រ្ទ ព្រះរាជាទ្រង់អោនលុតជង្គង់ថ្វាយ បង្គំ ព្រះឥន្រ្ទសួរថា «តើព្រះអង្គមានស្គាល់ព្រះរាជបុត្រខ្ញុំឬទេ?» ព្រះបាទទេវងអស្ចារ្យទូលថា «ទូលបង្គំពុំដែលស្គាល់ទេ»។ព្រះឥន្រ្ទសួរថា «កាលដែលព្រះកេតុមាលាទ្រង់ព្រះសម្ភព តើមានអាភេទដូចម្ដេច?»។ ព្រះបាទទេវងអស្ចារ្យទូលថា «ឃើញពន្លឺខៀវលាតសន្ធឹងនៅលើ មេឃរួចស្រាប់តែមានកំរងផ្កាធ្លាក់មកលើអគ្គមហេសីទូលព្រះបង្គំ ហើយតមកអគ្គម ហេសីទូលព្រះបង្គំមានផ្ទៃពោះ ឥឡូវប្រសូត្រមក សន្មតនាមថាកេតុមាលា ឥឡូវមានវ័យចំរើនហើយ។
ព្រះឥន្រ្ទមានព្រះបន្ទូល «ហ្នឹងហើយ! គឺកូនខ្ញុំវាចុះមកចាប់បដិសន្ធិ»។ លឺដូចនេះព្រះបាទទេវងអស្ចារ្យ ក៏ទ្រង់ត្រាស់ ហៅព្រះកេតុមាលា ឲ្យចូលមក ព្រះឥន្រ្ទក៏ចាប់លើកព្រះរាជកុមារឲ្យអង្គុយលើព្រះអុរូ (ភ្លៅ) រួចទ្រង់មាន ព្រះបន្ទូលថា «ពីដើមខ្ញុំឈ្មោះថា មឃមាណព ខ្ញុំបាន ស្ថាបនាផ្លូវថ្នល់ ស្ថាបនាទំនប់ទឹក សង់សាលា សង់ស្ពាន ខ្ញុំបានធ្វើ បុណ្យដាក់ទានដល់អ្នកក្រីក្រលំបាក ដោយផលនេះខ្ញុំបានទៅកើតជាព្រះ ឥន្រ្ទ។ ដូច្នេះខ្ញុំមានចិត្ដនឹកមកដល់ប្រទេសកម្ពុជាណាស់ ព្រោះជាប្រទេសទើបនឹងកើតឡើងថ្មីៗ ហើយតាំងពីពេលនោះមកដល់ឥឡូវនេះ គ្មានមនុស្សខ្លាំងពូកែណាម្នាក់ មកនៅក្នុងប្រទេសនេះសោះ ដូច្នេះយើងនឹងជួយធ្វើឲ្យឯងបានសប្បាយ ហើយឲ្យមានអាយុវែងផង ត្បិតអី មនុស្សលោកសម័យនេះអាយុខ្លីណាស់ កំរមាននរណាអាយុបាន១០០ឡើង យើងនឹងនាំយកឯងទៅក្នុងប្រាសាទយើង ហើយឲ្យឯងចុះមុជ ទឹកក្នុងអាងមួយ ដើម្បីឲ្យបានអាយុវែង»
ព្រះឥន្រ្ទក៏លើពរព្រះកេតុមាលា ហោះទៅកាន់ឋានទេវតា។ នៅក្នុងសួនច្បារនៃព្រះឥន្រ្ទមានអាងទឹកមួយ ព្រះឥន្រ្ទ ក៏យកព្រះកេតុមាលា ទៅឲ្យមុជទឹកក្នុងអាងនោះមួយថ្ងៃ៧ដង លុះត្រាតែគ្រប់៧ថ្ងៃ។ បន្ទាប់មកព្រះឥន្រ្ទក៏នាំព្រះ កេតុមាចូលទៅក្នុងប្រាសាទព្រះអង្គ រួចព្រះឥន្រ្ទ អញ្ជើញទេវតា៧នាក់ ឲ្យមកសូត្រសែកមន្ដគាថា និងប្រោះព្រំទឹកមន្ដទៅលើព្រះកេតុមាលា ដើម្បីឲ្យបានអាយុជាងមួយរយឆ្នាំ។
កាលបើពិធីនេះបានចប់សព្វគ្រប់ហើយ ព្រះឥន្រ្ទក៏ទ្រង់បង្គាប់ឲ្យគេទឹមព្រះរាជរថបញ្ជិះ ព្រះកេតុមាលាបរហោះ ព័ទ្ធជុំវិញប្រាសាទព្រះអង្គ ដើម្បីឲ្យព្រះកេតុមាលាអាចមើលឃើញលំអប្រាសាទសព្វគ្រប់ទាំងអស់។ កាលបើព្រះកេតុមាលា បានសង្កេតឃើញប្រាសាទព្រះឥន្ទសព្វ គ្រប់អស់ហើយ នាយសារថីក៏នាំព្រះកេតុមាលា ទៅមើលក្រោលគោសួគ៌ទៀត។ ព្រះឥន្រ្ទក៏សួរទៅព្រះកេតុមាលាថា «អ្នកពេញចិត្ដនឹងអ្វី ដែលអ្នកបានឃើញឬទេ?» ព្រះកេតុមាលា ទូលថា «ខ្ញុំមានសេចក្ដីស្ញប់ស្ញែងណាស់» ព្រះឥន្រ្ទមានព្រះបន្ទូថា «ដូច្នេះខ្ញុំប្រគល់អាណចក្រ កម្ពុជានេះឲ្យឯង ហេតុនេះបើឯងពេញចិត្ដនឹងប្រាសាទណាមួយ ដែលឯងបានឃើញហើយ ចង់សង់ប្រាសាទមួយនៅប្រទេសកម្ពុជា ឲ្យល្អ ដូច្នេះចូរឯងគ្រាន់តែនឹកក្នុងចិត្ដទៅ យើងនឹងបញ្ជូនស្ថាបនឹកម្នាក់ឲ្យទៅសង់ឲ្យឯង នៅក្នុងប្រទេសឯងមួយរំពេច»។ នៅពេលនោះព្រះកេតុ មាលាទើបតែនឹងមានព្រះជន្ម ១២ឆ្នាំ។ ដូច្នេះកុមារមានសេចក្ដីតក់ស្លុតខ្លាចព្រះឥន្រ្ទពន់ប្រមាណ ទ្រង់គិតឃើញថា «នៅក្នុងប្រទេសអញ អញពុំត្រូវធ្វើឲ្យល្អជាងបា្រសាទព្រះឥន្រ្ទទេ បើសិនជាអញធ្វើឲ្យល្អជាង ឬប្រហែលព្រះអង្គនោះ ព្រះអង្គមុខជាអាក់អន់ព្រះទ័យពុំខាន។
ទ្រង់គិតដូច្នេះហើយ ព្រះកេតុមាលា ទ្រង់ឆ្លើយថា «ទូលព្រះបង្គំ ចង់ឲ្យគេលង់ប្រាសាទមួយដែលមានលំអប្រហែ លក្រោលគោព្រះអង្គ» ។ ព្រះអង្គក៏ទ្រង់ព្រះសំរួលថា «ក្រោលគោនេះជារបស់ល្អ ចំពោះភ្នែកឯងហើយឬ?» ហើយ ទ្រង់មានបន្ទូទៅកាន់ព្រះពិស្ណុការថា «ចៅឯង ជាមនុស្សលោក ពុំអាចឋិតក្នុងឋានលើនេះបានរហូតទេ យើងបញ្ជូនចៅឯងទៅប្រទេសកម្ពុជា ហើយត្រូវឯងសង់ប្រាសាទឲ្យព្រះរាជបុត្រ យើងមួយខ្នង ឲ្យមានសោភណភាព ល្អជាងក្រោលគោយើង កាលបើចៅឯងសង់រួចស្រេចហើយ យើងនឹងចុះទៅធ្វើជាអធិបតីក្នុងពិធីរៀប ចំអភិសេកព្រះរាជបុត្រយើងឲ្យឡើងសោយរាជ្យ»។
កាលបើព្រះពិស្ណុការ បានពិនិត្យមើលក្រោលគោព្រះឥន្រ្ទសព្វគ្រប់ហើយ ព្រះឥន្រ្ទក៏ទ្រង់ព្រះរាជបញ្ជាឲ្យគេរៀ បចំទឹមព្រះរាជរថព្រះអង្គ បញ្ជិះព្រះកេតុមាលា និង ព្រះពិស្ណុការចុះមកកាន់ដីត្រង់ប្រទេសកម្ពុជា។ ព្រះពិស្ណុការក៏ ចាប់សង់ប្រាសាទភ្លាម នៅព.ស ៦២០។ លោកបង្គាប់ ឲ្យជីកស្នាមភ្លោះយកអាច់ដី ចាក់គរលើគ្នាយ៉ាងខ្ពស់ រួចទើប ព្រះពិស្ណុការយករូបចំលាក់ផ្សេងៗ ទៅផ្ដិតលើដីនោះគ្រប់ទិសទាំងអស់។
ដំណាលពីកូនមេភូមិម្នាក់ឈ្មោះសុវណ្ណ។ អ្នកកំលោះបានចូលធ្វើជាកម្មករព្រះពិស្ណុការ។ លុះសុវណ្ណបានយល់ការថ្នឹក ល្មមធ្វើការខ្លួនឯង កើត ព្រះពិស្ណុការក៏ជិះទូកទៅកាន់សមុទ្រដើម្បីរកសំបកខ្យងមកដុតធ្វើជាកំបោរដើម្បីបូកប្រាសាទ។ លុះត្រលប់មកវិញ មកដល់សំរោង សែន ស្រុកកំពង់លែងទូកក៏ត្រូវលិចទឹក។ ព្រះពិស្ណុការ ក៏បានស្ដាយានជំនិះនោះឡើង ប៉ុន្ដែឥតបានកើបយកសំបកខ្យងទេ។ អាស្រ័យហេតុ នេះហើយ បានជាសព្វថ្ងៃនេះ គេឃើញមានសំបក ខ្យងជាច្រើនគំនរ កប់នៅភូមិសំរោងសែន ចាប់តាំងពីច្រើនឆ្នាំណាស់មកហើយ អ្នក ស្រុកក្នុងភូមិនោះតែងបបួលគ្នា រើសសំបកខ្យងនោះ មកដុតធ្វើជាកំបោរ ប៉ុន្ដែសំបកខ្យងនៅតែមានចំនួនជាច្រើនក្រៃលែងរហូតមកដល់ សព្វថ្ងៃនេះ
ថ្ងៃក្រោយទៀត ព្រះពិស្ណុការក៏ធ្វើដំណើរទៅកាន់សមុទ្រ ដើម្បីរើសសំបកខ្យងទៀត។ ប៉ុន្ដែម្ដងនេះ មានទូកសំពៅច្រើនណាស់ ហើយបាន សំបកខ្យងជាច្រើនក្រៃលែង។ បន្ទាប់មកទៀត ព្រះពិស្ណុការក៏ចេញសំពៅបី ដើម្បីទៅរកគ្រាប់ល្ង ប៉ុន្ដែលុះត្រលប់មកមានខ្យល់ព្យុះបោក បក់សំពៅមួយលិចនៅត្រង់កោះកំញាន ខាងលិចដូនទ្រី។ ព្រះពិស្ណុការ ក៏ចាក់គ្រាប់ល្ងក្នុងសំពៅនោះចោលទាំងអស់ រួចក៏ធ្វើគ្រាប់ល្ងនោះឲ្យ រឹងក្លាយទៅជាកោះមួយ ហេតុនេះហើ យបានជាសព្វថ្ងៃនេះ គេសង្កេតឃើញក្នុងកោះកំញាន មានពណ៌ខ្មៅដូចជាគ្រប់ល្ង គ្មានដីអ្វីទៀតនៅ លាយជាមួយឡើ យ។

ចំណែកគ្រាប់ល្ងនៅក្នុងសំពៅពីរទៀត ព្រះពិស្ណុការក៏យកទៅលាយបូកពីលើប្រាសាទដី ដែលលោកសង់នោះ។ ដីនោះ ក៏បានក្លាយទៅជាថ្ម មួយរំពេច។ ការសង់ប្រាសាទ ព្រះពិស្ណុការឥតចាំបាច់ចងរន្ទា ដាំសសរម្ដងមួយៗ ដូចយើងទេគឺ គឺលោកយកដីមកសង់ជាប្រាសាទ៥ជាន់តែ ម្ដងទើបយកទឹកថ្នាំលាយទៅលាបពីលើតួប្រាសាទដីទាំងមូល។ ប្រាសាទនោះក្លាយទៅជាថ្ម។ អាស្រ័យហេតុនេះហើយ បានជាយើងឃើញ ត្រង់វង់កោងនៃដំបូលប្រាសាទ ឥតមានរនូត ឬសសរ ទ្រពីក្រោមទេ។ លុះស្ថាបនាបានជាស្រេចកាលណា ព្រះពិស្ណុការក៏លាបថ្នាំលើរូប ចំលាក់ទាំងអស់នោះ តំរូវទៅតាមពណ៌ផ្សេងៗ ធ្វើឲ្យប្រាសាទមានលំអយ៉ាងត្រចះត្រចង់ គឺល្អដូចក្រោលគោព្រះឥន្រ្ទ។
ព្រះកេតុមាលាពេញចិត្ដនឹងប្រាសាទនោះណាល់បានពោលសរសើរព្រះពិស្ណុការជាច្រើន។ ហើយបានសុំឲ្យព្រះពិស្ណុការសង់ប្រាសាទឯទៀត ជាច្រើនតាមដោយមានរូបចំលាក់យ៉ាងឆើតឆាយ។
ព្រះឥន្រ្ទាធិរាជដោយមានពួកទេវតាជាច្រើនតាមដង្ហែផង បានយាងចុះមកឋានក្រោម ប្រសិទ្ធិពរអភិសេកព្រះរាជបុត្រព្រះអង្គ ហើយព្រះ អង្គក៏ថ្វាយព្រះនាមថា អរិដ្ឋពលពាហនោ (ព្រះកេតុមាលា) រួចទ្រង់ហៅប្រទេសខ្មែរយើងថាកំពុ ជា ដូចសព្វថ្ងៃ។
ពេលក្រោយមក ពេលក្រោយមក ព្រះកេតុមាលាទ្រង់បានសង្កេតឃើញ កំពូលប្រាសាទមួយពុំសូវត្រង់ ទ្រង់ក៏មានព្រះបន្ទូលប្រាប់ព្រះ ពិស្ណុការ ឲ្យឡើងតំរង់កំពូលនោះ។ ព្រះពិស្ណុការបានឆ្លើយថា «សូមព្រះអង្គទ្រង់ប្រើតែស្រីម្នាក់ឲ្យយក ផ្លែឃ្លោកទៅវាយកំពូលនោះ ៗនឹង ងើបត្រង់ឡើងវិញហើយ»។ ទ្រង់ព្រះសន្ដាប់ដូច្នោះ ព្រះកេតុមាលាទ្រង់ព្រះពិរោធ យ៉ាងខ្លាំង ព្រះអង្គទ្រង់បានបញ្ចេញនូវព្រះយ៉មសូវយ៉ាង ខ្លាំងៗថា «ម៉េចក៏និយាយដូច្នេះ កំពូលប្រាសាទធ្វើសុទ្ធតែអំពីថ្ម ម៉េចក៏ឯងប្រាប់ថាឲ្យស្រ្ដីយកផ្លែឃ្លោកទុំទៅវាយតំរង់»។ ចំណែកព្រះពិស្ណុការ ក៏ខឹងនឹងព្រះរាជាដែរ តែដោយគោរពព្រះចេស្ដារ លោកក៏ប្រើស្រ្ដីម្នាក់ឲ្យយកផ្លែឃ្លោកទុំទៅគោះកំពូលប្រាសាទ កំពូលប្រាសាទនោះបានត្រង់ ឡើងវិញ។ ក្រោយពីនោះបន្ដិចមកទៀត ព្រះកេតុមាលាទ្រង់បានប្រគល់ដែកទំងន់៣ហាប ដើម្បីឲ្យព្រះពិស្ណុការធ្វើ ព្រះខ័នមួយ ជានិមត្ដរូបនៃ តេជានុភាពព្រះអង្គថ្វាយព្រះអង្គ ព្រះពិស្ណុការបានយកដែកទៅស្លរំលាយនៅសល់ល្មមតែ ធ្វើព្រះខ័នតូចមួយ មានមុខស្ដើងជាងមុខស្រូវទៅ ទៀត ហើយមុតក្រៃលែង គឺថា បើគេយកព្រះខ័ននេះទៅកាប់ខ្លួនមនុស្សម្នាក់ជាពីរកំណាត់ គេពុំអាចមើលឃើញដឹងខ្លួនមនុស្សដាច់ឡើយ គេស្មានថាកាប់ឥតត្រូវខ្លួន ហើយមនុស្សនៅ និយាយដូចដើម លុះត្រាតែគេយកដៃទៅច្រាន ទើបឃើញខ្លួនមនុស្សនោះដាច់ធ្លាក់ជាពីរ កំណាត់ភ្លាម ម្យ៉ាងទៀតបើ គេយកពាងមួយធ្វើអំពីដីមានដាក់ទឹកពេញ ហើយគេអាចកាប់ពាងនោះ ឲ្យដាច់ជាពីរកំនាត់មិនឲ្យទឹកក្នុងពាង នោះហូរចេញបាន លុះត្រាតែគេយកដៃទៅច្រានពាងនោះទើបពាងនោះបែកដាច់ជាពីរ ហើយទឹកក៏កំពប់ចេញ។
ព្រះពិស្ណុការបានយកព្រះខ័ន ដែលទើបនឹងធ្វើហើយនោះទៅលត់ទឹកយ៉ាងត្រឹមត្រូវរួចយកទៅថ្វាយព្រះកេតុមាលា។ ព្រះកេតុមាលាទើប ទ្រង់ទតឃើញទំហំព្រះខ័នភ្លាម ទ្រង់ក៏ក្រោធខឹងក្រៃលែង ព្រមទាំងទ្រង់បានបន្ទោសព្រះពិសនុការយ៉ាងគំរោះគំរើយ នៅចំពោះមុខនាម៉ឺន មន្រ្ដីទាំងអស់ថា «អ្នកឯងលួចដែកយើងយកទៅប្រើជាប្រយោជន៍ផ្ទាល់ខ្លួន បានជាដែកបីហាបធ្វើព្រះខ័នឲ្យយើងបានតែមួយតូចប៉ុណ្ណេះ»។ ព្រះពិស្ណុការខឹងច្រលោតតូងតាងដែរ ហើយឆ្លើ យថា «ខ្ញុំលែងនៅប្រទេសកម្ពុជាទៀតហើយ ខ្ញុំនឹងត្រលប់ទៅនៅប្រទេសចិនឯណោះវិញ» ថាហើយព្រះពិស្ណុការ ក៏ក្រោកដើរចេញ ដោយអូសមុខព្រះខ័នលើក្ដារ។ លុះព្រះពិស្ណុការបានចេញផុតទៅ គេសង្កេតឃើញក្ដារដាច់ជាពីរ ដោយអំណាចមុខព្រះខ័ន ដែលព្រះពិស្ណុការបានអូសពីលើ។ ព្រះកេតុមាលាបានទតឃើញដូច្នោះ ក៏ត្រាស់បង្គាប់អោយគេតាមស្រែកហៅ ព្រះពិស្ណុការ ទារយកព្រះខ័នថ្វាយព្រះអង្គវិញ។ ប៉ុន្ដែព្រះពិស្ណុការប្រកែកពុំព្រមឲ្យហើយ គ្រវែងចោលទៅកណ្ដាលទន្លេសាប រួចក៏ចុះសំពៅ បើកក្ដោងសំដៅទៅស្រុកចិនដែលជាស្រុកកំនើតរបស់គាត់ទៅ។
នេះហើយរឿងពិស្ណុការដែលមនុស្សភាគតិចណាស់បានដឹង ហើយដោយសារតែមានរឿងព្រេងនេះ បានជាអ្នកស្រុក គេជឿ គេយល់ថា ប្រាសាទអង្គជាស្នាដៃទេវតាសាង។


ជីវប្រវត្តិដ៏អាថ៍កំបាំង និងសែនកំសត់របស់ ព្រះ នរោត្តម សីហនុ ដែលកម្រមានអ្នកដឹង ពេលនេះ ត្រូវបានលាតត្រដាងហើយ


ព្រះបាទ នរោត្តម សីហនុ ទ្រង់ប្រសូតនាថៃ្ងទី ៣១ តុលា ឆ្នាំ ១៩២២ នាព្រះបរមរាជវាំង ក្រោយពីប្រសូតទ្រង់រួចព្រះអយ្យកោទ្រង់ គឺ ព្រះអង្គម្ចាស់ នរោត្តម សុធារស បានប្រទាននាមដល់រាជកុមារនេះថា សីហនុ ដែលប្រែថា សត្វតោ ។ ព្រះមាតាទ្រង់ ព្រះអង្គម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថ កុសមៈ នារីរន៍ សេរីវឌ្ឍនា ព្រះអង្ឥជាអ្នកជឿជាក់យ៉ាងខ្លាំងនិងមុតមាំ ទៅលើអបិយជំនឿនៃការទស្សន៍ទាយ ដែលខ្លួនព្រះអង្គផ្ទាល់ក៏មានចំណេះយ៉ាងជ្រៅជ្រះដូចគ្នាទៅលើផ្នែកនេះផងដែរ ដូច្នេះក្នុងគោលបំណងរៀបចំវាសនាអនាគតរបស់ព្រះរាជកុមារ សីហនុ ព្រះមាតាទ្រង់ក៏បានយកទ្រង់ទៅឲ្យហោរាប្រចាំព្រះបរមរាជវាំងរដ្ជកាល ព្រះមហាក្សត្រ មុនីវង្ស ធ្វើការទស្សន៍ទាយជោគជតារាសី និង ដំណើរខ្សែជីវិតរបស់ព្រះរាជកុមារ នរោត្តម សីហនុ ។


រោយពីបានគន់គូរខែឆ្នាំ និង ពិនិត្យលក្ខណៈសម្បត្តិរបស់ព្រះរាជកុមារ សីហនុ រួចមក ហោរារាជវាំងបានទស្សន៍ទាយថា « នៅថ្ងៃណាមួយ រាជកុមារ សីហនុ អង្គនេះ និងបានឡើងកាន់មុខដំណែងដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះរាជាណាចក្រ តែពេលនោះហោរាមិនបានបញ្ជាក់ថាជារាជបល្ល័ងនោះទេ ព្រោះជាសម្មតិកម្មមិនច្បាស់លាល់ ។ ហោរា ក៏បានបន្តទៀតថា ខ្សែជីវិតរបស់ រាជកុមារ សីហនុ និង មានសភាពប្លែកអស្ចារ្យ និង ពោលគឺខុសគ្នាយ៉ាងខ្លាំងពីជីវិតមនុស្សសាមញ្ញ ។ ពេញមួយកិច្ចការរបស់ព្រះអង្គ និង មានពួកសត្រូវតាមប្រឆាំងយ៉ាងដាច់ខាតយ៉ាងប្តូរផ្តាច់ ប៉ុន្តែព្រះអង្គនិងឆ្លងផុតដោយសុវត្ថិភាពនូវរាល់វិញ្ញាសារដ៏គ្រោះថ្នាក់ ហើយព្រះអង្គនិងឈ្នះគ្មានចាញ់អ្នកណាឡើយ» ហោរាទស្សន៍ទាយក៏បានស្នើរសុំយ៉ាងដាច់ខាតជាទីបំផុតទៅកាន់ព្រះមាតាទ្រង់ថា មិនអាចចិញ្ចឹមថែរក្សាបុត្រាអង្គនេះនៅជាមួយទ្រង់បានឡើយ ព្រោះនិងធ្វើឲ្យព្រះរាជកុមារអង្គនេះសុគតទាំងវ័យក្មេងជាក់ជាមិនខាន ដោយព្រះមាតារបស់ព្រះអង្គជាអ្នកជឿជាក់យ៉ាងខ្លាំងផងនោះ ក៏បានអនុវត្តន៍តាមការសេី្នសុំរបស់ហោរា ដោយបានផ្តុកផ្តាក់ព្រះរាជកុមារ សីហនុ ទៅព្រះអយ្យកាទួត គឺ អ្នកម្នាង ចៅ ឃុន ប៉ាត ដែលកាលនោះមានព្រះជន្ម ៧៣ ព្រះវស្សាតែទ្រង់នៅរឹងប៉ឹងនៅឡើយ ដែលក្រោយពី រាជកុមារ សីហនុ ប្រសូតភ្លាមត្រូវបានព្រះមាតាប្រគល់ទៅឲ្យ អ្នកម្នាង ចៅ ឃុន ប៉ាត នេះជាអ្នកមេីលថែរក្សា និង អប់រំរៀនសូត្រ លោកយាយ ប៉ាតជាអ្នករក្សាសីលយ៉ាងជាប់មិនអាក់ខានឡើយ ក្រោយពេល អ្នកម្នាង ចៅ ឃុន ប៉ាត បានទទួលមរណៈភាព ក្នុងជន្មយុ ៨០ ព្រះវស្សា នៅពេលព្រះរាជពិធីបុណ្យថ្វាយព្រះភ្លេីងព្រះអយ្យកាទួតរបស់ទ្រង់ រាជកុមារ សីហនុ ក៏បានបួសជាសង្ឈរយៈពេល ១ ថៃ្ង ។


ក្រោយមកទៀតបន្ទាប់ពីបានរស់នៅជាមួយព្រះអយ្យកាទួតបានរយះពេល ៧ ឆ្នាំ ព្រះអយ្យកាទួតទ្រង់ក៏សោយពិលាល័យទៅ បន្ទុកអ្នកមើលថែរក្សារាជកុមារ សីហនុ ត្រូវបានធ្លាក់ទៅលើ ព្រះអយ្យកោ ព្រះអង្គម្ចាស់ នរោត្តម សុធារស ដែលព្រះអយ្យកោនេះហើយដែលបានបង្រៀនអក្សរសាស្ត្រដល់ព្រះរាជកុមារ ព្រោះទ្រង់ជាអ្នកប្រាជ្ញអក្សរសាស្ត្រដ៏ល្បីល្បាញ ។
ក្នុងមួយព្រះជន្មរបស់ព្រះរាជកុមារ សីហនុ ទ្រង់មិនដែលបាននៅរួមរស់ជាមួយព្រះមាតានោះឡើយ ហើយការដែលព្រះមាតាទ្រង់មិនព្រមឲ្យទ្រង់នៅរួមរស់ដោយសារតែ ទ្រង់ស្រលាញ់ព្រះរាជបុត្រអង្គនេះណាស់ តែទោះបីជាព្រះរាជកុមារ សីហនុ ត្រូវបានថែរក្សាពីសំណាក់ ព្រះអយ្យកាទួត និង ព្រះអយ្យកោ រហូតដល់ធំពេញវ័យឡេីងសោយរាជ្យយ៉ាងណាក្តី ក៏រៀងរាល់ល្ងាចថ្ងៃសៅរ៍ ព្រះមាតាព្រះបិតា របស់រាជកុមារ សីហនុ តែងតែរលបចំការជួបជុំសោយអាហារល្ងាច និង នាំព្រះអង្គទៅមើលខោនផងដែរ ។


ការដែលសុខចិត្តរស់នៅឃ្លាតពីបុត្រាសំណព្វព្រះទ័យនេះ ក៏ដោយសារតែចង់ឲ្យបុត្ររបស់ទ្រង់មានវាសនាល្អតាមទំនាយហោរា ឯព្រះរាជកុមារ នរោត្តម សីហនុ ក៏មិនប្រកាន់ខឹងនិងព្រះមាតាដែរ ក្រោយពេលទ្រង់ចម្រើនវ័យទៅទ្រងមបានយល់ថា ទង្វើទាំងអស់នេះដោយសារតែសេចក្តីស្រលាញ់ ៕ អត្ថបទដកស្រស់ទាំងស្រុងពី៖ Royal du Cambodge