Tuesday, November 1, 2011

សម្តេច​នាយក​រដ្ឋមន្ត្រី​លើក​ទឹក​ចិត្ត​ដល់​​ក្រុម​កីឡាករ​​កម្ពុជា​ឲ្យ​ប្រឹង​​ប្រែង​​ដណ្តើម​​យក​​ជ័យ​​ជំនះ​ និង​អនុវត្ត​​តាម​បទបញ្ជា​ក្នុង​ការ​​ប្រកួត​​ស៊ី​ហ្គេម​


សម្តេច​នាយក​រដ្ឋមន្ត្រី​ ​មានប្រសាសន៍លើកទឹក​ចិត្ត​ដល់​កីឡាករ​កម្ពុជា​ ដែល​ត្រូវ​ចេញ​ទៅ​ចូល​រួមប្រកួត​ កីឡា​ស៊ី ហ្គេម​លើក​ទី ២៦ ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ​ថា​ ការ​ប្រឹង​ប្រែង​ធ្វើការ​ប្រកួត និង​ ការ​អនុវត្ត​តាម​បទបញ្ជា​ក្នុង​ការ​ប្រកួត​គឺជា​ប្រការ​ដែល​ល្អ​បំផុត​ និង ​ត្រូវ​តែ​ប្រកាន់​យក​​​។


ឯកឧត្តម​ អ៊ាង សុផល្លែត ​ជំនួយ​ការ​សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ​ ហ៊ុន សែន ឲ្យ​ដឹង​ថា​នៅ​ពេល​អនុញ្ញាត​ឲ្យ​ក្រុម​កីឡា​ជម្រើស​ជាតិ​កម្ពុជា​ ដែល​ត្រូវ​ចេញ​ទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ីហ្គេម​ លើក​ទី ២៦ ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ​ចូល​ជួប​សំដែង​ការគួរ​សម​នៅ​វិមាន​សន្តិភាព​ ក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​៣១ ខែតុលា​ ឆ្នាំ ២០១១​ ​សម្តេច​តេ​ជោនាយក​រដ្ឋមន្រ្តី​ បាន​​មាន​ប្រសាសន៍ថា កម្ពុជា​មិន​ចង់​ធ្វើជា​មហាអំណាច​លើ​វិស័យ​កីឡា​នោះទេ​ ប៉ុន្តែ​សូម​គិតថា បើ​ចាញ់​ក្នុងការ​ប្រកួតសូមកុំ​គិតថា ប្រទេស​កម្ពុជា ជា​ប្រទេស​តូច​ ឬ​ជា​ប្រទេស​ក្រីក្រ ព្រោះ​ការគិត​បែបនេះ​គឺជា​ការខុស​ធ្ងន់​ណាស់ ​ជួនកាល​មាន​ប្រទេស​ធំ​ខ្លះ ក៏​មិនមាន​ក្រុម​កីឡា​បាល់ទាត់​ ឬក៏​កីឡា​ផ្សេងទៀត ដែល​កម្ពុ​ជាមាន​នោះដែរ។

សម្តេច​តេ​ជោ​ ​មានប្រសាសន៍ថា បើទោះបីជា​ប្រកួត​ឈ្នះ ឬ​ចាញ់​យ៉ាងណាក៏ដោយ ក្រុមកីឡា​របស់​យើង​​ត្រូវអនុវត្ត​ឲ្យ​បាន​តឹងរឹង ហ្មត់ចត់​តាម​ក្បួន​ខ្នាត កុំ​ឲ្យ​មានការ​អាម៉ាស់ ដោយសារ​ការប្រកួត​មិន​អនុវត្ត​តាម​​បទបញ្ជា​នៃ​ការប្រកួត​នោះ។ សម្តេច​តេជោ​ ​ក៏បាន​ស្នើ​ឲ្យ​កីឡាករ កីឡាការិនី​កម្ពុជា​ទាំងអស់​ប្រឹងប្រែង​ធ្វើការ​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព ព្រោះ​ការ​ចេញទៅ​ប្រកួត​នេះ ជា​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ទាំងមូល។ 

ឯកឧត្តម​ ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង ជា​ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​កម្ពុជា​ឲ្យ ដឹងថា គណៈប្រតិភូ​កីឡាករ កីឡាក​រិ​នី​កម្ពុជា ដែល​រួមមាន​ទាំង​ថ្នាក់ដឹកនាំ មន្ត្រី​ជំនាញ គ្រូ​គ្រូបង្វឹក សរុប​ចំនួន ២៣០ នាក់​នឹងត្រូវ​បញ្ជូន​ឲ្យ​ទៅ​ចូលរួម​ប្រកួត​ស៊ី​ហ្គេម​លើក​នេះ នៅ​ទីក្រុង​ហ្សា​ការ​តា ជាមួយនឹង​វិញ្ញាសា​ជាច្រើន​ដូចជា កីឡាប្រដាល់ បាល់ទះ វាយ​កូន​បាល់ បាល់ទះ​លើ​ឆ្នេរ​ខ្សាច់ ចំបាប់ អត្តពលកម្ម ហែល​ទឹក កាយសម្ព័ន្ធ ប៉េតង់ បាល់ទាត់ វាយ​កូន​ហ្គោល វាយ​សី  ការ៉ាត់តេដូ វាយ កូនឃ្លី​លើ​តុ  វូ​ស៊ូ យូ​ដូ បាល់បោះ វូ​វី​ណា​ម តៃ​ក្វាន់​ដូ និង កីឡា​ប្រណាំងទូក​ប្រពៃណី ដែល​ការប្រកួត​នេះ​ចាប់ផ្តើម​ពីថ្ងៃ​ទី ១១ ដល់​ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១១ ៕​