ក្នុងជំនួបដែលធ្វើឡើងនៅផ្ទះសំណាក់រដ្ឋ ក្នុងទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន នៅរសៀលថ្ងៃទី១៥នេះ ឯកឧត្តម Zhang Gaoli ឧបនាយករដ្ឋមន្រ្តីទី១នៃរដ្ឋាភិបាលចិន បានមានប្រសាសន៍ជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តីថា កាលពីឆ្នាំ២០០៨ ឯកឧត្តមបានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា ហើយនៅឆ្នាំ២០១០ ឯកឧត្តមបានទទួលសម្តេចតេជោនាយករដ្ឋមន្រ្តីដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសចិន។ ឯកឧត្តមមានប្រសាសន៍បន្តថា កម្ពុជា‑ ចិន គឺជាមិត្តចាស់ ក្នុងនោះសម្តេចតេជោ គឺជាមិត្តដ៏ល្អរបស់ប្រទេស និងប្រជាជនចិន។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា នេះគឺជាការអញ្ជើញមកចូលរួមការតាំងពិព័រណ៌ចិន - អាស៊ានលើកទី៨នៅទីក្រុងណាននីងរបស់សម្តេច ដែលនោះត្រូវបានចាត់ទុកថាគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយទៀតនៃទំនាក់ទំនងកម្ពុជាចិន ក៏ដូចជាទំនាក់ទំនងចិន‑អាស៊ាន។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍លើកឡើងពីគំរោងរបស់កម្ពុជាក្នុងការប្រើប្រាស់ជំនួយឥតសំណង៧០០លានយ័ន និងកម្ចីឥតការប្រាក់ចំនួន២០០លានយ័នដែលសម្តេចតេជោ និងឯកឧត្តមប្រធានាធិបតីចិនស៊ីជិនពីងបានពិភាក្សាគ្នាក្នុងដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ទីក្រុងសៀងហៃកាលពីខែឧសភាកន្លងទៅ។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា កម្ពុជានឹងប្រើប្រាស់ជំនួយទាំងនោះដើម្បីក្នុងការកសាងអគារពហុកីឡាដ្ឋានជាតិអូឡាំពិកថ្មី កសាងអគាររដ្ឋបាលសាលាខេត្តត្បូងឃ្មុំ កសាងមជ្ឈមណ្ឌលការពារជំងឺឆ្លង និងបញ្ហាជាក់ស្តែងដទៃទៀតដែលកម្ពុជាកំពុងត្រូវការជាបន្ទាន់នោះ។
ក្នុងជំនួបពិភាក្សាគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបានស្នើដល់ភាគីចិនបន្តរក្សានូវអត្រាការប្រាក់១,២៥% ក្នុង១ឆ្នាំសំរាប់រាល់កម្ចីរបស់កម្ពុជា។ ជាមួយគ្នានេះ សម្តេចតេជោបានស្នើដល់ភាគីចិនផ្តល់នូវឥណទានដល់កម្ពុជាក្នុងការពង្រឹងដល់វិស័យគមនាគមន៍ និងសន្តិសុខជាតិសំរាប់កម្ពុជា។ សម្តេចតេជោក៏បានស្នើដល់ភាគីចិនឲ្យជួយសាងសង់ឃ្លាំងរក្សាស្តុកស្រូវអង្ករដល់កម្ពុជាសំដៅធ្វើយ៉ាងណាឲ្យកម្ពុជាឈានទៅសំរេចបាននូវការនាំអង្ករចេញឲ្យបាន១លានតោន នៅឆ្នាំ២០១៥ខាងមុខ។
តាមរយៈនោះដែរសម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានស្នើដល់ភាគីចិនជួយទិញនូវកសិផលមួយចំនួនដូចជាពោត សណ្តែកសៀង កៅស៊ួ អង្ករ ចេក ស្វាយ ពិសេសជួយជំរុញការនាំចូលមកកាន់ប្រទេសចិនដោយគ្មានកូតា គ្មានកំណត់ចំនួន និងដោយគ្មានការបង់ពន្ធនៃការនាំចូលប្រទេសចិន។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីចិនZhang Gaoliមានប្រសាសន៍គាំទ្រចំពោះគំរោងនៃការប្រើប្រាស់ជំនួយឥតសំណង និងកម្ចីគ្មានការប្រាក់របស់ប្រទេសកម្ពុជាក្នុងការកសាងអគារពហុកីឡាដ្ឋានជាតិអូរឡាំពិកថ្មី អគាររដ្ឋបាលសាលាខេត្តត្បូងឃ្មុំ និងមជ្ឈមណ្ឌលការពារជំងឺឆ្លងដែលជាបញ្ហាជាក់ស្តែងរបស់កម្ពុជា។ ឯកឧត្តមមានប្រសាសន៍បន្តថា ភាគីចិននឹងពិនិត្យលើគំរោងដែលបានលើកឡើងដោយភាគីកម្ពុជា ប៉ុន្តែ ភាគីទាំងពីរត្រូវតែសហការគ្នាជាបន្តទៀត។ជាមួយគ្នានេះឯកឧត្តមក៏បានគាំទ្រនិងស្វាគមន៍ចំពោះការនាំចូល និងទិញនូវកសិផលបន្ថែមទៀតពីប្រទេសកម្ពុជាដែលក្នុងនោះឯកឧត្តមនឹងស្នើដល់ក្រសួងពាណិជ្ជកម្ម និងគយរបស់ប្រទេសចិនធ្វើការសិក្សាដើម្បីឈានទៅការទិញកសិផលបន្ថែមពីកម្ពុជា៕