Thursday, September 25, 2014

សម្ដេចតេជោ ហ៊ុន សែន ប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ ចំរើនពហុបច្ចេកវិទ្យា


  សម្ដេចតេជោ ហ៊ុន សែន បាន​សរសើរ​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័ននានា ដែលបាន​បើកប្រាក់​ខែដល់​មន្ត្រីរាជការ បានមុនភ្ជុំបិណ្ឌកន្លងទៅ ប៉ុន្តែ​សម្ដេច បានបន្ទោស ចំពោះថ្នាក់​ដឹក​នាំ​អង្គភាព ចំនួន៧ ដែល មិនយកចិត្តទុកដាក់ ធ្វើឱ្យ មន្ត្រីរាជការថ្នាក់ក្រោមរបស់ខ្លួន មិន​បាន​បើកប្រាក់ខែ មុនបុណ្យភ្ជុំបិណ្ឌនោះ ។

     
 ក្នុងនេះដែរ សម្តេច​តេជោនាយកររដ្ឋមន្ត្រី បានអរគុណនិងកោតសរសើរ ចំពោះ អាជ្ញាធរ​​និង​​កងកំលាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ នៅ​គ្រប់កម្រិត ​ដែល​បានការ​ពារ​សន្តិសុខ ​សណ្តាប់​ធ្នាប់​សាធារណៈ ជូន​ប្រជា​ពលរដ្ឋ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​កន្លង​មកនេះ ហើយ ក្នុងន័យនេះ សម្តេច​​បញ្ជាក់​ជាថ្មីថា សុខ​សន្តិភាព ​គឺជាកត្តា​ដ៏សំខាន់​ សម្រាប់​ដោះស្រាយ បញ្ហា ។

    សម្តេចតេជោនាយករដ្ឋមន្ត្រី ថ្លែងបញ្ហា​ខាង​លើ​នេះ កាលពីព្រឹកមិញ នៅមជ្ឈមណ្ឌល សន្និបាត​និង​ពិព័រណ៍កោះពេជ្រ ក្នុងពិធីប្រគល់សញ្ញាបត្រ ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជូន​ដល់​និស្សិត​សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា ។

 លោកបណ្ឌិត សោម សុមុនី សាកល​វិទ្យា​ធិការ នៃសាកលវិទ្យាល័យចំរើន​ពហុ​បច្ចេក​វិទ្យា បានឱ្យដឹង​ថានិស្សិត​ចំនួន​២ពាន់​៣៩៨​នាក់ ដែលជាជ័យលាភី ទទួល សញ្ញា​បត្រ​នេះ បានបញ្ចប់ការសិក្សាចាប់ពីឆ្នាំ សិក្សា​២០០៧-២០០៨ ដល់ឆ្នាំសិក្សា ២០១២-២០១៣ ក្នុងនោះក៏មាន​និស្សិត​អាហា​រូបករណ៍របស់សម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន ១៥០​នាក់​ផងដែរ ហើយក្នុងចំណោមនិស្សិតជ័យលាភី ទទួលសញ្ញាបត្រ មាននិស្សិត ជាឥស្សរជន មន្ត្រីរាជការ ចំនួន១ពាន់២០២នាក់ ក្នុងនោះថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន១ពាន់១៣៧នាក់ និងថ្នាក់បណ្ឌិតចំនួន ៦៥នាក់។​    

  បច្ចុប្បន្នសាកលវិទ្យាល័យនេះ មាន​និស្សត​កំពុងសិក្សា ៨៩៥នាក់ ហើយ ចាប់​ពី​ឆ្នាំ​សិក្សា ២០០៤-២០០៥ មក​ដល់​ឆ្នាំ​សិក្សា ២០១២-២០១៣ មាននិស្សិត បាន​បញ្ចប់ការសិក្សាចំនួន ៧ពាន់ ៧០៣នាក់ ។

 ព្រមជាមួយការអបអរសាទរ ចំពោះ​លទ្ធ​ផល​នៃការបណ្ដុះបណ្ដាល និងវឌ្ឍនភាព របស់សាកលវិទ្យាល័យចំរើន​ពហុបច្ចេកវិទ្យា សម្តេច​តេជោនាយករដ្ឋមន្ត្រី  ក៏មិនភ្លេច អំពាវនាវ ឱ្យគ្រឹះស្ថានសិក្សាទាំងអស់ ទាំងរដ្ឋ​និង​ឯកជន ពង្រឹងនូវគុណភាព នៃការបណ្ដុះ បណ្ដាល នោះដែរ

  ជាមួយនេះ សម្តេចតេជោ បានថ្លែងរំលឹកទៅដល់​ខួប១ឆ្នាំ ដែលថ្ងៃទី២៥ខែកញ្ញានេះ កាលពីឆ្នាំទៅ ជាថ្ងៃប្រជុំ​គណៈរដ្ឋមន្ត្រីលើកដំបូង ហើយយុទ្ធ​សាស្ត្រ​ចតុកោណ ដំណាក់ កាលទី៣​ ត្រូវបានដាក់ចេញ នៅពេលនោះ

  សម្ដេចគូសបញ្ជាក់ផងដែរ អំពីការដំឡើងប្រាក់ខែ គ្រូបង្រៀននិងគ្រូពេទ្យ ដែលក្នុងនោះគ្រូបង្រៀន ឡើងប្រាក់ខែ ចាប់ពីខែកញ្ញានេះ ក៏ប៉ុន្តែមួយចំនួន រៀបចំមិនទាន់ ដោយនៅខ្វះឯកសារ ត្រូវធ្វើនៅខែតុលា ដោយនឹងបើកប្រាក់រំលឹក ខែកញ្ញាឱ្យទៅជាមួយ ប្រាក់ខែ ខែតុលាតែម្ដង ហើយចំពោះ គ្រូពេទ្យ វិញ នឹងត្រូវដំឡើងប្រាក់ខែ ចាប់ពីខែ តុលាទៅ ។

        បញ្ហាមួយទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រី បានឱ្យសាលារាជធានីភ្នំពេញ ត្រូវខិតខំជាមួយក្រុមហ៊ុនសាងសង់ ដើម្បីឱ្យស្ពានជ្រោយចង្វារថ្មី បានឆ្លងនៅ​រដូវ​បុណ្យ​អុំទូក ខាងមុខនេះ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋដែលមកកំសាន្តពេលបុណ្យអុំទូក ដែល​នៅ ​សល់ រយៈពេល១ខែកន្លះខាងមុខនោះ ។
     
  ជាងនេះទៀត សម្ដេចតេជោ ហ៊ុន សែន បានប្រកាសជាសាធារណៈថា សម្ដេចបាន ផ្ដាច់ឈប់ជក់បារី បានជាស្ថាពរហើយ បន្ទាប់ពីបានតស៊ូ ផ្ដាច់អស់រយៈពេលជាង១៤ឆ្នាំ ហើយមកដល់ ពេលនេះសម្ដេចបានឈប់ជក់បារី ៨ខែមកហើយ ៕

រាជរដ្ឋាភិបាលកម្ពុជា​ ប្តេជ្ញាចិត្តកិច្ចខិតខំ​ប្រឹង​ប្រែង ក្នុងការចូលរួម​ដោះស្រាយបញ្ហា​ប្រែប្រួល​អាកាស

នៅទីក្រុងញូវយ៉ក នាសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ​២០១៤ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ​តំណាង​ដ៏​ខ្ពង់​ខ្ពស់សម្តេច​​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង​សុន្ទរកថា​​បញ្ជាក់នូវ​ជំហរ​របស់រាជរដ្ឋាភិបាលកម្ពុជា​ ចំពោះកិច្ចខិតខំ​ប្រឹង​ប្រែង និងការប្តេជ្ញាចិត្ត ក្នុងការ​ចូល​រួម​ដោះស្រាយបញ្ហា​ប្រែប្រួល​អាកាស​ធាតុ​​ នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូលរបស់អង្គការ​សហប្រជាជាតិស្តីពី​ការប្រែប្រួល​អាកាស​ធាតុ។ 

កិច្ចប្រជុំ​កំពូលនេះត្រូវបាន​រៀបចំឡើង ក្រោម​គំនិត​ផ្តួចផ្តើមរបស់ឯកឧត្តមអគ្គលេខាធិការ​ បាន គីមូន ដែលលោកបាន​ស្នើឡើងនៅក្នុងអំឡុងពេល​នៃមហា​សន្និបាត​លើកទី៦៩ របស់អង្គការសហប្រជាជាតិ ក្នុងគោលបំណង​ជំរុញ និងលើក​ទឹកចិត្តឱ្យប្រមុខដឹកនាំ​ប្រទេស​នីមួយៗ បង្កើនការយកចិត្តទុកដាក់ខិតខំអនុវត្តឱ្យបានជោគជ័យនូវ​ផែនការ​សកម្មភាព ក្នុង​ការរួមចំណែក​ដោះ​ស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ ក៏ដូចជាពង្រឹងមហិច្ឆិតា​នយោបាយ សំដៅរួមគ្នា​សម្រេចឱ្យ​បាននូវ ​កិច្ច​​ព្រមព្រៀង​អាកាស​ធាតុ​ថ្មីទីក្រុងប៉ារីស ឆ្នាំ២០១៥ ដោយផ្អែក​លើ​គោល​ការណ៍​គន្លឹះ​នានា​នៃអនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជា​ជាតិ​​ស្តីពីការ​ប្រែប្រួល​អាកាសធាតុ​ ជាពិសេស​គោលការណ៍​ទទួល​ខុសត្រូវរួម ប៉ុន្តែក្នុង​កម្រិតខុសៗគ្នា និងការ​ធានាដល់​ការអភិវឌ្ឍ​ប្រកប​ដោយចីរភាព​នៃប្រទេស​ក្រីក្រ។

ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា ​ដោយសារសមត្ថភាព​បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុរបស់កម្ពុជា​នៅមាន​កម្រិត​ទើបកម្ពុជាងាយទទួលរង​គ្រោះ​បំផុតពីការ​ប្រែប្រួល​អាកាសធាតុ។ បើទោះបីកម្ពុជាបានរួមចំណែកធ្វើឱ្យមានការប្រែប្រួល​អាកាសធាតុតិចតួច​ក៏​ពិតមែន ក៏ប៉ុន្តែកម្ពុជានៅតែបន្តខិតខំចូលរួមដោះ​ស្រាយ​​បញ្ហាប្រែប្រួល​អាកាសធាតុ នៅក្នុង​របៀប​វារៈ​អភិវឌ្ឍន៍ជាតិ តាមរយៈការដាក់ចេញនូវវិធានការសមស្រប ដែលរួមមានការកសាងសមត្ថភាព​ស្ថាប័ន​ ការរៀបចំនិង​អនុវត្តផែនការ​យុទ្ធសាស្រ្តឆ្លើយ​តបនឹងការប្រែប្រួលអាកាសធាតុកម្ពុជាសម្រាប់រយៈពេល១០ឆ្នាំខាងមុខ ការ​បញ្ជ្រាប​ការ​ប្រែប្រួល​អាកាសធាតុ ​ទៅក្នុង​ដំណើរការកសាងផែនការនិងគម្រោងថវិកា ការរៀបចំក្របខ័ណ្ឌហិរញ្ញប្បទានប្រែប្រួល​អាកាស​ធាតុ​ ​ក្របខ័ណ្ឌតាមដាន​វាយតម្លៃនិងអនុវត្តវិធានការនានា ដើម្បីកសាង​ភាពធន់របស់សហគមន៍ និងរបរ​ចិញ្ចឹម​ជីវិត​ដែលមាននិរន្តរភាព សំដៅឈានដល់​ការអភិវឌ្ឍ​បៃតង ដែលបញ្ចេញកាបូន​តិច ធន់នឹង​អាកាសធាតុ​ មានសមធម៌​ ចីរភាព និងផ្អែក​លើចំណេះដឹង ដែលនេះជាការរួម​ចំណែក​ដល់កិច្ចខិតខំប្រឹងប្រែងដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ ទាំង​នៅថ្នាក់ជាតិ តំបន់ និងពិភពលោក។

ក្នុង​នាម​រាជ​រដ្ឋាភិបាលកម្ពុជា ឯកឧត្តមបានគាំទ្រឱ្យមាន​ការផ្តល់ហិរញ្ញវត្ថុថ្មីជាបន្ថែម សម្រាប់​មូល​និធិអាកាស​ធាតុបៃតង​ឱ្យកើនដល់១០០ពាន់លានដុល្លារក្នុងមួយឆ្នាំ នៅមុនឆ្នាំ២០២០ រួមទាំងការផ្ទេរ​បច្ចេកវិទ្យា​ និងការ​កសាង​​សមត្ថភាព សម្រាប់​ឱ្យប្រទេសកំពុងអភិវឌ្ឍន៍​អាច​ចាត់វិធានការប្រកបដោយ​ប្រសិទ្ធភាព ក្នុងការឆ្លើយ​តប​នឹងបញ្ហា​ប្រែ​ប្រួល​អាកាស​ធាតុ។ ឯកឧត្តម​ក៏បាន​អំពាវ​នាវ​​ឱ្យបណ្តាប្រទេសអ្នកមានទាំងអស់បង្កើន​មហិច្ឆិតានិងការប្តេជ្ញា​ចិត្ត​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័នផ្ទះ​កញ្ចក់​ ដើម្បី​កំហិតកំណើន​សីតុណ្ហភាព​ជា​មធ្យម​លើពិភព​លោក​ឱ្យមកនៅ​ត្រឹម​ក្រោម​២°C នៅមុន​ឆ្នាំ២១០០ ធៀបទៅនឹង​កម្រិត​នៅ​មុន​សម័យ​បដិវត្តន៍ឧស្សាហកម្ម និង​ត្រូវផ្តល់ការគាំទ្រដល់​ការ​អភិវឌ្ឍ​​ដោយចីរភាពនៃ​បណ្តា​ប្រទេសកំពុង​​អភិវឌ្ឍន៍​ ក្នុង​បរិបទ​នៃសន្តិសុខ​ស្បៀង​អាហារ ទឹក ​និងថាមពល​ និងការកាត់បន្ថយ​ភាព​ក្រី​ក្ររបស់ប្រជាជន​ជាពិសេស​នៅក្នុងបណ្តា​​ប្រទេស​អភិវឌ្ឍន៍​តិចតួច។

Statement of Royal Government of the Kingdom of Cambodia Delivered by H.E. Say Samal, Minster of Environment and Head of Cambodian Delegation United Nations Climate Summit, New York, 23 September 2014




សេចក្តីថ្លែងការណ៍ របស់រាជរដ្ឋាភិបាលកម្ពុជា ថ្លែងដោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិស្តីពីអាកាសធាតុ នៅទីក្រុងញូវយ៉ក ថ្ងៃទី២៣ កញ្ញា ២០១៤





សេចក្តីជូនដំណឹង នាយកដ្ឋានព័ត៌មាន នៃ អគ្គលេខាធិការដ្ឋានរដ្ឋសភា



សូមជម្រាបជូនអ្នកសារព័ត៌មានជាតិ អន្តរជាតិ ជ្រាបថានៅរសៀលថ្ងៃទី២៥ ខែកញ្ញា        ឆ្នាំ​​២០១៤ វេលាម៉ោង១៥:០០រសៀល រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹង​មាន​រៀប​ចំសន្និ​សីទ​សារព័ត៌មាន ស្តីពី ”សកម្មភាពការងាររបស់រដ្ឋសភាក្នុងខែកញ្ញា​ ឆ្នាំ២០១៤”។

ឯកឧត្តម ឈាន វុន សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងជាប្រធាន​គណកម្ម​ការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា នឹងធ្វើជា​អធិប​តី​ភាពក្នុងសន្និសីទសារព័ត៌មាននេះ។
សន្និសីទនេះ នឹងរៀបចំធ្វើនៅក្នុងបន្ទប់ទំនាក់ទំនង​អន្តរ​ជាតិ ក្នុង​វិមានរដ្ឋសភា។
អាស្រ័យដូចជម្រាបជូនខាងលើនេះ សូមអ្នកសារព័ត៌មានទំាងអស់ចូលរួមយកព័តមាន​តាម​ការគួរ។



ភ្នំពេញ, ថ្ងៃទី    ២៥ខែកញ្ញា ឆ្នាំ២០១៤



 នាយកដ្ឋានព័ត៌មាន នៃ អគ្គលេខាធិការដ្ឋានរដ្ឋសភា