Tuesday, August 7, 2012

ឯកអគ្គ​រដ្ឋទូត​ឥណ្ឌា​មាន​បំណង​ទាក់​ទាញ​ទេសចរណ៍​ឥណ្ឌា​ឲ្យ​បាន​ច្រើន​មក​កម្ពុជា

ភ្នំពេញៈលោក ឌីណេស ផាតណិក(DINESH K. PATNAIK) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋឥណ្ឌា បានបង្ហាញ បំណង​ក្នុង​ការ​ទាក់​ទាញ​អ្នក​ទេស​ចរណ៍​ឥណ្ឌា​ឲ្យមកទស្សនាប្រទេសកម្ពុជាឲ្យបានច្រើន តាម​រយៈ​ការ​លើកទឹកចិត្ត ក្រុម ហ៊ុន ថតខ្សែ​ភាពយន្ត​ឥណ្ឌា ឲ្យមកថត​ជាវីដេអូ​ខ្លីពី​ប្រវត្តិ​នៃ​ប្រាសាទ​បុរាណ​ខ្មែ​រ​ដូចជាអង្គរជាដើម យកទៅធ្វើការផ្សព្ធ ផ្សាយ​នៅ​ប្រទេសឥណ្ឌា ដោយ​លោក​ជឿជាក់​ថាវីធិ​នេះ​នឹង​ធ្វើ​ឲ្យ​ប្រជាជនឥណ្ឌារាប់លាននាក់នឹងមកទស្សនាកម្ពុជា ។

លោក ឌីណេស ផាតណិក ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញ​សមត្ថភាព​របស់​សាធារណ​រដ្ឋ​ឥណ្ឌា​ប្រចាំ​នៅ​ព្រះ រាជាណាចក្រកម្ពុជាបានជម្រាបបញ្ហានេះជូន លោកឧបនាយករដ្ឋមន្រ្តី សុខ អាន  រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋ មន្រ្តីនៅក្នុងជំនួបកាលពីល្ងាចថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០១២ នៅទីស្តីការគណៈរដ្ឋមន្រ្តី ។

លោក ឯក ថា អនុប្រធាននាយកដ្ឋានព័ត៍មាន និង ជាអ្នក​នាំ​ពាក្យ​នៃ​ជំនួប​នេះ​បាន​ប្រា​ប់​អ្នក​សារ​ព័ត៍មាន​ថាៈ ឯកអគ្គរដ្ឋទូតឥណ្ឌាក៏បានបញ្ជាក់ជូនលោកឧបនយាករដ្ឋមន្រ្តី សុខ អាន ថាៈ​ឥណ្ឌា​ចង់​ធ្វើ​ការ​វិនិយោគ​ទៅលើវិស័យ កសិកម្មជាចំបងដែលក្នុងនោះ មានការដាំកៅស៊ូ ការដាំល្មៀត និង ការដាំ​អំពៅ​ដើម្បី​ផលិត​ជាស្ករស នៅកម្ពុជា ។ ជាមួយ នេះឥណ្ឌា​ក៏ចង់​ជួយ​កម្ពុជា​តាមរយៈ​ការ​ផ្តល់​អ្នក​ជំនាញ​មកជួយ​កម្ពុជា​លើកា​រងារផលិតសូត្រ និង ការកសាងសមត្ថភាព ខាងកសិកម្ម, ជំរុញ​ទំនាក់​ទំនង​ខាង​វិស័យ​វប្បធម៌​ក៏ដូច​ជាការ​ផ្សព្វផ្សាយអំពីកម្ពុជាដើម្បីទាក់ទាញទេសចរឥណ្ឌា និង ជំរុញអ្នក​វិនិយោគ​ឥណ្ឌា​មកកាន់​កម្ពុជា​ឲ្យបាន​កាន់​តែច្រើន ។

លោក បានបន្តថា​ដើម្បី​ទទួល​បាន​ទេសចរណ៍​ឥណ្ឌា​ឲ្យបានច្រើន លោក​និង​លើក​ទឹក​ចិត្ត​ឲ្យ​ក្រុម​ហ៊ុន​ថត​ភាពយន្ត ឥណ្ឌា​មក​កាន់​ប្រទេស​កម្ពុជា​ដើម្បី​ថត​ជាវីដេអូ​ខ្លី ឬ ជាភាពយន្ត អំពីប្រវត្តិ​នៃ​ប្រាសាទ​សំខាន់​នៅ​កម្ពុជា ដើម្បីយកទៅធ្វើ ការបញ្ចាំងនៅឥណ្ឌា ។ ដែលវិធីនេះឥណ្ឌាធ្លាប់បានធ្វើនៅប្រទេស អេស្ពាញ ទទួល​បានជោគជ័យយ៉ាងខ្លាំងដោយបានស្រូ បយក​ទេសចរណ៍​ឥណ្ឌា​រាប់​លាន​នាក់​ទៅកាន់​ប្រទេស​អេស្ពាញ ។

លោក ទូតបន្តថាៈ នៅក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្តអាស៊ាននៅថ្ងៃទី ៤ ខែ កញ្ញា នាពេល​ខាងមុខ​ដែល​ចេញ ពី សឹង្ហបុរីមកកាន់ប្រទេសកម្ពុជា ហើយនឹងឈប់សំចតនៅ សៀមរាបនោះលោក ឌីណេស បាន​ស្នើថា​ លោកនឹងនាំយកក្រុមសិល្បៈ​​ឥណ្ឌា​ប្រមាណ ៧០ នាក់ មកសំដែង​នៅក្នុង​ពិធី​ឈប់​សំចត​នៃក្បួន​រថយន្ត​អាស៊ាន​នោះ ដើម្បីជួយទាក់ទាញទេស ចរណ៍ ឲ្យមកកាន់កម្ពុជា ។
          ជាមួយនេះឥណ្ឌា​ក៏បាន​ស្នើសុំជួយសាង​សង់សារៈ​មន្ទីរដែល​ដាក់តាំង​អំពី​ប្រវត្តិនៃ​សំលៀក​បំពាក់​ឥណ្ឌា​នៅក្នុង ខេត្ត សៀមរាប ផងដែរ និង ជួយ​ផ្តល់​អ្នក​ជំនាញ​ឲ្យមក​ជួកម្ពុជា​លើការ​បណ្តុះ​បណ្តាល​ជំនាញ​ផ្នែក​សិ​ប្បកម្ម​ខ្នាតតូច ដល់ ប្រជាពលរដ្ឋកម្ពុជាក្នុងការប្រកបរបររកទទួលទាន ។
   
       លោកឧបនាយករដ្ឋមន្រ្តី សុខ អាន បាន​អប​អរសាទ​រ​ចំពោះលោក ឌីណេស ដែលត្រូវ​បានតែង​តាំង​ជា​ឯកអគ្គ រដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា ហើយ​លោក​ក៏បាន​រំលឹកផងដែរអំពីការរួមចំណែក របស់​ឥណ្ឌា​កន្លងមកដែលឥណ្ឌាបានដើរ តួនាទី​យ៉ាង​សំខាន់​ក្នុងការស្វែងរក​ដំណោះ​ស្រាយ​នយោបាយ​ក៏ដូច​ជាការអភិវឌ្ឍន៍នៅកម្ពុជានោះ  លោក​ឧប​នាយក​រដ្ឋ មន្រ្តី សុខ អាន ក៏បាន​ស្វាគមន៍​ផង​ដែរ​ចំពោះ​គំនិតលើកឡើងរបស់លោកទូតឥណ្ឌា ។ លោក​ឧបនាយក​រដ្ឋមន្រ្តីក៏បាន  ផ្ដល់អនុសាសន៍ថា គប្បី​ជំរុញឲ្យមាន​ទំនាក់​ទំនងកាន់តែល្អ​លើ​វិស័យ​ទេសចរណ៍ព្រោះថាប្រទេសទាំងពីរកម្ពុជានិង ឥណ្ឌា ធ្លាប់​មាន​ទំនាក់​ទំនងជាប្រវត្តិសា​ស្ត្រ និង មានវប្បធម៌ប្រហាក់ប្រហែលគ្នា ។ ក្នុង​កិច្ចការ​នេះលោក​លើក​ឡើង​ថាការ​រៀប​ចំ ផលិតខ្សែភាពយន្តឬវីដេអូស្ប៉តឆ្លុះបញ្ចាំង​អំពីវប្បធម៌​របស់​កម្ពុជា​ដែល​មាន​ប្រហាក់​ប្រហែល​គ្នានឹង​ឥណ្ឌា​នោះ​គឺជា​ការល្អ ប្រសើរណាស់ ។ ដោយ​ឡែក​ទាក់ទិន​នឹងការ​ជួយ​ផ្តល់​អ្នកជំនាញ​ជួយដល់​កម្ពុជា​លើវិស័យ​ភូមិមួយ​ផលិតផលមួយ និង តម្បាសូត្រ​នោះលោក​បាន​ស្នើ​ឲ្យលោក​ទូត​បន្ត​ពិភាក្សា​ផងដែរ​ជាមួយ​ក្រសួង​កិច្ចការ​នារី និង ផ្នែកជ្សេងៗទៀតដែលមាន តម្បាញសូត្រ លោកក៏​បានឲ្យ​ឥណ្ឌា​គប្បី​ស្វែង​រក​ទំនាក់​ទំនង​វិនិយោគ​វិស័យផ្សេងៗទៀតដែលកំពុងតែមានសក្តានុពល នៅកម្ពុជា  
 តារារិទ្ធ

សហព័ន្ធសិទ្ធិមនុស្ស និង អភិវឌ្ឍន៍កម្ពុជាសម្តែងការសោកស្តាយចំពោះការ លើកឡើងរបស់ លោកនាយកលេខាធិការដ្ឋានសិទ្ធិលំនៅដ្ឋាន

សហព័ន្ធសិទ្ធិមនុស្ស និង អភិវឌ្ឍន៍កម្ពុជាសម្តែងការសោកស្តាយចំពោះការ លើកឡើងរបស់ លោកនាយកលេខាធិការដ្ឋានសិទ្ធិលំនៅដ្ឋាន
AKP ភ្នំពេញ ថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០១២–
យោងតាមសេចក្តីថ្លែងការណ៍របស់សហពន្ធ័សិទ្ធិមនុស្ស និង អភិវឌ្ឍន៍កម្ពុជា ចុះថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០១២ បានឲ្យដឹងថា សហពន្ធ័ សិទ្ធិមនុស្ស និង អភិវឌ្ឍន៍កម្ពុជា  តំណាង ឲ្យអង្គការ យុវជន អង្គការ សមាគមចំនួន ៣១ មានបេសកកម្មតស៊ូមតិ និងលើកស្ទួយយុត្តិធម៌សង្គម  សូមសម្តែងនូវការសោកស្តាយយ៉ាងខ្លាំងបន្ទាប់ពីបានស្តាប់ និង ឃើញការផ្សាយបទសម្ភាស របស់លោកនាយកលេខាធិការដ្ឋាន សិទ្ធិលំនៅដ្ឋាន ជាមួយវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី  ០១  ខែ សីហា  ឆ្នាំ ២០១២   បានថ្លែងក្នុងគោលជំហរប្រឆាំង ការអនុវត្តគោលនយោ បាយចាស់ សកម្មភាពថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា  ដែលបានចាត់បញ្ជូនយុវជនស្ម័គ្រចិត្តចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ។ អង្គការនេះ ថែមទាំងបានចោទប្រកាន់រាជរដ្ឋាភិបាលថា ការធ្វើបែបនេះគ្មានប្រសិទ្ធភាព និង និរន្តរភាពនោះទេ គឺគ្រាន់តែជារូបភាពនយោបាយតែប៉ុ ណ្ណោះ។
សហព័ន្ធសិទ្ធិមនុស្ស និង អភិវឌ្ឍន៍កម្ពុជា កត់សំគាល់តាមរយ:បទសម្ភាស របស់នាយក លេខាធិការដ្ឋានសិទ្ធិលំនៅដ្ឋាន បានបង្ហាញឲ្យ ឃើញថា ៖
- គឺបទសម្ភាសនេះ មានលក្ខណ:មិនគ្រប់ជ្រុងជ្រោយ   មានភាពលំអៀងបម្រើឲ្យគណបក្ស ប្រឆាំង គ្មានមូលដ្ឋានចំណេះដឹង និងអគតិ សំដៅមើលស្រាលពលិកម្មដ៏ធំធេង ចំពោះយុវជនស្ម័គ្រចិត្ត ក្នុងចំណោមនិស្សិតបញ្ញាវន្ត ចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ ដែលកន្លងមក ក៏ដូចជាបច្ចុប្បន្ន សកម្មភាពយុវជនទាំងនេះ បានទទួលការគាំទ្រពីមហាជន និងសង្គមស៊ីវិល យ៉ាងច្រើនលើសលុប ទាំងក្នុង និងក្រៅប្រ ទេស។
-បទសម្ភាស  មានចរិតញុះញ៉ង់បំបែកបំបាក់ក្នុងចំណោមមន្រ្តីរាជការសាធារណ:ពិសេសមន្រ្តី ជំនាញដីធ្លី និងមន្រ្តីពាក់ព័ន្ធដទៃទៀត។ ធាតុពិត ការចាត់បញ្ជូនយុវជនស្ម័គ្រចិត្តចុះវាស់វែងដី    គឺជាការចាក់បញ្ចូល និងបំពេញបន្ថែម  នូវធនធានមនុស្សប្រកបដោយចំណេះដឹង ខ្ពង់ខ្ពស់   ក្នុងចំណោមនិស្សិត បញ្ញវន្ត ទៅលើយន្តការចាស់មានស្រាប់ ដែលមានមន្រ្តីជំនាញដីធ្លីល្អៗកំពុងធ្វើការ និងគ្មានការរើសអើង អ្វីទាំងអស់ ។
សហព័ន្ធសិទ្ធិមនុស្ស និង អភិវឌ្ឍន៍កម្ពុជា សូមធ្វើការសំរេចចិត្ត និង ប្រកាសនូវជំហររបស់ ខ្លួនដូចខាងក្រោម ៖
១- សូមគាំទ្រយ៉ាងខ្លាំងក្លាចំពោះសេចក្តីថ្លែងការណ៍    របស់សហព័ន្ធនិស្សិតបញ្ញវន្តប្រជាធិបតេយ្យកម្ពុជា និងសមាគមសិស្សនិស្សិតបញ្ញ វន្តក្មេងវត្តចុះថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០១២ ដោយ បាន ឆ្លើយតប និង ច្រានចោលបទសម្ភាសរបស់នាយកលេខាធិការដ្ឋាន សិទ្ធិលំនៅ ដ្ឋាន ថាជាការនិយាយ មួលបំភ្លៃខុសពីការពិត គ្មានមូលដ្ឋានចំណេះដឹង និងអគតិ ។
២-ក្នុងឆន្ទ:ដ៏មោះមុត យើងសូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុវត្តគោល នយោបាយចាស់ សកម្មភាពថ្មី របស់រាជរដ្ឋា ភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ដែល បានអនុវត្តកំណែទម្រង់ដីធ្លី ប្រកបដោយប្រសិទ្ធភាព ក៏ដូចជាការធ្វើ កំណែទម្រង់គោលនយោបាយ ឡូតិ៍នេសាទប្រកប ដោយជោគជ័យ ។ សូមកោតសរសើរដោយ ស្មោះចំពោះយុវជនស្ម័គ្រចិត្តក្នុង ចំណោមនិស្សិត បញ្ញវន្ត រួមទាំងមន្រ្តីជំនាញដីធ្លី និងមន្រ្តី ពាក់ពន្ធ័ដទៃទៀត ដែលបានបំពេញ កាតព្វកិច្ចជូនប្រទេសជាតិ និងប្រជាពលរដ្ឋ ប្រកប ដោយកិត្តិយស៕ ដោយលោក អ៊ុក សាផាន

ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញបិទវគ្គជំនាញកងទ័ពជើងគោក

ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញបិទវគ្គជំនាញកងទ័ពជើងគោក
AKP ភ្នំពេញ ថ្ងៃទី ០៧ ខែសីហា  ឆ្នាំ ២០១២—
 វគ្គហ្វឹកហ្វឺនផ្លាស់ប្តូរជំនាញទ័ពជើងគោក ទៅជាជំនាញរថក្រោះត្រូវបានធ្វើពិធីបិទ ក្រោមអធិបតី ភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការរង កងទ័ព ជើងគោក និងជាមេបញ្ជាការ បញ្ជាការដ្ឋានជាតិ កម្លាំងពិសេសប្រឆាំងភេរវកម្ម ។
 លោកវរសេនីយ៍ឯក កុយ សេរីវុឌ្ឍី មេបញ្ជាការរងរថគ្រោះ កងទ័ពជើងគោកបានឲ្យដឹងថា ដោយអនុវត្តតាម បទបញ្ជាហ្វឺកហ្វឺនលេខ១៩-២០១១ ប.ជ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០១១ និងផែនការ ហ្វឹកហ្វឺនផ្លាស់ប្តូរមុខ ជំនាញពីទ័ពថ្មើរជើង ទៅមុខជំនាញរថក្រោះបំពេញក្របខ័ណ្ឌ ឲ្យវរសេនាតូច រថក្រោះលេខ៦៦ ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១១ របស់មេបញ្ជាការកងទ័ពជើងគោក បញ្ជាការដ្ឋានរថ ក្រោះ កងទ័ពជើងគោក បញ្ជាការ ដ្ឋាន រថក្រោះកងទ័ពជើងគោកបានដំណើរការហ្វឹកហ្វឺនរយៈពេល ៤ខែ ពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០១២ ដែលមានសិក្ខាកាមចំនួន ១១៧នាក់ ក្នុង នោះមានវរសេនាតូចរថក្រោះលេខ៦៦ ចំនួន១០០នាក់ និងកម្លាំងផ្ញើរបស់វរសេនាតូចរថក្រោះលេខ៦៥ ចំនួន១៧នាក់ ដែលបែងចែកជា៤ជំនាញ រួមមានថ្នាក់ ជំនាញបញ្ជារថក្រោះថ្នាក់ជំនាញបាញ់កាំភ្លើង រថក្រោះ និងថ្នាក់ជំនាញបើកបររថក្រោះ ។
 ឯកឧត្តម ឧត្តមសេនីយ៍ទោ ហ៊ុន ម៉ាណែត មានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ នាយទាហាន នាយទាហានរង ពលទាហានដែលបានយកចិត្តទុកដាក់ខិតខំហ្វឹកហាត់បានល្អនូវជំនាញ រថក្រោះ ទាំងការ បញ្ជាការបាញ់កាំភ្លើង និងការប្រើប្រាស់រថក្រោះបានគ្រប់កាលៈទេសៈ ត្រៀមខ្លួនជានិច្ច រង់ចាំទទួលបទ បញ្ជារបស់ថ្នាក់លើ ក្នុងការប្រើប្រាស់កងកម្លាំងរថក្រោះ ត្រៀមការពារនូវអធិបតីភាព បូរណភាពទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជាយើង ។
 ឯកឧត្តម ហ៊ុន ម៉ាណែត បាននាំមកនូវអំណំោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវ រួមមានមី៥០កេស ទឹកត្រី ៥០យួរ ទឹកផ្លែឈើ ៥០កេស ធុងចម្រោះទឹក៣ ថវិកា ១០លានរៀល ដើម្បីផ្តល់ ជូន ដល់កម្មវិធីនេះ និងបានជូនដល់ការសាងសង់បញ្ជាការដ្ឋាននូវសាំងចំនួន ៣០០០លីត្រ ប្រេងម៉ាហ្សូត១០០០ លីត្រ ថវិកា ២០០លានរៀល និងស៊ីម៉ង់ត៍ចំនួន ៥០តោន ៕ 
    ( ដោយលោក  ឡេង ហុក )

សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តបាត់ដំបងត្រូវបានប្រកាសសុពលភាព

សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តបាត់ដំបងត្រូវបានប្រកាសសុពលភាព
AKP ភ្នំពេញ ថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០១២—
ពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មការសាខា អនុសាខា សមាគមនារីកម្ពុជា ដើម្បី សន្តិភាពនិងអភិវឌ្ឍន៍ខេត្តបាត់ដំបង ត្រូវបានប្រារព្ធធ្វើឡើងថ្មីៗនេះ ក្រោមអធិបតី៏ភាព ឯកឧត្តម អែល សយ អនុប្រធានគណៈកម្មាធិការខេត្តបាត់ដំបង លោកជំទាវ ស៊ីម ម៉ារី អភិបាលរងខេត្ត និងជា ប្រធានសមាគមនារី កម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ។
លោកជំទាវ ស៊ីម ម៉ារី មានប្រសាសន៍ថា បច្ចុប្បន្នសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បាន និង កំពុងពង្រីករចនាសម្ព័ន្ធនៅតាមរាជធានី និងតាមបណ្តាខេត្ត ដោយឡែកនៅខេត្តបាត់ដំបងបាន រៀបចំ កែ សម្រួល បំពេញសមត្ថភាពបន្ថែមនូវគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ ខេត្តបានចំនួនសារុប ៣៨រូប ។ ថ្នាក់ដឹកនាំបក្ស និងថ្នាក់ដឹកនាំខេត្ត ជាបង្អែកដ៏រឹងមាំក្នុងការ សហការគាំទ្រ បង្កលក្ខណៈងាយស្រួល ជម្រុញទាំងស្មារតី សម្ភារៈ និងថវិកាដល់សមាគមនារីគ្រប់ លំដាប់ថ្នាក់ ក្នុងការធ្វើ សកម្មភាពចលរួមកុ្នងសកម្មភាពការងារបោះឆ្នោតព្រឹទ្ធសភា រដ្ឋសភា និងក្រុម ប្រឹក្សា ឃុំ សង្កាត់មានតំណាក់ កាលត្រៀម តំណាក់កាលយុទ្ធនាការឃោសនាបោះឆ្នោត ។
ឯកឧត្តម អែល សយ មានប្រសាសន៍សម្តែងនូវការកោតសរសើរដោយស្មោះស្ម័គ្រ ចំពោះលទ្ធ ផលការងារ ដែលសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបាត់ដំបង បានធ្វើសកម្មភាព ដើម្បីរួមចំណែកកសាង និងអភិវឌ្ឍន៍សង្គមនាពេលកន្លងមក ហើយបច្ចុប្បន្នត្រូវបានកែសម្រួល ដើម្បី ឆ្លើយយតបទៅនិងបរិបទ របស់ សង្គមជាតិ ដែលមានការរីកចម្រើនពីតំណាក់ កាលមួយទៅតំណាក់កាល មួយទៀត ស្របតាមគោល នយោបាយ និងសេចក្តីសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ។
ឯកឧត្តមបន្តទៀតថា សមាគមនារីកម្ពុជាគឺជាស្ថាប័នមួយ ដែលធ្វើសកម្មភាពបំរើឲ្យប្រជាពលរដ្ឋ ក្នុង ជួរគណបក្ស និងនៅក្នុងអង្គការមហាជននានា ចាប់តាំងពីក្រោយថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨មក ។
 សមាគមនារីកម្ពុជាខេត្តបានធ្វើសកម្មភាពប្រកបដោយលក្ខណៈល្អប្រសើរ បង្កឲ្យបងប្អូននារីក្នុងខេត្តបាន ចូលរួមយ៉ាងសកម្មក្នុងកម្មវិធីនានា សំដៅលើកកម្ពស់សមត្ថភាពបងប្អូនទូទាំងផ្នែករដ្ឋបាល នយោបាយ ហើយបានសម្រួលការគាំទ្រពីដៃគូអភិវឌ្ឍន៍នានាទៀតផង ។
សព្វថ្ងៃនេះនៅក្នុងគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង មាននារី ៣រូបលើ៥១រូប ក្នុងជួរគណៈ អចិន្រ្តៃយ៍ គណបក្សប្រជាជនកម្ពុជា មាននារី ១រូបលើ ១៩រូប ក្នុងគណៈកម្មាធិការបក្សក្រុង ស្រុក មាននារី ៤៣រូប លើ៤៥០រូប ក្នុងគណំៈកម្មាធិការបក្សឃុំ សង្កាត់ មាននារី ៣០៥រូប លើ២២១៣រូប និងនៅតាម ភូមិមាន២៨រូប នេះជាតួលេខនៅក្នុងឆ្នាំ ២០១១ ៕
 ( ដោយលោក ឡេង ហុក )

ការដាក់ទារក ឆ្ងាយពីទ្រូងម្តាយ ក្រោយពេល សម្រាលភ្លាមៗ ជាមូលហេតុ១ ក្នុងចំណោម មូលហេតុជាច្រើន បណ្តាលឲ្យទារកស្លាប់

ភ្នំពេញៈ ក្រុមមន្រ្តីសុខាភិបាល បានថ្លែងអះអាងថា កង្វះកម្តៅពីទ្រូងម្តាយ ការដាក់ទារក ដែលទើបនឹងកើតនៅឆ្ងាយពីបន្ទប់សម្រាល ជាមូលហេតុចម្បងមួយ ក្នុងចំណោមមូលហេតុនានា ដែលបណ្តាលឲ្យអត្រាទារកស្លាប់ច្រើន នៅក្នុងប្រទេសកម្ពុជា។
លោកស្រី ទង់ រដ្ឋាវី ប្រធានមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីចូលរួមកិច្ចប្រជុំគណៈកម្មការ វាយតម្លៃរួមគ្នាលើកទី២ នៅសាលប្រជុំមជ្ឈមណ្ឌលជាតិ គាំពារមាតានិងទារក នាថ្ងៃអង្គារទី៧ ខែសីហា ឆ្នាំ២០១២ថា ការមិនយកចិត្តទុក ដាក់ថែទាំចំពោះទារកទើបនឹងកើត ដោយសារតែការអរពេក ពេលឃើញកូនកើតមកភ្លាម ហើយក៏រុំទារកនោះទុកមួយកន្លែង ដោយការភ្លេច និងការធ្វេសប្រហែស អាចធ្វើឲ្យទារកស្លាប់ ដោយសារខ្វះកម្តៅ។
លោកស្រីបានមានប្រសាសន៍ថា «ទារកខ្វះកម្តៅ។ ទារកកើតភ្លាមត្រូវការកម្តៅ កម្តៅដែលល្អជាងគេ គឺកម្តៅទ្រូងរបស់ម្តាយប៉ុណ្ណា ទារកត្រូវការប៉ុណ្ណឹង អីចឹងកាលណាយកគាត់បែកចេញពីម្តាយ ពេលហ្នឹងគាត់មានបញ្ហាខ្វះកម្តៅ ហើយកាលណាធ្វើ ឲ្យកម្តៅចុះហ្នឹងហើយជា មូលហេតុមួយក្នុងចំណោម មូលហេតុជាជ្រើនធ្វើឲ្យទារកស្លាប់»។
ពាក់ព័ន្ធសមត្ថភាពឆ្មប ត្រូវបានលោកស្រីអះអាងថា ប្រទេសកម្ពុជាកំពុងធ្វើការ បណ្តុះបណ្តាលឆ្មបឲ្យមានសមត្ថភាព បន្តជារៀងរហូតដោយគ្មានបង្អង់ដៃ ដើម្បីបំពេញតម្រូវការ ក្នុងន័យថា ធ្វើយ៉ាងណាការសម្រាលទាំងអស់ ក្នុងមូលដ្ឋានសុខាភិបាល សុទ្ធតែជាការសម្រាលដោយសុវត្ថិភាព ។
ជាក់ស្តែងគម្រោងលើកកម្ពស់ សេវាថែទាំមាតានិងទារក តាមការអភិវឌ្ឍន៍សមត្ថភាពឆ្មប ក្នុងខេត្តចំនួន៤ រួមមាន៖ កំពង់ចាម កំពង់ធំ ព្រៃវែង និងស្វាយរៀងស្ថិតក្រោមគម្រោង របស់ អង្គការ JICA ចាប់ពីឆ្នាំ២០១០-២០១៥កំពុងអនុវត្ត។
ករណីអត្រាទារកសា្លប់ច្រើននេះ ត្រូវបានលោក អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល លើកឡើងថា ការស្លាប់របស់ទារកភាគច្រើន នៅពេលដែលទើបនឹង កើតតែម្តង ដូច្នេះត្រូវដាក់ទារកនៅក្នុង ឬនៅក្បែរបន្ទប់សម្រាល ទើបជួយសង្រ្គោះជិវីតទារកបានល្អ ហើយគ្រូពេទ្យមិនត្រូវ យកទារកដាក់ឆ្ងាយ ពីម្តាយនោះទេ។
យ៉ាងណាក៏ដោយលោកស្រី វេជ្ជបណ្ឌិត ទង់ រដ្ឋាវី បានបញ្ជាក់ថា ចំនួនមរណៈមាតា មានការថយចុះតាមរយៈការវាយតម្លៃ៥ឆ្នាំម្តង ខណៈចំនួនមរណៈភាព នៃកុមារនៅមានការព្រួយបារម្ភ។
បើតាមលោកស្រី ទង់ រដ្ឋាវី ប្រធានមជ្ឈមណ្ឌលជាតិ គាំពារមាតានិងទារក បច្ចុប្ប្នន្ននៅទូទាំងប្រទេសកម្ពុជា មានឆ្មបចំនួនប្រហែល៤ពាន់នាក់ និងមានគម្រោងជ្រើសរើសឆ្មបបន្ថែមទៀត ដើម្បីបំពេញនៅតាមមណ្ឌលសុខភាព ទូទាំងប្រទេសក្នុងមួយកន្លែងឲ្យបាន២នាក់។ ការកាត់បន្ថយមរណភាពមាតា និងទារក ស្ថិតនៅកម្មវិធីគោលដៅអភិវឌ្ឍន៍ សហវត្សរ៍ទាំង៨ របស់អង្គការសហប្រជាជាតិ ដែលប្រទេសកម្ពុជា ក៏បានខិតខំប្រឹងប្រែង ដើម្បីសម្រេច ខាងតែបាននៅត្រឹមឆ្នាំ២០១៥៕
DAP-News
លោក អេង ហួត (រូបកណ្តាល) នៅសាលប្រជុំមជ្ឈមណ្ឌលជាតិ គាំពារមាតានិងទារក
DAP-News

អាមេរិក ផ្តល់សម្ភារៈ ក្មេងលេង ដល់មូលនិធិ កុមារកម្ពុជា ចំនួន៤០០នាក់

ភ្នំពេញៈ នារសៀលថ្ងៃទី ៧ ខែសីហា ឆ្នាំ២០១២នេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់ជាសម្ភារៈក្មេងលេង និងភួយចំនួន៩រទេះ ដល់កុមារមូលនិធិកម្ពុជា ចំនួន៤០០នាក់ ក្នុងគោលបំណង និងការងារមនុស្សធម៌ ដែលជាគោលការណ៍មូលដ្ឋាន របស់សង្គមអាមេរិក។
សម្ភារៈដែលបានផ្តល់ជូន ដោយឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាលោក William E. Todd និងក្រោមអធិបតីភាព របស់ឧត្តមសេនីយ៍ឯក សួន សំណាង អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភាហិរញ្ញវត្ថុ និងឧត្តមសេនីយ៍ឯក ឧត្តមសេនីយ៍ព្រមទាំងមន្រ្តី នៃកងយោធពលខេមរភូមិន្ទមួយចំនួនទៀត។
ថ្លែងមានក្នុងឱកាសផ្តល់ និងទទួលនោះលោក William E. Todd បានឲ្យដឹងថា អំណោយដែលបានផ្តល់ដោយ ចិត្តសម្បុរសធម៌នេះ គឺចេញអំពីទឹកចិត្តរបស់ ប្រជាពលរដ្ឋសហរដ្ឋអាមេរិក ជាច្រើនពាន់នាក់ ក្នុងគោលបំណង បេសកកម្មភាពជាដៃគូរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក។ លោក William E. Todd បានបន្តទៀតថា ”បេសកកម្មភាពជាដៃគូ តំបន់ប៉ាស៊ីហ្វិក គឺកម្មវិធីសប្បុរសធម៌មួយដ៍ប្រពៃ ដែលគូសបញ្ជាក់ ពីចំណងមិត្តភាពរវាងសហរដ្ឋអាមេរិក និងព្រះរាជណាចក្រកម្ពុជា ក៏ដូចជាបណ្តាប្រទេសប្រជាជាតិដទៃផ្សេងទៀត នៅជុំវិញពិភពលោក”។       
សូមបញ្ចាក់ថា សម្ភារៈ និងប្រដាប់ប្រដាក្មេងលេងនេះ គឺបានប្រគល់ឡើង នាមជ្ឈមណ្ឌលមូលនិធិកុមារកម្ពុជា ( Cambodia Children’s Fund) ដែលស្ថិតនៅស្ទឹងមានជ័យ រាជធានីភ្នំពេញ៕
DAP-News
DAP-News
DAP-News
DAP-News
DAP-News

កម្ពុជារៀបចំ កម្មវិធីខួបទី ៤៥ នៃថ្ងៃបង្កើត អាស៊ាន

ក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០១២ ព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំកម្មវិធីខួបទី ៤៥ នៃ ថ្ងៃបង្កើតអាស៊ាន (Asean Day) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី ០៨ សីហា ឆ្នាំ ២០១២ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅឯក្រសួងការបរទេសផ្ទាល់ ៕



និស្សិត CUS រត់រួចពីកណ្តាប់ដៃ ជនល្មើស បម្រុងជួញដូរ ឆ្លងប្រទេស

- នារីរងគ្រោះ២នាក់ទៀត កំពុងស្ថិតនៅក្នុងទូក របស់ជនល្មើស
កំពង់ឆ្នាំងៈ នារីខ្មែរ៣នាក់ ត្រូវបានក្រុមជនល្មើស មានគ្នា៦នាក់ ចាប់ដោយដាក់ថ្នាំសណ្តំសន្លប់ស្តូកស្តឹង ដែលគេសង្ស័យថា បម្រុងធ្វើការជួញដូរឆ្លងប្រទេស តែសំណាងល្អនារីម្នាក់ ក្នុងចំណោមនារីរងគ្រោះ បានរត់រួចខ្លួន ហើយប្តឹងកម្លាំងនគរបាលក្រុងកំពង់ឆ្នាំងជួយអន្តរាគមន៍។
យោងតាមការរៀបរាប់របស់នារីរងគ្រោះ កែវ នីតា អាយុ ២៣ឆ្នាំ រស់នៅសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ជា និស្សិតសាកលវិទ្យាឯកទេស នៃកម្ពុជា CUS ដែលរត់រួចពីក្រញាប់ដៃជនល្មើស បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលឲ្យដឹងនៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១២នេះថា រូបនាងត្រូវបានក្រុមជនល្មើស ចាប់កាលពីព្រឹក ថ្ងៃអាទិត្យ ទី០៥ ខែសីហា ខណៈដែលរូបនាងចេញពីសាលារៀន នាងបានឃើញករណីគ្រោះថ្នាក់ចរាចរមួយ ពេលនោះរូបនាងក៏ចុះទៅជួយ ជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរនេះ។ ស្រាប់តែពេលនោះក្រុមជនល្មើសមួយក្រុម បានជិះរថយន្តតួរីសមួយគ្រឿង មកចតក្បែររូបនាង ហើយចាប់នាង ដាក់ក្នុងរថយន្តតែម្តង ដោយដាក់ថ្នាំសណ្តំឲ្យសន្លប់ស្តូកស្តឹង។
កែវ នីតា បន្តថា ក្រោយពេលដឹងខ្លួនវិញ រូបនាងមិនដឹងថា នាងនៅទីណាឡើយ ពេលនោះនាងបានសួរទៅ បុរសម្នាក់ ដែលយកបាយទៅឲ្យនាងហូប បុរសរូបនោះ បានឆ្លើយបង្វែងដានដោយប្រាប់ថា ស្ថិតនៅក្នុងស្រុកស្វាយ ខេត្តបន្ទាយមានជ័យ។ តែតាមការពិតទៅគឺស្ថិតនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ នេះបើយោងតាមការស៊ើបអង្កេត របស់សមត្ថកិច្ច។
នារីងរងគ្រោះ កែវ នីតា បានបន្តឲ្យដឹងទៀតថា លុះដល់ព្រឹកថ្ងៃអង្គារ ទី០៧ ពេលដែលនាងដឹងខ្លួនម្តងទៀត ស្រាប់តែស្ថិតនៅលើទូក ហើយមាននារីរងគ្រោះ២នាក់ផ្សេងទៀត កំពុងដេកសន្លប់ស្តូកស្តឹងនៅក្បែរនោះផងដែរ ដែលការនាំមកលើទូកនេះ ត្រូវបាននារីរងគ្រោះសង្ស័យថា បម្រុងនាំរូបនាងឆ្លងកាត់បឹងទន្លេសាប ទៅកន្លែង ផ្សេងទៀត។ តែសំណាងល្អនៅពេលនាំមកដល់ទឹកដីខេត្តកំពង់ ឆ្នាំងក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ក្រុមជន ល្មើសបានចតទូកនៅនឹងច្រាំងត្រង់ចំណុចទន្លេសាបក្រោមនោះ ឆ្លៀតពេលដែលជនល្មើសភ្លេចខ្លួននោះ រូបនាង បានលួចរត់គេចខ្លួនមកលើគោករត់រកសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ រីឯក្រុមជនល្មើសឃើញសភាពការណ៍មិន ស្រួល ក៏នាំគ្នាបើកកាណូតគេចខ្លួន ដោយនាំយកនារីរងគ្រោះ២ នាក់ផ្សេងទៀតទៅជាមួយផងដែរ ដោយម្នាក់ កំពុងត្រូវថ្នាំសន្លប់ស្តូកស្តឹង និងម្នាក់ទៀត កំពុងស្ថិតនៅក្រោមឥទ្ធិ ពលថ្នាំពុលមិនទាន់ដឹងស្រួលបួលនៅ ឡើយ។
ពាក់ព័ន្ធនឹងករណី ដែលគេសង្ស័យថា ជាការជួញដូរមនុស្សយកទៅលក់នៅប្រទេសផ្សេងនេះ ត្រូវបានឪពុកនារីរង គ្រោះ លោក សាត ភឿង នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយប៉ាក បានទូរស័ព្ទស្វែងរកកិច្ចអន្តរាគមន៍ ពីកម្លាំងកងរាជអាវុធ ខេត្តបន្ទាយមានជ័យ និងនគរបាលខេត្តកំពង់ធំ ដើម្បីជួយអន្តរាគមន៍ រំដោះកូនស្រីរបស់គាត់ ពីកណ្តាប់ដៃជនល្មើសទាំងយប់។ ដោយស្មារតីយកចិត្តទុកដាក់ បន្ទាប់ពីទទួលបានដំណឹង ក៏ដូចជាតម្រុយពីជនរងគ្រោះ ភ្លាមៗនោះ នៅយប់ថ្ងៃទី៦ លោកមេបញ្ជាការ អ.ហ ក្រុងប៉ោយប៉ែត ហម ម៉ុត បានចាត់កម្លាំងខ្នះខ្នែងចុះស្រាវជ្រាវ តាមការរៀបរាប់តាមនជនរងគ្រោះផងដែរ តែឥតទួលបានលទ្ធផលនោះទេ ព្រោះការរៀបរាប់នោះ គ្រាន់តែជាចម្លើយបង្វែងដានរបស់ក្រុមជនល្មើសតែប៉ុណ្ណោះ។
មន្រ្តីនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្រោយពេលទទួលបានការផ្តល់ព័ត៌មាន និងការបំភ្លឹពីនារីរងគ្រោះរួច ហើយនោះ កម្លាំងសមត្ថកិច្ចខេត្តកំពង់ឆ្នាំង បានដាក់ពង្រាយកម្លាំងតាមគោលដៅជាច្រើន តាមស្ទាក់ចាប់ក្រុម ជនល្មើស និងជួយសង្រ្គោះនារីរងគ្រោះ២នាក់ផ្សេងទៀត៕
DAP-News
នារីរងគ្រោះផ្តល់ចម្លើយ ដល់នគរបាលក្រុងកំពង់ឆ្នាំង បន្ទាប់ពីរត់គេចខ្លួនពីក្រុមជនល្មើស

ឧត្តមសេនីយ៍ត្រី ឆាយ គឹមសុន ប្រគល់រថយន្ត ស៊ីរ៉ែន១គ្រឿង ដល់អធិការដ្ឋាន នគរបាល ស្រុកព្រៃឈរ

កំពង់ចាមៈ  រថយន្តស៊ីរ៉ែនមួយគ្រឿង ម៉ាកកាមរី ដែលជាអំណោយរបស់លោក ឧត្តមសេនីយ៍ ឆាយ គឹមសុន ស្នងការនគរបាលខេត្តកំពង់ចាម ត្រូវបានប្រគល់ជូនលោក វរសេនីយ៍ត្រី កែវ ស៊ាងហ៊ាន់ អធិការនគរបាល ស្រុកព្រៃឈរ កាលពីព្រឹក ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១២ នៅស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម។
ស្នងការនគរបាលខេត្ត លោក ឆាយ គឹមសុន បានមានប្រសាសន៍អោយដឹងថា រថយន្តមួយគ្រឿងដែលជា អំណោយរបស់លោក បានប្រគល់ជូនអធិការដ្ឋាននគរបាល ស្រុកព្រៃឈរ នាពេលនេះគឺទុកអោយសមត្ថកិច្ច នគរបាលមូលដ្ឋានយកទៅប្រើប្រាស់ក្នុងអង្គភាព ដើម្បីបម្រើការងារ ក្នុងការចុះល្បាតតាមបណ្តា គោលដៅសំខាន់ៗ ថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន។
លោកស្នងការ បានមានប្រសាសន៍ឲ្យដឹងទៀតថា នេះជាលើកទី២ហើយ ដែលលោកបានប្រគល់អំណោយរថយន្ត ដល់កម្លាំងនគរបាលអធិការស្រុក ហើយលើកទី១នោះ គឺលោកបានប្រគល់រថយន្តស៊ីរ៉ែន មួយគ្រឿងដែរ ជូនដល់អធិការដ្ឋាននគរបាលស្រុកអូរាំងឪ។ លោក ឧត្តមសេនីយ៍ បានអោយដឹងផងដែរថា នៅក្នុងខេត្តកំពង់ចាម នាពេលបច្ចុប្បន្ន ស្ថានភាពសន្តិសុខ មានស្ថេរភាពល្អ ហើយបទល្មើសស្ទើរតែគ្រប់ករណី គឺមានការថយចុះជាលំដាប់ ប៉ុន្តែបើទោះជាយ៉ាងនោះក្តី លោកនៅតែពង្រឹង ដល់កម្លាំងសមត្ថកិច្ចនគរបាលទូទាំងខេត្ត ខិតខំធ្វើយ៉ាងណា បន្តកិច្ចការបង្រាបបទល្មើសផ្សេងៗ អោយស្របទៅនឹងគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។
លោកស្នងការក៏បានអោយដឹងផងដែរថា គ្រប់ប្រតិបត្តិការបង្ក្រាប ទោះជាបង្ក្រាបបានករណីតូច ឬធំ លោកតែងតែផ្តល់ជាថវិកាផ្ទាល់ខ្លួន ដើម្បីលើកទឹកចិត្ត ដល់កម្លាំងនគរបាលក្រោមឱវាទ ដែលបានចុះបំពេញការងារគ្រប់ករណី៕
DAP-News
DAP-News

ចាប់បានមុខសញ្ញា ចែកចាយថ្នាំញៀន ម្នាក់ឃាត់ខ្លួន មេការម្នាក់ នៅក្នុងក្លឹបរាត្រី សួនរីករាយ

ភ្នំពេញ ៖ បំបែកសំបុកថ្នាំញៀន នៅក្នុងក្លឹបរាត្រីសួនរីករាយ ដែលមានទីតាំងតាមបណ្ដោយផ្លូវបេតុង លេខ ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ សមត្ថកិច្ចរឹបអូសបាន ម៉ាទឹកក ០២កញ្ចប់ ម៉ូតូមួយគ្រឿង ឃាត់ខ្លួនមុខសញ្ញាចែកចាយម្នាក់ និងមេការខ្លឹបរាត្រីម្នាក់ផងដែរ។
មន្ដ្រីនគបាលឲ្យដឹងថា ការចាប់ក្រុមចែកចាយថ្នាំញៀន ធ្វើឡើងកាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១២ ដោយមានស៊ើបអង្កេតតាមដាន លើក្រុមនេះជាយូរមកហើយ។
លោកអធិការ ម៉ក់ ហុង បញ្ជាក់ទៀតថា បុរសដែលត្រូវឃត់ខ្លួន ជាមួយថ្នាំញៀនមាន ឈ្មោះ សុវណ្ណារិទ្ធ អាយុ៣០ឆ្នាំ និងម្នាក់ទៀត ជាមេការរបស់ក្លឹបរាត្រី សួនរីករាយ៕
Photo by DAP-News
Photo by DAP-News
Photo by DAP-News

ពលករ-ពលការិនីខ្មែរ ២៦នាក់ ដែលប៉ូលិស ម៉ាឡេស៊ីឃុំខ្លួន ត្រូវបានជួយសង្រ្គោះ

ភ្នំពេញ៖ ពលករ ពលការិនីខ្មែរ ២៦នាក់ ក្នុងនោះ ស្រ្តីបម្រើការតាមផ្ទះ អ្នកនេសាទ និង កម្មករសំណង់ ដែលត្រូវ បានឃុំខ្លួននៅប្រទេសម៉ាឡេស៊ីអស់ជាច្រើនខែ នៅក្នុងមន្ទីរឃុំឃាំង ត្រូវបានជួយសង្រ្គោះមកដល់ស្រុកកំណើត វិញហើយនៅថ្ងៃទី៧ សីហា ឆ្នាំ២០១២។
ការធ្វើមាតុភូមិនិវត្តនេះធ្វើឡើងក្នុងកិច្ចសហការជាមួយក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរយៈស្ថានទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី និងក្រសួងមហាផ្ទៃ។
ពលករ ពលការិនី ២៦នាក់ បានរៀបចំសន្និសីទកាសែត នៅអង្គការខារ៉ាមកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែសីហា ដែល ពួកគេម្នាក់សុទ្ឋតែបានជាប់ឃុំនៅប្រទេសម៉ាឡេស៊ី អស់ជាច្រើនខែនៅមន្ទីរឃុំឃាំងក្រោយពីពួកគេបាននាំគ្នារត់គេចចេញពីផ្ទះថៅកែ ដោយសារតែមិនអាចទ្រាំទៅនឹងការធ្វើបាប និងធ្វើការមិនមានប្រាក់ខែជាដើម។
លោក យ៉ា ណាវុធ ប្រធានអង្គការខារ៉ាមបានមានប្រសាសន៍ថា ពួកគេត្រូវបានជួយសង្រ្គោះ ពីស្ថានឯកអគ្គរាជ ទូតកម្ពុជា ប្រចាំនៅប្រទេសម៉ាឡេស៊ី និងក្រសួងមហាផ្ទៃ ដោយមានការគាំទ្រពីហិរញ្ញវត្ថុពីទីភ្នាក់ងារ ជំនួយសហ រដ្ឋអាមេរិកអភិវឌ្ឈន៍អន្តរជាតិ USAID តាមរយៈអង្គការវីនរ៉ក់អន្តរជាតិ។
ស្ថិតនៅក្នុងអាយុ៤៨ឆ្នាំ មកពីស្រុកកំពង់ធំ អ្នកស្រី អែម ណែង និយាយរៀបរាប់ថា ខ្លួនអ្នកស្រីចាស់ទៅហើយ ដោយចាញ់បោកមេខ្យល់ និងដោយសារជីវភាពគ្រួសារមានការខ្វះខាត ទើបអ្នកស្រីសម្រេចចិត្តទៅធ្វើការនៅ ប្រទេសម៉ាឡេស៊ី។ អ្នកស្រីរៀបរាប់ថា អ្នកស្រីត្រូវធ្វើការរហូតដោយគ្មានប្រាក់ខែ។
« ខ្ញុំទ្រាំលែងបាន ក៏សម្រេចចិត្តរត់ចេញត្រូវប៉ូលិសឃុំខ្លួន១៨ខែ ទើបត្រូវបានគេជួយសង្រ្គោះ គេដៀលជេរខ្ញុំ ណាស់ ទោះបីខ្ញុំជាមនុស្សចាស់ក៏ដោយ»។
ជាមួយគ្នានេះដែរ ពលករនេសាទម្នាក់ទៀត បានរៀបរាប់ផងដែរថា រូបគេធ្វើការជាអ្នកនេសាទ នៅប្រទេសម៉ា ឡេស៊ីអស់រយៈពេល២ឆ្នាំ តាមរយៈរកការងារធ្វើនៅប្រទេសថៃ។
«នៅលើទូកគេបង្ខំខ្ញុំធ្វើការ ហើយឲ្យប្រើគ្រឿងញៀន តែខ្ញុំអត់ព្រម ទើបរត់គេច ពិបាកណាស់ បានមកដល់ផ្ទះ ដូចជាជាមានជីវិតមួយទៀតអីចឹង»។
សូមបញ្ជាក់ថា នេះមិនមែនជាលើកទីមួយនោះទេ ដែលមានពលករពលការិនីខ្មែររងគ្រោះនៅប្រទេសម៉ាឡេស៊ី ជាហេតុធ្វើឲ្យប្រមុខរាជរដ្ឋាភិបាលផ្អាក បណ្តោះអាសន្ននូវការបញ្ជូនពលករទៅធ្វើការនៅប្រទេសម៉ាឡេស៊ី៕
DAP-News
DAP-News
DAP-News

សម រង្ស៊ី ស្នើឲ្យមាន ការពិភាក្សាគ្នា ទល់មុខអំពីបញ្ហា ព្រំដែនខាងកើត រវាងតំណាងរាស្រ្ត ទាំងពីរ

ភ្នំពេញ៖ ក្រុមតំណាងរាស្រ្តគណបក្សប្រឆាំង សម រង្ស៊ី បានស្នើដល់រាជរដ្ឋាភិបាលកម្ពុជា ឲ្យនិយាយគ្នាដោយផ្ទាល់ រវាងតំណាងរាស្រ្តគណបក្ស សម រង្ស៊ី និងគណបក្សប្រជាជនកម្ពុជា ស្តីអំពីការបោះបង្គោលព្រំដែន ជាមួយនឹងប្រទេសវៀតណាម និងកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលបានចុះហត្ថលេខា ដោយក្រុមតំណាងរាស្រ្តគណបក្សសម រង្ស៊ី ចំនួន៩នាក់ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១២ បានផ្ញើទៅកាន់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាថា នៅក្នុងកំឡុងពេលនៃការឆ្លើយបំភ្លឺ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២ខាងមុខ ស្តីអំពីបញ្ហាបោះបង្គោលព្រំដែន រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម នៅវិមានរដ្ឋសភា ក្នុងឱកាសប្រជុំរដ្ឋសភានីតិកាលទី៤ ពួកគេចង់ឲ្យមានការជជែក និងផ្លាស់ប្តូរយោបល់រវាងគ្នានិងគ្នា ចំពោះតំណាងរាស្រ្តគណបក្ស សម រង្ស៊ី និងគណបក្សប្រជាជនកម្ពុជា។       
លិខិតបានបញ្ចាក់ថា ”នៅក្នុងកំឡុងពេលនៃការឆ្លើយបំភ្លឺនេះ យើងខ្ញុំស្នើសុំឲ្យមានការជជែកពិភាក្សា ផ្លាស់ប្តូរយោបល់គ្នា រវាងតំណាងរាស្រ្ត និងតំណាងរាជរដ្ឋាភិបាល។ ការជជែកពិភាក្សាគ្នានេះ នឹងផ្តល់ព័ត៌មានកាន់តែច្បាស់ លើការបោះបង្គោលព្រំដែនខាងលើ ដល់ប្រជាពលរដ្ឋយើងដែលជាម្ចាស់ប្រទេស និងបង្ហាញពីការទទួលខុសត្រូវ របស់ស្ថាប័ននីតិបញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ចំពោះមុខប្រជាជាតិ”។       
សូមបញ្ជាក់ថា នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២ខាងមុខនេះ ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នឹងឆ្លើយរាល់សំណួរទាំងឡាយ ពីសំណាក់តំណាងរាស្រ្តគណបក្ស ប្រឆាំងសម រង្ស៊ី ស្តីអំពីបញ្ហាបោះបង្គោលព្រំដែន ខាងកើតនៃប្រទេស។ ការមកឆ្លើយបំភ្លឺនេះហើយ ដែលក្រុមតំណាងរាស្រ្ត គណបក្សប្រឆាំង សម រង្ស៊ី ចង់បានជាយូរមកហើយនោះ។
ហើយតាមរយៈនៃការឆ្លើយឆ្លងនេះ នឹងចាក់ផ្សាយដោយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ និងវិទ្យុនានា នៃព្រះរាជណាចក្រកម្ពុជាផងដែរ៕

អភិបាលខណ្ឌ ចំការមន ចុះត្រួតពិនិត្យ សកម្មភាពធ្វើ អត្តសញ្ញាណប័ណ្ណ ប្រជាពលរដ្ឋខ្មែរ ក្នុងមូលដ្ឋាន

ភ្នំពេញៈ គិតត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០១២ នេះ គឺមានរយៈពេល៩ ថ្ងៃដែលអាជ្ញាធរខណ្ឌចំការមន បានចុះយុទ្ធនាការធ្វើអត្តសញ្ញាណប័ណ្ណ សម្គាល់ជនជាតិខ្មែរ នៅក្នុងមូលដ្ឋានរបស់ខ្លួន ។
នៅព្រឹកមិញនេះដែរ អភិបាលខណ្ឌចំការមនលោក ឡូ យុយ និងអធិការនគរបាលខណ្ឌចំការមន លោក អ៊ុច សុខន រួមទាំងមន្រ្តីរាជការក្រោមឱវាទ បានចុះត្រួតពិនិត្យការងារ ធ្វើអត្តសញ្ញាណប័ណ្ណសម្គាល់សញ្ជាតិខ្មែរ ដែលប្រជាពលរដ្ឋស្ថិតនៅក្នុងវត្តទួលទំពូល ។
អភិបាលខណ្ឌចំការមន លោក ឡូ យុយ បានឲ្យដឹងថា ការធ្វើអត្តសញ្ញាប័ណ្ណជូនប្រជាពលរដ្ឋខ្មែរនៅពេលនេះ គឺជាការអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រោមការបញ្ជាផ្ទាល់ ពីឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ដើម្បីផ្តល់អត្តសញ្ញាណប័ណ្ណ ដល់ប្រជាពលរដ្ឋដែលគ្រប់អាយុ យកទៅប្រើប្រាស់តាមការចាំបាច់ ។
ក្នុងការធ្វើអត្តសញ្ញាណប័ណ្ណនោះដែរ លោក ឡូ យុយ ក៏បានធ្វើការណែនាំ ក៏ដូចជាការហាមប្រាម មិនឲ្យមន្រ្តីនគរបាលណាម្នាក់ យកប្រាក់ពីប្រជាពលរដ្ឋ ក្នុងការបំពេញឯកសារ ធ្វើអត្តសញ្ញាណប័ណ្ណនោះជាដាច់ខាត ហើយលោកក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋគ្រប់អាយុ ធ្វើអត្តសញ្ញាណប័ណ្ណ សូមឲ្យនំាគ្នាទៅចុះឈ្មោះ ធ្វើទាំងអស់គ្នា ។
ប្រជាពលរដ្ឋដែលបាននាំគ្នា ចូលរួមធ្វើអត្តសញ្ញាណប័ណ្ណ នៅក្នុងវត្តទួលទំពូងនៅព្រឹកនេះដែរ ក៏បានសម្តែងការអរគុណដល់ក្រុមអាជ្ញាធរ ដែលបានផ្តល់លទ្ធភាពងាយស្រួល ក្នុងការបំពេញបែបបទ ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណ ។
គិតចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១២ នេះ ប្រជាពលរដ្ឋនៅក្នុងខណ្ឌចំការមន ចំនួន៤៣២ នាក់ បានចុះឈ្មោះធ្វើអត្តសញ្ញាណប័ណ្ណរួចរាល់ ក្នុងនោះដែរមានប្រុសចំនួន២១៩ នាក់ និងស្រីចំនួន២១៣ នាក់ ៕

ក្រុមហ៊ុន AVR ផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ និងផ្តល់ ការធានារ៉ាប់រង ដល់បុគ្គលិក អ្នកបើកបរ ២៥រូប

ភ្នំពេញៈ ក្រុមហ៊ុន AVR (Asia Vehicle Rental) Co.,Ltd ដែលជាក្រុមហ៊ុន ជួលរថយន្តម៉ាក Ford របស់ក្រុមហ៊ុន RMA (Cambodia) Co.,Ltd កាលពីថ្ងៃទី០៣-០៤ ខែសីហា ឆ្នាំ២០១២ បានធ្វើសិក្ខាសាលា ផ្សព្វផ្សាយ ពីច្បាប់ចរាចរណ៍ផ្លូវគោក ដល់បុគ្គលិករបស់ខ្លួន ចំនួន២៥នាក់ នៅមជ្ឈមណ្ឌល សហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ព្រមទាំងប្រកាស  ពីការផ្តល់សេវាធានារ៉ាប់រង ដល់ពួកគេ ។
សិក្ខាសាលាស្តីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ មានការអញ្ជើញចូលរួម ដោយលោក ចេវ ហាក់ នាយរងការិយាល័យ ចរាចរណ៍ ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកស្រី លឹម សុខជា នាយកអង្គការដើម្បី សម្ព័ន្ធសុវត្ថិភាព ចរាចរណ៍ផ្លូវគោក លោកស្រី អះស្មាច់ រូហ្សាន តំណាងក្រុមហ៊ុន ធានារ៉ាប់រង កម្ពុឡុងប៉ាក និងលោក លន់ ដានេ ប្រធានគ្រប់គ្រងធនធានមនុស្ស នៃក្រុមហ៊ុន RMA(Cambodia) Co.,Ltd ។
លោក លន់ ដានេ ប្រធានគ្រប់គ្រងធនធានមនុស្ស នៃក្រុមហ៊ុនមួយនេះ បានឱ្យដឹងថា សិក្ខាសាលានេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណង ឱ្យបុគ្គលិកអ្នកបើកបរ របស់យើងគ្រប់គ្នា មានការយល់ដឹងកាន់តែច្បាស់ ស្តីពី ច្បាប់ចរាចរណ៍ ហើយក៏ដើម្បីចូលរួម កាត់បន្ថយ ដល់គ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតមាន ចំពោះបុគ្គលិករបស់យើងផងដែរ ។ លោកបន្ថែមថា  ក្នុងនោះ យើងក៏បាន ចុះកិច្ចសន្យាជាមួយនឹងក្រុមហ៊ុន ធានារ៉ាប់រងកម្ពុឡុងប៉ាក ដើម្បីធានារ៉ាប់រងទៅលើគ្រោះថ្នាក់បុគ្គល និងគ្រោះថ្នាក់ យានយន្ត ដល់បុគ្គលិក ដែលអាចកើតឡើងជា យថាហេតុ នៅពេលបំពេញការងារផ្សេងៗ ។
លោករំពឹងថា ក្រោយពីចូលរួមសិក្ខាសាលានេះ បុគ្គលិកអ្នកបើកបរទាំងអស់ នឹងកាន់តែមានជំនាញ និងចំណេះដឹង ស្តីពីច្បាប់ ចរាចរណ៍ ដើម្បីបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយសុវត្ថិភាព ។
លោកវរសេនីយ៍ត្រី ចេវ ហាក់ នាយរងការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានលើកឡើងថា គ្រោះថ្នាក់ចរាចរណ៍ បានបង្កឱ្យអ្នកដំណើរជាច្រើន ស្លាប់បាត់បង់ជីវិត ដោយសារ ការពិសារ គ្រឿងស្រវឹង បើកបរហួសល្បឿនកំណត់ ការមិនពាក់មួកសុវត្ថិភាពនិងមូលហេតុមួយចំនួនទៀត ជាពិសេស គឺពួកគេពុំសូវគោរព និងយល់ដឹងពីច្បាប់ចរាចរណ៏ ។ ដូច្នេះហើយ ការរៀបចំសិក្ខាសាលា ស្តីពីសុវត្ថិភាព ចរាចរណ៍សម្រាប់បុគ្គលិកនាពេលនេះ សបញ្ជាក់ឱ្យឃើញថា ក្រុមហ៊ុន AVR  មានការព្រួយបារម្ភខ្លាំង ចំពោះគ្រោះថ្នាក់ដល់បុគ្គលិកនិងអតិថិជនរបស់ខ្លួន និងខិតខំធ្វើយ៉ាងណា ឱ្យពួកគេបានយល់ដឹងពី ច្បាប់ចរាចរណ៏ និងមានសុវត្ថិភាពឱ្យបានគ្រប់ៗគ្នា ។
គួរបញ្ជាក់ថា ក្រុមហ៊ុន AVR (Asia Vehicle Rental ) Co., Ltd ជាក្រុមហ៊ុនមួយ ផ្តល់សេវាកម្មជួលរថយន្តម៉ាក Ford ក្នុងចំណោម  ក្រុមហ៊ុន ជាច្រើនរបស់ក្រុមហ៊ុន RMA (Cambodia) Co.,Ltd ដែលមាន២សាខា នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ។
Photo by DAP-NEWS
Photo by DAP-NEWS

មន្ត្រី​យោធា​ម្នាក់​ត្រូវ​ប៉ូលិស​​ឃាត់​ខ្លួន​ ព្រោះ​ចែក​ចាយ​គ្រឿងញៀន​​តាម​ភោជនីយ​ដ្ឋាន​

រាជធានីភ្នំពេញ ៖ ជន​សង្ស័យ​​ម្នាក់​ជាមន្ត្រី​​យោធា​ត្រូវ​បាន​ប៉ូលិសចាប់​​​ឃាត់​ខ្លួន​​កាលពី​វេលា​​ម៉ោង​១០​និង​៤៥​នាទី​យប់​ថ្ងៃទី​​៦​ សីហា ​២០១២ ​នៅ​ពេល​ដែល​មន្ត្រី​​យោធា​នេះ​បាន​​ធ្វើ​សកម្ម​ភាព​ចែក​ចាយ​គ្រឿង​ញឿន​​នៅ​មុខ​ភោជនីយ​​ដ្ឋាន​​មួយ​យីហោ​​សួន​រីក​រាយ​​មាន​ទីតាំង​​​នៅ​តាម​បណ្តោយ​ផ្លូវ​​​លេខ​១៩៨៦ ស្ថិត​ក្នុងភូមិ​ភ្នំពេ​ញ​ថ្មី ​សង្កាត់​​ភ្នំពេញថ្មី ខណ្ឌ​សែន​សុខ។
លោក​ម៉ក់ ហុង អធិការ​​​ប៉ូលិស​ខណ្ឌ​សែន​សុខ ​ដែល​បាន​ចុះ​ប្រតិ​បត្តិ​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​​ខាង​លើ​​ឱ្យ​ដឹង​ថា ​ជន​សង្ស័យ​ឈ្មោះ​សុវណ្ណា​រិទ្ធ អាយុ​​២៦​ឆ្នាំ ទើប​តែ​​ចូល​រៀន​នៅ​​សាលា​ទាហាន​​អឺ៩០ ​មាន​ទីតាំង​​​នៅ​ត្មាត​ពង​ ខេត្ត​​កំពង់​ស្ពឺ ​និង​មាន​ទីលំនៅ​ក្នុង​​ឃុំ​គោ​ឃ្លាង ​សង្កាត់​ភ្នំ​ពេញថ្មី ខណ្ឌ​សែន​សុខ ត្រូវ​បា​ន​ប៉ូលិស​តាម​ប្រមាញ់​​ជា​ច្រើន​ថ្ងៃ​មក​ហើយ ​ខណៈ​ដែល​ជន​សង្ស័យ​​ម្នាក់​នេះ​​បាន​ធ្វើ​សកម្ម​ភាព​ចែកចាយ​​គ្រឿងញៀន​​នៅ​តាម​ភោជនីយ​ដ្ឋាន​​​ផ្តល់​ទៅ​ឱ្យ​ភ្ញៀវ ។ ​
លោក​បន្ត​ថា ​ថ្នាំ​ញៀន​​ចំនួន​​២​​កញ្ចប់តូច​ជា​ប្រភេទ​ម៉ា​ទឹកកក ។ ​ជា​មួយ​គ្នា​​​នោះ​​ដែរ​​​ក្រោយ​ពី​​ឃាត់​ខ្លួន​ជនសង្ស័យ​ជា​មន្ត្រី​យោធា​ចែកចាយ​ថ្នាំ​ញៀន​​នៅ​តាម​ភោជនីយ​ដ្ឋាន​​យី​ហោ​សួន​រីក​រាយស្ថិត​​​ក្នុងសង្កាត់​​ភ្នំពេញថ្មី រួច​​​ប៉ូលិស​​ក៏​បាន​​បញ្ជូន​ជន​សង្ស័យ​​​នេះ ទៅអធិ​ការ​ដ្ឋាន​ខណ្ឌ​សែន​សុខ​ ទាំង​យប់​ហើយ​កំពុង​ស្រាវជ្រាវ​​រក​មេ​ខ្លោង​​បន្ត​ទៀត៕