Saturday, November 1, 2014

នាយករដ្ឋមន្ត្រីថៃ ឯកឧត្តម ប្រាយុទ្ធ​ ច័ន្ទ​អូ​ចា បាន​បញ្ជាក់​ថា មិន​អនុញ្ញាតឲ្យ​នរណា​កសាង​កម្លាំង​នៅ​ក្នុង​​ប្រទេស​​ថៃ​ ដើម្បី​ផ្តួល​រំ​លំ​រាជ​រដ្ឋាភិបាល​កម្ពុជា​ឡើយ

ក្នុង​​ជំ​នួប​ទ្វេរភាគី​រវាង​សម្តេច​តេជោ ហ៊ុន សែន ជា​មួយ​នាយករដ្ឋមន្ត្រី​ថៃ ឯកឧត្តម​ឧត្តម​សេនីយ៍​ ប្រាយុទ្ធ ច័ន្ទ​អូ​ចា ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១៤​ នៅ​វិមាន​សន្តិភាព នាយករដ្ឋមន្ត្រី​ថៃ​ បាន​អះ​អាង​ថា « នឹង​មិន​អនុញ្ញាតឲ្យ​នរណា​កសាង​កម្លាំង​នៅ​ក្នុង​ប្រទេស​ថៃ​ដើម្បី​ផ្តួល​រំ​លំ​រាជ​រដ្ឋាភិបាល​កម្ពុជាបាន​ឡើយ»​។ នេះ​បើ​តាម​ការ​ថ្លែង​ឲ្យ​ដឹង​របស់​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ សុខ អាន ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​ នាឱកាសដង្ហែរអង្គ​កឋិន​ទាន​ទៅ​កាន់​វត្ត​មរតកតេជោបុរី​ស្វរៈ ស្ថិត​នៅ​ឃុំ​ស្រអែម ស្រុក​ជាំក្សាន្ត​ ខេត្ត​ព្រះ​វិហារ កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៤នេះ ខណៈឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​មន្ត្រី​ សុខ អាន​ ជួប​សំ​ណេះ​សំ​ណាល​ជា​មួយ​នាយទាហាន និង​ពល​ទាហាន នៅ​បញ្ជាការដ្ឋាន​អង្គ​រក្ស ដែល​ឈរជើង​នៅ​ទិសតំ​បន់​ប្រាសាទ​ព្រះ​វិហារ​។

ទោះ​យ៉ាង​ណា​ក៏​ដោយក៏​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ អាន បាន​ថ្លែង​ទៅ​កាន់​កង​ទ័ពកម្ពុជាថា ឯកឧត្តម​ឧត្តម​សេនីយ៍​ ប្រាយុទ្ធ ច័ន្ទ​អូ​ចា ប្តេជ្ញានឹងខិត​ខំ​ធ្វើ​យ៉ាង​ណា​ ដើម្បី​ឲ្យ​ប្រទេស​ទាំង​ពីរ ​មាន​នូវ​ទំ​នាក់​ទំ​នង​ មិត្តភាព សហការ​គ្នាល្អ  ដើម្បី​កសាង​ប្រទេស​ឲ្យ​ជឿន​លឿន រីកចំ​រើន ក៏​ប៉ុន្តែ ឯកឧត្តម​​ឧបនាយករដ្ឋមន្ត្រី​ សុខ​ អាន នៅ​បាន​សង្កត់​ធ្ងន់​​ថា « អីឡូវ​សភាព​ការ​ណ៍​ចំ​ពោះ​មុខ​បាន​ល្អ​ប្រសើរហើយ ប៉ុន្តែ ល្អ​នេះ​មិន​មែន​បាន​ន័យ​ថា ខាង​កង​ទ័ព​កម្ពុជា​យើង​មិន​ចាំ​បាច់​ប្រុង​ប្រយ័ត្ន​នោះ​ទេ គឺ​ទោះ​បី​ជា​ល្អ​យ៉ាង​នេះ​ក្តី​ ប៉ុន្តែ ការ​ប្រុង​ប្រយ័ត្ន​របស់​យើង​ គឺ​នៅ​តែ​ជា​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជា​និច្ច​ដដែល​»។ 

ឯកឧត្តមឧបនាយក​រដ្ឋមន្ត្រី​​សុខ អាន ​ បាន​បន្ថែម​ថា កង​ទ័ប​ត្រូវ​តែ​ខិត​ខំ​ពង្រឹង​វិន័យ​ ត្រូវ​តែ​ខិត​ខំ​ពងង្រឹង​ការហ្វឹក​ហ្វឺន​ ពង្រឹង​បច្ចេក​ទេស​អាវុធ​យុទ្ធ​ភ័ណ្ឌសព្វ​បែប​យ៉ាង​ គឺត្រូវ​បង្ការជា​និច្ច​ ចំ​ពោះ​សភាព​​ការ​ណ៍​ណា​មួយ​កើត​ឡើង​។

សូម​បញ្ជាក់​ថា កាលពី​ពេល​ថ្មី​ៗកន្លង​មក​នេះ សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ​បាន​ចាប់​ខ្លួន​ជន​ជាប់​សង្ស័យ​ចំ​នួន​១០​នាក់ ពាក់​ព័ន្ធ​នឹង​ការបង្កើត​កម្លាំង​ប៉ុនប៉ង​ផ្តួលរំ​លំ​រាជ​រដ្ឋាភិបាល​ ដែល​ក្រុម​មួយ​នេះ មាន​មេដឹក​នាំ​ឈ្មោះលោក សម សេរី ដែល​លេចឮព័ត៌មាន​ថា បាន​យក​ទឹក​ដី​ថៃ​ក្នុង​ការ​បង្កើតចលនាតស៊ូមួយ​ ឈ្មោះ​ថា រណសិរ្សរំ​ដោះជាតិ​ខ្មែរ ។ ​បច្ចុប្បន្ន​មេដឹក​នាំ​រូបនេះ បាន​គេចខ្លួន​ទៅ​ក្រៅ​ប្រទេស​។ 

ដោយ​ឡែកជន​ជាប់​សង្ស័យ​ទាំង​១០​នាក់​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទប៉ុនប៉ង​ផ្តួល​រំ​លំ​រាជ​រដ្ឋាភិបាល និង​បង្ក​ចលាចល​សង្គម។ នៅ​ពេល​នេះ ពួក​គេទាំង​នោះ​កំពុង​ជាប់​ឃុំ​នៅ​ពន្ធ​នាគារ​ព្រៃ​ស​ជា​បណ្តោះ​អាសន្ន​ រង់​ចាំ​ការ​បើក​សវនាការ​កាត់​ទោស​៕








ថវិការជាង៣៣ម៉ឺនដុល្លារ ប្រមូលបានពីអង្គឋិនទានសាមគ្គី សម្រាប់កសាងវត្ត មរតកតេជោបុរីស្វរ: ខេត្តព្រះវិហារ

នៅ ​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៤នេះ អង្គកឋិន​ទាន​សាមគ្គី​ក្រោម​គំ​និត​ផ្តួច​ផ្តើម​ដោយ​សម្តេច​អគ្គ​មហា​ សេនាបតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ នៃព្រះ​រាជា​ណា​ចក្រកម្ពុជា​ និង​លោក​ជំ​ទាវ​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុនសែន​ និង​ដឹក​នាំ​ដង្ហែរ​អង្គ​ឋិន​​ទាន​ផ្ទាល់​ដោយ​ ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​​បន្ទុក​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​ និង​លោក​ជំ​ទាវ​ឧបនា​យក​រដ្ឋមន្ត្រី​ ម៉ែន សំ​អន​ រដ្ឋមន្ត្រី​ក្រសួង​ទំ​នាក់ទំ​នង​រដ្ឋសភា​ ព្រឹទ្ធ​សភា​ និង​អធិការ​កិច្ច​ ព្រម​ទាំង​មាន​ការចូល​រួម​ពី​មន្ត្រី​យោធាជាន់​ខ្ពស់​ទិស​ប្រាសាទ​ព្រះ​ វិហារ អាជ្ញាធរ​ដែន​ដី​ មន្ត្រី​រាជ​ការ​ និងប្រជា​ពល​រដ្ឋ​នានា បាន​ថវិការ​សរុប​ចំ​នួន​​ជាង​៣៣ម៉ឺន​ដុល្លារសហរដ្ឋ​អាមេរិក​ សម្រាប់​ការ​សាង​សង់​ព្រះ​វិហារ មរតក​តេជោបុរី​ស្វរៈ និង​សមិទ្ធ​ផល​នានាក្នុង​វត្ត​។

ឯកឧត្តម ​បណ្ឌិត​សភា​ចារ្យ សុខ​​​ អាន​ បាន​មាន​ប្រសាសន៍​ថា នេះ​ជា​កឋិន​ទាន​លើក​ទី​៥ហើយ ដែល​ចាប់​ពីតាំង​ពី​​ការកសាង​វត្ត​នេះ​មក ចាប់​ពី​ឆ្នាំ​២០១០ គឺ​រៀង​រាល់​ឆ្នាំប្រមូល​​បាន​ថវិការប្រមាណ​ជាង​២០​ម៉ឺន​ដុល្លារ​ រៀង​រាល់​ឆ្នាំ​ ។

បន្ទាប់ ​ពី​ប្រគេនអង្គ​កឋិន​ទាន​ដល់​ព្រះ​សង្ឃ​ដែល​គង់​ចាំ​ព្រះ​វស្សាអស់​ត្រីមាស​ នៅ​ក្នុង​វត្ត​មរតក​តេជោបុរី​ស្វរៈរួច​មក​ ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ ឧបនាយករដ្ឋមន្ត្រី​ ក៏​បាន​មាន​ប្រសាសន៍​អំ​ពី​សមិទ្ធផល​មួយ​ចំ​នួន​នៅ​ក្នុង​ភូមិ​ធម្មជាតិ​ សម្តេច​តេជោ ដែល​ទទួល​បាន​នូវ​ការ​អភិវឌ្ឍ​ដ៏​ច្រើន​ ដូច​ជា​ សាលាបណ្តុះ​បណ្តាល​វិជ្ជាជី​វៈ បំ​ពាក់​ដោយ​សម្ភារៈ ជា​ថវិការ​ផ្ទាល់​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ចំ​នួន​១ម៉ឺន៥ពាន់ដុល្លារ​អាមេរិក បន្ថែម​ទៀត ជា​មួយ​នឹងការកសាងអគារសិក្សា ​អនុវិទ្យាល័យ ​ដែល​ធានាដល់​ការ​​ស្នាក់​នៅ​ដល់​សិស្ស ដែល​ជា​កូន​ចៅ​របស់​យោធិន កង​ទ័ព​នៅ​តំ​បន់​ព្រំ​ដែន​ ដោយ​កូន​ក្មួយ​ទាំង​នោះ​មាន​ឱកាស​បាន​ទទួល​នូវ​មុខជំ​នាញ​ ដូច​ជា​ ការ​ដាំ​ដុះ​ ការ​ឆ្លាក់​លើ​ឈើ​ សម្រាប់​វត្ថុ​អនុស្សាវរីយ៍​ដើម្បីនលក់​ឲ្យ​ទេសចរណ៍​ដែល​មក​ទស្សនាប្រាសាទ​ ព្រះ​វិហារ​កាន់​តែ​ច្រើន​ឡើង​ៗ និង​ជួយ​សម្រួល​ដល់​ជី​វភាព​រស់​​នៅ​របស់​ប្រជាជន​កាន់​ធូរធាឡើង​មួយ​កម្រិត ​ទៀត​។

ឯកឧត្តម ​បណ្ឌិត​សភាចារ្យ បាន​ឲ្យ​ដឹង​ថា ចំ​នួន​ទេសចរបរទេសដែល​មកទស្សនានៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៤នេះ បើ​ប្រៀប​ធៀប​ក្នុង​ខែ​ដូច​គ្នា​ គឺ​មាន​ចំ​នួន​កើន​ឡើងជាង​៥០​ភាគរយ ដែល​ទៅ​អនាគត​នឹង​កើន​ឡើង​ថែម​ទៀត​។

ឯកឧត្តម ​បណ្ឌិត​សភាចារ្យ​ សុខ អាន​ ក៏​បាន​ជម្រាប​ជូន​ប្រជា​ពល​រដ្ឋ​ និង​ព្រះ​សង្ឃ​នៅ​ក្នុង​ឱកាស​នេះ​​​ដែរ អំ​ពី​ជំ​នួប​រវាង​សម្តេច​តេជោ ហ៊ុន សែន ជា​មួយ​នាយករដ្ឋមន្ត្រី​ថៃ ឯកឧត្តម​ឧត្តម​សេនីយ៍​ ប្រាយុទ្ធ ច័ន្ទ​អូ​ចា នៅ​ឯរាជធានី​ភ្នំ​ពេញ​ កាល​ពី​ម្សិល​មិញ​​ អំ​ពីថា ធ្វើ​យ៉ាង​ណា​ប្រទេស​ទាំង​ពីរមាន​ត្រូវ​មានទំ​នាក់​ទំ​នង​ មិត្តភាព សហការ​គ្នាល្អ  ដើម្បី​កសាង​ប្រទេស​ឲ្យ​ជឿន​លឿន រីកចំ​រើន និង​ថា ទេសចរដែល​អញ្ជើញ​មក​ពី​ប្រទេស​ថៃ គឺ​​កម្ពុជា​ស្វាគមន៍​ឲ្យ​មកទស្ស​នា ដោយ​ចូល​តាម​ផ្លូវ​ថ្មី​ដ៏​ល្អ​ពី​ខាង​កម្ពុជា​ដើម្បី​ទស្សនា​ប្រាសា​ទ​​ ព្រះ​វិហារ​ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​​របស់​កម្ពុជា​ ជា​ពិសេស ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី សុខ អាន បាន​ឲ្យ​ដឹង​ថា ឯកឧត្តម​ប្រាយុទ្ធ​ ច័ន្ទ​អូ​ចា ធានា​ថា មិន​អនុញ្ញាតឲ្យ​នរណា​កសាង​កម្លាំង​នៅ​ក្នុង​ប្រទេស​ថៃ​ ដើម្បី​ផ្តួល​រំ​លំ​រាជ​រដ្ឋាភិបាល​កម្ពុជាបាន​ឡើយ​។

​ ឯកឧត្តម​ឧត្តម​នាយករដ្ឋមន្ត្រី​ សុខ អាន ក៏បាន​ជម្រាបអំពី​ចំ​នួន​ភ្ញៀវ​ទេស​ចរជាង​៤លាន​នាក់​មក​កម្ពុជា​ ថា​ជា​កំ​ណើន​ភ្ញៀវ​ទេស​ចរដ៏​ខ្ពស់​បំ​ផុត​ គឺ​កើតចេញ​ពី​កត្តា​ស្ថិរភាព​នយោបាយ​ ដែលត្រូវ​បាន​ពិភព​លោក​ទទួល​ស្គាល់​ ថា​កម្ពុជា​ពិត​ជា​មាន​នូវ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ដ៏​ល្អ​ពិសិដ្ឋ​ ហើយ​ថា ក្រៅ​ពីតំ​បន់​អង្គ​ខេត្ត​​សៀម​រាម គឺ​ប្រាសាទ​ព្រះ​វិហារ ជា​តំ​បន់​ពិសេសទី​២ ដែល​មាន​ប្រាសាទ​ ដី​មាន​ជី​វជាតិ មាន​រ៉ែ  មាន​ផ្សារ មន្ទីរពេទ្យ នៅតំ​បន់​ជិត​ប្រាសាទ ដូច​ជា​ សាអែម​ជា​ដើម​ ដែលរំ​ពឹង​ថា បើ​ការ​គ្រប់​គ្រង​បាន​ល្អ     តំ​បន់​នេះ​នឹង​ទាក់​ទាញ​ភ្ញៀវ​ទេសចរបាន​ច្រើន​បន្ថែម​ទៀត ។

សូម ​បញ្ជាក់​ថា តំ​បន់​ប្រាសាទ​ព្រះ​វិហារ មាន​វត្ត​សំ​ខាន់​ចំ​នួន​ពីរ​ ១ គឺ​វត្តនៅ​លើ​កំ​ពូល​ភ្នំ​ព្រះ​វិហារ ឈ្មោះ « វត្ត​កែវ​សិក្ខាតេជោគិរី​ស្វរៈ» និង​វត្ត​នៅ​ក្នុង​ភូមិ​ធម្មជាតិ​សម្តេច​តេជោ ឈ្មោះ​ថា « វត្ត​មរតក​តេជោបុរី​ស្វរៈ» ​ដែល​សាង​សង់​ឧទ្ទិស​ចំ​ពោះ​ព្រះ​ឥសូរ​។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន មាន​សុទិដ្ឋិនិយម​ថា តំ​បន់​ភូមិ​ធម្ម​ជាតិ​សម្តេច​តេជោ ដែល​សព្វ​​ថ្ងៃ​មាន​ប្រជា​ពលរដ្ឋ​រស់​នៅ​ជា​ង​៤ពាន់​គ្រួសារ និង​មាន​ចំ​នួន​កើន​ឡើង ហើយ​ទី​នេះ​នឹង​ក្លាយ​បុរី និង​ទៅ​ជា​ក្រុង​ដ៏​ទំ​នើប​ មាន​ភ្លើង​ និង​ទឹក​ប្រើ​ប្រាស់​គ្រប់​គ្រាន់​។

ជា ​ចុង​បញ្ចប់នៃ​ការ​សំ​ណេះ​សំ​ណាល​ជា​មួយ​ព្រះ​សង្ឃ និង​ប្រជាពលរដ្ឋ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ សុខ​ អាន បាន​ឲ្យ​ដឹង​ថា ថវិការ​ដែល​បាន​មក​ពី​ការ​រួម​ចំ​ណែក​នៃ​កឋិន​ទាន​សាមគ្គី​នេះ គឺ​នឹង​គ្រប់​គ្រាន់​​ក្នុង​ការកសាង​បង្ហើយ​ព្រះ​វិហារ មតកតេជោបុរី​ស្វរៈ​ នេះ​ នៅ​មុន​ខែ​កក្កដា ឆ្នាំ​២០១៥ខាង​មុខ ដើម្បី​នឹង​ប្រារព្ធ​ធ្វើ​ពិធី​ឆ្លង សម្ពោធព្រះ​វិហារ​ថ្មី​​ ដែល​ជា​ថ្ងៃ​រំ​លឹក​នៃការ​ចុះ​ប្រាសាទ​ព្រះ​វិហារ​ចូល​ក្នុង​បញ្ជី​ បេតិកភណ្ឌ​ពិភព​​លោក​ ៕








សារ​លិខិត​​សម្តេចអ​គ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ថ្លែង​ក្នុង​ឱកាស​​បើកបវេសន​កាល ឆ្នាំ​សិក្សា​ ២០១៤-២០១៥







សារ​លិខិត​​សម្តេចអ​គ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ថ្លែង​ក្នុង​ឱកាស​​បើកបវេសន​កាល ឆ្នាំ​សិក្សា​ ២០១៤-២០១៥