Sunday, August 10, 2014

សេចក្តីប្រកាសព័ត៌មាន ស្តីពី ស្តីពីលទ្ធផល សម័យប្រជុំរដ្ឋសភា ជាវិសាមញ្ញ នីតិកាលទី៥ (ថ្ងៃសុក្រ ទី ០៨ ខែ សីហា ឆ្នាំ ២០១៤)


លិខិតអបអរសាទរ របស់រដ្ឋសភា ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា


សម្តេច​​តេជោ​​ពេញ​​ចិត្ត​​ចំពោះ​​ការ​​ផ្តន្ទា​ទោស​ នួន​​ ជា និង​ ខៀវ​ សំផន ​ដោយ​តុលាការ​​ក្រោយ​​រង់​ចាំ​​យុត្តិ​ធម៌​​ជាង ៣៥ឆ្នាំ

សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះ​រាជាណាចក្រ​កម្ពុជា បាន​ថ្លែង​អំពី​ការ​ពេញ​ចិត្ត​ជា​ខ្លាំង និង​គាំទ្រ​ទាំង​ស្រុង​នូវ​ការ​សម្រេច​ផ្តន្ទាទោស​លើ​មេដឹក​នាំ​ខ្មែរ​ក្រហម​ទាំង​ពីរ គឺ​លោក នួន ជា និង​លោក ខៀវ សំផន ដោយ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​នៃ​តុលាការ​កម្ពុជា (អវតក) ខណៈ​ដែល​សម្តេច និង​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ជា​ភរិយា ទន្ទឹង​រង់​ចាំ​នូវ​យុត្តិធម៌​នេះ អស់​រយៈ​ពេល​ជាង ៣៥​ឆ្នាំ​មក​ហើយ។

បន្ទាប់​ពី​បញ្ចប់​កិច្ច​ប្រជុំ​រដ្ឋសភា ដែល​មាន​តំណាង​រាស្ត្រ​គណបក្ស​សង្ក្រោះជាតិ​ទាំង ៥៥​នាក់​ចូលរួម​ជាលើក​ដំបូង នៅ​ព្រឹក​ថ្ងៃ​ទី៨ ខែ​សីហា ឆ្នាំ​២០១៤ សម្តេចតេជោ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌​មាន​នា​វិមានរដ្ឋ​សភា​ថា "​ខ្ញុំ​បាន​តាមដាន​ដោយ​យក​ចិត្ត​ទុក​ដាក់​។ ម្សិល​មិញ​នេះ ជា​ភ​ព្វសំណាង ដែល​ខ្ញុំ​បាន​បើក​មើល​ដោយ​ផ្ទាល់ ហើយ​ខ្ញុំ​មាន​ការពេញចិត្ត​យ៉ាងខ្លាំង​ជាមួយ​នឹង​សាលក្រម​នៃ​តុលាការ​កូនកាត់​មួយ​នេះ​។ យើង​បាន​ប្រឹងប្រែង​ដំណើរ​ការ​រឿងនេះ​។ ហើយ​ម្សិលមិញ បន្ទាប់​ពី​កាត់ក្តី​ហើយ នៅ​ពេលបាយ ខ្ញុំ​បាន​និយាយ​ជាមួយ​ភរិយា​របស់ខ្ញុំ​ថា យើង​រង់ចាំ​អស់ ៣៥ឆ្នាំ និង ៨ខែ​គត់​។ មានន័យ​ថាម៉េច​? យើង​បាន​ផ្តួល​រំលំ​របប​ប្រល័យ​ពូជសាសន៍​ប៉ុលពត នៅ​ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩ ប៉ុន្តែ​គេ​មិន​ដែល​ទទួល​ស្គាល់ ពេល​នោះគេ​ដាក់​កំហុស​យើងខ្ញុំ មក​ដល់​គណបក្ស​ប្រជាជនថា​ វ៉ៃ​គេ​នឹង​ខុសរហូត​ដល់​គេ​និយាយ​ថា ឆ្អឹង​អីៗ សុទ្ធតែ​សិប្ប​និម្មិត្ត​ទេ​"​។

សម្តេច​តេជោ​មាន​ប្រសាសន៍​ឲ្យដឹង​ថា "​ខ្លួន​ខ្ញុំ​ផ្ទាល់​ទៅ​ចរចា ខ្ញុំ​បាន​និយាយ​ច្បាស់​ថា កន្លែង​សមរម្យ​របស់​ពួក​ខ្មែរក្រហម គឺ​តុលាការ​កាត់ទោស មិន​មែន​នៅ​ក្នុង SNC (ក្រុម​ប្រឹក្សា​បង្រួប​បង្រួម​ជាតិជាន់ខ្ពស់)​។ ក៏​ប៉ុន្តែ​ពេល​នោះ គ្មាន​នរណា​យកចិត្តទុកដាក់​ចំពោះ​យើង​ទេ​។ យើង​បាន​ស្នើ​ដាក់​ក្នុង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីសថា​ ទប់ស្កាត់​ការវិល​ត្រលប់​នៃ​របប​ប្រល័យ​ពូជសាសន៍ ក៏​ប៉ុន្តែ​គេ​មិន​បានព្រម​ទៅ​នឹង​អ្វី​របស់​យើង​ទេ គេ​បែរជា​មិន​ហ៊ាន​ដាក់​នូវ​ពាក្យ​នេះ ប៉ុន្តែ​បាន​ត្រឹម​ដាក់ពាក្យ​ថា ទប់ស្កាត់​ការវិល​ត្រលប់​នៃ​អតីតកាលៗ​ថ្មីៗ​"​។

សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​រំលឹក​ថា "​នៅ​ឆ្នាំ​១៩៧៩ ពេលនោះ  អតីត​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា បាន​កាត់​ទោស​ខ្មែរ​ក្រហម ប៉ុន្តែ​គេ​អត់​ទទួល​ស្គាល់ គេ​ជួយ​ខ្មែរ​ក្រហម ឲ្យ​វ៉ៃ​ប្រជាជន​កម្ពុជា​ពន្លិច​ថែមទៀត​។ ប៉ុន្តែ​ម្សិល​មិញ​នេះ (៧សីហា​២០១៤) គឺ​យុត្តិធម៌​បាន​ផ្តល់​មក​ដល់​ជនរងគ្រោះ​ហើយ​។ អ្វី​ដែល​យើង​បាន​ធ្វើ​កាលពី ៣៥ ឆ្នាំ​មុន គឺ​ត្រឹមត្រូវ​។ បាន​ន័យ​ថា យើង​រង់ចាំ​នូវ​យុត្តិធម៌​នេះ អស់​រយៈ​ពេល ៣៥ឆ្នាំ និង ៨ ខែ ព្រោះ​ម្សិលមិញ ថ្ងៃទី​៧ អីចឹង ៣៥ឆ្នាំ ៨ខែ​នេះ ទម្រាំ​តែ​រង់ចាំ​នូវ​យុត្តិធម៌​មួយ​នេះ វា​លំបាក វា​ឈឺចាប់ ប៉ុន្តែ​ម្សិលមិញ យើង​មាន​ការ​ធូរ​អារម្មណ៍​ថា យុត្តិធម៌​ត្រូវ​បាន​ផ្តល់ពិត​មែន​តែ​អ្នក​នេះ គឺ​រស់​មិន​បាន​យូរ​ប៉ុន្មាន ប៉ុន្តែ​ទោស​មួយ​ជីវិត​នេះ ល្មម​គ្រប់គ្រាន់ ដើម្បី​នឹង​ប្រជាជន​សាទ​រហើយ​"។

សូម​បញ្ជាក់​ថា មេដឹកនាំ​ជាន់​ខ្ពស់​នៃ​របប​ប្រល័យ​ពូជ​សាសន៍ នួន ជា និង ខៀវ សំផន កាល​ពីថ្ងៃ​ទី​០៧ ខែ​សីហា ឆ្នាំ​២០១៤ ត្រូវ​បាន​អង្គជំនុំ​ជម្រះ​វិសាមញ្ញ​នៃតុលាការ​កម្ពុជា​(អវតក) សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។

សាលក្រម​របស់ (អវតក) ​ធ្វើឡើង​ក្នុង​សំណុំរឿង​០០២/០១ ​នេះ​ទទួល​បានការ​អបអរ​សាទរ​ជាខ្លាំង​ពីសំណាក់​ប្រជាពល​រដ្ឋ​ខ្មែរ ក៏ដូចជា​អង្គការ​សហប្រជាជាតិ​​សហរដ្ឋអាមេរិក​សហ​គមន៍​អឺរ៉ុប និង​បណ្តា​ប្រទេស​ដែល​ជា​ម្ចាស់ជំ​នួយ​ចំពោះតុលាការ​កាត់ទោស​មេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​នេះ៕