Monday, September 24, 2012

មតិស្វាគមន៍ ឯកឧត្តម ឈិត សុខុន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​តាកែវ ក្នុងពិធី​ចូលរួម​ និង​ឧបត្ថម្ភ​សាខា​កាកបាទ​ក្រហម​កម្ពុជា ខេត្តតាកែវ






សុន្ទរកថា ឯកឧត្តម​​បណ្ឌិត​សភាចារ្យ សុខ អាន​ ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្រ្តី​ ក្នុង​ពិធីបញ្ចុះ​បឋម​សិលា កសាងអគារ​សិក្សា​ឥស្លាម​៥ខ្នង សាង​សង់ផ្ទះ​៤ខ្នង ជូនគ្រួសារ​ក្រីក្រ និងជីក​អណ្តូងទឹកស្អាត​ចំនួន​៣ នៅខេត្ត​តាកែវ

តាកែវ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១២​

          - ឯកឧត្តម ឌឿរ៉ា ណាសៀរ អាប់ឌុល-ទូវ៉ាច់រី ឯកអគ្គរាជទូតរដ្ឋគុយវែតប្រចាំកម្ពុជា
          - ឯកឧត្តម ស្រី បេន អភិបាលនៃគណៈអភិបាលខេត្តតាកែវ
          - ឯកឧត្តម មូហាំម៉ាត់ ហ្វូអាត        តំណាងសហគមន៍សម្របសម្រួលសង្គមរដ្ឋគុយវែត
          - ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ
          - បងប្អូនខ្មែរឥស្លាម លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សទាំងអស់ជាទីស្រឡាញ់!

ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្ស​រីករាយចូលរួមជាមួយ ឯកឧត្តម លោក​ជំទាវ លោកឧកញ៉ា អស់​លោក លោកស្រី ភ្ញៀវកិត្តិយស​ជាតិនិងអន្តរជាតិ បងប្អូន​ខ្មែរឥស្លាម លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស​ទាំងអស់ ក្នុង​ពិធីបញ្ចុះបឋមសិលាកសាងអគារសិក្សាឥស្លាម៥ខ្នង សាងសង់ផ្ទះ៤ខ្នង ជូនគ្រួសារក្រីក្រ និងជីកអណ្តូងទឹកស្អាតចំនួន៣ ដែលជាអំណោយរបស់សមាគមសម្របសម្រួល សង្គមនៃរដ្ឋគុយវែត សហការជាមួយសមាគមសប្បុរសធម៌ដើម្បីអភិវឌ្ឍន៍កម្ពុជា នៅខេត្តតាកែវ នាពេល​នេះ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសម្តែងនូវ​ការ​កោត​សរសើរនិងវាយតម្លៃខ្ពស់ចំពោះ​គណៈដឹកនាំជាន់ខ្ពស់នៃ​សាសនា​ឥស្លាមកម្ពុជា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី​ ថ្នាក់​ដឹកនាំ​សាសនា​​ឥស្លាម ដែលបានខិតខំ​ប្រឹងប្រែង​ដឹកនាំកិច្ចការ​សាសនាឥស្លាម និងសហគមន៍ សាសនិកឥស្លាម​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា ឱ្យមានទំនាក់ទំនងល្អក្នុងរង្វង់ផ្ទៃ​ក្នុង​សាសនាឥស្លាម ទាំងក្នុងនិងក្រៅ​ប្រទេស ក៏ដូច​​​ជា​​ទំនាក់ទំនងល្អជាមួយសាសនាដទៃ ដើម្បីសុខដុមនីយកម្មនិងការ​អភិវឌ្ឍ​ប្រទេសជាតិ។ ជាមួយគ្នានេះដែរ ខ្ញុំសូមថ្លែងអំណរគុណចំពោះរាជរដ្ឋា​ភិបាល និងប្រជាជន គុយវែត ក៏ដូចជាសមាគម​សម្រប​សម្រួល​សង្គម​នៃរដ្ឋគុយវែត និងសមាគមសប្បុរសធម៌​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា ដែលបានផ្ដល់ការគាំទ្រ និងជំនួយ​ឧបត្ថម្ភក្នុងវិស័យសិក្សាធិការនិងសង្គមកិច្ច សំដៅ​រួម​​​ចំណែក​​​ដល់ការស្ដារនិងអភិវឌ្ឍសង្គមជាតិ។
ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ!
ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាយើងជាប្រជាពលរដ្ឋខ្មែរមានមោទនភាពចំពោះនយោបាយឈ្នះ-ឈ្នះ របស់សម្តេចដែលបានធ្វើឱ្យមាតុភូមិរបស់យើងទទួលបានសន្តិភាពពេញបរិបូណ៌ ដែលនេះជាមូលដ្ឋាន គ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ លើសពីនេះទៀត ប្រជាជាតិយើងមិនដែលមានជម្លោះ ឬអំពើហឹង្សា ដែលពាក់ព័ន្ធនឹងសាសនាដែរ ពីព្រោះប្រជាពលរដ្ឋយើងប្រកាន់ខ្ជាប់នូវវប្បធម៌សន្តិភាព មិត្តភាព ភាតរភាព។
ការជួបជុំគ្នានៅថ្ងៃនេះ គឺជាសក្ខីភាពបញ្ជាក់អំពីស្មារតីសាមគ្គីភាព ទឹកចិត្តស្រលាញ់រាប់អាន និងការគោរពឱ្យតម្លៃនិងជួយគ្នាទៅវិញទៅមក ដោយមិនប្រកាន់រើសអើង​ជំនឿសាសនាឡើយ។ ព្រឹត្តិការណ៍ នេះក៏ឆ្លុះបញ្ចាំងអំពីសេរីភាពក្នុងការគោរព​ប្រតិបត្តិ​តាមជំនឿ​សាសនារៀងៗខ្លួន នៅក្នុងព្រះរាជាណាចក្រ កម្ពុជាផងដែរ​​។ ជាក់ស្តែង បងប្អូនខ្មែរឥស្លាមទាំងអស់សុទ្ធតែមានសិទ្ធិ​សេរី​ភាព​ពេញ​លេញក្នុងការគោរពប្រតិបត្តិយតាមជំនឿសាសនារបស់ខ្លួន ដូចជា​សិទ្ធិ​គ្របក្បាល​តាមប្រពៃណីសាសនា​ឥស្លាម​នៅ​តាម​ទីសាធារណៈ សិទ្ធិ​ថ្វាយបង្គំ​គ្រប់​ទី​កន្លែង សិទ្ធិ​ប្រារព្ធ​ពិធីសូត្រ​គម្ពីរគូរអាន​ជាលក្ខណៈ​ជាតិនិងអន្តរជាតិ និងសិទ្ធិ​ប្រារព្ធពិធីបុណ្យទាន​ផ្សេងៗ​តាម​ប្រពៃណី​សាសនា​ឥស្លាម។
រាជរដ្ឋាភិបាលបើកទូលាយឱ្យបងប្អូនខ្មែរ​ឥស្លាមអាច​កសាង​​ហេដ្ឋារចនា​សម្ព័ន្ធ​រូបវន្ត​នានា ដើម្បី​ទ្រទ្រង់ជីវភាពសង្គម និងផ្តល់នូវភាពងាយស្រួល​ក្នុងការគោរព​ប្រតិបត្តិ​តាមជំនឿ​​សាសនារបស់ខ្លួន ក៏ដូចជាការសិក្សារៀនសូត្រ។ កន្លងមក បងប្អូនខ្មែរឥស្លាមបានកសាងសមិទ្ធផលយ៉ាងច្រើនសម្រាប់ បំពេញតម្រូវការរបស់បងប្អូន ហើយថ្ងៃនេះ យើងមានមោទនភាពក្រៃលែងដោយបងប្អូនទទួលបាន ជំនួយឧបត្ថម្ភពីសមាគម សម្របសម្រួលសង្គមនៃរដ្ឋគុយវែត ដែលបានសហការជាមួយសមាគម សប្បុរសធម៌ដើម្បីអភិវឌ្ឍន៍កម្ពុជា ក្នុងគម្រោងសាងសង់អគារសិក្សា លំនៅដ្ឋាន អណ្តូងទឹកស្អាត និង គម្រោងទ្រទ្រង់ជីវភាពសង្គមមួយចំនួនទៀត។ បន្តិចទៀតនេះ យើងនឹងបញ្ចុះបឋមសិលា ដើម្បីជា និម្មិតរូបនៃការកសាងអគារសិក្សាឥស្លាមចំនួន៥ខ្នង​ សាងសង់លំនៅដ្ឋានចំនួន៤ខ្នងជូនគ្រួសារក្រីក្រ និងជីកអណ្តូងទឹកស្អាតចំនួន៣ជូនបងប្អូនខ្មែរឥស្លាមនៅក្នុងខេត្តតាកែវយើងនេះ។ ទីតាំងជាក់ស្តែងរបស់ អគារសិក្សាទាំង៥ខ្នងនេះនឹងត្រូវចែកទៅតាមភូមិចំនួន៥ ដូចខាងក្រោម៖​
- ភូមិត្រពាំងលើ់ក ឃុំស្មោង ស្រុកទ្រាំង ទទួលបានអគារចំនួន ១ខ្នង
- ភូមិពោធិ៍ខ្វិត ឃុំព្រះបាតជាន់ជុំ ស្រុកគិរីវង្ស ទទួលបានអគារចំនួន ១ខ្នង
- ភូមិកំពុងយោល ឃុំគោកពោធិ៍ ស្រុកបុរីជលសារ ទទួលបានអគារចំនួន ១ខ្នង
- ភូមិអង្គក្រូច ឃុំបុរីជលសារ ស្រុកបុរីជលសារ ទទួលបានអគារចំនួន ១ខ្នង
- ភូមិសំរោង ឃុំរមេញ ស្រុកកោះអណ្តែត ទទួលបានអគារចំនួន ១ខ្នង។
បន្ថែមពីលើនេះទៀត សមាគមសម្របសម្រួលសង្គមនៃរដ្ឋគុយវែត ក៏មានគម្រោងចំនួនពីរទៀត ដែលក្នុងនោះ គម្រោងទី១មានគោលដៅលើកស្ទួយជីវភាពបងប្អូនតាមរយៈការផ្តល់គោចិញ្ចឹមយកកូន ទូកនេសាទ និងម៉ូតូឌុប ហើយគម្រោងទី២មានគោលដៅជួយផ្នែកសង្គមកិច្ចសម្រាប់ប្រជាពលរដ្ឋក្រីក្រ និស្សិតក្រីក្រ និងកុមារកំព្រា។
ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ!
​ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំ​​សូម​សម្តែងនូវ​ការអបអរសាទរចំពោះបងប្អូនខ្មែរឥស្លាម ដែលនឹងទទួលបានអគារសិក្សា លំនៅដ្ឋាន និងអណ្តូងទឹកស្អាត ព្រមទាំងគម្រោងលើកស្ទួយជីវភាព​​ ក៏ដូចជាគម្រោងផ្នែកសង្គមកិច្ច ដែលសរុបជាទឹកប្រាក់ចំនួន ១១៦ ៨០០ ដុល្លារអាមេរិក សម្រាប់ ជាប្រយោជន៍ចំពោះប្រជាពលរដ្ឋ​​នៅក្នុងស្រុកទ្រាំង គិរីវង្ស បុរីជលសារ និងកោះអណ្តែត ក៏ដូចជា ប្រជាពលរដ្ឋក្នុងខេត្តតាកែវទាំងមូលរបស់​យើង​នេះ។ សមិទ្ធផលនិងគម្រោងទាំងនេះ នឹង​រួម​ចំណែក​ដល់ការកសាងធនធានមនុស្ស ការលើកស្ទួយ​ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងការកាត់បន្ថយភាពក្រីក្រ​នៅកម្ពុជា។ ឆ្លៀតឱកាសនេះ ខ្ញុំ​​សូមអំពាវនាវដល់បងប្អូនខ្មែរឥស្លាម ដែលនឹងទទួល បានប្រយោជន៍ពីគម្រោងទាំងនេះ សូមប្រើប្រាស់សមិទ្ធផលទាំងនេះឱ្យចំគោលដៅ ដើម្បីជាប្រយោជន៍ រួមក្នុងសហគមន៍របស់ខ្លួន និងជួយថែរក្សាសម្បត្តិទាំងនេះសម្រាប់ជាមរតកដល់កូនចៅជំនាន់ក្រោយ។
ជាថ្មីម្តងទៀត ខ្ញុំ​​សូម​សម្តែងនូវ​អំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំសមាគមសម្រប សម្រួលសង្គមនៃរដ្ឋគុយវែត ដែលបានសហការជាមួយសមាគមសប្បុរសធម៌ដើម្បីអភិវឌ្ឍន៍កម្ពុជាក្នុង ការធ្វើឱ្យជំនួយ និងគម្រោងទាំងនេះលេចចេញជារូបរាងឡើង។ ទឹក​ចិត្ត​ដ៏ប្រពៃ​ថ្លៃថ្លា​របស់​រាជរដ្ឋាភិបាល​ និង​ប្រជាជន​គូវ៉ែត​នាពេល​នេះ​ មិន​ត្រឹម​តែ​រួម​ចំណែក​ដល់​ការ​លើក​កម្ពស់ជីវភាព​រស់​នៅ​របស់​បង​ប្អូន​​ខ្មែរឥស្លាម​នៅ​កម្ពុជា​​ប៉ុណ្ណោះទេ​​ ប៉ុន្តែ​ថែម​ទាំង​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ ក្នុង​ការ​រឹត​​ចំណងមិត្តភាព​សាមគ្គី​ភាព​ និង​សហប្រតិបត្តិការ​រវាង​ប្រជាជននិង​ប្រទេស​ទាំង​ពីរ​ កម្ពុជា-គុយវែតឱ្យ​កាន់​តែ​រឹងមាំ​ និង ស្ថិតស្ថេរគង់វង្ស​ជានិរន្តរ៍។​
ជាមួយគ្នានេះដែរ​ ខ្ញុំសូម​យក​ឱកាស​នេះ​អំពាវនាវ​​ដល់​​ដៃគូអភិវឌ្ឍន៍ និងសប្បុរស​ជន​ទាំងក្នុង​និង​ ក្រៅ​ប្រទេស​សូមបន្ត​​ជួយ​ឧបត្ថម្ភ​​គាំទ្រ និងរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើនការអភិវឌ្ឍ​សង្គមជាតិ និង​មាតុភូមិ​ជាទីស្នេហា​នៃ​យើងបន្ថែមទៀត​។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា​ អស់លោក លោកស្រី ភ្ញៀវ​កិត្តិយសជាតិនិងអន្តរជាតិ​ទាំងអស់ សូមប្រកបដោយសុខភាពល្អ ទទួលបានជោគជ័យលើគ្រប់ភារកិច្ច និងមានសុភមង្គលក្នុងក្រុមគ្រួសារ៕
សូមអរគុណ!

សារលិខិត សម្តេច​អគ្គមហា​សេនា​បតី​តេជោ នាយក​រដ្ឋមន្រ្តី ក្នុងឱកាស​ទិវា​សន្តិភាព អន្តរជាតិ​លើក​ទី១០