Wednesday, August 15, 2012

អា​មេ​រិ​ក​នឹង​ធ្វើ​អ្វី​ពេល​ដែល​សម្ពន្ធ​មិត្ដ​ជប៉ុន​-កូរ៉េ​ខាងត្បូង​ប្រឈម​មុខ​ដាក់​គ្នា​?

ដោយ​ ៖ ម៉ែវ ​សាធី ថ្ងៃទី 15 សីហា 2012ម៉ោង 13:46:24
​ភាព​តានតឹង​នៅ​ក្នុង​ទំនាក់ទំនង​រវាង​ សម្ពន្ធមិត្ដ​ដ៏​ជិត​ស្និទ្ធ​បំផុត​របស់​អា​មេ​រិ​ក​ នៅ​តំបន់​អាស៊ី​ គឺ​ជប៉ុន​ និង​កូរ៉េ​ខាងត្បូង​ បាន​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ។​
​ភាព​តានតឹង​រវាង​កូរ៉េ​ខាងត្បូង​នឹង​ជប៉ុន​បាន​ធ្វើ​ឱ្យ​អា​មេ​រិ​ក​ត្រូវ​រាំងស្ទះ​ នៅពេល​ដែល​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ព្យាយាម​ បង្កើន​កិច្ច​សហប្រតិបត្ដិការ​មួយ​ បណ្ដា​សម្ពន្ធមិត្ដ​ជា​ផ្នែក​មួយ​នៃ​គោល​នយោបាយ​ឆ្ពោះ​មក​កាន់​តំបន់​អាស៊ី​ ប៉ា​ស៊ី​ហ្វី​ក​របស់​ខ្លួន​ ។
​ប្រធានាធិបតី​លី​ ម្យ៉ុ​ង​បាក់​ កាលពី​ពេល​កន្លង​មក​បាន​ទស្សនកិច្ច​ទៅ​កាន់​ ប្រជុំ​កោះ​ជា​ប្រវត្ដិសាស្ដ្រ​ដែល​សម្បូរ​ ទៅ​ដោយ​ធនធានធម្មជាតិ​ ទាំងរ​ដ្ឋា​ភិ​ បាល​ទីក្រុង​សេ​អ៊ូ​ល​ និង​ទីក្រុង​តូ​ក្យូ​ សុទ្ធ​សឹងតែ​អះអាង​ថា​ ជា​អធិបតេយ្យភាព​ របស់​រៀងៗ​ខ្លួន​នៅ​ប្រជុំ​កោះ​ដុក​ឌូ​ ដែល​ ជប៉ុន​ហៅ​ថា​ កោះ​ តាកែ​ស៊ី​ម៉ា​ ។​
​អា​មេ​រិ​កបាន​ស្នើ​ឱ្យ​សម្ពន្ធមិត្ដ​ទាំង​២​ ត្រូវ​តែ​បង្កើន​ទំនាក់ទំនង​ឱ្យ​ល្អ​ប្រសើរ​នឹង​គ្នា​វិញ​ ។​ អ្នកនាំពាក្យ​ក្រសួងការបរទេស​ អា​មេ​រិ​ក​លោកស្រី​ វី​ច​ថើ​រៀ​ ណូ​ឡែ​ន​ បញ្ជាក់​ថា​ “​យើង​គ្មាន​វិវាទ​អធិបតេយ្យ​ ភាព​នៅ​ទី​នេះ​ យើង​ចង់​មើលឃើញ​ សម្ពន្ធមិត្ដ​ដ៏​ជិត​ស្និទ្ធ​ទាំង​ពីរ​របស់​ខ្លួន​នៅ​ ប៉ា​ស៊ី​ហ្វី​ក​សហ​ការណ៍​គ្នា​ដោះស្រាយ​ រាល់​វិវាទ​ដោយ​សន្ដិវិធី​”​ ។​
​ប្រធានាធិបតី​អា​មេ​រិ​ក​ លោក​បា​រ៉ា​ក់​ អូ​បា​ម៉ា​ បាន​លើក​ឡើង​ពី​គោ​លន​យោ​ បាយ​ឆ្ពោះ​មក​កាន់​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វី​ក​ ជា​តំបន់​ដែល​មាន​សេដ្ឋកិច្ច​កំពុង​ អភិវឌ្ឍន៍​យ៉ាង​ខ្លាំង​ ។​ បច្ចុប្បន្ន​ អា​មេ​រិ​ក​ មាន​កម្លាំង​ទាហាន​៧៥​ពាន់​នាក់​ឈរជើង​ នៅ​ជប៉ុន​និង​កូរ៉េ​ខាងត្បូង​ជា​ផ្នែក​មួយ​ ក្នុង​ការ​ពង្រឹង​កម្លាំងយោធា​នៃ​ដំណើរ​ ឆ្ពោះ​មក​កាន់​អាស៊ី​របស់​អា​មេ​រិ​ក​ ។​
​ក្នុង​ចំណោម​មេដឹកនាំ​ដែល​មាន​ ឥទ្ធិពល​នៅ​ទ្វីបអាស៊ី​ ប្រធានាធិបតី​កូរ៉េ​ ខាងត្បូង​លី​ ម្យ៉ុ​ង​បាក់​ ជា​បុគ្គល​មាន​ ទំនាក់ទំនង​ជិត​ស្និទ្ធ​បំផុត​ជាមួយ​ប្រ​ធា​ នា​ធិ​បតី​អូ​បា​ម៉ា​ ។​ បណ្ដា​មន្ដ្រីជាន់ខ្ពស់​ អា​មេ​រិ​កបាន​ស្ងើចសរសើរ​ដល់​ប្រ​ធានា​ ធិ​បតី​លី​ ម្យ៉ុ​ង​បាក់​ ដែល​មានការ​សំឡឹង​ មើល​វែង​ឆ្ងាយ​ទៅ​លើ​ចំណុច​សំខាន់ៗ​ នៅ​លើ​ពិភពលោក​ ។​
​កាលពី​ខែមិថុនា​ រដ្ឋាភិបាល​របស់​ ប្រធានាធិបតី​​ លី​ ម្យ៉ុ​ង​បាក់​ មាន​គម្រោង​ចុះហត្ថលេខា​ចែករំលែក​ព័ត៌មាន​ចារ​ កម្ម​យោធា​រវាង​កូរ៉េ​ខាងត្បូង​ នឹង​ជប៉ុន​ ជា​លើក​ដំបូង​ក្នុង​ប្រវត្ដិសាស្ដ្រ​ក្រោយ​ពី​ឆ្នាំ​១៩៤៥​ ។​
​លោក​ Bruce​ Klingner​ អ្នក​ឯក​ទេស​ស្រាវជ្រាវ​មក​ពី​មជ្ឈមណ្ឌល​ Heritage​ Foundation​ អា​មេ​រិ​កបាន​ បញ្ជាក់​ថា​ “​ភាព​តានតឹង​រវាង​ទីក្រុង​ សេ​អ៊ូ​ល​នឹង​តូ​ក្យូ​បាន​ជះ​ឥទ្ធិពល​យ៉ាង​ធំ​ ធេង​ដល់​សន្ដិសុខ​របស់​ប្រទេស​ទាំង​ពីរ​ ក៏​ដូច​ជា​រារាំង​ដល់​គោលដៅ​ដល់​សន្ដិ​ សុខ​របស់​អា​មេ​រិ​ក​នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ ហ្វី​ក​ផង​ដែរ​”​ ៕

ពលរដ្ឋ​ប្រមាណ​១៤០០​គ្រួសារ​បន្ត​ទទួល​បាន​ទឹក​ស្អាត​ពី​មូលនិធិ​អន្តរជាតិ​សិង្ហ​បុរី​

ដោយ​ ៖ វឌ្ឍនា ថ្ងៃទី 15 សីហា 2012ម៉ោង 10:37:03
​ខេត្តកំពង់ស្ពឺ ៖ ប្រជាពលរដ្ឋ​នៅ​តាម​ទី​ជនបទ​ប្រមាណ​៨៤០០​នាក់​ ប្រហែល​១៤០០​គ្រួសារ ​រស់នៅ​ក្នុង​ឃុំ​ចំនួន​១០​នៃ​ខេត្តកំពង់ស្ពឺ​ ទទួល​បាន​អត្ថប្រយោជន៍​ពី​គម្រោង​ទឹក​ស្អាត​របស់​មូលនិធិ​អន្តរជាតិ​សិង្ហ​បុរី​ ។​ គម្រោង​លើកកម្ពស់​វិស័យ​សុខភាព​ឈ្មោះ​ថា ​”​ទឹក​សម្រាប់​ជីវិត​”​ នេះ​ត្រូវ​បាន​បើក​សម្ពោធ​ជា​ផ្លូវការ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ​ខែសីហា​ ឆ្នាំ​២០១២​ នៅ​ក្នុង​ទីស្នាក់ការ​ឃុំ​ខ្ទុំ​ក្រាំង​ ស្រុក​សំរោង​ទង​ ដោយ​មានការ​ចូលរួម​ពី​សំណាក់​ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី​ប្រចាំ​នៅ​កម្ពុជា​ អភិបាលរង​ខេត្តកំពង់ស្ពឺ​ ថ្នាក់ដឹកនាំ​មូលនិធិ​អន្តរជាតិ​សិង្ហ​បុរី​តំណាង​អង្គការ​ប្រជាពលរដ្ឋ​ និង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ជា​ច្រើន​រូប​ទៀត​។​
​អ្នក​នាង​ Euleen​ Goh​ ប្រធាន​ក្រុមប្រឹក្សាភិបាល​មូលនិធិ​អន្តរជាតិ​សិង្ហ​បុរី​ បាន​បញ្ជាក់​ថា​ ទឹក​អនាម័យ​ពិតជា​មាន​សារៈសំខាន់​បំផុត​សម្រាប់​សុខភាព​ ហើយ​ការ​ប្រើប្រាស់​ទឹក​នេះ​ដើម្បី​ជួយ​លើកកម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ​តាម​រយៈ​ការ​កាត់​បន្ថយថាមពល​ ពេលវេលា​ ធនធាន​ និង​កែ​លម្អ​លំនៅ​ដ្ឋា​ន​របស់​ពលរដ្ឋ​ទាំងអស់​គ្នា​។​ អ្នក​នាង​បន្ត​ទៀត​ថា​ គម្រោង​ទឹក​សម្រាប់​ជីវិត​នេះ​មាន​គោលបំណង​ជួយ​ឲ្យ​ប្រជាជន​ជនបទ​ជាង​៨៤០០​នាក់​ក្នុង​ខេត្តកំពង់ស្ពឺ​ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់​ជា​ពិសេស​សម្រាប់​ពិសារ​ ដែល​គម្រោង​នេះ​នឹង​ត្រូវ​បាន​អនុវត្ត​ក្នុង​រយៈពេល​៣​ឆ្នាំ​តាម​រយៈ​ការ​តំឡើង​ធុង​ចម្រោះ​ទឹក​ស្អាត​ខ្សាច់​ជីវសាស្ត្រ​ចំនួន​១៤០០​ធុង​ទៅ​ឲ្យ​គ្រួសារ​នីមួយៗ​។​ លើ​ល​ពី​នេះ​គម្រោង​ក៏​នឹង​ផ្តល់​ជូន​នូវ​អណ្តូង​ និង​បង្គន់​អនាម័យ​ដើម្បី​បង្កើន​អនាម័យ​ក្ន​ង​សហគមន៍​ផង​ដែរ​ហើយ​តាម​រយៈ​ការ​សហការ​រវាង​ពលរដ្ឋ​ និង​អង្គការ​ដៃគូ​អ្នក​នាង​ក៏​មាន​គោលបំណង​សាងសង់​មណ្ឌល​សុខភាព​ផង​ដែរ​។​ អ្នក​នាង​រំពឹង​ដែរ​ថា​ នឹង​បានឃើញ​ទឹក​ស្អាត​មួយ​កែវៗ​ដែល​បងប្អូន​ពិសារ​ហូរ​ចុះ​ពី​ធុង​ចម្រោះ​ទឹក​ស្អាត​ ដែល​ប្រសូត​ចេញពី​ចំណងមិត្តភាព​ដ៏​ស្អិតរ​មួ​ត​រវាង​ប្រទេស​សិង្ហ​បុរី​ និង​ប្រទេស​កម្ពុជា​ដែល​សម្រេច​បាន​នៅ​ថ្ងៃនេះ​។​
​លោក​ ព្រី​ម​ ជី​ត​ ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​សិង្ហ​បុរី​ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែង​ថា​ប្រជាពលរដ្ឋ​សិង្ហ​បុរី​សុទ្ធតែ​បាន​យល់​ច្បាស់​ពី​គុណ​តម្លៃ​របស់​ទឹក​ ហើយ​ការ​ផ្តល់​ជូន​នូវ​កម្មវិធី​ទឹក​សម្រាប់​ជីវិត​នេះ​ក៏​ជា​ការ​ចែករំលែក​បទ​ពិសោធន៍​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​ជា​សមាជិក​អាស៊ាន​ ហើយ​លោក​សប្បាយ​រីករាយ​ដែល​បាន​ចូលរួម​ធ្វើការ​ជាមួយ​គម្រោង​នេះ​។​ លោក​បន្ត​ទៀត​ថា​ កម្មវិធី​នេះ​ក៏​នឹង​ជួយ​ជំរុញ​ឲ្យ​សេវាកម្ម​សុខភាព​កាន់តែ​ល្អ​ ហើយ​ក៏​អាច​បន្ត​រឹតចំណង​មិត្ត​ភាណ​ប្រជាជន​ និង​ប្រជាជន​ ប្រទេស​និង​ប្រទេស​ទាំង​ពីរ​កាន់តែ​ល្អ​ប្រសើរ​ផង​ដែរ​។​
​លោក​ប៉ែន​ សំបូរ​ អភិបាលរង​ខេត្តកំពង់ស្ពឺ​បាន​លើក​ឡើង​ក្នុង​កម្មវិធី​នេះ​ដែរ​ថា​ការ​ផ្តល់​ជូន​របស់​មូលនិធិ​អន្តរជាតិ​សិង្ហ​បុរី​នៅ​ពេល​នេះ​គឺ​បាន​ឆ្លើយ​តប​ចំ​គោលដៅ​ និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​ជនបទ​ និង​អាច​ជួយ​ឲ្យ​សម្រេច​បាន​គោលដៅ​សហ​វត្ស​ធានា​ឲ្យ​មាន​ស្ថេ​រ​ភាព​បរិស្ថាន​ សុខភាព​ កាត់​បន្ថយ​ភាព​ក្រីក្រ​ជាដើម​។​ លោក​បញ្ជាក់​ដែរ​ថា​ កម្មវិធី​នេះ​ក៏​បាន​បង្ហាញ​ពី​ទឹកចិត្ត​អាណិត​ស្រលាញ់​របស់​ ប្រជាពលរដ្ឋ​នៃ​ប្រទេស​សិង្ហ​បុរី​ចំពោះ​ពលរដ្ឋ​កម្ពុជា​ផង​ដែរ​។​
​លោក​ អ៊ុំ​ ជឿន​ពលរដ្ឋ​រស់នៅ​ក្នុង​ ភូមិ​សំពូ​ង​ ឃុំ​ខ្ទុំ​ក្រាំង​ ស្រុក​សំរោង​ទង​ដែល​ទទួល​បាន​ធុង​ចម្រោះ​ទឹក​ស្អាត​ពី​មូលនិធិ​អន្តរជាតិ​សិង្ហ​បុរី​បាន​បញ្ជាក់​ថា​ លោក​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​ពិតជា​មាន​អារម្មណ៍​រំភើប​រីករាយ​រក​អ្វី​ប្រៀបផ្ទឹម​មិន​បាន​។​ លោក​បាន​បន្ត​ទៀត​ថា​ មុន​ពេល​ទទួល​បាន​ធុង​ចម្រោះ​នេះ​សមាជិកគ្រួសារ​លោក​ និង​ពលរដ្ឋ​ជា​ច្រើន​ក្នុង​តំបន់​តែង​ទទួលទាន​ទឹក​ទាំង​ឆ្អិន​ និង​ឆៅ​ ដែល​បង្ក​ឲ្យ​មាន​ជំងឺ​រាករូស​ គ្រុនពោះវៀន​ ជា​ញឹកញាប់​ ប៉ុន្តែ​បន្ទាប់​ពី​ទទួល​បាន​ធុង​ចម្រោះ​នេះ​ក្រុម​គ្រួសារ​លោក​មិន​មាន​អាកា​រៈ​ខាងលើ​ទៀត​ឡើយ​។​ លោក​បន្ត​ទៀត​ថា​ ធុង​ចម្រោះ​ទឹក​នេះ​បាន​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ពេលវេលា​ថវិកា​ និង​នាំ​ឲ្យ​ក្រុម​គ្រួសារ​មាន​សុខភាព​ល្អ​ផង​ដែរ​។​
​គួរ​បញ្ជាក់​ដែរ​ថា​ មូល​និ​ធី​អន្តរជាតិ​សិង្ហ​បុរី​បាន​ធ្វើ​ប្រតិបត្តិការ​បង្កើត​សម្ព័ន្ធភាព​ជាមួយ​កម្ពុជា​តាម​រយៈ​ការ​ចងមិត្ត​ភាព​រវាង​ប្រជាជន​ និង​ប្រជាជន​នេះ​អស់​រយៈពេល​១០​ឆ្នាំ​កន្លង​មក​ហើយ​ តាម​រយៈ​ការ​បញ្ជូន​ក្រុម​អ្នក​ស្ម័គ្រចិត្ត​សិង្ហ​បុរី​ដូច​ជា​អ្នកជំនាញ​អប់រំ​  និង​គ្រូពេទ្យ​ទៅ​កាន់​ភ្នាក់ងារ​ដៃគូ​ និង​សហ​គម​ជា​ច្រើន​មក​រាជធានី​ភ្នំពេញ​ សៀមរាប​ កណ្តាល​ និង​កំពង់ស្ពឺ​។​ ក្រៅពី​នេះ​ក៏​នៅ​មាន​គម្រោង​ជា​ច្រើន​ទៀត​ដែល​មូ​និ​ធិ​មួយ​នេះ​បាន​នឹង​កំពុង​បន្ត​ធ្វើ​ប្រតិបត្តិការ​ដែល​មាន​ទាំង​កម្មវិធី​អ្នក​ស្ម័គ្រចិត្ត​អន្តរជាតិ​សិង្ហ​បុរី​ គម្រោង​បណ្តុះបណ្តាល​អ្នកជំនាញ​ និង​គម្រោង​លើកកម្ពស់​វិស័យ​សុខាភិបាល​ជា​ច្រើន​ទៀត​ផង​ដែរ​។​ គម្រោង​”​ទឹក​សម្រាប់​ជីវិត​”​នេះ​គឺជា​គម្រោង​ទី​២​បន្ទាប់​ពី​ការ​ប្រតិបត្តិការ​នៅ​ខេត្តសៀមរាប​ ហើយ​ការ​ដំឡើង​ធុង​ចម្រោះ​ទឹក​ស្អាត​នៅ​ខេត្តកំពង់ស្ពឺ​នេះ​នឹង​ធ្វើ​ជា​ពី​តំណាក់​កាលដែល​ដំណាក់កាល​ទី​១​មានការ​ដំឡើង​ធុង​ចម្រោះ​ទឹក​ស្អាត​ដែល​បង្កើត​ឡើង​ដោយ​មូល​និ​ធី​Sao​ Sary​ ចំនួន​៨០០​ធុង​ និង​អណ្តូងស្នប់​ចំនួន​៤​។​ រីឯ​តំណាក់កាល​ទី​២​គឺ​ការ​ដំឡើង​ធុង​ចម្រោះ​ទឹក​ស្អាត​ខ្សាច់​ជីវសាស្ត្រ​៦០០​ធុង​ កសាង​បង្គន់​១២០​ ព្រមទាំង​មណ្ឌល​សុខភាព​ និង​អាហារូបត្ថម្ភ​ប្រចាំ​សហគមន៍​ផង​ដែរ​ ៕​

សម្ដេច​តេ​ជោ​ ៖​ មានការ​ដឹកនាំ​ត្រឹមត្រូវ​ទើប​វិស័យ​អប់រំ​មាន​ភាព​រីក​ចម្រើន​

ដោយ​ ៖ មរតក ថ្ងៃទី 15 សីហា 2012ម៉ោង 10:26:29
​ភ្នំពេញ​ ៖​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ថ្លែង​បញ្ជាក់​ទៅ​ កាន់​និស្សិត​ជ័យ​លា​ភី​មក​ពី​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​ប្រមាណ​ជាង​៥.០០០​នាក់​ នៅ​ក្នុង​ឱកាស​ដែល​សម្ដេច​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ប្រគល់​សញ្ញាបត្រ​នៅ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ​ថា​ ការ​រីក​ចម្រើន​វិស័យ​ អប់រំ​នៅ​កម្ពុជា​រហូត​ដល់​និស្សិត​អាច​បញ្ចប់​ការ​សិក្សា​និង​ទទួល​សញ្ញាបត្រ​នា​ពេល​នេះ​ គឺ​ដោយសារ​តែ​ការ​ដឹកនាំ​ដ៏​ត្រឹម​ ត្រូវ​របស់​រាជរដ្ឋាភិបាល​ ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ។​
សម្ដេច​បាន​រំលឹក​ទៅ​កាន់​ក្រុម​និស្សិត​ដែរ​ ថា​ នៅ​ពេល​ដែល​សម្ដេច​បាន​ក្លាយជា​នាយក​រដ្ឋមន្ដ្រី​ការ​បរទេស​ភ្លាមៗ​ គឺ​សម្ដេច​បាន​ដើរ​សុំ​អាហារូបករណ៍​ពី​បរទេស​ ដើម្បី​បញ្ជូន​កូន​ខ្មែ​រេ​ឱ្យទៅ​រៀន​ដូច​ជា​នៅ​អឺរ៉ុប​ជាដើម​ ដូច្នេះ​បើ​បរទេស​ផ្ដល់​អាហារូបករណ៍​ឱ្យ​រដ្ឋាភិបាល​ ហើយរ​ដ្ឋា​ភិ​ បាល​មិន​បាន​បញ្ជូន​ឈ្មោះ​លោក​ លោកស្រី​ទៅ​រៀន​ ក៏​លោក​ លោកស្រី​គ្មាន​ឱកាស​ទៅ​រៀន​ដែរ​ ។​ សម្ដេច​បញ្ជាក់​ថា​ មាន​អ្នកខ្លះ​មិន​ហ៊ាន​ទទួលស្គាល់​ការ​ពិត​ ទទួលស្គាល់​ខ្លួនឯង​ តើ​ដឹកនាំ​ប្រទេស​ជាតិ​យ៉ាងម៉េច​ បើ​សូ​ម្បី​តែ​គ្រួសារ​ ប្ដី​ ក៏​ហ៊ាន​ក្បត់​ដែរ​នោះ​ ។​
ការ​ថ្លែង​បញ្ជាក់​បែប​នេះ​ បើ​ទោះបីជា​សម្ដេច​តេ​ជោ​មិន​បាន​បង្ហាញ​ឈ្មោះ​ ប៉ុន្ដែ​គឺ​គេ​អាច​ដឹង​ថា​ សំដៅ​ទៅ​លើ​លោកស្រី​ លី​ ស្រី​វី​ណា​ តំណាងរាស្ដ្រ​មក​ពី​គណបក្ស​សម​ រ​ង្ស៊ី​ ខណៈ​លោកស្រី​កាលពី​ថ្ងៃ​ទី​៩​ ខែសីហា​ ឆ្នាំ​២០១២​ នៅ​ក្នុង​រដ្ឋសភា​បាន​បដិសេធ​ថា​ អាហារូបករណ៍​ដែល​លោកស្រី​ទទួល​បាន​ទៅ​សិក្សា​នៅ​ប្រទេស​ប៉ូ​ឡូញ​ ដែល​ធ្វើ​ឱ្យ​លោកស្រី​មានចំណេះ​ដឹង​មក​ប្រឆាំង​ជាមួយ​រាជរដ្ឋាភិបាល​ដូច​សព្វ​ថ្ងៃនេះ​ គឺ​បរទេស​ជា​អ្នក​ផ្ដល់​ឱ្យ​ មិនមែន​ រដ្ឋាភិបាល​កម្ពុជា​សម័យ​នោះ​ទេ​៕

លោក​ចាយ​សាំង​យុន​នាំ​អំណោយ​ផ្ដល់​ជូន​យុវជន​ផ្ដាច់​សារធាតុ​ញៀន​នៅ​បន្ទាយ​មាន​ជ័យ​

ដោយ​ ៖ សារុន ថ្ងៃទី 15 សីហា 2012ម៉ោង 10:11:15
​ខេត្ដបន្ទាយមានជ័យ​ ៖​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥​ ខែសីហា​ ឆ្នាំ​២០១២​ លោក​ ចាយ​ សាំង​យុ​ រដ្ឋលេខាធិការ​ក្រសួង​ការពារ​ ជាតិ​បាន​នាំ​យក​អំណោយ​និង​សម្ភារ​ទៅ​ផ្ដល់​ជូន​ដល់​ក្រុម​យុវជន​ផ្ដាច់​សារធាតុ​ញៀន​ ដែល​ពិធី​ប្រគល់​នេះ​បាន​ធ្វើ​ឡើង​ នៅ​ក្នុង​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ដបន្ទាយមានជ័យ​ ។​
​លោក​រដ្ឋលេខាធិការ​បាន​ធ្វើការ​ផ្ដាំផ្ញើ​ដល់​ប្អូនៗ​និង​ក្មួយៗ​ដែល​ជា​យុវជន​មាន​វត្ដ​មាននៅ​ទី​នេះ​ ត្រូវ​ខិតខំ​កសាង​ខ្លួន​តាម​ រយៈ​ការ​ហ្វឹកហាត់​បញ្ចេញ​នូវ​កម្លាំង​ពលកម្ម​ ដើម្បី​ផ្ដាច់​បាន​នូវ​សារធាតុ​ញៀន​ ដែល​កន្លង​ទៅ​ប្អូនៗ​បាន​ដើរ​ផ្លូវខុស​ រហូត​ដល់​មាន​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន​ ។​ លោក​បាន​បន្ដ​ថា​ យុវជន​ជា​ទំញំង​ស្នង​ឫស្សី​ ដូច្នេះ​ប្អូនៗ​ទាំងអស់​គ្នា​មិន​ ហួសពេល​ក្នុង​ការ​ចូលរួម​ចំណែក​នៅ​ក្នុង​សង្គម​នោះ​ទេ​ ។​ ម្យ៉ាងវិញទៀត​ កន្លែង​ដែល​ប្អូនៗ​មក​ស្នាក់​អាស្រ័យ​ខិតខំ​ រៀនសូត្រ​ហ្វឹកហាត់​ដើម្បី​កាត់​ផ្ដាច់​សារធាតុ​ញៀន​ គឺជា​ទីស្នាក់អាស្រ័យ​ដ៏​មាន​សារសំខាន់​បំផុត​ ដែល​ធ្វើ​ឱ្យ​ប្អូន​ទទួល​ បាន​នូវ​អនាគត​ភ្លឺស្វាង​ ។​
​លោក​ ចាយ​ សាំង​យុន​ រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​ក៏​បាន​ផ្ដល់​ជូន​ជា​អំណោយ​និង​សម្ភារ​ជូន​ក្រុម​យុវជន​ផ្ដាច់​ សារធាតុ​ញៀន​ រួម​មាន​  អង្ករ​ចំនួន​៣​តោន​ មី​ចំនួន​៥០​កេស​ នំ​ចំនួន​២០​ធុង​ រួម​ទាំង​ថវិកា​ចំនួន​៣​លាន​រៀល​ ៕

កទ្ទេច​គ្រាប់​នឹង​កាក​សំណល់​សល់​ពី​សម័យ​ស​ង្ក្រា​ម​

ដោយ​ ៖ ឡុង ​សំបូរ ថ្ងៃទី 15 សីហា 2012ម៉ោង 09:53:08
​ខេត្តស្ទឹងត្រែង​៖​ គ្រាប់​និង​កាក​សំណល​សល់​ពី​សម័យ​សង្គ្រាម​ចំនួន​១១៣១​គ្រាប់​ ត្រូវ​បាន​ម​ជ្ឈ​ម​ណ្ឌុ​ល​ជាតិ​គ្រប់គ្រង​កម្លាំង​រក្សា​សន្តិភាព​បោសសំអាត​មីន​ និង​កាក​សំណល់​សង្គ្រាម​ ការដ្ឋាន​សង្កាត់​ស្រះ​ឫស្សី​ខេត្តស្ទឹងត្រែង​ បាន​រៀបចំ​ពិធី​កំទេច​ ចោល​នៅ​ថ្ងៃ​ទី​១៤​ ខែសីហា​ ឆ្នាំ​២០១២​នេះ​ ក្រោម​អធិបតីភាព​លោក​ ​ប្រាក់​  សុ​ខុន​ រដ្ឋ​មន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ និង​ជា​អនុប្រធាន​អាជ្ញាធរ​មីន​កម្ពុជា​ លោក​ម៉ៅ​ ធនិន​ អភិបាលរង​ខេត្តស្ទឹងត្រែង​ ព្រមទាំង​មានការ​ចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ​ មន្ត្រីរាជការ​ អ្នកមុខអ្នកការ​ជុំវិញ​សាលាខេត្ត​ ដ៏​ច្រើន​កុះករ​ផង​ដែរ​ ។​
លោក​វរសេនីយ៍​ពេជ្រ​ សម្បត្តិ​ មេបញ្ជាការ​រង​បោសសំអាត​មីន​ សង្កាត់​ស្រះ​ឫ​ស្សី​ ក្រុង​ស្ទឹង​ត្រែង​បាន​បញ្ជាក់​ថា​ គ្រាប់​ដែល​ត្រូវ​កំទេច​នេះ​ មាន​ប្រភេទ​គ្រាប់​ដែល​ រាវ​ រក​ឃើញ​ពី​ក្នុង​ដី​មាន​ចំនួន​៦១២​គ្រាប់​ និង​គ្រាប់​លែង​ប្រើ​ការ​ចំនួន​៥១៩​គ្រាប់​ ដែល​ យើង​បាន​រៀបចំ​លក្ខណៈ​កំទេច​ប្រើ​ម៉ាស៊ីន​ចុច​ និង​កូនសោរ​រវៃ​ទៅ​តាម​បច្ចេកទេស​ ត្រឹមត្រូវ​មិន​ឲ្យ​កើ​មាន​គ្រោះថ្នាក់​អ្វី​ឡើយ​ ។​
​លោក ​ម៉ៅ ធនិន​ អភិបាលរង​ខេត្ត​មាន​ប្រសាសន៍​ថា​ សកម្មភាព​កំទេច​គ្រាប់​ ដែល​នៅ​សេ​សល់​នេះ​ ពិតជា​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​យកចិត្តទុកដាក់​ ជួយ​ដល់​ប្រជា​ ពលរដ្ឋ​ ដោយ​គ្រាប់​ទាំងនេះ​យើង​យក​បាន​ពី​ក្នុង​ដីស្រែ​ចំការ​ និង​ដី​លំនៅ​ដ្ឋា​ន​ជាដើម​ ដូច្នេះ​ផ្ទៃដី​ទាំងនេះ​ និង​មាន​សុ​វត្តិភាព​សំរាប់​បងប្អូន​ប្រជាពលរដ្ឋ​ ប្រកប​របរ​កសិកម្ម​ និង​រស់នៅ​មាន​សុវត្ថិភាព​។​
​លោក​ លោក​ប្រាក់​  សុ​ខុន​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ និង​ជា​អនុប្រធាន​ អាជ្ញាធរ​មីន​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​ សកម្មភាព​បោសសំអាត​មីន​ អាជ្ញាធរ​មីន​នៅ​ តែ​បន្ត​រុករក​ ហើយ​មិន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​យើង​ នៅ​ទ​ទួ​រង​គ្រោះ​ពី​ភាព​រាំ​រៃ​ដោយសារ​ គ្រាប់​ទាំង​នេះនោះ​ទៀត​ទេ​ ។​
ចុង​ក្រោយ​លោក​រដ្ឋមន្ត្រី​ ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ និង​ជា​អនុប្រធាន​អាជ្ញាធរ​ មីន​កម្ពុជា​បាន​មាន​ប្រសាសន៍​ សំណូមពរ​ទៅ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ទាំងអស់​ ត្រូវ​កំណត់​ផែនទី​ផ្ទៃដី​ ដែ​មាន​គ្រាប់​នៅ​សេ​សល់​ពី​សម័យ​សង្គ្រាម​ ហើ​ត្រូវ​យ​សហការ​ គ្នា​ជាមួយ​ក្រុម​បោសសំអាត​មីន​កំណត់​គោលដៅ​ សហប្រតិបត្តិការ​រុករក​ជា​បន្ត​ ដើម្បី​សម្រេចឲ្យ​បាន​តាម​ផែនការ​របស់​រាជរដ្ឋាភិបាល​ និង​ប្រយោជន៍​យក​ដី​បំរើ​ដល់​ការងារ​ បង្កបង្កើន​ផល​ជូន​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ខេត្តស្ទឹងត្រែង​ ៕​

ក្រុមការងារ​មន្ទីរ​ធនធានទឹក​ខេត្ដឧត្ដរមានជ័យ​និង​ខេត្ដព្រៃវែង​ចុះ​អន្ដរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវ​ របស់​ប្រជាពលរដ្ឋ​

ដោយ​ ៖ សុខ​ ខេមរា​ ថ្ងៃទី 15 សីហា 2012ម៉ោង 09:35:24
​ខេត្ដឧត្ដរមានជ័យ​-​ព្រៃវែង​ ៖​ ក្រុមការងារ​របស់​មន្ដ្រី​មន្ទីរ​ធនធានទឹក​ខេត្ដឧត្ដរមានជ័យ​កំពុង​មមារ​ ញឹក​ចុះ​អន្ដរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវ​ សន្ទូង​ សំណាប​ របស់​ប្រជា​កសិករ​ស្រប​ពេល​ដែល​ពុំ​មាន​ធ្លាក់​ទឹកភ្លៀង​ ក៏​ដូច​ជា​គោល​ការ​ណែនាំ​របស់​លោក​រដ្ឋមន្ដ្រី​ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ ឱ្យ​ថ្នាក់ដឹកនាំ​មន្ដ្រី​ជំនាញ​ ក្រុមការងារ​របស់​ក្រសួង​យកចិត្ដទុកដាក់​ ខ្ពស់​លើ​ការ​ស្វែងរក​ប្រភព​ទឹក​សម្រាប់​សង្គ្រោះ​ស្រូវ​របស់​ប្រជា​កសិករ​នោះ​ ។
​​លោក​ ឃិ​ន​ ញ៉ា​ណ​ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ដឧត្ដរមានជ័យ​បានឱ្យ​ដឹង​ថា​ ការ​ចុះ​អន្ដរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវ​ដើមរ​ដូច​ ឆ្នាំ​២០១២​ បាន​ធ្វើ​ឡើង​នៅ​ភូមិ​គោក​រាំង​ ឃុំ​ជើងទាន​ ស្រុក​ចុងកាល់​ ដែល​មាន​ប្រភព​ទឹកអូរ​ហើយ​មាន​លទ្ធភាព​បូម​សង្គ្រោះ​បាន​ទៅ​លើ​ស្រែ​ ប្រជា​កសិករ​ចំនួន​១០០​ហិ​កតា​ ។​ លោក​ ឃិ​ន​ ញ៉ា​ណ​ បន្ដ​ថា​ កាលពី​ថ្ងៃ​ទី​១៤​ ខែសីហា​ ឆ្នាំ​២១០១២​ ខាង​មន្ទីរ​និង​ក្រុមការងារ​បាន​ចុះ​អន្ដរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវ​បាន​ចំនួន​ ៣០​ហិ​កតា​ ដែល​មានការ​ចូលរួម​ផង​ដែរ​ ពី​អាជ្ញាធរ​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ រហូត​ដល់​ជា​លទ្ធផល​ការ​ចុះ​អន្ដរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវ​នេះ​ គិត​ចាប់ពី​ថ្ងៃ​ទី​៤​ ខែកក្កដា​ ដល់​ថ្ងៃ​ទី​១៤​ ខែសីហា​ ក្រុមការងារ​សង្គ្រោះ​ស្រូវ​ជូន​ប្រជា​កសិករ​បាន​ចំនួន​ ១១៨៦​ហិ​កតា​ ក្នុងស្រុក​ចំនួន​៣​ ដូច​ជា​នៅ​ស្រុក​សំរោង​ ស្រុក​ចុងកាល់​ និង​ស្រុក​បន្ទាយ​អំពិល​ ។​
​ដោយឡែក​នៅ​ខេត្ដព្រៃវែង​ លោក​ ជុំ​ សុ​ភី​ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​បានឱ្យ​នគរវត្ដ​ដឹង​តាម​ទូរស័ព្ទ​ថា​ ដោយ​ស្ថានភាព​នៅ​ខេត្ដព្រៃវែង​ ប្រឈម​មុខ​នឹង​ការ​ខ្វះ​ប្រភព​ទឹក​ បើ​ទោះជា​ក្រុមការងារ​មាន​គ្រឿងចក្រ​ ម៉ាស៊ីនបូមទឹក​ ក៏​ពុំ​អាច​រក​ប្រភព​ទឹក​ដើម្បី​យក​ទៅ​សង្គ្រោះ​ ស្រូវ​ សន្ទូង​ ក៏​ដូច​ជា​សំណាប​របស់​ប្រជា​កសិករ​បាន​ ។​ លោក​បន្ដ​ថា​ មួយ​រយៈ​នេះ​កន្លែង​ដែល​មាន​ប្រភព​ទឹក​ ក្រុមការងារ​របស់​មន្ទីរ​បាន​ចុះ​អន្ដរាគមន៍​បូមទឹក​បាន​ប្រមាណ​ជាង​១៥០​ហិ​កតា​ ដូច​ជា​ចុះ​អន្ដរាគមន៍​នៅ​ក្នុងស្រុក​បាភ្នំ​ និង​ស្រុក​ស្វាយ​អ​ន្ទ​រ​ ហើយ​ក្រុមការងារ​បន្ដ​ទៅ​ចុះ​អន្ដរាគមន៍​ បូមទឹក​ឯ​ស្រុក​ព្រះស្ដេច​បន្ថែម​ទៀត​ ក្នុង​នោះ​ក៏​កំពុង​កាយ​ប្រឡាយ​ផង​ដែរ​ ដែល​មាន​ប្រវែង​១០០​ម៉ែត្រ​ ដើម្បី​ជួយ​សង្គ្រោះ​សន្ទូង​៕​ ​

រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល​និង​អភិបាល​ខណ្ឌ​សែន​សុខ​នាំ​គ្រូពេទ្យ​ស្ម័គ្រចិត្ដ​ព្យាបាល​ ពិនិត្យ​ជំងឺ​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ពញា​ពន់​

ដោយ​ ៖ ​ អ៊ុំ​ ណូ​ន​ ​ ថ្ងៃទី 14 សីហា 2012ម៉ោង 13:16:40
​ភ្នំពេញ​ ៖​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣​ ខែ​ សីហា​ ឆ្នាំ​២០១២​ លោក​ម៉​ម​ ប៊ុ​ន​ហេង​ រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល​ និង​លោក​ លី​ សា​វេ​ត​ អភិបាល​នៃ​គណៈ​អភិបាល​ ខណ្ឌ​សែន​សុខ​ បាន​ដឹកនាំ​ក្រុម​គ្រូពេទ្យ​ ស្ម័គ្រ​ចិត្ដជា​ច្រើន​នាក់​ចុះ​ទៅ​ពិនិត្យ​ព្យាបាល​ ជំងឺ​ឱ្យ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៣០០​ នាក់​ នៅ​ក្នុងភូមិ​ចំនួន​៨​នៃ​សង្កាត់​ពញា​ពន់​ ខណ្ឌ​សែន​សុខ​ ។​
​លោក​ លី​ សា​វេ​ត​ អភិបាល​នៃ​គណៈ​ អភិបាល​ខណ្ឌ​សែន​សុខ​បានឱ្យ​ដឹង​ថា​ ដោយ​ យល់​ឃើញ​ថា​ ការ​ពិនិត្យ​ជាក់ស្ដែង​ពី​ អាជ្ញាធរ​និង​ថ្នាក់ដឹកនាំ​មូលដ្ឋាន​បញ្ជាក់​ អំពី​កង្វះខាត​របស់​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ ពញា​ពន់​ រហូត​ដល់​ចំនួន​៨​ភូមិ​ គ្មាន​ លទ្ធភាព​ដើម្បី​ឱ្យ​គ្រូពេទ្យ​ពិគ្រោះ​និង​ ព្យាបាល​ជំងឺ​ លោក​រដ្ឋមន្ដ្រីក្រសួង​សុខា​ ភិ​បាល​ ក៏​ដូច​ជា​លោក​ថ្នាក់ដឹកនាំ​ខណ្ឌ​ សង្កាត់​ បាន​យកចិត្ដទុកដាក់​លើ​បញ្ហា​ នេះ​ និង​ដឹកនាំ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ដជា​ ច្រើន​នាក់​ចុះ​មក​ពិនិត្យ​ជំងឺ​ និង​ព្យាបាល​ ដល់​ពួក​គាត់​ដោយ​មិន​គិតថ្លៃ​ដើម្បី​លើក​ កម្ពស់​អំពី​សុខុមាលភាព​របស់​ប្រជា​ពល​ រដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​ពញា​ពន់​ ។​
​លោក​ ម៉​ម​ ប៊ុ​ន​ហេង​ រដ្ឋមន្ដ្រីក្រសួង​ សុខាភិបាល​មាន​ប្រសាសន៍​ឱ្យ​ដឹង​ដែរ​ថា​  ការ​ចុះ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ដោយ​ក្រុម​ គ្រូពេទ្យ​ស្ម័គ្រចិត្ដ​នៅ​ពេល​នេះ​ មិនមែន​ ជា​លើក​ទី​១​នោះ​ទេ​ គឺ​រៀងរាល់ថ្ងៃ​សុក្រ​ ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ដ​គាត់​តែងតែមាន​ វត្ដមាន​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ដល់​ប្រជា​ ពលរដ្ឋ​តាម​មូលដ្ឋាន​ដោយ​មិន​គិតថ្លៃ​។​ ម្យ៉ាងវិញទៀត​ អ្វី​ដែល​អាជ្ញាធរ​ខណ្ឌ​សែន​ សុខ​បាន​រាយការណ៍​ពី​ភាព​ខ្វះខាត​របស់​ ប្រជាពលរដ្ឋ​ចាំបាច់​ត្រូវ​ពឹងផ្អែក​ទៅ​លើ​ ក្រុម​គ្រូពេទ្យ​ដូច​ជា​ បញ្ហា​ជំងឺរបេង​ ទឹក​ នោម​ផ្អែម​ ក្នុង​នោះ​ក្រុម​គ្រូពេទ្យ​នឹង​មាន​ វិធានការ​ជួយ​សម្រួល​ ឬ​បញ្ជូន​ពួក​គាត់​ ទៅ​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​មួយ​ចំនួន​នៅ​ រាជធានី​ភ្នំពេញ​ ។​
​ប្រជាពលរដ្ឋ​បាន​សម្ដែង​នូវ​ការ​គាំទ្រ​ ចំពោះ​ការ​យកចិត្ដទុកដាក់​ខ្ពស់​របស់​ លោក​រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល​ ក៏​ដូច​ ជា​អាជ្ញាធរ​ខណ្ឌ​សែន​សុខ​ ដែល​បាន​គិត​ គូរ​អំពី​សុខភាព​របស់​ប្រជាពលរដ្ឋ​សម្រួល​ ដល់​ការ​លំបាក​ ជួប​ប្រទះ​ការ​ខ្វះខាត​ប្រចាំ​ ថ្ងៃ​របស់​ពួក​គាត់​ មិនតែប៉ុណ្ណោះ​ អ្វី​ដែល​ លោក​រដ្ឋមន្ដ្រី​បាន​ប្រគល់​រថយន្ដ​សង្គ្រោះ​ បន្ទាន់​មួយ​គ្រឿង​សម្រាប់​បម្រើ​ការ​នៅ​ ក្នុង​មណ្ឌល​សុខភាព​សង្កាត់​ពញា​ពន់​ គឺ​ ជា​ការ​ជួយ​សម្រួល​ក្នុង​មធ្យោបាយ​ដឹក​ ជញ្ជូន​អ្នកជំងឺ​ ដែល​ជា​ប្រជាពលរដ្ឋ​ក្នុង​ មូលដ្ឋាន​បាន​ទាន់​ពេលវេលា​ ៕

បទឧទ្ទេសនាម​របស់​នាយករដ្ឋមន្ត្រី ពី​បញ្ហា​ព្រំដែន ជាង ៥ ម៉ោង ក្នុង​រដ្ឋសភា បោះពុម្ព​ជា​សៀវភៅ និង​ចំលង​ជា​ខ្សែអាត់​

ភ្នំពេញ: ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​បញ្ចប់​ការសិក្សា របស់​សាកលវិទ្យាល័យ បៀ​ល​ប្រា​យ នៅ​កោះ​ពេជ្រ នា​ព្រឹក​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១២ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា បទឧទ្ទេសនាម​របស់​សម្តេច ដែល​បាន​បកស្រាយ​លើ​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម នៅ​រដ្ឋសភា កាលពី​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២ រយៈពេល​ជាង ៥ ម៉ោង នឹង​ត្រូវ​បោះពុម្ព​ជា​សៀវភៅ ព្រមទាំង​ចងក្រង​ជា​ខ្សែអាត់ ដើម្បី​ទុកជា​ឯកសារ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា "​រយៈពេល​ជាង ៥ ម៉ោង​នោះ មិនបាន​ធ្វើឲ្យ​ខ្ញុំអ​ស់​កម្លាំង ចុះ​ខ្សោយ​ទេ ប៉ុណ្ណឹង​ល្មម​ហើយ តែ​ក៏​នៅ​មាន​ប្រធាន​បទ​ជាច្រើន ត្រូវ​និយាយ​ទេ​។ ឥឡូវ​សៀវភៅ​ក៏​ត្រូវ​ចេញ ហើយ​អា ឌី​វី​ឌី ឬ​កាសែត ថេប​​អី​​នឹង គឺថា តែ​មានរឿង​អី ចាក់​អា​នឹង​ហើយ​។ បោះ​ចេញ​ជា​សៀវភៅ ទាំង​ភាសា​ខ្មែរ និង​ទាំង​ភាសា​អង់គ្លេស​នូវ​អត្ថបទ​ឧទ្ទេស​នាម​នោះ ហើយ​យក​ទៅ​ធ្វើ​ជា​មូលដ្ឋាន​ទៅ ហើយ​នាំគ្នា​វិភាគ​ទៅ​។ ព្រឹត្តិការណ៍​វា​បាន​វិវត្តន៍​មក​អីចឹង​។ បើ​ចង់ដឹង​ថ្ងៃ​នឹង តើ​ថ្ងៃ​ពី​ម្សិល វា​មាន​ស្អី​"​។​

​ជាមួយនឹង​ប្រសាសន៍​ដូច្នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​លើកឡើង​ថា សម្តេច​មិន​ចង់​តមាត់​តក​ជាមួយនឹង​ក្រុម​អ្នក​ដែល​បន្ត​រិះគន់​រដ្ឋាភិបាល ក្នុង​រឿង​ព្រំដែន​នោះ​ឡើយ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​រម្លឹក​ផងដែរ អំពី​ប្រសាសន៍​របស់​សម្តេច​នៅក្នុង​រដ្ឋសភា ពាក់ព័ន្ធ​នឹង​សារ​បាន និង​ដើមទង​នៃ​ប្រវត្តិសាស្ត្រ​ព្រំដែន​កម្ពុជា និង​វៀតណាម ដោយ​គេ​មិន​អាច​ច្បិច​យក​តែ​មួយ​កន្លែង មក​និយាយ​បាន​ទេ​។​

​សូម​រម្លឹកថា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចំណាយ​ពេលវេលា​ជាង ៥ ម៉ោង ដើម្បី​ពន្យល់​បំភ្លឺ​ដល់​រដ្ឋសភា អំពី​បញ្ហា​ព្រំដែន​ដ៏​ចម្រូងចម្រាស​រវាង​កម្ពុ​ជា និង​វៀត​ណាម​។ 

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន បាន​លើកឡើង​ថា អ្វី​ដែល​រដ្ឋាភិបាល​រប​ស់ស​ម្តេច​បាន​ធ្វើ​បច្ចុប្បន្ន គឺ​ផ្អែក​ទៅ​លើ​ផ្លូវ​ច្បាប់ និង​អ្វី​ដែល​បន្សល់ទុក​ពី​សម័យ​សង្គមរាស្ត្រ​និយម​របស់​សម្តេចឪ នរោត្តម សីហនុ ប៉ុណ្ណោះ​។ សម្តេចនាយក​រដ្ឋមន្ត្រី ក៏​បាន​ប្រកាស​​ធានា ចំពោះមុខ​រដ្ឋសភា និង​ចំពោះ​ប្រជាជន​កម្ពុជា​ថា កម្ពុជា​មិន​មាន​បាត់បង់​ទឹកដី ទាំង​ដែន​គោក ឬ​ដែន​សមុទ្រ​នោះទេ​។ 

​ទោះបីជា​យ៉ាងនេះក្តី ក្នុង​កិច្ចប្រជុំ​រដ្ឋសភា​នោះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន បានលើកឡើង​ពី​ភាពចាំបាច់ ដែល​ត្រូវ​ធ្វើ​ការដោះដូរ​ដី​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ដោយសារ​តែ​ផ្អែក​ទៅលើ​ការកាន់កាប់​ស្រាប់​របស់​ប្រជាជន​កម្ពុជា និង​វៀតណាម ផ្អែក​លើ​ស្ថានភាព​កាន់កាប់​ជាក់ស្តែង​។​

​ជាមួយនឹង​ប្រសាសន៍​ដូច្នោះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​រិះគន់​ដល់​អ្នក ដែល​បន្ត​មិន​ទទួលស្គាល់ ថ្ងៃ​៧​មករា ដែល​សម្តេច​ចាត់ទុកថា ជា​សច្ចធម៌​ប្រវត្តិសាស្ត្រ និង​នាំឲ្យ​មាន​ការអភិវឌ្ឍ​ន៍​មកដល់ពេលនេះ​៕​

សហជីព​កម្មករ អំពាវនាវ​ឲ្យ​អ្នក​បញ្ជា​ទិញ ជំរុញ​ឲ្យ​រោងចក្រ​កាត់ដេរ គោរព​សិទ្ធិ​កម្មករ​

សហជីព​កម្មករ អំពាវនាវ​ឲ្យ​អ្នក​បញ្ជា​ទិញ ជំរុញ​ឲ្យ​រោងចក្រ​កាត់ដេរ គោរព​សិទ្ធិ​កម្មករ​
លោក រ៉ុង​ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា (រូបថត : ស៊ីវ ចាន់ណា)
ភ្នំពេញ: សហភាព​សហជីព​កម្ពុ​ជា បាន​សរសេរ​លិខិត ដាក់​ទៅ​កាន់​អ្នក​បញ្ជា​ទិញ​ផលិតផល​សម្លៀកបំពាក់ ដែល​មាន​ស្លាក​យីហោ​ល្បីល្បាញ នៅ​អាមេរិក និង​សហភាព​អឺរ៉ុប រួមមាន​៖ Gap Levis និង​Old Navy ជាដើម ដើម្បី​សុំ​ឲ្យ​អ្នក​បញ្ជា​ទិញ​ទាំង​នេះ ជំរុញ​មកកាន់​រោងចក្រ​កាត់ដេរ តៃ​ណាន ឬ​តៃ​យៀ​ន នៅ​ជិត​ផ្សារ​បែក​ចាន ក្នុង​ស្រុក​អង្គ​ស្នួល ខេត្ត​កណ្តាល គោរព​សិទ្ធិ​កម្មករ និង​ផ្តល់​ដំណោះស្រាយ​ដល់​កម្មករ ដែល​បាន​តវ៉ា​យូរ​ខែ​មក​ហើយ​។​

​ក្នុង​សន្និសីទកាសែត នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១២ លោក រ៉ុង​ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា បានឲ្យ​ដឹងថា កាលពី​ពេល​ថ្មីៗ​នេះ លោក​បាន​សរសេរ​សំបុត្រ​ទៅកាន់​ក្រុម​អ្នក​បញ្ជា​ទិញ​ផលិតផល​សំលៀក​បំពាក់​របស់​រោង​ចក្រ​កាត់ដេរ តា​យ​យៀន ដើម្បី​ឲ្យ​អ្នក​បញ្ជា​ទិញ​ទាំងនោះ ជំរុញ​ឲ្យ​រោងចក្រ​គោរព​សិទ្ធិ​កម្មករ និង​ផ្តល់​ដំណោះស្រាយ​សមរម្យ​ដល់​កម្មករ ដែល​បាន​តវ៉ា​យូរ​ខែ​មក​ហើយ​។​

​លោក​រ៉ុង​ឈុន បាន​បន្ថែមថា ប្រជាពលរដ្ឋ​នៅ​សហរដ្ឋអាមេរិក និង​នៅ​សហភាព​អឺរ៉ុប មិន​សប្បាយ​ចិត្ត​ទេ បើសិនជា​រោងចក្រ​កាត់ដេរ នៅ​កម្ពុជា ពិសេស​រោងចក្រ តា​យ​យៀន រំលោភ​សិទ្ធិ​កម្មករ​។ ប្រជាពលរដ្ឋ​ទាំងនោះ ក៏​មិន​ចង់​ប្រើប្រាស់​សំលៀក​បំពាក់ ដែល​ប្រឡាក់​ញើស​ឈាម​របស់​កម្មករ​នោះឡើយ​។​

​លោក​រ៉ុង​ឈុន ដែល​បាន​ដឹកនាំ​កម្មករ​រោងចក្រ​កាត់ដេរ តា​យ​យៀន ធ្វើ​កូដកម្ម​តវ៉ា ក៏​បាន​អំពាវនាវ​ទៅកាន់​អ្នកបញ្ជា​ទិញ ឲ្យ​បញ្ឈប់​ការបញ្ជា​ទិញ​ផលិតផល​កាត់ដេរ ពី​រោង​ចក្រ​កាត់ដេរ​នៅ​កម្ពុជា​ទាំងឡាយណា ដែល​រំលោភ​បំពាន មិន​គោរព​សិទ្ធិ​កម្មករ និង​មិន​ព្រម​ដោះស្រាយ ចំពោះ​ការតវ៉ា​របស់​កម្មករ​។​

​ជាមួយគ្នា​នោះ ក្នុង​សន្និសីទកាសែត នៅ​ព្រឹក​មិញ ក៏​បាន​ផ្សព្វផ្សាយ​ពី​ការប្រជុំ​រវាង​តំណាង​កម្មករ​កាត់ដេរ ជាមួយនឹង​តំណាង​ក្រសួង​សង្គមកិច្ច នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១២ ដែល​បាន​សំរេច ៤ ចំណុច​។ ទី​១-​សុំ​ឲ្យ​ក្រុមហ៊ុន រោងចក្រ​កាត់ដេរ តា​យ​យៀន ដក​ពាក្យបណ្តឹង​លើក​ម្មករ ដែល​បាន​ធ្វើ​កូដកម្ម​តវ៉ា ចំនួន ៣៧ នាក់ រួមទាំង​លោក រ៉ុង​ឈុន និង​លោកស្រី យ៉ាង សុភ័ណ្ឌ តំណាង​សហជីព​កម្មករ​។ ទី​២-​នៅ​ពេល​ក្រុមហ៊ុន ដក​ពាក្យបណ្តឹង​ហើយ​នោះ កម្មករ​ដែល​បាន​ធ្វើ​កូដកម្ម សុំចូល​ធ្វើការ​ឡើង​វិញ​។ ទី​៣-​ការទាមទារ​ថវិកា​អត្ត​ប្រយោជន៍​នានា ត្រូវ​ជជែក​គ្នា​នៅពេល​ក្រោយ និង​ទី​៤-​សុំឲ្យ​ក្រសួង​សង្គមកិច្ច សរសេរ​លិខិត​ទៅ​កាន់​រោងចក្រ តា​យ​យៀន បន្ទាប់​ពី​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល បាន​សម្របសម្រួល​ដោះស្រាយ​បញ្ហា​កម្មករ ធ្វើ​កូដកម្ម​កន្លងមក​។​

​សូម​រម្លឹកថា កម្មករ​រោងចក្រ​កាត់ដេរ តៃ​ណាន ( តៃ​យៀ​នទី​១ តៃ​យៀ​នទី​២ និង​ខេ​ម​វែល ) ដឹកនាំ​ដោយ​លោក រ៉ុង​ឈុន បាន​ធ្វើ​កូដកម្ម ចាប់តាំងពី​ចុង​ខែ​មិថុនា ឆ្នាំ​២០១២ ដើម្បី​ទាមទារ​សុំឱ្យ​មាន​ការដោះស្រាយ​នូវ​លក្ខខណ្ឌ​ការងារ ៥ ចំណុច រួមមាន​៖ ១-​សុំ​ឱ្យ​ក្រុមហ៊ុន​ធ្វើការ​ទូទាត់​នូវ​អត្ថប្រយោជន៍​ផ្សេងៗ​តាម​ច្បាប់​ស្ដីពី​ការងារ ដោយ​ក្រុមហ៊ុន​បាន​ប្ដូរ​ឈ្មោះ​រោងចក្រ​។ ២-​សុំ​ឱ្យ​ក្រុមហ៊ុន​ផ្ដល់​សោហ៊ុយ​ធ្វើដំណើរ និង​ថ្លៃ​ស្នាក់​នៅ​ឱ្យបាន ១៥ ដុល្លារ ក្នុង​មួយ​ខែៗ​។ ៣-​សុំ​ឱ្យ​ក្រុមហ៊ុន​ដំឡើង​ប្រាក់​ថ្លៃ​ទឹកដោះគោ​ឱ្យ​បាន ១៥ ដុល្លារ ក្នុង​មួយ​ខែៗ​។ ៤-​សុំ​ឱ្យ​ក្រុមហ៊ុន​ឡើង​ប្រាក់រង្វាន់​ទៀងទាត់ ឱ្យបាន ១៥ ដុល្លារ ក្នុង​មួយ​ខែៗ និង​ទី​៥-​សុំ​ឱ្យ​ក្រុមហ៊ុន​កុំ​យក​ប្រាក់​មុខតំណែង និង​បច្ចេកទេស​យកមក​កាត់​ទូទាត់ នៅ​ពេល​កម្មករ​-​កម្មការិនី និង​ថ្នាក់ដឹកនាំ​សុំ​ច្បាប់​ចាប់ពី​បី​ថ្ងៃ​ឡើងទៅ​៕​

សកម្មជន​សិទ្ធិមនុស្ស នឹង​ចូល​បំភ្លឺ​ចំពោះ​មុខ​ចៅក្រម តាម​ដីកា​បង្គាប់​

ភ្នំពេញ: សកម្មជន​សិទ្ធិមនុស្ស លោក ចាន់ សា​វ៉េ​ត បានឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១២ លោក​នឹង​ចូល​បំភ្លឺ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០១២ ចំពោះមុខ​ចៅក្រម​ស៊ើបសួរ​របស់​តុលាការ សាលាដំបូង​រាជធានី​ភ្នំពេញ តាម​ដីកា​បង្គាប់ ដែល​បាន​កោះ​ហៅ​លោក ក្នុង​រឿង​ផ្តល់​មធ្យោបាយ ជួយ​ដល់​ជនជាប់ចោទ ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី នៅ​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។​

​ជាមួយ​នឹង​ការលើកឡើង​ដូច្នេះ លោក​ចាន់​សា​វ៉េ​ត ក៏​បាន​បង្ហាញ​ក្តីព្រួយបារម្ភ ខ្លាច​មាន​ការឃាត់ខ្លួន​រូបលោក ខណៈ​ដែល​លោក​ចូល​បំភ្លឺ​តាម​ដីកា​របស់​ចៅក្រម នា​ព្រឹក​ថ្ងៃទី​២៤​សីហា ឆ្នាំ​២០១២​។ 

​យ៉ាងណាក៏ដោយ លោក ចាន់ សា​វ៉េ​ត បាន​បដិសេធ ដាច់អហង្កា ចំពោះ​ការចោទ​ប្រកាន់ ក្នុង​រឿង​ផ្តល់​មធ្យោបាយ ជួយ​ដល់​ជនជាប់ចោទ រត់គេចខ្លួន ពាក់ព័ន្ធ​នឹង​ជម្លោះ​​ដី នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។ ជម្លោះ​ដីធ្លី​នោះ ត្រូវបាន​អាជ្ញាធរ បង្ក្រាប​លើ​ក្រុម​ប្រជាពលរដ្ឋ ដែល​ជាប់ចោទ​ថា បាន​ចាប់​ដី និង​បង្កើត​តំបន់​អបគមន៍ កាលពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១២​។ តំណាង​សមាគម​ប្រជាធិបតេយ្យ​របស់​លោក​ម៉ម​សូណង់ដូ ចំនួន ៥ នាក់ ដែល​រួម​ទាំង​ឈ្មោះ ប៊ុន រដ្ឋា ត្រូវបាន​តុលាការ​​ខេត្ត​ក្រចេះ ចេញ​ដីកា​តាម​រក​ចាប់ខ្លួន​។​

​ក្នុងនោះ មាន​ជនជាប់ចោទ​ម្នាក់​ឈ្មោះ ប៊ុន​រដ្ឋា បាន​មក​ស្នាក់​អាស្រ័យ ជាមួយ​នឹង​សកម្មជន​អង្គការ​សិទ្ធិមនុស្ស នៅ​ភ្នំពេញ មុន​នឹង​បន្តដំណើរ ចេញ​ទៅ​ប្រទេស​ថៃ ដោយ​ឆ្លងកាត់​ប្រទេស​ឡាវ​។​

​ជា​ការកត់សម្គាល់ ដីកា​បង្គាប់​ឲ្យចូល​ខ្លួន ចុះហត្ថលេខា​ដោយ​លោក ឆែ វីរៈ ចៅក្រម​ស៊ើបសួរ​របស់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២ បាន​តម្រូវ​ឲ្យ​លោក ចាន់ សុ​វ៉េ​ត ចូល​បំភ្លឺ​ពី​ដំណើរ​រឿង ផ្តល់​ជំនួយ​ដល់​ចារី​ជាអាទិ៍ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ខែ​ឧសភា ឆ្នាំ​២០១២ តាម​បញ្ញត្តិ មាត្រា ៥៤៤ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​ក្នុង​ដីកា​ដដែល​នោះ លោក​ចៅក្រម បាន​ព្រមាន​ថា "​ក្នុងករណី លោក ចាន់ សា​វ៉េ​ត មិន​ចូល​ខ្លួន​តាម​កាលកំណត់​ខាងលើ​នេះ​ទេ យើង​នឹង​ចេញ​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​"​។​

​តែ​ដីកា​នោះ មិន​បាន​បញ្ជាក់ថា ការចោទប្រកាន់​លើ​សកម្មជន​សិទ្ធិមនុស្ស​អាដហុក ដូច្នេះ តើ​រដ្ឋាភិបាល ឬ​ក៏​អាជ្ញាធរ​ខាង​ណា ជាដើម​បណ្តឹង​នោះ​ឡើយ​។​

​ចំពោះ​ការប្តឹង​ចោទប្រកាន់​លោក ចាន់ សា​វ៉េ​ត ប្រធាន​ក្រុម​ស៊ើបអង្កេត​របស់​អង្គការ​សិទ្ធិមនុស្ស​អាដ​ហុក ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី នៅ​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ត្រូវបាន​សមាគម​​សិទ្ធិ​មនុស្ស អាដហុក ចេញ​សេចក្តីថ្លែងការណ៍ ដោយ​សំដែង​ក្តីបារម្ភ​យ៉ាង​ខ្លាំង​។​

​សេចក្តីថ្លែងការណ៍​ចំហ ចុះ​ថ្ងៃ​ទី​១៤​សីហា ឆ្នាំ​២០១២ បង្ហាញថា សមាគម​សិទ្ធិមនុស្ស អាដហុក សូម​សំដែង​ការព្រួយបារម្ភ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​ដីកា​បង្គាប់​ឲ្យចូល​ខ្លួន ដែល​ចេញ​ដោយ​លោក ឆែ វីរៈ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២​។ លោក​ចាន់​សា​វ៉េ​ត ជា​អ្នក​ស៊ើបអង្កេត​ជាន់ខ្ពស់ និង​ជា​អនុប្រធាន​ផ្នែក​ត្រួតពិនិត្យ​សិទ្ធិមនុស្ស របស់​សមាគម​អាដហុក ត្រូវ​បាន​កោះហៅ​ឲ្យចូល​បំភ្លឺ​នៅ​មុខ​ចៅក្រម​ស៊ើបសួរ ឆែ វីរៈ នៅ​ម៉ោង ៨ និង ៣០ នាទី​ព្រឹក​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០១២​។​

​សេចក្តីថ្លែងការណ៍ លើកឡើងថា លោក​ចាន់​សា​វ៉េ​ត អាយុ ៤៤ ឆ្នាំ ត្រូវបាន​គេ​ចោទប្រកាន់ថា បាន​ផ្តល់​ជំនួយ​ដល់​ចារី​ជាអាទិ៍ ( អ្នកប្រព្រឹត្ត​បទឧក្រិដ្ឋ ) ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ខែ​ឧសភា ឆ្នាំ​២០១២ តាម​បញ្ញត្តិ មាត្រា ៥៤៤ នៃ​ក្រម​ព្រហ្មទណ្ឌ​។ ការចោទប្រកាន់​នោះ អាច​នឹង​ឲ្យ​លោក​ចាន់​សា​វ៉េ​ត ជាប់​ពន្ធនាគារ​ពី ១ ឆ្នាំ ទៅ ៣ ឆ្នាំ​។​

​សេចក្តីថ្លែងការណ៍​ដដែល បាន​បន្ថែមថា កាយវិការ​នៃ​ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ​លើ​សកម្មជន​សិទ្ធិមនុស្ស​ដូច្នេះ គ្មានអ្វី​ក្រៅពី​ការ​គម្រាមកំហែង និង​បំភិតបំភ័យ​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស ហើយ​រារាំង​ពួកគេ មិនឲ្យ​បំពេញ​កិច្ចការ​ស្របច្បាប់​នោះឡើយ​។​

​អាដហុក បាន​គូសបញ្ជាក់ថា ខ្លួន​តែងតែ​ធ្វើ​សកម្មភាព ដោយ​អនុលោម​តាមច្បាប់ នៅក្នុង​រយៈពេល​ជាង ២០​ឆ្នាំនេះ អាដហុក​ថ្កោលទោស​ជានិច្ច​រាល់​សកម្មភាព​ខុស​ច្បាប់ ហើយ​ធ្វើ​ការពិភាក្សា​ជាមួយនឹង​អាជ្ញាធរ ខណៈ​ដែល​គាំទ្រ និង​ជួយ​ជនរងគ្រោះ នៃ​ការរំលោភ​បំពាន​សិទ្ធិមនុស្ស​។​

​អាដហុក សូម​អំពាវនាវ​ដល់​ស្ថានទូត ដៃគូ​អភិវឌ្ឍន៍ សង្គម​ស៊ីវិល និង​អ្នកកាសែត ប្រមូលផ្តុំ​គ្នា នៅ​ចំពោះមុខ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ម៉ោង ៨ និង ៣០ នាទី​ព្រឹក ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០១២ ដើម្បី​គាំទ្រ​លោក ចាន់ សា​វ៉េ​ត និង​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ដទៃ​ទៀត​៕​