Thursday, July 26, 2012

បទសម្ភាសន៍​លោក​បណ្ឌិត ឈឹម ផលវរុណស្តីពី​​សម្ព័ន្ធភាព​បាយឡុក​បាយ​ឡ របស់​គណបក្ស​​សិទ្ធិមនុស្ស​ និង​គណបក្ស សម រង្ស៊ី​


បទសម្ភាសន៍លោកបណ្ឌិត ឈឹម ផលវរុណ ប្រធានវិទ្យាស្ថាន​​ពលរដ្ឋវិជ្ជា​
ជាមួយលោក​សត្យា​រក្ស​ អ្នកសម្របសម្រួល ទូរទស្សន៍បាយ័នក្
នុងកម្មវិធីវិភាគព្រឹត្តិការណ៍សង្គម
ស្តីពី​សម្ព័ន្ធភាពបាយឡុកបាយឡ របស់គណបក្ស​សិទ្ធិមនុស្ស​ និងគណបក្ស សម រង្ស៊ី​
ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១២
លោក​សត្យា​រក្ស​
សំណួរ​៖ ទាក់ទងទៅនឹងសម្ព័ន្ធភាព រវាងគណបក្ស សិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី​ ដែលបានចងសម្ព័ន្ធភាពគ្នានាពេលថ្មីៗនេះនៅទីក្រុងម៉ានីល​ យើងឃើញថា​ តាម​ការ​អួតអាង​​របស់មេបក្សទាំងពីរ​ គឺកឹម សុខា ក្តី និង​សម រង្ស៊ី ក្តី​ហាក់​ដូចជា​ការចង​សម្ព័ន្ធភាព​នេះ​ដូច​ជា​បានផ្លែផ្កា​​ខ្លាំងណាស់។​​ ប៉ុន្តែបើតាមអ្នកសង្កេតការណ៍ដោយឯករាជ្យ ក៏ដូច​ជា​ប្រជា​ពលរដ្ឋ​​ម្ចាស់ឆ្នោត​ បានយល់ឃើញថា​សម្ព័ន្ធភាព​នេះនៅមាន​លក្ខណៈ​ជាបាយឡុក​បាយឡ​នៅ​ឡើយ​ទេ​ ហើយអ្វីដែលបងប្អូនប្រជាពលរដ្ឋ​ចង់តាមដាននោះគឺ តើមកដល់ពេលនេះ គណបក្ស ទាំងពីរនេះច្របាច់បញ្ចូល​គ្នា​ហើយឬនៅ?​ ហើយ​គណបក្ស​បង្កើតថ្មី​នោះកើត​ហើយ​ឬនៅ?​ និងមានឈ្មោះគណបក្ស​អ្វី​?។ ផ្ទុយទៅវិញ​ តាមការតាមដានរបស់ប្រជាពលរដ្ឋ គឺមក​ទល់​ពេល​នេះ​ គឺបានទទួលដំណឹងថា​មានការលេចចេញ​នូវ​ចលនាប្រជាធិបតេយ្យ​ដើម្បី​សង្គ្រោះ​​​​ជាតិ​​ទៅវិញ​​ គឺមិនមែនជាគណបក្សថ្មីដែលបក្សទាំងពីរបង្កើតឡើងនោះទេ​។
ខ្ញុំសូម​សួរ​លោកបណ្ឌិតថា​ តើសម្ព័ន្ធភាពដែល​ កឹម សុខា និង សម រង្ស៊ី កំពុងតែ​លើក​មក​នេះ​ លោកបណ្ឌិតយល់ឃើញយ៉ាងម៉េចដែរទៅ?​​
លោកបណ្ឌិត ឈឹម ផលវរុណ​
ចម្លើយ​៖ ការពិតទៅ​លទ្ធផលនៃការប្រជុំថ្ងៃ ១៧ ខែកក្កដា នៅទីក្រុងម៉ានីល ប្រទេស ហ្វីលីពីន​ ពាក់ព័ន្ធរឿងសម្ព័ន្ធភាពរវាងគណបក្ស កឹម សុខា និងគណបក្ស សម រង្ស៊ី នោះ​ គឺវា​ជា​​​លទ្ធផល​​ដដែលៗ ដូចដែលពួកគេបានព្រមព្រៀងគ្នា​ម្តង​រួចមកហើយកាលពីឆ្នាំ​២០០៩ ថ្ងៃ១៥ មករា អញ្ចឹង​។ ទោះបីពួកគេបានប្រើនូវស្លាកសម្ព័ន្ធភាព ក៏ប៉ុន្តែ លទ្ធផល​គឺបានត្រឹមតែ​ជា​​ការ​​បង្កើត​​ចលនា​ប៉ុណ្ណោះ​។ ខ្ញុំសូមរំលឹក​ថា កាលពីថ្ងៃ១៥ មករា ឆ្នាំ២០០៩ លទ្ធផល​របស់​ពួកគេ​គឺបាន​ត្រឹមតែ​ជាកិច្ចសហប្រតិបត្តិការក្រោមទម្រង់ជាចលនា​នយោបាយរួមមួយ​ ដែល​កាល​នោះ​​គេដាក់​ឈ្មោះថា មហាចលនាប្រជាធិបតេយ្យដើម្បីការផ្លាស់ប្តូរ ដែល​ស្តាប់​ទៅ​គឺ​ដូច​ជា​ពិរោះ​ខ្លាំងណាស់​។ ប៉ុន្តែក្រោយពេលបង្កើតបានតែប៉ុន្មានថ្ងៃ យើងឃើញថា កឹម សុខា យក​ទៅ​ប្រើបានតែប៉ុន្មានថ្ងៃ​ សើចបានតែបន្តិច​ក៏ឈ្លោះគ្នា ជេរគ្នា​ វាយប្រហារគ្នា រហូត​ទៅ​ដល់​ការបោះឆ្នោត​ថ្ងៃទី ៣ ខែ​មិថុនា ឆ្នាំ២០១២ កន្លងទៅនេះទទួលបរាជ័យ​ ទើប​បាន កឹម សុខា ចេញ​មក​​​ធ្វើជា​បង្កើត​សម្ព័ន្ធភាពម្តងទៀត​។​ អញ្ចឹងការជួបគ្នាជាថ្មីទៀតនេះ គឺជា​រឿង​ដដែលទេ​ មានន័យថា មិនបានបង្កើតជាគណបក្សថ្មីទេ គឺនៅតែ​ជា​គណបក្ស​ពីរ​ដដែល​​ទេ គ្រាន់តែ​បាន​លទ្ធផល​ក្នុង​រូបភាព​ជាកិច្ចសហប្រតិបត្តិការ​ រវាង​គណបក្ស​ទាំងពីរ​ក្នុងរូបភាព​ជា​ចលនា​ដដែល​​គ្រាន់តែមានការដូរឈ្មោះឲ្យបានពិរោះជាងមុន​ ពីព្រោះ​ឈ្មោះមុន​គឺជា​ឈ្មោះ​មហា​ចលនា​​​​ជេរគ្នា​​។​
ដូច្នេះ​សរុបមក ចលនានោះគឺជាចលនាដដែលទេ​ គ្រាន់តែ​ពួកគេ​ចង់​បំភ័ន្ត​ភ្នែក​​ប្រជាពលរដ្ឋ​​​ថាគេអាចចងសម្ព័ន្ធជាមួយគ្នាបាន តែតាមការពិត​ពួកគេមិនអាច​ចងសម្ព័ន្ធ​ជា មួយ​​​គ្នាបានទេ​​រហូត​មកដល់ពេលនេះ​។ បើមើលលទ្ធផលនៅម៉ានីល​ វាមិនមែន​ជាការ​បង្កើត​​គណបក្ស​​ទេ តែជាការបង្កើតចលនា​ ហើយថ្មីៗនេះ​ កឹម សុខា បានភូតទៀតថា​លើកនេះ​​គឺល្អ​ជាងមុន​ទៅទៀត​ ដោយលើកថាពេលនេះ​មានទាំងរចនាសម្ព័ន្ធដឹកនាំ នេះជា​ការ​ភូត​ធ្ងន់ធ្ងរ​ណាស់​។ តើរចនាសម្ព័ន្ធនៅឯណា​ ដោយគ្រាន់តែមានឈ្មោះថា សម រង្ស៊ី ជាប្រធាន និង កឹម សុខា ជាអនុប្រធាន​​នោះ​។​ បើគាត់គិតថាគ្រាន់តែបុគ្គល​ទាំងពីរនោះ​មាន​តួនាទី​ជាប្រធាន និងអនុប្រធាន​ និយាយថាមានរចនាសម្ព័ន្ធដឹកនាំ គឺ កឹម សុខា ជាមនុស្ស​អត់ដឹង​​អ្វីទាំងអស់​ ឬមួយក៏គាត់ដឹងប៉ុន្តែគាត់បោកប្រជាពលរដ្ឋ​។ បងប្អូន​នៅចាំ​ច្បាស់​ណាស់​ កាលពួកគេ​ធ្វើ​សម្ព័ន្ធភាព​លើកដំបូង ពួកគេបានព្រមព្រៀងគ្នា តែក្រោយ​មក​បាន​បែកគ្នា​ទៅវិញ​​នោះ កឹម សុខា បានស្រែកថា យើងត្រូវឈរ​លើផលប្រយោជន៍ជាតិ​ កុំគិត​អំពី​តួនាទី និង​ការ​បែង​ចែក​អំណាច​​ ពាក្យនេះគឺប្រជាពលរដ្ឋនៅចាំច្បាស់ណាស់​។ សម្រាប់​ពេលនេះ​ គឺគ្រាន់​តែ​មាន​ការ​បែង​ចែក​អំណាចថា សម រង្ស៊ី ជាប្រធាន និង កឹម សុខា ជាអនុប្រធាន​ និង​គ្មាន​រចនា​សម្ព័ន្ធ​អ្វីផង​​នោះ​ក៏អួត​ថា​មាន​រចនា​សម្ព័ន្ធ​​ទៅហើយ​ ។​ កឹម សុខា បាន​លើកឡើង​ទៀត​ថា​គេបាន​បង្កើត​អគ្គលេខាធិការ​​ដ្ឋាន​របស់ចលនានោះ ដោយឲ្យលោកស្រី មួរ សុខហួរ ជាប្រធាន​អគ្គលេខាធិការដ្ឋាន​នោះ​។ បើនិយាយអំពីសាវតា លោកស្រី មួរ សុខហួរ​ គ្មាន​សាវតា​​ជាមួយ​គណបក្ស សម រង្ស៊ីទេ​។ គាត់គ្រាន់តែជាអ្នកមកចូលរួមជាមួយគណបក្ស សម រង្ស៊ី ក្រោយ​គេ​ ហើយ​ជាអ្នកទទួលផលតែ​ប៉ុណ្ណោះ​។ តើយើងគួរឆ្ងល់ឬទេ ប្រសិនបើ​សម្ព័ន្ធភាព​​នេះ​ពិតជា​សម្ព័ន្ធ​ភាព​​រវាង​គណបក្ស សម រង្ស៊ី និង​គណបក្ស​ កឹម សុខា វាគួរតែ​តួនាទី​​ប្រធាន​​អគ្គលេខាធិការ​ដ្ឋាន​នោះ​ត្រូវបានទៅអ្នកដែលមានឥទ្ធិពល ឬក៏អ្នកដែលជា​ស្ថាបនិក​​របស់​គណបក្ស​ សម រង្ស៊ី មិនមែនបានទៅលោកស្រី មួរ សុខហួរ នោះទេ​។ លោក សម រង្ស៊ី ក៏ដឹងដែរ ថ្នាក់ដឹកនាំរបស់គណបក្ស សម រង្ស៊ី ក៏ដឹងដែរ ប៉ុន្តែ​គេមិន​​ប​កស្រាយ​​​ឲ្យ​​​ប្រជា​ពលរដ្ឋ​​ដឹង អញ្ចឹងយើង​សូម​បកស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​ទៅចុះ​គឺដោយសារ​គេចាត់​ទុកថា​អគ្គលេខា​ធិការដ្ឋាន​​​នៃចលនា​ហ្នឹង​​វាគ្មាន​ដំណើរ​ការ​ទេ​។​ បើសិនជាវាមានដំណើរការ គេមិន​មែន​ចាត់​ឲ្យ​​មនុស្ស​ដែលគ្មាន​នៅក្នុងសាវតារបស់គណបក្សទេ​ គឺគេនឹងរើស​អ្នកដែលជា​ស្ថាបនិក​​ហើយ​។​ ខ្ញុំនៅចាំបានថា​ លក្ខន្តិកៈរបស់គណបក្ស សម រង្ស៊ី អ្នកដែលអាច​ធ្វើជា​អគ្គលេខាបក្ស​បាន លុះត្រាតែអ្នកនោះជាស្ថាបនិក​របស់គណបក្ស​ ឯលោកស្រី មួរ សុខហួរ មិនមែន​​ជា​ស្ថាបនិក​​ទេ។​ ដូច្នេះមិនមែនជាភព្វសំណាងរបស់លោកស្រី មួរ សុខហួរ ទេ​ តែ​ជា​ការ​​បញ្ជាក់ថា អគ្គលេខាធិការដ្ឋាន​​ដែលជា​កិច្ចការ​រដ្ឋបាល​នៃចលនាហ្នឹង​វាមានដូចតែអត់មាន​អញ្ចឹង​​ ទើប​បាន​គេ​ដាក់មនុស្ស​​ឲ្យ​គ្រាន់​តែល្អ​មើល​ ហើយ​ករណីមួយទៀត​ដោយសារ​លោកស្រី​ មួរ សុខហួរ គាត់អាច​សំរបសំរួលជា​មួយ​ខាង​លោក កឹម សុខា​ បាន​។ ចំណុច​មួយ​ទៀត​​ ពាក់ព័ន្ធ​នឹង​អ្នក​នាំពាក្យ​​របស់ចលនា​វិញ គឺមានអ្នកនាំពាក្យពីរស្មើគ្នា​ គឺមួយជាអ្នក​នាំពាក្យ​របស់​គណបក្ស សិទ្ធិមនុស្ស និងមួយទៀតជាអ្នកនាំពាក្យរបស់គណបក្ស សម រង្ស៊ី​។ បើសិន​ជា​ចលនា​​នេះរួមគ្នាតែមួយតើចាំបាច់អី មានអ្នកនាំពាក្យដល់ទៅពីរនាក់​ ហើយអ្នក​ទាំងពីរ​នោះ គឺជា​អ្នកនាំពាក្យរបស់គណបក្សរៀងៗខ្លួន​។ ត្រង់នេះមានន័យថា ការងារ​អ្នកនាំពាក្យ​​នោះ​វាធំ​ជាង​ការងារ​របស់អគ្គលេខាធិការដ្ឋាន​ ទើបបានគេយក​មនុស្ស​សំខាន់​ក្នុងបក្ស​ ដែលមាន​តួនាទី​ក្នុងបក្ស​​ឲ្យមកកាន់ការងារអ្នកនាំពាក្យ គឺដើម្បីកុំឲ្យ​ឆន្ទៈនយោបាយ​របស់​គណបក្ស​នីមួយៗ​​មាន​ការបាត់បង់​។​ នេះបញ្ជាក់ថា​អត្តសញ្ញាណ​នៃឆន្ទៈ​នយោបាយ​របស់​​គណបក្ស​​​នៅតែ​តំណាងដោយ​មនុស្សសំខាន់​របស់គណបក្ស​​ដដែល​។​
លោកសត្យា រក្ស​
សំណួរ​៖ បើយើងមើលទៅអតីតកាល​អំពីសម្ព័ន្ធភាពលើកទី១ កាលពីឆ្នាំ២០០៩​ បន្ទាប់​ពី​លោក​ សម រង្ស៊ី បានប្តេជ្ញា​ថាគាត់​នឹងបង្កើតសម្ព័ន្ធភាព ច្របាច់​បញ្ជូល​គ្នា​នេះ​ឲ្យ​​បាន​មុន​ការ​បោះឆ្នោត​​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ ។ ប៉ុន្តែឥឡូវនេះ យើងឃើញថា​ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់​បាន​កន្លង​ផុតទៅហើយ​ ព្រមទាំងប្រកាសលទ្ធផលផ្លូវការ និងការ​បែងចែក​ការងារ​គឺ​បាន​ដំណើរ​ការហើយ​។ ម្យ៉ាងទៀត​ ក្រោយ​ពីការបង្កើត​សម្ព័ន្ធភាព​ដើម្បី​ប្រជាធិបតេយ្យ​ដើម្បី​ផ្តួល​រំលំ​​នោះមក​ និងមិនទាន់បានរលប់ហត្ថលេខាផង​ ក៏រលំខ្លួនឯងបាត់ទៅវិញ ព្រមទាំង​ចោទ​ថា​​គេ​ញុះញង់​​បំបែក​បំបាក់​ទៅទៀត​​។​
ឥឡូវនេះ សូមលោកបណ្ឌិត​ជួយពន្យល់​ប្រជាពលរដ្ឋ​ថា​តើចលនា​ថ្មី​មួយ​នេះ ដែល​គេ​ហៅ​​ថា​​ចលនា​ប្រជាធិបតេយ្យដើម្បីសង្គ្រោះជាតិនេះ​ វាកើតហើយឬនៅ? ឬក៏គ្រាន់តែ​ទើបតែ​បាន​ដាក់​ឈ្មោះ​ទេ​?​​​
លោកបណ្ឌិតឈឹម ផលវរុណ​
ចម្លើយ​៖​ ការពិតពួកគេប្រើវិធីបំភ័ន្តភ្នែកទេ​។ របស់នោះ​គឺមិនអាច​ចេញ​ជា​រូបរាង​បាន​ទេ​ ពីព្រោះ​ពាក្យ​ថាចលនា​​ទាល់តែ​ពួកគេធ្វើ​ទើប​បានមាន​ចលនា ឬមានចលនកម្ម​។ បើគ្រាន់​តែ​រៀប​ជា​អគ្គលេខាធិការដ្ឋាន​ ដោយ​ឲ្យ​មនុស្ស​​ដែលមិនសំខាន់នៅក្នុងគណបក្ស​មកកាន់ការ​នោះ​ គឺវាមិនអាចលេចចេញជារូបរាងពិតប្រាកដបានទេ​។ ម្យ៉ាងទៀត​គឺវាអាច​ខ្ទាស់ទៅនឹង​បញ្ហា​​ធំ​​មួយ​​ដែលបង​ប្អូន​ប្រជាពលរដ្ឋមិន​អាច​មើល​ឃើញ។​ អញ្ចឹងខ្ញុំសូមបង្ហាញ​ឲ្យឃើញ​ទាំងអស់​​គ្នា​។ គេបានកំណត់ថា លោក សម រង្ស៊ីជាប្រធាន​ និងកឹម សុខា ជាអនុប្រធាន ប៉ុន្តែ​គេ​បាន​​បន្ថែម​​នូវ​ពាក្យ​មួយឃ្លា​ទៀតថា​​ ការសម្រេចកិច្ចការ គឺផ្អែកទៅលើមតិឯកច្ឆន្ទ​គ្នា​។ អញ្ចឹង​បើការ​សម្រេចទាល់តែមានការឯកច្ឆន្ទគ្នាដដែល គឺ​មានន័យថាលោក សម រង្ស៊ី មិនមាន​​សិទ្ធិ​សម្រេច​​អ្វីនោះទេ​​ គឺទាល់តែ កឹម សុខា យល់​ព្រមសិន​។ បើសិនជាអញ្ចឹងដដែល តើហេតុអ្វី​បានជាពួកគេមិនព្រមសរសេរដាក់ថា​ជាសហប្រធានទៅ​​ ។ ត្រង់ចំណុចនេះ កាល​រដ្ឋាភិបាល​​ឆ្នាំ១៩៩៣​ គឺគេក្លាហានដោយបានបញ្ជាក់ និងចែងយ៉ាង​ច្បាស់​នៅ​ក្នុង​អន្តរប្បញ្ញត្តិ​នៃ​រដ្ឋធម្មនុញ្ញ​​ទៅទៀត​​ គឺសហនាយករដ្ឋមន្ត្រី បានន័យថា​ការសម្រេច​គឺផ្អែកទៅលើ​ការ​យល់ស្រប​គ្នា​ជាឯកច្ឆន្ទ​​រវាងគណបក្ស ហ៊ុនស៊ីនប៉ិច​ និងគណបក្សប្រជាជន​។ ប៉ុន្តែ​សម្រាប់ កឹម សុខា និង សម រង្ស៊ី គ្រាន់តែសម្ព័ន្ធភាព​កម្រិតនយោបាយតូចតាចសោះ គឺមិនហ៊ាន​ដាក់​ថា​សហប្រធានផង​ ហើយដោយសារតែ​គេ​មិន​ទុកចិត្តគ្នា​ គឺគេទាមទារ​ឲ្យដាក់ទាល់តែមាន​ការ​ឯកច្ឆន្ទ​​គ្នា​។ មានន័យថា បើ សម រង្ស៊ី ថាត្រូវធ្វើអញ្ចេះ តែកឹម សុខា ប្រកែកនោះ​គឺ​មិនអាច​ធ្វើ​អ្វី​ទៅ​កើត​ទេ។​​ ដូច្នេះហើយ​អគ្គលេខាធិការដ្ឋាននោះគឺមានតែខ្យល់តែប៉ុណ្ណោះ​គឺអត់​បានការ​ទេ​ អញ្ចឹង​​ហើយ​​បានជា​គេ​ឲ្យ​​មនុស្ស​​ដែលមកកាន់​ជាអគ្គលេខាធិការដ្ឋាន​នោះជាមនុស្សមិន​សំខាន់​។ ​ចំណុចមួយទៀត​សូម​បង​ប្អូនប្រជាពលរដ្ឋពិចារណា​ បន្ទាប់​ពីពួកគេ​ចេញ​ឈ្មោះ​ចលនា​ហើយ គេបាន​បញ្ចេញ​មួយសន្លឹក​ទៀតថាគម្រោង​បង្កើត​គណបក្សថ្មី ​ដើម្បី​កុំឲ្យ​យើង​តិតៀន​គេ​​ ប៉ុន្តែធាតុពិត​គឺមាន​តែ​ឈ្មោះ​ សម រង្ស៊ី ជាប្រធានគណបក្សថ្មី​ និងកឹម សុខា ជាអនុប្រធាន​គណបក្សថ្មី​​ដដែល​ ចំណែកអ្នកដ៏ទៃទៀតអត់មាន​ ហើយកឹម សុខា បាន​ព្យាយាម​​​ភូត​​តាម​វិទ្យុ​អូស្ត្រាលី​​ផ្សាយ​ជាខេមរៈភាសា​​ថា​បង្កើត​គណបក្ស ព្រមទាំង​មាន​រចនា​សម្ព័ន្ធ​ដឹកនាំ​ទៀតផង​ តែតាមពិតគឺគ្មានទេ គ្រាន់តែមានឈ្មោះ​មនុស្សដឹកនាំ​តែពីរនាក់ទេ​ ដែល​បាន​បង្ហាញនៅ​ក្នុងក្រដាសនោះ​គឺ សម រង្ស៊ី និង កឹម សុខា ដដែល។​ ចំណុចមួយទៀត ពួកគេ​មិន​បាននិយាយ​ទេ ដោយសារនិយាយអត់កើត​គឺលក្ខន្តិកៈ ។ សំណួរសួរ​ថា​ដើម្បី​បង្កើត​គណបក្ស​​ តើត្រូវយកលក្ខន្តិកៈរបស់​សិទ្ធិមនុស្ស និងលក្ខន្តិកៈ​របស់​ សម​ រង្ស៊ី មក​បញ្ចូល​កន្លែង​​​ណា​​ខ្លះ​​? នេះជាចំណុចដែលត្រូវជជែកគ្នា​យូរ​ តែរយះពេលនៃការបោះឆ្នោតឆ្នាំ២០១៣ ការ​បញ្ជូន​​បញ្ជីឈ្មោះ​ដើម្បី​ឈរ​ឈ្មោះ​​គឺ​នៅ​សល់​រយះពេល​តែ១០ខែ​ប៉ុណ្ណោះ​។ ឧទាហរណ៏​ថា​សរសេរ​លក្ខន្តិកៈ​នោះ​ទាន់ទៅចុះ​ តែសម្រាប់ការបែងចែក​ថាតើនរណាខ្លះកាន់តំណែង​អី​ បើចែក​មិនត្រូវ​គឺរឹតតែ​មានបញ្ហា​ទៅទៀត​។ ឧទាហរណ៏​ថាចែក​ត្រូវ​ទៅ​ចុះ​ ប៉ុន្តែក្រឡា​ដែល​ងាប់​​គឺ​នៅ​ត្រង់ថា តើ​នរណា​ឈរនៅខេត្ត​ក្រុង​​​ នេះជាចំណុចដែលងាប់ហើយ ពីព្រោះ​គណបក្ស​ សម រង្ស៊ីក្តី គណបក្ស កឹម សុខា ក្តី​ គឺត្រូវឈ្លោះគ្នានៅពេលនោះហើយ​។ ឧទាហរណ៏​នៅ​ភ្នំពេញ​​ដាក់ សម រង្ស៊ី លេខ១ ដាក់កឹម សុខា លេខ២ ម្តេច​កើត បើគណបក្ស សម រង្ស៊ី បាន៥កៅអីនៅភ្នំពេញ​កាលពីឆ្នាំ២០០៨​ ចំណែក កឹម សុខា អត់មានផងទៅដាក់ កឹម សុខា លេខ២ ម្តេច​កើត​ ដូច្នេះអ្នកលេខ២ លេខ៣ ដល់លេខ៥ របស់ សម រង្ស៊ី មិនខឹង​ទៅ​ហើយ​​។ នេះជាបញ្ហាមួយទៀត​ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋពិចារណា​។ ចំណុចមួយទៀត​ បើ​ឲ្យ​ សម រង្ស៊ី ជាប្រធាន ហើយកឹម សុខា ជាអនុប្រធាន ចុះហេតុអ្វីក៏មិនឲ្យ សម រង្ស៊ី ធ្វើ​កាល​ពី​ឆ្នាំ​២០០៩ ឲ្យ​ហើយ​ទៅ​។ គឺវា​មាន​​មូលហេតុ​របស់វា ដោយសារកាលពីឆ្នាំ២០០៩ សម រង្ស៊ី​នៅ​ភ្នំពេញ​​ អញ្ចឹងកឹម សុខា មិនព្រមឲ្យ សម រង្ស៊ីធ្វើប្រធានទេ​។ តែដល់ឆ្នាំ២០១២នេះ​ រហូត​ដល់​ពេល​បោះឆ្នោត​ កឹម សុខា ដឹងថា សម រង្ស៊ី វិលមកកម្ពុជាវិញអត់បានទេ​ អញ្ចឹង កឹម សុខា ឲ្យ សម រង្ស៊ី ធ្វើទៅ ជាប្រធាននៅក្រៅប្រទេស​ ប៉ុន្តែជាក់ស្តែងនៅក្នុងស្រុក កឹម សុខា នៅ​តែ​ជា​ប្រធាន​ស្តីទីដដែលហ្នឹង​ ។ ត្រង់​ហ្នឹងហើយ​ ចំណុចហ្នឹងហើយ​ដែល សម រង្ស៊ី ត្រូវ​ពិចារណា​​។​
លោកសត្យា រក្ស​
សំណួរ​៖​ ទាក់ទងទៅនឹងគោល​នយោបាយ​បក្ស​ តើអាចនឹងត្រូវរៀបចំឬទេ ប្រសិន​បើ​មាន​​ការ​​បង្កើត​គណបក្ស​ថ្មីនោះបាទ?​
លោកបណ្ឌិត ឈឹម ផលវរុណ​
ចម្លើយ​៖ ឧទាហរណ៏ថា​គាត់អាចប្រើពេលដ៏ខ្លីដើម្បីបង្កើតបានទៅចុះ តែតាមពិត​សូម្បី​​​តែ​​​​គណបក្ស​​​​គាត់​​រៀងៗ​ខ្លួន​សព្វថ្ងៃ​នោះក៏មិនដែល​មានគោលនយោបាយ​ផងនោះ​។​​
លោកសត្យា រក្ស​
សំណួរ​៖​ តើកាលៈទេសៈនេះ ពេលវេលានេះ​គួរមានចលានាសង្គ្រោះជាតិ​ដូចឈ្មោះ​ដែល​​គណបក្ស​ប្រឆាំង​​គេលើក​យកមក​នៅ​ពេលនេះ​ដែរ​ឬទេ?​
លោកបណ្ឌិត ឈឹម ផលវរុណ​
ចម្លើយ​៖ ត្រង់ចំណុចនេះបងប្អូនប្រជាពលរដ្ឋ លោកបានយល់​ដូចយើងអញ្ចឹង​ ថា​កម្ពុជា​​​​សព្វ​ថ្ងៃ​ ឬនាវា​កម្ពុជា​សព្វថ្ងៃបាន​ទៅដល់​ណា​ហើយ?​ និងបាន​​ឆ្លងកាត់​អ្វីខ្លះ​ហើយ​​?​
នាវាកម្ពុជា​បានឆ្លងកាត់​នូវឧបសគ្គ​អន្ធកាល​ដ៏ធំ​​គឺ​ របបប្រល័យពូជសាសន៍​។​ នៅក្នុង​ពេល​​នោះ​ ក្នុងដំណាក់កាល​ដែលកម្ពុជា​ថិតនៅក្នុង​របបប្រល័យ​ពូជសាសន៍​ ប៉ុល ពត នោះ​ទើប​យើង​និយាយអំពីការសង្គ្រោះជាតិ​។ សង្គ្រោះជាតិពេលនោះគឺក្នុងន័យរំដោះជីវិតមនុស្ស​ដែល​​ត្រូវ​ខ្មែរក្រហម ប៉ុល ពត កាប់សម្លាប់ជារៀងរាល់ថ្ងៃ​។ អញ្ចឹងថ្ងៃ ៧ មករា ឆ្នាំ១៩៧៩​ជា​កាល​​បរិច្ឆេត​ប្រវត្តិសាស្ត្រ​​សំដៅ​ថានាវា​កម្ពុជាយើង ​បានឆ្លង​ផុតយុគ្គសម័យ​ប្រល័យ​ពូជ​សាសន៍​​ គឺជាយុគ្គ​សម័យ​រំដោះជាតិ​​ដើម្បី​ជីវិតរស់​។​ បន្ទាប់ពីយើង​បានឆ្លងផុត​យុគ្គសម័យ​សង្គ្រោះ​​ជាតិ ដើម្បីជីវិតរស់​ យើងត្រូវឆ្លងនូវយុគ្គ​សម័យ​ដ៏លំបាក​មួយទៀត​ គឺជាយុគ្គ​សម័យ​បញ្ចប់​​​​សង្គ្រាម​​រវាង​ខ្មែរ និងខ្មែរ​ សំដៅបង្រួបបង្រួមផ្សះផ្សារជាតិ​។ យើង​សួរថា តើនរណា​ជាអ្នក​​​កសាង​​ស្នាដៃ​ទាំងនេះ?​ បងប្អូនប្រជាពលរដ្ឋប្រាកដ​ជាដឹង​ច្បាស់​ហើយ​ គឺសម្តេចទាំងបី​​នៃ​​ថ្នាក់ដឹក​​​នាំ​​គណបក្សប្រជាជនកម្ពុជា​ ។ រឿងអស់​ទាំងនេះ​គឺគ្មាន​នរណា​​ភូត​​នរណា​​បានទេ​ រហូត​​​មកដល់​​យុគ្គសម័យ​​បញ្ចប់សង្គ្រាមខ្មែរ និង​ខ្មែរ ដើម្បី​បង្រួប​បង្រួម​ផ្សះផ្សារ​ជាតិ​​ឈាន​ទៅ​រក​សន្តិភាព ​នៅ​ថ្ងៃ ២៣ ខែតុលា ឆ្នាំ១៩៩១ គឺ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ ខ្ញុំលើក​មក​នេះ​ដោយ​សំអាង​លើ​​ឯកសារពិត និងសម្លេងពិត​។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ឆ្នាំ១៩៨៥ គឺទទួលបាននូវការ​ទុកចិត្តពីគណបក្សប្រជាជនកម្ពុជា​ ធ្វើជា​ប្រធាន​ក្រុម​ប្រឹក្សា​​រដ្ឋមន្ត្រី​​។ នៅពេលនោះសម្តេចក៏បានប្រើប្រាស់​នូវតួនាទីនេះ​ផ្តួចផ្តើមគំនិតដើម្បីស្វែង​រក​សន្តិភាព​​ជាមួយ​ភាគី​ខ្មែរម្ខាង​ទៀត​។ ប៉ុន្តែ​មិនមែនជាឱកាសដែលអាចចាប់ដៃគ្នា ជជែក​គ្នា​ផ្ទាល់​ជាមួយ​​ សម្តេចព្រះនរោត្តមសីហនុ ដែលជាប្រធានរបស់​រដ្ឋាភិបាល​ត្រីភាគី​នៅ​ក្រៅ​ប្រទេស​នោះទេ​​ គឺ​សម្តេចបានធ្វើទំនាក់ទំនង​ជាមួយលោករដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ដើម្បី​ឲ្យ​​លោក​រដ្ឋមន្ត្រី​​ភ្ជាប់ទៅ​​ សម្តេចព្រះនរោត្តមសីហនុ​។ ដូច្នេះ​ការផ្តួចផ្តើម​នេះ​គឺ​ផ្តើមចេញ​ពី​សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន​ រហូត​ឈាន​ទៅ​ដល់​ដំណើរ​ការចរចារ​រក​សន្តិភាព​​។ ដូច្នេះ​បើ​គ្មាន​​ការ​ផ្តួចផ្តើមទេ​នោះគឺមិនអាច​កើតចេញ​​នូវការចរចារស្វែងរកសន្តិភាពទេ​។​ ការលើក​មក​នេះ​​គឺដើម្បី​បង្ហាញ​ការពិត​ ដែលអស់លោកខ្លះមានចរឹតប្រឆាំងជ្រុលនិយម​ ចេះតែ​វាយ​ប្រហារ​ថ្ងៃ ៧ មករា ហើយសរសើរ ថ្ងៃ២៣ តុលា​​ ដូច្នេះខ្ញុំចង់បញ្ជាក់ថា ថ្ងៃ២៣ តុលា គឺ​សម្តេច​ ហ៊ុន សែន ជា​អ្នក​នាំ​មក​ទេ​​។​​​ដោយសារអី នៅពេលសម្តេចនាយកទៅចរចាជាមួយភាគី ត្រីភាគី​នោះ​គឺ​​មាន សម្តេច ព្រះនរោត្តមសីហនុ មានលោកតា សឺន សាន និងលោក ខៀវ សំផន ​។ ជួបម្តង​ជា​ទ្វេរ​ភាគី​ម្តង​មា្នក់​ៗ​ ជួបម្តងជាចម្រុះ។​ ប៉ុន្តែការជជែក ជាមួយ​សម្តេច​ព្រះនរោត្តម​សីហនុក្តី ជជែក​ជាមួយ​លោក​តា​ សឺន សាន ក្តី គឺភាគីម្ខាងទៀតពុំបាននិយាយអំពីសន្តិភាព ពុំបាន​និយាយ​អំពី​ប្រជាធិបតេយ្យ ពុំបាននិយាយអំពីសិទ្ធិមនុស្សទេ គឺនិយាយ​តែអំពី​ការវិល​ត្រឡប់​មកកម្ពុជា​បែងចែកអំណាចគ្នា ហើយឲ្យរំលាយ​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ។ល។ ហើយឲ្យ ប៉ុ ពត មកវិញផង រឿងតែប៉ុណ្ណឹងទេ។ បើសិន​ជាមាន​នរណា​តវ៉ា​យើង​​មាន​ឯកសារ និងមានសម្លេងទៀត ហើយខ្ញុំជឿថា គ្រប់ភាគីក៏មានសម្លេងដូចគ្នាដែរ។​ សួរថា តំណាង​សាធារណរដ្ឋប្រជាមានិតកម្ពុជា ឬក៏អតីតរដ្ឋកម្ពុជា ដែលដឹកនាំ​ដោយ​សម្តេច​នាយក​​រដ្ឋមន្ត្រី ហ៊ុន សែន ជជែករឿងហ្នឹង​ តើអត់ធ្មត់កម្រិតណា?​ ដើម្បីឲ្យខ្មែរទាំងអស់គ្នា ដើម្បី​សម្រេចបាន ២៣ តុលា ហ្នឹង។​ បើ​គ្មានការអត់ធ្មត់ទេប្រាកដ​ជាមក ភ្នំពេញវិញហើយ ប៉ុន្តែអត់​ធ្មត​ណាស់​។​ បញ្ហា​ទីមួយ មួយ​ម៉ាត់​ណា​ ក៏ចោទប្រកាន់ថា រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជា​មានិត​​​កម្ពុជា ជា​អាយ៉ង អត់ដែលនិយាយរឿង​ខ្មែរបញ្ចប់សង្រ្គាមទេ អត់ដែល​និយាយពី​ខ្មែរ​បញ្ចប់​សោកនាថ​​​កម្មទេ គឺមានតែឲ្យ ប៉ុ ពត ត្រឡប់មកវិញ ហើយ​ពួកគាត់​ត្រីភាគី​ប៉ុន្មាន​ឆ្នាំ​ហើយ​ វាយ​ភ្នំពេញមិបានផង បែរជាចង់មកភ្នំពេញដ៏ស្រួល។​ តើយើងគិតទាំងអស់​គ្នា​ទៅ​មើល​ ប៉ុន្តែហេតុ​អី​បានជាសម្រេចបាន គឺដោយសារសម្តេចនាយករដ្ឋមន្ត្រីបាននាំសន្តិភាព ឲ្យ​សម្រេច​នៅ​លើ​ក្រដាស​ព្រមព្រៀងនៅក្នុងទីក្រុងប៉ារីសនេះ ដូច្នេះ​​ថ្ងៃ​ ២៣ តុលា អ្នកនាំមក​ គឺ​ជា​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន 
លោកសត្យា រក្ស​
សំណួរ​៖ អញ្ចឹង​សរុបមកវិញគឺ ២៣ តុលា ដូចជាអត់មានការចូលរួមពីសម រង្ស៊ី ឬក៏ កឹម សុខា នោះ​ទេ។​ អញ្ចឹង​ សម រង្ស៊ី កឹម សុខា ហ្នឹងនៅក្មេងដើរទាត់ខ្យល់នៅឡើយទេ នៅ​ជំនាន់នោះ ពេលនោះ​។​ អញ្ចឹង​​យើងឃើញថា ពាក្យថាសង្រ្គោះជាតិហ្នឹង គឺ​វាមាន​អត្ថន័យ​ធំធេង​ណាស់​ ដូចលោកបណ្ឌិតមានប្រសាសន៍​ថាតើគ្រានោះ ជំនាន់នោះ ដែលកម្ពុជា​ត្រូវការ​សង្រ្គោះ​ជាតិ​នោះ កាលៈទេសៈនិងភាពស្មុគ្រ​ស្មាញនៅក្នុងសង្គមខ្មែរហ្នឹង វាមានភាព​លំបាក​កម្រិត​ណា នោះគឺបងប្អូនជ្រាបហើយ ដូច​​លោកបណ្ឌិតបានបញ្ជាក់ ជាពិសេសគឺ សម័យ ៣ ឆ្នាំ ៨ ខែ ២០ថ្ងៃ ដែលដឹកនាំដោយ ប៉ុល ពត នោះ​ ហើយ​ដែលត្រូវ​តែមាន​ចលនា​សង្រ្គោះ​ជាតិ​។​​​ឥឡូវ​នេះយើង​ងាកមកមើល​បច្ចុប្បន្ន​​ភាព​​របស់កម្ពុជា​យើងដែល​កំពុង​តែបោះ​ជំហាន​ទៅ​មុខ​​​ដែល​កំពុង​តែទំនាក់​ទំនង​​ការទូតដ៏ល្អ រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹង​បណ្តាប្រទេស​នានា​ជុំវិញ​ពិភព​លោក។​ ប្រជាពលរដ្ឋក៏រស់នៅក្នុងសិទ្ធិសេរីភាព គណបក្ស​នយោបាយ​កំពុង​តែ​រីកដុះដាល​​ព្រោងព្រៀត​ដូចផ្សិត ក្នុងព្រះរាជាណាចក្រកម្ពុជា រហូតទៅដល់ កឹម សុខា អាច​ដើរ​ឃោសនា​​ចាក់មេក្រូ​ជេរ​រដ្ឋាភិបាល បានគ្រប់ច្រកល្ហក។​ សម រង្ស៊ី បានបង្កើតបក្ស បង្កើត​ពួក បង្កើត​ភាព​​អាណាធិបតេយ្យ​ផ្សេងៗ​ ទៅទៀត ហើយឥឡូវ​នេះបែរជា​ក្រុមទាំងពីរក្រុមនេះ ហៅថា មានចលនាសង្រ្គោះជាតិនេះទៅវិញ​។​​​ចលនាសង្គ្រោះជាតិ​បើសិនណាជាយើង បង្កើត​ខុស​កាល​វេលា ដែលមានន័យថា ខុសកាលៈទេសៈនោះ វាទៅជា​ចលនាមួយដែលគ្មានន័យ ហើយ​វាទៅ​ជាចលនាមួយបំផ្លាញជាតិទៅវិញ ។ ចំណុចនេះយើង​អាចនិយាយថា​ ជាចលនា​សង្រ្គោះ​បក្ស​សិទ្ធិមនុស្ស ឬសង្រ្គោះបក្សសមរង្ស៊ី​ គឺ​ប្រហែលជា​អាចត្រូវជាង ពីព្រោះ​យើង​ឃើញ​ហើយ​ថា សុខភាពផ្ទាល់របស់គណបក្ស សម រង្ស៊ី និង​សុខភាព​របស់​គណបក្ស​សិទ្ធិមនុស្ស​នេះ កំពុងតែទ្រុឌទ្រោម ដែលយើងហៅថា កំពុង​តែរង់ចាំ​​តែថ្ងៃ​ស្លាប់​ជីវិត​នយោបាយ​នៃ​គណបក្ស​ទាំងពីរនេះទេ ពីព្រោះនយោបាយដែលគេទទួលផល​បាន​នោះ​គឺ​គណបក្ស​សិទ្ធិមនុស្ស បាន ៣ កៅអី សមរង្ស៊ី បាន ២៦ នេះ វាគ្រាន់តែជាការបោកប្រាស់​ប្រជាពលរដ្ឋ​តែប៉ុណ្ណោះ មិនមែនជាឆន្ទៈប្រជាពលរដ្ឋបោះដោយវិនិច្ឆ័យទៅលើគុណសម្បត្តិ​នោះទេ គឺបោះដោយសារតែសម្លេងសន្យានៃមេបក្សទាំងពីរតែប៉ុណ្ណឹង។
អញ្ចឹង​​ខ្ញុំចង់ឲ្យលោក​បណ្ឌិតជួយបញ្ជាក់ដោយខ្លីបន្តិចមើលថា តើកាលៈទេសៈ​នេះ​វា​សម​​ទេ​ដែល​សម រង្ស៊ី និង កឹម សុខា បង្កើតចលនាសង្រ្គោះជាតិនេះ​ លោកបណ្ឌិត?​
លោកបណ្ឌិត ឈឹម ផលវរុណ​
ចម្លើយ​៖ បាទ ខ្ញុំចង់ភ្ជាប់បន្តបន្តិច ដើម្បីឲ្យប្រជាពលរដ្ឋបានដឹង បន្ទាប់​ពីយើង​បាន​បញ្ចប់​សង្រ្គាម​​ឆ្លងកាត់​យុគសម័យបញ្ចប់សង្គ្រាមផ្សះផ្សារ បង្រួបបង្រួមជាតិ តាមរយៈ​ការ​ព្រមព្រៀង​ ២៣​តុលា ១៩៩១ នេះ កម្ពុជាមិនទាន់បានសន្តិភាពទេ គឺ​​គ្រាន់តែ​បាន​បញ្ចប់​សង្គ្រាម​ តែពាក្យ​បញ្ចប់សង្គ្រាមវានៅក្នុង​រយះពេល​អន្តរៈកាល​មួយ អត់ទាន់​ច្បាស់​នៅ​ឡើយ​ទេ​​។ អញ្ចឹង​នាវា​កម្ពុជា ធ្វើ​ដំណើទៅមុខទៀត ធ្វើរហូតដល់ចុងឆ្នាំ ៩៨ ដើមឆ្នាំ ៩៩ ទើប​យើង​បាន​សន្តិភាព​មួយរយភាគរយ។​​ បានន័យថា កម្ពុជាចប់​អស់ហើយចំពោះពាក្យសង្រ្គោះជាតិ បាន​សេចក្តី​ថា កម្ពុជា​ចាប់ពីឆ្នាំ ១៩៩៩ កម្ពុជាលែងត្រូវការ​របស់​ដែលគេហៅថា សង្រ្គោះ​ជាតិ​ទៀត​​ហើយ​។ ត្រង់​ហ្នឹងបានន័យថា​នាវាកម្ពុជា​បានធ្វើ​ដំណើរ​ទៅមុខ​ចូលដល់​ដំណាក់​កាល​មួយ​ទៀត​ ដែលគេហៅថា ជាដំណាក់កាលកសាងនិងអភិវឌ្ឍប្រទេសហើយ​។ អញ្ចឹង​ពីឆ្នាំ ១៩៩៩​ មកដល់ឥឡូវ​ និងទៅមុខ គឺជាដំណើការកសាងនិងអភិវឌ្ឍប្រទេស កម្ពុជា​លែង​ត្រូវ​ការ​​សង្រ្គោះជាតិហើយ​ ឯគណបក្សសមរង្ស៊ី និង​កឹមសុខា ទៅជាច្រឡំ​ទិសតំបន់​លែង​ស្គាល់​កោះ​ ស្គាល់ត្រើយ លែង​ស្គាល់កម្រិតជាក់ស្តែងនៃការអភិវឌ្ឍប្រទេស វាទៅជាត្រឡប់ត្រឡិន ចង់​បក​ក្រោយទៅវិញ។ កង់ប្រវត្តិសាស្ត្រគាត់ នៅឆ្ងាយពីគេ ឆ្ងាយ​ពី​ប្រជាពលរដ្ឋ ប្រជាពលរដ្ឋ​​ដើរទៅផុត ២០ ឆ្នាំ ទៅហើយបែរជា​ កឹម សុខា និង​ សម រង្ស៊ី ទៅជា​ស្រែក​ហៅ​គេ​ពី​ព្រៃ​មក​​សង្គ្រោះជាតិទៅវិញ​។ តាមពិត​មិន​មែនសង្រ្គោះជាតិទេ គឺ​​សង្គ្រោះ កឹម សុខា សង្គ្រោះសម រង្ស៊ី តាមរយៈសម្ព័ន្ធភាពបំភ័ន្ត​ភ្នែក​របស់គណបក្សប្រឆាំង ដ៏ដុនដាប​នៅ​កម្ពុជា​ហ្នឹង​ឯង​។​
មតិ​លោក សត្យា រក្ស​
ឥឡូវ​ខ្ញុំចង់ងាកទៅចំណុចមួយទៀត​ រឿង កឹម សុខា ហើយ​និង​​សម រង្ស៊ី​ បាន​ធ្វើ​និង​កំពុងធ្វើ​នេះ បើយើងពិនិត្យពីប្រវត្តិ​សម្ព័ន្ធភាព​របស់គាត់ គឺ​សម្ព័ន្ធ​ភាព បាយ​ឡុក​បាយឡ​ ដូចក្មេងលេង​បាយឡុក​បាយឡអញ្ចឹង​។​ ខ្ញុំនិយាយនេះគឺ មិនខ្លាចលោក សម រង្ស៊ី អន់ចិត្ត​ឬលោក កឹម​ សុខា អន់ចិត្តទេ ពីព្រោះធម្មតាអ្នកនយោបាយ កាលណា​គាត់​ធ្វើ​​ខុស​​គួរ​តែ​​​យើង​​​កែ ហើយបើសិនណាយើងមិនកែទេ យើងក៏ចូលរួមខុសដែរ។ ​​ក្នុងនាមជា​ប្រជា​ពល​រដ្ឋ​ខ្មែរ​គួរតែ​ក្លា​ហាន​ យើងអត់ខ្លាចគាត់ខឹង ប៉ុន្តែគ្រាន់តែសុំអង្វរថា ទីមួយក្នុង​ឋានៈ​ជាអ្នក​​នយោបាយ​ យើងគួរធ្វើអីឲ្យវាប្រាកដ ជាក់លាក់ ច្បាស់លាស់ ឲ្យប្រជាពលរដ្ឋ​មើល​ឃើញ​ថា ជំហរ​របស់យើង​ទន់ភ្លន់ ម៉ឺងម៉ាត់ ស្មោះត្រង់សម្រេចកិច្ចការជូនជាតិ នៅក្នុង​លក្ខណៈ​​​មួយ​​បម្រើ​​ផល​ប្រយោជន៍​ជាតិជាធំ។ ប៉ុន្តែពួកគាត់​ ហាក់បីដូចជាប្រមូលប្រជា​ពលរដ្ឋ ទូទាំង​​ប្រទេស​​ឲ្យ​មក​ចូលរួមលេង​បាយឡុក​បាយឡ ជាមួយគាត់នោះអញ្ចឹង​ បើ​អ្នក​ណា​មិន​លេង​​​ជា​មួយ​គាត់ គាត់ខឹង ហើយចោទគេថា គេយួនទៀត នេះសូម្បីតែខ្ញុំ ដែលខ្មៅអញ្ចឹង​​ គេ​ក៏ថា​ ខ្ញុំយួនដែរ។
លោកសត្យា រក្ស​
សំណួរ​៖  ចំណុចដែល​​ថា សម្ព័ន្ធភាព​បាយឡុក​បាយឡរបស់គាត់នេះ តើវា​អាច​ប៉ះពាល់​ទៅ​ដល់អារម្មណ៍​អ្នកគាំទ្រគាត់ដែរឬទេ? ដោយហេតុថា​ អ្នកគាំទ្រ​គាត់នេះ​គឺមាន​សមាសភាព​ថ្មី ដែលជាសមាសភាពដែលគេហៅថា រត់ចេញពីបក្សនេះ ចូលទៅបក្សនោះ រត់ចេញ​ពីបក្ស​នោះ ចូលបក្សនេះ តួយ៉ាងខ្ញុំសុំលើក​ឈ្មោះ អ្នករត់ចេញ​ម្នាក់ចុះ​ឲ្យគាត់​ល្បី​បន្តិច​ទៅ ដើម្បីជាឧទាហរណ៍សម្រាប់អ្នកដទៃ។​ ទិដ្ឋភាពលោក ម៉ៅ មុន្នីវណ្ណ​ សកម្មជន​ដែល​គេ​ហៅថា​ សកម្មជនផ្កាប់មុខរបស់​សម​រង្ស៊ី​មួយរូបដែរ កាលពីគាត់នៅបម្រើលោក សម រង្ស៊ី នោះ​ អ្នកណាប៉ះលោក សម រង្ស៊ី បន្តិច​អត់បាន ជេរ​ម៉ាឆ្ងាញ់ ការពារម៉ាស្អាត គឺថា​និយាយ​ឲ្យ​ចំ​ គឺប៉ះសម រង្ស៊ី មិនបាន។ ប៉ុន្តែនៅ​ពេល​ដែល សម រង្ស៊ី គេហៅថា ដាក់ទណ្ឌកម្ម​ ដោយ​ដក​គាត់​ពី​នេះ​ដាក់ឯនោះ គាត់​មិន​សប្បាយចិត្ត វាខូចផលប្រយោជន៍គាត់ គាត់ក៏​រត់ចេញពីសម រង្ស៊ី មកចូលជាមួយកឹម សុខា ហើយពេលនោះលោកបណ្ឌិតឃើញហើយ សន្និសីទកាសែតក្តី វេទិកា របស់ កឹម សុខា ក្តី ទៅទីណាក៏ ម៉ៅ មុន្នីវណ្ណ​ ជេរ​ម៉ាឆ្ងាញ់ ជេរ​ម៉ាស្អាត ហែកខួរ​គណបក្ស​ សម រង្ស៊ី ដូចជា ឋាន​នរក​​ដ៏​ខ្មៅកខ្វក់មួយ ដែលធ្វើ​ឲ្យ​គាត់​សម្រេចចិត្ត​ចេញ​ពីឋាន​នរក​មក​កាន់​ឋានសួគ៌​ ជាមួយ កឹម សុខា​។ ហើយឥឡូវ​នេះលោកបណ្ឌិតឃើញទេ កឹម សុខា បានអូស ឥឡូវ​យើងកុំថាអាក្រក់​ពេក ដឹកដៃលោក ម៉ៅ មុន្នីវណ្ណ​ ឲ្យទៅចូលរួមជាមួ​យ​ឋាន​នរក​ ដែល ម៉ៅ មុន្នីវណ្ណ​ ធ្លាប់អះអាងនោះទៅវិញ​។​ អញ្ចឹង​ខ្ញុំ​ចង់​ឲ្យ​លោក​បណ្ឌិត​ធ្វើ​ការ​បំភ្លឺ​ជុំវិញ​អារម្មណ៍ និងជំនឿជាក់របស់សកម្មជននៃ​​គណបក្សនីមួយៗ​ហ្នឹង​ ​ថាតើ​វាអាចជាការមួយ​ដែល​ធ្វើឲ្យ​ពួកគាត់ទុកចិត្តជឿជាក់​លើជំហរដឹក​នាំនៃមេបក្ស​នោះឬ​ទេ?
លោកបណ្ឌិត ឈឹម ផលវរុណ​
ចម្លើយ​៖ បើនិយាយពីទីងងឹត ឬទីភ្លឺវាចូលជារឿងកំប្លែងហើយ ប៉ុន្តែ​បើនិយាយ​ពីរឿង​ជាក់ស្តែង​តាមខ្ញុំ​​ដឹងពីប្រភពព័ត៌មាន​នៅទីក្រុងម៉ានីលផង ឮ​សូរ​ថា ការជួបជុំនោះ​ ខាង​លោក​សម រង្ស៊ី ដាក់លក្ខខណ្ឌមិនឲ្យខាងលោក កឹម សុខា ​ ដែលនៅ​ក្នុងនោះ​គឺមាន​បុគ្គល​ អ្នក​ដែល​ធ្លាប់​​នៅ​គណបក្សសមរង្ស៊ី ហើយចេញពីសមរង្ស៊ីចូលកឹម សុខា គេមិន​ឲ្យ​ចូល​ប្រជុំ​ទេ​  ហើយ​បើ​មែន ឬ​​មិនមែនប្រកែកទៅចុះ​ ដែលខ្ញុំទទួលព័ត៌មានគឺ​អញ្ចឹង​។​ ឮ​សូរថា ឲ្យតែ ៣ នាក់ទេ ចូលជួបជា​មួយភាគីសមរង្ស៊ី​ហ្នឹង និយាយឲ្យអស់ទៅ។ ប៉ុន្តែទីងងឹតទីភ្លឺ គេ​ហ្នឹង​ឥឡូវ​មើលទៅ​គឺ​ឃើញ​​អញ្ចឹង​ ខ្ញុំ​ជឿថា​ប្រតិកម្មផ្លូវចិត្តក្នុងការលាក់លៀមហ្នឹង វាពុះ​កញ្ជ្រោល​​ក្តៅងំណាស់ ប៉ុន្តែ​មិនដឹងជាគំនុំ​ហ្នឹងវានៅតទៅទៀតឬ​យ៉ាងម៉េចទេ​ ចាំមើលទៅ​។ គ្រាន់​តែ​យើងគិតថា សម្ព័ន្ធ​របស់​គេហ្នឹងគឺគេភូតគ្នា​បាត់ទៅហើយ គឺគេលេង​គ្នា ព្រោះ​អាលេង​​គ្នា​ហ្នឹង​អាច​ប្រជា​ពលរដ្ឋ​មិនច្បាស់ ខ្ញុំប្រើថាជា​ល្បែង​ក្រឡាអុក សម្ព័ន្ធភាព​នេះ​គឺលេង​អុក​សម្ព័ន្ធភាព។​  អុក​សម្ព័ន្ធភាព គឺលេង​កាល​ពី​បោះឆ្នោត​ឃុំសង្កាត់ហ្នឹងម្តងហើយ​ គឺកឹម សុខា ឈ្នះបានមួយក្តា ហើយ​​សម រង្ស៊ី ចាញ់។​ តើ​ចាញ់ដោយសារអី ចាញ់ដោយ​សារ សម រង្ស៊ី ទីទើរ​កាលដែល កឹម សុខា ហៅធ្វើសម្ព័ន្ធភាព​នោះ​ ម្តងចូលម្តងមិនចូល ចូលហើយ​ចេញ​ទៅ។​ ទើប​ កឹម សុខា ឃោសនា​ថា សម រង្ស៊ី ទេដែលអត់ព្រមចូល ហើយ សម រង្ស៊ី ថា​អញ​មិន​​ចូល​ដោយសារឯង​មិន​ស្មោះត្រង់​ ចុះឡើងចុះឡើងម៉ាក្តានោះ​ចាញ់ កឹម សុខា។​ ប្រជា​ពលរដ្ឋ​​ដែល​ធ្លាប់គាំទ្រ សម រង្ស៊ី ជឿ កឹម សុខា ងាកជាង ១ សែនសម្លេងមកគាំទ្រ កឹម សុខា។​ បើ​​យើង​និយាយ​ល្បែង​អុក គេថាចាញ់ កឹម សុខា មួយសែនដុល្លារ ឬក៏មួយ​សែន​សម្លេង​ ដល់លើកនេះ កឹម សុខា បបួលលេង​អុកទៀត គ្រាន់តែដឹង​លទ្ធផល​បោះឆ្នោត​ក្រុមប្រឹក្សា​​ឃុំ​សង្កាត់ កឹម សុខា ស្រែក​ម៉េចលេង​ទៀត​ឬ​អត់?​ យើងអ្នកបក់ដៃហៅមកលេង​ ពេលនេះ​ រង្ស៊ី ដូរ​វិធីសាស្ត្រភ្លាម ប្រតិកម្ម​លេង​ទៀត អត់ទីទើរ​ដូចកាលមុនទេ។​ បើ​ទីទើរ​ដូច​កាល​មុន​នោះ​ ឆ្នាំ​២០១៣  កឹម សុខា នឹង​យក​១០ ម៉ឺនទៀត អញ្ចឹង​ខ្លាច​បាត់​បង់​​ដប់ម៉ឺនទៀត ក៏​ប្រតិកម្មភ្លាម ថា​យើងលេង​ទៀត តោះទៅ​លេង​នៅម៉ានីល ទីក្រុងរបស់ប្រទេសហ្វីលីពីន។ ដល់បោះដៃ​លឿនពេក កឹម សុខា រៀងដូចអត់​សូវស្រួលអារម្មណ៍ មិននឹកស្មានថា​ លើកនេះ សម រង្ស៊ី ដូរវិធីសាស្ត្រ អញ្ចឹង​ខ្លួនថា ទៅឥឡូវ​​មិន​បាន​ទេ សុំលើកចាំពាក់កណ្តាលខែ ៧។​ កាលហ្នឹង រង្ស៊ី តតាំងពីខែ ៦ ជួបគ្នាត្រូវចុងខែ ៦ កឹម សុខា អូសដល់ពាក់កណ្តាលខែ ៧ ដល់អូសដល់​ពាក់កណ្តាលខែ ៧ សម រង្ស៊ី គឺថា ព្រមទៀត ។​អញ្ចឹង​បានថា សម រង្ស៊ី កឹម សុខា ទៅ​ដំណាល​គ្នា​តែ​ម្តង​អត់​ដូច​មុន​ទេ​។​ ដល់ទៅលើកនេះ កឹម​សុខា ម៉ាក្តានេះពិបាកស៊ី សម រង្ស៊ី បន្តិចដោយសារអី យើង​មើល​នៅម៉ានីល ១៥,១៦,១៧ បើ​គេទៅថ្ងៃ១៥ ថ្ងៃទី ១៦,១៧ គេជួបគ្នា សម រង្ស៊ី ដាក់​លក្ខខណ្ឌ​មិនឲ្យខាងក្រុម កឹម សុខា ទៅ​ជួបប្រជុំទាំងអស់ទេ ប៉ុន្មាននាក់នោះនៅក្រៅទៅ​។​ កឹម សុខា នៅតែធ្វើ ព្រោះតែឲ្យ កឹម សុខា ហ៊ាន​ប្រកែក​មិន​គោរព​លក្ខខណ្ឌ​ ដែលសម រង្ស៊ី ដាក់​មិន​ឲ្យប៉ុន្មាននាក់នោះចូលប្រជុំ ហ៊ានតែ​កឹម សុខា ប្រកែក​គឺ​ប្រជាពលរដ្ឋ​ដែលគាំទ្រ កឹម សុខា នឹង​ខឹងសម្បាអំពីបរាជ័យ​អំពីការជួប ។​អញ្ចឹង​ហើយ​លក្ខខណ្ឌ​នេះ ហាក់ដូចជាវាយ កឹម សុខា ម៉ាព្រនុង ដូច្នេះ​ត្រូវតែព្រមជួប ។​​បើ​មិន​ជួប​ទៅ​ប្រជាពលរដ្ឋគាំទ្រខាងប្រឆាំងហ្នឹង​ចង់​ឲ្យ​ធ្វើ​សម្ព័ន្ធគេខកចិត្ត។​ យើងបាន​ទទួលទំនាក់​ទំនង​ថា​អ្នក​ទាំងអស់គេខកចិត្តត្រង់ថា អត់ឃើញ​មាន​បង្កើតអីផង នៅតែដដែល​ ។​ចលនា​នៅ​តែ​​ដដែល​ស្រាប់តែ​ចែកគ្នា​ត្រឹមមួយ​ប្រធាន​មួយ​អនុប្រធាន តែអារឿងពិតប្រាកដនៃ​ការរួមគ្នា​ធ្វើ​ម៉េចៗ​គឺ​អត់មាន​។​ អាហ្នឹង​មួយ​អាហ្នឹងអ្នក​ដែល​ចង់​ឲ្យរួមគ្នា រួមហ្នឹងនិយាយឲ្យចំគោល​បំណងចង់ឲ្យបង្កើតបក្សថ្មី តែ​មាន​អ្នកដែល​​ដាច់ខាត​សម្រាប់ កឹម សុខា និង​អ្នកខ្លះទៀត​ដាច់ខាត​​សម្រាប់ សម រង្ស៊ី គេមិនសប្បាយចិត្តទេ ដោយសារវាប្រកាន់​រៀងៗ​ខ្លួន។​ ប៉ុន្តែ​សរុប​មក​វិញ​ សួរថាតើ​ពួកគាត់អាចឲ្យ​​ប្រជា​ពលរដ្ឋ​នឹង​សង្ឃឹម​​ថា​ក្នុងរយៈពេល១០ ខែហ្នឹង​បង្កើត​គណបក្ស​ថ្មី​ចេញឬ​អត់?​ ហើយនិយាយនេះបា្រប់ កឹម សុខា ឲ្យហើយណា ខ្លួន​រករួមគ្នា​ក្រោយ​ច្បាប់​គណបក្ស​ចូល​ជាធរមាន តិចដល់​ពេលរួម​គ្នា​អត់​កើត​បន្ទោសច្បាប់ អាហ្នឹង កឹម សុខា ហ្នឹងគឺ មិនត្រឹមតែបាត់បង់សេចក្តីថ្លៃថ្នូរទេ​ គឺ​ទៅ​ជា​​អាលីអាលាហើយ​ ព្រោះ​ច្បាប់​គណបក្ស​ចូលជា​ធរមាន​តាំង​ពីឆ្នាំ​ ១៩៩៨​ ឯណោះ។​ អញ្ចឹង​នៅក្នុង​ច្បាប់គណបក្សបាន​សរសេរហើយ ថា​ពលរដ្ឋម្នាក់​អាចជា​សមាជិក​គណបក្ស​បានតែ​មួយ​ទេ ឥឡូវ​នេះវាមាន​គណបក្សសម រង្ស៊ី និងគណបក្ស កឹម សុខា ហើយ​បើចង់​បង្កើត​គណបក្ស​ថ្មី កឹម សុខា​ថា គេអត់រំលាយ សម រង្ស៊ី អត់រំលាយ​ទេ វាបាត់បង់ស្អីអញ្ចឹង​ទៅ​។​ អូខេ អត់រំលាយ​ក៏​អត់​ចុះ អញ្ចឹង​គណបក្ស​សិទ្ធិមនុស្ស​ក៏នៅ​ គណបក្សសមរង្ស៊ីក៏នៅ ហើយ​បង្កើត​គណបក្សថ្មីមួយ​រវាងសមរង្ស៊ី​ និងសិទ្ធិមនុស្ស ចុះពីណាមកធ្វើប្រធានគណបក្សថ្មី?​ បើហ៊ាន​តែបង្កើតគណបក្ស​ថ្មីចុះបញ្ជីលើក្រសួងមហាផ្ទៃ វាទាល់តែ សម រង្ស៊ី កុំជា​សមាជិក​គណបក្ស​សមរង្ស៊ី វាទាល់តែ​កឹម សុខា កុំជា​សមាជិក​គណបក្ស​កឹម សុខា ពីព្រោះ​ច្បាប់​គណបក្ស​គេថា បុគ្គលម្នាក់អាច មានសមាជិកបានតែមួយ​គណបក្សទេ។​ អញ្ចឹង​វាមិនដែល​យក​បុគ្គលផ្សេងដែលមិនមែនសមាជិក​គណបក្ស​ឲ្យមក​ធ្វើ​ប្រធាន​​ទេ វាទាល់តែ សម រង្ស៊ី មក​ធ្វើ​ប្រធានគណបក្សថ្មី ទាល់តែខ្លួនឯង​ជា​សមាជិក​គណបក្ស​​ថ្មី​សិន។​ ឯ កឹម សុខា ចង់មក​ធ្វើ​អនុប្រធាន​គណបក្សថ្មី ទាល់តែ កឹម សុខា មក​ធ្វើ​ជា​​សមាជិក​​គណបក្សថ្មី​ដែរ​។​ អញ្ចឹង​ កឹម សុខា ឈប់ធ្វើជាសមាជិកគណបក្សសិទ្ធិ​មនុស្ស សម រង្ស៊ី ឈប់ធ្វើ​ជាសមាជិក​គណបក្ស​សមរង្ស៊ី​សម្រាប់​បុគ្គលសមរង្ស៊ីអាចធ្វើបាន​ដូចជា​អត់​បាត់​អីទេ​ ពីព្រោះ​ លោក សម រង្ស៊ី លែង​ជា​តំណាងរាស្ត្រទៀតហើយ ដោយ​សារអាជ្ញាច្បាប់ ពាក់ព័ន្ធ​នឹង​ពិរុទ្ធភាព​របស់លោក សម រង្ស៊ី។​ អញ្ចឹង​លោក សម រង្ស៊ី លែងមាន​តំណែង​ជា​តំណាង​រាស្ត្រហើយ​ ​គាត់អត់បាត់អីទេ ហើយ​បើគាត់ដកខ្លួនចេញពីសមាជិក​គណបក្ស​សមរង្ស៊ី​ ក៏វាមិនបាត់ទៅណាដែ​រ​ ពីព្រោះ​គណបក្សហ្នឹងនៅតែឈ្មោះសម រង្ស៊ី​ដដែល​ហ្នឹង​គាត់​ថ្ងៃ​ក្រោយ​ចូលទៅវិញក៏​បាន​ អាច​ឲ្យ​អ្នកណា​ធ្វើជា​ប្រធានអីសិនទៅ​។​ តែសម្រាប់ កឹម សុខា ហ៊ាន​តែ​លាឈប់​វិញពី​សមាជិក​គណបក្ស​សិទ្ធិមនុស្ស កឹម សុខា ត្រូវបាត់កៅអី​តំណាងរាស្ត្រ​។​​ តើ​ កឹម សុខា ហ៊ានឬ​ទេ?​ ឥឡូវ​​ថា​​ហ៊ានទៅចុះ​ មកធ្វើ​គណបក្សថ្មី អញ្ចឹង​ អ្នកតំណាងរាស្ត្រ ២៥ ទៀត​របស់​គណបក្ស​សមរង្ស៊ី និងពីរទៀតនៅ​គណបក្សសិទ្ធិមនុស្ស សុខចិត្តតស៊ូ នៅ​ក្រាញ​ឈរ​នៅឲ្យ​គណបក្ស​សិទ្ធិមនុស្ស​​ និងគណបក្ស​សមរង្ស៊ី ឬក៏មក​ឈរនៅ​ក្នុង​បញ្ជី​គណបក្ស​​ថ្មី?​ បើចង់​ឈរ​នៅក្នុង​បញ្ជី​គណបក្សថ្មី គឺមុន ៦ខែ គឺ​អត់​បាត់​បង់​ទាល់តែ​មក​ចូល​គណបក្ស​ថ្មី។​ អញ្ចឹង​ត្រូវ​បោះបង់​សមាជិកភាព​ឲ្យបាន​៦ខែ​មុន​ ហើយ​មួយទៀត​ ​បើសិន​ជា​នាំ​គ្នា​ដកចេញ​ពីគណបក្ស​សិទ្ធិ​មនុស្ស និងគណបក្សសមរង្ស៊ី​ដើម្បី​ជា​ល្បែងលេង​នៅ​ក្នុង​រូបភាព​គណបក្ស​ថ្មី តើពេលនោះ​គណបក្ស​ថ្មីនោះ ដែល​សមរង្ស៊ីធ្លាប់បាននៅ​ក្រោមផ្លាក​គណបក្ស​សមរង្ស៊ី​ ២៦កៅអី​ កឹម សុខា មិនមាន​បញ្ហា ពីព្រោះ​គាត់មានតែ ៣ កៅអី ពេល​មក​គណបក្ស​ថ្មី​​តើ​​គាត់សង្ឃឹមថាមិនបាត់ទេ តើ​​សមរង្ស៊ីអាចបាត់ទេអា ២៦ បានន័យថា សម្រាប់ការបោះ​ឆ្នោត២០១៣ សង្ឃឹមបាន ២៦ មកវិញ​ទេ​ ក្រោមគណបក្សថ្មីនោះ​ ពីព្រោះ​អារឿង​បែង​ចែក​ការ​ឈរ​​ឈ្មោះ​នៅកំពង់ចាម នៅព្រៃវែង នៅស្អីហ្នឹងមិនមែនជារឿងធម្មតាទេ។​ ឧទាហរណ៍​កំពង់ចាម​​សមរង្ស៊ី​បាន ៣ទៅ៤​កៅអី ខ្ញុំភ្លេចតួលេខ ខ្ញុំឧទាហរណ៍ទៅចុះ កឹម សុខា បាន​១កៅអី។​ ​បើរៀបបញ្ជីបោះឆ្នោត ២០១៣ ​សមរង្ស៊ី ឈរទី មួយ បន្ទាប់មក កឹម សុខា ឈរលេខពីរ សួរថា​សមាជិក​គណបក្ស​សមរង្ស៊ី​ឯទៀត​សុខចិត្ត​ឬ​អត់?​ បើកាលពី​២០០៨ ក្រោមផ្លាក​គណបក្ស​សមរង្ស៊ី​គេបាន​ដល់​ទៅ​ ៣ឬ៤ កៅអី តើ​គេម៉េចនឹងព្រម ហើយ កឹម សុខា បាន​តែមួយ។ អញ្ចឹង​ខាង សម រង្ស៊ី ប្រាកដ​ជា​ទាមទារឲ្យកឹម សុខា ឈរលេខ ៤​ មិនអាចឲ្យកឹម សុខា ឈរលេខ ២ បានទេ។​ ហើយ​ចុះនៅព្រៃវែង ព្រៃវែង​គណបក្ស​សមរង្ស៊ី​លទ្ធផល​បោះឆ្នោត ២០០៨ គាត់បាន ២ កៅអី​ដែរ កឹម សុខា បាន ១ កៅអី អញ្ជឹងវាទាល់តែ កឹម សុខា ឈរលេខ​៣​ ខាងកឹម សុខា មិនអាច​មក​ឈរលេខ ២ ទេ​ព្រោះលេខ ២ សូម្បីតែអត់ កឹម សុខា សម រង្ស៊ីក៏​បាន ២ កៅអីដែរ។ អញ្ចឹង​​សួរថា ព្រមឬអត់?​ ចុះនៅភ្នំពេញ គណបក្ស​សមរង្ស៊ី ​យោងលទ្ធផល ២០០៨  បាន ៥ កៅអី កឹម សុខា សូន្យ​ អញ្ចឹង​បើ កឹម សុខា ចង់ឈរ ទាល់​តែ​​ឈរ​លេខ ៦ នៅភ្នំពេញ បើហ៊ាន​តែ​ឈរ​លេខ ៣ លេខ ៤ វា​មិន​បាត់​ខាង សម រង្ស៊ី លេខ ៣ លេខ ៤ របស់​​គេសព្វថ្ងៃនេះ។​
 អញ្ចឹង​គឺថា យើងចាំមើលទៅ​​ ១០ ខែទៀតនោះ​តើ​គេមាន​សមត្ថភាព​ដោះស្រាយ​យ៉ាង​ម៉េច​? ​ឬក៏ជារឿងឆ្ពិនភ្នែក ឬក៏និយាយឲ្យចំ សម្ព័ន្ធភាព​នេះមិនមែន​ជាសម្ព័ន្ធភាព​ប្រកួត​ប្រជែង​​​នឹង​គណបក្សប្រជាជនកម្ពុជា​ទេ គឺជាសម្ព័ន្ធភាពប្រកួតប្រជែងរវាង កឹម សុខា និង សម រង្ស៊ី តាម​ល្បែងអុកក្តារ​ទី ២ នោះឯង៕​
សម្រង់ព័ត៌មាន លោក នូ សាវុធឌី

MFAIC Spokesman's Letter to The Cambodia Daily 26/7/2012



Cambodian Ambassador's Letter to The Philippine Star 26/7/2012