Tuesday, December 18, 2012

បទ​អត្ថាធិប្បាយ៖ ថវិកា​ឆ្នាំ​២០១៣ ឆ្លុះ​បញ្ចាំង​នូវកា​ជំរុញ​កំណើន​សេដ្ឋកិច្ច និង ការកាត់​បន្ថយ​ភាពក្រីក្រ



កម្ពុជា​​ស្វាគមន៍​​ការវិនិយោគ​​មិន​​ថា​​ក្រុម​​ហ៊ុន​​ធំ ឬ​តូច

  ជា​មួយ​នឹង​បង្ហាញនូវ​កត្តា​ចំនួន​ពីរ ​សម្រាប់ការ​ទាក់​ទាញ​អ្នក​វិនិយោគិន មក​បណ្តាក់​ទុន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ សម្តេច​អគ្គ​មហា​សេនា​បតី​​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​អះអាង នាព្រឹក​​ថ្ងៃ​ទី១៧ ខែធ្នូ ថា ការ​វិនិយោគ​នៅ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា​មិន​មាន​ការរើសអើង​ថា ​ជា​ ក្រុម​ហ៊ុន​ធំ ឬ​តូច​នោះ​ឡើយ។
សម្តេច​តេ​ជោ​មានប្រសាសន៍​ នៅ​ក្នុង​ពិធី​សម្ពោធ​តំបន់​ឧស្សាហកម្ម​សេដ្ឋកិច្ច​ពិសេស​នាង​កុក នៅ​ក្នុង​ខេត្ត​កោះកុង និង​រោង​ចក្រ​ផលិត​គ្រឿង​បង្គុំ​ប្រព័ន្ធ​ខ្សែភ្លើង​សំរាប់​រថយន្ត របស់​ក្រុមហ៊ុន YAZAKI ជា​ក្រុម​ហ៊ុន​មកពី​ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី១៧ ខែ​ធ្នូ ឆ្នាំ​២០១២ ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង​ថា យើង​អាច​កត់​សំ​គាល់​នូវ​ជំនឿ​សំខាន់​ចំនួន២ គឺ​ជំនឿ​ទី១-ស្ថិរភាព​ខាង​នយោ​បាយ​របស់​កម្ពុជា​ខ្លួនឯង និង​ជំនឿ​ទី២-គឺមិត្តភាព​រវាង​កម្ពុជា និង​ថៃ។ 
 ដោយ​ឡែក​ទាក់​ទង​នឹង​ដំណើរ​ការ​នៃការ​ផ្តល់​ការ​វិនិយោគ​នៅ​ព្រះរាជា​ណាចក្រ ​កម្ពុជា សម្តេច​តេជោ​បាន​មាន​ប្រសា​ស​ន៍​បញ្ជាក់​ថា ខ្ញុំ​បាន​និយាយ​ហើយ​ថា ការ​វិនិយោគ​នៅ​កម្ពុជា​អត់​មាន​គោលដៅ​រង់ចាំ​ការ​វិនិ​យោគ​ធំ​ ចោលការ​វិនិយោគ​តូច​នោះ​ទេ។ ខ្ញុំ​សូម​បញ្ជាក់​ថា នយោ​បាយ​ទាក់​ទាញ​វិ​និយោគ​របស់​កម្ពុជា អ្នក​ណា​មក​មុន​យើង​ស្វាគមន៍ ចំណែក​អ្នក​មក​ក្រោយ​គ្មាន​កន្លែង​វិនិយោគ សូម​កុំ​ចោទ​ប្រ​កាន់​កម្ពុជា​ថា ពុក​រលួយ ហើយ​សូម​សួរ​បណ្តា​ក្រុមហ៊ុន ដែល​បាន​ទទួល​ការ​វិនិយោគ​ចុះ​ តើ​គេបាន​សូក​ខ្ញុំ​ប៉ុន្មា​ន​ហើយ។ សម្តេច​តេ​ជោ​ថ្លែង​ថា យើង​ទទួលយក​ការ​វិនិយោគ​ដែល​បាន​មក​ដល់​មុន មិន​ថា​ធំ​ មិន​ថា​តូច ដើម្បី​ដោះស្រាយ​ការងារ​ធ្វើ​ជាមួយ​នឹង​ការ​ជំរុញ​ផលិត​កម្ម​នាំ​ចេញ​របស់​ ប្រទេស​យើង។ សម្តេច​តេជោ នាយក រដ្ឋមន្ត្រី​មាន​ប្រសាសន៍ថា ឥឡូវ​នេះ ទី​នេះ​បាន​ក្លាយ​ទៅ​ជា​ទី​ប្រកួតប្រជែង​យ៉ាងពិតប្រាកដ​ហើយ​ រវាង​ជប៉ុន និង​កូរ៉េខាងត្បូង មិន​អី​ទេ​សូម​ប្រកួត​ប្រជែង​គ្នា​ទៅ​វា​ស៊ីសង​លើ​អ្នកណាផលិត​ល្អ ហើយ​លក់​ចេញ​បាន​ចំណេញ ព្រោះ​នៅ​ទីនេះ​អត់​មា​នការ​រើសអើង​ទេ។
ក្នុង​ពិធី​បើក​សម្ពោធ​ដែល​មាន​អភិបាល​ខេត្ត​ត្រាត និង​មេបញ្ជាការ​កងទ័ព​នៅ​ខេត្ត​ជាប់​ព្រំដែន របស់​ថៃចូលរួម​ផង​នោះ សម្តេច​តេជោ​នា​យក​រដ្ឋ​មន្ត្រី បាន​មាន​ប្រសាសន៍​វាយ​តម្លៃ​វត្ត​មាន​របស់​លោកជំទាវ​អភិបាល​ខេត្ត​ត្រាត (ខេត្ត​របស់​ថៃជាប់​ព្រំដែន​ខេត្ត​កោះកុងរបស់​កម្ពុជា) ក៏​ដូច​ជា​បណ្តា​មេបញ្ជាការ​នៃ​កងទ័ព​ព្រះរាជាណាចក្រ​ថៃ គឺ​បាន​បង្ហាញ​ពី​ចំណង​មិត្ត​ភាព និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​កម្ពុជា និង​ថៃ​។ សម្តេច​តេជោ​មាន​ប្រសាសន៍​ថា ខ្ញុំ​ចង់​បាន​របៀ​ប​នេះ​។ ខ្ញុំ​ចង់​បាន​ការកសាង​ព្រំដែន​សន្តិភាព មិត្តភាព និង​សហប្រតិបត្តិការ​។ នេះ​ជា​អ្វី​ដែល​ប្រជាជន​យើង​ទាំង​ពីរ​ចង់បាន​។ ដូច្នេះ​យើង​ត្រូវ​បន្ត​ការខិតខំ ដើម្បី​ធ្វើឲ្យ​ប្រជាជន​នៅ​តាម​ព្រំ​ដែន​នៃ​ប្រទេស​ទាំង​ពីរបាន​ទៅ​មក​រក​ គ្នា រកស៊ី​ជាមួយ​គ្នា ដើម្បី​វិបុលភាព​ជាមួយ​គ្នា"។
សម្តេច​តេជោ​បាន​បន្ថែមថា "​យើង​មាន​ការតភ្ជាប់​ជាមួយគ្នា មិនមែន​គ្រាន់តែ​បញ្ហា​រូបវន្ត ដូច​ជា​បញ្ហា​ផ្លូវថ្នល់​ទេ ឥឡូវនេះ យើង​មាន​ការតភ្ជាប់​គ្នា​ច្រើន​ណាស់ សម្រាប់​តំបន់​កោះកុង​របស់​យើង​នេះ​។ ត​ភ្ជាប់​ជា​ផ្លូវថ្នល់ ត​ភ្ជាប់​ជា​អគ្គិសនី ត​ភ្ជាប់​ជា​ទេសចរណ៍ ត​ភ្ជាប់​ជា​ពាណិជ្ជកម្ម ត​ភ្ជាប់​ជា​ផ្នែក​ដទៃទៀត វប្បធម៌ ស្អីៗ ជាដើម​។ អីចឹង​ទេ ឲ្យ​រឿងនេះ (សុខ​សន្តិភាព​រវាង​កម្ពុជា និង​ថៃ) វា​បន្ត​ជា​រៀង​រហូត​ទៅ"។ "កងទ័ព និង​កងទ័ពសហការគ្នា។ នគរបាល​តម្រួត និង​តម្រួត​សហការគ្នា​។ អាជ្ញាធរ​ខេត្ត​ទាំង​ពីរសហការគ្នា​។ ប្រជាជន​សហការ​គ្នា​រកស៊ី​ជាមួយ​គ្នា​ទៅ​។ ចំណេញ​ណាស់ ចំណេញ​ទាំងសង្ខាង ហើយ​អ្នកវិនិយោគគ្មាន​ការភ័យខ្លាច ជាមួយនឹង​ការវិនិយោគនៅក្បែរ​ព្រំដែន​កោះកុង​នេះ​ទេ​។ ពី​នេះ​ទៅ​ដល់​ព្រំដែន​តែ ១២០០ម៉ែត្រ​ទេ​"​។​
​ទាក់​ទង​នឹង​វត្តមាន​របស់​ក្រុមហ៊ុន​ជប៉ុន ​ដែល​បាន​សំរេចចិត្ត​បើក​ក្រុមហ៊ុន នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា "​ចំណុច​នេះ កាន់តែ​បង្ហាញ​អំពី​ជំនឿ​ជឿជាក់​។ មាន​ជំនឿ​ជឿជាក់​ពីរ​យ៉ាង ដែល​លោក យ៉ា​ហ្សា​គី (ប្រធាន​ក្រុមហ៊ុន​ជប៉ុន) ក៏​ដូចជា​ក្រុមហ៊ុន​ដទៃទៀត ដែល​មាន​ក្រុមហ៊ុននៅទីនេះ (តំបន់​សេដ្ឋកិច្ច​ពិសេសខេត្ត​កោះ​កុង) ដាក់​ការជឿ​ជាក់ និង​ហ៊ាន​ដាក់​ការវិនិ​យោគនៅ​កម្ពុជា និង​នៅ​ខេត្ត​កោះកុង​នេះ​។ ជំនឿ​ទី​១-​ស្ថិរភាព​ខាង​នយោបាយ​របស់​កម្ពុជា​ខ្លួន​ឯង និង​ជំនឿ​ទី​២-​គឺ​មិត្តភាព​រវាង​កម្ពុជា និង​ថៃ​។ បាន​សេចក្តីថា គាត់​មាន​ជំនឿ​ពីរ​យ៉ាង ទើប​គាត់​មក​វិនិយោគ​។ បើ​គ្រាន់តែ​មាន​ស្ថិរភាព​នយោ​បាយ​នៅ​កម្ពុជា​តែ​មួយ​មុខ ហើយ​កម្ពុជា និង​ថៃ ប្រឈមមុខ​ដាក់គ្នា គាត់​មិន​មក​ដាក់ទុន​ទេ​។ គាត់​ខ្លាច​ផ្ទុះ​អាវុធ​ទៅឆេះ​រោងចក្រ​គាត់ ព្រោះ​អា​កន្លែង​នឹង (តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​កោះ​កុង) បាញ់៦០ ក៏​ដល់​ដែរ​។ ខាង​ណោះ (ថៃ) បាញ់កាំភ្លើង​ធំ៦០ ឬក៏ ៨០មី​លី​ម៉ែត្រ មក​ដល់​ហើយ​។ អីចឹង​ទេ កុំ​វ៉ៃ​គ្នា​ឲ្យសោះ​! មាន​ការងារ​អីនិយាយ​គ្នា​។ អា​នឹង​ល្អ​ពិតប្រាកដ​ហើយ​"។
សម្តេច​តេជោ​នាយករដ្ឋក៏​បាន​ប្រកាសឲ្យ​ដឹង​ផង​ដែរ ​ពី​ជំហររបស់​សម្តេច​ក្នុង​ការ​បន្ត​កិច្ចការ ក្នុង​ឆាក​នយោបាយ​ជា​បន្ត​ទៀត បើ​សិន​ជា​មានការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ។ ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី ​សម្ដេចតេជោ​ក៏​បានបញ្ជាក់​ផង​ដែរ ​ពី​ជំហរ​ការពារ​បរិស្ថានដោយ​សម្តេចមិន​អនុញ្ញាត​ឲ្យ​​មានការ​ធ្វើ​ អាជីវកម្ម​រ៉ែ​ទី​តានី​ញ៉ូ​ម នៅ​ជី​ផាត ក្នុង​ខេត្ត​កោះកុង​​នេះ​ទេ។
​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍បញ្ជាក់​​ថា “ខ្ញុំ​អត់​ទាន់​សម្រេចចិត្ត​ចាកចេញ​ទេ ខ្ញុំ​នឹង​ចូល​រួម​ប្រកួតប្រជែង​នៅ​ក្នុង​ការបោះឆ្នោតសាកល​ឆ្នាំ២០១៣ បន្ត​ទៀត ហើយ​ប្រសិនបើ​ប្រជាពលរដ្ឋ​បោះឆ្នោត​គាំទ្រ ខ្ញុំ​នឹង​បន្ត​ធ្វើ​នាយករដ្ឋមន្ត្រីជា​បន្ត​ទៀត ព្រោះ​ខ្ញុំ​មិនទាន់​ចាស់​ទេ”។
ទាក់​ទង​ទៅនឹង​រ៉ែ​ទីតានីញ៉ូម ដែល​រក​ឃើញ​ថា​មាន​នៅ​ក្នុង​ទឹក​ដី​ខេត្ត​កោះ​កុង សម្តេច​តេជោ នាយករដ្ឋមន្ត្រីបាន​មានប្រសាសន៍ថា “គេ​សិក្សា​ទៅ​ឃើញ​ថា ទី​តា​ញ៉ូម នៅ​តំបន់​នោះ គឺ​មាន​ប្រមាណ​ជា ៣០ពាន់​​លាន​ដុល្លារ នៅ​ក្រោម​ដី​។ ប៉ុន្តែ​ពេល​ធ្វើ​អាជីវកម្មតម្រូវឲ្យ​ធ្វើការ​ឈូសឆា​យ​ព្រៃប្រមាណ​ជា ២​ម៉ឺន​ហិកតា ហើយ​ជា​តំបន់ដែល​មាន​ដំរី​ឆ្លងកាត់​ផង​។ អីចឹង​ទេ ទុក​វា​ក្រោ​ម​ដី​សិន​ទៅ​។ អន្តរាយ​ព្រៃឈើ ហើយ​ពេល​ដែល​ជីក អា​ទឹក​វា​មិន​ហូរ​ច្រោះចុះមក ពេលនោះ មិន​មែន​ទឹកសមុទ្រ​ខៀវ​ទៀត​ទេ ពេល​នោះ​ទឹកសមុទ្រ​ក្រហម​។ អីចឹង ទុក​វា​ទៅ អា​ទី​តា​ញ៉ូម នៅ​ខាងក្រោម​ដី​នោះ​។ ចាំ​ដល់​យើង​កើត ៣ជាតិ​មក​ទៀត ចាំ​គេ​ធ្វើ​អាជីវកម្ម ក៏​មិន​ទាន់​អី​ដែរ​"​។
សម្តេច​តេជោនាយក​រដ្ឋមន្ត្រីក៏​បាន​បន្ថែមថា "​មិញ​នឹង​គឺថា ប្រហែល​ជា​ឯកឧត្តម គូ​រ៉ូ​គី (ឯក​អគ្គ​រាជទូត​ជប៉ុនប្រចាំ​កម្ពុជា) ជញ្ជក់មាត់ ឃើញ​ព្រៃ​វា​ធំ​ពេក ជញ្ជក់មាត់ ហើយ​ខ្ញុំ​ក៏​បាន​ប្រាប់​ដែរ ទី​តា​ញ៉ូម គេ​សិក្សា​ប្រមាណ​ជា ៣០ពាន់​លាន​ដុល្លារ នៅ​ខាងក្រោម​។ ប៉ុន្តែ​ដើម្បី​ដោះស្រាយ យក​អា​ទី​តា​ញ៉ូម​នឹងបាន ត្រូវ​កាប់​ព្រៃ​ប្រមាណ ២ម៉ឺន​ហិកតា​។ បញ្ហា​ព្រៃ ២ម៉ឺន​ហិកតា​នេះ ត្រូវ​កាប់​ឈើ​ទាំង​តូច​ទាំង​ធំ​។ វា​អន្តរាយ​ឈើ អា​នឹង​ម្ខាង​។ ខែ​ម្ខាង​ទៀត ដល់​ពេល​ជីក​ទៅ អា​ទឹកនឹងវា​ហូរ​ច្រោះចូល​ក្នុង​សមុទ្រ​។ វា​មិនមែន​សមុទ្រ​ទឹក​ខៀវ ដែល​ត្រូវ​មុជទឹក​ទៀត​ទេ​។ វា​ទៅ​ជា​សមុទ្រទឹក​ក្រហម និង​ទឹក​លឿង ដែល​មុជ​ទៅ​វា​អន្តរាយ​"​។
សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ប្រកាស​បញ្ជាក់ថា "​អីចឹង​ទេ ទុក​វា​សិន​ទៅនៅ​ក្រោម​ដី ចាំ​ដល់ ២០០ឆ្នាំ​ទៀត ចាំ​យើង​កើតមក ចាំ​គេ​ធ្វើ ក៏​មិន​ទាន់​យឺត​ពេល​ដែរ ហើយ​ពេលនោះ ប្រ​ហែល​ជា​ខ្ញុំ​ក្លាយទៅ​ជា​អ្នក​ប្រឆាំង​នឹង​ការជីក​យក​រ៉ែ​។ ទៅ​ជា​សកម្មជន​ការពារ​បរិស្ថាន ប្រឆាំង​នឹង​ការជីក​យកអា​ទី​តា​ញ៉ូម ព្រោះ​ឥឡូវ​ខ្លួន​ជា​នាយករដ្ឋមន្ត្រី ខ្លួន​ជំទាស់​មិន​ឲ្យ​ធ្វើ។ មិន​អនុ​ញ្ញាត​។ ដល់​ខ្លួន​កើតមក ២០០ឆ្នាំ​ទៀត ខ្លួន​នឹង​ធ្វើ​ជា​សកម្មជន​ប្រឆាំង​នឹង​ការជីក​យកអា​ទី​តា​ញ៉ូម​។ អីចឹង​អ្នក​កោះកុង​របស់​យើង ដោះស្រាយ​បញ្ហា​បាន​ដូច​គេ​ដូច​ឯង​"​។​
សម្តេច​តេជោ​នាយករដ្ឋមន្ត្រីក៏​បាន​គូសបញ្ជាក់ឲ្យ​ដឹង​ថា "​កោះកុង លែង​កំសត់​ហើយ​។ កោះ​កុង មាន​កន្លែង​ទេសចរណ៍ ហើយ​មាន​កន្លែង​ទេសចរណ៍ធម្មជាតិ​។ ទេសចរណ៍ធម្មជាតិនៅ​ជី​ផាត ដែល​បរទេស​ចូល​ចិត្ត​ទៅ​ដេក​ណាស់ ហើយ​បើសិនជា​ទុក​ឲ្យ​ជីផាតទឹកល្អក់ អា​នឹង​គឺ​អន្ត​រាយ​​ហើយ​។ មិន​ត្រឹមតែ​ខូច​ដី​នៅ​ជី​ផាត​ទេ ខូច​ដី​នៅ​ខាងក្រោម​នេះ​ទៀត​។ អីចឹង​ទេ ខ្ញុំ​គិតថា ប្រហែល​ជា​អ្នក​ធ្វើ​នាយករដ្ឋមន្ត្រី​ក្រោយ​ខ្ញុំ មិន​ប្រញាប់ប្រញាល់​ពេក​ទេ ក្នុង​ការជីក​យក​អា​ទី​តា​ញ៉ូម ដែល​មាន​តម្លៃ​ប្រមាណ​ជា ៣០ពាន់​លាន​ដុល្លារ​។ ខ្ញុំ​គិតថា មិនមែន​ត្រឹមតែ ៣០ពាន់​លាន​ទេ ទោះបីជា ១០០ពាន់​លាន ឬក៏ ២០០ពាន់​លាន ក៏​គួរ​កុំអាល់​ជី​កអី​។ អន្តរាយ​បរិស្ថាន និង​ធនធានធម្មជាតិ​របស់​យើង ផ្នែក​សមុទ្រ​"​។
លោក  Shingi Yazaki ​ប្រធាន​ក្រុមហ៊ុន Yazaki products co,ltd ​បាន​ថ្លែងឲ្យ​ដឹង​ថា រោងចក្រ​ផលិត​គ្រឿង​បង្គុំ​ប្រព័ន្ធ​ខ្សែភ្លើង​រថយន្ដ​ក្រុមហ៊ុនយ៉ា​សា​គី បាន​បោះ​ទុន​វិនិយោគ សាងសង់​រោង​ចក្រ​ចំនួន ២៤,៣៨០,០០០ ដុល្លារ​អាមេរិក​លើ​ផ្ទៃដី​ទំហំ ៣ហិកតា ដោយ​បង្កើត​ការងារ ជូន​​ដល់​បងប្អូន​យើង​សរុប​ចំនួន ៦០០នាក់ និង​កើន​ដល់ ២០០០នាក់​នៅ​ឆ្នាំ២០១៥ និង ៣០០០នាក់ នៅ​បណ្តា​ឆ្នាំ​ខាងមុខ​ទៀត។
សូម​បញ្ជាក់​ថា ទោះ​បី​ជាបាន​ដំណើរការ​តាំងតែ​ពី​ឆ្នាំ២០០៦ មក​ក៏​ពិតមែន ក៏ប៉ុន្តែ​តំបន់​ឧស្សា​ហ​កម្ម​សេដ្ឋ​កិច្ចពិសេស​នាង​កុក ទើបតែ​ត្រូវ​បាន​សម្ពោធជាផ្លូវការ​នាពេលនេះ។ ​តំបន់​ឧស្សា​ហ​កម្ម​សេដ្ឋ​កិច្ចពិសេស​នាង​កុក មាន​រោងចក្រ​តម្លើង​រថយន្តម៉ាក​ហ៊ី​យន្ត​ដាយ ​របស់​សាធារ​ណ​រដ្ឋ​កូរ៉េ រោងចក្រ​ផលិត​សម្លៀកបំពាក់​សម្រាប់​នាំចេញ និង​រោងចក្រផលិត​គ្រឿង​បង្គុំ​ប្រព័ន្ធ​ខ្សែភ្លើង​រថយន្ត​របស់​ក្រុមហ៊ុនយ៉ា ​សា​គី សម្រាប់​នាំចេញ​ទៅកាន់​ទូទាំង​ពិភព​លោក ​ដែលត្រូវ​​បាន​ដាក់​​សម្ពោធ​នេះ។ នៅ​ពេល​ខាងមុខនេះ នឹង​មាន​​រោងចក្រ​ផលិត​បាល់​ ម៉ាក​មី​កា​ហ្សា ​មក​បង្កើតនៅ​ក្នុង​តំបន់​ឧស្សាហកម្ម​សេដ្ឋកិច្ច​ពិសេស​នាង​កុក​នេះ​ផង​ដែរ៕